សំណួរពីអ្នកអាន
តើសាវ័កប៉ូលបានសំដៅទៅលើកិច្ចព្រមព្រៀងពីរយ៉ាងអ្វីនៅកាឡាទី ៤:២៤?
ក្រោយពីសាវ័កប៉ូលបានរៀបរាប់អំពីទំនាក់ទំនងដែលអាប្រាហាំមានជាមួយសារ៉ានិងហាកា គាត់និយាយថា៖ «ព្រឹត្តិការណ៍ទាំងនេះមានអត្ថន័យជានិមិត្តរូប ព្រោះស្ត្រីទាំងពីរនេះជាតំណាងកិច្ចព្រមព្រៀងពីរ»។ (កាឡ. ៤:២២) ពីមុនយើងបានយល់ថា កិច្ចព្រមព្រៀងពីរនោះគឺជាកិច្ចព្រមព្រៀងខាងច្បាប់ និងកិច្ចព្រមព្រៀងថ្មី។ ប៉ុន្តែ ក្រោយពីពិនិត្យពិចារណាខគម្ពីរទាំងនេះម្ដងទៀត យើងជឿជាក់ថាយើងត្រូវកែតម្រូវការយល់ដឹងរបស់យើង។ តាមមើលទៅ ប៉ូលមិនបានសំដៅទៅលើកិច្ចព្រមព្រៀងថ្មីទេ តែសំដៅទៅលើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ។ សូមគិតអំពីមូលហេតុដែលគាត់និយាយពាក្យទាំងនេះ។a
ប៉ូលបាននិយាយថាកិច្ចព្រមព្រៀងខាងច្បាប់ដែលបានធ្វើឡើងនៅភ្នំស៊ីណាយ នាឆ្នាំ១៥១៣ មុនគ.ស. គឺដូចហាកា។ (ដច. ១៩:៥, ៦; កាឡ. ៤:២៥) គ្មានមនុស្សមិនល្អឥតខ្ចោះណាម្នាក់ អាចធ្វើតាមច្បាប់នោះយ៉ាងល្អឥតខ្ចោះទេ។ នេះគួរជួយជនជាតិយូដាឲ្យយល់ថា ពួកគេគឺជាខ្ញុំបម្រើនៃភាពខុសឆ្គង។ កិច្ចព្រមព្រៀងនោះក៏អាចជួយជនជាតិអ៊ីស្រាអែលឲ្យកត់សម្គាល់ថាអ្នកណាជាមេស្ស៊ី ដោយសារមានតែលោកប៉ុណ្ណោះដែលអាចធ្វើតាមច្បាប់នោះយ៉ាងល្អឥតខ្ចោះ។ ពេលមេស្ស៊ីបានបូជាជីវិតដ៏ល្អឥតខ្ចោះរបស់លោក លោកបើកឱកាសឲ្យមនុស្សមិនល្អឥតខ្ចោះរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (កាឡ. ៣:១៩, ២៤, ២៥) ក្រោយពីលោកយេស៊ូបានសម្រេចគោលបំណងរបស់ព្រះ នោះលែងត្រូវការច្បាប់នោះទៀត។—រ៉ូម ១០:៤
ប៉ូលបានប្រៀបធៀបហាកាទៅនឹងសារ៉ា ជា«ស្ត្រីដែលមានសេរីភាព» និងដែលបានសម្រាលកូន«ដោយសារសេចក្ដីសន្យារបស់ព្រះ»។ (កាឡ. ៤:២៣) សេចក្ដីសន្យានោះគឺជាកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ។ (កាឡ. ៣:២៩; ៤:២៨, ៣០) នៅដើមកំណើត ២២:១៨ ព្រះយេហូវ៉ារៀបរាប់អំពីកិច្ចព្រមព្រៀងនោះ ដោយមានប្រសាសន៍ថា៖ «ឯគ្រប់ប្រជាជាតិនៅផែនដីនឹងទទួលពរតាមរយៈកូនចៅរបស់អ្នក[អាប្រាហាំ] ពីព្រោះអ្នកបានស្ដាប់តាមខ្ញុំ»។
កិច្ចព្រមព្រៀងនោះដែលបានធ្វើជាមួយនឹងអាប្រាហាំ បានផ្ដល់ព័ត៌មានបន្ថែមអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ានៅសួនអេដែន។ (ដក. ៣:១៥) កិច្ចព្រមព្រៀងនោះបានបង្ហាញថា «ពូជ»ដែលបានត្រូវប្រកាសទុកជាមុន នឹងត្រូវជាកូនចៅរបស់អាប្រាហាំ។ ប៉ូលពន្យល់ថា «ពូជ»នោះសំដៅជាចម្បងលើលោកយេស៊ូគ្រិស្ត។ ប៉ុន្តែ ពួកអ្នកដែល«ជារបស់គ្រិស្ត» ពោលគឺពួកអ្នករើសតាំងដែលមានចំនួន១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូក្នុងរាជាណាចក្ររបស់លោក ក៏ជាផ្នែកនៃពូជដ៏ពិសេសនោះដែរ។ (កាឡ. ៣:១៦, ២៩; បប. ១៤:១-៣) ការសម្រេចនៃពាក្យសន្យារបស់ព្រះទៅកាន់អាប្រាហាំ នឹងនាំមកពរជាច្រើនដល់ពួកអ្នកដែលស្ដាប់បង្គាប់និងទទួលស្គាល់លោកយេស៊ូ។
ហេតុអ្វីបានជាប៉ូលប្រើ«និមិត្តរូប»នេះ? គាត់បង្ហាញថា បើជនជាតិយូដានៅសម័យគាត់បន្តធ្វើតាមច្បាប់នោះ ពួកគេនឹងបន្តធ្វើជាខ្ញុំបម្រើដូចហាកា។ ប៉ុន្តែ បើពួកគេទទួលស្គាល់លោកយេស៊ូគ្រិស្តដែលជា«កូនចៅ»ឬពូជដ៏សំខាន់ចម្បងរបស់អាប្រាហាំ នោះពួកគេនឹងមានសេរីភាពដូចសារ៉ា។ ពួកគេនឹងត្រូវរំដោះឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (យ៉ូន. ៨:៣២-៣៤) បើពួកគេមិនទទួលស្គាល់លោកយេស៊ូទេ នោះបង្ហាញថាពួកគេមិនបានយល់គោលបំណងនៃកិច្ចព្រមព្រៀងខាងច្បាប់ ពោលគឺនាំទៅឯគ្រិស្ត។
គ្រិស្តសាសនិកជាច្រើននៅខេត្តកាឡាទីដែលប៉ូលបានសរសេរសំបុត្រឲ្យ មិនមែនជាជនជាតិយូដា ហើយមិនដែលនៅក្រោមច្បាប់ទេ។ គ្រិស្តសាសនិកជនជាតិយូដាខ្លះ ទាមទារឲ្យគ្រិស្តសាសនិកដែលជាជនជាតិដទៃធ្វើតាមច្បាប់ រួមទាំងទទួលការកាត់ចុងស្បែកដូចដែលច្បាប់តម្រូវ។ ប៉ូលពន្យល់ថា ការធ្វើដូច្នេះគឺជាអ្វីដ៏ល្ងង់ខ្លៅ។ គ្មានហេតុឲ្យពួកគេទៅជាខ្ញុំបម្រើនៃច្បាប់ទេ។ ពួកគេមានសេរីភាពហើយ ដោយសារពួកគេបានទទួលយកគ្រិស្ត។—កាឡ. ៥:១, ១០-១៤
a នេះកែតម្រូវអ្វីដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៦ ទំ.១០-១២ ជាភាសាអង់គ្លេស។