បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 មិថុនា ទំ. ១៤-១៩
  • ចូរ​ទទួល​ប្រយោជន៍​ពី​ក្រុម​ផ្សព្វ​ផ្សាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​ទទួល​ប្រយោជន៍​ពី​ក្រុម​ផ្សព្វ​ផ្សាយ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​និង​ជំនួយ​ការ​របស់​គាត់
  • របៀប​ដែល​អ្នក​អាច​ជួយ​ក្រុម​ផ្សព្វ​ផ្សាយ​របស់​អ្នក
  • តើ​អ្នក​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ក្រុម​ផ្សព្វ​ផ្សាយ?
  • របៀបទទួលប្រយោជន៍ពីក្រុមផ្សព្វផ្សាយ
    ២០១២ កិច្ចបម្រើព្រះ
  • ការប្រជុំសម្រាប់កិច្ចបម្រើផ្សាយ
    ២០០៩ កិច្ចបម្រើព្រះ
  • អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ការធ្វើបន្ទាល់តាមក្រុមនាំឲ្យមានអំណរ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 មិថុនា ទំ. ១៤-១៩

ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៦

ចម្រៀង​លេខ​៦៥ ឈាន​ទៅ​មុខ!

ចូរ​ទទួល​ប្រយោជន៍​ពី​ក្រុម​ផ្សព្វ​ផ្សាយ

​«​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ទៀង​ត្រង់​»។—ចសព. ១១១:១

ចំណុច​ផ្ដោត

ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សព្វ​ផ្សាយ។

១​-​២. តើ​បង​ប្អូន​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សព្វ​ផ្សាយ?

តើ​អ្នក​ចាំ​ថ្ងៃ​ដែល​អ្នក​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ឬ​ទេ? នោះ​គឺ​ជា​ថ្ងៃ​ដ៏​សប្បាយ​ចំពោះ​អ្នក ដោយ​សារ​ចាប់​ពី​ថ្ងៃ​នោះ អ្នក​នៅ​ក្នុង​ក្រុម​ដ៏​ធំ​មួយ​ដែល​សរសើរ​នាម​ព្រះ​យេហូវ៉ា។ (​ចសព. ១៤៨:១, ២, ១២, ១៣​) ប៉ុន្តែ នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ក៏​ប្រហែល​ជា​ចូល​ក្នុង​ក្រុម​តូច​មួយ​ដែរ ដែល​មាន​បង​ប្អូន​រួម​ជំនឿ​តិច​ជាង គឺ​ក្រុម​ផ្សព្វ​ផ្សាយ។ ក្រុម​ផ្សព្វ​ផ្សាយ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។—ម៉ាថ. ២៤:១៤

២ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សព្វ​ផ្សាយ? បង​ស្រី​ម្នាក់​ឈ្មោះ​វ៉េនឌីaនិយាយ​ថា​៖ ​«​ក្រុម​ផ្សព្វ​ផ្សាយ​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​តាម​របៀប​ជា​ច្រើន។ ខ្ញុំ​បាន​រៀន​របៀប​ផ្សព្វ​ផ្សាយ​និង​របៀប​បង្រៀន​ថ្មី​ពី​បង​ប្អូន បាន​ទទួល​ជំនួយ​ដើម្បី​កំណត់​និង​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​មាន​មិត្ត​ភក្ដិ​ល្អ​ៗ​ជា​ច្រើន។ អ្វី​ទាំង​អស់​នេះ​គឺ​ដោយ​សារ​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សព្វ​ផ្សាយ​»។ បង​ប្រុស​ម្នាក់​ឈ្មោះ​រីច​និយាយ​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​ថា ការ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​គឺ​ជា​ឯកសិទ្ធិ។ អ្នក​ផ្សព្វ​ផ្សាយ​ខ្លះ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក តែ​ក្នុង​នាម​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ ខ្ញុំ​មាន​ឱកាស​ពិសេស​ដើម្បី​ជួយ​បុគ្គល​នោះ​ឲ្យ​រីក​ចម្រើន​ត​ទៅ​ទៀត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​»។ បង​ស្រី​ឌីណា​និយាយ​ថា​៖ ​«​ក្រុម​ផ្សព្វ​ផ្សាយ​គឺ​ជា​ការ​រៀប​ចំ​ដ៏​ល្អ​ណាស់! ខ្ញុំ​ចាត់​ទុក​ក្រុម​របស់​ខ្ញុំ​ដូច​ក្រុម​គ្រួសារ​ខ្ញុំ​អីចឹង​»។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

៣ ក្នុង​អត្ថបទ​នេះ ដំបូង​យើង​នឹង​ពិចារណា​អំពី​តួ​នាទី​របស់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​និង​ជំនួយ​ការ​របស់​គាត់ ហើយ​មើល​អំពី​របៀប​ដែល​ពួក​គេ​ជួយ​បង​ប្អូន​ដែល​នៅ​ក្នុង​ក្រុម​របស់​ពួក​គេ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​ផ្ទាល់​អាច​ជួយ​បង​ប្អូន​ដែល​នៅ​ក្នុង​ក្រុម​ផ្សាយ​របស់​យើង។ ចុង​ក្រោយ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​រៀប​ចំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នេះ។

អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​និង​ជំនួយ​ការ​របស់​គាត់

៤. (​ក​) តើ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​មាន​ភារកិច្ច​សំខាន់​អ្វី​ខ្លះ? (​ខ​)​ តើ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​ថែ​រក្សា​បង​ប្អូន​ដែល​នៅ​ក្នុង​ក្រុម​របស់​គាត់​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​យោបល់​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​»​)

៤ អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​គឺ​ជា​អ្នក​ចាស់​ទុំbម្នាក់​ដែល​ក្រុម​ពួក​អ្នក​ចាស់​ទុំ​បាន​ជ្រើស​រើស​ឲ្យ​ជួយ​បង​ប្អូន​ក្នុង​ក្រុម​របស់​គាត់​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​ទៅ​ជា​អ្នក​ផ្សាយ​និង​អ្នក​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព។ តើ​គាត់​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ទី​១ គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គល​ម្នាក់​ៗ​ក្នុង​ក្រុម​របស់​គាត់។ (​សុភ. ២៧:២៣​) អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​ស្គាល់​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជា​មួយ​គាត់​យ៉ាង​ច្បាស់ ហើយ​និយាយ​ជា​មួយ​នឹង​ពួក​គេ​ជា​ទៀង​ទាត់​ដើម្បី​ដឹង​ថា​ពួក​គេ​សុខ​ទុក្ខ​យ៉ាង​ណា។ ជា​លទ្ធផល គាត់​អាច​ជួយ​ពួក​គេ​ឲ្យ​បន្ត​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា បង្ហាញ​សេចក្ដី​ស្រឡាញ់​ពេល​ពួក​គេ​ខ្វល់​ខ្វាយ​ឬ​ធ្លាក់​ទឹក​ចិត្ត និង​ជួយ​ពួក​គេ​តាម​របៀប​ផ្សេង​ៗ​ទៀត។ (​សុភ. ១២:២៥; អេ. ៣២:២; យ៉ា. ២:១៥​-​១៧​) ទី​២ គាត់​ជួយ​អ្នក​ផ្សាយ​ម្នាក់​ៗ​ឲ្យ​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ គាត់​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង ជា​ពិសេស​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ។ គាត់​ក៏​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ផ្សាយ​ម្នាក់​ៗ​ជា​ទៀង​ទាត់ ដើម្បី​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​និង​ការ​បង្ហាត់​បង្រៀន។ បើ​ម្ដង​ម្កាល​គាត់​មិន​អាច​ទៅ​ផ្សព្វ​ផ្សាយ​បាន​ទេ គាត់​សុំ​ជំនួយ​ការ​របស់​គាត់​ឬ​អ្នក​ផ្សាយ​ឯ​ទៀត​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ជួយ​ដឹក​នាំ​ក្រុម​ផ្សព្វ​ផ្សាយ។ ទី​៣ គាត់​ជួយ​បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ។ (​១ធី. ៣:១​) គាត់​សរសើរ​បង​ប្អូន​ប្រុស​យ៉ាង​ស្មោះ ផ្ដល់​ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​បង្ហាត់​បង្រៀន​ពួក​គេ​ជា​ទៀង​ទាត់​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​ជា​អ្នក​ចាស់​ទុំ។ ដោយ​សារ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​មាន​តួ​នាទី​ដ៏​សំខាន់ នោះ​ក្រុម​ពួក​អ្នក​ចាស់​ទុំ​នឹង​ជ្រើស​រើស​អ្នក​ចាស់​ទុំ​ដែល​អាច​បំពេញ​ភារកិច្ច​នេះ​បាន​យ៉ាង​ល្អ។

យោបល់​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ

  • សូម​ធ្វើ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ខ្លី​ៗ​មិន​លើស​ពី​៧​នាទី ដើម្បី​ឲ្យ​បង​ប្អូន​អាច​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ភ្លាម​ៗ។

  • សូម​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​របស់​អ្នក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន រួម​ទាំង​បង​ប្អូន​ដែល​មាន​កាលៈទេសៈ​ពិបាក​ឲ្យ​គាត់​ចូល​រួម​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ អ្នក​ប្រហែល​ជា​អាច​ណាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ទាំង​នោះ​នៅ​ថ្ងៃ​ផ្សេង​ឬ​នៅ​ពេល​ល្ងាច។

  • សូម​លើក​ទឹក​ចិត្ត​និង​គាំ​ទ្រ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ផ្សាយ​របស់​អ្នក​ជា​ទៀង​ទាត់។ អ្នក​អាច​ទៅ​លេង​បង​ប្អូន​ដែល​នៅ​ក្នុង​ក្រុម​ផ្សាយ​របស់​អ្នក​ក្នុង​នាម​ជា​គង្វាល​ដើម្បី​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ពី​គម្ពីរ នៅ​ផ្ទះ​របស់​ពួក​គេ នៅ​សាល​ប្រជុំ ឬ​នៅ​កន្លែង​សមរម្យ​ណា​មួយ។ អ្នក​ក៏​អាច​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​តាម​រយៈ​ការ​ទូរសព្ទ​ឬ​សរសេរ​សំបុត្រ​ដែរ។

  • សូម​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ៗ ដើម្បី​ពួក​គេ​អាច​កាន់​តែ​មាន​សមត្ថភាព ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ភារកិច្ច​ថែម​ទៀត។

  • សូម​នាំ​មុខ​ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ​របស់​អ្នក ទោះ​ជា​ក្រុម​ផ្សព្វ​ផ្សាយ​របស់​អ្នក​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​ក្រុម​ផ្សេង​ៗ​ក្ដី។

៥. តើ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​ជួប​ការ​ពិបាក​អ្វី​ខ្លះ?

៥ អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​ប្រហែល​ជា​ជួប​ការ​ពិបាក​ផ្សេង​ៗ​កាល​ដែល​គាត់​មើល​ថែ​បង​ប្អូន​ដែល​នៅ​ក្នុង​ក្រុម​ផ្សាយ​របស់​គាត់។ សូម​គិត​អំពី​បង​ប្រុស​ម្នាក់​ឈ្មោះ​យើក​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​ពី​ប្រទេស​អាល្លឺម៉ង់។ ដូច​អ្នក​ចាស់​ទុំ​ជា​ច្រើន​ទៀត គាត់​ត្រូវ​បំពេញ​ភារកិច្ច​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ។ គាត់​និយាយ​ថា​៖ ​«​ការ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ ហើយ​នៅ​ដំណាល​គ្នា​នោះ​បំពេញ​ភារកិច្ច​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​គឺ​មិន​ងាយ​ស្រួល​ទេ។ ជា​លទ្ធផល ខ្ញុំ​ពិបាក​សួរ​សុខ​ទុក្ខ​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ផ្សាយ​របស់​ខ្ញុំ​ដូច​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​»។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​អាបេល​ដែល​មាន​អាយុ​៧០​ឆ្នាំ​ពី​ប្រទេស​អ៊ូហ្គង់ដា និយាយ​ថា​៖ ​«​ក្នុង​ក្រុម​ជំនុំ​របស់​យើង​មិន​សូវ​មាន​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទេ។ ដូច្នេះ ក្រុម​ផ្សព្វ​ផ្សាយ​របស់​យើង​គឺ​រាង​ធំ​បន្តិច។ ហេតុ​នេះ​ហើយ ខ្ញុំ​ពិបាក​ផ្សព្វ​ផ្សាយ​និង​លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ម្នាក់​ៗ​ច្រើន​ដូច​ដែល​ចិត្ត​ខ្ញុំ​ចង់​ទេ​»។ រីឯ​បង​ប្រុស​អូបិឌ​ដែល​ជា​អ្នក​ចាស់​ទុំ​ពី​ប្រទេស​សូរីណាម និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។ ប៉ុន្តែ នោះ​ត្រូវ​ការ​ពេល​និង​កម្លាំង ហើយ​មិន​សូវ​ឃើញ​លទ្ធផល​ភ្លាម​ៗ​នោះ​ទេ។ ដូច្នេះ ខ្ញុំ​ច្រើន​តែ​មិន​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​សារ​ខ្ញុំ​ជាប់​រវល់​បំពេញ​ភារកិច្ច​ផ្សេង​ទៀត​»។ តើ​អ្វី​អាច​ជួយ​ពួក​អ្នក​ចាស់​ទុំ​ដែល​ជួប​បញ្ហា​ទាំង​នេះ​និង​បញ្ហា​ស្រដៀង​នឹង​នេះ?

៦. តើ​ការ​មាន​ក្រុម​ផ្សាយ​តូច​ល្មម​ជួយ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​យ៉ាង​ដូច​ម្ដេច​ឲ្យ​ថែ​រក្សា​បង​ប្អូន​ក្នុង​ក្រុម​របស់​ពួក​គេ?

៦ បើ​អាច​ធ្វើ​បាន ក្រុម​ផ្សព្វ​ផ្សាយ​គួរ​តែ​តូច​ល្មម​ដើម្បី​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​អាច​ស្គាល់​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​របស់​គាត់​យ៉ាង​ច្បាស់ ហើយ​ជួយ​ពួក​គេ​ឲ្យ​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ចុះ​យ៉ាង​ណា​បើ​មាន​អ្នក​ចាស់​ទុំ​តិច​នៅ​ក្នុង​ក្រុម​ជំនុំ? បើ​ក្រុម​ពួក​អ្នក​ចាស់​ទុំ​បង្កើត​ក្រុម​ផ្សាយ​ធំ នោះ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​នឹង​ពិបាក​ថែ​រក្សា​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​របស់​គាត់។ ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​ជ្រើស​រើស​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឲ្យ​ថែ​រក្សា​ក្រុម​ផ្សាយ​អស់​មួយ​រយៈ​ពេល​សិន។ ពេល​ក្រុម​ផ្សាយ​តូច​ល្មម នោះ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​អាច​បំពេញ​តួ​នាទី​ដ៏​សំខាន់​បំផុត​របស់​ពួក​គេ គឺ​ការ​ថែ​រក្សា​បង​ប្អូន​របស់​ពួក​គេ។

៧. ក្នុង​ក្រុម​ជំនុំ​ដែល​មិន​សូវ​មាន​អ្នក​ចាស់​ទុំ តើ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​របស់​គាត់​បាន​ទទួល​ការ​ថែ​ទាំ​យ៉ាង​ល្អ? (​ពេត្រុស​ទី​១ ៥:២​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៧ បើ​អ្នក​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​ក្នុង​ក្រុម​ជំនុំ​ដែល​មិន​សូវ​មាន​អ្នក​ចាស់​ទុំ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បង្ហាត់​បង្រៀន​ជំនួយ​ការ​របស់​អ្នក​ដើម្បី​គាត់​អាច​ជួយ​អ្នក​មើល​ថែ​ហ្វូង​ចៀម​របស់​ព្រះ។ (​សូម​អាន ពេត្រុស​ទី​១ ៥:២​) សូម​ប្រគល់​ភារកិច្ច​មួយ​ចំនួន​ដល់​ជំនួយ​ការ​របស់​អ្នក។ ជា​ឧទាហរណ៍ ម្ដង​ម្កាល​អ្នក​អាច​សុំ​គាត់​ឲ្យ​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ។ គឺ​សំខាន់​ដែរ​ឲ្យ​និយាយ​ជា​មួយ​គាត់​អំពី​របៀប​ដែល​អ្នក​ទាំង​ពីរ​អាច​ជួយ​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ​ឲ្យ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ សូម​នាំ​ជំនួយ​ការ​របស់​អ្នក​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល​ជា​ទៀង​ទាត់ ហើយ​សូម​ផ្ដល់​ការ​ណែនាំ​និង​ផ្ដល់​យោបល់​ដល់​គាត់​មុន​និង​ក្រោយ​ការ​សួរ​សុខ​ទុក្ខ​ទាំង​នោះ។ យូរ​ៗ​ទៅ ជំនួយ​ការ​របស់​អ្នក​ប្រហែល​ជា​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ។ (​២ធី. ២:២​) អ្នក​ក៏​អាច​សុំ​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ឯ​ទៀត​ក្នុង​ក្រុម​របស់​អ្នក​ឲ្យ​ជួយ​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដែរ។ អ្នក​ត្រួស​ត្រាយ​និង​អ្នក​ផ្សាយ​ឯ​ទៀត​ដែល​មាន​បទ​ពិសោធន៍ អាច​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ផ្សាយ​ថ្មី​និង​បង​ប្អូន​ដែល​មិន​សូវ​មាន​បទ​ពិសោធន៍។ ពួក​គេ​អាច​បង្រៀន​អំពី​របៀប​ចាប់​ផ្ដើម​ការ​សន្ទនា ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​បុគ្គល​ដែល​ចាប់​អារម្មណ៍ និង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។ ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​អំពី​អ្វី​បី​យ៉ាង​ដែល​យើង​ម្នាក់​ៗ​អាច​ធ្វើ​ដើម្បី​ជួយ​ក្រុម​ផ្សាយ​របស់​យើង។

អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​ប្រើ​សៀវភៅ​ស្ដើង​«​ស្រឡាញ់​មនុស្ស ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត​»​ដើម្បី​បង្ហាត់​បង្រៀន​ប្អូន​ប្រុស​ម្នាក់។

អ្នក​ចាស់​ទុំ​អាច​បង្ហាត់​បង្រៀន​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ​របស់​គាត់ ដូច​ជា​សុំ​គាត់​ឲ្យ​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ម្ដង​ម្កាល ​(​សូម​មើល​វគ្គ​៧​)​


របៀប​ដែល​អ្នក​អាច​ជួយ​ក្រុម​ផ្សព្វ​ផ្សាយ​របស់​អ្នក

៨. តើ​អ្នក​អាច​ជួយ​ក្រុម​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? (​រ៉ូម ១:១២​)

៨ ចូរ​ផ្សព្វ​ផ្សាយ​ជា​មួយ​ក្រុម​របស់​អ្នក។ អ្នក​អាច​មាន​ចំណែក​ក្នុង​ការ​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»​ ពេល​អ្នក​ចូល​រួម​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ (​សូម​អាន រ៉ូម ១:១២​) ការ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា​ក៏​អាច​ធ្វើ​ឲ្យ​បង​ប្អូន​នៅ​ក្នុង​ក្រុម​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ហើយ​មាន​ទំនុក​ចិត្ត​ច្រើន​ជាង។ បើ​ការ​ងារ​របស់​អ្នក​ច្រើន​តែ​រា​រាំង​អ្នក​ពី​ការ​គាំទ្រ​ក្រុម​ផ្សព្វ​ផ្សាយ តើ​អ្នក​អាច​សុំ​ថៅកែ​របស់​អ្នក​ឲ្យ​ផ្លាស់​ប្ដូរ​ម៉ោង​ការ​ងារ​របស់​អ្នក​ឬ​ទេ? អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​នឹង​ប្រតិកម្ម​របស់​គាត់។ (​នេហ. ២:៤​-​៦​) បើ​អ្នក​មាន​បញ្ហា​សុខភាព ឬ​ភាព​វ័យ​ចាស់​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចូល​រួច​ក្រុម​ផ្សាយ​ដោយ​ផ្ទាល់ សូម​និយាយ​ជា​មួយ​នឹង​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​របស់​អ្នក។ គាត់​ប្រហែល​ជា​អាច​រៀប​ចំ​ឲ្យ​អ្នក​ចូល​រួម​ក្រុម​ផ្សាយ​តាម​កម្ម​វិធី​វីដេអូ ហើយ​ផ្សព្វ​ផ្សាយ​ដោយ​សរសេរ​សំបុត្រ​ឬ​តាម​ទូរសព្ទ។ ចុះ​យ៉ាង​ណា​បើ​អ្នក​នៅ​ក្មេង​និង​មាន​សុខភាព​ល្អ តែ​អ្នក​នៅ​តែ​ពិបាក​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់? បើ​ដូច្នេះ សូម​ណាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​របស់​អ្នក​ជា​រៀង​រាល់​សប្ដាហ៍។ អ្នក​ប្រហែល​ជា​ត្រូវ​គិត​អំពី​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក ហើយ​របៀប​ដែល​អ្នក​អាច​ប្រើ​ពេល​វេលា​របស់​អ្នក​យ៉ាង​ឈ្លាស​វៃ​ជាង។ (​រ៉ូម ១២:១១; កូឡ. ៤:៥​) ពេល​អ្នក​ខំ​អស់​ពី​សមត្ថភាព​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​របស់​អ្នក​ជា​ទៀង​ទាត់ គ្រប់​គ្នា​ក្នុង​ក្រុម​នឹង​ទទួល​ប្រយោជន៍។ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ លោក​អាច​ឲ្យ​អ្នក​«​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»។—ភី. ២:១៣

៩. តើ​យើង​អាច​ជួយ​បង្កើត​ឲ្យ​មាន​បរិយាកាស​កក់​ក្ដៅ​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​មួយ​នឹង​ក្រុម​ផ្សាយ​របស់​យើង​យ៉ាង​ដូច​ម្ដេច? (​រ៉ូម ១២:១៣​)

៩ ចូរ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ យើង​ជួយ​បង្កើត​ឲ្យ​មាន​បរិយាកាស​កក់​ក្ដៅ​និង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​មួយ​នឹង​ក្រុម​ផ្សាយ​របស់​យើង ដោយ​«​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។ (​សូម​អាន រ៉ូម ១២:១៣​) ជា​ឧទាហរណ៍ យើង​អាច​ប្រើ​ផ្ទះ​របស់​យើង​សម្រាប់​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ។ ម្យ៉ាង​ទៀត នៅ​ក្នុង​ក្រុម​ជំនុំ​ខ្លះ ក្រុម​ផ្សាយ​នីមួយ​ៗ​ប្ដូរ​វេន​គ្នា​ដើម្បី​ទទួល​អ្នក​ថ្លែង​ដែល​ជា​ភ្ញៀវ ហើយ​បើ​អ្នក​ថ្លែង​មិន​អាច​ចូល​រួម​បាន​ទេ ក្រុម​ផ្សាយ​ខ្លះ​នៅ​តែ​បរិភោគ​អាហារ​និង​សេព​គប់​គ្នា​ក្រោយ​កិច្ច​ប្រជុំ។ អ្នក​ត្រួស​ត្រាយ​ពិសេស​ម្នាក់​ឈ្មោះ​សារ៉ា​និយាយ​ថា​៖ ​«​ខ្ញុំ​ភ័យ​ពេល​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​មក​ផ្ទះ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ធ្វើ​អ្វី​ៗ​ឲ្យ​សាមញ្ញ។ ខ្ញុំ​ព្យាយាម​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ស្គាល់​បង​ប្អូន ជា​ជាង​ខ្វល់​ខ្វាយ​អំពី​ការ​ធ្វើ​អាហារ​ជា​ច្រើន​»។ ពេល​យើង​ជួយ​ធ្វើ​ឲ្យ​ក្រុម​ផ្សព្វ​ផ្សាយ​របស់​យើង​មាន​អារម្មណ៍​ដូច​ជា​ក្រុម​គ្រួសារ នោះ​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា និង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ផ្សាយ​របស់​យើង។—នេហ. ៨:១០; សកម្ម. ២០:៣៥

១០. តើ​យើង​អាច​ធ្វើ​អ្វី​បើ​យើង​ចង់​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន? (​សុភាសិត ១:៥; ២៧:១៧​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ សូម​ចាត់​វិធានការ។ កាល​ដែល​យើង​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន យើង​នឹង​កាន់​តែ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ក្រុម​ផ្សាយ​របស់​យើង។ តើ​អ្នក​ចង់​រីក​ចម្រើន​ក្នុង​ផ្នែក​ណា​មួយ​នៃ​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ? សូម​ចាត់​វិធានការ​ដើម្បី​សុំ​ជំនួយ​ពី​នរណា​ម្នាក់ ដូច​ជា​អ្នក​ត្រួស​ត្រាយ​ឬ​អ្នក​ផ្សាយ​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ក្រុម​របស់​អ្នក។ (​សូម​អាន សុភាសិត ១:៥; ២៧:១៧​) សូម​ប្រាប់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​របស់​អ្នក​អំពី​គោល​ដៅ​របស់​អ្នក។ គាត់​ប្រហែល​ជា​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​នោះ។ បង​ស្រី​ម្នាក់​ឈ្មោះ​ហេធើ​ជា​មនុស្ស​អៀន តែ​គាត់​បាន​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​សុំ​អ្នក​ត្រួស​ត្រាយ​ម្នាក់​ឲ្យ​ជួយ​ខ្ញុំ​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប។ គាត់​មាន​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​សប្បុរស ហើយ​គាត់​បាន​ណាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​ខ្ញុំ​ជា​រឿយ​ៗ។ គាត់​ថែម​ទាំង​បាន​ជួយ​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​ការ​ត្រឡប់​ទៅ​ជួប​មួយ​របស់​ខ្ញុំ​ទៀត​ផង។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​សុំ​ជំនួយ ដោយ​សារ​ឥឡូវ​ខ្ញុំ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត​»។ មែន​ហើយ មាន​អ្វី​ជា​ច្រើន​ដែល​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ដើម្បី​ជួយ​គាំទ្រ​ក្រុម​ផ្សព្វ​ផ្សាយ​របស់​យើង។

ប្អូន​ស្រី​ម្នាក់​សុំ​បង​ស្រី​វ័យ​ចាស់​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់។

ដោយ​សារ​ក្រុម​ផ្សព្វ​ផ្សាយ​តូច​ល្មម នោះ​ជួយ​យើង​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​គ្នា​និង​ស្រួល​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា ​(​សូម​មើល​វគ្គ​១០​)​


តើ​អ្នក​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ក្រុម​ផ្សព្វ​ផ្សាយ?

១១​-​១២. តើ​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សាយ​អាច​ជួយ​អ្នក​យ៉ាង​ណា​ឲ្យ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា? សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ។

១១ ជួយ​យើង​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ យើង​ម្នាក់​ៗ​អាច​ទទួល​ប្រយោជន៍​ពី​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សាយ។ ជា​ឧទាហរណ៍ អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​អាច​ជួយ​ថែ​ទាំ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​និង​ដែល​ប្រហែល​ជា​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ដូច​ជា​ស្ត្រី​មេម៉ាយ កូន​កំព្រា និង​មនុស្ស​វ័យ​ចាស់។ (​១ថែ. ២:៨; យ៉ា. ១:២៧​) ម្យ៉ាង​ទៀត យើង​ក៏​ទទួល​ការ​បង្ហាត់​បង្រៀន​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ការ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដែរ។ បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ​និង​ដែល​ទុក​គំរូ​គួរ​ឲ្យ​ធ្វើ​តាម ទទួល​ជំនួយ​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទទួល​ភារកិច្ច​ថែម​ទៀត​ក្នុង​ក្រុម​ជំនុំ។—១ធី. ៣:១០

១២ សូម​គិត​អំពី​ប្រយោជន៍​ដែល​បង​វ៉េនឌី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បាន​ទទួល​ពី​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សាយ។ គាត់​និយាយ​ថា​៖ ​«​ដោយ​សារ​ឪពុក​របស់​ខ្ញុំ​ប្រឆាំង​នឹង​សេចក្ដី​ពិត នោះ​ម្ដាយ​របស់​ខ្ញុំ​ច្រើន​តែ​មិន​អាច​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ​ជា​មួយ​នឹង​ក្រុម​ផ្សាយ​របស់​គាត់។ ប៉ុន្តែ ខ្ញុំ​អាច​ទៅ​បាន។ បង​ស្រី​វ័យ​ចាស់​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​បាន​ទៅ​ជា​មិត្ត​របស់​ខ្ញុំ ហើយ​យើង​ច្រើន​តែ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ គាត់​បង្ហាត់​បង្រៀន​ខ្ញុំ​ឲ្យ​មាន​ភាព​ប៉ិន​ប្រសប់​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ជួយ​ខ្ញុំ​ឲ្យ​មាន​សកម្មភាព​ច្រើន​ជាង​ក្នុង​ក្រុម​ជំនុំ។ ខ្ញុំ​ចាំ​មិន​ភ្លេច​មាន​ប៉ុន្មាន​ដង​ដែល​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​បាន​ឲ្យ​ខ្ញុំ​យោបល់​ដ៏​កក់​ក្ដៅ​ពី​គម្ពីរ ហើយ​យោបល់​នោះ​បាន​ជួយ​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ​»។

១៣. តើ​តាម​របៀប​ណា​ក្រុម​ផ្សព្វ​ផ្សាយ​របស់​យើង​អាច​ជួយ​យើង​ខាង​ផ្លូវ​ចិត្ត? (​សូម​មើល​រូប​ភាពផង​ដែរ​)

១៣ ប្រយោជន៍​ខាង​ផ្លូវ​ចិត្ត។ យើង​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​បង​ប្អូន​នៅ​ក្នុង​ក្រុម​ផ្សាយ​របស់​យើង កាល​ដែល​យើង​«​ត​ស៊ូ​ជា​មួយ​គ្នា​»​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​ភី. ១:២៧​) ដោយ​សារ​ក្រុម​ផ្សាយ​របស់​យើង​តូច​ល្មម នោះ​ងាយ​ស្រួល​ឲ្យ​បង​ប្អូន​ដែល​អៀន ឬ​ដែល​ភ័យ​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត។ (​២កូ. ៦:១៣​) យើង​អាច​រំពឹង​ថា​មិត្ត​ទាំង​នេះ​នឹង​គាំទ្រ​យើង​ក្នុង​អំឡុង​ពេល​ពិបាក ដូច​ជា​ពេល​ដែល​យើង​ឈឺ ធ្លាក់​ទឹក​ចិត្ត ឬ​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ (​១ថែ. ៥:១៤​) យើង​ច្បាស់​ជា​នឹង​ត្រូវ​ការ​មិត្ត​ល្អ​នៅ​ថ្ងៃ​អនាគត។ (​ម៉ាថ. ២៤:២១​) យើង​ប្រហែល​ជា​ងាយ​ស្រួល​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​យើង​ជាង ដោយ​សារ​យើង​ដឹង​ថា​បង​ប្អូន​របស់​យើង​ស្រឡាញ់​យើង ហើយ​នឹង​ជួយ​យើង។—សុភ. ១៧:១៧

បង​ស្រី​ពីរ​នាក់​ពី​រូប​ភាព​មុន ចាក​ចេញ​ក្រោយ​ពី​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ ហើយ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ បង​ប្អូន​ឯ​ទៀត​ពី​ក្រុម​ផ្សព្វ​ផ្សាយ​នោះ ក៏​ចេញ​ទៅ​តំបន់​ផ្សាយ​ដែរ។

បង​ស្រី​ពីរ​នាក់​ដែល​នៅ​ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ​ដូច​គ្នា ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា (​សូម​មើល​វគ្គ​១៣​)​


១៤. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ក្រុម​ផ្សាយ​របស់​យើង​ពេល​មាន​មហន្តរាយ​ឬ​រឿង​បន្ទាន់?

១៤ ផ្ដល់​ជំនួយ។ យើង​ទទួល​ជំនួយ​ដែល​យើង​ត្រូវ​ការ​ពី​ក្រុម​ផ្សាយ​ពេល​យើង​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់ ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ មហន្តរាយ​ធម្មជាតិ ការ​បៀតបៀន និង​បញ្ហា​សេដ្ឋកិច្ច។ ជា​ឧទាហរណ៍ ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​ព្រម​ទាំង​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​រៀប​ចំ​គម្រោង​ដើម្បី​ជួយ​ពួក​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ពិសេស។ ម្យ៉ាង​ទៀត អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​នឹង​ទាក់​ទង​ទៅ​បង​ប្អូន​ដែល​នៅ​ក្នុង​ក្រុម​ផ្សាយ​របស់​គាត់​ដើម្បី​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ខាង​ការ​ព្យាបាល ទឹក អាហារ ជម្រក និង​សម្លៀក​បំពាក់។ ពេល​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​ស្គាល់​អំពី​រឿង​នេះ​ហើយ គាត់​អាច​រៀប​ចំ​ឲ្យ​ពួក​គេ​ទទួល​ជំនួយ។ យើង​ពិត​ជា​ទទួល​ប្រយោជន៍​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​ផ្សាយ​របស់​យើង។

១៥. តើ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទាំង​អស់​រួម​គ្នា​ធ្វើ​អ្វី?

១៥ ដូច​បាន​រៀប​រាប់​នៅ​ខាង​លើ អង្គការ​របស់​ព្រះ​យេហូវ៉ា​គឺ​ធំ​ណាស់! ផ្នែក​នៅ​ស្ថាន​សួគ៌​មាន​បុគ្គល​វិញ្ញាណ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​អនេក។ ចំណែក​ឯ​ផ្នែក​នៅ​ផែន​ដី មាន​ជាង​៩​លាន​នាក់ ហើយ​ក៏​កំពុង​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ (​សាក. ៨:២៣; បប. ៥:១១​) អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទាំង​អស់​រួម​គ្នា​ក្នុង​ការ​ខំ​ប្រឹង​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ! (​បប. ១៤:៦, ៧​) សូម​ឲ្យ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សព្វ​ផ្សាយ គឺ​ជា​ការ​រៀប​ចំ​ដែល​ជួយ​យើង​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។—ចសព. ១១១:១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​និង​ជំនួយ​ការ​របស់​គាត់​មើល​ថែ​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

  • តើ​យើង​អាច​ជួយ​បង​ប្អូន​ដែល​នៅ​ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

  • តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​រៀប​ចំ​ឲ្យ​មាន​ក្រុម​ផ្សព្វ​ផ្សាយ?

ចម្រៀង​លេខ​៦១ សាក្សី​ទាំង​ឡាយ​អើយ! ចូរ​ឈាន​ទៅ​មុខ!

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b បើ​ចាំ​បាច់ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន ទម្រាំ​ដល់​អ្នក​ចាស់​ទុំ​ម្នាក់​អាច​បំពេញ​ភារកិច្ច​នោះ​វិញ។ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​បំពេញ​ភារកិច្ច​នេះ​បាន​ត្រូវ​ហៅ​ថា ជំនួយ​ការ​ក្រុម ព្រោះ​គាត់​មិន​មែន​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បំពេញ​ភារកិច្ច​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​ពួក​អ្នក​ចាស់​ទុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក