ថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
ចម្រៀងលេខ៦៥ ឈានទៅមុខ!
ចូរទទួលប្រយោជន៍ពីក្រុមផ្សព្វផ្សាយ
«ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ាអស់ពីដួងចិត្ត នៅក្នុងចំណោមក្រុមមនុស្សទៀងត្រង់»។—ចសព. ១១១:១
ចំណុចផ្ដោត
ប្រយោជន៍ដែលយើងទទួលពីការរៀបចំឲ្យមានក្រុមផ្សព្វផ្សាយ។
១-២. តើបងប្អូនជាច្រើនមានអារម្មណ៍យ៉ាងណាចំពោះការរៀបចំឲ្យមានក្រុមផ្សព្វផ្សាយ?
តើអ្នកចាំថ្ងៃដែលអ្នកបានទទួលការអនុញ្ញាតឲ្យធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អឬទេ? នោះគឺជាថ្ងៃដ៏សប្បាយចំពោះអ្នក ដោយសារចាប់ពីថ្ងៃនោះ អ្នកនៅក្នុងក្រុមដ៏ធំមួយដែលសរសើរនាមព្រះយេហូវ៉ា។ (ចសព. ១៤៨:១, ២, ១២, ១៣) ប៉ុន្តែ នៅថ្ងៃដដែលនោះ អ្នកក៏ប្រហែលជាចូលក្នុងក្រុមតូចមួយដែរ ដែលមានបងប្អូនរួមជំនឿតិចជាង គឺក្រុមផ្សព្វផ្សាយ។ ក្រុមផ្សព្វផ្សាយជួយយើងឲ្យធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ«នៅគ្រប់ទីអាស្រ័យនៅផែនដី»។—ម៉ាថ. ២៤:១៤
២ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការរៀបចំឲ្យមានក្រុមផ្សព្វផ្សាយ? បងស្រីម្នាក់ឈ្មោះវ៉េនឌីaនិយាយថា៖ «ក្រុមផ្សព្វផ្សាយរបស់ខ្ញុំបានជួយខ្ញុំតាមរបៀបជាច្រើន។ ខ្ញុំបានរៀនរបៀបផ្សព្វផ្សាយនិងរបៀបបង្រៀនថ្មីពីបងប្អូន បានទទួលជំនួយដើម្បីកំណត់និងសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ ហើយមានមិត្តភក្ដិល្អៗជាច្រើន។ អ្វីទាំងអស់នេះគឺដោយសារការរៀបចំឲ្យមានក្រុមផ្សព្វផ្សាយ»។ បងប្រុសម្នាក់ឈ្មោះរីចនិយាយថា៖ «ខ្ញុំចាត់ទុកថា ការបម្រើជាអ្នកត្រួតពិនិត្យក្រុមផ្សាយគឺជាឯកសិទ្ធិ។ អ្នកផ្សព្វផ្សាយខ្លះជួយអ្នកឯទៀតឲ្យរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក តែក្នុងនាមជាអ្នកត្រួតពិនិត្យក្រុមផ្សាយ ខ្ញុំមានឱកាសពិសេសដើម្បីជួយបុគ្គលនោះឲ្យរីកចម្រើនតទៅទៀតក្នុងការគោរពប្រណិប័តន៍ព្រះ»។ បងស្រីឌីណានិយាយថា៖ «ក្រុមផ្សព្វផ្សាយគឺជាការរៀបចំដ៏ល្អណាស់! ខ្ញុំចាត់ទុកក្រុមរបស់ខ្ញុំដូចក្រុមគ្រួសារខ្ញុំអីចឹង»។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទនេះ ដំបូងយើងនឹងពិចារណាអំពីតួនាទីរបស់អ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយនិងជំនួយការរបស់គាត់ ហើយមើលអំពីរបៀបដែលពួកគេជួយបងប្អូនដែលនៅក្នុងក្រុមរបស់ពួកគេ។ បន្ទាប់មក យើងនឹងពិចារណាអំពីរបៀបដែលយើងផ្ទាល់អាចជួយបងប្អូនដែលនៅក្នុងក្រុមផ្សាយរបស់យើង។ ចុងក្រោយ យើងនឹងឃើញអំពីរបៀបដែលយើងអាចទទួលប្រយោជន៍ពីការរៀបចំដែលប្រកបដោយសេចក្ដីស្រឡាញ់នេះ។
អ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយនិងជំនួយការរបស់គាត់
៤. (ក) តើអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយមានភារកិច្ចសំខាន់អ្វីខ្លះ? (ខ) តើអ្នកត្រួតពិនិត្យក្រុមផ្សាយថែរក្សាបងប្អូនដែលនៅក្នុងក្រុមរបស់គាត់យ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា «យោបល់សម្រាប់អ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយ»)
៤ អ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយគឺជាអ្នកចាស់ទុំbម្នាក់ដែលក្រុមពួកអ្នកចាស់ទុំបានជ្រើសរើសឲ្យជួយបងប្អូនក្នុងក្រុមរបស់គាត់ឲ្យចូលកាន់តែជិតព្រះយេហូវ៉ា ហើយទៅជាអ្នកផ្សាយនិងអ្នកបង្រៀនដែលមានប្រសិទ្ធភាព។ តើគាត់ធ្វើដូច្នេះយ៉ាងដូចម្ដេច? ទី១ គាត់យកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗក្នុងក្រុមរបស់គាត់។ (សុភ. ២៧:២៣) អ្នកត្រួតពិនិត្យក្រុមផ្សាយស្គាល់ពួកអ្នកដែលនៅក្នុងក្រុមជាមួយគាត់យ៉ាងច្បាស់ ហើយនិយាយជាមួយនឹងពួកគេជាទៀងទាត់ដើម្បីដឹងថាពួកគេសុខទុក្ខយ៉ាងណា។ ជាលទ្ធផល គាត់អាចជួយពួកគេឲ្យបន្តជិតស្និទ្ធនឹងព្រះយេហូវ៉ា បង្ហាញសេចក្ដីស្រឡាញ់ពេលពួកគេខ្វល់ខ្វាយឬធ្លាក់ទឹកចិត្ត និងជួយពួកគេតាមរបៀបផ្សេងៗទៀត។ (សុភ. ១២:២៥; អេ. ៣២:២; យ៉ា. ២:១៥-១៧) ទី២ គាត់ជួយអ្នកផ្សាយម្នាក់ៗឲ្យរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចបម្រើផ្សាយ។ គាត់នាំមុខក្នុងកិច្ចការផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ជាពិសេសនៅថ្ងៃសៅរ៍អាទិត្យ។ គាត់ក៏ផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយម្នាក់ៗជាទៀងទាត់ ដើម្បីផ្ដល់ការលើកទឹកចិត្តនិងការបង្ហាត់បង្រៀន។ បើម្ដងម្កាលគាត់មិនអាចទៅផ្សព្វផ្សាយបានទេ គាត់សុំជំនួយការរបស់គាត់ឬអ្នកផ្សាយឯទៀតដែលមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យជួយដឹកនាំក្រុមផ្សព្វផ្សាយ។ ទី៣ គាត់ជួយបងប្អូនប្រុសដែលបានទទួលការជ្រមុជទឹករួចហើយឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចក្នុងក្រុមជំនុំ។ (១ធី. ៣:១) គាត់សរសើរបងប្អូនប្រុសយ៉ាងស្មោះ ផ្ដល់ឱវាទដែលមានមូលដ្ឋានលើគម្ពីរ ហើយបង្ហាត់បង្រៀនពួកគេជាទៀងទាត់ដើម្បីជួយពួកគេឲ្យមានគុណសម្បត្តិគ្រប់គ្រាន់បម្រើជាជំនួយការខាងកិច្ចបម្រើនិងជាអ្នកចាស់ទុំ។ ដោយសារអ្នកត្រួតពិនិត្យក្រុមផ្សាយមានតួនាទីដ៏សំខាន់ នោះក្រុមពួកអ្នកចាស់ទុំនឹងជ្រើសរើសអ្នកចាស់ទុំដែលអាចបំពេញភារកិច្ចនេះបានយ៉ាងល្អ។
៥. តើអ្នកត្រួតពិនិត្យក្រុមផ្សាយជួបការពិបាកអ្វីខ្លះ?
៥ អ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយប្រហែលជាជួបការពិបាកផ្សេងៗកាលដែលគាត់មើលថែបងប្អូនដែលនៅក្នុងក្រុមផ្សាយរបស់គាត់។ សូមគិតអំពីបងប្រុសម្នាក់ឈ្មោះយើកដែលជាអ្នកត្រួតពិនិត្យក្រុមផ្សាយពីប្រទេសអាល្លឺម៉ង់។ ដូចអ្នកចាស់ទុំជាច្រើនទៀត គាត់ត្រូវបំពេញភារកិច្ចជាច្រើនក្នុងក្រុមជំនុំ។ គាត់និយាយថា៖ «ការធ្វើជាអ្នកត្រួតពិនិត្យក្រុមផ្សាយ ហើយនៅដំណាលគ្នានោះបំពេញភារកិច្ចឯទៀតក្នុងក្រុមជំនុំគឺមិនងាយស្រួលទេ។ ជាលទ្ធផល ខ្ញុំពិបាកសួរសុខទុក្ខបងប្អូនម្នាក់ៗក្នុងក្រុមផ្សាយរបស់ខ្ញុំដូចដែលខ្ញុំចង់ធ្វើទេ»។ អ្នកចាស់ទុំម្នាក់ឈ្មោះអាបេលដែលមានអាយុ៧០ឆ្នាំពីប្រទេសអ៊ូហ្គង់ដា និយាយថា៖ «ក្នុងក្រុមជំនុំរបស់យើងមិនសូវមានអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើទេ។ ដូច្នេះ ក្រុមផ្សព្វផ្សាយរបស់យើងគឺរាងធំបន្តិច។ ហេតុនេះហើយ ខ្ញុំពិបាកផ្សព្វផ្សាយនិងលើកទឹកចិត្តអ្នកផ្សាយម្នាក់ៗច្រើនដូចដែលចិត្តខ្ញុំចង់ទេ»។ រីឯបងប្រុសអូបិឌដែលជាអ្នកចាស់ទុំពីប្រទេសសូរីណាម និយាយថា៖ «ខ្ញុំចូលចិត្តបង្ហាត់បង្រៀនអ្នកឯទៀត។ ប៉ុន្តែ នោះត្រូវការពេលនិងកម្លាំង ហើយមិនសូវឃើញលទ្ធផលភ្លាមៗនោះទេ។ ដូច្នេះ ខ្ញុំច្រើនតែមិនបង្ហាត់បង្រៀនអ្នកឯទៀតដោយសារខ្ញុំជាប់រវល់បំពេញភារកិច្ចផ្សេងទៀត»។ តើអ្វីអាចជួយពួកអ្នកចាស់ទុំដែលជួបបញ្ហាទាំងនេះនិងបញ្ហាស្រដៀងនឹងនេះ?
៦. តើការមានក្រុមផ្សាយតូចល្មមជួយអ្នកត្រួតពិនិត្យក្រុមផ្សាយយ៉ាងដូចម្ដេចឲ្យថែរក្សាបងប្អូនក្នុងក្រុមរបស់ពួកគេ?
៦ បើអាចធ្វើបាន ក្រុមផ្សព្វផ្សាយគួរតែតូចល្មមដើម្បីអ្នកត្រួតពិនិត្យក្រុមផ្សាយអាចស្គាល់បងប្អូនទាំងអស់ក្នុងក្រុមរបស់គាត់យ៉ាងច្បាស់ ហើយជួយពួកគេឲ្យរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ចុះយ៉ាងណាបើមានអ្នកចាស់ទុំតិចនៅក្នុងក្រុមជំនុំ? បើក្រុមពួកអ្នកចាស់ទុំបង្កើតក្រុមផ្សាយធំ នោះអ្នកត្រួតពិនិត្យក្រុមផ្សាយនឹងពិបាកថែរក្សាបងប្អូនទាំងអស់ក្នុងក្រុមរបស់គាត់។ ដូច្នេះ ពួកអ្នកចាស់ទុំប្រហែលជាជ្រើសរើសជំនួយការខាងកិច្ចបម្រើ ឲ្យថែរក្សាក្រុមផ្សាយអស់មួយរយៈពេលសិន។ ពេលក្រុមផ្សាយតូចល្មម នោះអ្នកត្រួតពិនិត្យក្រុមផ្សាយអាចបំពេញតួនាទីដ៏សំខាន់បំផុតរបស់ពួកគេ គឺការថែរក្សាបងប្អូនរបស់ពួកគេ។
៧. ក្នុងក្រុមជំនុំដែលមិនសូវមានអ្នកចាស់ទុំ តើអ្នកត្រួតពិនិត្យក្រុមផ្សាយអាចធ្វើអ្វីដើម្បីប្រាកដថាបងប្អូនទាំងអស់ក្នុងក្រុមរបស់គាត់បានទទួលការថែទាំយ៉ាងល្អ? (ពេត្រុសទី១ ៥:២) (សូមមើលរូបភាពផងដែរ)
៧ បើអ្នកបម្រើជាអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយក្នុងក្រុមជំនុំដែលមិនសូវមានអ្នកចាស់ទុំ សូមផ្ដោតអារម្មណ៍ទៅលើការបង្ហាត់បង្រៀនជំនួយការរបស់អ្នកដើម្បីគាត់អាចជួយអ្នកមើលថែហ្វូងចៀមរបស់ព្រះ។ (សូមអាន ពេត្រុសទី១ ៥:២) សូមប្រគល់ភារកិច្ចមួយចំនួនដល់ជំនួយការរបស់អ្នក។ ជាឧទាហរណ៍ ម្ដងម្កាលអ្នកអាចសុំគាត់ឲ្យដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ។ គឺសំខាន់ដែរឲ្យនិយាយជាមួយគាត់អំពីរបៀបដែលអ្នកទាំងពីរអាចជួយបងប្អូនម្នាក់ៗក្នុងក្រុមផ្សព្វផ្សាយឲ្យបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ហើយរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ សូមនាំជំនួយការរបស់អ្នកទៅសួរសុខទុក្ខបងប្អូនក្នុងនាមជាគង្វាលជាទៀងទាត់ ហើយសូមផ្ដល់ការណែនាំនិងផ្ដល់យោបល់ដល់គាត់មុននិងក្រោយការសួរសុខទុក្ខទាំងនោះ។ យូរៗទៅ ជំនួយការរបស់អ្នកប្រហែលជាមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកត្រួតពិនិត្យក្រុមផ្សាយ។ (២ធី. ២:២) អ្នកក៏អាចសុំគ្រិស្តសាសនិកដែលមានភាពចាស់ទុំឯទៀតក្នុងក្រុមរបស់អ្នកឲ្យជួយបង្ហាត់បង្រៀនអ្នកផ្សាយដែរ។ អ្នកត្រួសត្រាយនិងអ្នកផ្សាយឯទៀតដែលមានបទពិសោធន៍ អាចផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយថ្មីនិងបងប្អូនដែលមិនសូវមានបទពិសោធន៍។ ពួកគេអាចបង្រៀនអំពីរបៀបចាប់ផ្ដើមការសន្ទនា ធ្វើការត្រឡប់ទៅជួបបុគ្គលដែលចាប់អារម្មណ៍ និងដឹកនាំការសិក្សាគម្ពីរ។ ឥឡូវ សូមឲ្យយើងពិចារណាអំពីអ្វីបីយ៉ាងដែលយើងម្នាក់ៗអាចធ្វើដើម្បីជួយក្រុមផ្សាយរបស់យើង។
អ្នកចាស់ទុំអាចបង្ហាត់បង្រៀនជំនួយការខាងកិច្ចបម្រើក្នុងក្រុមផ្សព្វផ្សាយរបស់គាត់ ដូចជាសុំគាត់ឲ្យដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយម្ដងម្កាល (សូមមើលវគ្គ៧)
របៀបដែលអ្នកអាចជួយក្រុមផ្សព្វផ្សាយរបស់អ្នក
៨. តើអ្នកអាចជួយក្រុមរបស់អ្នកយ៉ាងដូចម្ដេច? (រ៉ូម ១:១២)
៨ ចូរផ្សព្វផ្សាយជាមួយក្រុមរបស់អ្នក។ អ្នកអាចមានចំណែកក្នុងការ«លើកទឹកចិត្តគ្នាទៅវិញទៅមក» ពេលអ្នកចូលរួមផ្សព្វផ្សាយជាមួយនឹងអ្នកឯទៀត។ (សូមអាន រ៉ូម ១:១២) ការផ្សព្វផ្សាយជាមួយគ្នាក៏អាចធ្វើឲ្យបងប្អូននៅក្នុងក្រុមមានអារម្មណ៍ថាមានសុវត្ថិភាព ហើយមានទំនុកចិត្តច្រើនជាង។ បើការងាររបស់អ្នកច្រើនតែរារាំងអ្នកពីការគាំទ្រក្រុមផ្សព្វផ្សាយ តើអ្នកអាចសុំថៅកែរបស់អ្នកឲ្យផ្លាស់ប្ដូរម៉ោងការងាររបស់អ្នកឬទេ? អ្នកប្រហែលជាភ្ញាក់ផ្អើលនឹងប្រតិកម្មរបស់គាត់។ (នេហ. ២:៤-៦) បើអ្នកមានបញ្ហាសុខភាព ឬភាពវ័យចាស់ធ្វើឲ្យអ្នកពិបាកចូលរួចក្រុមផ្សាយដោយផ្ទាល់ សូមនិយាយជាមួយនឹងអ្នកត្រួតពិនិត្យក្រុមផ្សាយរបស់អ្នក។ គាត់ប្រហែលជាអាចរៀបចំឲ្យអ្នកចូលរួមក្រុមផ្សាយតាមកម្មវិធីវីដេអូ ហើយផ្សព្វផ្សាយដោយសរសេរសំបុត្រឬតាមទូរសព្ទ។ ចុះយ៉ាងណាបើអ្នកនៅក្មេងនិងមានសុខភាពល្អ តែអ្នកនៅតែពិបាកផ្សព្វផ្សាយជាទៀងទាត់? បើដូច្នេះ សូមណាត់ផ្សព្វផ្សាយជាមួយនឹងបងប្អូនក្នុងក្រុមរបស់អ្នកជារៀងរាល់សប្ដាហ៍។ អ្នកប្រហែលជាត្រូវគិតអំពីអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក ហើយរបៀបដែលអ្នកអាចប្រើពេលវេលារបស់អ្នកយ៉ាងឈ្លាសវៃជាង។ (រ៉ូម ១២:១១; កូឡ. ៤:៥) ពេលអ្នកខំអស់ពីសមត្ថភាពផ្សព្វផ្សាយជាមួយនឹងបងប្អូនក្នុងក្រុមរបស់អ្នកជាទៀងទាត់ គ្រប់គ្នាក្នុងក្រុមនឹងទទួលប្រយោជន៍។ សូមអធិដ្ឋានទៅព្រះយេហូវ៉ា។ លោកអាចឲ្យអ្នក«មានបំណងប្រាថ្នានិងមានការប្រព្រឹត្ត»។—ភី. ២:១៣
៩. តើយើងអាចជួយបង្កើតឲ្យមានបរិយាកាសកក់ក្ដៅនិងប្រកបដោយសេចក្ដីស្រឡាញ់ជាមួយនឹងក្រុមផ្សាយរបស់យើងយ៉ាងដូចម្ដេច? (រ៉ូម ១២:១៣)
៩ ចូរទទួលអ្នកឯទៀតដោយរាក់ទាក់។ យើងជួយបង្កើតឲ្យមានបរិយាកាសកក់ក្ដៅនិងដែលប្រកបដោយសេចក្ដីស្រឡាញ់ជាមួយនឹងក្រុមផ្សាយរបស់យើង ដោយ«មានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់»។ (សូមអាន រ៉ូម ១២:១៣) ជាឧទាហរណ៍ យើងអាចប្រើផ្ទះរបស់យើងសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយ។ ម្យ៉ាងទៀត នៅក្នុងក្រុមជំនុំខ្លះ ក្រុមផ្សាយនីមួយៗប្ដូរវេនគ្នាដើម្បីទទួលអ្នកថ្លែងដែលជាភ្ញៀវ ហើយបើអ្នកថ្លែងមិនអាចចូលរួមបានទេ ក្រុមផ្សាយខ្លះនៅតែបរិភោគអាហារនិងសេពគប់គ្នាក្រោយកិច្ចប្រជុំ។ អ្នកត្រួសត្រាយពិសេសម្នាក់ឈ្មោះសារ៉ានិយាយថា៖ «ខ្ញុំភ័យពេលអញ្ជើញអ្នកឯទៀតឲ្យមកផ្ទះខ្ញុំ ដូច្នេះខ្ញុំធ្វើអ្វីៗឲ្យសាមញ្ញ។ ខ្ញុំព្យាយាមផ្ចង់អារម្មណ៍ទៅលើការស្គាល់បងប្អូន ជាជាងខ្វល់ខ្វាយអំពីការធ្វើអាហារជាច្រើន»។ ពេលយើងជួយធ្វើឲ្យក្រុមផ្សព្វផ្សាយរបស់យើងមានអារម្មណ៍ដូចជាក្រុមគ្រួសារ នោះយើងចូលកាន់តែជិតព្រះយេហូវ៉ា និងកាន់តែជិតស្និទ្ធនឹងបងប្អូនក្នុងក្រុមផ្សាយរបស់យើង។—នេហ. ៨:១០; សកម្ម. ២០:៣៥
១០. តើយើងអាចធ្វើអ្វីបើយើងចង់បង្កើនភាពប៉ិនប្រសប់ក្នុងការផ្សព្វផ្សាយនិងបង្រៀន? (សុភាសិត ១:៥; ២៧:១៧) (សូមមើលរូបភាពផងដែរ)
១០ សូមចាត់វិធានការ។ កាលដែលយើងកាន់តែមានភាពប៉ិនប្រសប់ក្នុងការផ្សព្វផ្សាយនិងបង្រៀន យើងនឹងកាន់តែចូលចិត្តផ្សព្វផ្សាយជាមួយនឹងក្រុមផ្សាយរបស់យើង។ តើអ្នកចង់រីកចម្រើនក្នុងផ្នែកណាមួយនៃកិច្ចបម្រើផ្សាយឬទេ? សូមចាត់វិធានការដើម្បីសុំជំនួយពីនរណាម្នាក់ ដូចជាអ្នកត្រួសត្រាយឬអ្នកផ្សាយដែលមានបទពិសោធន៍ក្នុងក្រុមរបស់អ្នក។ (សូមអាន សុភាសិត ១:៥; ២៧:១៧) សូមប្រាប់អ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយរបស់អ្នកអំពីគោលដៅរបស់អ្នក។ គាត់ប្រហែលជាអាចជួយអ្នកឲ្យសម្រេចគោលដៅនោះ។ បងស្រីម្នាក់ឈ្មោះហេធើជាមនុស្សអៀន តែគាត់បានសុំជំនួយពីអ្នកឯទៀត។ គាត់និយាយថា៖ «ខ្ញុំបានសុំអ្នកត្រួសត្រាយម្នាក់ឲ្យជួយខ្ញុំធ្វើការត្រឡប់ទៅជួប។ គាត់មានសេចក្ដីស្រឡាញ់និងចិត្តសប្បុរស ហើយគាត់បានណាត់ផ្សព្វផ្សាយជាមួយខ្ញុំជារឿយៗ។ គាត់ថែមទាំងបានជួយខ្ញុំឲ្យចាប់ផ្ដើមបង្រៀនគម្ពីរដល់ការត្រឡប់ទៅជួបមួយរបស់ខ្ញុំទៀតផង។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានសុំជំនួយ ដោយសារឥឡូវខ្ញុំចូលចិត្តផ្សព្វផ្សាយម្ដងទៀត»។ មែនហើយ មានអ្វីជាច្រើនដែលយើងទាំងអស់គ្នាអាចធ្វើដើម្បីជួយគាំទ្រក្រុមផ្សព្វផ្សាយរបស់យើង។
ដោយសារក្រុមផ្សព្វផ្សាយតូចល្មម នោះជួយយើងឲ្យកាន់តែជិតស្និទ្ធគ្នានិងស្រួលផ្សព្វផ្សាយជាមួយគ្នា (សូមមើលវគ្គ១០)
តើអ្នកអាចទទួលប្រយោជន៍យ៉ាងណាពីក្រុមផ្សព្វផ្សាយ?
១១-១២. តើការរៀបចំឲ្យមានក្រុមផ្សាយអាចជួយអ្នកយ៉ាងណាឲ្យជិតស្និទ្ធនឹងព្រះយេហូវ៉ា? សូមរៀបរាប់បទពិសោធន៍មួយ។
១១ ជួយយើងឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ យើងម្នាក់ៗអាចទទួលប្រយោជន៍ពីការរៀបចំឲ្យមានក្រុមផ្សាយ។ ជាឧទាហរណ៍ អ្នកត្រួតពិនិត្យក្រុមផ្សាយអាចជួយថែទាំពួកអ្នកដែលព្រះយេហូវ៉ាពិតជាស្រឡាញ់និងដែលប្រហែលជាត្រូវការការយកចិត្តទុកដាក់យ៉ាងខ្លាំង ដូចជាស្ត្រីមេម៉ាយ កូនកំព្រា និងមនុស្សវ័យចាស់។ (១ថែ. ២:៨; យ៉ា. ១:២៧) ម្យ៉ាងទៀត យើងក៏ទទួលការបង្ហាត់បង្រៀនផ្សេងៗដែលយើងត្រូវការក្នុងកិច្ចការផ្សព្វផ្សាយនិងបង្រៀនដែរ។ បងប្អូនប្រុសដែលបានទទួលការជ្រមុជទឹករួចហើយនិងដែលទុកគំរូគួរឲ្យធ្វើតាម ទទួលជំនួយដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យទទួលភារកិច្ចថែមទៀតក្នុងក្រុមជំនុំ។—១ធី. ៣:១០
១២ សូមគិតអំពីប្រយោជន៍ដែលបងវ៉េនឌីដែលបានត្រូវរៀបរាប់នៅខាងលើបានទទួលពីការរៀបចំឲ្យមានក្រុមផ្សាយ។ គាត់និយាយថា៖ «ដោយសារឪពុករបស់ខ្ញុំប្រឆាំងនឹងសេចក្ដីពិត នោះម្ដាយរបស់ខ្ញុំច្រើនតែមិនអាចទៅផ្សព្វផ្សាយនៅថ្ងៃសៅរ៍អាទិត្យជាមួយនឹងក្រុមផ្សាយរបស់គាត់។ ប៉ុន្តែ ខ្ញុំអាចទៅបាន។ បងស្រីវ័យចាស់ម្នាក់ដែលជាអ្នកត្រួសត្រាយបានទៅជាមិត្តរបស់ខ្ញុំ ហើយយើងច្រើនតែផ្សព្វផ្សាយជាមួយគ្នា។ គាត់បង្ហាត់បង្រៀនខ្ញុំឲ្យមានភាពប៉ិនប្រសប់ជាងក្នុងកិច្ចបម្រើផ្សាយ ហើយជួយខ្ញុំឲ្យមានសកម្មភាពច្រើនជាងក្នុងក្រុមជំនុំ។ ខ្ញុំចាំមិនភ្លេចមានប៉ុន្មានដងដែលអ្នកត្រួតពិនិត្យក្រុមផ្សាយបានឲ្យខ្ញុំយោបល់ដ៏កក់ក្ដៅពីគម្ពីរ ហើយយោបល់នោះបានជួយខ្ញុំរហូតមកដល់សព្វថ្ងៃ»។
១៣. តើតាមរបៀបណាក្រុមផ្សព្វផ្សាយរបស់យើងអាចជួយយើងខាងផ្លូវចិត្ត? (សូមមើលរូបភាពផងដែរ)
១៣ ប្រយោជន៍ខាងផ្លូវចិត្ត។ យើងទៅជាមិត្តសម្លាញ់នឹងបងប្អូននៅក្នុងក្រុមផ្សាយរបស់យើង កាលដែលយើង«តស៊ូជាមួយគ្នា»ក្នុងកិច្ចបម្រើផ្សាយ។ (ភី. ១:២៧) ដោយសារក្រុមផ្សាយរបស់យើងតូចល្មម នោះងាយស្រួលឲ្យបងប្អូនដែលអៀន ឬដែលភ័យនៅក្នុងចំណោមមនុស្សច្រើន មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងបងប្អូនឯទៀត។ (២កូ. ៦:១៣) យើងអាចរំពឹងថាមិត្តទាំងនេះនឹងគាំទ្រយើងក្នុងអំឡុងពេលពិបាក ដូចជាពេលដែលយើងឈឺ ធ្លាក់ទឹកចិត្ត ឬកើតទុក្ខដោយសារមនុស្សជាទីស្រឡាញ់បានស្លាប់។ (១ថែ. ៥:១៤) យើងច្បាស់ជានឹងត្រូវការមិត្តល្អនៅថ្ងៃអនាគត។ (ម៉ាថ. ២៤:២១) យើងប្រហែលជាងាយស្រួលស៊ូទ្រាំនឹងបញ្ហារបស់យើងជាង ដោយសារយើងដឹងថាបងប្អូនរបស់យើងស្រឡាញ់យើង ហើយនឹងជួយយើង។—សុភ. ១៧:១៧
បងស្រីពីរនាក់ដែលនៅក្នុងក្រុមផ្សព្វផ្សាយដូចគ្នា ចេញទៅផ្សព្វផ្សាយជាមួយគ្នា (សូមមើលវគ្គ១៣)
១៤. តើយើងទទួលប្រយោជន៍យ៉ាងណាពីក្រុមផ្សាយរបស់យើងពេលមានមហន្តរាយឬរឿងបន្ទាន់?
១៤ ផ្ដល់ជំនួយ។ យើងទទួលជំនួយដែលយើងត្រូវការពីក្រុមផ្សាយពេលយើងត្រូវការការព្យាបាលជាបន្ទាន់ ពេលមានការផ្ទុះឡើងនៃជំងឺ មហន្តរាយធម្មជាតិ ការបៀតបៀន និងបញ្ហាសេដ្ឋកិច្ច។ ជាឧទាហរណ៍ ក្នុងក្រុមជំនុំនីមួយៗ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំព្រមទាំងអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយរៀបចំគម្រោងដើម្បីជួយពួកអ្នកដែលមានសេចក្ដីត្រូវការពិសេស។ ម្យ៉ាងទៀត អ្នកត្រួតពិនិត្យក្រុមផ្សាយនឹងទាក់ទងទៅបងប្អូនដែលនៅក្នុងក្រុមផ្សាយរបស់គាត់ដើម្បីដឹងអំពីសេចក្ដីត្រូវការរបស់ពួកគេខាងការព្យាបាល ទឹក អាហារ ជម្រក និងសម្លៀកបំពាក់។ ពេលអ្នកត្រួតពិនិត្យក្រុមផ្សាយស្គាល់អំពីរឿងនេះហើយ គាត់អាចរៀបចំឲ្យពួកគេទទួលជំនួយ។ យើងពិតជាទទួលប្រយោជន៍និងការយកចិត្តទុកដាក់ពីក្រុមផ្សាយរបស់យើង។
១៥. តើពួកអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាទាំងអស់រួមគ្នាធ្វើអ្វី?
១៥ ដូចបានរៀបរាប់នៅខាងលើ អង្គការរបស់ព្រះយេហូវ៉ាគឺធំណាស់! ផ្នែកនៅស្ថានសួគ៌មានបុគ្គលវិញ្ញាណដ៏ស្មោះត្រង់ជាច្រើនអនេក។ ចំណែកឯផ្នែកនៅផែនដី មានជាង៩លាននាក់ ហើយក៏កំពុងកើនឡើងជារៀងរាល់ថ្ងៃ។ (សាក. ៨:២៣; បប. ៥:១១) អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាទាំងអស់រួមគ្នាក្នុងការខំប្រឹងប្រកាសផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ! (បប. ១៤:៦, ៧) សូមឲ្យយើងទទួលប្រយោជន៍យ៉ាងពេញលេញពីការរៀបចំឲ្យមានក្រុមផ្សព្វផ្សាយ គឺជាការរៀបចំដែលជួយយើងឲ្យសរសើរព្រះយេហូវ៉ាអស់ពីចិត្ត។—ចសព. ១១១:១
ចម្រៀងលេខ៦១ សាក្សីទាំងឡាយអើយ! ចូរឈានទៅមុខ!
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b បើចាំបាច់ ជំនួយការខាងកិច្ចបម្រើដែលមានសមត្ថភាពអាចធ្វើកិច្ចការនេះបាន ទម្រាំដល់អ្នកចាស់ទុំម្នាក់អាចបំពេញភារកិច្ចនោះវិញ។ ជំនួយការខាងកិច្ចបម្រើដែលបំពេញភារកិច្ចនេះបានត្រូវហៅថា ជំនួយការក្រុម ព្រោះគាត់មិនមែនជាអ្នកចាស់ទុំក្នុងក្រុមជំនុំទេ។ ផ្ទុយទៅវិញ គាត់បំពេញភារកិច្ចនេះក្រោមការដឹកនាំរបស់ពួកអ្នកចាស់ទុំ។