បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 មករា ទំ. ៨-១៣
  • អ្នក​អាច​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន​បាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នក​អាច​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន​បាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្វី​បាន​នាំ​ឲ្យ​ប៉ូល​មាន​អារម្មណ៍​អវិជ្ជមាន?
  • តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន?
  • របៀប​ដែល​យើង​អាច​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន
  • ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត​ទាំង​មាន​ទំនុក​ចិត្ត
  • របៀបកាន់តែមានអំណរក្នុងកិច្ចបម្រើផ្សាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ព្រះ​យេហូវ៉ា​«​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​»​
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • សូម​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ
    ២០២៥-២០២៦ កម្មវិធីសន្និបាតប្រចាំមណ្ឌល ជាមួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌល
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 មករា ទំ. ៨-១៣

ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២៦

ចម្រៀង​លេខ​៤៥ ការ​រំពឹង​គិត​ក្នុង​ចិត្ត

អ្នក​អាច​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន​បាន

​«​ពិបាក​ចិត្ត​ណាស់​ខ្ញុំ!​»។—រ៉ូម ៧:២៤

ចំណុច​ផ្ដោត

របៀប​យក​ឈ្នះ​អារម្មណ៍​និង​គំនិត​អវិជ្ជមាន។

១​-​២. ជួន​កាល តើ​សាវ័ក​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​ហេតុ​អ្វី​យើង​អាច​យល់​អារម្មណ៍​របស់​គាត់? (​រ៉ូម ៧:២១​-​២៤​)

ពេល​គិត​អំពី​សាវ័ក​ប៉ូល តើ​អ្នក​នឹក​ឃើញ​អ្វី​អំពី​គាត់? តើ​អ្នក​នឹក​ឃើញ​ថា​គាត់​ជា​សាសនទូត​ដ៏​មាន​ចិត្ត​ក្លាហាន អ្នក​បង្រៀន​ដ៏​ប៉ិន​ប្រសប់ ឬ​អ្នក​សរសេរ​សៀវភៅ​ច្រើន​ក្នុង​គម្ពីរ​ឬ​ទេ? ការ​រៀប​រាប់​ទាំង​អស់​នេះ​គឺ​ជា​អ្វី​ដែល​ត្រឹម​ត្រូវ។ ប៉ុន្តែ គាត់​ក៏​ធ្លាក់​ទឹក​ចិត្ត​ពេល​ខ្លះ​ដែរ។ ដូច​យើង​ជា​ច្រើន​នាក់ ជួន​កាល​គាត់​ត្រូវ​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន។

២ សូម​អាន រ៉ូម ៧:២១​-​២៤។ ក្នុង​សំបុត្រ​ដែល​ប៉ូល​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម គាត់​បាន​សរសេរ​អំពី​អារម្មណ៍​ផ្សេង​ៗ​ដែល​យើង​ជា​ច្រើន​នាក់​មាន។ ទោះ​ជា​គាត់​ជា​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ក្ដី ក្នុង​ខ្លួន​គាត់​ហាក់​ដូច​ជា​មាន​ចម្បាំង​មួយ គឺ​ចម្បាំង​រវាង​ចិត្ត​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ និង​ទំនោរ​ចិត្ត​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ខុស​ឆ្គង។ ក្រៅ​ពី​នេះ ជួន​កាល​ប៉ូល​ក៏​បាន​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល​និង​បញ្ហា​មួយ​ដែល​គាត់​មាន​ម្ដង​ហើយ​ម្ដង​ទៀត។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ? (​សូម​មើល​«​ការ​ពន្យល់​ពាក្យ​»​ផង​ដែរ​)

៣ ទោះ​ជា​ប៉ូល​ហាក់​ដូច​ជា​មាន​ចម្បាំង​ក្នុង​ខ្លួន​ក៏​ដោយ គាត់​មិន​អនុញ្ញាត​ឲ្យ​អារម្មណ៍​អវិជ្ជមានaកាន់​កាប់​លើ​គំនិត​របស់​គាត់​ឡើយ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ​៖ ហេតុ​អ្វី​ជួន​កាល​ប៉ូល​មាន​អារម្មណ៍​«​ពិបាក​ចិត្ត​ណាស់​»​? តើ​គាត់​ធ្វើ​អ្វី​ដើម្បី​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន? តើ​យើង​អាច​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​បាន​នាំ​ឲ្យ​ប៉ូល​មាន​អារម្មណ៍​អវិជ្ជមាន?

៤. តើ​អ្វី​នាំ​ឲ្យ​ប៉ូល​មាន​អារម្មណ៍​អវិជ្ជមាន?

៤ អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល។ មុន​ប៉ូល​បាន​ទៅ​ជា​គ្រិស្ត​សាសនិក គាត់​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គាត់​ស្ដាយ​ក្រោយ។ ជា​ឧទាហរណ៍ គាត់​ឈរ​មើល​ទាំង​ក្ដី​ពេញ​ចិត្ត​ពេល​គេ​គប់​ថ្ម​សម្លាប់​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​ស្ទេផាន។ (​សកម្ម. ៧:៥៨; ៨:១​) ម្យ៉ាង​ទៀត គាត់​ក៏​បាន​នាំ​មុខ​ក្នុង​ការ​បៀតបៀន​គ្រិស្ត​សាសនិក​យ៉ាង​សាហាវ​ដែរ។—សកម្ម. ៨:៣; ២៦:៩​-​១១

៥. តើ​អ្វី​ដែល​ប៉ូល​ធ្លាប់​ធ្វើ​នៅ​អតីតកាល​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់?

៥ ក្រោយ​ពី​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក ជួន​កាល​សាវ័ក​ប៉ូល​ធ្លាក់​ទឹក​ចិត្ត​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល។ កាល​ដែល​ពេល​វេលា​កាន់​តែ​កន្លង​ទៅ គាត់​ប្រហែល​ជា​កាន់​តែ​បន្ទោស​ខ្លួន​ដែល​គាត់​បាន​បៀតបៀន​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ជា​លើក​ទី​១​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ប្រហែល​ជា​នៅ​ឆ្នាំ​៥៥ គ.ស. គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ . . . ក៏​មិន​សម​នឹង​ហៅ​ថា​សាវ័ក​ដែរ ពីព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុម​ជំនុំ​របស់​ព្រះ​»។ (​១កូ. ១៥:៩​) នៅ​ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​ប្រហែល​ជា​៥​ឆ្នាំ​ក្រោយ​មក គាត់​បាន​រៀប​រាប់​អំពី​ខ្លួន​គាត់​ថា​៖ ​«​ជា​អ្នក​តូច​ជាង​អ្នក​តូច​បំផុត​ក្នុង​ចំណោម​ពួក​អ្នក​បរិសុទ្ធ​»។ (​អេភ. ៣:៨​) ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ទៅ​កាន់​ធីម៉ូថេ ប៉ូល​បាន​ហៅ​ខ្លួន​គាត់​ថា ជា​អ្នក​ដែល​ធ្លាប់​«​ប្រមាថ​ព្រះ ជា​អ្នក​បៀតបៀន​រាស្ត្រ​របស់​លោក និង​ជា​មនុស្ស​ព្រហើន​»។ (​១ធី. ១:១៣​) តើ​អ្នក​អាច​ស្រមៃ​គិត​ថា​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ ហើយ​ជួប​ពួក​អ្នក​ដែល​គាត់​ធ្លាប់​បៀតបៀន​ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​បុគ្គល​ដែល​គាត់​ធ្លាប់​បៀតបៀន?

៦. តើ​អ្វី​ផ្សេង​ទៀត​បាន​នាំ​ឲ្យ​ប៉ូល​ពិបាក​ចិត្ត? (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​)

៦ បន្លា​មួយ​ក្នុង​សាច់​ឈាម។ ប៉ូល​បាន​ប្រដូច​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​ទៅ​នឹង​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»។ (​២កូ. ១២:៧​) ប៉ូល​មិន​បាន​បញ្ជាក់​អំពី​អ្វី​ដែល​នាំ​ឲ្យ​គាត់​ឈឺ​ចាប់​នោះ​យ៉ាង​ជាក់​លាក់​ទេ តែ​នោះ​ប្រហែល​ជា​បញ្ហា​ខាង​រូប​កាយ ខាង​ផ្លូវ​ចិត្ត ឬ​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់។b

៧. តើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ប៉ូល​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​គាត់? (​រ៉ូម ៧:១៨, ១៩​)

៧ ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​គាត់។ ប៉ូល​បាន​តយុទ្ធ​នឹង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​គាត់។ (​សូម​អាន រ៉ូម ៧:១៨, ១៩​) ទោះ​ជា​គាត់​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក៏​ដោយ ភាព​មិន​ល្អ​ឥត​ខ្ចោះ​ក្នុង​សាច់​ឈាម​របស់​គាត់​បាន​ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​របស់​គាត់​ខ្សោយ​ទៅ។ គាត់​សារភាព​ថា​ក្នុង​រូប​កាយ​របស់​គាត់​មាន​ចម្បាំង​រវាង​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ និង​បំណង​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ប៉ុន្តែ ប៉ូល​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​រីក​ចម្រើន។ (​១កូ. ៩:២៧​) ប៉ូល​ច្បាស់​ជា​ខក​ចិត្ត​នឹង​ខ្លួន​ជា​ខ្លាំង​ពេល​ដែល​គុណ​វិបត្តិ​របស់​គាត់​លេច​ឡើង!

តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន?

៨. តើ​សំបុត្រ​របស់​ប៉ូល​បង្ហាញ​យ៉ាង​ណា​អំពី​របៀប​ដែល​គាត់​អាច​យក​ឈ្នះ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​គាត់?

៨ នៅ​ក្នុង​សំបុត្រ​របស់​គាត់ ប៉ូល​បង្ហាញ​អំពី​របៀប​ដែល​គាត់​និង​បង​ប្អូន​រួម​ជំនឿ​អាច​តយុទ្ធ​និង​យក​ឈ្នះ​ទំនោរ​ចិត្ត​ខុស​ឆ្គង ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​របស់​ព្រះ។ (​រ៉ូម ៨:១៣; កាឡ. ៥:១៦, ១៧​) ប៉ូល​និយាយ​យ៉ាង​ច្បាស់​អំពី​បំណង​ប្រាថ្នា​និង​ការ​ប្រព្រឹត្ត​ណា​ដែល​គ្រិស្ត​សាសនិក​គួរ​ជៀស​វាង ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​កាឡ. ៥:១៩​-​២១, ២៦​) ប៉ូល​ទំនង​ជា​បាន​រំពឹង​គិត​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន ស្វែង​រក​ឱវាទ​ពី​បទ​គម្ពីរ និង​កត់​សម្គាល់​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​យក​ឈ្នះ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន។ ដូច្នេះ ពេល​យើង​អាន​អំពី​អ្វី​ដែល​ប៉ូល​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត នោះ​យើង​អាច​ប្រាកដ​ថា​ប៉ូល​ក៏​បាន​ធ្វើ​អ្វី​ទាំង​នោះ​ដែរ។

៩​-​១០. តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន? (​អេភេសូរ ១:៧​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៩ ទោះ​ជា​ជួន​កាល​ប៉ូល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ក៏​ដោយ គាត់​អាច​រក្សា​អំណរ។ ជា​ឧទាហរណ៍ គាត់​សប្បាយ​ពេល​គាត់​ឮ​ដំណឹង​ល្អ​អំពី​ក្រុម​ជំនុំ​ឆ្ងាយ​ៗ។ (​២កូ. ៧:៦, ៧​) គាត់​សប្បាយ​ដែល​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ (​២ធី. ១:៤​) ម្យ៉ាង​ទៀត គាត់​អរ​សប្បាយ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គាត់ ហើយ​គាត់​អាច​បម្រើ​ព្រះ​«​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»។ (​២ធី. ១:៣​) ទោះ​ជា​ពេល​ដែល​គាត់​ជាប់​ឃុំ​នៅ​ក្រុង​រ៉ូម​ក៏​ដោយ ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ឲ្យ​«​អរ​សប្បាយ . . . ដោយ​សារ​លោក​ម្ចាស់​»។ (​ភី. ៤:៤​) ពាក្យ​ទាំង​នេះ​បង្ហាញ​ថា ប៉ូល​មិន​មែន​ជា​បុគ្គល​ដែល​ចេះ​តែ​គិត​អវិជ្ជមាន​ទេ។ ពេល​ដែល​ប៉ូល​ចាប់​ផ្ដើម​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត ភ្លាម​ៗ​គាត់​បាន​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អំណរ​ឡើង​វិញ។

១០ ប៉ូល​ក៏​អាច​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន​ដែរ ដោយ​សារ​គាត់​ជឿ​ជាក់​ថា​ថ្លៃ​លោះ​គឺ​ជា​អំណោយ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់។ (​កាឡ. ២:២០; សូម​អាន អេភេសូរ ១:៧​) ជា​លទ្ធផល គាត់​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​គាត់​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ (​រ៉ូម ៧:២៤, ២៥​) ទោះ​ជា​គាត់​ធ្លាប់​ធ្វើ​ខុស​នៅ​អតីតកាល​និង​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី ប៉ូល​អាច​«​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​»​ជូន​ព្រះ​ដោយ​អំណរ។—ហេ. ៩:១២​-​១៤

បណ្ដុំ​រូប​ភាព​៖ ១. សាវ័ក​ប៉ូល​កំពុង​រំពឹង​គិត។ ២. គាត់​ចាំ​អ្វី​ដែល​កើត​ឡើង​ច្រើន​ឆ្នាំ​មុន ពេល​គាត់​បង្គាប់​អាជ្ញាធរ​ម្នាក់​ឲ្យ​អូស​បុរស​ម្នាក់​ដែល​ជា​គ្រិស្ត​សាសនិក​ចេញ​ពី​ផ្ទះ។ ៣. គាត់​រំពឹង​គិត​អំពី​ការ​ស្លាប់​របស់​លោក​យេស៊ូ​លើ​បង្គោល​ទារុណកម្ម។

ទោះ​បី​ជា​ជួន​កាល​ប៉ូល​ពិបាក​ចិត្ត​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល​ក៏​ដោយ គាត់​បាន​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន​ទាំង​នោះ​ដោយ​រំពឹង​គិត​ទៅ​លើ​ថ្លៃ​លោះ ​(​សូម​មើល​វគ្គ​៩​-​១០​)​


១១. ហេតុ​អ្វី​គំរូ​របស់​ប៉ូល​លើក​ទឹក​ចិត្ត​យើង?

១១ ដូច​ប៉ូល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​មាន​ចម្បាំង​មួយ​នៅ​ក្នុង​ខ្លួន​យើង​ជា​និច្ច។ នេះ​ប្រហែល​ជា​មក​ពី​អ្វី​ដែល​យើង​គិត អ្វី​ដែល​យើង​ធ្វើ ឬ​អ្វី​ដែល​យើង​និយាយ។ យើង​ក៏​ប្រហែល​ជា​និយាយ​អំពី​ខ្លួន​ថា ‹ពិបាក​ចិត្ត​ណាស់​ខ្ញុំ!›។ បង​ស្រី​ម្នាក់​ឈ្មោះ​អេលីសាcដែល​មាន​អាយុ​២០​ឆ្នាំ​ជាង បាន​រៀប​រាប់​អំពី​អារម្មណ៍​របស់​ខ្លួន​ថា​៖ ​«​ខ្ញុំ​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​គិត​អំពី​ស្ថានភាព​របស់​ប៉ូល។ ខ្ញុំ​ធូរ​ចិត្ត​ដែល​ដឹង​ថា មិន​មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​មាន​អារម្មណ៍​បែប​នោះ។ នេះ​ក៏​ជា​ការ​រំលឹក​មួយ​ទៀត​ថា ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​រាស្ត្រ​របស់​លោក​កំពុង​ឆ្លង​កាត់​»។ ដូច​ប៉ូល តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​អរ​សប្បាយ​ទោះ​ជា​មាន​អារម្មណ៍​អវិជ្ជមាន​ក៏​ដោយ?

របៀប​ដែល​យើង​អាច​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន

១២. តើ​ការ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជួយ​យើង​យ៉ាង​ណា​ឲ្យ​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន?

១២ ចូរ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ពេល​យើង​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ យើង​ងាយ​ស្រួល​ផ្ដោត​ទៅ​លើ​អ្វី​ល្អ​ៗ។ យើង​អាច​ប្រដូច​ទម្លាប់​នោះ​ទៅ​នឹង​ទម្លាប់​ផ្សេង​ៗ​ក្នុង​ការ​ថែ​ទាំ​សុខភាព​ដើម្បី​យើង​អាច​មាន​សុខភាព​ល្អ។ ពេល​យើង​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ ហាត់​ប្រាណ​ជា​ទៀង​ទាត់ និង​គេង​គ្រប់​គ្រាន់ តាម​ធម្មតា​នោះ​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ល្អ​ជាង។ ស្រដៀង​គ្នា​ដែរ យើង​ទាំង​អស់​គ្នា​ធ្លាប់​ឃើញ​ថា​ពេល​យើង​អាន​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់ រៀប​ចំ ចូល​រួម និង​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ ហើយ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​យើង​មាន​អារម្មណ៍​សប្បាយ។ សកម្មភាព​ដែល​ពង្រឹង​កម្លាំង​បែប​នេះ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន​របស់​យើង។—រ៉ូម ១២:១១, ១២

១៣​-​១៤. តើ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ខ្លះ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ?

១៣ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ចន។ គាត់​បាន​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ជំងឺ​មហា​រីក​ដ៏​កម្រ​មួយ​ពេល​ដែល​គាត់​មាន​អាយុ​៣៩​ឆ្នាំ។ ដំបូង គាត់​មាន​អារម្មណ៍​អវិជ្ជមាន​យ៉ាង​ខ្លាំង។ គាត់​ឆ្ងល់​ថា ‹ខ្ញុំ​នៅ​ក្មេង​សោះ​ម៉េច​ក៏​ឈឺ​អីចឹង?›។ នៅ​ពេល​នោះ កូន​ប្រុស​របស់​គាត់​មាន​អាយុ​ត្រឹម​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ។ តើ​អ្វី​បាន​ជួយ​បង​ចន​ឲ្យ​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន? គាត់​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​អស់​កម្លាំង​ក៏​ដោយ ខ្ញុំ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ក្រុម​គ្រួសារ​របស់​យើង​មាន​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ យើង​បាន​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់ ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​រាល់​សប្ដាហ៍ ហើយ​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់​សូម្បី​តែ​ពេល​ពិបាក​ក៏​ដោយ​»។ បង​ចន​បន្ថែម​ថា​៖ ​«​នៅ​ពេល​ដែល​ជួប​ប្រទះ​ស្ថានភាព​ពិបាក យើង​អាច​មាន​អារម្មណ៍​តក់​ស្លុត​និង​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ ប៉ុន្តែ មិន​យូរ​ក្រោយ​មក យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​និង​សេចក្ដី​ស្រឡាញ់​ដល់​យើង។ លោក​នឹង​ជួយ​អ្នក​ដូច​ដែល​លោក​បាន​ជួយ​ខ្ញុំ​ដែរ​»។

១៤ បង​អេលីសា​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​រាល់​ដង​ដែល​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​និង​សិក្សា​ផ្ទាល់​ខ្លួន ខ្ញុំ​ទទួល​ការ​រំលឹក​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​ខ្ញុំ ហើយ​ពិត​ជា​ស្រឡាញ់​ខ្ញុំ។ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​»។ បង​ប្រុស​ណូឡិន​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​ទ្វីប​អាហ្វ្រិក និយាយ​អំពី​ខ្លួន​គាត់​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ដាយអេន​ថា​៖ ​«​យើង​បន្ត​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ទោះ​ជា​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត​ក្ដី។ ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ឲ្យ​យើង​ឃើញ​ច្បាស់​ថា លោក​កំពុង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ យើង​ព្យាយាម​ចាំ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង និង​ផ្ដល់​ពរ​ឲ្យ​យើង។ យើង​មិន​ដឹង​ថា​លោក​នឹង​ជួយ​យើង​តាម​របៀប​ណា​ទេ តែ​យើង​ដឹង​ថា​លោក​នឹង​ជួយ​យើង​»។

១៥. តើ​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អាច​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន? សូម​លើក​ឧទាហរណ៍​មួយ។

១៥ បើ​យើង​ចង់​យក​ឈ្នះ​ចិត្ត​គំនិត​អវិជ្ជមាន យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី​ដែល​លើស​ពី​ធម្មតា។ សូម​ស្រមៃ​គិត​ថា​អ្នក​ឈឺ​ចង្កេះ។ ដើម្បី​ធូរ​ស្បើយ អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើ​លើស​ពី​ការ​គ្រាន់​តែ​ដើរ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ ឬ​ថែម​ទាំង​និយាយ​ជា​មួយ​គ្រូ​ពេទ្យ​ដើម្បី​ដឹង​ថា​ការ​ឈឺ​ចាប់​នោះ​មក​ពី​ណា។ ស្រដៀង​គ្នា​ដែរ យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ហើយ​ថែម​ទាំង​និយាយ​ជា​មួយ​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ ដើម្បី​ដឹង​អំពី​របៀប​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន​ដែល​យើង​មាន​ម្ដង​ហើយ​ម្ដង​ទៀត។ សូម​គិត​អំពី​យោបល់​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក។

១៦. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើង​ខ្វល់​ខ្វាយ? (​ចម្រៀង​សរសើរ​ព្រះ ១៣៩:១​-​៤, ២៣, ២៤​)

១៦ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​លោក​ឲ្យ​ជួយ​អ្នក​យល់​អ្វី​ដែល​អ្នក​ពិត​ជា​ត្រូវ​ការ។ ស្ដេច​ដាវីឌ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្គាល់​គាត់​ច្បាស់។ ដូច្នេះ គាត់​បាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​កត់​សម្គាល់​មូលហេតុ​ដែល​គាត់​«​ខ្វល់​ខ្វាយ​»។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៣៩:១​-​៤, ២៣, ២៤​) អ្នក​ក៏​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​កត់​សម្គាល់​មូលហេតុ​ដែល​អ្នក​មាន​គំនិត​និង​អារម្មណ៍​អវិជ្ជមាន ហើយ​យល់​អំពី​របៀប​យក​ឈ្នះ​គំនិត​និង​អារម្មណ៍​នោះ​ដែរ។ អ្នក​ក៏​ប្រហែល​ជា​អាច​សួរ​ខ្លួន​នូវ​សំណួរ​ដូច​ជា​៖ ‹តើ​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វល់​ខ្វាយ? តើ​មាន​អ្វី​ដែល​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វល់​ខ្វាយ? តើ​ខ្ញុំ​ច្រើន​តែ​បន្ត​គិត​អំពី​អ្វី​ដែល​អវិជ្ជមាន​នោះ ជា​ជាង​បំបាត់​វា​ចោល​ឬ​ទេ?›។

១៧. តើ​យើង​អាច​សិក្សា​ប្រធានបទ​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ​គិត​អំពី​អ្វី​ដែល​លើក​ទឹក​ចិត្ត? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ ចូរ​សិក្សា​ប្រធានបទ​ដែល​នឹង​ជួយ​ក្នុង​ស្ថានភាព​របស់​អ្នក។ ម្ដង​ម្កាល អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​អំពី​គុណ​សម្បត្តិ​ណា​មួយ​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​ទទួល​ប្រយោជន៍​យ៉ាង​ខ្លាំង​ពី​ការ​រំពឹង​គិត​ទៅ​លើ​ថ្លៃ​លោះ​និង​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា។ អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ សូម​ប្រើ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក ឬ​ជំនួយ​សិក្សា​គម្ពីរ​ផ្សេង​ទៀត​ដែល​មាន​ជា​ភាសា​របស់​អ្នក ដើម្បី​ស្រាវ​ជ្រាវ​ប្រធានបទ​ដូច​ជា សេចក្ដី​មេត្តា​ករុណា ការ​អភ័យ​ទោស និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ ពេល​អ្នក​រក​ឃើញ​អត្ថបទ​ផ្សេង​ៗ​ដែល​នឹង​ជួយ​អ្នក សូម​ធ្វើ​បញ្ជី​នៃ​អត្ថបទ​ទាំង​នោះ។ សូម​ទុក​បញ្ជី​នោះ​នៅ​កន្លែង​ដែល​អ្នក​ឆាប់​ឃើញ ហើយ​សិក្សា​អត្ថបទ​ពី​បញ្ជី​នោះ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត។ សូម​ព្យាយាម​អនុវត្ត​អ្វី​ដែល​អ្នក​អាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់។—ភី. ៤:៨

បុរស​វ័យ​ក្មេង​ម្នាក់​ប្រើ​គម្ពីរ ថេបប្លេត និង​សៀវភៅ​កំណត់​ដើម្បី​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន។ គាត់​សរសេរ​កំណត់​ក្នុង​គម្ពីរ​របស់​គាត់។

សូម​ជ្រើស​រើស​ប្រធានបទ​ផ្សេង​ៗ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន ​(​សូម​មើល​វគ្គ​១៧​)​


១៨. តើ​គ្រិស្ត​សាសនិក​ខ្លះ​សិក្សា​អំពី​អ្វី?

១៨ បង​អេលីសា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បាន​សិក្សា​ផ្ទាល់​ខ្លួន​ដោយ​ស្រាវ​ជ្រាវ​អំពី​គំរូ​របស់​យ៉ូប។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​និង​យ៉ូប​មាន​ស្ថានភាព​ស្រដៀង​គ្នា។ គាត់​មាន​បញ្ហា​ផ្ទួន​ៗ​គ្នា។ ប៉ុន្តែ ពេល​យ៉ូប​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង គាត់​មិន​ដែល​ឈប់​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ សូម្បី​តែ​គាត់​មិន​ដឹង​អំពី​មូលហេតុ​ដែល​បញ្ហា​នោះ​កើត​ឡើង​ក៏​ដោយ​»។ (​យ៉ូប ៤២:១​-​៦​) បង​ដាយអេន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្ដី​របស់​ខ្ញុំ​កំពុង​សិក្សា​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ យើង​សប្បាយ​ចិត្ត​ដែល​ដឹង​ថា ព្រះ​យេហូវ៉ា​សូន​យើង​ដូច​ជាង​ស្មូន​សូន​ដី​ឥដ្ឋ។ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ខក​ចិត្ត​ចំពោះ​ខ្លួន​ឯង យើង​ព្យាយាម​ស្រមៃ​ថា​ព្រះ​យេហូវ៉ា​កំពុង​សូន​យើង ហើយ​ព្យាយាម​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ល្អ​ជាង។ នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ចូល​ទៅ​ជិត​លោក​»។—អេ. ៦៤:៨

ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត​ទាំង​មាន​ទំនុក​ចិត្ត

១៩. ជួន​កាល តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប៉ុន្តែ​តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

១៩ ទោះ​បី​ជា​យើង​ធ្វើ​តាម​យោបល់​ទាំង​អស់​ក្នុង​អត្ថបទ​នេះ​ក៏​ដោយ ជួន​កាល​យើង​នឹង​នៅ​តែ​ពិបាក​ចិត្ត​ឬ​ខ្វល់​ខ្វាយ។ នៅ​ពេល​ខ្លះ យើង​ប្រហែល​ជា​ថែម​ទាំង​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ទៀត​ផង។ ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន​ពេល​ដែល​នោះ​លេច​ឡើង។ យើង​អាច​ជឿ​ជាក់​ថា សឹង​តែ​រាល់​ថ្ងៃ យើង​នឹង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​មាន​ហេតុ​ឲ្យ​អរ​សប្បាយ​ក្នុង​ជីវិត​និង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

២០. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ សូម​ឲ្យ​យើង​តាំង​ចិត្ត​កុំ​ឲ្យ​អារម្មណ៍​អវិជ្ជមាន​អំពី​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន ទុក្ខ​កង្វល់ ឬ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​កាន់​កាប់​លើ​យើង​ឡើយ។ ពេល​យើង​ចាប់​ផ្ដើម​ខ្វល់​ខ្វាយ ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្ងប់។ (​ចសព. ១៤៣:១០​) យើង​អាច​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល​យើង​មិន​ចាំ​បាច់​ត​ស៊ូ​ដើម្បី​មាន​អារម្មណ៍​វិជ្ជមាន។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ក្រោក​ឡើង​រាល់​ថ្ងៃ​ដោយ​គ្មាន​ទុក្ខ​កង្វល់ ហើយ​សប្បាយ​រីករាយ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​សាវ័ក​ប៉ូល​ពិបាក​ចិត្ត​ណាស់​នៅ​ពេល​ខ្លះ?

  • តើ​អ្វី​ជួយ​ប៉ូល​ឲ្យ​សប្បាយ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ទោះ​បី​ជា​ជួន​កាល​គាត់​មាន​អារម្មណ៍​អវិជ្ជមាន​ក្ដី?

  • តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​តយុទ្ធ​នឹង​អារម្មណ៍​អវិជ្ជមាន?

ចម្រៀង​លេខ​៣៤ ចូរ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ជា​និច្ច

a ការ​ពន្យល់​ពាក្យ​៖ ក្នុង​អត្ថបទ​នេះ ពាក្យ​«​អារម្មណ៍​អវិជ្ជមាន​»​សំដៅ​ទៅ​លើ​អារម្មណ៍​ពិបាក​ចិត្ត​ឬ​អារម្មណ៍​ឡើង​ចុះ ដែល​យើង​ប្រហែល​ជា​មាន​ម្ដង​ម្កាល។ នេះ​មិន​សំដៅ​ទៅ​លើ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែល​ជា​ជំងឺ​ធ្ងន់​ធ្ងរ​មួយ​ទេ។

b អ្វី​ដែល​ប៉ូល​សរសេរ​បង្ហាញ​ថា​គាត់​មាន​បញ្ហា​ភ្នែក។ បើ​ដូច្នោះ នោះ​ទំនង​ជា​បាន​ធ្វើ​ឲ្យ​គាត់​ពិបាក​សរសេរ​សំបុត្រ និង​ពិបាក​បំពេញ​កិច្ច​បម្រើ​ផ្សាយ។ (​កាឡ. ៤:១៥; ៦:១១​) ឬ​ប៉ូល​ប្រហែល​ជា​ព្រួយ​បារម្ភ​ដោយ​សារ​អ្វី​ដែល​អ្នក​បង្រៀន​មិន​ពិត​និយាយ​អំពី​គាត់។ (​២កូ. ១០:១០; ១១:៥, ១៣​) មិន​ថា​ការ​ព្រួយ​បារម្ភ​របស់​ប៉ូល​មក​ពី​មូលហេតុ​ណា​ក៏​ដោយ នោះ​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត។

c ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក