ថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦
ចម្រៀងលេខ៩៩ បងប្អូនដ៏ច្រើនអនេករបស់យើង
តើអ្នកបានត្រៀមខ្លួនសម្រាប់ការពិបាកក្រោយពីទទួលការជ្រមុជទឹកឬទេ?
«សូមឲ្យខ្ញុំបន្តដើរក្នុងផ្លូវរបស់លោក»។—ចសព. ១៧:៥
ចំណុចផ្ដោត
របៀបដែលគ្រិស្តសាសនិកអាចត្រៀមខ្លួនចំពោះការពិបាកផ្សេងៗដែលពួកគេប្រហែលជាមានក្រោយពីទទួលការជ្រមុជទឹក។
១-២. តើយើងអាចចាត់វិធានការអ្វីខ្លះដើម្បីត្រៀមខ្លួនចំពោះការពិបាកដែលប្រហែលជាកើតឡើងក្រោយពីជ្រមុជទឹក? សូមលើកឧទាហរណ៍មួយ។
យើងដឹងថា យើងនឹងជួបការពិបាកផ្សេងៗក្នុងពិភពលោកនេះ។ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ឧបសគ្គដែលនាំឲ្យជំពប់ដួល . . . ត្រូវតែមកដល់»។ (ម៉ាថ. ១៨:៧) ដោយចាំអំពីចំណុចនោះ យើងត្រូវត្រៀមខ្លួនជួបការពិបាកផ្សេងៗ ហើយនោះក៏ប្រហែលជារួមបញ្ចូលការមានបញ្ហាជាមួយនឹងបងប្អូនរួមជំនឿដែរ។
២ សូមគិតអំពីឧទាហរណ៍មួយ។ រាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវលើកទឹកចិត្តឲ្យត្រៀមខ្លួនសម្រាប់មហន្តរាយធម្មជាតិ។ តើយើងត្រៀមខ្លួនយ៉ាងដូចម្ដេច? ដំបូង យើងកត់សម្គាល់ថា តំបន់ដែលយើងរស់នៅអាចមានមហន្តរាយណាខ្លះកើតឡើង ហើយនេះកាន់តែសំខាន់បើយើងទើបតែមករស់នៅតំបន់នោះ។ ក្រោយពីកត់សម្គាល់គ្រោះមហន្តរាយដែលអាចកើតឡើងហើយ យើងត្រូវរៀបចំគម្រោងដើម្បីយើងអាចត្រៀមខ្លួនចំពោះគ្រោះមហន្តរាយនីមួយៗ។ (សុភ. ២១:៥) ស្រដៀងគ្នាដែរ យើងអាចកត់សម្គាល់ការពិបាកផ្សេងៗដែលប្រហែលជានឹងកើតឡើងក្នុងសេចក្ដីពិត ហើយចាត់វិធានការនៅឥឡូវដើម្បីយើងអាចត្រៀមខ្លួនជាស្រេចបើរឿងនោះកើតឡើង។ យ៉ាងនេះ ការពិបាកទាំងនោះនឹងមិនសូវមានឥទ្ធិពលមកលើយើង ហើយមិនបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាឡើយ។ (ចសព. ១៧:៥) សូមឲ្យយើងពិចារណាអំពីការពិបាកបីយ៉ាងដែលអាចកើតឡើង និងរបៀបដែលយើងអាចត្រៀមខ្លួនចំពោះការពិបាកនីមួយៗទាំងនោះ។a
ពេលបងប្អូនរួមជំនឿណាម្នាក់ធ្វើឲ្យអ្នកទើសចិត្ត
៣. តើយើងប្រហែលជាជួបការពិបាកអ្វីក្នុងក្រុមជំនុំ?
៣ តើអ្នកចាំអំពីអារម្មណ៍ដែលអ្នកមានពេលចូលរួមកិច្ចប្រជុំជាលើកដំបូង ហើយឃើញសេចក្ដីស្រឡាញ់ក្នុងចំណោមរាស្ត្រព្រះយេហូវ៉ាឬទេ? តើអ្នកជឿជាក់ថាអ្នកបានរកឃើញសេចក្ដីពិតឬទេ? (យ៉ូន. ១៣:៣៥; កូឡ. ៣:១២) បងស្រីប្លេងកាbមានអារម្មណ៍ដូច្នោះ។ ប៉ុន្តែ ក្រោយពីគាត់ទទួលការជ្រមុជទឹក គាត់ជួបរឿងដែលមិននឹកស្មាន។ គាត់និយាយថា៖ «បងស្រីម្នាក់បានប្រព្រឹត្តមកលើខ្ញុំដោយគ្មានមេត្តា។ ខ្ញុំកត់សម្គាល់ថា គាត់ក៏និយាយមិនល្អអំពីអ្នកឯទៀតដែរ។ ខ្ញុំមិននឹកស្មានថាមានបញ្ហាបែបនេះទេ ព្រោះខ្ញុំបានរៀនថាសាក្សីព្រះយេហូវ៉ាព្យាយាមធ្វើឲ្យមានសន្តិភាព និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នា»។ ពិតមែនតែរាស្ត្ររបស់ព្រះយេហូវ៉ាខំអស់ពីសមត្ថភាពដើម្បីបង្ហាញគុណសម្បត្តិដូចលោក តែដោយសារយើងមិនល្អឥតខ្ចោះ យើងនឹងនិយាយឬធ្វើខុសនៅពេលខ្លះ។ (អេភ. ៤:២៣, ២៤; ១យ៉ូន. ១:៨) ដូច្នេះនៅពេលណាមួយ ពួកគេទំនងជានិយាយឬធ្វើអ្វីដែលនាំឲ្យអ្នកឈឺចិត្ត។ (យ៉ា. ៣:៨) គួរឲ្យស្ដាយណាស់ ដោយសារបញ្ហាទាំងនេះ បងប្អូនខ្លះឈប់បម្រើព្រះយេហូវ៉ា។
៤. តើយើងអាចធ្វើអ្វីដើម្បីត្រៀមខ្លួនបើបងប្អូនរួមជំនឿណាម្នាក់ធ្វើឲ្យយើងទើសចិត្ត? (អេភេសូរ ៤:៣២)
៤ តើអ្នកអាចធ្វើអ្វីនៅឥឡូវនេះដើម្បីត្រៀមខ្លួនបើបងប្អូនរួមជំនឿណាម្នាក់ធ្វើឲ្យអ្នកទើសចិត្តឬឈឺចិត្ត? សូមមានទម្លាប់ធ្វើតាមយោបល់នៅអេភេសូរ ៤:៣២។ (សូមអាន) បើអ្នកខំអស់ពីសមត្ថភាពដើម្បីបន្តប្រព្រឹត្តដោយសប្បុរសនិងដោយអាណិតមេត្តា អ្នកប្រាកដជានឹងជៀសវាងពីបញ្ហាជាច្រើនជាមួយអ្នកឯទៀត។ សូមតាំងចិត្តអភ័យទោសឲ្យអ្នកឯទៀតដោយគ្មានល័ក្ខខ័ណ្ឌ។ តើអ្វីអាចជួយអ្នកឲ្យធ្វើដូច្នេះ? សូមចាំថា អ្នកសុំការអភ័យទោសពីព្រះយេហូវ៉ាជាញឹកញយ ហើយអ្នកសប្បាយចិត្តជាខ្លាំងដែលលោកអភ័យទោសឲ្យអ្នកដោយគ្មានល័ក្ខខ័ណ្ឌ។ (ម៉ាថ. ៦:១២) ពេលអ្នកចាំថាព្រះយេហូវ៉ាអភ័យទោសឲ្យអ្នកអស់ជាច្រើនដង នោះអ្នកនឹងស្រួលអភ័យទោសឲ្យអ្នកឯទៀតជាង។
៥. តើគោលការណ៍គម្ពីរមួយណាអាចជួយយើងពេលដែលនរណាម្នាក់ធ្វើឲ្យយើងទើសចិត្ត? (សុភាសិត ១៩:១១) (សូមមើលរូបភាពផងដែរ)
៥ សូមអាន សុភាសិត ១៩:១១។ គម្ពីរចែងថា ពេលយើងទើសចិត្តនឹងអ្នកណាម្នាក់ ការយល់ធ្លុះជ្រៅcអាចជួយយើងមិនឲ្យឆាប់ខឹង។ គោលការណ៍គម្ពីរនេះបានជួយបងស្រីរីម៉ាដែលបានទទួលការជ្រមុជទឹកប៉ុន្មានឆ្នាំមុន។ គាត់និយាយថា៖ «ពេលខ្ញុំឃើញបងប្អូនប្រព្រឹត្តអ្វីដែលធ្វើឲ្យខ្ញុំឈឺចិត្តឬទើសចិត្ត ខ្ញុំតែងតែនឹកចាំពាក្យនៅសុភាសិត ១៩:១១។ ខ្ញុំគិតអំពីកាលៈទេសៈនិងប្រវត្តិរបស់ពួកគេ ហើយព្យាយាមគិតអំពីមូលហេតុដែលពួកគេធ្វើដូច្នោះ។ ខ្ញុំក៏ណាត់ផ្សព្វផ្សាយជាមួយនឹងពួកគេដែរ។ ការធ្វើដូច្នេះជួយខ្ញុំឲ្យស្គាល់ពួកគេច្បាស់ជាង»។ នេះគឺជាយោបល់ល្អសម្រាប់យើង! ជាការល្អនៅឥឡូវនេះឲ្យអ្នកស្គាល់បងប្អូនរបស់អ្នកកាន់តែច្បាស់។ កាលដែលអ្នកកាន់តែស្គាល់ពួកគេ នោះអ្នកនឹងកាន់តែងាយស្រួលអភ័យទោសឲ្យពួកគេបើពួកគេប្រព្រឹត្តអ្វីដែលនាំឲ្យអ្នកឈឺចិត្ត។
បើអ្នកមានការយល់ច្រឡំជាមួយនឹងបងប្អូនរួមជំនឿណាម្នាក់ សូមព្យាយាមផ្សព្វផ្សាយជាមួយគ្នា (សូមមើលវគ្គ៥)
៦. តើអ្វីអាចជួយយើងឲ្យមានទំនាក់ទំនងល្អជាមួយនឹងបងប្អូនក្នុងក្រុមជំនុំ?
៦ តើអ្នកអាចធ្វើអ្វីដើម្បីមានចំណងមិត្តភាពជាមួយនឹងបងប្អូន? កាលដែលអ្នកចូលកាន់តែជិតបងប្អូនរួមជំនឿ សូមផ្ដោតអារម្មណ៍លើគុណសម្បត្តិរបស់ពួកគេ។ (សូមពិនិត្យបន្ថែម សុភាសិត ១០:១២; រ៉ូម ១២:១០; ភី. ២:២, ៣) សូមកត់សម្គាល់អំពីរបៀបដែលការធ្វើដូច្នេះបានជួយបងប្រុសម៉ាកដែលបានទទួលការជ្រមុជទឹកថ្មីៗនេះ។ កាលដែលគាត់កាន់តែចំណាយពេលជាមួយនឹងបងប្អូនរួមជំនឿក្នុងក្រុមជំនុំ គាត់ឃើញភាពមិនល្អឥតខ្ចោះរបស់ពួកគេ។ តើអ្វីបានជួយបងម៉ាកមិនឲ្យជំពប់ដួលពេលឃើញកំហុសរបស់បងប្អូន? គាត់និយាយថា៖ «ខ្ញុំទទួលស្គាល់ថា កំហុសរបស់បងប្អូនយើងគឺតិចតួចណាស់បើប្រៀបធៀបទៅនឹងអំពើអាក្រក់ដែលមាននៅក្នុងពិភពលោកនេះ។ ដូច្នេះខ្ញុំយល់ថា ខ្ញុំមិនគួរផ្ដោតអារម្មណ៍ទៅលើភាពមិនល្អឥតខ្ចោះរបស់បងប្អូនរួមជំនឿទេ។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមផ្ដោតអារម្មណ៍លើគុណសម្បត្តិរបស់ពួកគេវិញ»។ បើអ្នកធ្វើដូចបងម៉ាក អ្នកនឹងមានទំនាក់ទំនងល្អជាមួយនឹងបងប្អូនក្នុងក្រុមជំនុំ។
ពេលអ្នកចាប់ផ្ដើមនឹកអាល័យអ្វីដែលអ្នកបានលះបង់
៧. តើអ្វីអាចនាំឲ្យយើងនឹកអាល័យអ្វីដែលយើងធ្លាប់លះបង់?
៧ ពេលអ្នករៀនសេចក្ដីពិតនៅដើមដំបូង អ្នកប្រាកដជាសប្បាយចាកចេញពីពិភពលោកអាក្រក់របស់សាថាន ហើយអ្នកប្រហែលជាគិតថា មិនគួរឲ្យជឿទេ ថាមានអ្នកណាម្នាក់ចង់ត្រឡប់ទៅពិភពលោកនោះវិញ។ ប៉ុន្តែ ពេលអ្នករងទុក្ខលំបាកផ្សេងៗ អ្នកប្រហែលជានឹកចាំហើយថែមទាំងនឹកអាល័យអ្វីខ្លះដែលអ្នកធ្លាប់លះបង់ដើម្បីបម្រើព្រះយេហូវ៉ា។ (សូមពិនិត្យបន្ថែម ជំរឿនបណ្ដាជន ១១:៤-៦) ជាឧទាហរណ៍ បងប្អូនខ្លះបានសម្រេចចិត្តលាលែងពីអាជីពល្បីល្បាញដែលតម្រូវឲ្យពួកគេធ្វើការច្រើន។ បងប្អូនឯទៀត មានមិត្តជិតស្និទ្ធដែលឈប់រាប់អានពួកគេពេលពួកគេចាប់ផ្ដើមសិក្សាគម្ពីរ។ បងប្អូនផ្សេងទៀត បានលះចោលទម្លាប់ណាមួយដែលព្រះយេហូវ៉ាស្អប់ ទោះជានោះបានធ្វើឲ្យពួកគេសប្បាយក្ដី។ គឺគួរឲ្យស្ដាយណាស់ បើគ្រិស្តសាសនិកម្នាក់អនុញ្ញាតឲ្យអ្វីណាក៏ដោយដែលគាត់ធ្លាប់ធ្វើនៅអតីតកាលនាំឲ្យគាត់រសាត់ចេញពីព្រះយេហូវ៉ា! តើអ្នកអាចធ្វើអ្វីនៅឥឡូវនេះដើម្បីកុំឲ្យការពិបាកធ្វើឲ្យអ្នកត្រឡប់ទៅរកអ្វីដែលអ្នកធ្លាប់លះបង់ចោល?
៨. តើយើងរៀនអ្វីពីគំរូរបស់អាប្រាហាំនិងសារ៉ា?
៨ នៅក្នុងគម្ពីរ មានគំរូរបស់អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាដែលអាចចាប់ផ្ដើមនឹកអាល័យអ្វីដែលពួកគេបានលះបង់។ ជាឧទាហរណ៍ តាមបង្គាប់ព្រះយេហូវ៉ា អាប្រាហាំនិងសារ៉ាបានចាកចេញពីទីក្រុងអឺជាក្រុងដែលរឹងមាំដើម្បីទៅរស់នៅក្នុងត្រសាល។ (ហេ. ១១:៨, ៩) ម្ដងម្កាល ពួកគេប្រហែលជាបាននឹកចាំភាពស្រណុកសុខស្រួលនៅក្រុងអឺ។ ប៉ុន្តែ «ប្រសិនបើពួកគេបន្តនឹកនា»ឬនឹកអាល័យអ្វីដែលពួកគេមាននៅអតីតកាល ពួកគេអាចមានចិត្តចង់ត្រឡប់ទៅក្រុងដែលស្រណុកសុខស្រួលនោះវិញ។ ផ្ទុយទៅវិញ ពួកគេផ្ចង់អារម្មណ៍ទៅលើថ្ងៃខាងមុខ។—ហេ. ១១:១៥, ១៦
៩. តើសាវ័កប៉ូលមានទស្សនៈយ៉ាងណាចំពោះអ្វីដែលគាត់បានលះបង់? (ភីលីព ៣:៧, ៨, ១៣)
៩ សាវ័កប៉ូលបានផ្លាស់ប្ដូរជីវិតដើម្បីបម្រើព្រះយេហូវ៉ា។ មុនក្លាយជាគ្រិស្តសាសនិក គាត់បានទទួលការអប់រំពីកាម៉េលាល ជាគ្រូច្បាប់មួយរូបដែលបណ្ដាជនទាំងឡាយកោតគោរព។ (សកម្ម. ២២:៣) ហេតុនេះហើយ ប៉ូលអាចទៅជាអ្នកដឹកនាំសាសនាយូដាដ៏ល្បីល្បាញមួយរូប។ (កាឡ. ១:១៣, ១៤) ប៉ុន្តែ ពេលគាត់ទទួលយកដំណឹងល្អ គាត់បានលះចោលអ្វីទាំងអស់នោះ។ តើជីវិតរបស់គាត់តែងតែស្រួលក្រោយពីគាត់ទៅជាគ្រិស្តសាសនិកឬទេ? មិនមែនទេ! គាត់បានត្រូវគេវាយដំ ចាប់ដាក់គុក ហើយជនរួមជាតិរបស់គាត់ស្អប់គាត់។ (២កូ. ១១:២៣-២៦) បើគាត់ផ្ដោតអារម្មណ៍ទៅលើតែទុក្ខលំបាកទាំងនេះប៉ុណ្ណោះ ហើយប្រៀបធៀបជីវិតគាត់មុននិងក្រោយទៅជាគ្រិស្តសាសនិក គាត់អាចសន្និដ្ឋានថាជីវិតរបស់គាត់ពីមុនល្អប្រសើរជាងពេលដែលគាត់ទៅជាអ្នកកាន់តាមលោកយេស៊ូ។ ប៉ុន្តែ ប៉ូលមិនបានធ្វើដូច្នោះទេ។ ផ្ទុយទៅវិញ គាត់បន្តគិតអំពីឯកសិទ្ធិដ៏ធំដែលគាត់មានជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ហើយទន្ទឹងរង់ចាំទទួលរង្វាន់ដ៏អស្ចារ្យនៅថ្ងៃអនាគត។ ប៉ូលជឿជាក់ថា ពរដែលគាត់ទទួលគឺអស្ចារ្យជាងការលះបង់ណាដែលគាត់បានធ្វើទៅទៀត។—សូមអាន ភីលីព ៣:៧, ៨, ១៣
១០. តើយើងគួរគិតអំពីអ្វីជាទៀងទាត់? (ម៉ាកុស ១០:២៩, ៣០) (សូមមើលរូបភាពផងដែរ)
១០ តើយើងទាញមេរៀនអ្វី? បើអ្នកចាប់ផ្ដើមគិតអំពីអ្វីដែលអ្នកបានលះបង់ដើម្បីក្លាយទៅជាគ្រិស្តសាសនិក សូមចាំដែរអំពីមូលហេតុដែលអ្នកលះបង់អ្វីទាំងនោះ។ (អទ. ៧:១០) សូមប្រៀបធៀបអ្វីដែលអ្នកបានលះបង់ ទៅនឹងពរដែលអ្នកទទួលក្នុងសេចក្ដីពិត។ ជាឧទាហរណ៍ អ្នកមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតលើសកលលោកទាំងមូល។ (សុភ. ៣:៣២) អ្នកមានក្រុមគ្រួសាររួមជំនឿដែលស្រឡាញ់អ្នកខ្លាំងណាស់។ (សូមអាន ម៉ាកុស ១០:២៩, ៣០) ម្យ៉ាងទៀត អ្នកមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៅថ្ងៃអនាគត! (អេ. ៦៥:២១-២៣) បើអ្នកគិតជាទៀងទាត់អំពីពរដែលមកពីការបម្រើព្រះយេហូវ៉ា នោះអ្នកទំនងជាមិនសូវនឹកអាល័យអ្វីដែលអ្នកបានលះបង់ទេ។
ជាជាងនឹកអាល័យអ្វីដែលអ្នកបានលះបង់ សូមសប្បាយនឹងកិច្ចបម្រើផ្សាយដែលព្រះផ្ដល់ឲ្យ (សូមមើលវគ្គ១០)e
១១. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងរ៉ូសម៉ារី?
១១ បងស្រីម្នាក់ឈ្មោះរ៉ូសម៉ារីបានទទួលការជ្រមុជទឹកពេលគាត់មានអាយុ៥០ឆ្នាំជាង។ សូមកត់សម្គាល់អំពីអ្វីដែលគាត់បានធ្វើដើម្បីមិននឹកអាល័យអ្វីដែលគាត់បានលះបង់។ គាត់និយាយថា៖ «ដំបូង ខ្ញុំនឹកធ្វើបុណ្យណូអែល ដោយសារនោះជាពេលដែលខ្ញុំតែងតែសប្បាយជាមួយនឹងក្រុមគ្រួសារខ្ញុំ។ ខ្ញុំចូលចិត្តឲ្យអំណោយដល់កូនចៅរបស់ខ្ញុំ។ ខ្ញុំសប្បាយឃើញពួកគេមកជុំគ្នានៅជិតដើមណូអែល ហើយឃើញទឹកមុខរីករាយរបស់ពួកគេពេលពួកគេបើកអំណោយ»។ តើអ្វីបានជួយបងរ៉ូសម៉ារី? គាត់និយាយថា៖ «ខ្ញុំបានរកឱកាសផ្សេងៗដើម្បីជួបជុំសប្បាយជាមួយនឹងក្រុមគ្រួសារ។ រៀងរាល់ឆ្នាំនៅថ្ងៃផ្សេង ខ្ញុំហៅក្រុមគ្រួសារមកជួបជុំគ្នា ឲ្យអំណោយពួកគេ ហើយពន្យល់មូលហេតុដែលខ្ញុំស្រឡាញ់ពួកគេម្នាក់ៗ»។ បងរ៉ូសម៉ារីក៏ជួបការពិបាកមួយទៀតដែរ។ គាត់និយាយថា៖ «ពេលខ្ញុំរៀនសេចក្ដីពិត មិត្តរបស់ខ្ញុំឈប់រាប់អានខ្ញុំ។ ជួនកាល ខ្ញុំនឹកពួកគេ ហើយមានអារម្មណ៍ឯកោ»។d តើអ្វីបានជួយបងរ៉ូសម៉ារី? គាត់ណាត់ផ្សព្វផ្សាយជាមួយនឹងបងប្អូនស្រីផ្សេងៗ។ គាត់និយាយថា៖ «ដោយធ្វើដូច្នេះ ខ្ញុំស្គាល់ពួកគេច្បាស់ជាង ហើយយើងទៅជាមិត្តនឹងគ្នា។ ឥឡូវ ខ្ញុំមានមិត្តថ្មីដែលខ្ញុំស្រឡាញ់និងឲ្យតម្លៃ»។ តើអ្នកអាចរៀនអ្វីពីគំរូរបស់បងរ៉ូសម៉ារី? អ្នកប្រហែលជាមានអ្វីមួយឬធ្លាប់ធ្វើអ្វីមួយដែលនាំឲ្យអ្នកសប្បាយមុនរៀនសេចក្ដីពិត ហើយឥឡូវអ្នកប្រហែលជានឹកអ្វីនោះ។ ប៉ុន្តែ អ្នកប្រហែលជាអាចជំនួសអ្វីដែលអ្នកបានលះបង់នោះទៅនឹងអ្វីដែលល្អៗ។ (ភី. ៤:៨, ៩) ម្យ៉ាងទៀត សូមចាំថាព្រះយេហូវ៉ាតែងតែឲ្យពរច្រើនជាងអ្វីដែលអ្នកបានលះបង់ទៅទៀត។
ពេលអ្នកឯទៀតចាកចេញពីព្រះយេហូវ៉ា
១២. តើមានបញ្ហាអ្វីក្នុងក្រុមជំនុំដែលយើងប្រហែលជាពិបាកទទួលយក?
១២ ពេលអ្នកក្លាយទៅជាសាក្សីព្រះយេហូវ៉ា អ្នកទំនងជាធូរចិត្តដែលបានចាកចេញពីពិភពលោកដ៏អាក្រក់ ហើយចូលទៅក្នុងក្រុមមនុស្សដែលបង្រៀនសេចក្ដីពិតនិងព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ (អេ. ៦៥:១៤) ប៉ុន្តែ ជួនកាលអ្នកប្រហែលឮថាមានបុគ្គលក្នុងក្រុមជំនុំបានប្រព្រឹត្តអំពើខុសឆ្គង។ អ្នកខ្លះថែមទាំងបានត្រូវដកចេញពីក្រុមជំនុំទៀតផង។ (១កូ. ៥:១៣) សូមកត់សម្គាល់អំពីអារម្មណ៍របស់បងស្រីសាម៉ាពេលដែលគាត់ជួបស្ថានភាពបែបនេះ។ គាត់និយាយថា៖ «មិនយូរក្រោយពីខ្ញុំទទួលការជ្រមុជទឹក មានអ្នកចាស់ទុំម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយបានត្រូវដកចេញពីក្រុមជំនុំ។ ខ្ញុំសឹងតែជំពប់ដួលដោយសារខ្ញុំពិបាកជឿថា អ្នកចាស់ទុំអាចប្រព្រឹត្តអំពើខុសឆ្គងប្រឆាំងនឹងព្រះយេហូវ៉ានិងក្រុមជំនុំ»។ ពិតមែនតែយើងគួរទុកចិត្តជានិច្ចថាបងប្អូនស្រឡាញ់ព្រះយេហូវ៉ា ហើយចង់នៅជាប់នឹងលោក តែយើងត្រូវទទួលស្គាល់ការពិតដែរថា ជារៀងរាល់ឆ្នាំមានបុគ្គលខ្លះបានត្រូវដកចេញពីក្រុមជំនុំ។ (១កូ. ១៣:៤, ៧) រឿងនេះអាចកាន់តែពិបាកចំពោះអ្នក បើបុគ្គលដែលជិតស្និទ្ធនឹងអ្នកឬបុគ្គលដែលអ្នកគោរព សម្រេចចិត្តចាកចេញពីព្រះយេហូវ៉ា។
១៣. តើតាមរបៀបណាយើងអាចត្រៀមខ្លួននៅឥឡូវដើម្បីកុំឲ្យយើងជំពប់ដួលបើមានបុគ្គលជិតស្និទ្ធចាកចេញពីព្រះយេហូវ៉ា?
១៣ តើតាមរបៀបណាអ្នកអាចត្រៀមខ្លួននៅឥឡូវនេះដើម្បីកុំឲ្យអ្នកជំពប់ដួល បើមានបុគ្គលដែលជិតស្និទ្ធនឹងអ្នកចាកចេញពីព្រះយេហូវ៉ា? សូមបន្តពង្រឹងចំណងមិត្តភាពរបស់អ្នកផ្ទាល់ជាមួយនឹងព្រះយេហូវ៉ា។ (យ៉ា. ៤:៨) សូមកុំពឹងផ្អែកលើភាពស្មោះត្រង់របស់អ្នកឯទៀតដើម្បីមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ាឡើយ។ ជាឧទាហរណ៍ ទោះជាយើងច្រើនតែគោរពប្រណិប័តន៍ព្រះជាមួយគ្នាជាក្រុមគ្រួសារនិងជាក្រុមជំនុំក្ដី យើងក៏ត្រូវមានទម្លាប់អធិដ្ឋាននិងអានគម្ពីរផ្ទាល់ខ្លួនដែរ។—ចសព. ១:២; ៦២:៨
១៤. តើយើងរៀនអ្វីពីគំរូរបស់សាវ័កពេត្រុស? (យ៉ូហាន ៦:៦៦-៦៨)
១៤ យើងក៏អាចទាញមេរៀនពីប្រតិកម្មរបស់ពេត្រុសពេលពួកអ្នកកាន់តាមជាច្រើនឈប់កាន់តាមលោកយេស៊ូទៀត។ ពេត្រុសប្រហែលជាមិនយល់អ្វីដែលលោកយេស៊ូបានមានប្រសាសន៍នៅពេលនោះទេ តែគាត់នៅតែរក្សាភាពស្មោះត្រង់។ សូមកត់សម្គាល់អ្វីដែលគាត់និយាយនៅយ៉ូហាន ៦:៦៦-៦៨។ (សូមអាន) ជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកឯទៀតធ្វើ ពេត្រុសផ្ដោតអារម្មណ៍ទៅលើសេចក្ដីពិតដែលលោកយេស៊ូបានបង្រៀន។ ជាលទ្ធផល ពេត្រុសមិនបានជំពប់ដួលទេ។ ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះ ទោះបីជាអ្នកឯទៀតឈប់បម្រើព្រះយេហូវ៉ាក្ដី សូមចាំថានេះគឺជាអង្គការដែលបានបង្រៀនអ្នកនូវសេចក្ដីពិតអំពីព្រះយេហូវ៉ា។ សូមកាន់ខ្ជាប់តាមសេចក្ដីពិតនោះ! បងសាម៉ាដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ខ្ញុំតែងតែរំលឹកខ្លួនថា ទោះជាបុគ្គលម្នាក់ធ្វើអ្វីខុសក៏ដោយ នេះមិនមានន័យថា បុគ្គលទាំងអស់ក្នុងក្រុមជំនុំធ្វើអ្វីដែលខុសឬថាអ្វីដែលអង្គការព្រះបង្រៀនគឺខុសនោះទេ។ ម្យ៉ាងទៀត ទោះជាមនុស្សប្រព្រឹត្តអាក្រក់យ៉ាងណាក៏ដោយ នោះមិនមែនជាកំហុសរបស់ព្រះយេហូវ៉ាទេ ព្រោះលោកតែងតែបង្រៀនយើងអ្វីដែលត្រឹមត្រូវ»។
១៥. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងអេមេលី?
១៥ សូមគិតអំពីបទពិសោធន៍របស់បងស្រីអេមេលី។ ក្រោយពីគាត់ទើបតែទទួលការជ្រមុជទឹកបានមួយសប្ដាហ៍ ម្ដាយរបស់គាត់បានរត់ចោលក្រុមគ្រួសារ ហើយបានត្រូវដកចេញពីក្រុមជំនុំ។ បងអេមេលីនិយាយថា៖ «ខ្ញុំមិនដែលគិតថារឿងនេះអាចកើតឡើងទេ។ នេះគឺជាអ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំ ហើយខ្ញុំនឹកម៉ាក់ខ្ញុំខ្លាំងណាស់»។ តើអ្វីបានជួយបងអេមេលី? គាត់និយាយថា៖ «ខ្ញុំមិននៅតែឯងទេ។ ខ្ញុំមិនគ្រាន់តែមានឪពុកគាំទ្រខ្ញុំប៉ុណ្ណោះទេ តែក៏មានបងប្អូនក្នុងក្រុមជំនុំគាំទ្រខ្ញុំដែរ។ ពួកគេប្រៀបដូចជាក្រុមគ្រួសាររបស់ខ្ញុំ។ យើងទាំងអស់គ្នាមានបញ្ហារៀងៗខ្លួន ហេតុនេះហើយគឺសំខាន់ឲ្យយើងបន្តនៅជិតស្និទ្ធនឹងគ្នា ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក»។ (១ពេ. ៥:៩) អ្នកមិនចាំបាច់ចាំរហូតដល់មានបញ្ហា ទើបអ្នកពង្រឹងចំណងមិត្តភាពជាមួយនឹងបងប្អូនអ្នកទេ។ សូមបន្តធ្វើដូច្នេះនៅឥឡូវនេះ។ យ៉ាងនេះ មិនថាមានអ្វីកើតឡើងក្ដី អ្នកនឹងមិនសូវមានអារម្មណ៍ឯកោទេ។
១៦. តើយើងគួរនឹកចាំអំពីអ្វី? (សូមមើលរូបភាពផងដែរ)
១៦ សូមចាំដែរថា ព្រះយេហូវ៉ាប្រៀនប្រដៅបុគ្គលដែលលោកស្រឡាញ់។ (ហេ. ១២:៦) លោកចង់ឲ្យអស់អ្នកដែលបានត្រូវដកចេញពីក្រុមជំនុំត្រឡប់មកវិញ។ (២ពេ. ៣:៩) ដូច្នេះ បើបុគ្គលដែលជិតស្និទ្ធនឹងអ្នកបានត្រូវដកចេញពីក្រុមជំនុំ អ្នកអាចជឿជាក់ថាពួកអ្នកចាស់ទុំនឹងខំអស់ពីសមត្ថភាពដើម្បីជួយបុគ្គលនោះឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ។—២ធី. ២:២៤, ២៥
បើបុគ្គលដែលជិតស្និទ្ធនឹងអ្នកបានត្រូវដកចេញពីក្រុមជំនុំ សូមចាំថាពួកអ្នកចាស់ទុំចង់ជួយគាត់ឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ (សូមមើលវគ្គ១៦)f
១៧. តើយើងអាចប្រាកដអំពីអ្វី?
១៧ យើងបានពិចារណាអំពីការពិបាកមួយចំនួនដែលអ្នកប្រហែលជាជួបប្រទះក្រោយពីទទួលការជ្រមុជទឹក។ ពិតណាស់ ការពិបាកខ្លះប្រហែលជាមើលទៅធំ តែអ្នកមិនចាំបាច់ភ័យខ្លាចឡើយ។ មានអ្វីជាច្រើនដែលអ្នកអាចធ្វើដើម្បីត្រៀមខ្លួន ហើយសូមកុំភ្លេចថាអ្នកមានជំនួយដ៏ធំបំផុត នោះគឺព្រះយេហូវ៉ា។ លោកបានជួយអ្នក ហើយលោកក៏ចង់ជួយអ្នកជារៀងរហូតដែរ! (១ពេ. ៥:១០) លោកនឹងតែងតែផ្ដល់កម្លាំងនិងការស៊ូទ្រាំដែលអ្នកត្រូវការដើម្បីប្រឈមមុខនឹងទុក្ខលំបាកណាក៏ដោយ។ បើអ្នកបន្តទទួលជំនួយពីព្រះយេហូវ៉ា គ្មានបញ្ហាណានឹងធ្វើឲ្យអ្នកចាកចេញពីលោកឡើយ!—ចសព. ១១៩:១៦៥; រ៉ូម ៨:៣៨, ៣៩
ចម្រៀងលេខ១៥៤ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យ
a ទោះជាអត្ថបទនេះបានត្រូវរៀបចំឡើងសម្រាប់សាក្សីដែលទទួលការជ្រមុជទឹកថ្មីៗនេះក៏ដោយ យើងទាំងអស់គ្នាអាចទទួលប្រយោជន៍ពីព័ត៌មានក្នុងអត្ថបទនេះ។
b ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
c ការយល់ធ្លុះជ្រៅរួមបញ្ចូលសមត្ថភាពមើលអ្វីដែលមិនងាយកត់សម្គាល់។ គុណសម្បត្តិនេះអាចជួយយើងឲ្យយល់អំពីមូលហេតុដែលបុគ្គលម្នាក់និយាយឬប្រព្រឹត្តអ្វីណាមួយ។
d យើងទាំងអស់គ្នា មិនគ្រាន់តែអ្នកដឹកនាំការសិក្សាគម្ពីរប៉ុណ្ណោះគួរជួយសិស្សគម្ពីរនិងបងប្អូនដែលទទួលការជ្រមុជទឹកថ្មីៗនេះឲ្យមានអារម្មណ៍កក់ក្ដៅក្នុងក្រុមជំនុំ។ សូមមើលវគ្គ១៥និង១៦ក្នុងអត្ថបទដែលមានចំណងជើងថា «សូមឲ្យក្រុមជំនុំទាំងមូលជួយសិស្សគម្ពីរឲ្យទទួលការជ្រមុជទឹក» នៅក្នុងទស្សនាវដ្ដីប៉មយាម ខែមីនា ឆ្នាំ២០២១។
e ការពណ៌នាអំពីរូបភាព៖ ពេលផ្សព្វផ្សាយ បងស្រីម្នាក់ឃើញគេលេងកីឡា ហើយគាត់នឹកចាំអំពីពេលដែលគាត់ធ្លាប់ជាកីឡាការិនី។ ក្រោយមក បងស្រីនោះផ្សព្វផ្សាយឲ្យកីឡាការិនីម្នាក់ដែលប្រហែលជាធ្លាប់លេងកីឡាជាមួយគ្នាពីមុន។
f ការពណ៌នាអំពីរូបភាព៖ អ្នកចាស់ទុំពីរនាក់ទៅជួបបុរសម្នាក់ដែលបានត្រូវដកចេញពីក្រុមជំនុំ ហើយលើកទឹកចិត្តគាត់ឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ។