ថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
ចម្រៀងលេខ១២៧ ខ្ញុំគួរជាមនុស្សដែលព្រះពេញចិត្ត
ចូរប្រើគោលការណ៍គម្ពីរដើម្បីបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់អ្នក
«ម្នាក់ៗត្រូវទទួលភារៈរបស់ខ្លួន»។—កាឡ. ៦:៥
ចំណុចផ្ដោត
បង្ហាញអំពីរបៀបដែលគោលការណ៍គម្ពីរអាចជួយយើងឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យដើម្បីឲ្យវាអាចណែនាំយើងយ៉ាងល្អ។
១-២. (ក) តើព្រះយេហូវ៉ាបានឲ្យអំណោយអ្វីដល់អាដាមនិងអេវ៉ា? (ខ) តើពួកគេគួរបង្ហាញចិត្តកតញ្ញូចំពោះអំណោយនោះយ៉ាងដូចម្ដេច?
សត្វធ្វើអ្វីៗតាមសភាវគតិរបស់វា។ រីឯម៉ាស៊ីនជាច្រើនវិញ វាដំណើរការទៅតាមកម្មវិធីដែលគេបានដាក់បញ្ចូលនៅក្នុងវា។ ប៉ុន្តែ មនុស្សគឺខុសគ្នា។ យើងបានត្រូវបង្កើតឡើងទាំងមានអំណោយដ៏ពិសេសមួយ ជាអំណោយដែលគ្រិស្តសាសនិកពិតឲ្យតម្លៃយ៉ាងខ្លាំង។ អំណោយនោះគឺចិត្តសេរី ពោលគឺសមត្ថភាពធ្វើការសម្រេចចិត្តដោយខ្លួនឯងក្នុងជីវិត។ គម្ពីរប្រាប់យើងថា អាដាមដែលជាបុរសដំបូង បានត្រូវបង្កើតឲ្យមានភាពឬលក្ខណៈដូចព្រះ។ (ដក. ១:២៦, ២៧) ព្រះយេហូវ៉ាបានបង្កើតអាដាមនិងអេវ៉ាដែលជាប្រពន្ធរបស់គាត់ ឲ្យមានសមត្ថភាពធ្វើការសម្រេចចិត្តដោយខ្លួនឯង។
២ ព្រះយេហូវ៉ាមិនបានឲ្យអាដាមនិងអេវ៉ានូវច្បាប់ជាច្រើននោះទេ។ លោកគ្រាន់តែប្រាប់ពួកគេឲ្យគ្រប់គ្រងផែនដី បង្កើតកូនឲ្យមានពេញពាសលើផែនដី និងគោរពសិទ្ធិអំណាចរបស់លោកក្នុងការដាក់កម្រិតលើអ្វីដែលពួកគេអាចធ្វើប៉ុណ្ណោះ។ (ដក. ១:២៨; ២:១៦, ១៧) តើតាមរបៀបណាអាដាមនិងអេវ៉ាគួរបង្ហាញចិត្តដឹងគុណចំពោះបុគ្គលដែលបានឲ្យចិត្តសេរីដល់ពួកគេ? ព្រះយេហូវ៉ាបានឲ្យពួកគេនូវអ្វីៗជាច្រើន។ នេះគួរជំរុញចិត្តពួកគេឲ្យធ្វើតាមបង្គាប់ដ៏សាមញ្ញទាំងនោះ។ យ៉ាងនេះ ពួកគេអាចបង្ហាញថាពួកគេមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ា ហើយថាពួកគេស្រឡាញ់លោក និងចង់ធ្វើឲ្យលោកពេញចិត្ត។—សុភ. ២៣:១៥
៣. តើអាដាមនិងអេវ៉ាប្រើចិត្តសេរីរបស់ពួកគេយ៉ាងដូចម្ដេច?
៣ គម្ពីរបង្ហាញថា អាដាមនិងអេវ៉ាមិនបានប្រើចិត្តសេរីរបស់ពួកគេដោយឈ្លាសវៃនោះទេ។ ផ្ទុយទៅវិញ ពួកគេបានសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ពួកគេធ្វើការសម្រេចចិត្តនោះ ដោយសារពួកគេស្រឡាញ់តែខ្លួនឯង មិនមែនស្រឡាញ់ព្រះយេហូវ៉ាទេ។ (ដក. ៣:១-៧) ជាលទ្ធផល យើងរងទុក្ខរហូតមកដល់សព្វថ្ងៃ ដោយសារការសម្រេចចិត្តមិនល្អនោះ។—រ៉ូម ៥:១២
៤. (ក) យោងទៅតាមកាឡាទី ៦:៥ តើយើងទាំងអស់គ្នាត្រូវធ្វើអ្វី? (ខ) នៅក្នុងអត្ថបទនេះ តើយើងនឹងពិចារណាអំណោយអ្វីទៀត?
៤ ជីវិតរបស់យើងនៅសព្វថ្ងៃនេះគឺស្មុគស្មាញណាស់ ដោយសារយើងត្រូវធ្វើការសម្រេចចិត្តជាច្រើនជារៀងរាល់ថ្ងៃ។ (សូមអាន កាឡាទី ៦:៥) ការសម្រេចចិត្តខ្លះស្រួល រីឯការសម្រេចចិត្តខ្លះទៀត មិនស្រួលទេ។ តើតាមរបៀបណាយើងអាចធ្វើការសម្រេចចិត្តដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត? ដំបូង យើងត្រូវទទួលស្គាល់ថាយើងត្រូវការជំនួយពីព្រះយេហូវ៉ា។ (សុភ. ១៦:៣; យេ. ១០:២៣) សូម្បីតែលោកយេស៊ូដែលជាមនុស្សល្អឥតខ្ចោះ ក៏ទទួលស្គាល់ថាលោកត្រូវការជំនួយពីព្រះដែរ។ (ហេ. ៥:៧) ទម្រាំតែយើងដែលជាមនុស្សមិនល្អឥតខ្ចោះ យើងត្រូវការការណែនាំពីព្រះយេហូវ៉ាច្រើនជាងនោះទៅទៀត។ ឥឡូវ សូមឲ្យយើងពិចារណាអំណោយមួយទៀតពីព្រះដែលនឹងជួយយើងឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ គឺសមត្ថភាពវិនិច្ឆ័យ។
តើសមត្ថភាពវិនិច្ឆ័យគឺជាអ្វី?
៥. (ក) នៅក្នុងគម្ពីរ តើសមត្ថភាពវិនិច្ឆ័យគឺជាអ្វី? (ខ) តើសមត្ថភាពវិនិច្ឆ័យអាចជួយយើងយ៉ាងដូចម្ដេច? (រ៉ូម ២:១៤, ១៥)
៥ ព្រះបានបង្កើតមនុស្សជាតិឲ្យមានសមត្ថភាពវិនិច្ឆ័យដើម្បីពួកគេអាចកត់សម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។ សូម្បីតែបុគ្គលដែលមិនស្គាល់អំពីច្បាប់របស់ព្រះសោះ ក៏មានសមត្ថភាពវិនិច្ឆ័យដែរ។ (២កូ. ៤:២) នៅក្នុងគម្ពីរ សមត្ថភាពវិនិច្ឆ័យគឺដូចជាចៅក្រមមួយនៅក្នុងចិត្តយើង ដែលអាចប្រកាន់ទោសចំពោះគំនិតនិងការប្រព្រឹត្តរបស់យើង ឬថាយើងគ្មានទោសទេ។ (សូមអាន រ៉ូម ២:១៤, ១៥) សមត្ថភាពវិនិច្ឆ័យអាចព្រមានយើងមិនឲ្យធ្វើអ្វីដែលយើងដឹងថាខុស ឬវាអាចជំរុញចិត្តយើងឲ្យធ្វើអ្វីដែលយើងដឹងថាត្រឹមត្រូវ។ (១សាំ. ២៦:៨-១១) ទោះជាយើងមានចិត្តសេរីក៏ដោយ នេះមិនមានន័យថាការសម្រេចចិត្តនីមួយៗរបស់យើងគឺនាំឲ្យព្រះយេហូវ៉ាពេញចិត្តទេ។ សមត្ថភាពវិនិច្ឆ័យរបស់យើងគួរជួយយើងឲ្យចេះកត់សម្គាល់ភាពខុសគ្នារវាងការសម្រេចចិត្តល្អ និងការសម្រេចចិត្តមិនល្អ។
៦. ហេតុអ្វីសមត្ថភាពវិនិច្ឆ័យរបស់យើងមិនតែងតែដំណើរការត្រឹមត្រូវ?
៦ ប៉ុន្តែ សមត្ថភាពវិនិច្ឆ័យរបស់យើងមិនតែងតែដំណើរការត្រឹមត្រូវទេ។ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ នោះសមត្ថភាពវិនិច្ឆ័យរបស់យើងក៏មិនល្អឥតខ្ចោះដែរ។ វាអាចទទួលឥទ្ធិពលមិនល្អពីរបៀបដែលយើងបានត្រូវចិញ្ចឹមអប់រំ វប្បធម៌ និងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង។ គម្ពីរចែងថា សមត្ថភាពវិនិច្ឆ័យអាចទៅជា«ខ្សោយ» «មិនស្អាតបរិសុទ្ធ» «ស្ពឹក ដូចស្បែកដែលរលាកដោយដែកដុត» ឬថែមទាំង«មិនស្អាតស្អំ»ទៀតផង។ (១កូ. ៨:១២; ទីត. ១:១៥; ១ធី. ៤:២; ហេ. ១០:២២) សមត្ថភាពវិនិច្ឆ័យបែបនោះលែងអាចណែនាំយើងយ៉ាងត្រឹមត្រូវទៀតហើយ គឺប្រៀបដូចជាឧបករណ៍ប្រកាសអាសន្នពេលមានផ្សែងដែលបានខូច ហើយត្រូវជួសជុល។ ដូច្នេះ យើងត្រូវខំព្យាយាមដើម្បីមានសមត្ថភាពវិនិច្ឆ័យដែលណែនាំយើងយ៉ាងត្រឹមត្រូវ។ (១ពេ. ៣:១៦) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
របៀបបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង
៧-៨. (ក) តើអ្វីនឹងជួយយើងឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង? (ខ) តើគោលការណ៍គម្ពីរជួយណែនាំយើងយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។ (សូមមើលរូបភាពផងដែរ)
៧ តើយើងអាចបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងយ៉ាងដូចម្ដេច? យើងត្រូវអានគម្ពីរជាទៀតទាត់ ហើយរៀនឲ្យចេះសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវតាមទស្សនៈព្រះយេហូវ៉ា។ ការសិក្សាច្បាប់របស់លោកនឹងជួយយើងឲ្យយល់អំពីទស្សនៈរបស់លោកចំពោះរឿងផ្សេងៗ។ ប៉ុន្តែ ដូចបានរៀបរាប់នៅអត្ថបទមុន ច្បាប់ប្រហែលជាអាចជួយយើងតែក្នុងស្ថានភាពមួយចំនួនប៉ុណ្ណោះ។ នេះជាមូលហេតុដែលយើងក៏ត្រូវស្វែងរកគោលការណ៍គម្ពីរដែរ ដោយសារគោលការណ៍ទាំងនោះជួយយើងឲ្យកាន់តែយល់របៀបគិតគូរនិងអារម្មណ៍របស់ព្រះយេហូវ៉ា។—អេ. ៥៥:៩
៨ ជីវិតរបស់យើងអាចប្រដូចទៅនឹងការដើរក្នុងតំបន់ស្ងាត់ជ្រងំ។ សូមស្រមៃគិតអំពីតំបន់ស្ងាត់ជ្រងំដែលគ្មានផ្លូវឬផ្លាកសញ្ញា។ យើងអាចមើលដួងអាទិត្យនិងផ្កាយដើម្បីស្គាល់ទិសដៅដែលយើងគួរដើរដើម្បីទៅដល់គោលដៅរបស់យើង។ ប៉ុន្តែ បើមានផែនទីមួយដែលបង្ហាញអំពីទីតាំងសម្គាល់ភូមិសាស្ត្រច្បាស់លាស់តាមផ្លូវ នោះយើងនឹងកាន់តែស្រួលធ្វើដំណើរ។ ផែនទីបែបនេះជួយយើងឲ្យជឿជាក់ថាយើងកំពុងដើរទៅទិសត្រឹមត្រូវ ហើយជួយយើងឲ្យចេះសម្គាល់ពេលយើងដើរខុសទិស។ ស្រដៀងគ្នាដែរ គោលដៅដែលយើងមានក្នុងជីវិត គឺធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ គម្ពីរប្រៀបដូចជាផែនទីដែលប្រាប់យើងអំពីការណែនាំជាក់លាក់ដែលអាចជួយយើងឲ្យធ្វើដូច្នេះ។ រីឯគោលការណ៍ដែលមាននៅក្នុងគម្ពីរវិញ នោះគឺដូចទីតាំងភូមិសាស្ត្រនៅតាមផ្លូវ។ ការធ្វើតាមគោលការណ៍គម្ពីរទាំងនោះនឹងជួយយើងឲ្យប្រាកដថា យើងនឹងទៅដល់ទីដៅរបស់យើង។
គោលការណ៍គម្ពីរគឺដូចជាទីតាំងភូមិសាស្ត្រនៅតាមផ្លូវដែលជួយយើងឲ្យជឿជាក់ថាយើងកំពុងដើរតាមទិសដៅត្រឹមត្រូវ (សូមមើលវគ្គ៨)
៩. តើអ្វីផ្សេងទៀតអាចជួយយើងឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង? (រ៉ូម ៩:១, ២)
៩ ដើម្បីបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យដំណើរការត្រឹមត្រូវ យើងត្រូវការជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ (សូមអាន រ៉ូម ៩:១, ២) ឫទ្ធានុភាពបរិសុទ្ធនឹងជួយយើងឲ្យយល់អំពីទស្សនៈរបស់ព្រះចំពោះរឿងផ្សេងៗ ហើយក៏អាចជំរុញចិត្តនិងផ្ដល់កម្លាំងឲ្យយើងដើម្បីធ្វើអ្វីផ្សេងៗស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដែរ។ (ភី. ២:១៣) ប៉ុន្តែ តើយើងអាចទទួលជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១០. តើតាមរបៀបណាយើងអាចទទួលជំនួយពីឫទ្ធានុភាពបរិសុទ្ធ? (លូកា ១១:១០, ១៣)
១០ សូមអធិដ្ឋានសុំឫទ្ធានុភាពបរិសុទ្ធ។ (សូមអាន លូកា ១១:១០, ១៣) យើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ាចង់ឲ្យឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់យើង។ (យ៉ូន. ៣:៣៤) លោកឲ្យឫទ្ធានុភាពបរិសុទ្ធនោះដោយចិត្តទូលាយដល់ពួកអ្នកដែលធ្វើតាមការណែនាំរបស់លោក។ (សុភ. ១:២៣; យ៉ា. ១:៥) ប៉ុន្តែ តើមានអ្វីផ្សេងទៀតដែលនឹងជួយយើងឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង?
១១. (ក) តើអ្វីគួរសំខាន់បំផុតក្នុងជីវិតរបស់យើង? (ខ) ហេតុអ្វីយើងត្រូវធ្វើឲ្យប្រាកដថាសមត្ថភាពវិនិច្ឆ័យរបស់យើងបានត្រូវបង្វឹកបង្ហាត់និងដំណើរការយ៉ាងត្រឹមត្រូវ?
១១ សូមព្យាយាមធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តជានិច្ច។ (សុភ. ៨:៣៤, ៣៥) នេះគួរតែជាអ្វីដែលសំខាន់បំផុតចំពោះយើង។ បើយើងចាំថាយើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តក្នុងគ្រប់ការទាំងអស់ នោះអាចជួយបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង។ យើងនឹងមានសមត្ថភាពវិនិច្ឆ័យដែលដំណើរការយ៉ាងត្រឹមត្រូវ បើយើងមានរបៀបគិតគូរដូចព្រះយេហូវ៉ា និងយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់លោក។ យើងរស់នៅក្នុងគ្រាដ៏លំបាកណាស់ ដូច្នេះយើងយល់ថា ការមានសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អគឺសំខាន់ណាស់។ យើងច្រើនតែជួបស្ថានភាពដែលមិនបានត្រូវរៀបរាប់យ៉ាងជាក់លាក់ក្នុងគម្ពីរទេ។ ស្ថានភាពទាំងនោះប្រហែលជាជាប់ទាក់ទងនឹងការកម្សាន្ត ការងារ ការអប់រំ ឬទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកឯទៀត។ ដូច្នេះ តើតាមរបៀបណាយើងអាចប្រាកដថាព្រះយេហូវ៉ាពេញចិត្តចំពោះការសម្រេចចិត្តដែលយើងធ្វើក្នុងរឿងទាំងនេះ?—២កូ. ១:១២
១២. តើអ្វីនឹងជួយយើងឲ្យដឹងថាសមត្ថភាពវិនិច្ឆ័យរបស់យើងកំពុងជួយយើងឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ? (អេភេសូរ ៥:១០)
១២ សូមរំពឹងគិតទៅលើអ្វីដែលអ្នកអានក្នុងបណ្ដាំរបស់ព្រះ។ (ចសព. ៤៩:៣) ពេលអ្នកអានគម្ពីរ សូមស្វែងរកគោលការណ៍ដែលនឹងជួយអ្នកឲ្យយល់របៀបគិតគូររបស់ព្រះយេហូវ៉ា។ (សូមអាន អេភេសូរ ៥:១០) កាលដែលយើងឆ្លងកាត់បញ្ហាផ្សេងៗក្នុងជីវិត យើងត្រូវស្វែងរកគោលការណ៍ក្នុងគម្ពីរដែលនឹងជួយយើងឲ្យដឹងថា សមត្ថភាពវិនិច្ឆ័យរបស់យើងកំពុងជួយយើងឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវឬយ៉ាងណា។ (សុភ. ២:៤-៩, ១១-១៣) គោលការណ៍ទាំងនេះអាចជួយយើងឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង ហើយជួយយើងឲ្យធ្វើអ្វីដែលព្រះយេហូវ៉ាពេញចិត្ត។—ហេ. ៥:១៤
១៣. តើយើងគួរជៀសវាងពីអ្វី? សូមលើកឧទាហរណ៍មួយ។
១៣ សូមកុំធ្វើការសម្រេចចិត្តហើយ រួចមកស្វែងរកគោលការណ៍គម្ពីរដើម្បីគាំទ្រការសម្រេចចិត្តនោះ។ យើងមិនចង់ធ្វើតាមជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ក្នុងទឹកដីយូដា ក្រោយពីការបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៦០៧ មុនគ.ស.ទេ។ ពួកគេបានប្រាប់យេរេមាថា៖ «សូមព្រះយេហូវ៉ាជាព្រះនៃអ្នក ប្រាប់យើងនូវផ្លូវដែលយើងគួរដើរ និងអ្វីដែលយើងគួរធ្វើផង»។ (យេ. ៤២:៣-៦) តាមការពិត ពួកគេបានសម្រេចចិត្តរួចហើយថាពួកគេនឹងធ្វើអ្វី។ ពេលពួកគេមិនពេញចិត្តនឹងការណែនាំពីព្រះយេហូវ៉ា ពួកគេបានធ្វើតាមអ្វីដែលពួកគេបានសម្រេចចិត្តរួចហើយនោះ។ នេះនាំឲ្យពួកគេជួបអន្តរាយ។ (យេ. ៤២:១៩-២២; ៤៣:១, ២, ៤) ដូច្នេះ មុនយើងធ្វើការសម្រេចចិត្តណាមួយ យើងត្រូវស្វែងរកគោលការណ៍គម្ពីរដែលបង្ហាញអំពីទស្សនៈរបស់ព្រះយេហូវ៉ា ហើយក្រោយមកធ្វើតាម។
១៤. ហេតុអ្វីយើងត្រូវធ្វើតាមគោលការណ៍គម្ពីរពេលធ្វើការសម្រេចចិត្ត?
១៤ សូមធ្វើការសម្រេចចិត្តដែលមានមូលដ្ឋានលើគោលការណ៍គម្ពីរ។ (ម៉ាថ. ៧:២៤-២៩; យ៉ា. ១:២៣-២៥) ពេលយើងធ្វើការសម្រេចចិត្តដោយផ្អែកទៅលើគោលការណ៍គម្ពីរ យើងអនុញ្ញាតឲ្យឫទ្ធានុភាពបរិសុទ្ធរបស់ព្រះណែនាំយើង។ ជាលទ្ធផល ព្រះយេហូវ៉ាបន្តឲ្យឫទ្ធានុភាពរបស់លោកដល់យើង។ (សកម្ម. ៥:៣២) ប៉ុន្តែ បើយើងមិនឲ្យឫទ្ធានុភាពបរិសុទ្ធរបស់ព្រះណែនាំយើងទេ យើងអាចធ្វើឲ្យឫទ្ធានុភាពនោះ«កើតទុក្ខ» ឬប្រឆាំងនឹងឫទ្ធានុភាពបរិសុទ្ធនោះ។ (អេភ. ៤:៣០; អេ. ៦៣:១០; សកម្ម. ៧:៥១) ព្រះយេហូវ៉ាថែមទាំងអាចដកឫទ្ធានុភាពរបស់លោកចេញពីយើងទៀតផង។ (ចសព. ៥១:១១; ១ថែ. ៥:១៩) យើងមិនចង់ឲ្យនេះកើតឡើងទេ ដោយសារយើងត្រូវការកម្លាំងដែលមកពីឫទ្ធានុភាពបរិសុទ្ធ។—អេភ. ៣:១៦
របៀបអនុវត្តតាមគោលការណ៍គម្ពីរ
១៥-១៦. (ក) តើតាមរបៀបណាយើងអាចស្វែងរកគោលការណ៍គម្ពីរដែលជាប់ទាក់ទងនឹងស្ថានភាពរបស់យើង? (ខ) តើគោលការណ៍គម្ពីរអ្វីខ្លះអាចជួយសិស្សគម្ពីរឲ្យឈប់ជក់បារី?
១៥ សូមប្រើឧបករណ៍ផ្សេងៗដើម្បីធ្វើការស្រាវជ្រាវ។ មុនយើងអាចអនុវត្តតាមគោលការណ៍គម្ពីរ យើងត្រូវកត់សម្គាល់គោលការណ៍ទាំងនោះក្នុងបទគម្ពីរ។ ជាឧទាហរណ៍ ចុះបើសិស្សគម្ពីររបស់អ្នកមិនយល់អំពីមូលហេតុដែលការជក់បារីគឺខុស។ គាត់ប្រហែលជាវែកញែកថា ‹គម្ពីរមិនបានចែងអំពីការជក់បារីទេ។ ដូច្នេះ តើយើងដឹងយ៉ាងដូចម្ដេចថាការជក់បារីគឺខុស?›។ តើអ្នកអាចជួយគាត់ឲ្យស្វែងរកគោលការណ៍គម្ពីរដែលជាប់ទាក់ទងនឹងរឿងនោះ ហើយវែកញែកលើគោលការណ៍ទាំងនោះយ៉ាងដូចម្ដេច? ឧបករណ៍ដ៏ល្អមួយគឺសៀវភៅជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា។ អ្នកអាចបង្ហាញសិស្សរបស់អ្នកចំណងជើងតូច «ថ្នាំជក់និងការជក់បារី»។ នៅក្រោមចំណងជើងតូចនោះ គាត់នឹងឃើញអត្ថបទដែលមានចំណងជើងថា «តើព្រះមានទស្សនៈយ៉ាងណាចំពោះការជក់បារី?»។ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤) កាលដែលគាត់អានអត្ថបទនោះ តើគាត់នឹងរកឃើញបទគម្ពីរនិងគោលការណ៍អ្វីខ្លះ?
១៦ សូមពិចារណាគោលការណ៍ប្រាំយ៉ាងដែលមាននៅក្នុងអត្ថបទនោះ។ (១) យើងមិនគួរទៅជាខ្ញុំបម្រើនៃអ្វីដែលនាំឲ្យស្លាប់ឡើយ។ (រ៉ូម ៦:១៦) (២) យើងគួរជៀសវាងពីអ្វីណាក៏ដោយដែលនឹងបង្ខូចរូបរាងកាយរបស់យើង។ (២កូ. ៧:១) (៣) ព្រះយេហូវ៉ាចង់ឲ្យយើងបម្រើលោកអស់ពីដួងចិត្ត អស់ពីជីវិត និងអស់ពីសមត្ថភាពរិះគិត។ (ម៉ាថ. ២២:៣៧) (៤) យើងមិនគួរធ្វើអ្វីដែលបង្ខូចសុខភាពអ្នកឯទៀតឡើយ។ (ម៉ាថ. ២២:៣៩; ១កូ. ១០:២៤) (៥) ព្រះយេហូវ៉ាអាចឲ្យកម្លាំងដល់យើងដើម្បីធ្វើអ្វីដែលត្រឹមត្រូវ។ (ភី. ៤:១៣) ដូច្នេះ សូម្បីតែគម្ពីរមិនបានចែងចំៗអំពីការជក់បារីក៏ដោយ គោលការណ៍ដែលមាននៅក្នុងគម្ពីរអាចជួយសិស្សរបស់អ្នកឲ្យស្វែងយល់អំពីរបៀបគិតគូររបស់ព្រះយេហូវ៉ា។
១៧. តើតាមរបៀបណាគូដែលកំពុងរៀបចំពិធីមង្គលការអាចស្វែងរកគោលការណ៍គម្ពីរដែលនឹងជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ?
១៧ តើតាមរបៀបណាគូដែលកំពុងរៀបចំពិធីមង្គលការអាចស្វែងរកគោលការណ៍គម្ពីរដែលនឹងជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ? ម្ដងនេះទៀត សៀវភៅជំនួយស្រាវជ្រាវអាចជួយពួកគេបាន។ នៅក្រោមចំណងជើងតូច «ការរៀបការនិងពិធីមង្គលការ» មានបញ្ជីអត្ថបទដែលរួមបញ្ចូលគោលការណ៍គម្ពីរផ្សេងៗ។ សូមគិតអំពីគោលការណ៍៦យ៉ាងដែលគូដែលកំពុងរៀបចំពិធីមង្គលការអាចគិតពិចារណា។ (១) ការរៀបចំទាំងអស់គួរតែនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។ (១កូ. ១០:៣១, ៣២) (២) សម្លៀកបំពាក់របស់យើងគួរតែថ្លៃថ្នូរ រមទម និងមិនធ្វើឲ្យអ្នកឯទៀតជំពប់ដួល។ (១ធី. ២:៩; ១ពេ. ៣:៣, ៤) (៣) យើងគួរជៀសវាងពីការអួតសម្ញែងភាពមានបានរបស់ខ្លួន ដូចមនុស្សក្នុងពិភពលោកសាថានធ្វើនៅពិធីមង្គលការរបស់ពួកគេ។ (យ៉ូន. ១៧:១៤; យ៉ា. ១:២៧; ១យ៉ូន. ២:១៥, ១៦) (៤) ការរៀបចំផ្សេងៗគួរតែមានរបៀបរៀបរយ។ (១កូ. ១៤:៤០) (៥) ពិធីញ៉ាំការមិនគួរតែជាការជប់លៀងសប្បាយឥតបើគិតដែលមានការផឹកស្រាឲ្យស្រវឹង។ (កាឡ. ៥:២១) (៦) គួរតែមាននរណាម្នាក់មានភារកិច្ចធ្វើជាអ្នកចាត់ចែងពិធីក្នុងកម្មវិធីនោះ។—យ៉ូន. ២:៨, ៩
១៨-១៩. (ក) តើមានឧបករណ៍ផ្សេងទៀតអ្វីដែលអាចជួយយើង? (ខ) តើតាមរបៀបណាអ្នកអាចប្រើឧបករណ៍នេះដើម្បីស្វែងរកគោលការណ៍គម្ពីរដែលនឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្តល្អស្ដីអំពីពិធីបុណ្យ? (សូមមើលប្រអប់ដែលមានចំណងជើងថា«តើអ្នកអាចកត់សម្គាល់គោលការណ៍ឬទេ?»)
១៨ ឧបករណ៍មួយទៀតដែលបានជួយបងប្អូនជាច្រើន គឺសៀវភៅបទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក។ នៅក្នុងសៀវភៅនេះ ក្រោមប្រធានបទនីមួយៗ មានបទគម្ពីរផ្សេងៗ។ ក្រោយពីអ្នកជ្រើសរើសប្រធានបទ អ្នកនឹងឃើញសំណួរផ្សេងៗនិងបទគម្ពីរដែលអាចជួយអ្នកឲ្យស្វែងយល់គោលការណ៍គម្ពីរ។ ជាឧទាហរណ៍ គ្រិស្តសាសនិកណាម្នាក់ប្រហែលជាឆ្ងល់ថា គាត់គួរចូលរួមពិធីបុណ្យណាមួយឬយ៉ាងណា។ បើគាត់មើលចំណងជើង«បុណ្យផ្សេងៗ» នោះគាត់នឹងឃើញចំណងជើងតូច«បុណ្យដែលគ្រិស្តសាសនិកមិនចូលរួម»។
១៩ សូមគិតអំពីព័ត៌មានខ្លះដែលបានលើកឡើងក្រោមផ្នែក «ហេតុអ្វីការចូលរួមបុណ្យដែលទាក់ទងនឹងសាសនាមិនពិតគឺជាការខុស? (១កូ. ១០:២១; ២កូ. ៦:១៤-១៨; អេភ. ៥:១០, ១១)»។ នៅក្រោមផ្នែកនោះ មានឧទាហរណ៍ខ្លះៗអំពីបុណ្យទាំងនោះ។ ក្រោមចំណងជើងតូច«បុណ្យស្នេហាជាតិ» មានគោលការណ៍គម្ពីរផ្សេងៗដែលអាចជាប់ទាក់ទងពេលគ្រិស្តសាសនិកពិចារណាថាគួរឬមិនគួរធ្វើបុណ្យប្រពៃណីជាតិ ពិធីបុណ្យដែលរំលឹកដល់សង្គ្រាមជាតិ ឬពិធីបុណ្យដែលលើកតម្កើងកិត្តិយសរបស់អ្នកណាម្នាក់។ យើងពិតជាអរសប្បាយដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវឧបករណ៍បែបនេះដើម្បីជួយយើងឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង!
ចូរបង្ហាញថាអ្នកមានសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អ
២០. តើយើងអាចបង្ហាញយ៉ាងណាថាយើងបានបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងយ៉ាងត្រឹមត្រូវ?
២០ យើងឲ្យតម្លៃចំពោះចិត្តសេរីដែលជាអំណោយពីព្រះ។ ប៉ុន្តែ យើងក៏ទទួលស្គាល់ថាយើងត្រូវបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងដែរ ដើម្បីយើងអាចប្រើចិត្តសេរីរបស់យើងតាមរបៀបត្រឹមត្រូវ។ សមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងត្រឹមត្រូវ នឹងជួយយើងឲ្យធ្វើការសម្រេចចិត្តដែលនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង ហើយដែលសមស្របតាមបំណងប្រាថ្នារបស់លោក។ ដើម្បីធ្វើដូច្នេះ យើងត្រូវការជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ដូច្នេះ យើងត្រូវបន្តសុំឫទ្ធានុភាពបរិសុទ្ធពីលោក ហើយធ្វើតាមការណែនាំពីឫទ្ធានុភាពបរិសុទ្ធនោះ។ ម្យ៉ាងទៀត គោលការណ៍គម្ពីរអាចជួយយើងឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង។ សូមឲ្យយើងប្រើអំណោយទាំងនេះយ៉ាងត្រឹមត្រូវ ហើយយ៉ាងនេះ យើងនឹងឃើញថាបណ្ដាំរបស់ព្រះអាចជួយយើងយ៉ាងច្រើនក្នុងជីវិត។—២ធី. ៣:១៦, ១៧; ហេ. ៤:១២
ចម្រៀងលេខ១៣៥ ពាក្យអង្វររបស់ព្រះយេហូវ៉ា៖ «កូនអើយ ចូរមានប្រាជ្ញា»