ថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ចម្រៀងលេខ១៣៣ ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលនៅក្មេង
ចូរធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្ដីអំពីការរៀនបន្ថែម
«មនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។—សុភ. ១៤:១៥
ចំណុចផ្ដោត
គោលការណ៍គម្ពីរនិងកត្តាផ្សេងៗដែលត្រូវគិតពិចារណាពេលសម្រេចចិត្តថាគួររៀនបន្ថែមឬមិនគួរ។
១-២. (ក) តើប្អូនៗវ័យក្មេងត្រូវធ្វើការសម្រេចចិត្តអ្វី? (ខ) តើ«ការរៀនបន្ថែម»មានន័យយ៉ាងណា? (សូមមើល«ការពន្យល់ពាក្យ»)
មនុស្សច្រើនតែសួរប្អូនៗវ័យក្មេងថា៖ «ពេលធំឡើង តើប្អូនចង់ធ្វើការងារអ្វី?»។ អាជីពដ៏ល្អបំផុតដែលប្អូនអាចជ្រើសរើសគឺកិច្ចបម្រើពេញពេល។ ប៉ុន្តែ ប្អូនក៏ត្រូវផ្គត់ផ្គង់ខ្លួនដែរ។ (២ថែ. ៣:១០) ប្អូនទំនងជាបានគិតរួចហើយអំពីការងារដែលប្អូនចង់ធ្វើពេលប្អូនធំឡើង។
២ ប្អូនៗវ័យក្មេងខ្លះនិយាយជាមួយនឹងឪពុកម្ដាយរបស់ពួកគេអំពីការងារដែលពួកគេចង់ធ្វើពេលពួកគេរៀនចប់ ហើយក្រោយមកសម្រេចចិត្តថារៀនបន្ថែមដើម្បីទទួលការងារបែបនោះ។a ប្អូនប្រហែលជាឆ្ងល់ថា ប្អូនគួររៀនបន្ថែមឬមិនគួរ។ បើរៀនបន្ថែម តើប្អូនគួរទទួលការបង្ហាត់បង្រៀននោះតាមរបៀបណា? ក្នុងអត្ថបទនេះ យើងនឹងពិចារណាគោលការណ៍គម្ពីរដែលអាចជួយប្អូនឲ្យគិតយ៉ាងឈ្លាសវៃស្ដីអំពីការអប់រំរបស់ប្អូន។ ការគិតយ៉ាងឈ្លាសវៃនាំឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ទោះបីជាអត្ថបទនេះបានត្រូវរៀបចំឡើងជាពិសេសសម្រាប់ប្អូនៗវ័យក្មេងក្ដី ព័ត៌មានក្នុងអត្ថបទនេះអាចជួយគ្រិស្តសាសនិកណាក៏ដោយដែលកំពុងគិតពិចារណាអំពីការរៀនបន្ថែម។ គោលការណ៍ក្នុងអត្ថបទនេះ ក៏អាចជួយឪពុកម្ដាយណែនាំកូនរបស់ពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែរ។
តើប្អូនគួររៀនបន្ថែមឬទេ?
៣. ហេតុអ្វីគ្រិស្តសាសនិកខ្លះគិតអំពីការរៀនបន្ថែម?
៣ នៅប្រទេសខ្លះ បុគ្គលម្នាក់អាចមានការងារដែលទទួលប្រាក់ខែគួរសមដោយមិនចាំបាច់រៀនបន្ថែម។ រីឯនៅប្រទេសខ្លះទៀត ការរៀនបន្ថែមប្រហែលជាជួយបុគ្គលណាម្នាក់ឲ្យរកការងារដែលមានប្រាក់ខែល្អជាងឬមានម៉ោងការងារល្អជាង។ ចំពោះគ្រិស្តសាសនិក នេះប្រហែលជាបើកឱកាសឲ្យគាត់មានពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយឬក្នុងសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះ។ ទោះជាយ៉ាងនោះក៏ដោយ ការរៀនបន្ថែមតម្រូវឲ្យធ្វើការលះបង់ផ្សេងៗ ហើយអាចធ្វើឲ្យគ្រិស្តសាសនិកជួបការពិបាកមួយចំនួន។
៤. តើអ្នកណាគួរធ្វើការសម្រេចចិត្តថាគ្រិស្តសាសនិកណាម្នាក់នឹងរៀនឬមិនរៀនបន្ថែម? (សូមមើលកំណត់សម្គាល់ផងដែរ)
៤ គម្ពីរចែងថា បុគ្គលម្នាក់ៗត្រូវ«ទទួលភារៈរបស់ខ្លួន»។ (កាឡ. ៦:៥) ដូច្នេះ គ្រិស្តសាសនិកពេញវ័យម្នាក់ៗត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនអំពីការរៀនបន្ថែម។b ឪពុកម្ដាយក៏មានភារកិច្ចធ្វើការសម្រេចចិត្តអំពីការអប់រំដែលកូនវ័យក្មេងរបស់ពួកគេនឹងទទួលដែរ។ (អេភ. ៦:១) ម្យ៉ាងទៀត ការណែនាំរបស់ពួកគេអាចជួយកូនឲ្យត្រៀមខ្លួនធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃអំពីការអប់រំពេលគាត់ធំឡើង។—សុភ. ២២:៦
៥. តើពេលណាបុគ្គលម្នាក់គួរចាប់ផ្ដើមគិតអំពីការរៀនបន្ថែម ហើយហេតុអ្វី? (សូមមើលរូបភាពផងដែរ)
៥ ប្អូនៗវ័យក្មេងច្រើនតែត្រូវធ្វើការសម្រេចចិត្តថា ពួកគេនឹងរៀនឬមិនរៀនបន្ថែមមុនពួកគេរៀនចប់។ គឺជាការឈ្លាសវៃឲ្យប្អូនៗវ័យក្មេងនិយាយជាមួយនឹងឪពុកម្ដាយរបស់ពួកគេអំពីរឿងនេះជាយូរមុនពួកគេត្រូវធ្វើការសម្រេចចិត្តបែបនេះ។ នេះនឹងបើកឱកាសឲ្យពួកគេមានពេលសហការគ្នា ហើយស្រាវជ្រាវអំពីជម្រើសផ្សេងៗ។ ក្រោយមក ពួកគេប្រហែលជាអាចជ្រើសរើសមុខវិជ្ជានៅសាលាដើម្បីជួយប្អូនវ័យក្មេងនោះឲ្យត្រៀមខ្លួនសម្រាប់ការរៀនបន្ថែមឬការងារដែលគាត់ចង់ធ្វើនៅថ្ងៃអនាគត។ តើពួកគេត្រូវធ្វើការសម្រេចចិត្តអំពីការរៀនបន្ថែមមុនរៀនចប់ឬទេ? មិនតែងតែដូច្នេះទេ។ (សុភ. ២១:៥) ប្អូនៗវ័យក្មេងខ្លះសម្រេចចិត្តរៀនចប់ ស្វែងរកការងារ និងចាប់ផ្ដើមត្រួសត្រាយ ហើយនៅដំណាលគ្នានោះ ពួកគេសម្រេចចិត្តថាគួរទទួលការអប់រំបន្ថែមឬយ៉ាងណា។ មិនថាបុគ្គលម្នាក់មានវ័យណាក៏ដោយ គាត់ប្រហែលជានឹងគិតពិចារណាអំពីការសម្រេចចិត្តបែបនេះ។
ឪពុកម្ដាយដែលជាគ្រិស្តសាសនិកជួយកូនរបស់ពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្ដីអំពីការរៀនបន្ថែម (សូមមើលវគ្គ៥)
៦. តើអ្វីអាចជួយបុគ្គលណាម្នាក់ឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្ដីអំពីការរៀនបន្ថែម?
៦ តើអ្វីអាចជួយប្អូនឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្ដីអំពីការរៀនបន្ថែម? សូមអធិដ្ឋានអំពីរឿងនេះ។ (យ៉ា. ១:៥) បន្ថែមទៅទៀត សូមគិតអំពីអ្វីពីរយ៉ាង៖ ទី១ សូមពិនិត្យពិចារណាអំពីបំណងចិត្តរបស់ខ្លួនយ៉ាងស្មោះ។ (ចសព. ២៦:២) ទី២ សូមគិតពិចារណាយ៉ាងដិតដល់អំពីគុណប្រយោជន៍និងគុណវិបត្តិនៃការអប់រំដែលប្អូនចាប់អារម្មណ៍រៀន។ (សុភ. ១៤:១៥) សូមយើងពិចារណាអំពីអ្វីទាំងពីរនេះម្ដងមួយៗ។
សូមពិនិត្យពិចារណាអំពីបំណងចិត្តរបស់ខ្លួន
៧. បើយើងចង់រៀនបន្ថែម តើយើងគួរគិតអំពីអ្វី?
៧ បើប្អូនកំពុងគិតអំពីការរៀនបន្ថែម សូមសួរខ្លួននូវសំណួរដ៏សំខាន់នេះថា ‹ហេតុអ្វីខ្ញុំចង់ទទួលការអប់រំបន្ថែមនេះ?›។ មនុស្សជាច្រើនរៀនបន្ថែម ដោយសារពួកគេចង់បានការងារដែលពួកគេចូលចិត្តឬដែលផ្ដល់ប្រាក់ខែខ្ពស់។ តើបំណងចិត្តបែបនេះគឺខុសឬទេ? មិនតែងតែដូច្នេះទេ។ (១ធី. ៥:៨) គម្ពីរព្រមានយើងអំពីគ្រោះថ្នាក់នៃការស្រឡាញ់ទ្រព្យសម្បត្តិ និងការគិតថាមានតែលុយប៉ុណ្ណោះអាចការពារយើង។ (សុភ. ២៣:៤, ៥; ១ធី. ៦:៨-១០; ១យ៉ូន. ២:១៧) បើប្អូនចង់រៀនថែមទៀតដើម្បីក្លាយជាអ្នកមានឬចង់បានមុខមាត់ ប្អូនប្រហែលជាមិនគ្រាន់តែខកចិត្តប៉ុណ្ណោះទេ តែប្អូនក៏ប្រហែលជានឹងរសាត់ចេញពីព្រះយេហូវ៉ាដែរ។
៨-៩. (ក) តើការអប់រំគួរសំខាន់យ៉ាងណាចំពោះយើង? (ម៉ាថាយ ៦:៣៣) (ខ) តើប្អូនរៀនអ្វីពីពាក្យសម្ដីរបស់បងហូសេហ្វីណា បងម៉ូរីន និងបងអ៊ីរីស?
៨ ដូច្នេះ តើការអប់រំគួរសំខាន់យ៉ាងណាចំពោះយើង? គ្មានអ្វីគួរសំខាន់ជាងការបម្រើព្រះយេហូវ៉ាទេ។ (ម៉ាថ. ២២:៣៧, ៣៨; ភី. ៣:៨) ដូច្នេះ សូមចាត់ទុកការអប់រំថាជាអ្វីដែលជួយប្អូនឲ្យផ្គត់ផ្គង់ខ្លួន កាលដែលប្អូនផ្ដោតអារម្មណ៍លើការបម្រើព្រះយេហូវ៉ាអស់ពីដួងចិត្ត។—សូមអាន ម៉ាថាយ ៦:៣៣
៩ សូមកត់សម្គាល់អំពីអ្វីដែលបានជួយគ្រិស្តសាសនិកមួយចំនួនឲ្យរក្សាទស្សនៈត្រឹមត្រូវចំពោះការរៀនបន្ថែម។ បងស្រីហូសេហ្វីណាពីប្រទេសស៊ីលីនិយាយថា៖ «ខ្ញុំរៀនបន្ថែមដើម្បីខ្ញុំអាចរកការងារដែលជួយខ្ញុំឲ្យបម្រើព្រះយេហូវ៉ាច្រើនជាង។ ជំនាញនោះមិនមែនសំខាន់ចំពោះខ្ញុំទេ តែអ្វីដែលសំខាន់បំផុតគឺចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ា»។ បងស្រីម៉ូរីនបានរៀនជំនាញមួយឆ្នាំដើម្បីទៅជាជាងកាត់សក់។ ហេតុអ្វី? គាត់និយាយថា៖ «គោលដៅរបស់ខ្ញុំគឺបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ ដូច្នេះ ខ្ញុំរកវគ្គសិក្សាមួយដែលនឹងជួយខ្ញុំឲ្យសម្រេចគោលដៅនោះ។ ក្រោយពីខ្ញុំរៀនវគ្គសិក្សានោះចប់ ខ្ញុំប្រើអ្វីដែលខ្ញុំបានរៀនដើម្បីធ្វើការជាជាងកាត់សក់ ហើយសន្សំលុយដើម្បីរើទៅកន្លែងដែលមានសេចក្ដីត្រូវការ។ ក្រោយពីខ្ញុំរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង ការរៀនជំនាញនោះបានជួយខ្ញុំឲ្យរកបានការងារ»។ បងស្រីអ៊ីរីសដែលបានរៀនជំនាញរយៈពេលវែងខាងទន្តពេទ្យនិយាយថា៖ «ការរៀនបន្ថែមប្រហែលជាមានប្រយោជន៍ខ្លះមែន តែវាមិនមែនជាកត្តាសំខាន់ដែលធ្វើឲ្យយើងមានសុភមង្គលទេ។ កត្តាសំខាន់បំផុតដែលជួយយើងឲ្យមានសុភមង្គលពិតប្រាកដនិងមានអ្វីទាំងអស់ដែលយើងត្រូវការគឺ ការមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា»។ មែនហើយ ពេលយើងចាត់ទុកចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង យើងនឹងធ្វើការសម្រេចចិត្តដែលនឹងនាំឲ្យយើងសប្បាយជារៀងរហូត។
សូមគិតអំពីគុណប្រយោជន៍និងគុណវិបត្តិនៃការរៀនបន្ថែម
១០. តើអ្វីដែលបានចែងនៅការបំភ្លឺច្បាប់ ៣២:២៩អាចជួយប្អូនយ៉ាងណាពេលដែលសម្រេចចិត្តថាគួរឬមិនគួររៀនបន្ថែម?
១០ ប្អូនប្រហែលជាគិតអំពីវគ្គសិក្សាឬជំនាញណាមួយដែលប្អូនចង់រៀន។ ប៉ុន្តែក៏មានប្រយោជន៍ដែរ បើប្អូនគិតអំពីជម្រើសផ្សេងៗដែលប្អូនមាន។ នោះប្រហែលជាការងារដែលស្រដៀងនឹងការងារដែលប្អូនចាប់អារម្មណ៍ឬដែលខុសគ្នាឆ្ងាយពីនោះ។ (សូមពិនិត្យបន្ថែម សុភាសិត ១៨:១៧) នៅសព្វថ្ងៃនេះ មានឱកាសរៀនជាច្រើនដែលមិនធ្លាប់មានពីមុនមក ដូចជាការរៀនតាមអនឡាញ។ មួយវិញទៀត សូមគិតពិចារណាថា ប្អូនអាចផ្គត់ផ្គង់ខ្លួនដោយមិនចាំបាច់រៀនបន្ថែមឬយ៉ាងណា។ ជាឧទាហរណ៍ បងស្រីយ៉ូហេណាពីប្រទេសហ្វាំងឡង់មិនបានរៀនបន្ថែមទេ។ គាត់និយាយថា៖ «ក្រោយចប់វិទ្យាល័យ ខ្ញុំធ្វើការផង ត្រួសត្រាយផង។ ខ្ញុំធ្វើការងារផ្សេងៗ ហើយឃើញថាព្រះយេហូវ៉ាតែងតែធ្វើតាមពាក្យសន្យារបស់លោកដោយផ្ដល់អ្វីដែលយើងត្រូវការជានិច្ច»។ គឺសំខាន់ឲ្យចាំថា ការសម្រេចចិត្តនីមួយៗអំពីការគួរឬមិនគួររៀនបន្ថែម និងការទទួលការអប់រំប្រភេទណា មានទាំងគុណប្រយោជន៍ទាំងគុណវិបត្តិ។ ដូច្នេះ សូមសួរខ្លួនថា ‹តើគុណប្រយោជន៍គឺច្រើនជាងគុណវិបត្តិឬទេ?›។ (សូមអាន ការបំភ្លឺច្បាប់ ៣២:២៩; ១កូ. ១០:២៣) សូមយើងគិតពិចារណាអំពីកត្តាមួយចំនួនដែលនឹងជួយប្អូនឲ្យឆ្លើយសំណួរនេះ។
១១. ហេតុអ្វីគឺសំខាន់ឲ្យគិតពិចារណាទៅលើពេលវេលាដែលត្រូវចំណាយជារៀងរាល់សប្ដាហ៍ទៅលើការរៀនឬការហ្វឹកហាត់ណាមួយ? (សូមមើលរូបភាពផងដែរ)
១១ កាលវិភាគសិក្សា។ សូមគិតពិចារណាថា ប្អូននឹងចំណាយពេលច្រើនប៉ុនណាជារៀងរាល់សប្ដាហ៍ទៅលើការរៀន ការហ្វឹកហាត់ការងារ និងការធ្វើកិច្ចការសាលា។ តើប្អូននឹងនៅតែមានពេលដើម្បីធ្វើតាមកាលវិភាគក្នុងកិច្ចបម្រើព្រះ និងជួយធ្វើការងារផ្ទះឬទេ? (ភី. ១:១០) តើការសិក្សានេះនឹងធ្វើឲ្យប្អូនអស់កម្លាំងពេករហូតដល់ប្អូនគ្មានកម្លាំងរៀបចំប្រជុំ ឬអាននិងសិក្សាគម្ពីរឬទេ? នេះបានកើតឡើងដល់បងប្រុសចេរ៉ូសពីប្រទេសឥណ្ឌា។ គាត់និយាយថា៖ «ខ្ញុំពិបាកផ្ចង់អារម្មណ៍លើសកម្មភាពក្នុងកិច្ចបម្រើព្រះ។ ជួនកាល ខ្ញុំខានទៅកិច្ចប្រជុំ។ ឥឡូវនេះខ្ញុំទទួលស្គាល់ថា ខ្ញុំបានចំណាយកម្លាំងនិងពេលឥតប្រយោជន៍លើការរៀននោះ»។ ប៉ុន្តែ វគ្គសិក្សាខ្លះ មិនតម្រូវឲ្យចំណាយពេលច្រើននោះទេ។ ខ្លះក៏មិនពេញម៉ោង ហើយខ្លះទៀតមិនតម្រូវឲ្យធ្វើកិច្ចការសាលាច្រើនដែរ។ ជាឧទាហរណ៍ បងស្រីរ៉ាបេកាពីប្រទេសម៉ូសំប៊ិកសប្បាយនឹងវគ្គសិក្សាដែលគាត់បានជ្រើសរើស។ គាត់និយាយថា៖ «វគ្គសិក្សានោះគឺតែពីរម៉ោងក្នុងមួយថ្ងៃ។ យ៉ាងនេះ ខ្ញុំអាចបន្តត្រួសត្រាយពេញពេល»។
បើប្អូនកំពុងគិតអំពីការរៀនបន្ថែម សូមធ្វើឲ្យប្រាកដថាប្អូននឹងមានពេលសម្រាប់ភារកិច្ចសំខាន់ទាំងអស់ (សូមមើលវគ្គ១១)
១២. ដើម្បីប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត តើជាការល្អឲ្យសួរខ្លួននូវសំណួរអ្វីខ្លះ? (អ្នកទូន្មាន ១២:១)
១២ រយៈពេលនៃការសិក្សា។ សូមគិតពិចារណាថា ប្អូននឹងត្រូវការពេលប៉ុន្មានខែឬប៉ុន្មានឆ្នាំដើម្បីបញ្ចប់វគ្គសិក្សានោះ។ បើប្អូនជ្រើសរើសវគ្គសិក្សានោះ តើនោះគឺជាការប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុតឬទេ? (អេភ. ៥:១៥-១៧) ម្យ៉ាងទៀត តើប្អូននៅតែអាចបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពពេលដែលប្អូននៅក្មេង ប្រហែលដោយបម្រើលោកពេញពេលឬទេ? (សូមអាន អ្នកទូន្មាន ១២:១) តើមានវគ្គសិក្សាដែលខ្លីជាងសម្រាប់ជំនាញនោះឬទេ? ជាឧទាហរណ៍ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រហែលជាអាចបង្ហាត់បង្រៀនឲ្យមានជំនាញក្នុងរយៈពេលខ្លីជាង ហើយចំណាយលុយតិចជាងសកលវិទ្យាល័យ។ បងប្រុសម៉ារីអូពីប្រទេសស៊ីលីនិយាយថា៖ «ខ្ញុំបានជ្រើសរើសវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈពីរឆ្នាំដែលមានតម្លៃថោកជាងវគ្គសិក្សានៅសកលវិទ្យាល័យ។ ខ្ញុំរៀនតែបួនថ្ងៃក្នុងមួយសប្ដាហ៍ ដូច្នេះខ្ញុំអាចត្រួសត្រាយបាន»។
១៣. តើអ្វីអាចកើតឡើងបើប្អូនទៅរៀនឆ្ងាយពីផ្ទះ?
១៣ ទីតាំង។ ប្អូនប្រហែលជាអាចរកវគ្គសិក្សាដែលនៅជិតផ្ទះរបស់ប្អូន។ ប៉ុន្តែ ចុះយ៉ាងណាបើវគ្គសិក្សានោះមាននៅក្រុងផ្សេង ឬបើវគ្គសិក្សានោះតម្រូវឲ្យប្អូនរស់នៅសាលា? សូមចាំថា បើប្អូនចាកចេញពីក្រុមគ្រួសារដើម្បីទៅរស់នៅជាមួយនឹងសាច់ញាតិឬអ្នកឯទៀតដែលមិនបម្រើព្រះយេហូវ៉ា នេះទំនងជានឹងបង្ខូចចំណងមិត្តភាពរបស់ប្អូនជាមួយលោក។ (សុភ. ២២:៣; ១កូ. ១៥:៣៣) បងប្រុសម៉ាទីអឹសពីប្រទេសម៉ូសំប៊ិកបានរៀនចប់វគ្គសិក្សាដែលមានរយៈពេលមួយឆ្នាំដែលមានតម្លៃថោក។ យ៉ាងណាក៏ដោយ គាត់ស្ដាយក្រោយចំពោះការសម្រេចចិត្តនោះ។ ហេតុអ្វី? គាត់និយាយថា៖ «ខ្ញុំត្រូវស្នាក់នៅសាលានោះអស់មួយឆ្នាំ។ រាល់ថ្ងៃ ខ្ញុំបានត្រូវល្បួងឲ្យធ្វើអ្វីដែលខុស។ ខ្ញុំចង់លើកទឹកចិត្តទាំងអស់គ្នាកុំជ្រើសរើសវគ្គសិក្សាដែលនៅឆ្ងាយពីផ្ទះ»។ បងស្រីម្នាក់ពីប្រទេសរុស្ស៊ីនិយាយថា៖ «ដោយសារខ្ញុំស្នាក់នៅផ្ទះជាមួយឪពុកម្ដាយជាជាងស្នាក់នៅសាលា នោះខ្ញុំបានជៀសវាងពីគ្រោះថ្នាក់និងការល្បួងផ្សេងៗ»។ ប្អូនប្រហែលជាថែមទាំងអាចរកវគ្គសិក្សាតាមអនឡាញទៀតផង។
១៤. តើគោលការណ៍នៅលូកា ១៤:២៨អាចជួយប្អូនយ៉ាងណាពេលគិតអំពីការរៀនបន្ថែម?
១៤ ការចំណាយ។ វគ្គសិក្សាខ្លះថោក ឬជួនកាលរដ្ឋជាអ្នកបង់ថ្លៃឲ្យ។ ក្នុងករណីដូចនោះ ប្អូនប្រហែលជាអាចរៀនជំនាញដែលប្អូនត្រូវការដើម្បីរកការងារ ដោយមិនចាំបាច់ចំណាយលុយច្រើន។ ប៉ុន្តែ នៅកន្លែងជាច្រើន ការរៀនបន្ថែមគឺមានតម្លៃថ្លៃ។ ម្យ៉ាងទៀត ប្រហែលជាមានចំណាយផ្សេងទៀតដែរ។ ជាឧទាហរណ៍ ប្អូនប្រហែលជាត្រូវជួលគ្រូឲ្យមកបង្រៀននៅផ្ទះឬនៅសាលាដើម្បីជួយប្អូនឲ្យចូលវគ្គសិក្សាណាមួយ។ វគ្គសិក្សាខ្លះគឺថ្លៃខ្លាំងរហូតដល់សិស្សត្រូវសងបំណុលសម្រាប់វគ្គសិក្សានោះអស់ជាច្រើនឆ្នាំ។ បងប្រុសអាដិលសូនពីប្រទេសម៉ូសំប៊ិកស្ដាយក្រោយចំពោះវគ្គសិក្សាដែលគាត់បានជ្រើសរើស។ គាត់និយាយថា៖ «ក្រុមគ្រួសារខ្ញុំសុខចិត្តមិនទិញអាហារខ្លះៗនិងអ្វីដែលចាំបាច់ឯទៀតដើម្បីអាចបង់ថ្លៃទៅលើវគ្គសិក្សារយៈពេលបួនឆ្នាំរបស់ខ្ញុំ»។ ពេលប្អូនពិចារណាអំពីវគ្គសិក្សាណាមួយ សូមសួរខ្លួនថា ‹តើនោះនឹងតម្រូវឲ្យចំណាយអស់ប៉ុន្មាន? តើខ្ញុំឬក្រុមគ្រួសារខ្ញុំមានលទ្ធភាពបង់ឬទេ? តើមានជម្រើសវគ្គសិក្សាដែលថោកជាងនេះទេ?›។ (សូមអាន លូកា ១៤:២៨) ‹បើខ្ញុំជំពាក់គេ តើខ្ញុំត្រូវចំណាយពេលយូរប៉ុនណាដើម្បីសងអស់? បើពេលអនាគតខ្ញុំអាចធ្វើការងារនោះ តើខ្ញុំអាចទទួលប្រាក់ខែគ្រប់គ្រាន់ដើម្បីចិញ្ចឹមខ្លួន ហើយអាចដោះបំណុលគេរួចឬទេ?›។—សុភ. ២២:៧
១៥. មុនសម្រេចចិត្តរៀនជំនាញណាមួយ ហេតុអ្វីប្អូនគួរគិតអំពីឱកាសការងារសម្រាប់ជំនាញនោះ?
១៥ តើងាយរកការងារតាមជំនាញនោះទេ? សូមគិតអំពីឱកាសការងារដែលមានក្នុងតំបន់របស់ប្អូនឬតំបន់ដែលប្អូនចង់រស់នៅ។ តើវគ្គសិក្សាដែលប្អូនចាប់អារម្មណ៍នឹងជួយប្អូនឲ្យរកបានការងារឬទេ? វគ្គសិក្សាខ្លះមិនសូវបង្រៀនអំពីរបៀបអនុវត្តទេ តែច្រើនតែបង្រៀនទ្រឹស្ដីឬចំណេះដឹងប៉ុណ្ណោះ។ (កូឡ. ២:៨) បងស្រីម្នាក់ពីប្រទេសឥណ្ឌានិយាយថា៖ «វគ្គសិក្សាដែលខ្ញុំបានរៀនមិនបានជួយខ្ញុំឲ្យមានជំនាញដែលគេត្រូវការសម្រាប់ការងារនោះទេ។ ជាលទ្ធផល ខ្ញុំមិនអាចរកការងារតាមជំនាញដែលខ្ញុំបានរៀនឡើយ»។ រីឯវគ្គសិក្សាខ្លះទៀតផ្ដល់ឱកាសការងារតិច។ បងប្រុសស៊ូប្លែមដែលមកពីសាធារណរដ្ឋអាហ្វ្រិកកណ្ដាលបានរៀនចប់វគ្គសិក្សាជួសជុលម៉ាស៊ីនត្រជាក់ តែគាត់និយាយថា៖ «នៅកន្លែងដែលខ្ញុំរស់នៅ មនុស្សភាគច្រើនជួសជុលរបស់របរដោយខ្លួនឯង ដូច្នេះជួនកាលពិបាករកការងារធ្វើ»។
១៦. ហេតុអ្វីជាការល្អឲ្យប្អូនគិតអំពីការងារដែលប្អូននឹងធ្វើក្រោយពីចប់វគ្គសិក្សា?
១៦ សូមគិតដែរអំពីការងារដែលប្អូននឹងធ្វើក្រោយពីប្អូនរៀនវគ្គសិក្សាចប់។ តើប្អូននឹងចូលចិត្តការងារនោះទេ? (អទ. ៣:១២, ១៣) តើការងារនោះមានបរិយាកាសបែបណា? តើការងារនោះបានត្រូវគេស្គាល់ជាទូទៅថា គ្មានសុវត្ថិភាព មានការប្រកួតប្រជែង ឬដាក់សម្ពាធលើអ្នកធ្វើការឬទេ? តាមធម្មតា តើការងារនោះផ្ដល់ប្រាក់ខែប៉ុន្មាន? តើនោះនឹងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឬទេ? ដើម្បីបន្តការងារនោះ តើប្អូននឹងត្រូវទៅរៀនបន្តឬទេ? សំខាន់បំផុត បើប្អូនធ្វើការងារនោះ តើប្អូននៅតែអាចស្វែងរករាជាណាចក្រព្រះជាមុនឬទេ? (អទ. ១២:១៣) ពិតមែនតែពេលមិនសូវមានឱកាសការងារ យើងប្រហែលជាមិនតែងតែអាចរកការងារដែលយើងចង់ធ្វើនោះទេ។ ប៉ុន្តែ វគ្គសិក្សាជំនាញដែលប្អូនជ្រើសរើស អាចប៉ះពាល់ដល់ឱកាសការងារប្អូននៅពេលអនាគត។ បងស្រីតាប៊ីថាពីប្រទេសឥណ្ឌាបានជ្រើសរើសវគ្គសិក្សាជំនាញខាងកាត់ដេររយៈពេល៦ខែ។ គាត់និយាយថា៖ «ខ្ញុំយល់ថា ការធ្វើជាអ្នកកាត់ដេរនឹងជួយខ្ញុំឲ្យត្រួសត្រាយ។ ការងារនោះគេតែងតែត្រូវការច្រើន។ ខ្ញុំអាចជ្រើសរើសម៉ោងការងារ ហើយក៏មិនសូវចំណាយដើមទុនច្រើនដែរ»។ វគ្គសិក្សានោះបានជួយបងតាប៊ីថាឲ្យរកការងារដើម្បីផ្គត់ផ្គង់ខ្លួនក្នុងកិច្ចការត្រួសត្រាយ។
១៧. (ក) តើប្អូនអាចរកឃើញព័ត៌មានដែលប្អូនត្រូវការនៅឯណាដើម្បីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ? (ខ) តើគោលការណ៍គម្ពីរអ្វីខ្លះអាចជួយប្អូនឲ្យធ្វើការសម្រេចចិត្តល្អ? (សូមមើលប្រអប់ដែលមានចំណងជើងថា «គោលការណ៍គម្ពីរដែលអាចគិតពិចារណា»)
១៧ យើងបានពិចារណាអំពីកត្តាផ្សេងៗដែលប្អូនអាចគិតពិចារណាស្ដីអំពីការរៀនបន្ថែម។ ដូច្នេះ តើប្អូនអាចរកព័ត៌មានដែលប្អូនត្រូវការដើម្បីជួយប្អូនឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃនៅឯណា? សូមរកព័ត៌មានបន្ថែមអំពីវគ្គសិក្សាដែលប្អូនចាប់អារម្មណ៍ នៅទីតាំងសាលាឬតាមគេហទំព័ររបស់សាលានោះ។ មួយវិញទៀត សូមមើលថា តើឱកាសការងារនោះមានច្រើនឬយ៉ាងណា។ ប្អូនក៏អាចសួរយោបល់ពីពួកអ្នកដែលបានរៀនចប់វគ្គសិក្សាដែលស្រដៀងនឹងប្អូនចាប់អារម្មណ៍ ឬដែលកំពុងធ្វើការខាងការងារនោះ។ (សុភ. ១៣:១០) សូមសួរពួកគេថា៖ «តើវគ្គសិក្សាឬការងារនោះមានគុណប្រយោជន៍និងគុណវិបត្តិអ្វីខ្លះ?»។ ម្យ៉ាងទៀត សូមនិយាយជាមួយនឹងបងប្អូនដែលកំពុងបម្រើព្រះយេហូវ៉ាដោយអំណរ។ (សុភ. ១៥:២២) តើពួកគេណែនាំវគ្គសិក្សានិងការងារបែបណា? ពួកគេប្រហែលជាលើកឡើងអំពីការងារដែលប្អូនមិនបានគិតដល់។
១៨. តើយើងគួរចាំអំពីអ្វី?
១៨ ដូចយើងបានពិចារណារួចហើយ ការរៀនបន្ថែមមានទាំងគុណប្រយោជន៍ទាំងគុណវិបត្តិ។ ដូច្នេះ សូមអធិដ្ឋាន ហើយគិតអំពីជម្រើសរបស់ប្អូន។ សូមចាំថា ការរៀនបន្ថែមប្រហែលជាអាចជួយប្អូនឲ្យរកបានការងារដែលមានប្រាក់ខែគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ប្អូន តែរបៀបតែមួយគត់ដើម្បីមានសុភមង្គលពិតប្រាកដគឺ ការមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ (ចសព. ១៦:៩, ១១) ព្រះយេហូវ៉ានឹងថែរក្សារាស្ត្ររបស់លោកជានិច្ច មិនថាពួកគេទទួលការអប់រំកម្រិតណាក្ដី។ (ហេ. ១៣:៥) ប៉ុន្តែ ចុះយ៉ាងណាបើប្អូនបានសម្រេចចិត្តរួចហើយថានឹងរៀនបន្ថែម? តើអ្វីអាចជួយប្អូនឲ្យនៅតែជិតស្និទ្ធនឹងព្រះយេហូវ៉ាពេលប្អូនកំពុងរៀនបន្ថែម? យើងនឹងពិចារណាអំពីរឿងនេះនៅអត្ថបទបន្ទាប់។
ចម្រៀងលេខ៤៥ ការរំពឹងគិតក្នុងចិត្ត
a ការពន្យល់ពាក្យ៖ ក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ «ការរៀនបន្ថែម»សំដៅទៅលើការអប់រំឬការបង្ហាត់បង្រៀនណាក៏ដោយក្រៅពីអ្វីដែលរដ្ឋាភិបាលតម្រូវ រួមមានការរៀនបន្តនៅសកលវិទ្យាល័យ សាលាបច្ចេកទេស រៀនជំនាញណាមួយមិនថារយៈពេលវែងឬរយៈពេលខ្លី កម្មវិធីហ្វឹកហាត់ការងារ និងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។
b ពីមុន សៀវភៅរបស់យើងមិនបានលើកទឹកចិត្តឲ្យគ្រិស្តសាសនិកទទួលការអប់រំបន្ថែមប្រភេទខ្លះៗទេ។ ជាឧទាហរណ៍ អត្ថបទដែលមានចំណងជើងថា «មាតាបិតាទាំងឡាយ! តើចង់ឲ្យកូនមានអនាគតបែបណា?»ដែលបានចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៥ បានលើកឡើងអំពីគ្រោះថ្នាក់ដែលមកពីការរៀនបន្ថែម។ ទោះជាសព្វថ្ងៃនៅតែមានគ្រោះថ្នាក់ទាំងនោះក៏ដោយ ការសម្រេចចិត្តអំពីការរៀនបន្ថែម គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន។ មុនធ្វើការសម្រេចចិត្ត គ្រិស្តសាសនិកពេញវ័យម្នាក់ៗគួរអធិដ្ឋាន និងពិចារណាគោលការណ៍គម្ពីរ ព្រមទាំងកត្តាផ្សេងៗដើម្បីដឹងថាគួរឬមិនគួរទទួលការអប់រំបន្ថែម។ ប៉ុន្តែ ចំពោះកូនដែលនៅក្រោមបន្ទុករបស់ឪពុកម្ដាយ ប្រមុខគ្រួសារគឺជាអ្នកជួយវិញ។ គ្មានអ្នកណា រួមបញ្ចូលពួកអ្នកចាស់ទុំ គួរវិនិច្ឆ័យបងប្អូនណាម្នាក់អំពីរឿងនេះឡើយ ព្រោះនេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គាត់។—យ៉ា. ៤:១២