ថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
ចម្រៀងលេខ៩៨ បទគម្ពីរគឺមកពីព្រះ
ហេតុអ្វីគោលការណ៍គម្ពីរគឺសំខាន់?
«[ចូរ]ប្រគល់រូបកាយរបស់ខ្លួន[ដើម្បី]បំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត»។—រ៉ូម ១២:១
ចំណុចផ្ដោត
ដើម្បីពន្យល់ថាគោលការណ៍គឺជាអ្វី ហើយរបៀបដែលយើងអាចកត់សម្គាល់គោលការណ៍ផ្សេងៗពេលយើងអានគម្ពីរ។
១-២. (ក) តើគម្ពីរបានត្រូវសរសេរនៅពេលណា? (ខ) ហេតុអ្វីគម្ពីរនៅតែមានប្រយោជន៍នៅសព្វថ្ងៃនេះ?
គម្ពីរគឺជាសៀវភៅបុរាណដែលបានចាប់ផ្ដើមសរសេរប្រហែលជា៣.៥០០ឆ្នាំមុន ហើយបានសរសេរចប់ជិត២.០០០ឆ្នាំមុន។ ទោះជាយ៉ាងនោះក៏ដោយ «បណ្ដាំរបស់ព្រះ»ដែលមាននៅក្នុងគម្ពីរគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាពនៅសព្វថ្ងៃនេះ។ (ហេ. ៤:១២; ២ធី. ៣:១៦, ១៧) មនុស្សរាប់លាននាក់នៅសព្វថ្ងៃនេះធ្វើតាមយោបល់ក្នុងគម្ពីរ ហើយនេះជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃនិងមានជីវិតសប្បាយជាង។
២ ប៉ុន្តែ ហេតុអ្វីសៀវភៅចាស់បុរាណបែបនោះនៅតែអាចមានប្រយោជន៍នៅសព្វថ្ងៃនេះ? មានមូលហេតុសំខាន់ពីរយ៉ាង។ ទី១ ព័ត៌មានក្នុងគម្ពីរគឺមកពី«ព្រះដែលមានជីវិតរស់នៅ» ជាអ្នកបង្កើតដែលមានប្រាជ្ញាដ៏ខ្ពង់ខ្ពស់បំផុត។ (១ធី. ៤:១០; រ៉ូម ១៦:២៦, ២៧) ទី២ គម្ពីរបានត្រូវសរសេរតាមរបៀបដែលឆ្លុះបញ្ចាំងអំពីគោលការណ៍ដែលមិនប្រែប្រួលតាមសម័យកាល។ គោលការណ៍ទាំងនេះនៅតែមានប្រយោជន៍ មិនថាមនុស្សរស់នៅសម័យណាឬជួបការពិបាកណាក៏ដោយ។
៣. តើយើងនឹងរកចម្លើយចំពោះសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ តើគោលការណ៍គម្ពីរគឺជាអ្វី? ហេតុអ្វីគោលការណ៍គម្ពីរពិតជាសំខាន់សម្រាប់យើងនៅសព្វថ្ងៃនេះ? តើតាមរបៀបណាយើងអាចកត់សម្គាល់គោលការណ៍ផ្សេងៗពេលយើងអានគម្ពីរ? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។ ម្យ៉ាងទៀត ក្នុងអត្ថបទនេះ យើងនឹងឃើញអំពីរបៀបដែលលោកយេស៊ូបានជួយអ្នកឯទៀតឲ្យយល់អំពីរបៀបគិតគូររបស់ព្រះយេហូវ៉ាច្បាស់ជាង។
តើគោលការណ៍គម្ពីរគឺជាអ្វី?
៤. តើគោលការណ៍គម្ពីរគឺជាអ្វី?
៤ គោលការណ៍គម្ពីរគឺជាសេចក្ដីបង្រៀនដែលជាមូលដ្ឋានសម្រាប់ច្បាប់ផ្សេងៗរបស់ព្រះ។ ជួនកាល យើងងាយស្រួលឃើញគោលការណ៍ក្នុងច្បាប់ណាមួយ។ (ម៉ាថ. ២២:៣៧) ប៉ុន្តែ គោលការណ៍គឺប្រសើរជាងច្បាប់ជាក់លាក់។ ហេតុអ្វី? ពីព្រោះច្បាប់ច្រើនតែអាចអនុវត្តនៅក្នុងគ្រាមួយឬស្ថានភាពណាមួយប៉ុណ្ណោះ។ រីឯគោលការណ៍គម្ពីរវិញ នោះអាចអនុវត្តតាមក្នុងស្ថានភាពផ្សេងៗនិងនៅគ្រប់សម័យកាល។ (ចសព. ១១៩:១១១) គោលការណ៍គឺជាមូលដ្ឋានសម្រាប់ច្បាប់ផ្សេងៗ ហើយជួយយើងឲ្យយល់កាន់តែច្បាស់អំពីទស្សនៈរបស់ព្រះយេហូវ៉ា។ ច្បាប់នីមួយៗរបស់ព្រះយេហូវ៉ាតែងតែមានមូលដ្ឋានលើគោលការណ៍។ ជួនកាល ច្បាប់អាចត្រូវផ្លាស់ប្ដូរ តែគោលការណ៍មានប្រយោជន៍ជានិច្ចនិងមិនដែលហួសសម័យឡើយ។—អេ. ៤០:៨
៥. សូមលើកឧទាហរណ៍ដែលបង្ហាញអំពីភាពខុសគ្នារវាងច្បាប់និងគោលការណ៍។ (សូមមើលរូបភាពផងដែរ)
៥ ដើម្បីយល់ច្បាស់ជាងអំពីភាពខុសគ្នារវាងច្បាប់និងគោលការណ៍ សូមគិតអំពីឧទាហរណ៍មួយ។ ពេលធ្វើម្ហូប ម្ដាយប្រហែលជាប្រាប់កូនតូចរបស់គាត់ថា ‹កូន កុំប៉ះចង្ក្រាន›។ នោះគឺជាបង្គាប់ឬជាច្បាប់មួយ។ ប៉ុន្តែ គោលការណ៍ឬរបៀបគិតគូរសម្រាប់ច្បាប់នោះគឺ កុំប៉ះអ្វីដែលក្ដៅ បើពុំនោះទេនឹងរលាក។ គោលការណ៍នោះមិនគ្រាន់តែសម្រាប់ចង្ក្រានប៉ុណ្ណោះទេ តែក៏អាចសំដៅទៅលើឆ្នាំងអ៊ុត បំពង់ស៊ីម៉ាំង ឬរបស់ផ្សេងទៀតដែលក្ដៅដែលអាចនាំឲ្យមានរបួសដែរ។ គោលការណ៍នោះអាចអនុវត្តបាននៅគ្រប់កន្លែង មិនគ្រាន់តែនៅផ្ទះប៉ុណ្ណោះទេ។ ពិតមែនតែ កាលដែលកូននោះធំឡើង គាត់ទំនងជានឹងប្រើចង្ក្រាន តែគាត់នឹងនៅតែត្រូវប្រុងប្រយ័ត្នពេលប្រើវា។ ច្បាប់នោះប្រហែលជាផ្លាស់ប្ដូរ តែគោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់នោះគឺមិនផ្លាស់ប្ដូរឡើយ។
ច្បាប់អាចផ្លាស់ប្ដូរ តែគោលការណ៍ដែលនាំឲ្យមានច្បាប់នោះនឹងស្ថិតស្ថេរ (សូមមើលវគ្គ៥)
ហេតុអ្វីគោលការណ៍គម្ពីរគឺសំខាន់?
៦. (ក) តើព្រះយេហូវ៉ាផ្ដល់អ្វីឲ្យយើងក្នុងបណ្ដាំរបស់លោក? (ខ) តើព្រះយេហូវ៉ាលើកកិត្តិយសយើងយ៉ាងដូចម្ដេច?
៦ ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង លោកឲ្យការណែនាំជាក់លាក់តាមរយៈច្បាប់ផ្សេងៗ ដើម្បីយើងអាចជៀសវាងពីគ្រោះថ្នាក់។ (យ៉ា. ២:១១) បន្ថែមទៅទៀត លោកជួយយើងឲ្យយល់គោលការណ៍ឬទស្សនៈរបស់លោកដែលបណ្ដាលឲ្យមានច្បាប់ទាំងនោះ។ តាមរយៈបណ្ដាំរបស់ព្រះយេហូវ៉ា លោកផ្ដល់ឲ្យយើងនូវការណែនាំសម្រាប់រឿងផ្សេងៗក្នុងជីវិតសូម្បីតែគ្មានច្បាប់ជាក់លាក់ណាមួយសម្រាប់រឿងនោះក្ដី។ គោលការណ៍គម្ពីរជួយយើងឲ្យធ្វើការសម្រេចចិត្តល្អក្នុងជីវិតរបស់យើង ហើយធ្វើអ្វីដែលត្រឹមត្រូវ។ ដោយឲ្យគោលការណ៍ទាំងនេះ ព្រះយេហូវ៉ាផ្ដល់កិត្តិយសដល់យើង ហើយអនុញ្ញាតឲ្យយើងមានសេរីភាពធ្វើការសម្រេចចិត្តដែលបង្ហាញអំពីសេចក្ដីស្រឡាញ់របស់យើងចំពោះលោកនិងចំពោះខ្នាតតម្រារបស់លោក។—កាឡ. ៥:១៣
៧. សូមលើកឧទាហរណ៍ដែលបង្ហាញថាគោលការណ៍គម្ពីរមានប្រយោជន៍។ (សូមមើលរូបភាពផងដែរ)
៧ ដើម្បីបង្ហាញអំពីរបៀបដែលគោលការណ៍គម្ពីរអាចជួយយើង សូមគិតអំពីផ្លាកសញ្ញាចរាចរណ៍ដែលមាននៅតាមផ្លូវក្នុងប្រទេសផ្សេងៗ។ ផ្លាកសញ្ញាជាច្រើនប្រាប់យើងអំពីច្បាប់ដែលយើងត្រូវធ្វើតាម ហើយបើមិនធ្វើតាមទេ យើងនឹងទទួលទោសតាមច្បាប់ចរាចរណ៍។ ផ្លាកសញ្ញាទាំងនោះប្រហែលជាបង្ហាញអំពីការកំណត់ល្បឿនឬបង្ហាញអំពីពេលណាដែលអ្នកបើកបរត្រូវឈប់យានជំនិះរបស់គាត់។ ប៉ុន្តែ មានផ្លាកសញ្ញាផ្សេងទៀតដែលជួយអ្នកបើកបរឲ្យដឹងអំពីគ្រោះថ្នាក់។ ជាឧទាហរណ៍ ផ្លាកសញ្ញាទាំងនោះប្រហែលជាព្រមានថា មានផ្លូវដែលរអិល ឬមានសត្វឆ្លងកាត់។ អ្នកបើកបរដែលមានបទពិសោធន៍ចេះគិតពិចារណា ហើយបើកបរដោយប្រុងប្រយ័ត្ន ពេលដែលឃើញផ្លាកសញ្ញាដែលប្រាប់អំពីគ្រោះថ្នាក់ទាំងនោះ។ ជាឧទាហរណ៍ ប្រសិនបើមានភ្លៀង អ្នកបើកបរនឹងកែសម្រួលរបៀបបើកបររបស់គាត់ដើម្បីបញ្ចៀសពីគ្រោះថ្នាក់។ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកប្រុងប្រយ័ត្នមិនធ្វើអ្វីដែលគម្ពីរផ្ដន្ទាទោស តែយើងក៏ប្រុងប្រយ័ត្នមិនធ្វើអ្វីឬគិតអ្វីដែលអាចនាំឲ្យព្រះយេហូវ៉ាមិនពេញចិត្តដែរ។ នេះតម្រូវឲ្យយើងចេះគិតពិចារណា។
ផ្លាកសញ្ញាចរាចរណ៍ជាច្រើនព្រមានអ្នកបើកបរអំពីគ្រោះថ្នាក់ដែលអាចកើតឡើង។ គោលការណ៍គម្ពីរក៏អាចជួយយើងតាមរបៀបស្រដៀងនឹងនោះដែរ (សូមមើលវគ្គ៧)
៨. ដូចដែលបានរៀបរាប់នៅរ៉ូម ១២:១, ២ តើការស្វែងរកគោលការណ៍គម្ពីរអាចបង្ហាត់បង្រៀនយើងឲ្យធ្វើអ្វី?
៨ ការស្វែងរកគោលការណ៍គម្ពីរ និងការរស់នៅស្របតាមគោលការណ៍ទាំងនោះ ក៏មានប្រយោជន៍ផ្សេងទៀតដែរ។ ជាឧទាហរណ៍ យើងបានត្រូវបង្វឹកបង្ហាត់ឲ្យយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ ពេលយើងអានកំណត់ហេតុក្នុងគម្ពីរ យើងរៀនឲ្យចេះស្វែងរកមេរៀន និងគិតយ៉ាងជ្រាលជ្រៅអំពីមេរៀនក្នុងកំណត់ហេតុទាំងនោះ។ យើងក៏សួរខ្លួនថា ហេតុអ្វីព្រះយេហូវ៉ារួមបញ្ចូលមេរៀននេះក្នុងបណ្ដាំរបស់លោក ហើយតើតាមរបៀបណាយើងអាចធ្វើតាមអ្វីដែលយើងបានរៀននៅក្នុងជីវិតរបស់យើង? យ៉ាងនេះ យើងរៀនឲ្យចេះ«ប្រើសមត្ថភាពរិះគិត»របស់យើងដើម្បីបម្រើព្រះយេហូវ៉ា ហើយ‹ពិសោធមើលដោយខ្លួនផ្ទាល់ឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ›។—សូមអាន រ៉ូម ១២:១, ២a
៩. តើយើងទទួលប្រយោជន៍អ្វីទៀតពីការរស់នៅសមស្របតាមគោលការណ៍គម្ពីរ? (ហេប្រឺ ៥:១៣, ១៤)
៩ ការរៀនឲ្យចេះរស់នៅស្របតាមគោលការណ៍គម្ពីរ ជួយយើងឲ្យទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ពេលយើងរស់នៅស្របតាមគោលការណ៍គម្ពីរ យើងពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ (សូមអាន ហេប្រឺ ៥:១៣, ១៤) សូមគិតអំពីឧទាហរណ៍មួយ។ តាមធម្មតា ឪពុកម្ដាយត្រូវដាក់ច្បាប់ឬវិន័យគ្រួសារច្រើនឲ្យកូនតូចរបស់ពួកគេ ដើម្បីឲ្យកូនរបស់ពួកគេដឹងថាត្រូវប្រព្រឹត្តយ៉ាងណាក្នុងស្ថានភាពផ្សេងៗ។ កូនៗប្រហែលជាធ្វើតាមច្បាប់ទាំងនោះ ដោយសារពួកគេខ្លាចឪពុកម្ដាយវាយឬស្ដីបន្ទោស។ ផ្ទុយពីឪពុកម្ដាយដែលត្រូវដាក់ច្បាប់ច្រើនសម្រាប់កូនតូចៗ ព្រះយេហូវ៉ាប្រព្រឹត្តមកលើយើងដូចមនុស្សពេញវ័យដែលមានភាពចាស់ទុំ។ លោកទុកចិត្តយើងឲ្យធ្វើការសម្រេចចិត្តដែលសមស្របតាមបំណងប្រាថ្នារបស់លោក ហើយពេលយើងធ្វើដូច្នេះ យើងធ្វើឲ្យចិត្តលោកត្រេកអរ។—ចសព. ១៤៧:១១; សុភ. ២៣:១៥, ២៦; ២៧:១១
តើយើងអាចកត់សម្គាល់គោលការណ៍ផ្សេងៗក្នុងគម្ពីរយ៉ាងដូចម្ដេច?
១០. តើតាមរបៀបណាយើងអាចកត់សម្គាល់គោលការណ៍គម្ពីរ?
១០ ពេលយើងអានគម្ពីរ គឺជាការល្អឲ្យយើងស្វែងរកមេរៀនដែលជួយយើងឲ្យយល់អំពីទស្សនៈនិងអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ យើងក៏អាចកត់សម្គាល់គោលការណ៍ពេលយើងស្វែងយល់មូលហេតុដែលមានច្បាប់ផ្សេងៗ។ កាលដែលយើងកាន់តែយល់មូលហេតុដែលមានច្បាប់ទាំងនោះ នោះយើងកាន់តែស្គាល់របៀបគិតគូររបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ដើម្បីយល់របៀបគិតគូររបស់ព្រះកាន់តែច្បាស់ យើងត្រូវអធិដ្ឋានសុំជំនួយពីលោក ហើយយើងត្រូវបង្កើនសមត្ថភាពរិះគិតរបស់យើង។ (សុភ. ២:១០-១២) ដូច្នេះ យើងអាចសួរខ្លួននូវសំណួរដូចជា៖ ‹ហេតុអ្វីបានជាព្រះផ្ដល់ច្បាប់នេះ? បើព្រះយេហូវ៉ាមិនពេញចិត្តនឹងការប្រព្រឹត្តនេះ តើលោកនឹងមានអារម្មណ៍យ៉ាងណាចំពោះការប្រព្រឹត្តដែលស្រដៀងនឹងនេះ? តើខ្ញុំទាញយកមេរៀនអ្វីពីកំណត់ហេតុនេះក្នុងគម្ពីរ ហើយតើខ្ញុំអាចអនុវត្តមេរៀននេះក្នុងជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច?›។ ពេលយើងកត់សម្គាល់មេរៀន ហើយមូលហេតុដែលមានច្បាប់និងកំណត់ហេតុផ្សេងៗក្នុងគម្ពីរ យើងនឹងកាន់តែអាចធ្វើការសម្រេចចិត្តល្អក្នុងជីវិត គឺការសម្រេចចិត្តដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។
១១. នៅក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ តើតាមរបៀបណាលោកបង្ហាញយើងអំពីរបៀបកត់សម្គាល់គោលការណ៍គម្ពីរ? (សូមមើលរូបភាពផងដែរ)
១១ នៅក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបង្ហាញយើងអំពីរបៀបដែលយើងអាចកត់សម្គាល់គោលការណ៍គម្ពីរ។ សូមឲ្យយើងពិចារណាឧទាហរណ៍បីយ៉ាង។ ក្នុងករណីនីមួយៗ ដំបូងលោកយេស៊ូប្រាប់អំពីបង្គាប់របស់ព្រះយេហូវ៉ា។ បន្ទាប់មក លោកបង្ហាញអំពីរបៀបគិតគូរឬគោលការណ៍ដែលជាមូលហេតុមានបង្គាប់ឬច្បាប់នោះ។ ពេលយើងគិតយ៉ាងជ្រាលជ្រៅអំពីមេរៀនដែលលោកយេស៊ូបានបង្រៀន យើងនឹងយល់អំពីរបៀបដែលមេរៀនទាំងនេះជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងជីវិតរបស់យើងនៅសព្វថ្ងៃនេះ។
នៅក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបានបង្ហាញអំពីរបៀបកត់សម្គាល់គោលការណ៍គម្ពីរដែលនាំឲ្យមានច្បាប់ផ្សេងៗ (សូមមើលវគ្គ១១)
១២. តើអ្វីជាគោលការណ៍មួយដែលនាំឲ្យមានច្បាប់នៅម៉ាថាយ ៥:២១, ២២? (សូមមើលរូបភាពផងដែរ)
១២ សូមអាន ម៉ាថាយ ៥:២១, ២២។ «កុំធ្វើឃាតកម្មឲ្យសោះ»។ តើអ្វីជាគោលការណ៍មួយដែលនាំឲ្យមានច្បាប់នេះ? ព្រះយេហូវ៉ាមិនចង់ឲ្យយើងស្អប់អ្នកឯទៀត មិនថាតាមការប្រព្រឹត្ត ពាក្យសម្ដី ឬថែមទាំងគំនិតរបស់យើងក្ដី។ លោកយេស៊ូបានបង្ហាញថា ទោះបីជាបុគ្គលម្នាក់មិនធ្វើឃាតកម្មក្ដី គាត់នៅតែអាចបំពានគោលការណ៍ដែលនាំឲ្យមានច្បាប់នោះ បើគាត់ស្អប់បងប្អូនរបស់គាត់។ បើបុគ្គលណាម្នាក់«ខឹងងំនឹងបងប្អូនខ្លួន»ឬនិយាយប្រមាថមើលងាយគាត់ បុគ្គលនោះនឹងត្រូវ«វិនិច្ឆ័យ»។ តាមពិត នេះគឺជាចិត្តគំនិតនិងការប្រព្រឹត្តដែលនាំឲ្យធ្វើឃាតកម្ម។—១យ៉ូន. ៣:១៥
១៣. តើយើងអាចអនុវត្តគោលការណ៍នៅម៉ាថាយ ៥:២១, ២២ក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៣ តើយើងអាចអនុវត្តគោលការណ៍នៅម៉ាថាយ ៥:២១, ២២នៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? យើងគួរជៀសវាងពីការមានកំហឹងឬចងគំនុំ។ (ចល. ១៩:១៨; យ៉ូប ៣៦:១៣) ហេតុអ្វី? ពីព្រោះអារម្មណ៍បែបនេះអាចធ្វើឲ្យយើងស្អប់បុគ្គលនោះក្នុងចិត្ត ហើយនោះប្រហែលជានាំឲ្យយើងនិយាយឬប្រព្រឹត្តអ្វីដែលបញ្ឈឺចិត្តគាត់។ (សុភ. ១០:១២) នេះរួមបញ្ចូលការនិយាយដើមនិងការនិយាយបង្កាច់បង្ខូច ដោយសារនោះអាចបង្ខូចឬបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកឯទៀត។ (សុភ. ២០:១៩; ២៥:២៣) មុនមានបណ្ដាញសង្គម ប្រព័ន្ធអ៊ីនធឺណិត ឬកម្មវិធីផ្ញើសារ លោកយេស៊ូបានផ្ដល់គោលការណ៍មួយដែលអាចជួយគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ឲ្យដឹងអំពីគ្រោះថ្នាក់ដែលអាចមានពេលប្រើអ្វីទាំងនោះ។ ក្នុងគ្រប់ស្ថានភាពទាំងអស់ យើងគួរជៀសវាងពីពាក្យសម្ដីអាក្រក់ដែលអាចនាំឲ្យអ្នកឯទៀតលែងគោរពបុគ្គលណាម្នាក់។
(សូមមើលវគ្គ១២-១៣)
១៤. តើអ្វីជាគោលការណ៍ដែលនាំឲ្យមានច្បាប់នៅម៉ាថាយ ៥:២៧, ២៨? (សូមមើលរូបភាពផងដែរ)
១៤ សូមអាន ម៉ាថាយ ៥:២៧, ២៨។ «អ្នកមិនត្រូវផិតក្បត់ឡើយ»។ តើអ្វីជាគោលការណ៍ដែលនាំឲ្យមានច្បាប់នេះ? ព្រះយេហូវ៉ាមិនគ្រាន់តែស្អប់អំពើប្រាសចាកសីលធម៌ប៉ុណ្ណោះទេ តែលោកក៏ស្អប់គំនិតដែលអាចនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។ លោកយេស៊ូបានពន្យល់ថា បើបុរសម្នាក់ដែលបានរៀបការរួចហើយ សម្លឹងមើលស្ត្រី(ក្រៅពីប្រពន្ធរបស់គាត់)រហូតដល់កើតមានចិត្តស្រើបស្រាល គាត់បានប្រព្រឹត្តការខុសឆ្គងរួចហើយ។ យ៉ាងនេះ យើងគួរជៀសវាងជាដាច់ខាតពីគំនិតប្រាសចាកសីលធម៌ សូម្បីតែនេះតម្រូវឲ្យយើងខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ។ (ម៉ាថ. ៥:២៩, ៣០) គោលការណ៍នេះក៏ជាប់ទាក់ទងនឹងគ្រិស្តសាសនិកដែលនៅលីវដែរ។
១៥. តើយើងអាចអនុវត្តគោលការណ៍នៅម៉ាថាយ ៥:២៧, ២៨ក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៥ តើយើងអាចអនុវត្តគោលការណ៍នៅម៉ាថាយ ៥:២៧, ២៨នៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? យើងមិនគួរគិតអំពីរឿងដែលប្រាសចាកសីលធម៌ឡើយ។ (២សាំ. ១១:២-៤; យ៉ូប ៣១:១-៣) គ្រិស្តសាសនិកដែលមានភាពចាស់ទុំជៀសវាងពីការមើលរូបអាសអាភាសគ្រប់ទម្រង់។ យើងមិនគិតថា ការមើលរូបភាពឬវីដេអូដែលប្រាសចាកសីលធម៌គឺមិនអីទេ ឲ្យតែយើងមិនប្រព្រឹត្តអ្វីដែលប្រាសចាកសីលធម៌។ ម្យ៉ាងទៀត យើងមិនគិតដូចមនុស្សក្នុងពិភពលោកនេះថា មានរូបអាសអាភាសខ្លះដែលមិនបង្កគ្រោះថ្នាក់ទេ។ ពិតមែនតែនៅសម័យរបស់លោកយេស៊ូមិនមានគ្រឿងអេឡិចត្រូនិក ភាពយន្ត ឬរូបថត តែលោកយេស៊ូបានបង្រៀនយើងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរូបភាពឬវីដេអូដែលប្រាសចាកសីលធម៌។ នេះជួយយើងឲ្យយល់ថា ព្រះយេហូវ៉ាមិនពេញចិត្តជាខ្លាំងបើយើងផ្ញើរូបភាព វីដេអូ ឬក៏និយាយឬផ្ញើសារអំពីរឿងប្រាសចាកសីលធម៌តាមគ្រឿងអេឡិចត្រូនិកដល់អ្នកឯទៀត។ ការធ្វើតាមគោលការណ៍នេះជួយបុគ្គលដែលបានរៀបការហើយ ឲ្យរក្សាភក្ដីភាពចំពោះគូរបស់ពួកគេ។ (ម៉ាឡ. ២:១៥) គោលការណ៍នេះក៏ជួយគ្រិស្តសាសនិកទាំងអស់ មិនថានៅលីវឬរៀបការហើយក្ដី ឲ្យជៀសវាងពីអ្វីទាំងអស់ដែលអាចនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។—សុភ. ៥:៣-១៤
(សូមមើលវគ្គ១៤-១៥)
១៦. តើអ្វីជាគោលការណ៍ដែលនាំឲ្យមានច្បាប់នៅម៉ាថាយ ៥:៤៣, ៤៤? (សូមមើលរូបភាពផងដែរ)
១៦ សូមអាន ម៉ាថាយ ៥:៤៣, ៤៤។ «អ្នកត្រូវស្រឡាញ់អ្នកជិតខាង»។ តើអ្វីជាគោលការណ៍ដែលនាំឲ្យមានច្បាប់នេះ? ព្រះយេហូវ៉ាចង់ឲ្យយើងចាត់ទុកមនុស្សទាំងអស់ថាជាអ្នកជិតខាងរបស់យើង ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ។ គួរឲ្យស្ដាយណាស់ ជនជាតិយូដានៅសម័យរបស់លោកយេស៊ូជឿថា ច្បាប់នេះមានន័យថាពួកគេត្រូវស្រឡាញ់តែជនជាតិយូដាប៉ុណ្ណោះ ហើយថាពួកគេអាចស្អប់សត្រូវរបស់ពួកគេបាន។ ប៉ុន្តែ លោកយេស៊ូដឹងថា ព្រះយេហូវ៉ាមិនមានទស្សនៈបែបនោះទេ។ លោកយេស៊ូដឹងថា បិតារបស់លោកនៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ ចង់ឲ្យយើងស្រឡាញ់មនុស្សទាំងអស់ មិនថាពួកគេមានពូជសាសន៍ឬសញ្ជាតិណាក៏ដោយ។—ម៉ាថ. ៥:៤៥-៤៨
១៧. តើយើងអាចអនុវត្តគោលការណ៍នៅម៉ាថាយ ៥:៤៣, ៤៤ក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៧ តើយើងអាចអនុវត្តគោលការណ៍នៅម៉ាថាយ ៥:៤៣, ៤៤នៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងនឹងជំរុញចិត្តយើងមិនឲ្យចូលរួមក្នុងសង្គ្រាមនិងជម្លោះរបស់ពិភពលោកនេះ។ (អេ. ២:៤; មីកា ៤:៣) គោលការណ៍នេះនឹងជួយយើងឲ្យប្រព្រឹត្តដោយសប្បុរសទៅលើពួកអ្នកដែលមកពីពូជសាសន៍ សញ្ជាតិ ឬសាសនាផ្សេងពីយើង។ (សកម្ម. ១០:៣៤, ៣៥) គោលការណ៍នេះក៏នឹងជួយយើងអភ័យទោសឲ្យបុគ្គលដែលធ្វើឲ្យយើងឈឺចិត្ត ឬធ្វើឲ្យបុគ្គលជាទីស្រឡាញ់របស់យើងឈឺចិត្ត។—ម៉ាថ. ១៨:២១, ២២; ម៉ាក. ១១:២៥; លូក. ១៧:៣, ៤
(សូមមើលវគ្គ១៦-១៧)
ចូរតាំងចិត្តរស់នៅសមស្របតាមគោលការណ៍គម្ពីរ
១៨. (ក) តើយើងគួរតាំងចិត្តធ្វើអ្វី? (ខ) តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?
១៨ យើងពិតជាសប្បាយដែលព្រះយេហូវ៉ាប្រព្រឹត្តមកលើយើងដូចមនុស្សពេញវ័យ មិនមែនដូចកូនក្មេង! លោកចង់ឲ្យយើងធ្វើតាមគោលការណ៍គម្ពីរ ដោយសារនោះនឹងជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ (១កូ. ១៤:២០) កាលដែលយើងធ្វើការសម្រេចចិត្តទាំងនោះ សូមឲ្យយើងតាំងចិត្ត«ខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។ (អេភ. ៥:១៧) យើងចង់ធ្វើការសម្រេចចិត្តដែលព្រះយេហូវ៉ាពេញចិត្ត មិនមែនដោយសារយើងខ្លាចថាលោកនឹងដាក់ទោសយើងទេ តែដោយសារយើងស្រឡាញ់លោក។ ប៉ុន្តែ ក្រៅពីគោលការណ៍គម្ពីរ មានអ្វីមួយទៀតដែលជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ នោះគឺសមត្ថភាពវិនិច្ឆ័យរបស់យើង។ យើងនឹងពិចារណាអំពីរឿងនេះនៅក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ៩៥ ពន្លឺសេចក្ដីពិតកាន់តែភ្លឺឡើង
a គ្រិស្តសាសនិកច្រើនតែត្រូវថ្លឹងថ្លែងគោលការណ៍គម្ពីរយ៉ាងយកចិត្តទុកដាក់។ យើងត្រូវយល់អំពីរបៀបដែលគោលការណ៍គម្ពីរជាប់ទាក់ទងគ្នា ហើយរបៀបដែលនោះទាក់ទងនឹងការសម្រេចចិត្តដែលយើងត្រូវធ្វើ។ យើងអាចប្រើសមត្ថភាពរិះគិតដែលព្រះផ្ដល់ឲ្យដើម្បីធ្វើការសម្រេចចិត្តដែលសមហេតុសមផល ហើយដែលនឹងទទួលការពេញចិត្តនិងពរពីព្រះយេហូវ៉ា។ នេះគឺជាការផ្លាស់ប្ដូរដ៏ធំដែលជនជាតិយូដាជាច្រើននៅសតវត្សរ៍ទី១ត្រូវធ្វើពេលពួកគេក្លាយទៅជាគ្រិស្តសាសនិក ព្រោះមុនពួកគេបានក្លាយទៅជាគ្រិស្តសាសនិក ពួកគេត្រូវធ្វើតាមច្បាប់ជាច្រើនដែលពួកអ្នកដឹកនាំសាសនាបានបង្កើត។