ថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦
ចម្រៀងលេខ១៨ ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ
តើអ្នកនឹងបង្ហាញអំណរគុណចំពោះថ្លៃលោះតាមរបៀបណា?
«សេចក្ដីស្រឡាញ់របស់គ្រិស្តជំរុញចិត្តយើង»។—២កូ. ៥:១៤
ចំណុចផ្ដោត
របៀបដែលយើងទាំងអស់គ្នាអាចបង្ហាញថា យើងមានចិត្តកតញ្ញូចំពោះថ្លៃលោះ។
១-២. តើគ្រឿងបូជាលោះរបស់លោកយេស៊ូគួរជំរុញចិត្តយើងឲ្យធ្វើអ្វី ហើយហេតុអ្វី? (កូរិនថូសទី២ ៥:១៤, ១៥) (សូមមើលរូបភាពផងដែរ)
បើអ្នកបានជាប់ក្នុងគំនរនៃអគារដែលបានបាក់រលំ ហើយមាននរណាម្នាក់បានជួយសង្គ្រោះអ្នក តើអ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះបុគ្គលនោះ? ទោះជាមានអ្នកឯទៀតបានត្រូវសង្គ្រោះជាមួយនឹងអ្នកក៏ដោយ អ្នកទំនងជាចង់បង្ហាញអំណរគុណផ្ទាល់ចំពោះបុគ្គលដែលបានសង្គ្រោះអ្នកដើម្បីបង្ហាញថា អ្នកមិនចាត់ទុករឿងនេះជារឿងធម្មតានោះទេ។
២ ដូចអត្ថបទមុនបានពន្យល់ យើងមិនអាចសង្គ្រោះខ្លួនយើងពីឥទ្ធិពលនៃភាពខុសឆ្គងដែលយើងបានឆ្លងឡើយ។ ទោះជាយ៉ាងនោះក៏ដោយ គ្រឿងបូជាលោះរបស់លោកយេស៊ូអាចសង្គ្រោះយើងដោយបើកឱកាសឲ្យយើង (១) ទទួលការអភ័យទោសចំពោះការខុសឆ្គងដែលយើងបានប្រព្រឹត្ត (២) មានសេចក្ដីសង្ឃឹមទៅជាមនុស្សល្អឥតខ្ចោះនៅថ្ងៃអនាគត និង(៣) មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។ ជាលទ្ធផល យើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា។ ពិតណាស់ ថ្លៃលោះបង្ហាញអំពីសេចក្ដីស្រឡាញ់របស់លោកយេស៊ូចំពោះមនុស្សជាតិ គឺជាសេចក្ដីស្រឡាញ់ដែលលោកមានយូរមុនដែលលោកកើតជាមនុស្សល្អឥតខ្ចោះទៅទៀត។ (សុភ. ៨:៣០, ៣១) សាវ័កប៉ូលបានសរសេរថា៖ «សេចក្ដីស្រឡាញ់របស់គ្រិស្តជំរុញចិត្តយើង»។ (សូមអាន កូរិនថូសទី២ ៥:១៤, ១៥) នេះមានន័យថា សេចក្ដីស្រឡាញ់របស់លោកយេស៊ូគួរជំរុញចិត្តយើងឲ្យធ្វើអ្វីមួយដើម្បីបង្ហាញថា យើងឲ្យតម្លៃចំពោះការលះបង់របស់លោក។
មិនថាយើងបានត្រូវសង្គ្រោះពីគំនរបាក់បែកនៃអគារឬពីភាពខុសឆ្គងរបស់យើងក្ដី យើងមានចិត្តកតញ្ញូចំពោះបុគ្គលដែលសង្គ្រោះយើង (សូមមើលវគ្គ១-២)
៣. ហេតុអ្វីការបង្ហាញចិត្តកតញ្ញូរបស់យើងម្នាក់ៗចំពោះថ្លៃលោះប្រហែលជាខុសគ្នា?
៣ តើអ្នកនឹងធ្វើអ្វីដើម្បីបង្ហាញចិត្តកតញ្ញូចំពោះថ្លៃលោះ? ចម្លើយរបស់បុគ្គលម្នាក់ប្រហែលជាខុសពីចម្លើយរបស់បុគ្គលម្នាក់ទៀត។ ដើម្បីយល់អំពីមូលហេតុ សូមស្រមៃថា មានមនុស្សបីនាក់ចេញដំណើរពីក្រុងផ្សេងៗឆ្ពោះទៅគោលដៅដូចគ្នា។ ពួកគេធ្វើដំណើរទៅទីដៅនោះតាមផ្លូវខុសៗគ្នា។ ចុះយ៉ាងណាអ្នកវិញ តើអ្វីជាទីដៅឬគោលដៅរបស់អ្នក? គឺបង្ហាញចិត្តកតញ្ញូចំពោះថ្លៃលោះ។ ផ្លូវឬរបៀបដែលយើងបង្ហាញចិត្តកតញ្ញូចំពោះថ្លៃលោះ គឺអាស្រ័យទៅលើចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ានៅឥឡូវ។ ដោយគិតអំពីចំណុចនោះ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមនុស្សបីក្រុម៖ (១) សិស្សគម្ពីរ (២) គ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹករួចហើយ និង(៣) ចៀមដែលបានវង្វេងបាត់ពីហ្វូង។
សិស្សគម្ពីរ
៤. តើព្រះយេហូវ៉ាកត់សម្គាល់អ្វីអំពីបុគ្គលដែលកំពុងសិក្សាគម្ពីរ?
៤ បើអ្នកកំពុងសិក្សាគម្ពីរ សូមគិតពិចារណាអំពីចំណុចនេះ៖ ប្រតិកម្មរបស់អ្នកចំពោះដំណឹងល្អបង្ហាញថា អ្នកជាបុគ្គលម្នាក់នៅក្នុងចំណោមបុគ្គលឯទៀតដែលព្រះយេហូវ៉ាបានទាញនាំឲ្យមានចំណងមិត្តភាពជាមួយនឹងលោក។ (យ៉ូន. ៦:៤៤; សកម្ម. ១៣:៤៨) «ព្រះយេហូវ៉ាជាអ្នកពិនិត្យមើលចិត្ត»។ នេះមានន័យថា ព្រះយេហូវ៉ាកត់សម្គាល់ការខំប្រឹងរបស់អ្នកក្នុងការរៀនអំពីលោក ហើយលោកត្រេកអរដែលឃើញអ្នករីកចម្រើនដោយធ្វើការផ្លាស់ប្ដូរក្នុងជីវិតដើម្បីរស់នៅស្របតាមខ្នាតតម្រារបស់លោក។ (សុភ. ១៧:៣; ២៧:១១) ថ្លៃលោះបើកឱកាសឲ្យអ្នកមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ (រ៉ូម ៥:១០, ១១) ដូច្នេះ សូមកុំចាត់ទុកថ្លៃលោះថាជាអ្វីដែលធម្មតាឡើយ។
៥. តើសិស្សគម្ពីរអាចធ្វើតាមការណែនាំនៅភីលីព ៣:១៦យ៉ាងដូចម្ដេច?
៥ បើអ្នកជាសិស្សគម្ពីរ តើតាមរបៀបណាអ្នកអាចបង្ហាញថាអ្នកឲ្យតម្លៃចំពោះថ្លៃលោះ? របៀបមួយដែលអ្នកអាចធ្វើដូច្នោះ គឺដោយធ្វើតាមយោបល់ដែលសាវ័កប៉ូលប្រាប់គ្រិស្តសាសនិកនៅក្រុងភីលីពដែលថា៖ «អ្វីដែលយើងបានធ្វើដើម្បីឲ្យជឿនទៅមុខដល់កម្រិតនេះ ចូរយើងបន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត»។ (ភី. ៣:១៦) ស្របទៅតាមយោបល់នេះ អ្នកមិនត្រូវឲ្យអ្វីណាក៏ដោយរារាំងអ្នកពីការដើរលើផ្លូវទៅឯជីវិតឡើយ។—ម៉ាថ. ៧:១៤; លូក. ៩:៦២
៦. តើសិស្សគម្ពីរអាចធ្វើអ្វីបើពួកគេពិបាកធ្វើការកែប្រែ? (ការបំភ្លឺច្បាប់ ៣០:១១-១៤) (សូមមើលរូបភាពផងដែរ)
៦ ចុះយ៉ាងណាបើអ្នកពិបាកទទួលយកសេចក្ដីបង្រៀនណាមួយក្នុងគម្ពីរដែលអ្នកបានរៀននៅថ្មីៗនេះ? សូមស្រាវជ្រាវអំពីសេចក្ដីបង្រៀននោះ ហើយអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យយល់អំពីសេចក្ដីបង្រៀននោះច្បាស់ជាង។ (ចសព. ៨៦:១១) បើអ្នកនៅតែពិបាកយល់សេចក្ដីបង្រៀននោះ សូមទុកចំណុចនោះមួយឡែកសិន តែសូមកុំឈប់សិក្សាគម្ពីរឡើយ។ ចុះយ៉ាងណាបើអ្នកពិបាកលះចោលការប្រព្រឹត្តដែលគម្ពីរផ្ដន្ទាទោស? សូមចាំថាព្រះយេហូវ៉ាមិនតម្រូវហួសហេតុពេកពីមនុស្សមិនល្អឥតខ្ចោះទេ។ អ្នកអាចរស់នៅស្របតាមខ្នាតតម្រារបស់លោកបាន។ (សូមអាន ការបំភ្លឺច្បាប់ ៣០:១១-១៤) ម្យ៉ាងទៀត ព្រះយេហូវ៉ាសន្យាថានឹងជួយអ្នក។ (អេ. ៤១:១០, ១៣; ១កូ. ១០:១៣) ដូច្នេះ សូមកុំឈប់ព្យាយាមឡើយ។ ជាជាងចេះតែផ្ដោតអារម្មណ៍ទៅលើបញ្ហាដែលអ្នកកំពុងជួប សូមគិតអំពីអ្វីល្អទាំងអស់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យអ្នក ជាពិសេសថ្លៃលោះ។ កាលដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាកាន់តែកើនឡើង នោះអ្នកនឹងឃើញថា«បញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ»។—១យ៉ូន. ៥:៣a
ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើងទេ។ លោកនឹងជួយយើងឲ្យរស់នៅស្របតាមខ្នាតតម្រារបស់លោក (សូមមើលវគ្គ៦)
៧. តើប្អូនៗវ័យក្មេងដែលធំឡើងក្នុងសេចក្ដីពិតអាចរំពឹងគិតអំពីអ្វី?
៧ ចុះយ៉ាងណាបើអ្នកជាបងប្អូនវ័យក្មេងដែលបានធំឡើងក្នុងសេចក្ដីពិត? ប្អូនក៏ជាសិស្សគម្ពីរដែរ។ តាមពិត ប្អូនគឺជាសិស្សគម្ពីរដ៏សំខាន់បំផុតរបស់ឪពុកម្ដាយប្អូន។ គម្ពីរចែងថា៖ «ចូរចូលទៅជិតព្រះ នោះលោកនឹងចូលមកជិតអ្នក»។ (យ៉ា. ៤:៨; ១ប្រ. ២៨:៩) ពេលប្អូនចាត់វិធានការចូលទៅជិតព្រះយេហូវ៉ា នោះលោកក៏ចូលមកជិតប្អូនដែរ។ លោកទាញនាំបុគ្គលម្នាក់ៗឲ្យមកឯលោក រួមទាំងបុគ្គលដែលធំឡើងក្នុងសេចក្ដីពិតដែរ។ តើអ្វីបើកឱកាសឲ្យប្អូនមានចំណងមិត្តភាពផ្ទាល់ជាមួយនឹងព្រះយេហូវ៉ា? គឺថ្លៃលោះ ជាអ្វីដែលប្អូនមិនគួរចាត់ទុកថាធម្មតាឡើយ។ (រ៉ូម ៥:១, ២) ដូច្នេះ មុនប្អូនចូលរួមពិធីរំលឹកឆ្នាំនេះ សូមរំពឹងគិតថា តើការស្លាប់របស់លោកយេស៊ូមានន័យយ៉ាងណាចំពោះប្អូន? សូមឲ្យអ្វីដែលប្អូនរំពឹងគិតនោះ ជំរុញចិត្តប្អូនឲ្យខំសម្រេចគោលដៅណាក៏ដោយដែលប្អូនមានក្នុងកិច្ចបម្រើព្រះ ដើម្បីបង្ហាញថាប្អូនមានចិត្តកតញ្ញូចំពោះថ្លៃលោះដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យតាមរយៈបុត្ររបស់លោក។b
គ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹករួចហើយ
៨. តើគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹករួចហើយបានបង្ហាញជំនឿយ៉ាងណាទៅលើថ្លៃលោះ?
៨ បើអ្នកជាគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹករួចហើយ នេះមានន័យថា អ្នកបានបង្ហាញជំនឿទៅលើថ្លៃលោះតាមរបៀបផ្សេងៗជាច្រើន។ ជាឧទាហរណ៍ អ្នកបានចាត់វិធានការចូលទៅជិតព្រះយេហូវ៉ា ហើយធ្វើតាមខ្នាតតម្រារបស់លោក។ អ្នកបានធ្វើតាមបង្គាប់លោកយេស៊ូដែលឲ្យបង្រៀនអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាមលោក ដោយប្រាប់ពួកគេអំពីជំនឿរបស់អ្នក។ អ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹក។ តើអ្នកប្រឈមមុខនឹងការបៀតបៀនដោយសារអ្នកបម្រើព្រះយេហូវ៉ាឬទេ? (២ធី. ៣:១២) ការស៊ូទ្រាំដ៏ស្មោះត្រង់របស់អ្នកបង្ហាញថា អ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងមានចិត្តកតញ្ញូតចំពោះថ្លៃលោះដែលលោកបានផ្ដល់ឲ្យអ្នកតាមរយៈបុត្ររបស់លោក។—ហេ. ១២:២, ៣
៩. តើគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹករួចហើយគួរប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់អ្វី?
៩ ក្នុងនាមជាគ្រិស្តសាសនិក យើងត្រូវប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់មួយ។ យូរៗទៅ យើងអាចចាត់ទុកថ្លៃលោះថាជាអ្វីដែលធម្មតា។ តើរឿងនេះអាចកើតឡើងយ៉ាងដូចម្ដេច? សូមពិចារណាអំពីគ្រិស្តសាសនិកនៅក្រុងអេភេសូរនាសតវត្សរ៍ទី១។ លោកយេស៊ូបានសរសើរចំពោះការស៊ូទ្រាំរបស់ពួកគេ។ ទោះជាយ៉ាងនោះក៏ដោយ លោកបានប្រាប់ពួកគេថា៖ «ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយ គឺអ្នកបានបាត់បង់សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង»។ (បប. ២:៣, ៤) ដូចលោកយេស៊ូបានមានប្រសាសន៍ គ្រិស្តសាសនិកម្នាក់អាចគោរពប្រណិប័តន៍ព្រះគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។ បុគ្គលបែបនោះប្រហែលជាអធិដ្ឋាន ចូលរួមកិច្ចប្រជុំ និងចូលរួមក្នុងកិច្ចបម្រើផ្សាយ តែគាត់ធ្វើដូច្នោះមិនមែនផុសចេញពីចិត្តរបស់គាត់ទេ។ គាត់លែងឲ្យសេចក្ដីស្រឡាញ់ជំរុញចិត្តគាត់ទៀត។ តើអ្នកអាចធ្វើអ្វីបើអ្នកមានអារម្មណ៍ថាសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាមិនខ្លាំងដូចដែលអ្នកធ្លាប់មានពីមុន?
១០. តើអ្នកអាច«រំពឹងគិត»និង«ជក់ចិត្តគំនិត»នឹងកិច្ចបម្រើរបស់អ្នកជាគ្រិស្តសាសនិកយ៉ាងដូចម្ដេច? (ធីម៉ូថេទី១ ៤:១៣, ១៥)
១០ សាវ័កប៉ូលប្រាប់ធីម៉ូថេឲ្យ«រំពឹងគិត»និង«ជក់ចិត្តគំនិត»នឹងកិច្ចបម្រើរបស់គាត់ជាគ្រិស្តសាសនិក។ (សូមអាន ធីម៉ូថេទី១ ៤:១៣, ១៥) ដូចយោបល់ដែលប៉ូលឲ្យធីម៉ូថេ សូមគិតអំពីអ្វីផ្សេងៗដែលអ្នកអាចធ្វើដើម្បីឲ្យអ្នកមានចិត្តខ្នះខ្នែងកាន់តែខ្លាំងក្នុងការគោរពប្រណិប័តន៍ព្រះ ដើម្បីអ្នកអាចបន្ត«មានចិត្តពុះកញ្ជ្រោលដោយឫទ្ធានុភាពរបស់ព្រះ»។ (រ៉ូម ១២:១១) ជាឧទាហរណ៍ អ្នកប្រហែលជាអាចលៃទុកពេលច្រើនជាងដើម្បីរៀបចំកិច្ចប្រជុំ។ នេះនឹងជួយអ្នកឲ្យស្រួលផ្ចង់អារម្មណ៍ជាងក្នុងអំឡុងកិច្ចប្រជុំ។ ឬពេលអ្នកសិក្សាផ្ទាល់ខ្លួន អ្នកប្រហែលជាអាចទៅកន្លែងដែលស្រួលឲ្យអ្នកផ្ចង់អារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងរៀន។ នេះនឹងជួយអ្នកឲ្យទទួលប្រយោជន៍ច្រើនជាងពីការសិក្សាផ្ទាល់ខ្លួន។ ដូចអ្នកត្រូវបន្ថែមអុសចូលទៅក្នុងភ្នក់ភ្លើងដើម្បីឲ្យភ្លើងបន្តឆេះ អ្នកក៏ត្រូវធ្វើអ្វីៗស្រដៀងនឹងនេះដើម្បីអ្នកអាចរក្សាចិត្តកតញ្ញូចំពោះអ្វីទាំងអស់ដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នក រួមទាំងថ្លៃលោះដែរ។ បន្ថែមទៅទៀត ក្នុងប៉ុន្មានសប្ដាហ៍មុនពិធីរំលឹក សូមលៃទុកពេលដើម្បីរំពឹងគិតអំពីពរផ្សេងៗដែលយើងទទួលក្នុងនាមជាសាក្សីព្រះយេហូវ៉ា។ នេះច្បាស់ជានឹងជួយអ្នកឲ្យមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះថ្លៃលោះ ដែលជាមូលហេតុដែលអ្នកអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។
១១-១២. បើជួនកាលអ្នកមានអារម្មណ៍ថាអ្នកលែងសូវខ្នះខ្នែង តើនេះមានន័យថាព្រះលែងឲ្យឫទ្ធានុភាពរបស់លោកមកលើអ្នកឬ? សូមពន្យល់។ (សូមមើលរូបភាពផងដែរ)
១១ បើអស់មួយរយៈពេលអ្នកមានអារម្មណ៍ថាអ្នកមិនសូវខ្នះខ្នែងក្នុងការគោរពប្រណិប័តន៍ពិតដូចដែលចិត្តចង់ សូមកុំធ្លាក់ទឹកចិត្តឬកុំសន្និដ្ឋានថាអ្នកបានបាត់បង់ឫទ្ធានុភាពពីព្រះឡើយ។ សូមចាំអំពីអ្វីដែលសាវ័កប៉ូលបានសរសេរទៅក្រុមជំនុំនៅក្រុងកូរិនថូសអំពីកិច្ចបម្រើរបស់គាត់ថា៖ «ប្រសិនបើខ្ញុំធ្វើដោយមិនស្ម័គ្រពីចិត្ត ខ្ញុំនៅតែត្រូវបំពេញភារកិច្ចនេះដែលព្រះបានផ្ញើនឹងខ្ញុំ»។ (១កូ. ៩:១៧) តើពាក្យរបស់គាត់មានន័យយ៉ាងណា?
១២ ពេលខ្លះ ប៉ូលមិនមានបំណងចិត្តចង់ផ្សព្វផ្សាយទេ។ ប៉ុន្តែ គាត់តាំងចិត្តបន្ដផ្សព្វផ្សាយទោះជាគាត់មានអារម្មណ៍យ៉ាងណានៅពេលនោះក៏ដោយ។ អ្នកក៏អាចតាំងចិត្តដូចគាត់ដែរ។ សូមតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ ទោះជាមិនមានបំណងចិត្តធ្វើបែបនោះក៏ដោយ។ ដូច្នេះ សូមអធិដ្ឋានឲ្យមាន«បំណងប្រាថ្នានិងមានការប្រព្រឹត្ត»។ (ភី. ២:១៣) សូមបន្តធ្វើអ្វីដែលជួយអ្នកឲ្យនៅជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ សូមមានទំនុកចិត្តថា បន្តិចម្ដងៗការប្រព្រឹត្តរបស់អ្នកនឹងមានឥទ្ធិពលលើអារម្មណ៍របស់អ្នក ហើយសេចក្ដីស្រឡាញ់ដែលអ្នកមានក្នុងចិត្តនឹងពុះកញ្ជ្រោលឡើងវិញ។
សូមបន្តធ្វើអ្វីដែលជួយអ្នកឲ្យនៅជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ទោះជាអ្នកមិនមានចិត្តចង់ធ្វើអ្វីនោះអស់មួយរយៈពេលក៏ដោយ (សូមមើលវគ្គ១១-១២)
១៣. តើយើងអាចពិនិត្យពិចារណាអំពីខ្លួនឥតឈប់ដើម្បីឲ្យដឹងថាយើង«កំពុងកាន់ខ្ជាប់តាមជំនឿ»យ៉ាងដូចម្ដេច?
១៣ ម្ដងម្កាល ជាការល្អឲ្យយើងពិនិត្យពិចារណាអំពីខ្លួនស្របតាមអ្វីដែលបានចែងនៅកូរិនថូសទី២ ១៣:៥ដែលថា៖ «ចូរពិនិត្យពិចារណាអំពីខ្លួនឥតឈប់ ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់តាមជំនឿឬយ៉ាងណា។ ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា»។ យើងអាចសួរខ្លួននូវសំណួរដូចជា៖ ‹តើខ្ញុំចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំឬទេ?›។ (ម៉ាថ. ៦:៣៣) ‹តើខ្ញុំជ្រើសរើសការកម្សាន្តដែលបង្ហាញថាខ្ញុំស្អប់អ្វីដែលអាក្រក់ឬទេ?›។ (ចសព. ៩៧:១០) ‹តើខ្ញុំធ្វើឲ្យមានសាមគ្គីភាពនិងសន្តិភាពជាមួយនឹងបងប្អូនរួមជំនឿឬទេ?›។ (អេភ. ៤:២, ៣) ពិធីរំលឹកគឺជាពេលដ៏ល្អឲ្យយើងគិតអំពីអ្វីទាំងនេះ។ ពេលយើងគិតអំពីអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់យើង យើងនឹងចង់បង្ហាញចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា ហើយបង្ហាញថាយើងរស់នៅដើម្បីគ្រិស្ត មិនមែនរស់នៅដើម្បីខ្លួនយើងទេ។c
ចៀមដែលវង្វេងបាត់
១៤. ហេតុអ្វីបងប្អូនខ្លះឈប់ចូលរួមកិច្ចប្រជុំ?
១៤ បងប្អូនរួមជំនឿខ្លះបានឈប់ចូលរួមកិច្ចប្រជុំក្រោយពីពួកគេបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនខែឬជាច្រើនឆ្នាំ។ ហេតុអ្វី? ពួកគេខ្លះតានតឹងចិត្តយ៉ាងខ្លាំងដោយសារ«កង្វល់អំពីជីវិត»។ (លូក. ២១:៣៤) បងប្អូនខ្លះទៀតបានជំពប់ដួលដោយសារពាក្យសម្ដីឬការប្រព្រឹត្តរបស់បងប្អូនរួមជំនឿ។ (យ៉ា. ៣:២) រីឯបងប្អូនខ្លះទៀត ពួកគេបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយខ្មាសក្នុងការសុំជំនួយ។ មិនថាមូលហេតុណាក៏ដោយ តើអ្នកអាចធ្វើអ្វីបើអ្នកបានវង្វេងបាត់ពីក្រុមជំនុំ? តើថ្លៃលោះ ហើយសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងលោកយេស៊ូមានចំពោះអ្នកជំរុញចិត្តអ្នកឲ្យធ្វើអ្វី?
១៥. តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថាលោកយកចិត្តទុកដាក់ចំពោះចៀមដែលវង្វេងបាត់? (អេសេគាល ៣៤:១១, ១២, ១៦)
១៥ សូមគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះពួកអ្នកដែលវង្វេងបាត់។ លោកមិនខឹងនិងមិនភ្លេចពួកគេទេ។ ផ្ទុយទៅវិញ លោកស្វែងរកចៀមដែលវង្វេងបាត់។ លោកឲ្យចំណី ហើយជួយពួកគេឲ្យត្រឡប់មកលោកវិញ។ (សូមអាន អេសេគាល ៣៤:១១, ១២, ១៦) តើព្រះយេហូវ៉ាកំពុងធ្វើដូច្នោះចំពោះអ្នកឬទេ? លោកកំពុងធ្វើមែន! ដោយសារអ្នកកំពុងអានអត្ថបទនេះ នោះបង្ហាញថាអ្នកនៅតែចង់ធ្វើឲ្យលោកពេញចិត្ត។ ដូចដែលព្រះយេហូវ៉ាឃើញចិត្តរបស់អ្នកនិងទាញនាំអ្នកឲ្យចូលមកក្នុងសេចក្ដីពិតនៅដើមដំបូង នោះតើលោកកំពុងទាញនាំអ្នកឲ្យត្រឡប់មកសេចក្ដីពិតវិញឬទេ?
១៦. តើអ្វីអាចជួយចៀមដែលវង្វេងបាត់ឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ? (សូមមើលរូបភាពផងដែរ)
១៦ សៀវភៅស្ដើងសូមត្រឡប់មកព្រះយេហូវ៉ាវិញមានពាក្យដែលលើកទឹកចិត្តដែលថា៖ «សូមមានទំនុកចិត្តថាព្រះយេហូវ៉ានឹងជួយអ្នក កាលដែលអ្នកត្រឡប់មកលោកវិញ។ លោកនឹងជួយអ្នកយកឈ្នះអារម្មណ៍មិនល្អដែលមកពីការខ្វល់ចិត្តនិងការឈឺចិត្ត។ លោកក៏នឹងផ្ដល់ឲ្យអ្នកនូវសេចក្ដីសុខសាន្តក្នុងចិត្តនិងគំនិតដែលមកពីការមានសមត្ថភាពវិនិច្ឆ័យមិនផ្ដន្ទាទោស។ ក្រោយមក ចិត្តអ្នកប្រហែលជាជំរុញអ្នកឲ្យចង់បម្រើព្រះយេហូវ៉ាម្ដងទៀតជាមួយនឹងបងប្អូនរួមជំនឿ»។ សូមចាំដែរថា អ្នកចាស់ទុំចង់ជួយអ្នក។ ពួកគេអាច«ប្រៀបដូចជាទីបាំងពីខ្យល់ និងជាទីជ្រកពីព្យុះភ្លៀង»។ (អេ. ៣២:២) យើងដឹងថាអ្នកឲ្យតម្លៃចំពោះថ្លៃលោះ ហើយចង់បង្ហាញព្រះយេហូវ៉ាថាអ្នកមានអារម្មណ៍នោះ។ ដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចធ្វើអ្វីខ្លះនៅឥឡូវនេះដើម្បី«សម្រុះសម្រួល»ជាមួយនឹងព្រះយេហូវ៉ា?›។ (អេ. ១:១៨; ១ពេ. ២:២៥) ជាឧទាហរណ៍ តើអ្នកអាចចូលរួមកិច្ចប្រជុំនៅឯសាលប្រជុំឬទេ? តើអ្នកអាចនិយាយជាមួយនឹងអ្នកចាស់ទុំណាម្នាក់ ហើយសុំជំនួយដើម្បីអ្នកអាចត្រឡប់មកព្រះយេហូវ៉ាវិញឬទេ? អ្នកចាស់ទុំប្រហែលជារៀបចំឲ្យអ្នកសិក្សាគម្ពីរជាមួយនឹងបងប្អូនណាម្នាក់អស់មួយរយៈ។ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរអ្នកចំពោះអ្វីទាំងអស់ដែលអ្នកធ្វើដើម្បីត្រឡប់មកលោកវិញ និងដើម្បីបង្ហាញចិត្តកតញ្ញូចំពោះថ្លៃលោះ។
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចធ្វើអ្វីខ្លះនៅឥឡូវនេះដើម្បី«សម្រុះសម្រួល»ជាមួយនឹងព្រះយេហូវ៉ា›? (សូមមើលវគ្គ១៦)
តើអ្នកនឹងធ្វើអ្វី?
១៧-១៨. តើតាមរបៀបណាយើងអាចប្រើពេលវេលាយ៉ាងឈ្លាសវៃមុនពិធីរំលឹកឆ្នាំនេះ?
១៧ លោកយេស៊ូបានមានប្រសាសន៍ថា ថ្លៃលោះបានត្រូវផ្ដល់ឲ្យ«ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើ[លោក] អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូន. ៣:១៦) ដោយសារលោកយេស៊ូបានស្លាប់សម្រាប់យើង នោះព្រះយេហូវ៉ាអាចរំដោះយើងឲ្យរួចពីការខុសឆ្គងនិងសេចក្ដីស្លាប់។ យើងម្នាក់ៗមិនគួរចាត់ទុកថ្លៃលោះថាជាអ្វីដែលធម្មតាទេ។ (រ៉ូម ៣:២៣, ២៤; ២កូ. ៦:១) ក្នុងប៉ុន្មានថ្ងៃមុនពិធីរំលឹក សូមលៃទុកពេលដើម្បីគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងលោកយេស៊ូបានបង្ហាញចំពោះយើង។ សេចក្ដីស្រឡាញ់នេះគួរជំរុញចិត្តយើងឲ្យបង្ហាញចិត្តកតញ្ញូចំពោះលោកទាំងពីរ។
១៨ តើអ្នកនឹងបង្ហាញចិត្តកតញ្ញូរបស់អ្នកយ៉ាងដូចម្ដេច? ចម្លើយរបស់អ្នកនឹងខុសគ្នាពីចម្លើយរបស់បុគ្គលម្នាក់ទៀត។ ប៉ុន្តែ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរលើការខំព្យាយាមរបស់អ្នកនិងការខំព្យាយាមរបស់បងប្អូនជាច្រើននាក់នៅទូទាំងពិភពលោក ដែល«រស់ដើម្បីលោកដែលបានស្លាប់ជំនួសពួកគេ . . . មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។—២កូ. ៥:១៥
ចម្រៀងលេខ១៤ ចូរសរសើរស្ដេចថ្មីដែលគ្រប់គ្រងផែនដី
a ដើម្បីជួយអ្នកឲ្យរីកចម្រើនក្នុងការសិក្សាគម្ពីរ សូមពិចារណាប្រអប់«គោលដៅ»ដែលមាននៅចុងបញ្ចប់នៃមេរៀននីមួយៗក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!
b ដើម្បីទទួលយោបល់អំពីរបៀបដែលអ្នកអាចរីកចម្រើនក្នុងកិច្ចបម្រើព្រះ សូមមើលអត្ថបទដែលមានចំណងជើងថា«ប្អូនៗវ័យក្មេង ‹សូមបន្តធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច›» ក្នុងទស្សនាវដ្ដីប៉មយាម ខែធ្នូ ឆ្នាំ២០១៧។
c ដើម្បីទទួលយោបល់អំពីរបៀបដែលអ្នកអាចបន្តបង្ហាញអំណរគុណចំពោះព្រះយេហូវ៉ា សូមមើលអត្ថបទដែលមានចំណងជើងថា«តើអ្វីដែលជម្រុញទឹកចិត្តអ្នកឲ្យបំរើព្រះនោះ?» នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៥។