កូនជា«មត៌កពីព្រះយេហូវ៉ា»
ពេលឮពាក្យ«មត៌ក» តើអ្នកនឹកឃើញអ្វី? អ្នកប្រហែលជានឹកឃើញអំពីលុយ ដីធ្លី ឬវត្ថុមានតម្លៃដែលបុគ្គលណាម្នាក់ទទួលពីសមាជិកក្រុមគ្រួសារជាទីស្រឡាញ់។ ដូច្នេះ មត៌កគឺជាអ្វីដែលមានតម្លៃខ្លាំងណាស់ ហើយអ្នកច្បាស់ជាចង់រក្សាវាឲ្យបានល្អ។
គម្ពីរហៅកូនថា៖ «ជាមត៌កពីព្រះយេហូវ៉ា»។ (ចសព. ១២៧:៣) ឪពុកម្ដាយដែលជាគ្រិស្តសាសនិកចាត់ទុកកូនរបស់ពួកគេថា ជាអំណោយដ៏មានតម្លៃពីបិតានៅស្ថានសួគ៌ ហើយពួកគេចង់ខំអស់ពីសមត្ថភាពដើម្បីថែទាំកូនរបស់ពួកគេទាំងផ្លូវកាយ ផ្លូវចិត្ត ហើយជួយកូនរបស់ពួកគេឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។
គួរឲ្យស្ដាយណាស់ ឪពុកម្ដាយខ្លះនៅសព្វថ្ងៃនេះមិនបានចាត់ទុកកូនរបស់ពួកគេថាជាមត៌កពីព្រះទេ។ (អេ. ៤៩:១៥; ២ធី. ៣:១-៣) រីឯឪពុកម្ដាយខ្លះទៀត ពួកគេប្រហែលជាចង់ថែទាំកូនរបស់ពួកគេឲ្យបានល្អ តែមានមូលហេតុផ្សេងៗដែលធ្វើឲ្យពួកគេពិបាកធ្វើដូច្នេះ។ តើពួកគេមានការពិបាកអ្វីខ្លះ? តើព្រះយេហូវ៉ាតម្រូវអ្វីពីឪពុកម្ដាយ? តើឪពុកម្ដាយដែលជាគ្រិស្តសាសនិកអាចចិញ្ចឹមអប់រំកូនរបស់ពួកគេឲ្យបានល្អយ៉ាងដូចម្ដេច?
ការពិបាក
ការបង្ខិតបង្ខំពីក្រុមគ្រួសារនិងសង្គម។ នៅតំបន់ខ្លះ ឪពុកម្ដាយដែលមានកូនច្រើនទទួលការគោរពកាន់តែខ្លាំងពីមនុស្សក្នុងសង្គម។ ដូច្នេះ គូខ្លះប្រហែលជារងសម្ពាធពីក្រុមគ្រួសារឬពីអ្នកជិតខាងឲ្យយកកូនច្រើនដែលប្រហែលជាហួសពីសមត្ថភាពដែលពួកគេអាចចិញ្ចឹមអប់រំបាន។
ការបារម្ភអំពីថ្ងៃអនាគត។ នៅប្រទេសខ្លះ អត្រាខ្ពស់នៃការស្លាប់របស់កុមារដោយសារកង្វះអាហារូបត្ថម្ភ ជំងឺ ហើយកង្វះវិស័យសុខាភិបាល ធ្វើឲ្យគូខ្លះចង់មានកូនច្រើនដើម្បីធ្វើឲ្យប្រាកដថា ពួកគេនៅមានកូនខ្លះដែលនៅរស់រហូតដល់ធំពេញវ័យ។ គូខ្លះទៀត ប្រហែលជាសម្រេចចិត្តយកកូនច្រើន ដើម្បីកូនៗអាចមើលថែពួកគេពេលពួកគេចាស់ទៅ។ នេះច្រើនតែកើតឡើងក្នុងប្រទេសដែលគ្មានជំនួយពីរដ្ឋាភិបាលសម្រាប់មនុស្សវ័យចាស់។
ផែនការគ្រួសារ។ ក្នុងប្រទេសខ្លះទៀត គូខ្លះពិបាករកវិធីពន្យារកំណើត។ គូខ្លះទៀត ខ្លាចថាពួកគេនឹងមានប្រតិកម្មចំពោះវិធីពន្យារកំណើតដែលមានគុណភាពអន់។ រីឯគូផ្សេងទៀត ពួកគេមិនមានលទ្ធភាពទិញផលិតផលពន្យារកំណើតដោយសារនោះគឺថ្លៃពេក។a
តើព្រះយេហូវ៉ាតម្រូវអ្វីពីឪពុកម្ដាយ?
ចូរចំណាយពេលជាមួយនឹងកូនម្នាក់ៗ
សូមផ្គត់ផ្គង់សេចក្ដីត្រូវការរបស់កូនអ្នក។ ព្រះយេហូវ៉ាប្រគល់ភារកិច្ចដល់ឪពុកម្ដាយឲ្យចិញ្ចឹមបីបាច់កូន។ លោកតម្រូវឲ្យឪពុកម្ដាយខិតខំដើម្បីផ្គត់ផ្គង់អាហារ សម្លៀកបំពាក់ និងជម្រកដល់កូនម្នាក់ៗ។ ព្រះយេហូវ៉ាក៏តម្រូវឲ្យឪពុកម្ដាយអប់រំកូនរបស់ពួកគេដែរ។ ដូច្នេះ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកមិនគ្រាន់តែទុកឲ្យកូនស្នាក់នៅសាលាដែលពួកគេរៀនទេ។ ផ្ទុយទៅវិញ ពួកគេធ្វើឲ្យប្រាកដថាកូនរបស់ពួកគេរស់នៅផ្ទះជាមួយនឹងពួកគេរហូតដល់កូនធំ ហើយជួយកូនរបស់ពួកគេឲ្យរៀនជំនាញផ្សេងៗដែលអាចមានប្រយោជន៍ពេលដែលកូនពេញវ័យ។ ឪពុកម្ដាយក៏ចំណាយពេលជាមួយនឹងកូនម្នាក់ៗដើម្បីកូនៗអាចមានអារម្មណ៍ថា ពួកគេទទួលការការពារនិងសេចក្ដីស្រឡាញ់។ ប៉ុន្តែ ព្រះយេហូវ៉ាសមហេតុសមផល។ លោកមិនតម្រូវឲ្យឪពុកម្ដាយធ្វើជាអ្នកមានទេ។ តាមពិត ព្រះយេហូវ៉ាបានជ្រើសរើសឪពុកម្ដាយក្រីក្រដែលជាអ្នកខំប្រឹងធ្វើការ ឲ្យចិញ្ចឹមអប់រំបុត្រជាទីស្រឡាញ់របស់លោក។—ម៉ាថ. ១៣:៥៥, ៥៦; លូក. ២:២៤
គោលការណ៍គម្ពីរ៖ «ប្រាកដណាស់ ប្រសិនបើមានអ្នកណាមិនទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន ជាពិសេសសមាជិកក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានលះបង់ជំនឿហើយ ក៏អាក្រក់ជាងអ្នកដែលមិនជឿទៅទៀត»។—១ធី. ៥:៨
ព្រះយេហូវ៉ាដឹងថា ឪពុកម្ដាយប្រហែលជាត្រូវការជំនួយពេលពួកគេចាស់ទៅ។ របៀបមួយដែលកូនអាចគោរពឪពុកម្ដាយ គឺដោយជួយពួកគេពេលពួកគេចាស់ទៅ។ (ដច. ២០:១២; ១ធី. ៥:៤) ប៉ុន្តែ ព្រះយេហូវ៉ាពេញចិត្តពេលឪពុកម្ដាយចាត់ទុកការថែរក្សាកូនថាសំខាន់ជាងឲ្យកូនថែរក្សាពួកគេ។—២កូ. ១២:១៤
ចូរជួយកូនឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកក៏មានភារកិច្ចបង្ហាត់បង្រៀនកូនរបស់ពួកគេឲ្យស្រឡាញ់និងគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែរ។ ចំពោះព្រះយេហូវ៉ា នេះគឺជាអ្វីដ៏សំខាន់បំផុតដែលឪពុកម្ដាយអាចបង្រៀនកូនរបស់ពួកគេ។—បច. ៦:៦, ៧
គោលការណ៍គម្ពីរ៖ «ចូរអប់រំកូន[របស់អ្នក]ទៅតាមការប្រៀនប្រដៅនិងការណែនាំរបស់ព្រះយេហូវ៉ា»។—អេភ. ៦:៤
ព្រះយេហូវ៉ាចង់ជួយអ្នក
ចូរនិយាយគ្នាទុកជាមុនថាអ្នកទាំងពីរចង់មានកូនប៉ុន្មាននាក់
ចូររៀបគម្រោងទុកជាមុន។ បើអ្នកចង់មានកូន សូមគិតយ៉ាងដិតដល់អំពីស្ថានភាពរបស់អ្នក។ ជាឧទាហរណ៍ បើអ្នកយកកូនច្រើន តើអ្នកនឹងមានលទ្ធភាពផ្គត់ផ្គង់អាហារ សម្លៀកបំពាក់ និងផ្ដល់ការអប់រំដល់ពួកគេឬទេ? បើមិនមានទេ សូមពិគ្រោះជាមួយគូរបស់អ្នកថានឹងយកកូនប៉ុន្មាននាក់។ ពេលអ្នកធ្វើដូច្នេះ សូមចាំថាអ្នកនឹងត្រូវថែរក្សាកូនម្នាក់ៗដូចដែលព្រះយេហូវ៉ាតម្រូវឲ្យអ្នកធ្វើ។ ពិតណាស់ ព្រះយេហូវ៉ាយល់ថាមិនមែនអ្វីទាំងអស់ក្នុងជីវិតនឹងកើតឡើងដូចដែលបានគ្រោងទុកនោះទេ។ (អទ. ៩:១១) ប៉ុន្តែ លោកនឹងផ្ដល់ពរលើការខំព្យាយាមដ៏ស្មោះរបស់អ្នកក្នុងការធ្វើជាឪពុកម្ដាយល្អ។
គោលការណ៍គម្ពីរ៖ «គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យជាមិនខាន តែអស់អ្នកដែលធ្វើអ្វីដោយតក់ក្រហល់ ប្រាកដជានឹងទ័លក្រ»។—សុភ. ២១:៥
«ក្នុងចំណោមអ្នករាល់គ្នា បើចង់សង់ប៉មមួយ តើមានអ្នកណាដែលមិនអង្គុយគិតគូរជាមុនសិនឲ្យដឹងថា ខ្លួនមានប្រាក់គ្រប់គ្រាន់ដើម្បីសង់ឲ្យបានរួចរាល់?»។—លូក. ១៤:២៨
ចូរចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងក្រុមគ្រួសាររបស់អ្នក។ ចូរចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងគ្រួសាររបស់អ្នក។ បើអ្នកមានកូនរួចហើយ សូមតាំងចិត្តបង្រៀនពួកគេម្នាក់ៗឲ្យស្រឡាញ់ព្រះយេហូវ៉ា។ សូមជួយពួកគេឲ្យផ្ចង់អារម្មណ៍និងរៀននៅកិច្ចប្រជុំ។ សូមមានទម្លាប់ធ្វើការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជារៀងរាល់សប្ដាហ៍។ សូមបង្ហាត់បង្រៀនកូនរបស់អ្នកក្នុងកិច្ចបម្រើផ្សាយ។ សូមកុំប្រគល់ភារកិច្ចជាឪពុកម្ដាយដល់កូនបងៗឬសាច់ញាតិឯទៀតឡើយ។ ការចិញ្ចឹមអប់រំកូនឲ្យស្រឡាញ់ព្រះយេហូវ៉ានឹងត្រូវការពេលនិងការខំប្រឹងច្រើន។ ប៉ុន្តែ អ្នកនឹងសប្បាយជាខ្លាំងពេលឃើញកូនរបស់អ្នកបម្រើព្រះយេហូវ៉ាដោយអំណរ។
គោលការណ៍គម្ពីរ៖ «គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយជាងការទទួលដំណឹងថា កូនៗរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតទេ»។—៣យ៉ូន. ៤b
ចូរទុកចិត្តព្រះយេហូវ៉ា។ មិនថាអ្នកមានគម្រោងយកកូនឬអ្នកមានកូនរួចហើយក្ដី សូមជឿជាក់ថាខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺសំខាន់ជាងវប្បធម៌ឬទំនៀមទម្លាប់ក្នុងតំបន់របស់អ្នក។
ការជួយកូនឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងធ្វើឲ្យលោកពេញចិត្ត គឺត្រូវការពេលនិងការខំប្រឹង
បើអ្នកសម្រេចចិត្តថាយកកូនតិច សូមទុកចិត្តថាព្រះយេហូវ៉ានឹងនៅតែផ្គត់ផ្គង់អ្នកកាលដែលអ្នកចាស់ទៅ។ ទោះជាអ្នកឯទៀតគិតយ៉ាងណាក៏ដោយ សូមកុំមានអារម្មណ៍ថាអ្នកត្រូវតែយកកូន ដោយសារតែអ្នកចង់ឲ្យកូនរកលុយចិញ្ចឹមអ្នកពេលដែលអ្នកចាស់ទៅឡើយ។ អ្នកមិនចាំបាច់ខ្លាចថា អ្នកនឹងត្រូវគេបោះបង់ចោលទេ។ ព្រះយេហូវ៉ាបានសន្យាថានឹងថែរក្សាអ្នក ហើយលោកតែងតែធ្វើតាមពាក្យសន្យារបស់លោក។—យ៉ូស. ២៣:១៤
គោលការណ៍គម្ពីរ៖ «ចូរទុកចិត្តព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។ ទោះជាកូនធ្វើអ្វីក៏ដោយ ចូរគិតដល់លោក នោះលោកនឹងធ្វើឲ្យផ្លូវជីវិតរបស់កូនបានរលូន»។—សុភ. ៣:៥, ៦
«តាំងពីក្មេងរហូតដល់ចាស់ ខ្ញុំមិនធ្លាប់ឃើញមនុស្សសុចរិតណាម្នាក់ត្រូវព្រះបោះបង់ចោលឡើយ ហើយក៏មិនធ្លាប់ឃើញកូនចៅរបស់គាត់សុំទានអាហារគេដែរ»។—ចសព. ៣៧:២៥
«ដូច្នេះ ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។—ម៉ាថ. ៦:៣៣
កូនៗគឺជាអំណោយដ៏វិសេសដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យឪពុកម្ដាយ។ ព្រះយេហូវ៉ាច្បាស់ជាសប្បាយចិត្តជាខ្លាំងពេលឃើញឪពុកម្ដាយដែលជាគ្រិស្តសាសនិកថែរក្សាកូនរបស់ពួកគេតាមរបៀបដែលលោកពេញចិត្ត! ពួកគេផ្គត់ផ្គង់សេចក្ដីត្រូវការរបស់កូនទាំងផ្លូវកាយទាំងផ្លូវចិត្ត និងជួយកូនរបស់ពួកគេឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ពួកគេរៀបគម្រោងថាយកកូនប៉ុន្មាននាក់ ហើយពួកគេធ្វើតាមតម្រូវការរបស់ព្រះយ៉ាងស្មោះត្រង់ ជាជាងធ្វើតាមទំនៀមទម្លាប់ឬវប្បធម៌ក្នុងតំបន់របស់ពួកគេ។ យ៉ាងនេះ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកបង្ហាញថា កូនរបស់ពួកគេគឺជាអំណោយដ៏ថ្លៃវិសេស ពោលគឺ«មត៌កពីព្រះយេហូវ៉ា»។
a គូប្ដីប្រពន្ធនីមួយៗនឹងសម្រេចចិត្តថានឹងមានកូនប៉ុន្មាននាក់ ពេលណានឹងយកកូន ហើយប្រើឬមិនប្រើវិធីពន្យារកំណើតណាមួយ ឲ្យតែនោះមិនរម្លូតកូន។ គ្មានអ្នកណាម្នាក់គួរវិនិច្ឆ័យពួកគេចំពោះការសម្រេចចិត្តផ្ទាល់ខ្លួនឡើយ។ (រ៉ូម ១៤:៤, ១០-១៣) បន្ថែមទៅទៀត គូដែលជាគ្រិស្តសាសនិក គួរចាំនូវឱវាទដែលបានត្រូវកត់ទុកនៅកូរិនថូសទី១ ៧:៣-៥។
b ទោះជាពាក្យ«កូនៗ»ក្នុងខនេះសំដៅទៅលើពួកអ្នកកាន់តាមក្ដី ឪពុកម្ដាយអាចមានអារម្មណ៍ដូចគ្នាចំពោះកូនរបស់ពួកគេដែលបម្រើព្រះយេហូវ៉ា។