បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 មិថុនា ទំ. ២០-២៥
  • ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សូម​ចាំ​ថា ព្រះ​យេហូវ៉ា​កំពុង​និយាយ​មក​កាន់​យើង
  • ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ?
  • របៀប​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្ដាប់​នៅ​កិច្ច​ប្រជុំ
  • អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ស្រួល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់
  • ចូរ​បន្ត​ស្ដាប់​ព្រះ​យេហូវ៉ា
  • «អ្នក​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ»នឹង​ទទួល​យក​ដំណឹង​ល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចូរ​បង្កើន​‹ភាព​ប៉ិន​ប្រសប់›​ក្នុង​ការ​បង្រៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • សូម​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ
    ២០២៥-២០២៦ កម្មវិធីសន្និបាតប្រចាំមណ្ឌល ជាមួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌល
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 មិថុនា ទំ. ២០-២៥

ថ្ងៃ​ទី​៣១ ខែ​សីហា ដល់​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៦

ចម្រៀង​លេខ​៨៩ បើ​អ្នក​ស្ដាប់​បង្គាប់ អ្នក​នឹង​ទទួល​ពរ​បវរ

ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់

​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​»។—លូក. ៨:១៨

ចំណុច​ផ្ដោត

មូលហេតុ​ដែល​យើង​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក្នុង​អំឡុង​កិច្ច​ប្រជុំ និង​ក្នុង​កម្ម​វិធី​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ ព្រម​ទាំង​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នោះ។

១​-​២. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​រាស្ត្រ​របស់​លោក​តាម​របៀប​ណា? (​ចម្រៀង​សរសើរ​ព្រះ ២៣:១, ២, ៥​) (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​បង្រៀន​ជា​ច្រើន​ដល់​យើង​ដែល​ប្រៀប​ដូច​ជា​អាហារ។ ដូច្នេះ យើង​យល់​ស្រប​នឹង​ពាក្យ​របស់​ដាវីឌ​ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​គង្វាល​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​ឡើយ​»។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ២៣:១, ២, ៥

២ វិធី​មួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ គឺ​តាម​រយៈ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ នៅ​កិច្ច​ប្រជុំ​ទាំង​នោះ យើង​ច្រើន​តែ​ឮ​សេចក្ដី​បង្រៀន​ដែល​យើង​ធ្លាប់​ស្គាល់​រួច​ហើយ។ ទោះ​ជា​យើង​«​បាន​តាំង​ខ្លួន​មាំ​មួន​ក្នុង​សេចក្ដី​ពិត​»​ក្ដី យើង​នៅ​តែ​ត្រូវ​ការ​ការ​រំលឹក​ទាំង​នោះ។ (​២ពេ. ១:១២​) ប៉ុន្តែ ពេល​អ្នក​ឮ​សេចក្ដី​បង្រៀន​ដែល​អ្នក​បាន​រៀន​អស់​ជា​ច្រើន​ដង​ហើយ តើ​អ្នក​ពិបាក​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឬ​ទេ? បើ​ដូច្នេះ​មែន អត្ថបទ​នេះ​អាច​ជួយ​អ្នក​បាន។ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​របៀប​ដែល​អ្នក​ថ្លែង​សុន្ទរកថា​អាច​ជួយ​អ្នក​ស្ដាប់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់។ ម្យ៉ាង​ទៀត យើង​នឹង​ពិចារណា​អំពី​យោបល់​មួយ​ចំនួន​ដែល​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ស្រួល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់។ ប៉ុន្តែ​ដំបូង សូម​យើង​ពិចារណា​ថា តើ​អ្នក​ណា​កំពុង​និយាយ​មក​កាន់​យើង?

សូម​ចាំ​ថា ព្រះ​យេហូវ៉ា​កំពុង​និយាយ​មក​កាន់​យើង

៣. តើ​ព្រះ​យេហូវ៉ា​និយាយ​មក​កាន់​យើង​តាម​របៀប​ណា ហើយ​តើ​អ្នក​បម្រើ​របស់​លោក​ប្រើ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

៣ ព្រះ​យេហូវ៉ា​និយាយ​មក​កាន់​យើង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ (​២ធី. ៣:១៦, ១៧​) លោក​យេស៊ូ​ស្គាល់​ច្បាស់​អំពី​រឿង​នេះ។ លោក​យេស៊ូ​បាន​ប្រើ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ប៉ិន​ប្រសប់ រហូត​ដល់​អ្នក​ដែល​ស្ដាប់​លោក​និយាយ​ថា​៖ ​«​បុរស​នេះ​មិន​ដែល​រៀន​នៅ​សាលា​សាសនា​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​គាត់​មាន​ចំណេះ​ដឹង​អំពី​គម្ពីរ​ច្រើន​យ៉ាង​នេះ?​»។ (​យ៉ូន. ៧:១៥​) មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​និង​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា ត្រេក​អរ​យ៉ាង​ខ្លាំង​ពេល​ដែល​ឮ​លោក​យេស៊ូ​ពន្យល់​អំពី​បណ្ដាំ​របស់​ព្រះ។ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ដូច​ជា​អាប៉ូឡុស​និង​សាវ័ក​ប៉ូល ក៏​បាន​លើក​បទ​គម្ពីរ​ជា​ច្រើន​មក​ជជែក​វែក​ញែក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែរ។ (​សកម្ម. ១៧:២, ៣; ១៨:២៤, ២៨​) ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ដឹង​ថា​គម្ពីរ​គឺ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​ផ្សេង​ៗ កម្ម​វិធី​JW​ទូរទស្សន៍ គម្រោង​សុន្ទរកថា និង​វីដេអូ។ មនុស្ស​ដែល​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​ជា​លើក​ដំបូង​ភ្ញាក់​ផ្អើល​ពេល​ដែល​ឃើញ​ថា យើង​ប្រើ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​ការ​បង្រៀន​របស់​យើង​នៅ​កិច្ច​ប្រជុំ។ បង​ប្អូន​ដែល​មាន​ផ្នែក​នៅ​កិច្ច​ប្រជុំ ប្រើ​គម្ពីរ​ក្នុង​ការ​បង្រៀន។ ពួក​គេ​មិន​គ្រាន់​តែ​អាន​ពី​គម្ពីរ​ទេ តែ​ពួក​គេ​ក៏​ជួយ​អ្នក​ចូល​រួម​ឲ្យ​យល់ និង​អនុវត្ត​តាម​អ្វី​ដែល​គម្ពីរ​បង្រៀន​ដែរ។—លូក. ២៤:៣២

៤. ក្នុង​គម្ពីរ តើ​ពាក្យ​«​ស្ដាប់​»​និង​«​ឮ​»​មាន​ន័យ​យ៉ាង​ណា?

៤ ពាក្យ​«​ស្ដាប់​»​និង​«​ឮ​»​ក្នុង​គម្ពីរ ច្រើន​តែ​សំដៅ​ទៅ​លើ​ការ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​បាន​ឮ។ ដូច្នេះ ពេល​យើង​ស្ដាប់​ព្រះ​យេហូវ៉ា​និយាយ​មក​កាន់​យើង​តាម​រយៈ​គម្ពីរ​នៅ​ឯ​កិច្ច​ប្រជុំ ហើយ​ពេល​យើង​យល់​អំពី​បំណង​ប្រាថ្នា​របស់​លោក នោះ​យើង​ស្រួល​ស្ដាប់​បង្គាប់​លោក​ជាង។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​សប្បាយ ពេល​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ ហើយ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន។—សុភ. ២៧:១១

ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ?

៥. តើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី? (​យ៉ូហាន ៤:២៣, ២៤; យ៉ូហាន​ទី​១ ៥:៣​)

៥ យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ ព្រោះ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ២២:៣៧​) ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា នោះ​យើង​កាន់​តែ​ស្រឡាញ់​លោក។ សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ស្ដាប់​អ្វី​ដែល​លោក​ប្រាប់​យើង​ក្នុង​គម្ពីរ ធ្វើ​តាម​បង្គាប់​លោក និង​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ចង់​ឲ្យ​យើង​ធ្វើ។—សូម​អាន យ៉ូហាន ៤:២៣, ២៤; យ៉ូហាន​ទី​១ ៥:៣

៦. តើ​ព្រះ​យេហូវ៉ា​បង្រៀន​យើង​អ្វី​នៅ​ឯ​កិច្ច​ប្រជុំ?

៦ យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ ព្រោះ​យើង​ស្រឡាញ់​មនុស្ស។ (​ម៉ាថ. ២២:៣៩​) នៅ​កិច្ច​ប្រជុំ​របស់​យើង ព្រះ​យេហូវ៉ា​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ និង​ពួក​អ្នក​ដែល​មិន​ទាន់​ស្គាល់​លោក។ ជា​ឧទាហរណ៍ សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត ជួយ​យើង​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ក្នុង​តំបន់​ផ្សាយ។ តើ​អ្នក​ពិបាក​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​មនុស្ស​ឬ​ទេ? បើ​ដូច្នេះ​មែន សូម​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស ពេល​ដែល​បង​ប្អូន​មាន​ការ​សម្ដែង​នៅ​ផ្នែក​«​ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»​នៅ​ក្នុង​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។

៧. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា?

៧ យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ ព្រោះ​យើង​ចង់​មាន​ជីវិត​សប្បាយ​នៅ​ឥឡូវ​នេះ​និង​ចង់​រស់​ជា​រៀង​រហូត។ ដូច​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក​នៅ​សម័យ​គម្ពីរ បើ​យើង​ចង់​មាន​ជីវិត​សប្បាយ​និង​រស់​ជា​រៀង​រហូត យើង​ត្រូវ​ស្ដាប់​បង្គាប់​លោក។ (​បច. ៣២:៤៤​-​៤៧​) ពេល​យើង​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​ឯ​កិច្ច​ប្រជុំ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត និង​រៀន​របៀប​ស៊ូ​ទ្រាំ​ពេល​ជួប​ទុក្ខ​លំបាក ហើយ​មាន​ចិត្ត​អត់​ធ្មត់​កាល​ដែល​យើង​រង់​ចាំ​ពិភព​លោក​ថ្មី។ (​រ៉ូម ៨:២៥​) គឺ​កាន់​តែ​សំខាន់​ឲ្យ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ ហើយ​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ ព្រោះ​យើង​រស់​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់។—ម៉ាថ. ២៤:៤២​-​៤៤; បប. ១:៣

របៀប​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្ដាប់​នៅ​កិច្ច​ប្រជុំ

៨. ហេតុ​អ្វី​បង​ប្រុស​ៗ​ដែល​បង្រៀន​នៅ​លើ​វេទិកា​គួរ​បន្ត​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន?

៨ បង​ប្រុស​ៗ​ដែល​បង្រៀន​នៅ​លើ​វេទិកា ជា​ពិសេស​អ្នក​ដែល​ថ្លែង​សុន្ទរកថា​សាធារណៈ គួរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន។ ពេល​បង​ប្អូន​ប្រុស​រៀប​ចំ​សុន្ទរកថា​ឲ្យ​បាន​ល្អ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ព័ត៌មាន​ក្នុង​សុន្ទរកថា​របស់​គាត់​គឺ​មាន​មូលដ្ឋាន​លើ​គម្ពីរ នោះ​គាត់​អាច​ជួយ​ពួក​អ្នក​ដែល​មិន​ទាន់​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ​រៀន​សេចក្ដី​បង្រៀន​ដ៏​សំខាន់​ពី​គម្ពីរ។ ម្យ៉ាង​ទៀត គាត់​ក៏​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​កាន់​តែ​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ ហើយ​បន្ត​អនុវត្ត​តាម​ក្នុង​ជីវិត​របស់​ពួក​គេ។ ដូច្នេះ ពេល​ដែល​អ្នក​មាន​ផ្នែក​នៅ​កិច្ច​ប្រជុំ សូម​ចាំ​ថា​ផ្នែក​របស់​អ្នក​អាច​ជួយ​អ្នក​ស្ដាប់​ច្រើន​ជាង​អ្នក​គិត​ស្មាន​ទៅ​ទៀត។ បើ​អ្នក​មាន​ផ្នែក​ថ្លែង​នៅ​កិច្ច​ប្រជុំ សូម​ពិចារណា​អំពី​របៀប​ដែល​យោបល់​ដូច​ត​ទៅ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ថ្លែង​បាន​ល្អ​ជាង។ ពិត​មែន​តែ​យោបល់​ទាំង​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​បង​ប្រុស​ៗ​ដែល​ថ្លែង​សុន្ទរកថា​សាធារណៈ តែ​នោះ​ក៏​អាច​ជួយ​បង​ប្អូន​ដែល​មាន​សុន្ទរកថា​ឬ​ផ្នែក​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ដែរ។—២ធី. ៤:២; ទីត. ១:៩

៩. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ស្រួល​តាម​ទាន់​ព័ត៌មាន​ដែល​អ្នក​លើក​ឡើង?

៩ សូម​រៀប​ចំ​គំនិត​ក្នុង​សុន្ទរកថា​តាម​លំដាប់​ឲ្យ​បាន​ច្បាស់​លាស់។ ក្នុង​នាម​ជា​អ្នក​ថ្លែង អ្នក​ចង់​ឲ្យ​អ្នក​ស្ដាប់​ស្រួល​តាម​ទាន់​ចំណុច​នីមួយ​ៗ​ដែល​អ្នក​លើក​ឡើង។ បើ​ចំណុច​ដែល​អ្នក​លើក​ឡើង​នោះ​ស្មុគ​ស្មាញ​ពេក នោះ​អាច​បង្វែរ​អារម្មណ៍​របស់​អ្នក​ស្ដាប់។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​អ្នក​អាច​ថ្លែង​សុន្ទរកថា​យ៉ាង​ច្បាស់? សូម​ធ្វើ​តាម​យោបល់​ដូច​ត​ទៅ​នេះ​៖ (​១​)​ នៅ​ដើម​សុន្ទរកថា សូម​លើក​បញ្ជាក់​ចំណុច​សំខាន់​ៗ​យ៉ាង​ច្បាស់។ (​២​)​ សូម​លើក​ឡើង​ចំណុច​សំខាន់​ទាំង​នោះ​ម្ដង​មួយ​ៗ ដោយ​ផ្អាក​រវាង​ចំណុច​សំខាន់​ៗ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ដឹង​ថា​អ្នក​នឹង​លើក​ឡើង​ចំណុច​សំខាន់​មួយ​ទៀត។ (​៣​)​ នៅ​ចុង​សុន្ទរកថា សូម​សា​ឡើង​វិញ​យ៉ាង​ខ្លី​នូវ​ចំណុច​សំខាន់​ៗ។

១០. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​មាន​ចិត្ត​រំភើប​ចំពោះ​ចំណុច​ដែល​អ្នក​នឹង​ថ្លែង?

១០ ចូរ​មាន​ចិត្ត​រំភើប​ចំពោះ​អ្វី​ដែល​អ្នក​នឹង​ថ្លែង។ បើ​អ្នក​ពិចារណា​ចំណុច​ដែល​អ្នក​ចូល​ចិត្ត នោះ​អ្នក​នឹង​ថ្លែង​ដោយ​មាន​ចិត្ត​រំភើប។ (​សុភ. ២:៤, ៥; សកម្ម. ៤:២០​) ការ​រំពឹង​គិត​អំពី​បទ​គម្ពីរ​និង​ព័ត៌មាន​នៅ​ក្នុង​សុន្ទរកថា​របស់​អ្នក នឹង​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត។ បង​ប្រុស​ម្នាក់​នៅ​សហរដ្ឋ​អាម៉េរិក​ដែល​មាន​អាយុ​៧០​ឆ្នាំ​ជាង បាន​នឹក​ចាំ​អំពី​សុន្ទរកថា​មួយ​ដែល​គាត់​បាន​ស្ដាប់​ពេល​ដែល​នៅ​ក្មេង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​នៅ​តែ​ចាំ​អំពី​របៀប​ដែល​អ្នក​ថ្លែង​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រំពឹង​គិត​យ៉ាង​ស៊ី​ជម្រៅ​ពេល​អាន​បណ្ដាំ​របស់​ព្រះ។ គាត់​ថ្លែង​ទាំង​មាន​ទំនុក​ចិត្ត ហើយ​ពន្យល់​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​ព័ត៌មាន​ទាំង​នោះ។ សុន្ទរកថា​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជីវិត​របស់​ខ្ញុំ គឺ​បាន​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​ទទួល​ប្រយោជន៍​ពី​ការ​អាន​គម្ពីរ ហើយ​ក៏​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែរ​»។

១១. ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​អ្នក​ថ្លែង​សុន្ទរកថា​ផ្ដល់​យោបល់​ចំ​ៗ​? (​ធីម៉ូថេ​ទី​១ ៤:១៣​-​១៦​)

១១ សូម​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ស្ដាប់ ហើយ​ឲ្យ​យោបល់​អំពី​របៀប​អនុវត្ត។ ជា​ជាង​លើក​ឡើង​អំពី​ព័ត៌មាន​ទូទៅ សូម​ប្រើ​បទ​គម្ពីរ​ដើម្បី​ផ្ដល់​ការ​លើក​ទឹក​ចិត្ត និង​ផ្ដល់​យោបល់​អំពី​របៀប​អនុវត្ត​នូវ​អ្វី​ដែល​គម្ពីរ​ចែង​ក្នុង​ជីវិត​របស់​ពួក​គេ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​ផ្ដល់​យោបល់​ចំ​ៗ​ជា​ច្រើន​ដល់​ធីម៉ូថេ ដើម្បី​ជួយ​គាត់​ឲ្យ​រក្សា​ជំនឿ​មាំ​មួន​ពេល​បំពេញ​ភារកិច្ច​នៅ​ក្រុង​អេភេសូរ។ (​សូម​អាន ធីម៉ូថេ​ទី​១ ៤:១៣​-​១៦​) ដូច​គ្នា​ដែរ សូម​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ស្ដាប់ ហើយ​ជួយ​ពួក​គេ​ឲ្យ​ឃើញ​របៀប​ដែល​ពួក​គេ​អាច​អនុវត្ត​ព័ត៌មាន​ក្នុង​សុន្ទរកថា​របស់​អ្នក​ក្នុង​ជីវិត​របស់​ពួក​គេ។

១២. ពេល​អ្នក​ថ្លែង​សុន្ទរកថា ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​អ្នក​និយាយ​ចេញ​ពី​ចិត្ត?

១២ សូម​ហាត់​សម​សុន្ទរកថា​របស់​អ្នក​ដោយ​និយាយ​ឮ​ៗ ដើម្បី​ឲ្យ​សុន្ទរកថា​នោះ​ស្ដាប់​ទៅ​ដូច​ជា​ការ​សន្ទនា។ ពេល​អ្នក​និយាយ​ចេញ​ពី​ចិត្ត ជា​ជាង​អាន​តាម​ពាក្យ​ទាំង​អស់​ក្នុង​កំណត់​របស់​អ្នក នោះ​នឹង​ជួយ​អ្នក​ស្ដាប់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ និង​យល់​ព័ត៌មាន​ដែល​អ្នក​ថ្លែង។ ក្នុង​សៀវភៅ​ស្ដើង​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន មាន​យោបល់​ថា​៖ ​«​សូម​និយាយ​តាម​របៀប​ធម្មតា និង​ដោយ​ចិត្ត​ស្មោះ​ដើម្បី​បង្ហាញ​ថា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ស្ដាប់ និង​ចំពោះ​ប្រធានបទ​របស់​អ្នក​»។ ពេល​អ្នក​ថ្លែង​និយាយ​ចេញ​ពី​ចិត្ត នោះ​អ្នក​ស្ដាប់​នឹង​ផ្ចង់​អារម្មណ៍ ហើយ​កាន់​តែ​ចាប់​អារម្មណ៍​មេ​រៀន​ដែល​អ្នក​បង្រៀន ព្រម​ទាំង​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ចង់​ធ្វើ​តាម​ក្នុង​ជីវិត​របស់​ពួក​គេ។

១៣. ហេតុ​អ្វី​អ្នក​ថ្លែង​គួរ​សុំ​យោបល់​ពី​អ្នក​ថ្លែង​ដែល​មាន​បទ​ពិសោធន៍? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ សូម​សុំ​យោបល់​ពី​អ្នក​ថ្លែង​ដែល​មាន​បទ​ពិសោធន៍។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? អ្នក​អាច​សុំ​អ្នក​ថ្លែង​ដែល​មាន​បទ​ពិសោធន៍​ឲ្យ​ពិនិត្យ​មើល​កំណត់​សុន្ទរកថា​របស់​អ្នក​ទុក​ជា​មុន ហើយ​ពេល​គាត់​ឲ្យ​យោបល់ សូម​ប្រើ​យោបល់​នោះ​ក្នុង​សុន្ទរកថា​របស់​អ្នក។ បន្ថែម​ទៅ​ទៀត សូម​សុំ​គាត់​ឲ្យ​ស្ដាប់​ពេល​ដែល​អ្នក​ហាត់​ថ្លែង​ឮ​ៗ​ដើម្បី​គាត់​អាច​ជូន​យោបល់​អំពី​របៀប​ដែល​អ្នក​អាច​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន។ (​សុភ. ១:៥​) យើង​មិន​តែង​តែ​កត់​សម្គាល់​ឃើញ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ទេ។ ដូច្នេះ គាត់​អាច​ជូន​យោបល់​អ្នក​អំពី​របៀប​ធ្វើ​ឲ្យ​សុន្ទរកថា​របស់​អ្នក​កាន់​តែ​ស្រួល​យល់ និង​ជួយ​អ្នក​ស្ដាប់​ឲ្យ​ស្រួល​អនុវត្ត​តាម។ យើង​ចង់​ទៅ​ជា​អ្នក​ថ្លែង​និង​អ្នក​បង្រៀន​ដែល​មាន​ភាព​ប៉ិន​ប្រសប់ ដើម្បី​យើង​អាច​ជួយ​អ្នក​ស្ដាប់​ឲ្យ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​ដ៏​វិសេស​វិសាល​ក្នុង​បណ្ដាំ​របស់​ព្រះ។a

ប្អូន​ប្រុស​ម្នាក់​ហាត់​សម​សុន្ទរកថា​របស់​គាត់​នៅ​ឯ​សាល​ប្រជុំ នៅ​ខាង​មុខ​បង​ប្រុស​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ថ្លែង​សុន្ទរកថា។ បង​ប្រុស​នោះ​កំពុង​កត់​កំណត់។

សូម​សុំ​ជំនួយ​ពី​អ្នក​ថ្លែង​ដែល​មាន​បទ​ពិសោធន៍ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន ​(​សូម​មើល​វគ្គ​១៣​)​


អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ស្រួល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់

១៤. ហេតុ​អ្វី​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ១១៩? (​ចម្រៀង​សរសើរ​ព្រះ ១១៩:២៤, ១១១, ១៦៧​)

១៤ យើង​នឹង​ស្រួល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ជាង បើ​យើង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​ការ​រំលឹក​ដែល​មក​ពី​ព្រះ​យេហូវ៉ា។ ដោយ​សារ​យើង​រស់​នៅ​ក្នុង​អំឡុង​គ្រា​ដ៏​«​លំបាក​ខ្លាំង​ណាស់​»​ នោះ​យើង​ត្រូវ​ការ​ការ​រំលឹក​ពី​ព្រះ​ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​យើង​ជួប។ (​២ធី. ៣:១​) បើ​ពេល​ខ្លះ​មេ​រៀន​ដែល​យើង​រៀន​ជា​អ្វី​ដែល​យើង​ស្គាល់​រួច​ហើយ យើង​ចង់​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ចិត្ត​គំនិត​ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ១១៩ ស្ដី​អំពី​ការ​រំលឹក​ពី​ព្រះ។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:២៤, ១១១, ១៦៧

១៥. តើ​តាម​របៀប​ណា​យើង​អាច​បន្ត​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​បង្រៀន​ដែល​យើង​ទទួល​នៅ​ឯ​កិច្ច​ប្រជុំ?

១៥ យើង​ត្រូវ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​យើង​ទទួល។ យើង​អាច​យល់​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ដូច្នេះ ដោយ​គិត​អំពី​គំរូ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ពេល​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ម៉ាណា​ជា​អាហារ​ដល់​ពួក​គេ។ (​ដច. ១៦:១៥, ៣១​) ដំបូង​ពួក​គេ​ច្បាស់​ជា​មាន​ទស្សនៈ​ត្រឹម​ត្រូវ​និង​ឲ្យ​តម្លៃ​ចំពោះ​ម៉ាណា ព្រោះ​នោះ​មក​ពី​ព្រះ​យេហូវ៉ា មាន​រស​ជាតិ​ឆ្ងាញ់ និង​ជួយ​ទ្រ​ទ្រង់​ជីវិត​របស់​ពួក​គេ។ ប៉ុន្តែ​យូរ​ៗ​ទៅ បុគ្គល​ខ្លះ​ធុញ​ទ្រាន់​នឹង​ម៉ាណា​ដែល​ពួក​គេ​បរិភោគ​ជា​រៀង​រាល់​ថ្ងៃ។ (​ជប. ២១:៥​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? យើង​មិន​គួរ​ចាត់​ទុក​សេចក្ដី​បង្រៀន​ដែល​យើង​ទទួល​នៅ​កិច្ច​ប្រជុំ​ថា​ជា​អ្វី​ដែល​ធម្មតា ឬ​ដដែល​ៗ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ទទួល​ស្គាល់​ថា​សេចក្ដី​បង្រៀន​ទាំង​នោះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ចាំ​ថា ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​រៀប​ចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្ដី​បង្រៀន​ដែល​យើង​រៀន​នៅ​កិច្ច​ប្រជុំ។ ម្យ៉ាង​ទៀត អ្វី​ដែល​យើង​រៀន​នៅ​កិច្ច​ប្រជុំ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ជួយ​យើង​ឲ្យ​រស់​ជា​រៀង​រហូត។—សុភ. ៣:១៣, ១៦​-​១៨; យ៉ូន. ១៧:៣

១៦. តើ​អ្វី​បាន​ជួយ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​ឯ​កិច្ច​ប្រជុំ? (​សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «យោបល់ដើម្បីទៅជាអ្នកស្ដាប់ដ៏ល្អ»​)

១៦ យើង​ស្រួល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ជាង បើ​យើង​ធ្វើ​តាម​យោបល់​ដូច​ខាង​ក្រោម។ សូម​កត់​សម្គាល់​អ្វី​ដែល​បាន​ជួយ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​ឯ​កិច្ច​ប្រជុំ។ បង​ស្រី​អាស្សេលី​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជាង​៣០​ឆ្នាំ និយាយ​ថា​៖ ​«​ការ​រៀប​ចំ​ទុក​ជា​មុន​សម្រាប់​កិច្ច​ប្រជុំ ជួយ​ខ្ញុំ​ឲ្យ​ស្រួល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ជាង។ បើ​ខ្ញុំ​មិន​បាន​រៀប​ចំ​ទុក​ជា​មុន​ទេ ខ្ញុំ​នឹង​ពិបាក​ឆ្លើយ​ចម្លើយ ហើយ​ពិបាក​ផ្ដោត​អារម្មណ៍​»។ បង​ប្រុស​យ៉ូសេហ្វ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​៥២​ឆ្នាំ និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ស្គាល់​ប្រធានបទ​ណា​មួយ​ហើយ​ក្ដី ខ្ញុំ​នៅ​តែ​សប្បាយ​ស្ដាប់​ប្រធានបទ​នោះ​ម្ដង​ទៀត ព្រោះ​នោះ​ជួយ​ខ្ញុំ​ឲ្យ​រៀន​មេ​រៀន​ថ្មី​ៗ​ពី​សុន្ទរកថា​និង​ចម្លើយ​របស់​បង​ប្អូន​ផ្សេង​ៗ​»។ គាត់​ក៏​និយាយ​បន្ថែម​ទៀត​ថា​៖ ​«​បើ​បង​ប្រុស​ណា​ម្នាក់​មិន​សូវ​ថ្លែង​បាន​ពីរោះ​ក្បោះ​ក្បាយ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​គាត់​ថ្លែង ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​មេ​រៀន​ដែល​គាត់​បង្រៀន​ពី​បណ្ដាំ​របស់​ព្រះ​»។

យោបល់​ដើម្បី​ទៅ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ

ពេល​យើង​សួរ​បង​ប្អូន​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ថា​៖ ​«​តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​ឯ​កិច្ច​ប្រជុំ?​»​ ពួក​គេ​បាន​ចែក​រំលែក​យោបល់​ដូច​ត​ទៅ​នេះ​៖

  • បង​ស្រី​ស៊ូហ្វន​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៨៦ និយាយ​ថា​៖ ​«​សូម​អង្គុយ​នៅ​កន្លែង​ខាង​មុខ​គេ​នៅ​សាល​ប្រជុំ ដើម្បី​ស្រួល​ផ្ចង់​អារម្មណ៍​លើ​អ្នក​ថ្លែង​និង​វីដេអូ​»។

  • បង​ប្រុស​ដាវីឌ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៨៣ និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ដង ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ផ្ចង់​អារម្មណ៍​នៅ​កិច្ច​ប្រជុំ។ ខ្ញុំ​ក៏​រំលឹក​ខ្លួន​ដែរ​ថា ការ​ចូល​រួម ការ​ផ្ចង់​អារម្មណ៍ និង​ការ​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​»។

  • បង​ប្រុស​នីកូឡាស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៨២ និយាយ​ថា​៖ ​«​សូម​មាន​គោល​ដៅ​អរគុណ​បង​ប្អូន​ម្នាក់​ៗ​ដែល​មាន​ផ្នែក​នៅ​កិច្ច​ប្រជុំ ដោយ​ប្រាប់​គាត់​អំពី​ឧទាហរណ៍ គំនិត ឬ​រូប​ភាព​ដែល​អ្នក​ចូល​ចិត្ត​ពី​ផ្នែក​របស់​គាត់​»។

  • បង​ប្រុស​អរហ្គូស្តេន​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៨៨ និយាយ​ថា​៖ ​«​ខ្ញុំ​តែង​តែ​រំលឹក​ខ្លួន​ថា បើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​លើក​ឡើង​ប្រធានបទ​ណា​មួយ​យក​មក​សិក្សា​ម្ដង​ទៀត គឺ​ដោយ​សារ​នោះ​ចំ​ពេល​ដែល​យើង​ត្រូវ​ការ​»។

១៧. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ មាន​យោបល់​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ។ (​១​)​ បើ​អ្នក​បរិភោគ​អាហារ​មុន​កិច្ច​ប្រជុំ សូម​កុំ​ញ៉ាំ​ច្រើន​ពេក ដើម្បី​កុំ​ឲ្យ​ងងុយ​គេង។ (​២​)​ សូម​មក​ដល់​លឿន និង​ស្វែង​រក​កន្លែង​អង្គុយ​មុន​កម្ម​វិធី​ចាប់​ផ្ដើម។ (​៣​) ​សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​បិទ​សំឡេង​គ្រឿង​អេឡិចត្រូនិក​របស់​អ្នក ហើយ​មិន​ឲ្យ​វា​បំបែរ​អារម្មណ៍​អ្នក​ក្នុង​អំឡុង​កិច្ច​ប្រជុំ។ (​៤​)​ សូម​គិត​ទុក​ជា​មុន​អំពី​ចំណុច​ដែល​អ្នក​ថ្លែង​ប្រហែល​ជា​នឹង​លើក​ឡើង។ (​៥​)​ សូម​ផ្ដោត​អារម្មណ៍​លើ​អ្នក​ថ្លែង។ (​៦​)​ សូម​កត់​កំណត់​ខ្លី​ៗ ឬ​គូរ​រូប​ភាព​អំពី​ចំណុច​សំខាន់​ៗ។ (​៧​)​ សូម​គិត​អំពី​ខ​គម្ពីរ​សំខាន់​ៗ និង​របៀប​ដែល​ខ​គម្ពីរ​ទាំង​នោះ​ជាប់​ទាក់​ទង​គ្នា។ (​៨​)​ សូម​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​អាច​ប្រើ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ដើម្បី​ជួយ​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ ឬ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​យ៉ាង​ដូច​ម្ដេច?›។ (​៩​)​ មុន​មហា​សន្និបាត​ឬ​សន្និបាត សូម​លៃ​ទុក​ពេល​ដើម្បី​ពិនិត្យ​មើល​ក្រដាស​កម្ម​វិធី​និង​អាន​ប្រធានបទ​កម្ម​វិធី​សម្រាប់​ថ្ងៃ​នីមួយ​ៗ មើល​ចំណង​ជើង​សុន្ទរកថា និង​បទ​គម្ពីរ​សម្រាប់​សុន្ទរកថា​នីមួយ​ៗ។ (​១០​)​ សូម​ត្រៀម​ចិត្ត​របស់​អ្នក​ដោយ​អង្គុយ​ស្ងៀម ហើយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បទ​ភ្លេង​និង​ទស្សនា​ការ​បញ្ចាំង​បទ​ភ្លេង​វីដេអូ​ដែល​លេង​ក្នុង​អំឡុង​ពេល​កម្ម​វិធី​ចាប់​ផ្ដើម។

បង​ប្រុស​ម្នាក់​ផ្ញើ​សារ​ទៅ​មិត្ត​ភក្ដិ​ក្នុង​អំឡុង​ការ​សិក្សា​«​ទស្សនាវដ្ដី​ប៉ម​យាម​»។

សូម​បន្ត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​រំលឹក​ពី​ព្រះ​យេហូវ៉ា ដោយ​មិន​អនុញ្ញាត​ឲ្យ​គ្រឿង​អេឡិចត្រូនិក​មក​បំបែរ​អារម្មណ៍​អ្នក ​(​សូម​មើល​វគ្គ​១៧​)​


ចូរ​បន្ត​ស្ដាប់​ព្រះ​យេហូវ៉ា

១៨. ហេតុ​អ្វី​យើង​គួរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​ឯ​កិច្ច​ប្រជុំ?

១៨ យើង​គួរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ ព្រោះ​ពេល​យើង​ធ្វើ​ដូច្នេះ យើង​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​នាំ​យើង​«​ទៅ​តាម​ផ្លូវ​សុចរិត​»។ (​ចសព. ២៣:៣; ៣១:៣​) យើង​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​យើង​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ដូច្នេះ ចូរ​បន្ត​«​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​»​និង​ធ្វើ​តាម​ការ​ណែនាំ​ដែល​អ្នក​ទទួល​នៅ​កិច្ច​ប្រជុំ។ (​លូក. ៨:១៨​) ពួក​អ្នក​ដែល​ស្ដាប់​ព្រះ​យេហូវ៉ា​នឹង​មាន​សុភមង្គល​នៅ​ឥឡូវ​នេះ ហើយ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ថ្ងៃ​អនាគត។—ចសព. ១១៩:២, ១៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នៅ​កិច្ច​ប្រជុំ?

  • តើ​បង​ប្រុស​ដែល​ថ្លែង​សុន្ទរកថា​អាច​ជួយ​អ្នក​ស្ដាប់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យ៉ាង​ដូច​ម្ដេច?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ស្រួល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់?

ចម្រៀង​លេខ​៨៧ ចូរ​មក​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ!

a ដើម្បី​បាន​យោបល់​អំពី​របៀប​ដែល​អ្នក​អាច​ទៅ​ជា​អ្នក​ថ្លែង​និង​អ្នក​បង្រៀន​ដែល​មាន​ភាព​ប៉ិន​ប្រសប់​ជាង សូម​មើល​សៀវភៅ​ស្ដើង​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក