ចូររៀនពីលោកយេស៊ូ
ពិភពលោកទាំងមូលនឹងពេញដោយសុខសន្តិភាព
មនុស្សគ្រប់គ្នាចង់រស់នៅក្នុងពិភពលោកដែលមានសន្តិភាព។ ពីមួយសម័យកាលទៅមួយសម័យកាល ពួកអ្នកគ្រប់គ្រងព្យាយាមបញ្ឈប់ជម្លោះ ហើយធ្វើឲ្យមានសន្តិភាពឡើងវិញ។ ជួនកាល ពួកគេអាចធ្វើឲ្យសន្តិភាពមែន តែសម្រាប់មួយរយៈប៉ុណ្ណោះ ក្រោយមកជម្លោះនៅតែកើតឡើងម្ដងហើយម្ដងទៀត។ ដូច្នេះ តើពិភពលោកនឹងអាចពេញដោយសុខសន្តិភាពជារៀងរហូតឬទេ? គឺពិតជាអាច! ប៉ុន្តែ តើដោយរបៀបណា? ជាដំបូង សូមពិចារណាអំពីអ្វីដែលលោកយេស៊ូនឹងធ្វើ និងអំពីអ្វីដែលលោកបានបង្រៀនទាក់ទងនឹងរឿងនេះ។
អ្វីដែលលោកយេស៊ូនឹងធ្វើ
គម្ពីរប្រាប់អំពីអ្វីដែលលោកយេស៊ូនឹងធ្វើ ដើម្បីឲ្យពិភពលោកមានសុខសន្តិភាពនៅពេលឆាប់ៗខាងមុខនេះ។
«[លោកយេស៊ូ]នឹងត្រូវហៅថា . . . ម្ចាស់នៃសេចក្ដីសុខសាន្ត។ ចាប់ពីពេលនោះទៅ អំណាចគ្រប់គ្រងរបស់គាត់នឹងថ្កុំថ្កើងជារៀងរហូត ហើយ . . . នឹងមានសេចក្ដីសុខសាន្តជានិច្ច»។ (អេសាយ ៩:៦, ៧) ម្ល៉ោះហើយ ក្នុងនាមជាស្ដេចនៃរាជាណាចក្រព្រះ លោកយេស៊ូនឹងនាំមកនូវសេចក្ដីសុខសាន្តជាបរិបូរពេញពិភពលោក។
«គាត់នឹងស្រោចស្រង់ជនក្រីក្រដែលស្រែករកជំនួយ . . . និងមនុស្សគ្រប់រូបដែលគ្មានអ្នកណាជួយ»។ (ចម្រៀងសរសើរព្រះ ៧២:១២-១៤) លោកយេស៊ូនឹងជួយមនុស្សគ្រប់រូបឲ្យទទួលបាននូវយុត្តិធម៌។ បន្ថែមទៀត លោកនឹងបំបាត់ចោលសង្គ្រាម អំពើឃោរឃៅ និងទុក្ខវេទនាសព្វបែបយ៉ាង។
«ប្រជាជាតិមួយនឹងមិនលើកដាវច្បាំងនឹងប្រជាជាតិមួយទៀតឡើយ ហើយក៏មិនរៀនធ្វើសង្គ្រាមទៀតដែរ»។ (អេសាយ ២:៤) ក្រោមការគ្រប់គ្រងរបស់លោកយេស៊ូ មនុស្សទាំងអស់នឹងរៀនធ្វើឲ្យមានសន្តិភាព ជាជាងហ្វឹកហាត់ធ្វើសង្គ្រាម។
ដើម្បីរៀនអំពីរបៀបដែលលោកយេស៊ូនឹងធ្វើឲ្យពិភពលោកមានភាពសុខសាន្ត និងរបៀបដែលយើងអាចរស់នៅក្នុងពិភពលោកបែបនោះ សូមទស្សនាវីដេអូខ្លីមួយដែលមានចំណងជើងថា តើរាជាណាចក្ររបស់ព្រះជាអ្វី?
អ្វីដែលលោកយេស៊ូបានបង្រៀន
នៅសព្វថ្ងៃនេះ សេចក្ដីបង្រៀនរបស់លោកយេស៊ូកំពុងជួយមនុស្សរាប់លាននាក់ឲ្យរស់នៅដោយមានសន្តិភាព។ នៅក្នុងសុន្ទរកថាដ៏ល្បីរបស់លោកយេស៊ូនៅលើភ្នំ លោកបានបង្រៀនគោលការណ៍អំពីរបៀបរក្សាសន្តិភាពក្នុងជីវិតប្រចាំថ្ងៃ។ ឥឡូវសូមពិចារណាគោលការណ៍ទាំងនោះខ្លះ។
«អស់អ្នកដែលធ្វើឲ្យមានសន្តិភាព នោះមានសុភមង្គលហើយ!»។ (ម៉ាថាយ ៥:៩) លោកយេស៊ូមិនគ្រាន់តែលើកទឹកចិត្តអ្នកកាន់តាមលោកឲ្យជៀសវាងពីជម្លោះប៉ុណ្ណោះទេ តែលោកក៏បង្រៀនពួកគេឲ្យចេះធ្វើឲ្យមានសន្តិភាព។
«[ចូរ]ទៅរកជានឹងបងប្អូនរបស់អ្នកសិន។ បន្ទាប់មក ចូរត្រឡប់មកបូជា[គ្រឿងបូជារបស់អ្នក]ចុះ»។ (ម៉ាថាយ ៥:២៣, ២៤) លោកយេស៊ូបានដាស់តឿនពួកអ្នកស្ដាប់លោកឲ្យឆាប់ដោះស្រាយជម្លោះ។ ហេតុអ្វី? ពីព្រោះលោកបានបង្រៀនថា ការធ្វើឲ្យមានសន្តិភាពជាមួយអ្នកឯទៀតជាកត្តាសំខាន់ដើម្បីមានចំណងមិត្តភាពជាមួយព្រះ។
«ឈប់វិនិច្ឆ័យអ្នកឯទៀត ដើម្បីកុំឲ្យអ្នកទទួលការវិនិច្ឆ័យ»។ (ម៉ាថាយ ៧:១) លោកយេស៊ូបានព្រមានយើងកុំឲ្យវាយតម្លៃអ្នកឯទៀតដោយគ្មានត្រាប្រណី ឬទាមទារឲ្យគេប្រព្រឹត្តអ្វីដែលខ្លួនឯងមិនទាំងធ្វើឡើយ។ ទង្វើទាំងនេះអាចបង្កឲ្យមានទំនាស់។ ម្យ៉ាងទៀត លោកបានបង្រៀនដែរថា យើងគួរ«បន្តអភ័យទោសឲ្យអ្នកឯទៀត»ពេលពួកគេធ្វើខុស ជាជាងរិះគន់ឬចាប់កំហុស។—លូកា ៦:៣៧
មនុស្សនៅកន្លែងផ្សេងៗកំពុងធ្វើតាមសេចក្ដីបង្រៀនទាំងនេះរបស់លោកយេស៊ូ។ ដូច្នេះ ទោះជាពួកគេនៅកន្លែងដែលមានហិង្សាឬការទាស់ទែងប្រេះឆាក៏ដោយ ពួកគេព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី ចេះអភ័យទោស និងបង្ហាញសេចក្ដីស្រឡាញ់ សូម្បីតែពេលអ្នកឯទៀតប្រព្រឹត្តមិនសប្បុរសដាក់ពួកគេក្ដី។
ដើម្បីមើលថាសេចក្ដីបង្រៀនរបស់លោកយេស៊ូបានជួយមនុស្សខ្លះឲ្យមានសន្តិភាព សូមអានអត្ថបទដែលមានចំណងជើងថា «របៀបរកឃើញសេចក្ដីសុខសាន្តទោះជាមានសង្គ្រាមនិងជម្លោះហិង្សា»។