ថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦
ចម្រៀងលេខ២០ លោកបានឲ្យបុត្រជាទីស្រឡាញ់
ហេតុអ្វីយើងត្រូវការថ្លៃលោះ?
«តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ?»។—រ៉ូម ៧:២៤
ចំណុចផ្ដោត
ដោយសារថ្លៃលោះ ព្រះយេហូវ៉ាអាចអភ័យទោសការខុសឆ្គងរបស់យើង យើងអាចមានសេចក្ដីសង្ឃឹមទៅជាមនុស្សល្អឥតខ្ចោះ ហើយអាចទៅជាមិត្តសម្លាញ់របស់លោក។
១-២. ហេតុអ្វីយើងត្រូវការការសង្គ្រោះ? (រ៉ូម ៧:២២-២៤) (សូមមើលរូបភាពផងដែរ)
សូមស្រមៃអំពីស្ថានភាពនេះ។ មានអគារមួយបានបាក់រលំ ហើយបុរសម្នាក់បានជាប់ក្នុងគំនរអគារនោះ។ គាត់នៅតែរស់ តែគាត់មិនអាចចេញពីគំនរនោះបានទេ បើគ្មានអ្នកជួយ។ គាត់គ្រាន់តែអាចស្រែកសុំជំនួយប៉ុណ្ណោះ ហើយសង្ឃឹមថាមានគេមកសង្គ្រោះគាត់។
២ យើងម្នាក់ៗក៏ស្ថិតនៅក្នុងស្ថានភាពស្រដៀងនឹងបុរសនេះដែរ។ តើតាមរបៀបណា? ពេលអាដាមបះបោរប្រឆាំងព្រះយេហូវ៉ា គាត់ទៅជាមនុស្សដែលមានភាពខុសឆ្គង។ ក្រោយមក គាត់ចម្លងភាពខុសឆ្គងនោះដល់កូនចៅរបស់គាត់។ ជាលទ្ធផល មនុស្សជាតិទាំងអស់ជាប់នៅក្នុងគំនរនៃភាពខុសឆ្គង ហើយយើងមិនអាចរំដោះខ្លួនចេញពីស្ថានភាពនោះបានឡើយ។ សាវ័កប៉ូលបានរៀបរាប់អំពីភាពខុសឆ្គងដែលយើងមាន នៅក្នុងសំបុត្ររបស់គាត់ទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម។ (សូមអាន រ៉ូម ៧:២២-២៤) គាត់បានអង្វរសុំឲ្យទទួលការសង្គ្រោះ‹ពីរូបកាយដែលកំពុងនាំឲ្យគាត់ស្លាប់របៀបនេះ›។ ប៉ូលជាប់ក្នុងភាពខុសឆ្គងដែលតែងតែនាំឲ្យស្លាប់។ (រ៉ូម ៦:២៣) យើងក៏ស្ថិតក្នុងស្ថានភាពដូចគាត់ដែរ។ ដូច្នេះ យើងត្រូវការការសង្គ្រោះ!
ដូចបុរសម្នាក់ជាប់ក្នុងគំនរអគារដែលបាក់រលំត្រូវការការសង្គ្រោះ យើងជាប់ក្នុងគំនរនៃភាពខុសឆ្គង ហើយត្រូវការការសង្គ្រោះ (សូមមើលវគ្គ១-២)
៣. តើថ្លៃលោះអាចសង្គ្រោះយើងតាមរបៀបណាខ្លះ?
៣ ក្រោយពីប៉ូលសួរថា៖ «តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ?» គាត់បានឆ្លើយសំណួររបស់ខ្លួនដោយនិយាយថា៖ «ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង!»។ (រ៉ូម ៧:២៥) ប៉ូលកំពុងសំដៅទៅលើគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ត។a ថ្លៃលោះនោះអាចសង្គ្រោះយើងដោយបើកឱកាសឲ្យយើង (១) ទទួលការអភ័យទោសពីព្រះយេហូវ៉ាចំពោះការខុសឆ្គងរបស់យើង (២) មានសេចក្ដីសង្ឃឹមទៅជាមនុស្សល្អឥតខ្ចោះនៅថ្ងៃអនាគត និង(៣) អាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ កាលដែលយើងពិចារណាចំណុចទាំងនេះ យើងនឹងកាន់តែស្រឡាញ់ព្រះយេហូវ៉ាជា«ព្រះដែលផ្ដល់សេចក្ដីសង្ឃឹម»។ (រ៉ូម ១៥:១៣) យើងក៏នឹងកាន់តែមានចិត្តកតញ្ញូចំពោះលោកយេស៊ូ ជាអ្នកដែល«បានរំដោះយើងដោយបង់ថ្លៃលោះ»។—កូឡ. ១:១៤
ថ្លៃលោះបើកឱកាសឲ្យយើងទទួលការអភ័យទោស
៤-៥. ហេតុអ្វីយើងគ្រប់រូបត្រូវការថ្លៃលោះ? (អ្នកទូន្មាន ៧:២០)
៤ យើងត្រូវការថ្លៃលោះដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់យើង។ មនុស្សមិនល្អឥតខ្ចោះគ្រប់រូបធ្វើខុស មិនថាដោយពាក្យសម្ដីឬការប្រព្រឹត្តក្ដី។ (សូមអាន អ្នកទូន្មាន ៧:២០) អំពើខុសឆ្គងខ្លះគឺធ្ងន់ធ្ងរជាងអំពើខុសឆ្គងផ្សេងទៀត។ ជាឧទាហរណ៍ ក្រោមច្បាប់ម៉ូសេ អំពើផិតក្បត់និងឃាតកម្មត្រូវមានទោសដល់ស្លាប់។ (ចល. ២០:១០; ជប. ៣៥:៣០, ៣១) ពិតមែនតែអំពើខុសឆ្គងជាច្រើនមិនធ្ងន់ធ្ងរដល់ថ្នាក់នោះទេ តែនោះនៅតែជាអំពើខុសឆ្គង។ ជាឧទាហរណ៍ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះនិយាយថា៖ «ខ្ញុំនឹងប្រុងប្រយ័ត្នពេលខ្ញុំឈានជើងដើរ ដើម្បីកុំឲ្យខ្ញុំមានកំហុស ដោយសារតែអណ្ដាត»។ (ចសព. ៣៩:១) មែនហើយ ជួនកាលសូម្បីតែពាក្យសម្ដីរបស់យើង ក៏អាចនាំឲ្យយើងធ្វើខុសដែរ។—យ៉ា. ៣:២
៥ សូមគិតអំពីអ្វីដែលអ្នកធ្លាប់និយាយនិងប្រព្រឹត្តពីមុន។ តើអ្នកធ្លាប់និយាយឬប្រព្រឹត្តអ្វីដែលនាំឲ្យអ្នកស្ដាយក្រោយឬទេ? អ្នកទំនងជាឆ្លើយថាធ្លាប់។ គម្ពីរចែងថា៖ «ប្រសិនបើយើងនិយាយថា‹យើងគ្មានភាពខុសឆ្គងទេ› នោះយើងកំពុងបញ្ឆោតខ្លួន ឯសេចក្ដីពិតក៏មិននៅក្នុងយើងដែរ»។—១យ៉ូន. ១:៨
៦-៧. តើអ្វីបើកឱកាសឲ្យព្រះយេហូវ៉ាអភ័យទោសការខុសឆ្គងរបស់យើង? (សូមមើលរូបភាពផងដែរ)
៦ ថ្លៃលោះបើកឱកាសឲ្យព្រះយេហូវ៉ាអភ័យទោសការខុសឆ្គងរបស់យើង។ (អេភ. ១:៧) ប៉ុន្តែ នេះមិនមានន័យថាព្រះយេហូវ៉ាមើលរំលងកំហុសរបស់យើងហាក់ដូចជានោះមិនសំខាន់ចំពោះលោកនោះទេ។ ព្រះយេហូវ៉ាស្អប់ការខុសឆ្គង។ (អេ. ៥៩:២) យុត្តិធម៌ដ៏ល្អឥតខ្ចោះរបស់ព្រះយេហូវ៉ាជំរុញចិត្តលោកឲ្យធ្វើអ្វីមួយដើម្បីឲ្យយើងអាចទទួលការអភ័យទោស។
៧ ច្បាប់ម៉ូសេតម្រូវឲ្យជនជាតិអ៊ីស្រាអែលជូនសត្វជាគ្រឿងបូជាដើម្បីជម្រះការខុសឆ្គងរបស់ពួកគេ។ (ចល. ៤:២៧-៣១; ១៧:១១) គ្រឿងបូជាទាំងនេះ បង្ហាញអំពីគ្រឿងបូជាដ៏ល្អប្រសើរជាងដែលលោកយេស៊ូនឹងជូន និងអំពីពរដែលមកពីគ្រឿងបូជានោះ។ គ្រឿងបូជារបស់លោកយេស៊ូបើកឱកាសឲ្យព្រះយេហូវ៉ាអភ័យទោសការខុសឆ្គងរបស់យើង។ ប៉ូលយល់តម្លៃនៃការស្លាប់របស់លោកយេស៊ូជាគ្រឿងបូជា ហើយនេះសឲ្យឃើញតាមរយៈពាក្យសម្ដីរបស់គាត់ទៅកាន់គ្រិស្តសាសនិកនៅក្រុងកូរិនថូស។ ក្រោយពីនិយាយអំពីអំពើអាក្រក់ដែលពួកគេធ្លាប់ប្រព្រឹត្ត គាត់បានប្រាប់ពួកគេថា៖ «អ្នករាល់គ្នាបានត្រូវលាងសម្អាត ក៏បានត្រូវញែកជាបរិសុទ្ធ ហើយបានត្រូវប្រកាសថាជាមនុស្សសុចរិត ក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្ត និងដោយឫទ្ធានុភាពនៃព្រះរបស់យើង»។—១កូ. ៦:៩-១១
ការជូនសត្វជាគ្រឿងបូជាដើម្បីជម្រះការខុសឆ្គងបង្ហាញទុកជាមុនអំពីគ្រឿងបូជាលោះរបស់លោកយេស៊ូ និងអំពីពរដែលមកពីគ្រឿងបូជានោះ (សូមមើលវគ្គ៦-៧)
៨. កាលដែលអ្នកត្រៀមខ្លួនចូលរួមពិធីរំលឹកឆ្នាំនេះ តើអ្នកអាចគិតអំពីអ្វី?
៨ កាលដែលអ្នកត្រៀមខ្លួនចូលរួមពិធីរំលឹកឆ្នាំនេះ សូមលៃទុកពេលគិតអំពីការអភ័យទោសរបស់ព្រះយេហូវ៉ាចំពោះអ្នក។ ជាឧទាហរណ៍ ដោយសារថ្លៃលោះ អ្នកមិនចាំបាច់បន្ដបន្ទោសខ្លួនចំពោះកំហុសនៅអតីតកាលដែលអ្នកបានប្រែចិត្តហើយនោះទេ។ ចុះយ៉ាងណាបើអ្នកពិបាកជឿថា អ្នកពិតជាបានទទួលការអភ័យទោសចំពោះការខុសឆ្គងនៅអតីតកាល? អ្នកប្រហែលជាគិតក្នុងចិត្តថា ‹ខ្ញុំយល់ថាព្រះយេហូវ៉ាអាចអភ័យទោសឲ្យខ្ញុំ តែខ្ញុំមិនអាចអភ័យទោសឲ្យខ្លួនឯងបានទេ›។ បើអ្នកមានអារម្មណ៍បែបនេះ សូមចាំថាព្រះយេហូវ៉ាគឺជាបុគ្គលដែលអភ័យទោសឲ្យអ្នក ហើយលោកបានប្រគល់សិទ្ធិអំណាចឲ្យបុត្ររបស់លោកដើម្បីវិនិច្ឆ័យយើង។ ព្រះយេហូវ៉ាមិនបានប្រគល់ភារកិច្ចដល់អ្នកឬមនុស្សណាម្នាក់ដើម្បីសម្រេចចិត្តថា អ្នកណានឹងទទួលឬមិនទទួលសេចក្ដីមេត្តាករុណាពីលោកទេ។ គម្ពីរចែងថា៖ «ប្រសិនបើយើងដើរក្នុងពន្លឺ ដូចព្រះ[យេហូវ៉ា]នៅក្នុងពន្លឺ . . . ឈាមរបស់លោកយេស៊ូជាបុត្ររបស់ព្រះ ក៏សម្អាតយើងពីភាពខុសឆ្គងទាំងអស់»។ (១យ៉ូន. ១:៦, ៧) យើងអាចទុកចិត្តថានេះជាការពិតដូចដែលយើងទុកចិត្តសេចក្ដីបង្រៀនឯទៀតក្នុងគម្ពីរដែរ។ ថ្លៃលោះជាមូលដ្ឋានដែលបើកឱកាសឲ្យព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើងស្របតាមខ្នាតតម្រាយុត្តិធម៌របស់លោក ហើយបណ្ដាំរបស់លោកចែងថា៖ «លោកបម្រុងតែនឹងអភ័យទោស»។—ចសព. ៨៦:៥
ដោយសារថ្លៃលោះ យើងមានសេចក្ដីសង្ឃឹមទៅជាមនុស្សល្អឥតខ្ចោះ
៩. នៅក្នុងគម្ពីរ តើពាក្យ«ខុសឆ្គង»រួមបញ្ចូលអ្វីខ្លះ? (ចម្រៀងសរសើរព្រះ ៥១:៥)
៩ នៅក្នុងគម្ពីរ ពាក្យ«ខុសឆ្គង»មិនគ្រាន់តែសំដៅទៅលើការប្រព្រឹត្តប៉ុណ្ណោះទេ តែក៏សំដៅទៅលើស្ថានភាពដែលយើងមានតាំងពីកំណើតដែរ។ (សូមអាន ចម្រៀងសរសើរព្រះ ៥១:៥) ស្ថានភាពនោះមិនគ្រាន់តែធ្វើឲ្យយើងងាយធ្វើខុសប៉ុណ្ណោះទេ តែក៏ធ្វើឲ្យរូបកាយយើងដំណើរការមិនត្រឹមត្រូវខុសពីគោលបំណងដើមរបស់ព្រះយេហូវ៉ា ហេតុនេះហើយយើងចាស់ ឈឺ និងស្លាប់។ យ៉ាងនេះ យើងអាចយល់អំពីមូលហេតុដែលកូនង៉ែត ដែលមិនបានធ្វើអ្វីខុសអាចធ្លាក់ខ្លួនឈឺ ហើយស្លាប់។ នេះក៏ជួយយើងឲ្យយល់អំពីមូលហេតុដែលទាំងមនុស្សអាក្រក់ទាំងមនុស្សល្អ រងទុក្ខវេទនា ហើយស្លាប់។ កូនចៅមិនល្អឥតខ្ចោះទាំងអស់របស់អាដាមបានឆ្លងភាពខុសឆ្គងនេះ។
១០. តើភាពខុសឆ្គងមានឥទ្ធិពលយ៉ាងណាទៅលើអាដាមនិងអេវ៉ា?
១០ សូមគិតអំពីឥទ្ធិពលដែលភាពខុសឆ្គងមានលើមនុស្សជាតិពីរនាក់ដំបូង។ ភាពខុសឆ្គងនោះ មានឥទ្ធិពលលើអារម្មណ៍របស់ពួកគេ។ ក្រោយពីអាដាមនិងអេវ៉ាបានបះបោរប្រឆាំងព្រះ ពួកគេបានទទួលផលពិបាកភ្លាមៗដែលមកពីការបំពានច្បាប់របស់ព្រះ គឺច្បាប់ដែល«បានត្រូវចារទុកក្នុងចិត្តរបស់ពួកគេ»។ (រ៉ូម ២:១៥) ចាប់តាំងពីពេលនោះមក អារម្មណ៍របស់ពួកគេបានផ្លាស់ប្ដូរ។ ពួកគេបានបិទបាំងខ្លួនរបស់ពួកគេ ហើយបានពួនខ្លួនពីព្រះយេហូវ៉ាដែលជាអ្នកបង្កើត។ (ដក. ៣:៧, ៨) អាដាមនិងអេវ៉ាចាប់ផ្ដើមបន្ទោសខ្លួន ខ្វល់ខ្វាយ ខ្វះទំនុកចិត្ត ឈឺចាប់ និងខ្មាសគេ ហើយពួកគេមានអារម្មណ៍ទាំងនេះអស់មួយជីវិត រហូតដល់ពួកគេស្លាប់។—ដក. ៣:១៦-១៩
១១. តើភាពខុសឆ្គងមានឥទ្ធិពលយ៉ាងណាមកលើយើង?
១១ ភាពខុសឆ្គងមានឥទ្ធិពលមកលើយើង ដូចដែលមានឥទ្ធិពលទៅលើប្ដីប្រពន្ធមួយគូដំបូងដែរ។ ការឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្ត គឺមកពីភាពខុសឆ្គងរបស់យើង។ ទោះជាយើងព្យាយាមធ្វើឲ្យស្ថានភាពរបស់យើងល្អប្រសើរយ៉ាងណាក្ដី យើងមិនអាចគេចផុតពីបញ្ហាទាំងអស់នោះទេ។ ហេតុអ្វី? ពីព្រោះដូចគម្ពីរបានចែង យើង«ស្ថិតក្នុងសភាពអសារឥតការ»។ (រ៉ូម ៨:២០) នេះគឺជាបញ្ហាមួយដែលមនុស្សទាំងអស់មាន មិនមែនមានតែយើងប៉ុណ្ណោះទេ។ ជាឧទាហរណ៍ សូមគិតអំពីការខំប្រឹងរបស់មនុស្សដើម្បីថែទាំបរិស្ថាន ទប់ស្កាត់អំពើឧក្រិដ្ឋកម្ម បំបាត់ចោលភាពក្រីក្រ និងធ្វើឲ្យមានសន្តិភាពរវាងប្រជាជាតិនានា។ ទោះជាមានការជឿនទៅមុខក្នុងការដោះស្រាយបញ្ហាទាំងនោះក៏ដោយ ពួកគេមិនបានដោះស្រាយបញ្ហាទាំងនោះទេ។ ប៉ុន្តែ ដោយសារថ្លៃលោះយើងមានសេចក្ដីសង្ឃឹមពិតប្រាកដ។ តើសេចក្ដីសង្ឃឹមនេះជាអ្វី?
១២. តើថ្លៃលោះផ្ដល់សេចក្ដីសង្ឃឹមអ្វី?
១២ ដោយសារថ្លៃលោះ យើងមានសេចក្ដីសង្ឃឹមថា«អ្វីៗដែលព្រះបានបង្កើតនឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ»។ (រ៉ូម ៨:២១) នេះមានន័យថា ពេលយើងទៅជាមនុស្សល្អឥតខ្ចោះនៅក្នុងសួនឧទ្យាន យើងនឹងលែងរងទុក្ខទាំងផ្លូវកាយទាំងផ្លូវចិត្ត ហើយការចេះតែបន្ទោសខ្លួន ខ្វល់ខ្វាយ ខ្វះទំនុកចិត្ត ឈឺចាប់ ឬខ្មាសគេក៏នឹងលែងមានទៀតដែរ។ បន្ថែមទៅទៀត ការខំប្រឹងរបស់យើងដើម្បីថែទាំផែនដីនិងរស់នៅដោយសេចក្ដីសុខសាន្តនឹងទទួលជោគជ័យ ក្រោមការគ្រប់គ្រងរបស់លោកយេស៊ូគ្រិស្តដែលជាអ្នកបង់ថ្លៃលោះ ហើយជា«ម្ចាស់នៃសេចក្ដីសុខសាន្ត»។—អេ. ៩:៦, ៧
១៣. តើអ្នកអាចគិតអំពីអ្វីផ្សេងទៀតមុនចូលរួមពិធីរំលឹក?
១៣ សូមគិតអំពីជីវិតរបស់អ្នកពេលដែលអ្នកលែងមានភាពមិនល្អឥតខ្ចោះទៀត។ អ្នកនឹងក្រោកឡើងជារៀងរាល់ថ្ងៃទាំងមានសុខភាពល្អ ហើយមិនភ័យខ្លាចថាអ្នកឬមនុស្សជាទីស្រឡាញ់របស់អ្នកនឹងឃ្លាន ឈឺ ឬស្លាប់ឡើយ។ សូម្បីតែឥឡូវនេះ ក៏អ្នកអាចមានសេចក្ដីសុខសាន្តមួយកម្រិតកាលដែលអ្នក«ឈោងចាប់សេចក្ដីសង្ឃឹម . . . ជាយុថ្កាសម្រាប់ជីវិត» ដែល«រឹងមាំនិងពិតប្រាកដ»។ (ហេ. ៦:១៨, ១៩) ដូចយុថ្កាធ្វើឲ្យទូកមានលំនឹង សេចក្ដីសង្ឃឹមរបស់អ្នកជាគ្រិស្តសាសនិកក៏អាចពង្រឹងជំនឿរបស់អ្នក និងជួយអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលអ្នកជួបនៅឥឡូវ។ មែនហើយ អ្នកអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹង«ឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។ (ហេ. ១១:៦) សេចក្ដីសង្ឃឹមដែលអ្នកមានសម្រាប់ថ្ងៃអនាគត និងការសម្រាលទុក្ខដែលអ្នកទទួលនៅឥឡូវនេះអាចមានបាន ដោយសារតែថ្លៃលោះ។
ថ្លៃលោះបើកឱកាសឲ្យយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា
១៤. តើការខុសឆ្គងមានឥទ្ធិពលយ៉ាងណាមកលើចំណងមិត្តភាពរបស់យើងជាមួយនឹងអ្នកបង្កើត ហើយហេតុអ្វី?
១៤ តាំងពីអាដាមនិងអេវ៉ាបានធ្វើខុស មនុស្សជាតិបាននៅដាច់ឆ្ងាយពីព្រះ។ គម្ពីរក៏ចែងដែរថា មនុស្សជាតិបានត្រូវកាត់ចេញពីព្រះដែលជាអ្នកបង្កើត។ (រ៉ូម ៨:៧, ៨; កូឡ. ១:២១) ហេតុអ្វី? ដោយសារព្រះយេហូវ៉ាល្អឥតខ្ចោះ លោកមិនអាចព្រងើយកន្តើយនិងការខុសឆ្គងឡើយ។ គម្ពីរចែងអំពីព្រះយេហូវ៉ាថា៖ «ភ្នែកលោកបរិសុទ្ធក្រៃលែងមិនអាចមើលអ្វីដែលអាក្រក់ទេ ហើយលោកមិនអាចទ្រាំមើលអំពើទុច្ចរិតឡើយ»។ (ហាប. ១:១៣) ភាពខុសឆ្គងបានធ្វើឲ្យចំណងមិត្តភាពរវាងព្រះនិងមនុស្សជាតិប្រេះឆា។ គ្មានយើងណាម្នាក់អាចមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាបានឡើយ បើគ្មានការផ្សះផ្សាជាមួយនឹងលោក។ ដោយសារថ្លៃលោះ យើងអាចផ្សះផ្សាជាមួយនឹងព្រះ។
១៥. តើតាមរបៀបណាការស្លាប់របស់លោកយេស៊ូបើកឱកាសឲ្យមនុស្សមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាឡើងវិញ?
១៥ គម្ពីរចែងថាលោកយេស៊ូជា«គ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ ហើយលោះយើងពីការខុសឆ្គង»។ (១យ៉ូន. ២:២) តើតាមរបៀបណាគ្រឿងបូជារបស់លោកយេស៊ូអនុញ្ញាតឲ្យមនុស្សមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាឡើងវិញ? ការស្លាប់របស់លោកយេស៊ូផ្ដល់មូលដ្ឋានឲ្យព្រះដ៏ល្អឥតខ្ចោះរបស់យើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងមនុស្សឡើងវិញ។ (រ៉ូម ៣:២៣-២៦) លោកថែមទាំងអាចចាត់ទុកបុគ្គលដែលគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់មុនលោកយេស៊ូស្លាប់ថា ជាមនុស្សសុចរិតទៀតផង។ (ដក. ១៥:១, ៦) តើតាមរបៀបណា? គឺដោយផ្អែកលើថ្លៃលោះដែលមិនទាន់បានត្រូវបង់នៅពេលនោះ។ ព្រះយេហូវ៉ាដឹងយ៉ាងច្បាស់ថាលោកយេស៊ូដែលជាបុត្ររបស់លោកនឹងបង់ថ្លៃលោះនោះ។ (អេ. ៤៦:១០) ថ្លៃលោះបានបើកឱកាសឲ្យមនុស្សមានចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញ។
១៦. តើអ្នកអាចគិតអំពីអ្វីថែមទៀត កាលដែលអ្នកត្រៀមខ្លួនចូលរួមពិធីរំលឹកឆ្នាំនេះ? (សូមមើលរូបភាពផងដែរ)
១៦ តើការផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះមានអត្ថន័យយ៉ាងណាចំពោះអ្នក? សូមគិតអំពីនេះ អ្នកប្រហែលជាហៅព្រះយេហូវ៉ាថា«បិតា»ដូចលោកយេស៊ូបានបង្គាប់។ (ម៉ាថ. ៦:៩) ជួនកាល អ្នកក៏ប្រហែលជាហៅព្រះយេហូវ៉ាថាជាមិត្តសម្លាញ់របស់អ្នកដែរ។ ពេលយើងហៅព្រះយេហូវ៉ាថាបិតាឬមិត្តសម្លាញ់ យើងគួរប្រើពាក្យដូចនោះដោយបង្ហាញចិត្តរាបទាបនិងការគោរពយ៉ាងជ្រាលជ្រៅ។ ហេតុអ្វី? ពីព្រោះយើងមានភាពខុសឆ្គង ហើយយើងមិនអាចចូលទៅជិតព្រះយេហូវ៉ាដោយខ្លួនយើងបានទេ។ គឺដោយសារតែថ្លៃលោះ ទើបយើងអាចមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាបាន។ តាមរយៈលោកយេស៊ូ ព្រះយេហូវ៉ាអាច«ផ្សះផ្សាអ្វីៗឯទៀតទាំងអស់ឲ្យជានឹងលោកឡើងវិញ . . . ដោយធ្វើឲ្យមានសន្តិភាពតាមរយៈឈាមរបស់គ្រិស្តដែលបានត្រូវបង្ហូរលើបង្គោលទារុណកម្ម»។ (កូឡ. ១:១៩, ២០) ហេតុនេះហើយយើងអាចមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា សូម្បីតែឥឡូវយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ។
មានតែការស្លាប់របស់លោកយេស៊ូដែលបើកឱកាសឲ្យមនុស្សមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា (សូមមើលវគ្គ១៦)
ថ្លៃលោះបង្ហាញអំពីសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា
១៧. តើថ្លៃលោះបង្ហាញអំពីសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ាតាមរបៀបណា? (អេភេសូរ ២:៤, ៥)
១៧ ថ្លៃលោះបញ្ជាក់ថា ព្រះយេហូវ៉ា«មានសេចក្ដីមេត្តាករុណាដ៏បរិបូរ»។ លោក«បានធ្វើឲ្យយើងមានជីវិត . . . ទោះជាយើងបានស្លាប់ដោយសារកំហុសរបស់យើងក៏ដោយ»។ (សូមអាន អេភេសូរ ២:៤, ៥) ពួកអ្នក«ដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»ហាក់ដូចជាស្រែកសុំជំនួយដោយទទួលស្គាល់ថា ពួកគេជាប់ក្នុងគំនរបាក់បែកនៃភាពខុសឆ្គង ហើយត្រូវការការសង្គ្រោះ។ (សកម្ម. ១៣:៤៨) ព្រះយេហូវ៉ាតបឆ្លើយការស្រែកសុំជំនួយរបស់ពួកគេ ដោយជួយពួកគេឲ្យឮអំពីដំណឹងល្អអំពីរាជាណាចក្ររបស់លោក ដើម្បីឲ្យពួកគេអាចស្គាល់លោកនិងលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក។ (យ៉ូន. ១៧:៣) បើសាថានបានគិតថាវាបានបង្ខូចគោលបំណងរបស់ព្រះយេហូវ៉ាដោយធ្វើឲ្យអាដាមនិងអេវ៉ាលែងស្ដាប់បង្គាប់លោក នោះវាគិតខុសហើយ។
១៨. កាលដែលយើងរំពឹងគិតទៅលើថ្លៃលោះ តើយើងគួរចាំអំពីអ្វី?
១៨ កាលដែលយើងរំពឹងគិតអំពីប្រយោជន៍ដែលយើងផ្ទាល់ទទួលពីថ្លៃលោះ យើងត្រូវចាំអំពីមូលហេតុចម្បងដែលព្រះយេហូវ៉ាផ្ដល់ថ្លៃលោះ។ ជាជាងចាត់ទុកថ្លៃលោះថាផ្ដល់ប្រយោជន៍ដល់យើងប៉ុណ្ណោះ យើងគួរចាំថានោះជារបៀបដែលព្រះយេហូវ៉ាប្រើដើម្បីតបឆ្លើយនឹងការចោទប្រកាន់របស់សាថាននៅសួនអេដែន។ (ដក. ៣:១-៥, ១៥) តាមរយៈថ្លៃលោះ ព្រះយេហូវ៉ាធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ ដោយជម្រះនាមរបស់លោកពីការតិះដៀលទាំងអស់។ លោកក៏រំដោះយើងឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់ដែរ ហើយនេះបង្ហាញថាលោកជាព្រះនៃសេចក្ដីស្រឡាញ់។ ម្យ៉ាងទៀត ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា លោកអនុញ្ញាតឲ្យយើងដែលជាមនុស្សមានភាពខុសឆ្គងរួមចំណែកក្នុងការតបឆ្លើយការចោទប្រកាន់របស់សាថាន។ (សុភ. ២៧:១១) តើអ្នកអាចបង្ហាញចិត្តកតញ្ញូចំពោះថ្លៃលោះយ៉ាងដូចម្ដេច? យើងនឹងពិចារណាចម្លើយចំពោះសំណួរនេះនៅក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ១៩ អាហារល្ងាចរបស់លោកម្ចាស់
a ការពន្យល់ពាក្យ៖ ថ្លៃលោះជាថ្លៃដែលបង់ដើម្បីដោះលែងពីការឃុំខ្លួន។ ការស្លាប់របស់លោកយេស៊ូគឺជាថ្លៃលោះ ដោយសារនោះរំដោះមនុស្សជាតិដែលស្ដាប់បង្គាប់ឲ្យរួចពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។