ចូររៀនពីលោកយេស៊ូ
តើការប្រើហិង្សាដើម្បីដោះស្រាយជម្លោះជារឿងត្រឹមត្រូវទេ?
សព្វថ្ងៃនេះ មនុស្សកាន់តែច្រើនឡើងៗជឿថាដើម្បីដោះស្រាយជម្លោះ គឺត្រូវប្រើអំពើហិង្សា ហើយពួកគេគិតថានេះជាវិធីត្រឹមត្រូវ។ ប៉ុន្តែ របៀបគិតគូរនេះគឺផ្ទុយស្រឡះពីគំរូនិងសេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្ត។ តើខុសគ្នាយ៉ាងណា? ឥឡូវសូមគិតអំពីពាក្យសម្ដីនិងការប្រព្រឹត្តរបស់លោកយេស៊ូ។
ប្រសាសន៍របស់លោកយេស៊ូ
ក្នុងសុន្ទរកថាដ៏ល្បីដែលលោកយេស៊ូបានថ្លែងនៅលើភ្នំ លោកបានបង្រៀនថាកំហឹង ការខឹងងំ និងអំពើហិង្សា មិនមែនជាវិធីត្រឹមត្រូវក្នុងការដោះស្រាយជម្លោះទេ។ សូមពិចារណាឧទាហរណ៍មួយចំនួន។
«អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។ (ម៉ាថាយ ៧:១២; លូកា ៦:៣១) ដំបូន្មាននេះលើកទឹកចិត្តយើងឲ្យប្រព្រឹត្តទៅលើអ្នកឯទៀតដូចយើងចង់ឲ្យគេប្រព្រឹត្តមកលើយើងដែរ។ តាមធម្មតា គ្មានយើងណាម្នាក់ចង់ឲ្យអ្នកឯទៀតប្រព្រឹត្តឃោរឃៅមកលើខ្លួនឡើយ។ ហេតុនេះយើងមិនគួរប្រព្រឹត្តឃោរឃៅទៅលើពួកគេទេ ផ្ទុយទៅវិញយើងគួរព្យាយាមប្រព្រឹត្តទៅលើមនុស្សទាំងអស់ដោយសប្បុរសនិងដោយគោរពទោះជាយើងមិនពេញចិត្តនឹងពួកគេក្ដី។
«បើអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតចុះ»។ (ម៉ាថាយ ៥:៣៨, ៣៩; លូកា ៦:២៩) លោកយេស៊ូមិនចង់បង្រៀនឲ្យយើងម្នាក់ៗបណ្ដោយខ្លួនឲ្យគេធ្វើបាបទេ។ តែផ្ទុយទៅវិញ លោកមានប្រសាសន៍បែបនេះ គឺចង់កែតម្រូវសេចក្ដីបង្រៀនរបស់សាសនាមិនពិត ដែលតាមមើលទៅមេដឹកនាំសាសនាខ្លះបានលើកទឹកចិត្តមនុស្សឲ្យចងគំនុំនិងសងសឹកគ្នា។ លោកបានប្រាប់អ្នកកាន់តាមលោកថា ពួកគេមិនគួរតបតទេពេលត្រូវគេធ្វើបាប តែពួកគេគួរប្រព្រឹត្តដោយស្លូតបូតទៅវិញ។a
«ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក»។ (ម៉ាថាយ ៥:៤៣, ៤៤; លូកា ៦:២៧) លោកយេស៊ូបានបង្រៀនថាយើងគួរប្រព្រឹត្តដោយសប្បុរសចំពោះពួកអ្នកដែលស្អប់យើងឬធ្វើបាបយើង។ លោកមិនចង់បានន័យថាយើងគួរយល់ស្របនឹងទង្វើអាក្រក់របស់ពួកគេនោះទេ។b ប៉ុន្តែ បើយើងប្រព្រឹត្តដោយសប្បុរសទៅកាន់អ្នកដែលស្អប់យើង យើងប្រហែលជាអាចបន្ទន់ចិត្តគាត់ ឬគាត់អាចប្រព្រឹត្តដោយសប្បុរសមកកាន់យើងវិញក៏ថាបាន។
ទង្វើនិងការប្រព្រឹត្តរបស់លោកយេស៊ូ
លោកយេស៊ូបានបង្រៀនថាការប្រើហិង្សាមិនមែនជាវិធីត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើតាមអ្វីដែលលោកបានបង្រៀនដែរ។ ជាឧទាហរណ៍ នៅយប់ដែលលោកត្រូវគេចាប់ខ្លួន អ្នកកាន់តាមលោកម្នាក់បានប្រយុទ្ធដើម្បីការពារលោក។ តែពេលនោះលោកប្រាប់ថា៖«ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញ ព្រោះអស់អ្នកដែលប្រើដាវ ក៏នឹងស្លាប់ដោយដាវដែរ»។ (ម៉ាថាយ ២៦:៥២) លោកបានបង្ហាញសេចក្ដីស្រឡាញ់ដល់សត្រូវរបស់លោក។ តើតាមរបៀបណា? គឺដោយអភ័យទោសឲ្យពួកអ្នកដែលធ្វើបាបលោក ហើយលោកថែមទាំងអធិដ្ឋានឲ្យពួកគេទៀតផង!—លូកា ២៣:៣៣, ៣៤; ពេត្រុសទី១ ២:២៣
គម្ពីរសន្យាថា មិនយូរទៀត លោកយេស៊ូក្នុងនាមជាម្ចាស់នៃសេចក្ដីសុខសាន្តនឹងបំបាត់ចោលអំពើហិង្សាទាំងអស់។ (អេសាយ ៩:៦, ៧) ដើម្បីស្វែងយល់ថែមទៀតអំពីអនាគតដ៏អស្ចារ្យនេះ សូមអានអត្ថបទដែលមានចំណងជើងថា«របៀបដែលសង្គ្រាមនិងជម្លោះហិង្សានឹងត្រូវបំបាត់ចោល»។
a ដើម្បីស្វែងយល់ថែមទៀត សូមអានអត្ថបទដែលមានចំណងជើងថា«តើ‹ភ្នែកសងភ្នែក›មានន័យយ៉ាងណា?»។
b ដើម្បីស្វែងយល់ថែមទៀត សូមអានអត្ថបទដែលមានចំណងជើងថា«តើ‹ការស្រឡាញ់សត្រូវ›មានន័យយ៉ាងណា?»។