ថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
ចម្រៀងលេខ៨៩ បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ
ចូរយកចិត្តទុកដាក់ស្ដាប់
«អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ស្ដាប់»។—លូក. ៨:១៨
ចំណុចផ្ដោត
មូលហេតុដែលយើងត្រូវបន្តយកចិត្តទុកដាក់ស្ដាប់ក្នុងអំឡុងកិច្ចប្រជុំ និងក្នុងកម្មវិធីផ្សេងៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ ព្រមទាំងរបៀបដែលយើងអាចធ្វើដូច្នោះ។
១-២. (ក) នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់រាស្ត្ររបស់លោកតាមរបៀបណា? (ចម្រៀងសរសើរព្រះ ២៣:១, ២, ៥) (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាផ្ដល់សេចក្ដីបង្រៀនជាច្រើនដល់យើងដែលប្រៀបដូចជាអាហារ។ ដូច្នេះ យើងយល់ស្របនឹងពាក្យរបស់ដាវីឌដែលថា៖ «ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីឡើយ»។—សូមអាន ចម្រៀងសរសើរព្រះ ២៣:១, ២, ៥
២ វិធីមួយដែលព្រះយេហូវ៉ាផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់យើងនៅសព្វថ្ងៃនេះ គឺតាមរយៈកិច្ចប្រជុំក្រុមជំនុំ។ នៅកិច្ចប្រជុំទាំងនោះ យើងច្រើនតែឮសេចក្ដីបង្រៀនដែលយើងធ្លាប់ស្គាល់រួចហើយ។ ទោះជាយើង«បានតាំងខ្លួនមាំមួនក្នុងសេចក្ដីពិត»ក្ដី យើងនៅតែត្រូវការការរំលឹកទាំងនោះ។ (២ពេ. ១:១២) ប៉ុន្តែ ពេលអ្នកឮសេចក្ដីបង្រៀនដែលអ្នកបានរៀនអស់ជាច្រើនដងហើយ តើអ្នកពិបាកយកចិត្តទុកដាក់ស្ដាប់ឬទេ? បើដូច្នេះមែន អត្ថបទនេះអាចជួយអ្នកបាន។ យើងនឹងពិចារណាអំពីមូលហេតុដែលយើងត្រូវយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ។ យើងក៏នឹងពិចារណាដែរអំពីរបៀបដែលអ្នកថ្លែងសុន្ទរកថាអាចជួយអ្នកស្ដាប់ឲ្យយកចិត្តទុកដាក់ស្ដាប់។ ម្យ៉ាងទៀត យើងនឹងពិចារណាអំពីយោបល់មួយចំនួនដែលអាចជួយយើងឲ្យកាន់តែស្រួលយកចិត្តទុកដាក់ស្ដាប់។ ប៉ុន្តែដំបូង សូមយើងពិចារណាថា តើអ្នកណាកំពុងនិយាយមកកាន់យើង?
សូមចាំថា ព្រះយេហូវ៉ាកំពុងនិយាយមកកាន់យើង
៣. តើព្រះយេហូវ៉ានិយាយមកកាន់យើងតាមរបៀបណា ហើយតើអ្នកបម្រើរបស់លោកប្រើគម្ពីរយ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ានិយាយមកកាន់យើងតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ (២ធី. ៣:១៦, ១៧) លោកយេស៊ូស្គាល់ច្បាស់អំពីរឿងនេះ។ លោកយេស៊ូបានប្រើបណ្ដាំរបស់ព្រះយ៉ាងប៉ិនប្រសប់ រហូតដល់អ្នកដែលស្ដាប់លោកនិយាយថា៖ «បុរសនេះមិនដែលរៀននៅសាលាសាសនាទេ ចុះហេតុអ្វីបានជាគាត់មានចំណេះដឹងអំពីគម្ពីរច្រើនយ៉ាងនេះ?»។ (យ៉ូន. ៧:១៥) មនុស្សដែលមានចិត្តរាបទាបនិងចង់រៀនអំពីព្រះយេហូវ៉ា ត្រេកអរយ៉ាងខ្លាំងពេលដែលឮលោកយេស៊ូពន្យល់អំពីបណ្ដាំរបស់ព្រះ។ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ដូចជាអាប៉ូឡុសនិងសាវ័កប៉ូល ក៏បានលើកបទគម្ពីរជាច្រើនមកជជែកវែកញែកជាមួយនឹងអ្នកឯទៀតដែរ។ (សកម្ម. ១៧:២, ៣; ១៨:២៤, ២៨) ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងដឹងថាគម្ពីរគឺជាមូលដ្ឋានសម្រាប់អត្ថបទផ្សេងៗ កម្មវិធីJWទូរទស្សន៍ គម្រោងសុន្ទរកថា និងវីដេអូ។ មនុស្សដែលចូលរួមកិច្ចប្រជុំរបស់យើងជាលើកដំបូងភ្ញាក់ផ្អើលពេលដែលឃើញថា យើងប្រើគម្ពីរជាមូលដ្ឋានសម្រាប់ការបង្រៀនរបស់យើងនៅកិច្ចប្រជុំ។ បងប្អូនដែលមានផ្នែកនៅកិច្ចប្រជុំ ប្រើគម្ពីរក្នុងការបង្រៀន។ ពួកគេមិនគ្រាន់តែអានពីគម្ពីរទេ តែពួកគេក៏ជួយអ្នកចូលរួមឲ្យយល់ និងអនុវត្តតាមអ្វីដែលគម្ពីរបង្រៀនដែរ។—លូក. ២៤:៣២
៤. ក្នុងគម្ពីរ តើពាក្យ«ស្ដាប់»និង«ឮ»មានន័យយ៉ាងណា?
៤ ពាក្យ«ស្ដាប់»និង«ឮ»ក្នុងគម្ពីរ ច្រើនតែសំដៅទៅលើការធ្វើតាមអ្វីដែលខ្លួនបានឮ។ ដូច្នេះ ពេលយើងស្ដាប់ព្រះយេហូវ៉ានិយាយមកកាន់យើងតាមរយៈគម្ពីរនៅឯកិច្ចប្រជុំ ហើយពេលយើងយល់អំពីបំណងប្រាថ្នារបស់លោក នោះយើងស្រួលស្ដាប់បង្គាប់លោកជាង។ យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ាសប្បាយ ពេលយើងយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ ហើយធ្វើតាមអ្វីដែលយើងបានរៀន។—សុភ. ២៧:១១
ហេតុអ្វីយើងគួរយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ?
៥. តើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាជំរុញយើងឲ្យធ្វើអ្វី? (យ៉ូហាន ៤:២៣, ២៤; យ៉ូហានទី១ ៥:៣)
៥ យើងយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ ព្រោះយើងស្រឡាញ់ព្រះយេហូវ៉ា។ (ម៉ាថ. ២២:៣៧) ពេលយើងរៀនកាន់តែច្រើនអំពីព្រះយេហូវ៉ា នោះយើងកាន់តែស្រឡាញ់លោក។ សេចក្ដីស្រឡាញ់នោះជំរុញចិត្តយើងឲ្យចង់ស្ដាប់អ្វីដែលលោកប្រាប់យើងក្នុងគម្ពីរ ធ្វើតាមបង្គាប់លោក និងគោរពប្រណិប័តន៍លោកតាមរបៀបដែលលោកចង់ឲ្យយើងធ្វើ។—សូមអាន យ៉ូហាន ៤:២៣, ២៤; យ៉ូហានទី១ ៥:៣
៦. តើព្រះយេហូវ៉ាបង្រៀនយើងអ្វីនៅឯកិច្ចប្រជុំ?
៦ យើងយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ ព្រោះយើងស្រឡាញ់មនុស្ស។ (ម៉ាថ. ២២:៣៩) នៅកិច្ចប្រជុំរបស់យើង ព្រះយេហូវ៉ាបង្រៀនយើងអំពីរបៀបដែលយើងអាចជួយបងប្អូនរួមជំនឿ និងពួកអ្នកដែលមិនទាន់ស្គាល់លោក។ ជាឧទាហរណ៍ សៀវភៅស្ដើងស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត ជួយយើងឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សក្នុងតំបន់ផ្សាយ។ តើអ្នកពិបាកចាប់ផ្ដើមការសន្ទនាជាមួយមនុស្សឬទេ? បើដូច្នេះមែន សូមយកចិត្តទុកដាក់ជាពិសេស ពេលដែលបងប្អូនមានការសម្ដែងនៅផ្នែក«ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ»នៅក្នុងកិច្ចប្រជុំកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក។
៧. ហេតុអ្វីជាការសំខាន់ដែលយើងបន្តស្ដាប់បង្គាប់ព្រះយេហូវ៉ា?
៧ យើងយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ ព្រោះយើងចង់មានជីវិតសប្បាយនៅឥឡូវនេះនិងចង់រស់ជារៀងរហូត។ ដូចព្រះយេហូវ៉ាបានប្រាប់អ្នកគោរពប្រណិប័តន៍របស់លោកនៅសម័យគម្ពីរ បើយើងចង់មានជីវិតសប្បាយនិងរស់ជារៀងរហូត យើងត្រូវស្ដាប់បង្គាប់លោក។ (បច. ៣២:៤៤-៤៧) ពេលយើងស្ដាប់យ៉ាងយកចិត្តទុកដាក់នៅឯកិច្ចប្រជុំ យើងទទួលការលើកទឹកចិត្ត និងរៀនរបៀបស៊ូទ្រាំពេលជួបទុក្ខលំបាក ហើយមានចិត្តអត់ធ្មត់កាលដែលយើងរង់ចាំពិភពលោកថ្មី។ (រ៉ូម ៨:២៥) គឺកាន់តែសំខាន់ឲ្យយើងស្ដាប់បង្គាប់ព្រះយេហូវ៉ានៅឥឡូវនេះ ហើយបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះ ព្រោះយើងរស់ក្នុងគ្រាចុងក្រោយបង្អស់។—ម៉ាថ. ២៤:៤២-៤៤; បប. ១:៣
របៀបជួយអ្នកឯទៀតឲ្យស្ដាប់នៅកិច្ចប្រជុំ
៨. ហេតុអ្វីបងប្រុសៗដែលបង្រៀននៅលើវេទិកាគួរបន្តបង្កើនភាពប៉ិនប្រសប់ក្នុងការបង្រៀន?
៨ បងប្រុសៗដែលបង្រៀននៅលើវេទិកា ជាពិសេសអ្នកដែលថ្លែងសុន្ទរកថាសាធារណៈ គួរបង្កើនភាពប៉ិនប្រសប់ក្នុងការបង្រៀន។ ពេលបងប្អូនប្រុសរៀបចំសុន្ទរកថាឲ្យបានល្អ និងធ្វើឲ្យប្រាកដថាព័ត៌មានក្នុងសុន្ទរកថារបស់គាត់គឺមានមូលដ្ឋានលើគម្ពីរ នោះគាត់អាចជួយពួកអ្នកដែលមិនទាន់ជាសាក្សីព្រះយេហូវ៉ាឲ្យរៀនសេចក្ដីបង្រៀនដ៏សំខាន់ពីគម្ពីរ។ ម្យ៉ាងទៀត គាត់ក៏ជួយបងប្អូនរួមជំនឿឲ្យកាន់តែយល់សេចក្ដីពិតក្នុងគម្ពីរ ហើយបន្តអនុវត្តតាមក្នុងជីវិតរបស់ពួកគេ។ ដូច្នេះ ពេលដែលអ្នកមានផ្នែកនៅកិច្ចប្រជុំ សូមចាំថាផ្នែករបស់អ្នកអាចជួយអ្នកស្ដាប់ច្រើនជាងអ្នកគិតស្មានទៅទៀត។ បើអ្នកមានផ្នែកថ្លែងនៅកិច្ចប្រជុំ សូមពិចារណាអំពីរបៀបដែលយោបល់ដូចតទៅនេះអាចជួយអ្នកឲ្យថ្លែងបានល្អជាង។ ពិតមែនតែយោបល់ទាំងនេះផ្ដោតសំខាន់ទៅលើបងប្រុសៗដែលថ្លែងសុន្ទរកថាសាធារណៈ តែនោះក៏អាចជួយបងប្អូនដែលមានសុន្ទរកថាឬផ្នែកក្នុងអំឡុងកិច្ចប្រជុំដែរ។—២ធី. ៤:២; ទីត. ១:៩
៩. តើអ្នកអាចធ្វើអ្វីដើម្បីឲ្យអ្នកស្ដាប់ស្រួលតាមទាន់ព័ត៌មានដែលអ្នកលើកឡើង?
៩ សូមរៀបចំគំនិតក្នុងសុន្ទរកថាតាមលំដាប់ឲ្យបានច្បាស់លាស់។ ក្នុងនាមជាអ្នកថ្លែង អ្នកចង់ឲ្យអ្នកស្ដាប់ស្រួលតាមទាន់ចំណុចនីមួយៗដែលអ្នកលើកឡើង។ បើចំណុចដែលអ្នកលើកឡើងនោះស្មុគស្មាញពេក នោះអាចបង្វែរអារម្មណ៍របស់អ្នកស្ដាប់។ តើអ្នកអាចធ្វើអ្វីដើម្បីអ្នកអាចថ្លែងសុន្ទរកថាយ៉ាងច្បាស់? សូមធ្វើតាមយោបល់ដូចតទៅនេះ៖ (១) នៅដើមសុន្ទរកថា សូមលើកបញ្ជាក់ចំណុចសំខាន់ៗយ៉ាងច្បាស់។ (២) សូមលើកឡើងចំណុចសំខាន់ទាំងនោះម្ដងមួយៗ ដោយផ្អាករវាងចំណុចសំខាន់ៗដើម្បីឲ្យអ្នកស្ដាប់ដឹងថាអ្នកនឹងលើកឡើងចំណុចសំខាន់មួយទៀត។ (៣) នៅចុងសុន្ទរកថា សូមសាឡើងវិញយ៉ាងខ្លីនូវចំណុចសំខាន់ៗ។
១០. ហេតុអ្វីជាការសំខាន់ដែលអ្នកមានចិត្តរំភើបចំពោះចំណុចដែលអ្នកនឹងថ្លែង?
១០ ចូរមានចិត្តរំភើបចំពោះអ្វីដែលអ្នកនឹងថ្លែង។ បើអ្នកពិចារណាចំណុចដែលអ្នកចូលចិត្ត នោះអ្នកនឹងថ្លែងដោយមានចិត្តរំភើប។ (សុភ. ២:៤, ៥; សកម្ម. ៤:២០) ការរំពឹងគិតអំពីបទគម្ពីរនិងព័ត៌មាននៅក្នុងសុន្ទរកថារបស់អ្នក នឹងជួយអ្នកឲ្យរកឃើញចំណុចដែលធ្វើឲ្យអ្នករំភើបចិត្ត។ បងប្រុសម្នាក់នៅសហរដ្ឋអាម៉េរិកដែលមានអាយុ៧០ឆ្នាំជាង បាននឹកចាំអំពីសុន្ទរកថាមួយដែលគាត់បានស្ដាប់ពេលដែលនៅក្មេង។ គាត់និយាយថា៖ «ខ្ញុំនៅតែចាំអំពីរបៀបដែលអ្នកថ្លែងបានលើកទឹកចិត្តយើងឲ្យរំពឹងគិតយ៉ាងស៊ីជម្រៅពេលអានបណ្ដាំរបស់ព្រះ។ គាត់ថ្លែងទាំងមានទំនុកចិត្ត ហើយពន្យល់យ៉ាងច្បាស់អំពីរបៀបដែលយើងអាចអនុវត្តតាមព័ត៌មានទាំងនោះ។ សុន្ទរកថានោះមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរបស់ខ្ញុំ គឺបានជួយខ្ញុំឲ្យកាន់តែទទួលប្រយោជន៍ពីការអានគម្ពីរ ហើយក៏ជួយខ្ញុំឲ្យកាន់តែមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាដែរ»។
១១. ហេតុអ្វីជាការល្អដែលអ្នកថ្លែងសុន្ទរកថាផ្ដល់យោបល់ចំៗ? (ធីម៉ូថេទី១ ៤:១៣-១៦)
១១ សូមគិតអំពីសេចក្ដីត្រូវការរបស់អ្នកស្ដាប់ ហើយឲ្យយោបល់អំពីរបៀបអនុវត្ត។ ជាជាងលើកឡើងអំពីព័ត៌មានទូទៅ សូមប្រើបទគម្ពីរដើម្បីផ្ដល់ការលើកទឹកចិត្ត និងផ្ដល់យោបល់អំពីរបៀបអនុវត្តនូវអ្វីដែលគម្ពីរចែងក្នុងជីវិតរបស់ពួកគេ។ ជាឧទាហរណ៍ សាវ័កប៉ូលបានផ្ដល់យោបល់ចំៗជាច្រើនដល់ធីម៉ូថេ ដើម្បីជួយគាត់ឲ្យរក្សាជំនឿមាំមួនពេលបំពេញភារកិច្ចនៅក្រុងអេភេសូរ។ (សូមអាន ធីម៉ូថេទី១ ៤:១៣-១៦) ដូចគ្នាដែរ សូមគិតអំពីសេចក្ដីត្រូវការរបស់អ្នកស្ដាប់ ហើយជួយពួកគេឲ្យឃើញរបៀបដែលពួកគេអាចអនុវត្តព័ត៌មានក្នុងសុន្ទរកថារបស់អ្នកក្នុងជីវិតរបស់ពួកគេ។
១២. ពេលអ្នកថ្លែងសុន្ទរកថា ហេតុអ្វីជាការល្អឲ្យអ្នកនិយាយចេញពីចិត្ត?
១២ សូមហាត់សមសុន្ទរកថារបស់អ្នកដោយនិយាយឮៗ ដើម្បីឲ្យសុន្ទរកថានោះស្ដាប់ទៅដូចជាការសន្ទនា។ ពេលអ្នកនិយាយចេញពីចិត្ត ជាជាងអានតាមពាក្យទាំងអស់ក្នុងកំណត់របស់អ្នក នោះនឹងជួយអ្នកស្ដាប់ឲ្យយកចិត្តទុកដាក់ស្ដាប់ និងយល់ព័ត៌មានដែលអ្នកថ្លែង។ ក្នុងសៀវភៅស្ដើងចូរព្យាយាមក្នុងការអាននិងការបង្រៀន មានយោបល់ថា៖ «សូមនិយាយតាមរបៀបធម្មតា និងដោយចិត្តស្មោះដើម្បីបង្ហាញថាអ្នកមានអារម្មណ៍យ៉ាងណាចំពោះអ្នកស្ដាប់ និងចំពោះប្រធានបទរបស់អ្នក»។ ពេលអ្នកថ្លែងនិយាយចេញពីចិត្ត នោះអ្នកស្ដាប់នឹងផ្ចង់អារម្មណ៍ ហើយកាន់តែចាប់អារម្មណ៍មេរៀនដែលអ្នកបង្រៀន ព្រមទាំងជំរុញចិត្តពួកគេឲ្យចង់ធ្វើតាមក្នុងជីវិតរបស់ពួកគេ។
១៣. ហេតុអ្វីអ្នកថ្លែងគួរសុំយោបល់ពីអ្នកថ្លែងដែលមានបទពិសោធន៍? (សូមមើលរូបភាពផងដែរ)
១៣ សូមសុំយោបល់ពីអ្នកថ្លែងដែលមានបទពិសោធន៍។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? អ្នកអាចសុំអ្នកថ្លែងដែលមានបទពិសោធន៍ឲ្យពិនិត្យមើលកំណត់សុន្ទរកថារបស់អ្នកទុកជាមុន ហើយពេលគាត់ឲ្យយោបល់ សូមប្រើយោបល់នោះក្នុងសុន្ទរកថារបស់អ្នក។ បន្ថែមទៅទៀត សូមសុំគាត់ឲ្យស្ដាប់ពេលដែលអ្នកហាត់ថ្លែងឮៗដើម្បីគាត់អាចជូនយោបល់អំពីរបៀបដែលអ្នកអាចកាន់តែមានភាពប៉ិនប្រសប់ក្នុងការបង្រៀន។ (សុភ. ១:៥) យើងមិនតែងតែកត់សម្គាល់ឃើញចំណុចខ្វះខាតរបស់ខ្លួនទេ។ ដូច្នេះ គាត់អាចជូនយោបល់អ្នកអំពីរបៀបធ្វើឲ្យសុន្ទរកថារបស់អ្នកកាន់តែស្រួលយល់ និងជួយអ្នកស្ដាប់ឲ្យស្រួលអនុវត្តតាម។ យើងចង់ទៅជាអ្នកថ្លែងនិងអ្នកបង្រៀនដែលមានភាពប៉ិនប្រសប់ ដើម្បីយើងអាចជួយអ្នកស្ដាប់ឲ្យទទួលប្រយោជន៍ពីសេចក្ដីបង្រៀនដ៏វិសេសវិសាលក្នុងបណ្ដាំរបស់ព្រះ។a
សូមសុំជំនួយពីអ្នកថ្លែងដែលមានបទពិសោធន៍ ដើម្បីជួយអ្នកឲ្យមានភាពប៉ិនប្រសប់ក្នុងការបង្រៀន (សូមមើលវគ្គ១៣)
អ្វីដែលអ្នកអាចធ្វើដើម្បីស្រួលយកចិត្តទុកដាក់ស្ដាប់
១៤. ហេតុអ្វីយើងគួរបណ្ដុះឲ្យមានចិត្តគំនិតដូចអ្នកតែងចម្រៀងសរសើរព្រះ ១១៩? (ចម្រៀងសរសើរព្រះ ១១៩:២៤, ១១១, ១៦៧)
១៤ យើងនឹងស្រួលយកចិត្តទុកដាក់ស្ដាប់ជាង បើយើងកាន់តែឲ្យតម្លៃចំពោះការរំលឹកដែលមកពីព្រះយេហូវ៉ា។ ដោយសារយើងរស់នៅក្នុងអំឡុងគ្រាដ៏«លំបាកខ្លាំងណាស់» នោះយើងត្រូវការការរំលឹកពីព្រះដើម្បីជួយយើងឲ្យស៊ូទ្រាំនឹងបញ្ហាដែលយើងជួប។ (២ធី. ៣:១) បើពេលខ្លះមេរៀនដែលយើងរៀនជាអ្វីដែលយើងស្គាល់រួចហើយ យើងចង់ខំប្រឹងអស់ពីសមត្ថភាពដើម្បីមានចិត្តគំនិតដូចអ្នកតែងចម្រៀងសរសើរព្រះ ១១៩ ស្ដីអំពីការរំលឹកពីព្រះ។—សូមអាន ចម្រៀងសរសើរព្រះ ១១៩:២៤, ១១១, ១៦៧
១៥. តើតាមរបៀបណាយើងអាចបន្តឲ្យតម្លៃចំពោះសេចក្ដីបង្រៀនដែលយើងទទួលនៅឯកិច្ចប្រជុំ?
១៥ យើងត្រូវរក្សាទស្សនៈត្រឹមត្រូវចំពោះសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែលយើងទទួល។ យើងអាចយល់សារៈសំខាន់នៃការធ្វើដូច្នេះ ដោយគិតអំពីគំរូរបស់ជនជាតិអ៊ីស្រាអែលពេលពួកគេនៅតំបន់ស្ងាត់ជ្រងំ។ នៅពេលនោះ ព្រះយេហូវ៉ាបានផ្ដល់ម៉ាណាជាអាហារដល់ពួកគេ។ (ដច. ១៦:១៥, ៣១) ដំបូងពួកគេច្បាស់ជាមានទស្សនៈត្រឹមត្រូវនិងឲ្យតម្លៃចំពោះម៉ាណា ព្រោះនោះមកពីព្រះយេហូវ៉ា មានរសជាតិឆ្ងាញ់ និងជួយទ្រទ្រង់ជីវិតរបស់ពួកគេ។ ប៉ុន្តែយូរៗទៅ បុគ្គលខ្លះធុញទ្រាន់នឹងម៉ាណាដែលពួកគេបរិភោគជារៀងរាល់ថ្ងៃ។ (ជប. ២១:៥) តើយើងអាចទាញយកមេរៀនអ្វី? យើងមិនគួរចាត់ទុកសេចក្ដីបង្រៀនដែលយើងទទួលនៅកិច្ចប្រជុំថាជាអ្វីដែលធម្មតា ឬដដែលៗនោះទេ។ ផ្ទុយទៅវិញ យើងត្រូវទទួលស្គាល់ថាសេចក្ដីបង្រៀនទាំងនោះគឺមកពីព្រះយេហូវ៉ា។ យើងត្រូវចាំថា ខ្ញុំបម្រើដ៏ស្មោះត្រង់បានរៀបចំយ៉ាងយកចិត្តទុកដាក់នូវសេចក្ដីបង្រៀនដែលយើងរៀននៅកិច្ចប្រជុំ។ ម្យ៉ាងទៀត អ្វីដែលយើងរៀននៅកិច្ចប្រជុំអាចជួយយើងឲ្យធ្វើការសម្រេចចិត្តដែលប្រកបដោយប្រាជ្ញា ហើយជួយយើងឲ្យរស់ជារៀងរហូត។—សុភ. ៣:១៣, ១៦-១៨; យ៉ូន. ១៧:៣
១៦. តើអ្វីបានជួយអ្នកបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំឲ្យបន្តយកចិត្តទុកដាក់ស្ដាប់នៅឯកិច្ចប្រជុំ? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «យោបល់ដើម្បីទៅជាអ្នកស្ដាប់ដ៏ល្អ»)
១៦ យើងស្រួលយកចិត្តទុកដាក់ស្ដាប់ជាង បើយើងធ្វើតាមយោបល់ដូចខាងក្រោម។ សូមកត់សម្គាល់អ្វីដែលបានជួយអ្នកបម្រើព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំឲ្យបន្តយកចិត្តទុកដាក់ស្ដាប់នៅឯកិច្ចប្រជុំ។ បងស្រីអាស្សេលីដែលបម្រើព្រះយេហូវ៉ាអស់ជាង៣០ឆ្នាំ និយាយថា៖ «ការរៀបចំទុកជាមុនសម្រាប់កិច្ចប្រជុំ ជួយខ្ញុំឲ្យស្រួលយកចិត្តទុកដាក់ស្ដាប់ជាង។ បើខ្ញុំមិនបានរៀបចំទុកជាមុនទេ ខ្ញុំនឹងពិបាកឆ្លើយចម្លើយ ហើយពិបាកផ្ដោតអារម្មណ៍»។ បងប្រុសយ៉ូសេហ្វដែលបម្រើព្រះយេហូវ៉ាអស់៥២ឆ្នាំ និយាយថា៖ «ទោះជាខ្ញុំស្គាល់ប្រធានបទណាមួយហើយក្ដី ខ្ញុំនៅតែសប្បាយស្ដាប់ប្រធានបទនោះម្ដងទៀត ព្រោះនោះជួយខ្ញុំឲ្យរៀនមេរៀនថ្មីៗពីសុន្ទរកថានិងចម្លើយរបស់បងប្អូនផ្សេងៗ»។ គាត់ក៏និយាយបន្ថែមទៀតថា៖ «បើបងប្រុសណាម្នាក់មិនសូវថ្លែងបានពីរោះក្បោះក្បាយ ជាជាងផ្ដោតអារម្មណ៍ទៅលើរបៀបដែលគាត់ថ្លែង ខ្ញុំផ្ដោតអារម្មណ៍ទៅលើមេរៀនដែលគាត់បង្រៀនពីបណ្ដាំរបស់ព្រះ»។
១៧. តើអ្នកអាចធ្វើអ្វីដើម្បីយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ? (សូមមើលរូបភាពផងដែរ)
១៧ មានយោបល់មួយចំនួនដែលអាចជួយអ្នកឲ្យយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ។ (១) បើអ្នកបរិភោគអាហារមុនកិច្ចប្រជុំ សូមកុំញ៉ាំច្រើនពេក ដើម្បីកុំឲ្យងងុយគេង។ (២) សូមមកដល់លឿន និងស្វែងរកកន្លែងអង្គុយមុនកម្មវិធីចាប់ផ្ដើម។ (៣) សូមធ្វើឲ្យប្រាកដថាអ្នកបិទសំឡេងគ្រឿងអេឡិចត្រូនិករបស់អ្នក ហើយមិនឲ្យវាបំបែរអារម្មណ៍អ្នកក្នុងអំឡុងកិច្ចប្រជុំ។ (៤) សូមគិតទុកជាមុនអំពីចំណុចដែលអ្នកថ្លែងប្រហែលជានឹងលើកឡើង។ (៥) សូមផ្ដោតអារម្មណ៍លើអ្នកថ្លែង។ (៦) សូមកត់កំណត់ខ្លីៗ ឬគូររូបភាពអំពីចំណុចសំខាន់ៗ។ (៧) សូមគិតអំពីខគម្ពីរសំខាន់ៗ និងរបៀបដែលខគម្ពីរទាំងនោះជាប់ទាក់ទងគ្នា។ (៨) សូមសួរខ្លួនថា ‹តើខ្ញុំអាចប្រើអ្វីដែលខ្ញុំបានរៀនដើម្បីជួយបងប្អូនណាម្នាក់ក្នុងក្រុមជំនុំ ឬមនុស្សក្នុងតំបន់ផ្សាយយ៉ាងដូចម្ដេច?›។ (៩) មុនមហាសន្និបាតឬសន្និបាត សូមលៃទុកពេលដើម្បីពិនិត្យមើលក្រដាសកម្មវិធីនិងអានប្រធានបទកម្មវិធីសម្រាប់ថ្ងៃនីមួយៗ មើលចំណងជើងសុន្ទរកថា និងបទគម្ពីរសម្រាប់សុន្ទរកថានីមួយៗ។ (១០) សូមត្រៀមចិត្តរបស់អ្នកដោយអង្គុយស្ងៀម ហើយយកចិត្តទុកដាក់ស្ដាប់បទភ្លេងនិងទស្សនាការបញ្ចាំងបទភ្លេងវីដេអូដែលលេងក្នុងអំឡុងពេលកម្មវិធីចាប់ផ្ដើម។
សូមបន្តយកចិត្តទុកដាក់ស្ដាប់ការរំលឹកពីព្រះយេហូវ៉ា ដោយមិនអនុញ្ញាតឲ្យគ្រឿងអេឡិចត្រូនិកមកបំបែរអារម្មណ៍អ្នក (សូមមើលវគ្គ១៧)
ចូរបន្តស្ដាប់ព្រះយេហូវ៉ា
១៨. ហេតុអ្វីយើងគួរបន្តយកចិត្តទុកដាក់ស្ដាប់នៅឯកិច្ចប្រជុំ?
១៨ យើងគួរបន្តយកចិត្តទុកដាក់ស្ដាប់នៅកិច្ចប្រជុំ ព្រោះពេលយើងធ្វើដូច្នេះ យើងអនុញ្ញាតឲ្យព្រះយេហូវ៉ានាំយើង«ទៅតាមផ្លូវសុចរិត»។ (ចសព. ២៣:៣; ៣១:៣) យើងត្រូវការការណែនាំពីព្រះយេហូវ៉ាដើម្បីជួយយើងបន្តធ្វើអ្វីដែលត្រឹមត្រូវ។ ដូច្នេះ ចូរបន្ត«យកចិត្តទុកដាក់ស្ដាប់»និងធ្វើតាមការណែនាំដែលអ្នកទទួលនៅកិច្ចប្រជុំ។ (លូក. ៨:១៨) ពួកអ្នកដែលស្ដាប់ព្រះយេហូវ៉ានឹងមានសុភមង្គលនៅឥឡូវនេះ ហើយនឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅថ្ងៃអនាគត។—ចសព. ១១៩:២, ១៤
ចម្រៀងលេខ៨៧ ចូរមកទទួលកម្លាំងចិត្តឡើងវិញ!
a ដើម្បីបានយោបល់អំពីរបៀបដែលអ្នកអាចទៅជាអ្នកថ្លែងនិងអ្នកបង្រៀនដែលមានភាពប៉ិនប្រសប់ជាង សូមមើលសៀវភៅស្ដើងចូរព្យាយាមក្នុងការអាននិងការបង្រៀន។