ថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦
ចម្រៀងលេខ៩៧ ជីវិតពឹងពាក់លើបណ្ដាំព្រះ
ចូរបន្តបំពេញការស្រេកឃ្លានចំពោះ«ការណែនាំពីព្រះ»
បទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៦: «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។—ម៉ាថ. ៥:៣
ចំណុចផ្ដោត
ព្រះយេហូវ៉ាបានផ្ដល់ការណែនាំដែលជួយយើងឲ្យមានសុភមង្គលពិតប្រាកដ។ ក្នុងអត្ថបទនេះ យើងនឹងឃើញអ្វីដែលយើងត្រូវធ្វើដើម្បីទទួលប្រយោជន៍ពីការណែនាំនោះ។
១. តើព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានសេចក្ដីត្រូវការអ្វីខ្លះ? (ម៉ាថាយ ៥:៣)
ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានសេចក្ដីត្រូវការមួយចំនួនដូចជា យើងត្រូវការម្ហូបអាហារ សម្លៀកបំពាក់ និងជម្រកជាដើម។ បើយើងខ្វះអ្វីណាមួយទាំងនោះសូម្បីតែមួយរយៈពេលខ្លីក្ដី នោះជីវិតរបស់យើងនឹងលំបាក។ ជាឧទាហរណ៍ ពេលយើងខ្វះអាហារ នេះធ្វើឲ្យយើងស្រេកឃ្លាន។ ព្រះយេហូវ៉ាក៏បង្កើតយើងឲ្យត្រូវការការណែនាំពីលោកដែរ។ (សូមអាន ម៉ាថាយ ៥:៣) បើយើងចង់មានសុភមង្គលពិតប្រាកដ យើងត្រូវដឹងអំពីសេចក្ដីត្រូវការនោះ ហើយបន្តបំពេញសេចក្ដីត្រូវការនោះ។
២. ស្ដីអំពីពាក្យការ«ស្រេកឃ្លានចំពោះការណែនាំពីព្រះ» តើអ្នកអាចលើកឧទាហរណ៍អ្វី?
២ តើការ«ស្រេកឃ្លានចំពោះការណែនាំពីព្រះ»មានន័យយ៉ាងណា? ពាក្យនេះជាភាសាដើមអាចធ្វើឲ្យនឹកឃើញអំពីអ្នកសុំទានឬបុគ្គលដែលអង្វរសុំការណែនាំពីព្រះ។ សូមស្រមៃគិតអំពីបុរសដែលជាអ្នកសុំទានម្នាក់។ គាត់ស្លៀកសម្លៀកបំពាក់កណ្ដាច ហើយអង្គុយឱនខ្លួននៅកាច់ជ្រុងតាមផ្លូវមួយ។ គាត់អង្គុយក្រោមកម្ដៅថ្ងៃនិងខ្សោះកម្លាំងដោយសារខ្វះអាហារ ហើយនៅពេលយប់គាត់ត្រជាក់ជាខ្លាំង។ ម្យ៉ាងទៀត មនុស្សដើរជៀសពីគាត់។ អ្នកសុំទាននោះដឹងថា បើគាត់ចង់ឲ្យស្ថានភាពរបស់គាត់ប្រសើរឡើង គាត់ត្រូវការជំនួយ។ ស្រដៀងគ្នាដែរ បុគ្គលដែលស្រេកឃ្លានចំពោះការណែនាំពីព្រះនឹងត្រូវការជំនួយដើម្បីធ្វើឲ្យស្ថានភាពរបស់គាត់កាន់តែប្រសើរឡើង។ ដូច្នេះ គាត់ចង់ទទួលប្រយោជន៍ពីការណែនាំដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកអ្នកដែលស្រឡាញ់លោក។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ នៅក្នុងអត្ថបទនេះ ដំបូង យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីស្ត្រីជនជាតិភេនីស៊ីដែលអង្វរសុំជំនួយពីលោកយេស៊ូ។ កំណត់ហេតុនេះលើកឡើងអំពីគុណសម្បត្តិបីយ៉ាងដែលពួកអ្នកស្រេកឃ្លានចំពោះការណែនាំពីព្រះត្រូវបណ្ដុះឲ្យមាន។ ក្រោយមក យើងនឹងពិចារណាអំពីគំរូរបស់សាវ័កពេត្រុសនិងសាវ័កប៉ូល ព្រមទាំងគំរូរបស់ស្ដេចដាវីឌ។ ពួកគាត់ជាបុរសដែលចង់ទទួលការណែនាំពីព្រះក្នុងជីវិតរបស់ពួកគាត់។
គំរូអំពីចិត្តរាបទាប ការតស៊ូព្យាយាម និងជំនឿ
៤. តើស្ត្រីជនជាតិភេនីស៊ីចង់បានអ្វីពីលោកយេស៊ូ?
៤ នៅពេលមួយ ស្ត្រីជនជាតិភេនីស៊ីម្នាក់បានទៅជួបលោកយេស៊ូ។ កូនស្រីរបស់គាត់មាន«វិញ្ញាណកំណាចចូល ធ្វើទុក្ខខ្លាំងណាស់»។ (ម៉ាថ. ១៥:២១-២៨) ស្ត្រីនោះលុតជង្គង់ ហើយអង្វរសុំលោកយេស៊ូឲ្យជួយកូនស្រីរបស់គាត់។ ស្ត្រីជនជាតិភេនីស៊ីនេះបានបង្ហាញគុណសម្បត្តិដ៏គួរឲ្យកត់សម្គាល់ពេលដែលគាត់ទៅជួបលោកយេស៊ូ។ សូមគិតអំពីគុណសម្បត្តិទាំងនេះខ្លះ។
៥. តើស្ត្រីជនជាតិភេនីស៊ីបានបង្ហាញគុណសម្បត្តិអ្វីខ្លះ ហើយតើលោកយេស៊ូបានប្រព្រឹត្តយ៉ាងណា? (សូមមើលរូបភាពផងដែរ)
៥ ស្ត្រីជនជាតិភេនីស៊ីនោះបានបង្ហាញចិត្តរាបទាបយ៉ាងស្មោះ។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពីព្រោះគាត់មិនបានទើសចិត្តពេលលោកយេស៊ូលើកឧទាហរណ៍ដែលប្រដូចគាត់ទៅនឹងកូនឆ្កែ ដែលក្រុមគ្រួសារជនជាតិដទៃខ្លះចិញ្ចឹមនៅក្នុងផ្ទះរបស់ពួកគេ។ បើលោកយេស៊ូមានប្រសាសន៍បែបនេះទៅកាន់អ្នក តើអ្នកនឹងមានប្រតិកម្មបែបណា? តើអ្នកនឹងទើសចិត្ត ហើយឈប់សុំជំនួយពីលោកឬ? នេះមិនមែនជាអ្វីដែលស្ត្រីជនជាតិភេនីស៊ីនោះបានធ្វើទេ។ គាត់មិនគ្រាន់តែមានចិត្តរាបទាបប៉ុណ្ណោះទេ តែគាត់ក៏តស៊ូព្យាយាមដែរ។ នេះសឲ្យឃើញតាមរយៈរបៀបដែលគាត់អង្វរសុំជំនួយម្ដងហើយម្ដងទៀតពីលោកយេស៊ូ។ តើអ្វីជំរុញចិត្តគាត់ឲ្យធ្វើដូច្នោះ? គឺជំនឿរបស់គាត់លើលោកយេស៊ូ។ តាមពិត ជំនឿរបស់ស្ត្រីនេះបានជំរុញចិត្តលោកយេស៊ូយ៉ាងខ្លាំងរហូតដល់លោកធ្វើអ្វីដ៏អស្ចារ្យ។ ទោះបីជាលោកយេស៊ូទើបតែមានប្រសាសន៍ថាលោកបានត្រូវចាត់ឲ្យជួយតែ«ចៀមដែលវង្វេងផ្លូវក្នុងចំណោមជនជាតិអ៊ីស្រាអែល»ក៏ដោយ លោកបានបណ្ដេញវិញ្ញាណអសោចចេញពីកូនស្រីរបស់ស្ត្រីជនជាតិភេនីស៊ីនោះ។
ស្ត្រីជនជាតិភេនីស៊ីត្រូវមានចិត្តរាបទាប តស៊ូព្យាយាម និងមានជំនឿដើម្បីទទួលជំនួយដែលគាត់ចង់បាន (សូមមើលវគ្គ៥)
៦. តើយើងរៀនអ្វីអំពីកំណត់ហេតុអំពីស្ត្រីជនជាតិភេនីស៊ី?
៦ ដើម្បីបំពេញសេចក្ដីត្រូវការមួយរបស់យើង គឺការស្រេកឃ្លានចំពោះការណែនាំពីព្រះ យើងត្រូវបណ្ដុះឲ្យមានគុណសម្បត្តិដូចស្ត្រីជនជាតិភេនីស៊ីនោះ។ យើងត្រូវមានចិត្តរាបទាប តស៊ូព្យាយាម និងមានជំនឿរឹងមាំ។ មានតែបុគ្គលដែលមានចិត្តរាបទាបប៉ុណ្ណោះដែលនឹងអង្វរសុំជំនួយពីព្រះម្ដងហើយម្ដងទៀត។ យើងក៏ត្រូវមានជំនឿរឹងមាំលើលោកយេស៊ូគ្រិស្ត និងទុកចិត្តពួកអ្នកដែលលោកប្រើដើម្បីណែនាំពួកអ្នកកាន់តាមលោក។ (ម៉ាថ. ២៤:៤៥-៤៧) ព្រះយេហូវ៉ានិងលោកយេស៊ូសប្បាយចិត្តពេលយើងមានចិត្តរាបទាប បន្ដសុំជំនួយពីលោកទាំងពីរ និងមានជំនឿ។ បើយើងធ្វើដូច្នេះ លោកទាំងពីរនឹងជួយយើង ហើយណែនាំយើង។ (សូមពិនិត្យបន្ថែម យ៉ាកុប ១:៥-៧) ឥឡូវ សូមឲ្យយើងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាផ្ដល់អ្វីដែលប្រៀបដូចជាអាហារ សម្លៀកបំពាក់ និងជម្រក។ យើងនឹងឃើញអ្វីដែលយើងត្រូវធ្វើដើម្បីទទួលអ្វីចាំបាច់ទាំងនោះ ដោយពិចារណាអំពីគំរូរបស់សាវ័កពេត្រុសនិងសាវ័កប៉ូល ព្រមទាំងគំរូរបស់ស្ដេចដាវីឌ។
ដូចពេត្រុស ចូរបន្ដទទួលយកសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារពីបណ្ដាំរបស់ព្រះ
៧. តើលោកយេស៊ូផ្ដល់បង្គាប់អ្វីដល់ពេត្រុស ប៉ុន្តែតើពេត្រុសត្រូវធ្វើអ្វីថែមទៀត? សូមពន្យល់។ (ហេប្រឺ ៥:១៤–៦:១)
៧ សូមគិតអំពីគំរូរបស់សាវ័កពេត្រុស។ គាត់នៅក្នុងចំណោមជនជាតិយូដាដំបូងដែលបានទទួលស្គាល់ថាលោកយេស៊ូជាមេស្ស៊ី ជាអ្នកដែលព្រះយេហូវ៉ាប្រើដើម្បីផ្ដល់អាហារដែលជា‹ប្រសាសន៍នាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់›ដល់រាស្ត្ររបស់លោក។ (យ៉ូន. ៦:៦៦-៦៨) ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញនិងមុនលោកឡើងទៅស្ថានសួគ៌ លោកបានបង្គាប់ពេត្រុសថា៖ «ចូរឲ្យចំណីដល់ចៀមតូចៗរបស់ខ្ញុំ»។ (យ៉ូន. ២១:១៧) ពេត្រុសបានធ្វើតាមបង្គាប់នោះយ៉ាងស្មោះត្រង់ ហើយព្រះយេហូវ៉ាថែមទាំងប្រើគាត់ឲ្យសរសេរសំបុត្រពីរដែលក្រោយមកទៅជាសៀវភៅក្នុងគម្ពីរ។ ប៉ុន្តែ ពេត្រុសក៏ត្រូវទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែរ។ ជាឧទាហរណ៍ គាត់បានសិក្សាសំបុត្រដែលសាវ័កប៉ូលបានសរសេរក្រោមការដឹកនាំរបស់ព្រះ។ ពេត្រុសទទួលស្គាល់ថា មានសេចក្ដីខ្លះដែលប៉ូលបានសរសេរគឺ«ពិបាកយល់»។ (២ពេ. ៣:១៥, ១៦) ប៉ុន្តែ ពេត្រុសច្បាស់ជាខំប្រឹងព្យាយាមដោយមានជំនឿថាព្រះយេហូវ៉ានឹងជួយគាត់ឲ្យយល់ ហើយធ្វើតាមសេចក្ដីបង្រៀនដែលប្រៀបដូចជា«អាហាររឹង»ដែលប៉ូលបានសរសេរក្នុងសំបុត្ររបស់គាត់។—សូមអាន ហេប្រឺ ៥:១៤–៦:១
៨. តើពេត្រុសមានប្រតិកម្មយ៉ាងណាចំពោះការយល់ដឹងថ្មីដែលគាត់បានទទួលតាមរយៈតំណាងព្រះ?
៨ ពេត្រុសបង្ហាញថាគាត់មានជំនឿលើព្រះយេហូវ៉ាដោយធ្វើតាមការណែនាំដែលគាត់បានទទួល។ ជាឧទាហរណ៍ ពេលនៅក្រុងយ៉ុបប៉ា ពេត្រុសបានទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិត។ ក្នុងនោះ តំណាងព្រះបានប្រាប់គាត់ឲ្យសម្លាប់សត្វដែលមិនស្អាតតាមច្បាប់ម៉ូសេ ហើយបរិភោគសត្វនោះ។ ចំពោះជនជាតិយូដា ការណែនាំនោះគឺចម្លែកនិងគួរឲ្យភ្ញាក់ផ្អើល។ ដំបូង ពេត្រុសឆ្លើយថា៖ «ទេ លោកម្ចាស់ ពីព្រោះខ្ញុំមិនដែលបរិភោគអ្វីដែលមិនស្អាតឬស្មោកគ្រោកឡើយ»។ រួចតំណាងព្រះបានប្រាប់គាត់ថា៖ «ឈប់ហៅអ្វីៗដែលព្រះបានសម្អាត ថាមិនស្អាតឡើយ»។ (សកម្ម. ១០:៩-១៥) ពេត្រុសយល់អត្ថន័យនៃការបើកបង្ហាញនោះ។ ហេតុអ្វីយើងដឹងដូច្នេះ? ពីព្រោះមិនយូរក្រោយពីគាត់បានទទួលការបើកបង្ហាញនោះ មានបុរសបីនាក់ដែលកូនេលាសបានចាត់ឲ្យមកឯពេត្រុសក៏បានមកដល់ ហើយបានអញ្ជើញពេត្រុសឲ្យមកនិយាយជាមួយនឹងម្ចាស់របស់ពួកគេ។ តាមធម្មតា ពេត្រុសនឹងមិនព្រមចូលទៅក្នុងផ្ទះរបស់ជនជាតិដទៃឡើយ ដោយសារជនជាតិយូដាចាត់ទុកជនជាតិដទៃថាមិនស្អាត។ (សកម្ម. ១០:២៨, ២៩) ប៉ុន្តែ ពេត្រុសទទួលយកភ្លាមៗនូវការយល់ដឹងថ្មីដែលព្រះយេហូវ៉ាបានបើកបង្ហាញដល់គាត់។ (សុភ. ៤:១៨) រួចមក គាត់បានផ្សព្វផ្សាយដល់កូនេលាសនិងពួកអ្នកផ្ទះរបស់កូនេលាស ហើយមានឯកសិទ្ធិឃើញពួកគេទទួលយកសេចក្ដីពិត ទទួលឫទ្ធានុភាពបរិសុទ្ធ និងទទួលការជ្រមុជទឹក។—សកម្ម. ១០:៤៤-៤៨
៩. តើយើងទទួលប្រយោជន៍ពីរយ៉ាងអ្វីបើយើងសិក្សាអ្វីដែលពិបាកយល់?
៩ ដូចពេត្រុស យើងត្រូវសិក្សាសេចក្ដីបង្រៀនបឋមដែលប្រៀបដូចជាទឹកដោះជាទៀងទាត់។ យើងក៏ត្រូវមានចិត្តចង់រៀនសេចក្ដីបង្រៀនដែលពិបាកយល់ជាងដែលប្រៀបដូចជាអាហាររឹងដែរ។ យ៉ាងនេះ យើងត្រូវលៃទុកពេល ហើយខំសិក្សាបណ្ដាំរបស់ព្រះកាន់តែស៊ីជម្រៅ។ ហេតុអ្វី? ការធ្វើដូច្នោះផ្ដល់ប្រយោជន៍យ៉ាងហោចណាស់ពីរយ៉ាង៖ ទី១ យើងរៀនអ្វីផ្សេងៗអំពីព្រះយេហូវ៉ា ហើយនោះធ្វើឲ្យយើងកាន់តែស្រឡាញ់និងគោរពលោក។ ទី២ យើងនឹងកាន់តែចង់ប្រាប់អ្នកឯទៀតអំពីបិតាដ៏អស្ចារ្យរបស់យើងនៅស្ថានសួគ៌។ (រ៉ូម ១១:៣៣; បប. ៤:១១) គំរូរបស់ពេត្រុសបង្រៀនយើងនូវមេរៀនមួយទៀត។ ពេលមានការកែតម្រូវការយល់ដឹងរបស់យើងអំពីបណ្ដាំរបស់ព្រះ យើងត្រូវឆាប់កែប្រែរបៀបគិតគូរនិងការប្រព្រឹត្តរបស់យើង។ មានតែធ្វើដូច្នេះប៉ុណ្ណោះ ទើបព្រះយេហូវ៉ាអាចបន្ដណែនាំយើង ហើយយើងនឹងអាចបម្រើលោកយ៉ាងស្មោះភក្ដី។
ដូចប៉ូល ចូរបន្ដបំពាក់បុគ្គលិកលក្ខណៈថ្មី
១០. យោងទៅតាមកូឡុស ៣:៨-១០ តើយើងត្រូវធ្វើអ្វីដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ត?
១០ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត យើងត្រូវបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មីដែលលោកផ្ដល់ឲ្យ។ តើនេះមានន័យអ្វី? សាវ័កប៉ូលបានសរសេរថា យើងត្រូវ«ដោះបុគ្គលិកលក្ខណៈចាស់ចេញ» ហើយបំពាក់ខ្លួនដោយ«បុគ្គលិកលក្ខណៈថ្មី»។ (សូមអាន កូឡុស ៣:៨-១០) ការបំពាក់ខ្លួននោះគឺជាអ្វីដែលយើងត្រូវខំប្រឹងធ្វើជានិច្ច។ សូមគិតអំពីប៉ូល។ តាំងពីគាត់នៅក្មេង គាត់ខំប្រឹងធ្វើឲ្យព្រះពេញចិត្ត។ (កាឡ. ១:១៤; ភី. ៣:៤, ៥) ប៉ុន្តែ គាត់ខ្វះចំណេះត្រឹមត្រូវអំពីគោលបំណងរបស់ព្រះ។ ហេតុនេះហើយបានជាគាត់មិនបានគោរពប្រណិប័តន៍លោកតាមរបៀបត្រឹមត្រូវទេ។ គាត់មានអំណួត ហើយមិនអើពើនឹងសេចក្ដីបង្រៀនរបស់គ្រិស្ត។ ដូច្នេះ នេះធ្វើឲ្យគាត់ទៅជា«មនុស្សព្រហើន»ដែលបំពាក់ខ្លួនដោយគុណវិបត្តិ។—១ធី. ១:១៣
១១. តើប៉ូលត្រូវខំព្យាយាមយកឈ្នះគុណវិបត្តិអ្វី? សូមពន្យល់។
១១ មុនប៉ូលទៅជាគ្រិស្តសាសនិក គាត់ជាមនុស្សដែលងាយផ្ទុះកំហឹង។ នៅក្នុងសៀវភៅសកម្មភាពចែងថា ប៉ូលខឹងពួកអ្នកកាន់តាមលោកយេស៊ូដល់ម្ល៉េះរហូតដល់គាត់«គំរាម . . . ហើយចង់សម្លាប់ពួកគាត់យ៉ាងខ្លាំង»។ (សកម្ម. ៩:១) ក្រោយពីប៉ូលទៅជាគ្រិស្តសាសនិក គាត់ច្បាស់ជាខំប្រឹងព្យាយាមដោះបុគ្គលិកលក្ខណៈចាស់នេះចេញ។ (អេភ. ៤:២២, ៣១) ទោះជាយ៉ាងនោះក៏ដោយ ពេលប៉ូលនិងបាណាបាសខ្វែងគំនិតគ្នា ពួកគាត់បាន«ផ្ទុះកំហឹងយ៉ាងខ្លាំង»។ (សកម្ម. ១៥:៣៧-៣៩) ទោះជាប៉ូលធ្វើខុសនៅពេលនោះក្ដី គាត់មិនឈប់ព្យាយាមឡើយ។ គាត់បន្ត‹វាយដំរូបកាយរបស់ខ្លួន› គឺគាត់បន្តតយុទ្ធនឹងភាពមិនល្អឥតខ្ចោះរបស់ខ្លួនដើម្បីរក្សាខ្លួនជាមនុស្សដែលព្រះយេហូវ៉ាពេញចិត្ត។—១កូ. ៩:២៧
១២. តើអ្វីបានជួយប៉ូលឲ្យបន្តកែប្រែបុគ្គលិកលក្ខណៈរបស់ខ្លួន?
១២ ប៉ូលអាចដកចេញនូវគុណវិបត្តិរបស់គាត់បាន ហើយក្រោយមកបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ដោយសារគាត់មិនបានពឹងផ្អែកលើកម្លាំងរបស់គាត់ទេ។ (ភី. ៤:១៣) ដូចពេត្រុស ប៉ូលបានពឹងផ្អែកលើ«កម្លាំងដែលព្រះផ្ដល់ឲ្យ»។ (១ពេ. ៤:១១) ទោះជាយ៉ាងនោះក៏ដោយ ជួនកាលប៉ូលធ្លាក់ទឹកចិត្តដោយសារកំហុសរបស់ខ្លួន។ ប៉ុន្តែ ពេលគាត់ធ្លាក់ទឹកចិត្ត គាត់គិតអំពីអ្វីល្អៗដែលបិតានៅស្ថានសួគ៌របស់គាត់បានធ្វើសម្រាប់គាត់ ហើយនោះនាំឲ្យគាត់តាំងចិត្តកាន់តែខ្លាំងឲ្យបន្តខំព្យាយាម។—រ៉ូម ៧:២១-២៥
១៣. តើយើងអាចយកតម្រាប់ប៉ូលយ៉ាងដូចម្ដេច?
១៣ យើងអាចយកតម្រាប់ប៉ូលដោយទទួលស្គាល់ថា មិនថាយើងបម្រើព្រះយេហូវ៉ាយូរប៉ុនណាក៏ដោយ យើងត្រូវបន្តខំព្យាយាមដោះបុគ្គលិកលក្ខណៈចាស់ចេញ ហើយពាក់បុគ្គលិកលក្ខណៈថ្មីដែលព្រះបានផ្ដល់ឲ្យ។ បើយើងភ្លាត់ធ្វើខុសដូចជាផ្ទុះកំហឹងឬនិយាយដោយមិនសប្បុរសទៅនរណាម្នាក់ យើងមិនគួរចាត់ទុកថាខ្លួនជាមនុស្សបរាជ័យនោះទេ។ ផ្ទុយទៅវិញ យើងគួរបន្តខំប្រឹងសម្រេចគោលដៅរបស់យើង គឺកែប្រែរបៀបគិតគូរនិងការប្រព្រឹត្តរបស់យើង។ (រ៉ូម ១២:១, ២; អេភ. ៤:២៤) ប៉ុន្តែ កាលដែលយើងធ្វើដូច្នោះ យើងត្រូវចាំចំណុចសំខាន់មួយថា៖ ខុសពីសម្លៀកបំពាក់ដែលអាចសារ៉េឲ្យត្រូវនឹងរាងយើង យើងត្រូវធ្វើការកែប្រែផ្សេងៗដើម្បីបំពាក់ខ្លួនឲ្យត្រូវនឹងបុគ្គលិកលក្ខណៈថ្មីដែលព្រះយេហូវ៉ាផ្ដល់ឲ្យ។ ជាការសមហេតុផលឲ្យយើងធ្វើការផ្លាស់ប្ដូរដើម្បីឲ្យខ្លួនសមនឹងតម្រូវការរបស់ព្រះ។
ដូចដាវីឌ ចូរបន្តនៅក្រោមជម្រករបស់ព្រះ
១៤-១៥. តើព្រះយេហូវ៉ាការពាររាស្ត្ររបស់លោកតាមរបៀបណាខ្លះ? (ចម្រៀងសរសើរព្រះ ២៧:៥) (សូមមើលរូបភាពផងដែរ)
១៤ ដើម្បីមានសុភមង្គលពិតប្រាកដ យើងមិនគ្រាន់តែត្រូវទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ និងបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មីពីព្រះប៉ុណ្ណោះទេ តែយើងក៏ត្រូវនៅក្រោមជម្រករបស់ព្រះ គឺយើងត្រូវការការការពារពីលោក។ តើនោះគឺជាអ្វី ហើយតើតាមរបៀបណាយើងអាចប្រាកដថាយើងបន្តនៅក្រោមជម្រកនោះ?
១៥ ស្ដេចដាវីឌបាននិយាយអំពីជម្រកដែលមកពីព្រះយេហូវ៉ា។ (សូមអាន ចម្រៀងសរសើរព្រះ ២៧:៥) តើព្រះយេហូវ៉ាការពារឬផ្ដល់ជម្រកដល់រាស្ត្ររបស់លោកនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? ព្រះយេហូវ៉ាការពារយើងពីអ្នកណានិងអ្វីណាក៏ដោយដែលអាចបំផ្លាញជំនឿរបស់យើងលើលោក។ លោកសន្យាថា គ្រឿងអាវុធណាដែលធ្វើឡើងដើម្បីប្រឆាំងយើង នោះនឹងគ្មានប្រសិទ្ធភាពឡើយ។ (ចសព. ៣៤:៧; អេ. ៥៤:១៧) ទោះជាសាថាន ពួកវិញ្ញាណកំណាច និងពួកអ្នកដែលបៀតបៀនយើងមានអំណាចក្ដី ពួកគេមិនអាចធ្វើឲ្យយើងរងទុក្ខរហូតនោះទេ។ សូម្បីតែពួកគេសម្លាប់យើង ក៏ព្រះយេហូវ៉ានឹងប្រោសយើងឲ្យរស់ឡើងវិញ។ (១កូ. ១៥:៥៥-៥៧; បប. ២១:៣, ៤) ព្រះយេហូវ៉ាក៏ជួយយើងពេលយើងខ្វល់ខ្វាយដែរ ដើម្បីកុំឲ្យយើងឈប់បម្រើលោក។ (សុភ. ១២:២៥; ម៉ាថ. ៦:២៧-២៩) ម្យ៉ាងទៀត បិតារបស់យើងដែលនៅស្ថានសួគ៌ផ្ដល់ឲ្យយើងនូវក្រុមគ្រួសាររួមជំនឿដែលគាំទ្រយើង និងពួកអ្នកចាស់ទុំដែលឃ្វាលយើង។ (អេ. ៣២:១, ២) ពេលយើងចូលរួមកិច្ចប្រជុំ យើងច្រើនតែទទួលការរំលឹកអំពីរបៀបផ្សេងៗដែលយើងអាចអនុញ្ញាតឲ្យព្រះយេហូវ៉ាជួយនិងការពារយើង។—ហេ. ១០:២៤, ២៥
បងស្រីម្នាក់ស្វែងរកជំនួយពីព្រះយេហូវ៉ាដោយចូលរួមកិច្ចប្រជុំក្រុមជំនុំជាមួយនឹងបងប្អូនរួមជំនឿរបស់គាត់ (សូមមើលវគ្គ១៤-១៥)
១៦. តើព្រះយេហូវ៉ាការពារដាវីឌតាមរបៀបណាខ្លះ?
១៦ ពេលដាវីឌស្ដាប់បង្គាប់ព្រះយេហូវ៉ា លោកបានការពារគាត់ដោយជួយគាត់ឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយដាវីឌអរសប្បាយ។ (សូមពិនិត្យបន្ថែម សុភាសិត ៥:១, ២) ផ្ទុយទៅវិញ ពេលដាវីឌមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា គាត់បានរងទុក្ខដោយសារគាត់ធ្វើការសម្រេចចិត្តមិនល្អ ហើយព្រះយេហូវ៉ាមិនបានដកចេញនូវផលវិបាកដែលមកពីការសម្រេចចិត្តមិនល្អនោះទេ។ (២សាំ. ១២:៩, ១០) ចុះយ៉ាងណាពេលដាវីឌរងទុក្ខដោយសារអ្នកឯទៀតប្រព្រឹត្តមិនល្អមកលើគាត់? ដាវីឌបានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាបានធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលឡើងវិញ ដោយពង្រឹងទំនុកចិត្តដាវីឌថាលោកស្រឡាញ់គាត់យ៉ាងខ្លាំង ហើយនឹងថែរក្សាគាត់។—ចសព. ២៣:១-៦
១៧. តើយើងអាចយកតម្រាប់ដាវីឌយ៉ាងដូចម្ដេច?
១៧ យើងអាចយកតម្រាប់ដាវីឌដោយស្វែងរកការណែនាំពីព្រះយេហូវ៉ាពេលយើងធ្វើការសម្រេចចិត្ត។ យើងក៏ទទួលស្គាល់ដែរថា ជួនកាលយើងរងទុក្ខមិនមែនដោយសារព្រះយេហូវ៉ាមិនការពារយើងទេ តែដោយសារយើងបានធ្វើការសម្រេចចិត្តមិនល្អ។ (កាឡ. ៦:៧, ៨) ម្យ៉ាងទៀត ពេលយើងរងទុក្ខលំបាកទោះជាយើងមិនបានធ្វើខុសក្ដី យើងអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ាទាំងមានទំនុកចិត្តថាព្រះយេហូវ៉ានឹងការពារចិត្តគំនិតរបស់យើង។—ភី. ៤:៦, ៧
ចូរបន្តបំពេញការស្រេកឃ្លានចំពោះការណែនាំពីព្រះ
១៨. តើយើងមានការពិបាកអ្វី ហើយតើយើងអាចបន្តបំពេញការស្រេកឃ្លានចំពោះការណែនាំពីព្រះយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៨ បទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៦ចែងថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។ ពាក្យនេះកាន់តែសំខាន់ជាងពេលមុនៗទាំងអស់។ ហេតុអ្វី? ពីព្រោះមនុស្សជាច្រើននៅសព្វថ្ងៃនេះមិនព្រមទទួលស្គាល់ថាពួកគេត្រូវការព្រះនិងការណែនាំពីលោកទេ។ មនុស្សជាច្រើននាក់ទៀតជឿលើព្រះ តែពួកគេចង់គោរពប្រណិប័តន៍លោកតាមតែចិត្តពួកគេ។ រីឯមនុស្សខ្លះទៀត ពួកគេពឹងផ្អែកលើការណែនាំពីមនុស្ស។ ម្ល៉ោះហើយ ពួកគេមិនសប្បាយចិត្តទេ។ យើងត្រូវប្រុងប្រយ័ត្នកុំឲ្យចិត្តគំនិតបែបនោះមានឥទ្ធិពលមកលើយើង។ តើតាមរបៀបណា? គឺដោយទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារពីព្រះយេហូវ៉ា ដោយបំពាក់បុគ្គលិកលក្ខណៈថ្មី និងដោយស្វែងរកការការពារពីព្រះយេហូវ៉ា។
យើងត្រូវបន្តបំពេញសេចក្ដីត្រូវការរបស់យើងឲ្យទទួលអាហារ សម្លៀកបំពាក់ និងជម្រកពីព្រះ (សូមមើលវគ្គ១៨)a
ចម្រៀងលេខ១៦២ ចង់បានការណែនាំពីព្រះ
a ការពណ៌នាអំពីរូបភាព៖ បងស្រីពីរូបភាពមុន ទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដោយសិក្សាទស្សនាវដ្ដីប៉មយាម។ គាត់បង្ហាញសេចក្ដីសប្បុរសដល់អ្នកឯទៀតដែលជាគុណសម្បត្តិមួយនៃបុគ្គលិកលក្ខណៈថ្មី និងស្វែងរកជំនួយពីពួកអ្នកចាស់ទុំដែលឃ្វាលគាត់យ៉ាងកក់ក្ដៅ។