ជីវប្រវត្ដិ
ខ្ញុំបម្រើព្រះយេហូវ៉ានៅប្រទេសគុយបាជិត៧០ឆ្នាំ
ខ្ញុំបានកើតនៅឆ្នាំ១៩៤៧ នៅប្រទេសគុយបាដែលជាកោះដ៏ស្អាតមួយក្នុងប្រជុំកោះការីប។ ប្រទេសគុយបាមានទីតាំងនៅចំណុចប្រសព្វរវាងមហាសមុទ្រអាត្លង់ទិក និងភាគខាងជើងនៃសមុទ្រការីបដែលមានទឹកក្ដៅឧណ្ហៗ។ ឪពុកម្ដាយរបស់ខ្ញុំមានកូនបីនាក់។ ខ្ញុំជាកូនច្បង ហើយខ្ញុំមានប្អូនស្រីពីរនាក់។ យើងទាំងប្រាំនាក់រស់នៅភូមិអេស្មារិលដា។
ខ្ញុំនឹកចាំថា ជីវិតនៅឯភូមិតូចនោះគឺសុខស្រួល។ យើងរស់នៅជិតសាច់ញាតិរបស់យើងខ្លះ រួមមានពូ មីង និងតាយាយ។ យើងមានអាហារបរិភោគគ្រប់គ្រាន់ ហើយរស់នៅយ៉ាងសប្បាយរីករាយ។
ពេលខ្ញុំមានអាយុប្រហែលជាប្រាំឆ្នាំ ឪពុកម្ដាយរបស់ខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងបងប្រុសវ៉លថិន ចូន។ គាត់គឺជាអ្នកផ្សព្វផ្សាយដំណឹងល្អដ៏ខ្នះខ្នែងម្នាក់ ហើយគាត់បានដើរប្រហែលជា១០ម៉ោងដើម្បីមកដល់ភូមិរបស់យើង។ រាល់លើកដែលគាត់មក សមាជិកក្រុមគ្រួសាររបស់ខ្ញុំជាច្រើនមកជួបជុំគ្នានៅផ្ទះតាយាយរបស់ខ្ញុំអស់ជាច្រើនម៉ោងដើម្បីនិយាយជាមួយគាត់អំពីគម្ពីរ។ ឪពុកម្ដាយខ្ញុំ ព្រមទាំងពូភេត្រូនិងមីងអ៊ីឡា ស្រឡាញ់អ្វីដែលពួកគាត់រៀន ហើយមិនយូរក្រោយមកពួកគាត់បានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ ឥឡូវ មីងអ៊ីឡាមានអាយុជិត១០០ឆ្នាំ ហើយគាត់បន្តបម្រើជាអ្នកត្រួសត្រាយនៅប្រទេសគុយបា។
នៅពេលនោះ សាក្សីព្រះយេហូវ៉ាអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយសេរីនៅប្រទេសគុយបា។ មនុស្សច្រើនតែស្គាល់យើងដោយសារយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយស្ពាយឬកាន់កាបូបផ្សព្វផ្សាយដែលពេញទៅដោយសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ នៅសម័យនោះ យើងបានដើរផ្សព្វផ្សាយច្រើន! ខ្ញុំមានអនុស្សាវរីយល្អៗអំពីការបម្រើព្រះយេហូវ៉ាក្នុងអំឡុង«ពេលដែលមានអំណោយផល»នៅពេលដែលខ្ញុំនៅក្មេង។ ប៉ុន្តែក្រោយមក «ពេលដែលមានការលំបាក»ក៏បានមកដល់។—២ធី. ៤:២
ការលំបាកក៏បានមកដល់
ពេលខ្ញុំមានអាយុប្រហែលជាប្រាំឆ្នាំ ឪពុកនិងពូរបស់ខ្ញុំបានធ្វើដំណើរទៅកន្លែងមួយទៀតនៃកោះគុយបាដើម្បីចូលរួមសន្និបាត។ គួរឲ្យស្ដាយណាស់ ក្នុងអំឡុងពេលនោះ ពួកគាត់បានឆ្លងជំងឺគ្រុនពោះវៀនដោយសារទឹកដែលពួកគាត់ញ៉ាំគឺមិនស្អាត។ ខ្ញុំចាំថា ក្រោយពីពួកគាត់ត្រឡប់មកផ្ទះវិញ ពូរបស់ខ្ញុំជ្រុះសក់អស់ តែគាត់នៅរស់។ ចំណែកឯឪពុកខ្ញុំវិញ គាត់បានស្លាប់។ គាត់មានអាយុតែ៣២ឆ្នាំប៉ុណ្ណោះ។
ក្រោយពីឪពុករបស់ខ្ញុំបានស្លាប់ ម្ដាយរបស់ខ្ញុំបានសម្រេចចិត្តថា យើងនឹងរើទៅរស់នៅជាមួយនឹងបងប្រុសរបស់គាត់ដែលរស់នៅភូមិឡាំប៊ីយ៉ូ។ នោះមានន័យថា យើងត្រូវចាកចេញពីសាច់ញាតិរបស់យើង រួមមានតាយាយដែលយើងស្រឡាញ់ខ្លាំងណាស់។ ប៉ុន្តែ យើងបន្តបម្រើព្រះយេហូវ៉ាជាក្រុមគ្រួសារនៅទីនោះ។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៥៧ ខ្ញុំបានទទួលការជ្រមុជទឹកនៅស្រះទឹកមួយជិតភូមិឡាំប៊ីយ៉ូ។ នៅពេលនោះ ខ្ញុំមានអាយុ១០ឆ្នាំ។ មិនដល់ពីរឆ្នាំផង ជីវិតរបស់សាក្សីព្រះយេហូវ៉ានៅប្រទេសគុយបាបានផ្លាស់ប្ដូរទាំងស្រុង។ នៅឆ្នាំ១៩៥៩ រដ្ឋាភិបាលបានត្រូវផ្ដួលរំលំ ហើយរដ្ឋាភិបាលដែលកាន់របបកុម្មុយនីស្តបានឡើងគ្រប់គ្រង។
ពេលនោះ យើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មីដែលចាត់ទុកកាតព្វកិច្ចយោធាជាអ្វីដែលសំខាន់។ នោះធ្វើឲ្យសាក្សីព្រះយេហូវ៉ាមានជីវិតពិបាក ដោយសារពួកយើងមិនចូលរួមធ្វើទាហានឬចូលរួមក្នុងរឿងនយោបាយនៅប្រទេសណាក៏ដោយដែលយើងរស់នៅទេ។ ជាលទ្ធផល បន្តិចម្ដងៗយើងលែងមានសេរីភាពក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដូចដែលយើងធ្លាប់មានជាយូរមកហើយ។ នៅទីបំផុត រដ្ឋាភិបាលបានដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយនិងកិច្ចប្រជុំរបស់យើង ហើយបងប្អូនប្រុសដ៏ស្មោះត្រង់រាប់រយនាក់បានត្រូវចាប់ដាក់គុក។ ពួកគេខ្លះបានត្រូវគេវាយដំជារឿយៗ ហើយមិនសូវមានអាហារបរិភោគទេ។ ម្យ៉ាងទៀត ជួនកាលគេឲ្យម្ហូបដែលមានលាយឈាម ជាអ្វីដែលគម្ពីរហាមមិនឲ្យយើងញ៉ាំ។
ទោះជាមានការពិបាកទាំងនោះក៏ដោយ យើងបន្តជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (ហេ. ១០:២៥) យើងថែមទាំងបានធ្វើសន្និបាតនៅឯកសិដ្ឋានឬនៅកន្លែងផ្សេងទៀតនៅទូទាំងប្រទេស។ ខ្ញុំចាំថានៅពេលមួយ បងប្រុសម្នាក់អនុញ្ញាតឲ្យយើងប្រើរោងចៀមដ៏ធំរបស់គាត់ដើម្បីធ្វើសន្និបាត។ យើងមិនមានឱកាសសម្អាតរោងនោះឲ្យបានស្អាតទុកជាមុនទេ ហើយក៏មិនបានយកសត្វចៀមចេញពីរោងនោះដែរ។ ទោះជាដូច្នោះក៏ដោយ យើងបានធ្វើសន្និបាត ទាំងមានចៀមរបស់ព្រះផង ទាំងមានសត្វចៀមផង!—មីកា ២:១២
យើងពិតជាឲ្យតម្លៃចំពោះការខំប្រឹងរបស់បងប្រុសៗនៅសម័យនោះ ដែលជួយយើងឲ្យទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ ជាឧទាហរណ៍ កម្មវិធីសន្និបាតបានត្រូវថតទុកក្នុងដុំកាសែត ហើយចែកចាយនៅទូទាំងប្រទេសគុយបា។ ជួនកាល មានតែបងប្រុសពីរនាក់ដែលទទួលភារកិច្ចរៀបចំ ថ្លែង និងថតទុកសុន្ទរកថាទាំងអស់ក្នុងកម្មវិធីសន្និបាតណាមួយ។ ដោយសារបងប្រុសៗត្រូវថតសំឡេងដោយសម្ងាត់ ពេលខ្លះយើងឮសំឡេងមាន់រងាវនិងសំឡេងប្លែកៗឯទៀត។ បើកន្លែងដែលយើងប្រជុំគ្នាដើម្បីស្ដាប់កម្មវិធីសន្និបាតគ្មានអគ្គិសនីទេ នោះបងប្រុសម្នាក់នឹងធាក់កង់ដែលមានដុំឌីណាម៉ូដើម្បីបង្កើតអគ្គិសនី។ យ៉ាងនោះ យើងមានអគ្គិសនីដើម្បីអាចចាក់កាសែតនិងស្ដាប់កម្មវិធី។ យើងមិនមានសេរីភាពឬមានសៀវភៅទាំងអស់ដូចដែលបងប្អូនឯទៀតនៅប្រទេសផ្សេងមាននោះទេ។ ប៉ុន្តែ យើងតែងតែមានអ្វីដែលយើងត្រូវការដើម្បីរក្សាខ្លួនឲ្យនៅជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ យើងពិតជាសប្បាយបម្រើព្រះយេហូវ៉ាជាមួយគ្នា។—នេហ. ៨:១០
យើងជាអ្នកត្រួសត្រាយផង និងជាឪពុកម្ដាយផង
ពេលខ្ញុំមានអាយុ១៨ឆ្នាំ ខ្ញុំបានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេលនៅក្រុងផ្លរីដា។ ប្រហែលជាមួយឆ្នាំក្រោយមក ខ្ញុំបានត្រូវតែងតាំងឲ្យធ្វើជាអ្នកត្រួសត្រាយពិសេសនៅក្រុងខាម៉ាខ្វេដែលជាទីរួមខេត្ត។ នៅទីនោះ ខ្ញុំបានជួបអេមីលយ៉ាដែលជាប្អូនស្រីដ៏ស្រស់ស្អាតម្នាក់ពីក្រុងសាន់ត្យាហ្គោដឺគុយបា។ យើងចាប់ផ្ដើមស្វែងយល់ចិត្តគ្នា ហើយមិនដល់មួយឆ្នាំផង យើងបានរៀបការ។
(ខាងឆ្វេង) សាលាកិច្ចបម្រើរាជាណាចក្រសម្រាប់អ្នកចាស់ទុំនៅក្រុងខាម៉ាខ្វេ ប្រទេសគុយបា នាឆ្នាំ១៩៦៦
(ខាងស្ដាំ) អាពាហ៍ពិពាហ៍របស់យើងនាឆ្នាំ១៩៦៧
ខ្ញុំបានចាប់ផ្ដើមធ្វើការពេញពេលនៅរោងចក្រផលិតស្ករមួយរបស់រដ្ឋ។ ខ្ញុំនិងអេមីលយ៉ាមិនអាចបម្រើជាអ្នកត្រួសត្រាយទៀតទេ។ ប៉ុន្តែ យើងនៅតែចង់ខំអស់ពីសមត្ថភាពចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងការគោរពប្រណិប័តន៍ព្រះ។ ខ្ញុំបានជ្រើសរើសវេនធ្វើការនៅម៉ោង៣ទៀបភ្លឺ ដល់ម៉ោង១១ព្រឹកនៅឯរោងចក្រផលិតស្ករ។ ខ្ញុំមិនចូលចិត្តក្រោកនៅម៉ោងនោះទេ តែនោះបើកឱកាសឲ្យខ្ញុំចូលរួមកិច្ចការផ្សព្វផ្សាយជាទៀងទាត់ និងចូលរួមកិច្ចប្រជុំទាំងអស់ជាមួយអេមីលយ៉ា។
នៅឆ្នាំ១៩៦៩ កូនប្រុសដំបូងរបស់យើងឈ្មោះហ្គូស្តាវ៉ូបានកើត។ ខ្ទង់ពេលនោះ បងប្រុសៗដែលជាអ្នកនាំមុខបានសុំខ្ញុំឲ្យចាប់ផ្ដើមបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ នៅគ្រានោះ គឺជារឿងធម្មតាទេឲ្យអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅប្រទេសគុយបាមានកូន។ នោះគឺជាទីចាប់ផ្ដើមនៃគ្រាដ៏សែនសប្បាយនិងរវល់យ៉ាងខ្លាំងក្នុងជីវិតរបស់យើង។ ខ្ញុំនិងអេមីលយ៉ាចាត់ទុកការបម្រើបងប្អូនតាមរបៀបនេះថាជាពរមួយពីព្រះយេហូវ៉ា។ ក្នុងអំឡុងពេលយើងបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល កូនប្រុសម្នាក់ទៀតរបស់យើងឈ្មោះអូបិឌបានកើតមក។ ក្រោយមក យើងមានកូនប្រុសទី៣ឈ្មោះអាប់ណឺ និងប៉ុន្មានឆ្នាំក្រោយមក កូនស្រីរបស់យើងឈ្មោះម៉ាអេលីក៏បានកើតមកដែរ។
ពេលគិតអំពីច្រើនឆ្នាំដែលខ្ញុំបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ខ្ញុំសប្បាយឃើញរបៀបដែលព្រះយេហូវ៉ាផ្ដល់ពរដល់រាស្ត្ររបស់លោកនៅប្រទេសគុយបា។ ម្យ៉ាងទៀត លោកបានជួយយើងឲ្យបង្ហាត់បង្រៀនកូនៗរបស់យើងឲ្យស្រឡាញ់លោកដែរ។ សូមឲ្យខ្ញុំពន្យល់ថាជីវិតរបស់ខ្ញុំនិងអេមីលយ៉ាគឺយ៉ាងណានៅគ្រានោះ ពេលដែលយើងធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល។
យើងធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលពេលមានគេដាក់បម្រាម
នៅទសវត្សរ៍១៩៦០និង១៩៧០ យើងបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការដាក់បម្រាមលើកិច្ចការរបស់យើង។ គេបានបិទសាលប្រជុំរបស់យើង ហើយសាសនទូតរបស់យើងបានត្រូវបណ្ដេញចេញពីប្រទេស។ ចំណែកឯបងប្អូនប្រុសវ័យក្មេងជាច្រើនបានត្រូវគេចាប់ខ្លួន ហើយបានបញ្ជូនទៅគុក។ ម្យ៉ាងទៀត ការិយាល័យសាខានៅក្រុងឡាហាវ៉ានក៏បានត្រូវគេបិទដែរ។
កិច្ចការត្រួតពិនិត្យមណ្ឌល នាទសវត្សរ៍១៩៩០
ដោយសារតែការដាក់បម្រាម យើងអាចធ្វើទស្សនកិច្ចនៅក្រុមជំនុំនីមួយៗបានតែថ្ងៃសៅរ៍អាទិត្យប៉ុណ្ណោះ។ ដូច្នេះ យើងធ្វើទស្សនកិច្ចនៅថ្ងៃសៅរ៍អាទិត្យនៅក្រុមជំនុំមួយ ហើយនៅសប្ដាហ៍បន្ទាប់ យើងធ្វើទស្សនកិច្ចនៅក្រុមជំនុំដដែលនោះនៅថ្ងៃសៅរ៍អាទិត្យម្ដងទៀត។ យើងមិនយកអីវ៉ាន់ច្រើនតាមខ្លួនទេ ហើយយើងច្រើនតែជិះកង់។ យ៉ាងនេះ គេមិនសូវចាប់អារម្មណ៍យើងឡើយ។ ក្រុមជំនុំមិនបានប្រកាសអំពីទស្សនកិច្ចរបស់យើងទេ។ យើងធ្វើហាក់ដូចជាយើងទៅលេងសាច់ញាតិ។ នោះមិនពិបាកសម្រាប់យើងទេ។ តាមពិត យើងស្ទើរតែភ្លេចថាយើងទៅទីនោះដើម្បីធ្វើទស្សនកិច្ច ដោយសារយើងមានអារម្មណ៍ថា គឺហាក់ដូចជាយើងទៅលេងក្រុមគ្រួសារយើង។ (ម៉ាក. ១០:២៩, ៣០) ទោះជាយ៉ាងនោះក៏ដោយ យើងនៅតែត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំង។ ប៉ូលិសច្រើនតែតាមដានយើង ព្រមទាំងសួរចម្លើយយើង។ បងប្អូនដែលឲ្យយើងស្នាក់នៅជាមួយក៏ប្រថុយនឹងការចាប់ខ្លួនដែរ បើប៉ូលិសឃើញយើងស្នាក់នៅផ្ទះរបស់ពួកគេ។—រ៉ូម ១៦:៤
ក្នុងអំឡុងពេលនោះ យើងជួបបងប្អូនជាច្រើនដែលបង្ហាញចិត្តទូលាយ ទោះជាពួកគេមិនសូវធូរធារក្ដី។ ជាឧទាហរណ៍ នៅតំបន់ខ្លះមានមូសច្រើនជាងមនុស្សទៅទៀត។ ប៉ុន្តែ បងប្អូនឲ្យយើងប្រើមុងតែមួយរបស់ពួកគេដើម្បីយើងអាចគេងស្រួលនៅពេលយប់។ ចំណែកឯបងប្អូនខ្លះទៀត ពួកគេអនុញ្ញាតឲ្យយើងស្នាក់នៅផ្ទះជាមួយនឹងពួកគេ ទោះជាពួកគេមិនសូវមានអាហារឲ្យយើងញ៉ាំនៅពេលដែលយើងស្នាក់នៅជាមួយពួកគេក៏ដោយ។ ហេតុនេះហើយ ជួនកាលយើងយកអាហារមកញ៉ាំជាមួយនឹងពួកគេ។
យើងមិនអាចយកកូនទាំងអស់ទៅជាមួយយើង ពេលយើងទៅធ្វើទស្សនកិច្ចនៅក្រុមជំនុំនីមួយៗទេ។ ដូច្នេះតាមធម្មតា យើងយកកូនតែម្នាក់ទៅជាមួយយើង ហើយទុកកូនឯទៀតឲ្យម្ដាយនិងប្អូនស្រីរបស់ខ្ញុំមើលថែនៅផ្ទះ។ តាមពិត ការធ្វើដំណើរដោយមានទារកមកជាមួយគឺជួយការពារយើង។ នៅពេលខ្លះ ប៉ូលិសបានឆែកឆេរយើង តែយើងបានលាក់សៀវភៅរបស់យើងនៅក្នុងកាបូបដាក់ខោទឹកនោមដែលប្រឡាក់។ នេះជាកន្លែងមួយដែលប៉ូលិសមិនចង់ឆែកឆេរ។
ខ្ញុំកោតស្ងើចអេមីលយ៉ាខ្លាំងណាស់ចំពោះអ្វីទាំងអស់ដែលគាត់បានធ្វើដើម្បីថែរក្សាកូនៗនិងគាំទ្រខ្ញុំ កាលដែលយើងបំពេញកិច្ចបម្រើពេញពេល។ ចំណែកឯខ្ញុំវិញ ខ្ញុំនៅតែអាចធ្វើការនៅរោងចក្រផលិតស្ករកាលដែលខ្ញុំបំពេញភារកិច្ចជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ តើខ្ញុំអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ជួនកាល ខ្ញុំធ្វើការថែមម៉ោងម្ដងឬពីរដងក្នុងមួយសប្ដាហ៍ដើម្បីខ្ញុំមិនចាំបាច់ធ្វើការនៅថ្ងៃសៅរ៍អាទិត្យ។ ប៉ុន្តែក្រោយមក ភារកិច្ចរបស់ខ្ញុំនៅកន្លែងធ្វើការបានផ្លាស់ប្ដូរ ព្រោះគេបានឲ្យខ្ញុំចាប់ផ្ដើមធ្វើជាមេក្រុម។ គេកំណត់ឲ្យខ្ញុំធ្វើការងារនោះ៧ថ្ងៃក្នុងមួយសប្ដាហ៍ ហើយខ្ញុំមិនអាចបដិសេធការរៀបចំនោះបានទេ។ ប៉ុន្តែ បើខ្ញុំរៀបចំឲ្យកូនក្រុមរបស់ខ្ញុំមានការងារធ្វើគ្រប់គ្រាន់នៅថ្ងៃសៅរ៍អាទិត្យ នោះពួកគេនឹងមិនរាយការណ៍ថាខ្ញុំមិននៅធ្វើការទេ។ តាមដែលខ្ញុំដឹង ថៅកែមិនដែលដឹងថាខ្ញុំមិនធ្វើការនៅថ្ងៃសៅរ៍អាទិត្យទេ!
ការរក្សាអំណរពេលភារកិច្ចបានផ្លាស់ប្ដូរ
មហាសន្និបាតដំបូង ក្រោយពីលែងមានបម្រាម នាឆ្នាំ១៩៩៤
នៅថ្ងៃមួយក្នុងឆ្នាំ១៩៩៤ បងប្រុសៗដែលជាអ្នកនាំមុខនៅប្រទេសគុយបាបានសុំអ្នកធ្វើដំណើរត្រួតពិនិត្យទាំងអស់ដែលមានគ្នា៨០នាក់ ឲ្យចូលរួមកិច្ចប្រជុំពិសេសមួយនៅក្រុងឡាហាវ៉ាន។ យើងអរសប្បាយជាខ្លាំងដែលនៅទីបំផុតយើងបានជួបគ្នាម្ដងទៀតក្រោយពីខានជួបគ្នាអស់ជាយូរ! នៅកិច្ចប្រជុំនោះ ដំបូងយើងបានពិចារណាការកែតម្រូវខ្លះៗក្នុងអង្គការ។ ក្រោយមក មានសេចក្ដីជូនដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ បងប្រុសៗទាំងនោះប្រាប់យើងថា ពួកគេចង់ឲ្យឈ្មោះរបស់យើងទៅពួកអាជ្ញាធរ! ហេតុអ្វីពួកគេចង់ធ្វើដូច្នេះ?
ពួកគេបានពន្យល់ថា ពួកគេបានជួបប្រជុំជាមួយនឹងពួកអាជ្ញាធរដោយមានគោលដៅបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលនិងសាក្សីព្រះយេហូវ៉ា។ ពួកអាជ្ញាធរបានសុំបញ្ជីឈ្មោះរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលទាំងអស់។ យើងយល់ព្រមឲ្យឈ្មោះរបស់យើងទាំងអស់គ្នាដល់ពួកអាជ្ញាធរ។ ចាប់ពីពេលនោះមក ទំនាក់ទំនងរបស់យើងជាមួយនឹងរដ្ឋាភិបាលកាន់តែល្អឡើង។
នៅទីបំផុត យើងអាចផ្សព្វផ្សាយនិងប្រជុំគ្នាដោយសេរីភាព ទោះជាយើងមិនទាន់បានត្រូវគេទទួលស្គាល់ជាសាសនាតាមផ្លូវច្បាប់ក៏ដោយ។ ក្រោយមក យើងដឹងថាពួកអាជ្ញាធរបានស្គាល់ឈ្មោះរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលខ្លះៗរួចហើយ តែពួកគេចង់បញ្ជាក់ថានោះគឺត្រឹមត្រូវ។
នៅខែកញ្ញា ឆ្នាំ១៩៩៤ រដ្ឋាភិបាលបានអនុញ្ញាតឲ្យយើងបើកការិយាល័យសាខាឡើងវិញ។ នៅទីបំផុត យើងអាចប្រើអគារដែលយើងធ្លាប់ប្រើកាលពី២០ឆ្នាំមុន។
នៅឆ្នាំ១៩៩៦ ខ្ញុំនិងអេមីលយ៉ាបានទទួលទូរសព្ទមួយដែលអញ្ជើញយើងឲ្យបម្រើនៅបេតអែល។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយខ្ញុំបានប្រាប់បងប្រុសនោះថា ខ្ញុំត្រូវថែរក្សាកូនពីរនាក់ដែលមិនទាន់បែកផ្ទះ។ បងប្រុសទាំងនោះគិតពិចារណាអំពីស្ថានភាពរបស់ខ្ញុំ ហើយក្រោយមកពួកគេប្រាប់ខ្ញុំថា ពួកគេនៅតែចង់ឲ្យយើងបម្រើនៅបេតអែល។ យើងយល់ព្រមទទួលភារកិច្ចនោះ ហើយចាប់ផ្ដើមរៀបចំគម្រោងរើទៅរស់នៅក្រុងឡាហាវ៉ានជាក្រុមគ្រួសារ។
(ខាងឆ្វេង) អេមីលយ៉ាធ្វើការនៅផ្នែកកាត់ដេរនៅការិយាល័យសាខាគុយបា នៅដើមទសវត្សរ៍២០០០
(ខាងស្ដាំ) ការសម្ពោធសាលសន្និបាត នាឆ្នាំ២០១២
និយាយឲ្យត្រង់ទៅ នៅដើមដំបូងខ្ញុំមិនសូវសប្បាយបម្រើនៅបេតអែលទេ។ ដោយសារខ្ញុំបានចំណាយពេលអស់ជាច្រើនឆ្នាំក្នុងកិច្ចការធ្វើដំណើរត្រួតពិនិត្យ ចិត្តនិងគំនិតរបស់ខ្ញុំនៅជាប់នឹងភារកិច្ចនោះ។ ខ្ញុំមិនស្រួលធ្វើការនៅក្នុងអូហ្វីសទេ។ ប៉ុន្តែ បងប្អូនដែលបម្រើនៅបេតអែល និងជាពិសេសអេមីលយ៉ាប្រពន្ធរបស់ខ្ញុំ បានជួយខ្ញុំឲ្យផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំ។ យូរៗទៅ ខ្ញុំមានអំណរឡើងវិញ ហើយឥឡូវខ្ញុំសប្បាយបម្រើនៅបេតអែល។
(ខាងឆ្វេង) ការបញ្ចប់វគ្គសិក្សាសាលាបង្ហាត់បង្រៀនប្ដីប្រពន្ធខាងគម្ពីរ នាឆ្នាំ២០១៣
(ខាងស្ដាំ) សមាជិកគណៈកម្មាធិការការិយាល័យសាខាគុយបា នាឆ្នាំ២០១៣
យើងនៅសន្និបាតប្រចាំមណ្ឌលជាមួយកូនស្រីរបស់យើងនិងប្ដីរបស់នាង
ខ្ញុំនិងអេមីលយ៉ាមិននៅក្មេងទៀតទេ។ ប៉ុន្តែ យើងពិតជាអរសប្បាយពេលគិតអំពីបងប្អូនទាំងអស់ដែលយើងមានឯកសិទ្ធិស្គាល់ និងបម្រើជាមួយអស់ជាច្រើនឆ្នាំកន្លងទៅនេះ។ ជាពិសេស យើងពិតជាអរសប្បាយពេលឃើញកូនៗ ព្រមទាំងចៅៗរបស់យើងបម្រើព្រះយេហូវ៉ា។ យើងមានអារម្មណ៍ស្រដៀងនឹងសាវ័កយ៉ូហានកាលដែលគាត់មានវ័យចាស់។ គាត់និយាយថា៖ «គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយជាងការទទួលដំណឹងថា កូនៗរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតទេ»។—៣យ៉ូន. ៤
ខ្ញុំនិងអេមីលយ៉ាបានបម្រើនៅបេតអែលជិត៣០ឆ្នាំហើយ។ ទោះបីជាយើងមានវ័យចាស់និងមានបញ្ហាសុខភាពក្ដី យើងនៅតែខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់យើង។ ពិតមែនតែនៅក្នុងពេលជាច្រើនឆ្នាំដែលយើងបម្រើព្រះយេហូវ៉ាយើងជួបការពិបាកខ្លះៗ តែយើងអរសប្បាយដែលយើងបានបម្រើ«ព្រះដែលមានសេចក្ដីសប្បាយ»ជិត៧០ឆ្នាំនៅកោះគុយបានេះ!—១ធី. ១:១១; ចសព. ៩៧:១