បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 កុម្ភៈ ទំ. ១៤-១៩
  • ចូរ​បន្ត​ឈាន​ទៅ​មុខ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​បន្ត​ឈាន​ទៅ​មុខ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក
  • ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ទី​បញ្ចប់?
  • ប្រយោជន៍​ដែល​មក​ពី​ការ​ចាត់​វិធានការ​នៅ​ឥឡូវ​នេះ
  • អត្ថន័យ​និង​សារៈ​សំខាន់​នៃ​ការ​ជ្រមុជ​ទឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • តើអ្នកត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះយេហូវ៉ាហើយឬនៅ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ‹ចូរមកតាមលោកយេស៊ូជាដរាប›ក្រោយពីទទួលការជ្រមុជទឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • សូម​កុំ​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 កុម្ភៈ ទំ. ១៤-១៩

ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២៦

ចម្រៀង​លេខ​៤៩ ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ត្រេក​អរ

ចូរ​បន្ត​ឈាន​ទៅ​មុខ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក

​«​ឥឡូវ​នេះ​គឺ​ជា​គ្រា​ដែល​លោក​ពេញ​ចិត្ត​»។—២កូ. ៦:២

ចំណុច​ផ្ដោត

ឥឡូវ​នេះ​គឺ​ជា​ពេល​ឲ្យ​យើង​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

១. (​ក​) តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

តើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ? បើ​អ្នក​បាន​ធ្វើ​ដូច្នេះ​មែន នេះ​មាន​ន័យ​ថា​អ្នក​បាន​សុំ​ព្រះ​រួច​ហើយ​ផ្ដល់​ឲ្យ​អ្នក​នូវ​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ (​១ពេ. ៣:២១​) យ៉ាង​នេះ អ្នក​បាន​ទុក​គំរូ​ល្អ​ដល់​បង​ប្អូន​វ័យ​ក្មេង និង​អ្នក​ថ្មី​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ណាស់! ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក? អ្នក​ច្បាស់​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ អ្នក​ដឹង​ថា ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ឲ្យ​អ្នក​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ (​សកម្ម. ២:៣៨​-​៤០​) ប៉ុន្តែ អ្នក​ប្រហែល​ជា​នៅ​តែ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក។ តើ​អ្វី​អាច​ជួយ​អ្នក? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា (​១​)​ មូលហេតុ​ដែល​បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក (​២​)​ មូលហេតុ​ដែល​ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ទី​បញ្ចប់ និង​(​៣​)​ ប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​ពី​ការ​ខំ​ប្រឹង​ឈាន​ទៅ​រក​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់។

មូលហេតុ​ដែល​បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក

២. ហេតុ​អ្វី​បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក?

២ បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​សារ​ពួក​គេ​ភ័យ​ខ្លាច។ ជា​ឧទាហរណ៍ ទោះ​ជា​ពួក​គេ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ក្ដី ពួក​គេ​ខ្លាច​ថា​ពួក​គេ​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​ពិនិត្យ​មើល​ខ​គម្ពីរ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​ថា​លោក​ពេញ​ចិត្ត​ពេល​អ្នក​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​លោក។ (​ចសព. ១០៣:១៣, ១៤; កូឡ. ៣:២៣​) ម្យ៉ាង​ទៀត បើ​អ្នក​ខ្លាច​ការ​ប្រឆាំង សូម​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ដែល​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៅ​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?​»។—ចសព. ១១៨:៦

៣. តើ​របៀប​គិត​គូរ​អ្វី​ប្រហែល​ជា​រា​រាំង​បុគ្គល​ខ្លះ​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក? (​សូម​មើល​រូប​ភាពផង​ដែរ​)

៣ បុគ្គល​ខ្លះ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ពន្យារ​ពេល​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​សារ​ពួក​គេ​គិត​ថា​ពួក​គេ​ខ្វះ​ចំណេះ។ ប៉ុន្តែ តើ​អ្នក​ត្រូវ​មាន​ចំណេះ​ច្រើន​ប៉ុន​ណា​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក? សូម​គិត​អំពី​ឧទាហរណ៍​មួយ​ក្នុង​គម្ពីរ។ ក្នុង​អំឡុង​ពេល​ដែល​សាវ័ក​ប៉ូល​និង​ស៊ីឡាស​ជាប់​គុក មាន​រញ្ជួយ​ដី​ធ្វើ​ឲ្យ​គុក​រង្គោះ​រង្គើ។ ក្រោយ​មក សាវ័ក​ប៉ូល​និង​ស៊ីឡាស​បាន​ផ្សព្វ​ផ្សាយ​ដល់​ឆ្មាំ​គុក​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់។ ឆ្មាំ​គុក​និង​ក្រុម​គ្រួសារ​របស់​គាត់​ទំនង​ជា​យល់​ថា ព្រះ​បាន​ធ្វើ​អព្ភូតហេតុ​ដើម្បី​រំដោះ​អ្នក​បម្រើ​របស់​លោក។ នៅ​យប់​នោះ ពួក​គេ​ក៏​បាន​រៀន​អ្វី​ដ៏​សំខាន់​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែរ។ ជា​លទ្ធផល នោះ​បាន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​«​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់​»។ (​សកម្ម. ១៦:២៥​-​៣៣​) ចុះ​អ្នក​វិញ? បើ​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា ស្រឡាញ់​លោក​អស់​ពី​ដួង​ចិត្ត មាន​ចំណេះ​ពី​សេចក្ដី​បង្រៀន​បឋម​ក្នុង​គម្ពីរ បាន​ប្រែ​ចិត្ត​ពី​ការ​ខុស​ឆ្គង ហើយ​តាំង​ចិត្ត​បន្ត​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក នេះ​មាន​ន័យ​ថា​អ្នក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។—ម៉ាក. ១២:៣០

ប៉ូល​និង​ស៊ីឡាស​ផ្សព្វ​ផ្សាយ​ដល់​ឆ្មាំ​គុក​និង​ក្រុម​គ្រួសារ​របស់​គាត់​នៅ​ពេល​យប់។ ពួក​គេ​ទាំង​អស់​គ្នា​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ប៉ូល​និង​ស៊ីឡាស​បាន​ផ្សព្វ​ផ្សាយ​ដល់​ឆ្មាំ​គុក​និង​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ជា​លទ្ធផល ពួក​គេ​«​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់​»​ ​(​សូម​មើល​វគ្គ​៣​)​


៤. តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​បុគ្គល​ខ្លះ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៤ បុគ្គល​ខ្លះ​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត តែ​ពួក​គេ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ត្រូវ​លះ​បង់។ ពិត​ណាស់ គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​អ្នក​គិត​យ៉ាង​ដិត​ដល់​អំពី​ការ​សម្រេច​ចិត្ត​នីមួយ​ៗ​ថា​នោះ​នឹង​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​ជីវិត​របស់​អ្នក។ (​លូក. ១៤:២៧​-​៣០​) ប៉ុន្តែ បុគ្គល​ខ្លះ​គិត​ច្រើន​ពេក​អំពី​ការ​លះ​បង់​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​បម្រើ​ព្រះ។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​បង​ស្រី​ខាន់ឌីស។ ពេល​គាត់​នៅ​ក្មេង គាត់​បាន​រៀន​អំពី​អ្វី​ដែល​បុគ្គល​ម្នាក់​គួរ​ធ្វើ​ដើម្បី​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ ប៉ុន្តែ គាត់​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន​នៅ​ពេល​នោះ​ទេ។ ក្រោយ​មក ពេល​គាត់​ពេញ​វ័យ គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ម្ដង​ទៀត។ បង​ខាន់ឌីស​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា ខ្ញុំ​គួរ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ប៉ុន្តែ ខ្ញុំ​ស្ទាក់​ស្ទើរ​ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​អ្វី​ៗ​ដែល​ខ្ញុំ​ធ្វើ​ក្នុង​ពិភព​លោក។ ដូច្នេះ ការ​លះចោល​អ្វី​ទាំង​នោះ​នឹង​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​»។ ចំណែក​ឯ​បុគ្គល​ឯ​ទៀត ពួក​គេ​បារម្ភ​ថា​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​មាន​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់។ ពួក​គេ​បារម្ភ​ថា ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គេ​នឹង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ បើ​អ្នក​បារម្ភ​អំពី​អ្វី​ទាំង​នេះ តើ​អ្នក​អាច​ធ្វើ​អ្វី?

បង​ស្រី​ម្នាក់​កំពុង​បង្រៀន​គម្ពីរ​ដល់​ស្ត្រី​ម្នាក់។ កាល​ដែល​បង​ស្រី​និយាយ ស្ត្រី​នោះ​ស្រមៃ​គិត​អំពី​ការ​ផឹក​ស្រា​និង​រាំ​នៅ​ក្លឹប​រាត្រី​ជា​មួយ​នឹង​មិត្ត​ភក្ដិ​របស់​នាង។

បុគ្គល​ខ្លះ​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត បារម្ភ​អំពី​ការ​លះ​បង់​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​បម្រើ​លោក ​(​សូម​មើល​វគ្គ​៤​)​


៥. តើ​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ពេល​យើង​ពិចារណា​ថា​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​យ៉ាង​ណា? (​ម៉ាថាយ ១៣:៤៤​-​៤៦​)

៥ សូម​គិត ពេល​យើង​ចង់​ទិញ​របស់​មួយ យើង​មិន​គ្រាន់​តែ​មើល​តម្លៃ​ដែល​ត្រូវ​បង់​ដើម្បី​បាន​របស់​នោះ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​គិត​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ដែរ។ តាម​ធម្មតា បើ​របស់​មួយ​មាន​ប្រយោជន៍​ច្រើន​ជាង​អ្វី​ដែល​យើង​ត្រូវ​ចំណាយ នោះ​យើង​នឹង​ចង់​ទិញ​របស់​នោះ​ភ្លាម​ៗ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​គិត​ពិចារណា​ថា​គួរ​ជ្រមុជ​ទឹក​ឬ​យ៉ាង​ណា យើង​មិន​គ្រាន់​តែ​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​លះ​បង់​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​គិត​អំពី​ប្រយោជន៍​ជា​ច្រើន​ដែល​មក​ពី​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​ពីរ​ដើម្បី​បង្រៀន​អំពី​ចំណុច​នេះ។ (​សូម​អាន ម៉ាថាយ ១៣:៤៤​-​៤៦​) ក្នុង​ឧទាហរណ៍​នីមួយ​ៗ មាន​បុរស​ម្នាក់​ដែល​ពេញ​ចិត្ត​លក់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ដើម្បី​ទិញ​របស់​មាន​តម្លៃ​ដែល​គាត់​បាន​រក​ឃើញ។ ចុះ​យ៉ាង​ណា​អ្នក​វិញ? អ្នក​ក៏​បាន​រក​ឃើញ​អ្វី​ដែល​មាន​តម្លៃ​ខ្លាំង​ណាស់​ដែរ ពោល​គឺ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ។ ដូច្នេះ បើ​អ្នក​ស្ទាក់​ស្ទើរ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក សូម​គិត​យ៉ាង​ដិត​ដល់​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ។ អ្នក​ប្រហែល​ជា​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ពិត​ជា​ជឿ​ជាក់​ថា​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​មាន​តម្លៃ​ខ្លាំង​ឬ​ទេ? តើ​ខ្ញុំ​ឲ្យ​តម្លៃ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា សេចក្ដី​សង្ឃឹម​ដែល​លោក​ផ្ដល់​ឲ្យ​ខ្ញុំ និង​បង​ប្អូន​រួម​ជំនឿ​ដែល​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?›។ ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ទាំង​នោះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក។

៦. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន?

៦ ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្ដី​អំពី​អ្នក​សាប​ព្រោះ លោក​បញ្ជាក់​ថា​មនុស្ស​ម្នាក់​ៗ​រីក​ចម្រើន​ឬ​មិន​រីក​ចម្រើន​ក្នុង​សេចក្ដី​ពិត គឺ​អាស្រ័យ​លើ​ចិត្ត​របស់​ពួក​គេ។ លោក​យេស៊ូ​បាន​បង្ហាញ​ថា បុគ្គល​ខ្លះ​នឹង​«​មាន​ចិត្ត​ល្អ​និង​ស្មោះ​ត្រង់​»​ ហើយ​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ (​លូក. ៨:៥​-​១៥​) បើ​អ្នក​បារម្ភ​ថា​អ្នក​មាន​ចិត្ត​ពីរ សូម​កុំ​ឈប់​ព្យាយាម​ឡើយ។ ដោយ​មាន​ជំនួយ​ពី​ព្រះ អ្នក​អាច​«​មាន​ចិត្ត​ថ្មី​»​គឺ​ចិត្ត​ដែល​នឹង​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក។ ក្នុង​ការ​អធិដ្ឋាន សូម​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​កុំ​ឲ្យ​មាន​ចិត្ត​រឹង​ដូច​ថ្ម ដើម្បី​ឲ្យ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​អាច​ដុះ​លូត​លាស់​ឡើង​ក្នុង​ចិត្ត​របស់​អ្នក។—អេគ. ១៨:៣១; ៣៦:២៦

៧​-​៨. ហេតុ​អ្វី​បុគ្គល​វ័យ​ក្មេង​ខ្លះ​មិន​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៧ បុគ្គល​វ័យ​ក្មេង​ខ្លះ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​មិន​បាន​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក​ទេ ដោយ​សារ​ឥទ្ធិពល​ពី​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ គ្រូ​ខ្លះ​នៅ​សាលា​ប្រហែល​ជា​ឲ្យ​យោបល់​សិស្ស​ឲ្យ​មាន​ទស្សនៈ​ទូលំ​ទូលាយ​អំពី​ខ្នាត​តម្រា​សីលធម៌ សូម្បី​តែ​នោះ​បំពាន​ខ្នាត​តម្រា​របស់​ព្រះ​ក៏​ដោយ។ ប៉ុន្តែ យោបល់​បែប​នោះ​អាច​នាំ​ឲ្យ​មាន​អន្តរាយ។ (​ចសព. ១:១, ២; សុភ. ៧:១​-​៥​) អ្នក​អាច​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​នេះ ដោយ​ធ្វើ​តាម​គំរូ​របស់​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ដែល​បាន​ប្រាប់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​មាន​គំនិត​យល់​ធ្លុះ​ជ្រៅ​ច្រើន​ជាង​គ្រូ​ទាំង​អស់​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​រំពឹង​គិត​អំពី​សេចក្ដី​រំលឹក​របស់​លោក​»។—ចសព. ១១៩:៩៩

៨ តាម​មើល​ទៅ ឪពុក​ម្ដាយ​ខ្លះ​ដែល​ជា​សាក្សី​បាន​ធ្វើ​ឲ្យ​កូន​របស់​ពួក​គេ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក។ ជា​ឧទាហរណ៍ ឪពុក​ម្ដាយ​ខ្លះ​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​ទៅ​លើ​ការ​អប់រំ​និង​អាជីព​របស់​កូន ឬ​ពួក​គេ​ប្រហែល​ជា​មិន​បាន​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ទេ។ ចុះ​យ៉ាង​ណា​ប្អូន​វិញ? តើ​ប្អូន​មាន​អារម្មណ៍​ថា​ឪពុក​ម្ដាយ​របស់​ប្អូន​អាច​ជួយ​ប្អូន​ឲ្យ​រីក​ចម្រើន​ច្រើន​ជាង​ឬ​ទេ? បើ​ដូច្នេះ សូម​និយាយ​ជា​មួយ​នឹង​ពួក​គេ។ សូម​ចាំ​ថា មិន​ថា​ប្អូន​មាន​អាយុ​ប៉ុន​ណា​ក៏​ដោយ ប្អូន​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។—សុភ. ២០:១១

ប្អូន​ប្រុស​វ័យ​ជំទង់​ម្នាក់​បង្ហាញ​មេ​រៀន​ទី​២៣​ពី​សៀវភៅ​«​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!​»​ កាល​ដែល​គាត់​និយាយ​ជា​មួយ​នឹង​ឪពុក​ម្ដាយ។

សូម​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ​នឹង​ឪពុក​ម្ដាយ​របស់​អ្នក​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក ​(​សូម​មើល​វគ្គ​៨​)​


៩. ហេតុ​អ្វី​បុគ្គល​ខ្លះ​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក?

៩ បុគ្គល​ខ្លះ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ប្រហែល​ជា​បង្អែ​បង្អង់​ដោយ​សារ​ពួក​គេ​មាន​អារម្មណ៍​ថា​ត្រូវ​ចាំ​សិន។ ជា​ឧទាហរណ៍ មិត្ត​ភក្ដិ​ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ប្រហែល​ជា​សុំ​ពួក​គេ​ឲ្យ​ចាំ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ដូច​គ្នា។ ពិត​មែន​តែ​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ដំណាល​គ្នា​នឹង​បុគ្គល​ដែល​អ្នក​ស្រឡាញ់ តែ​តើ​នោះ​គួរ​ធ្វើ​ឲ្យ​អ្នក​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? សូម​ចាំ​ថា ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​ជា​សេចក្ដី​សន្យា​ដែល​អ្នក​ផ្ទាល់​ធ្វើ​ជា​មួយ​នឹង​លោក។ ការ​ជ្រមុជ​ទឹក​របស់​អ្នក​មិន​គួរ​ផ្អែក​លើ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​នោះ​ទេ។—រ៉ូម ១៤:១២

ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ទី​បញ្ចប់?

១០. ហេតុ​អ្វី​បុគ្គល​ខ្លះ​មិន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

១០ បន្ថែម​ទៅ​ទៀត បុគ្គល​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​សា​ពួក​គេ​គិត​ថា ពួក​គេ​នៅ​មាន​ពេល​ច្រើន​មុន​ទី​បញ្ចប់​មក​ដល់។ ប៉ុន្តែ តើ​ការ​គិត​ដូច្នេះ​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? លោក​យេស៊ូ​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច . . . ពីព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។—លូក. ១២:៤០

១១. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ១១៩:៦០ កាល​ដែល​យើង​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បញ្ញត្តិ​របស់​លោក?

១១ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់។ កាល​ដែល​យើង​កាន់​តែ​ស្គាល់​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ យើង​នឹង​កាន់​តែ​ស្រឡាញ់​បញ្ញត្តិ​របស់​លោក ហើយ​ធ្វើ​តាម​បញ្ញត្តិ​នោះ​ដោយ​មិន​បង្អែ​បង្អង់។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:៦០​) យ៉ាកុប​បាន​លើក​ឡើង​អំពី​មូលហេតុ​សំខាន់​មួយ​ទៀត​ឲ្យ​យើង​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដោយ​មិន​បង្អែ​បង្អង់។ គាត់​និយាយ​ថា គ្មាន​យើង​ណា​ម្នាក់​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​នោះ​ទេ។ ដូច្នេះ យើង​ត្រូវ​«​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​»​ជា​រៀង​រាល់​ថ្ងៃ គឺ​ថា​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។—យ៉ា. ៤:១៣​-​១៧

១២. តើ​យើង​អាច​រៀន​អ្វី​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្ដី​អំពី​ចម្ការ​ទំពាំង​បាយ​ជូរ?

១២ សូម​គិត​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្ដី​អំពី​ចម្ការ​ទំពាំង​បាយ​ជូរ។ ក្នុង​ឧទាហរណ៍​នោះ លោក​បាន​ពន្យល់​ថា កម្មករ​ខ្លះ​ធ្វើ​ការ​ត្រឹម​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​នៅ​តែ​ទទួល​ប្រាក់​ឈ្នួល​ដូច​កម្មករ​ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ហេតុ​អ្វី​កម្មករ​ដែល​ធ្វើ​ការ​តែ​មួយ​ម៉ោង​មិន​បាន​មក​ធ្វើ​ការ​មុន​ម៉ោង​នោះ? ពួក​គេ​និយាយ​ថា​៖ ​«​ពីព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ទេ​»។ ដូច្នេះ កម្មករ​ទាំង​នោះ​មិន​មែន​មិន​ចង់​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ទេ គ្រាន់​តែ​មិន​មាន​អ្នក​ណា​ជួល​ពួក​គេ​ឲ្យ​ធ្វើ​ការ​ប៉ុណ្ណោះ។ ពេល​ពួក​គេ​បាន​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ការ ពួក​គេ​ចូល​ធ្វើ​ការ​ភ្លាម​ៗ។ (​ម៉ាថ. ២០:១​-​១៦​) នៅ​សព្វ​ថ្ងៃ​នេះ លោក​យេស៊ូ​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក ហើយ​ចូល​រួម​ក្នុង​កិច្ច​ការ​រាជាណាចក្រ។ ដូច្នេះ កាល​ដែល​យើង​ឮ​សំណូម​ពរ​របស់​លោក យើង​គួរ​ធ្វើ​តាម​ភ្លាម​ៗ។

១៣. តើ​យើង​អាច​រៀន​អ្វី​ពី​ប្រពន្ធ​របស់​ឡុត?

១៣ បុគ្គល​ខ្លះ​បង្អែ​បង្អង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​គិត​ថា​ពួក​គេ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​ភ្លាម​ៗ​មុន​ទី​បញ្ចប់​មក​ដល់។ ប៉ុន្តែ បើ​អ្នក​បង្អែ​បង្អង់​យូរ អ្នក​នឹង​កាន់​តែ​ពិបាក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​ដឹង​អំពី​រឿង​នេះ ហើយ​លោក​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​នឹក​ចាំ​អំពី​ប្រពន្ធ​របស់​ឡុត​»។ (​លូក. ១៧:៣១​-​៣៥​) ប្រពន្ធ​របស់​ឡុត​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ភ្លាម​ៗ។ ប៉ុន្តែ តាម​មើល​ទៅ គាត់​មិន​សុខ​ចិត្ត​លះ​ចោល​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទេ។ (​ដក. ១៩:២៣​-​២៦​) កំណត់​ហេតុ​នេះ​ក៏​រំលឹក​យើង​ថា​ឱកាស​ឲ្យ​មនុស្ស​ទទួល​សេចក្ដី​សង្គ្រោះ​គឺ​មាន​កំណត់។ ពេល​ថ្ងៃ​កំណត់​របស់​ព្រះ​មក​ដល់ ពួក​គេ​លែង​មាន​ឱកាស​ទៀត​ហើយ។—លូក. ១៣:២៤, ២៥

១៤. តើ​ទំនាយ​ក្នុង​គម្ពីរ​អំពី​ទី​បញ្ចប់​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក?

១៤ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​ពិភព​លោក​នេះ​កំពុង​សម្រេច​ទំនាយ​ក្នុង​គម្ពីរ​អំពី​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ ទោះ​ជា​អ្នក​មិន​ទទួល​ឥទ្ធិពល​ចំ​ៗ​ពី​ព្រឹត្តិការណ៍​ទាំង​នោះ​ក្ដី ការ​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ គួរ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សតវត្សរ៍​ទី​១។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​«​ដឹង​ខុស​ត្រូវ​ជា​និច្ច​»។ ហេតុ​អ្វី​បាន​ជា​គាត់​និយាយ​ដូច្នោះ? ពីព្រោះ​«​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ​»។ (​១ពេ. ៤:៧​) ពាក្យ​«​ទី​បញ្ចប់​»​ក្នុង​ខ​នោះ ទំនង​ជា​សំដៅ​ទៅ​លើ​ទី​បញ្ចប់​នៃ​របៀប​របប​ជនជាតិ​យូដា។ គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​សំបុត្រ​ពី​ពេត្រុស រស់​នៅ​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម ដូច្នេះ​ពួក​គេ​មិន​ទទួល​ឥទ្ធិពល​ចំ​ៗ​ពី​ការ​បំផ្លាញ​ក្រុង​នោះ​ទេ។ (​១ពេ. ១:១​) ប៉ុន្តែ កាល​ដែល​ពួក​គេ​ឃើញ​ទំនាយ​នោះ​សម្រេច នោះ​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ថា សេចក្ដី​សន្យា​ទាំង​អស់​ទៀត​របស់​ព្រះ​យេហូវ៉ា​នឹង​សម្រេច។ ស្រដៀង​គ្នា​ដែរ កាល​ដែល​អ្នក​ឃើញ​ទំនាយ​ដែល​ជាប់​ទាក់​ទង​នឹង​ទី​បញ្ចប់​កំពុង​សម្រេច នេះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ឈាន​ទៅ​រក​ការ​ជ្រមុជ​ទឹក។

១៥. តើ​យើង​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​សម្រាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា? (​ពេត្រុស​ទី​២ ៣:១០​-​១៣​)

១៥ ក្នុង​សំបុត្រ​ទី​ពីរ​របស់​ពេត្រុស គាត់​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​ ពោល​គឺ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ។ ចំពោះ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ថ្ងៃ​នោះ​គឺ​នៅ​យូរ​ទៀត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេត្រុស​បាន​ប្រាប់​ពួក​គេ​ឲ្យ​«​ចាំ​ជាប់​ជា​និច្ច​»​ឬ​«​ចង់​ឃើញ​[​ថ្ងៃ​នោះ​]​យ៉ាង​ខ្លាំង​»។ (​សូម​អាន ពេត្រុស​ទី​២ ៣:១០​-​១៣; កំ.ស.​) យើង​អាច​ចាំ​ជាប់​ជា​និច្ច​នូវ​ថ្ងៃ​នោះ ដោយ​ប្រុង​ប្រៀប​និង​ទន្ទឹង​រង់​ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់។ យើង​បង្ហាញ​ថា​យើង​ទន្ទឹង​រង់​ចាំ​ថ្ងៃ​នោះ ដោយ​ធ្វើ​ជា​«​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»។ សូម​គិត​ទៅ​មើល​ថា ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​យ៉ាង​ណា​ពេល​ឃើញ​អ្នក​«​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»​! លោក​នឹង​កាន់​តែ​សប្បាយ​ចិត្ត ពេល​ឃើញ​អ្នក​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

ប្រយោជន៍​ដែល​មក​ពី​ការ​ចាត់​វិធានការ​នៅ​ឥឡូវ​នេះ

១៦. តើ​ពេល​ណា​ជា​ពេល​ដ៏​ល្អ​បំផុត​ឲ្យ​ឈាន​ទៅ​ដល់​ការ​ជ្រមុជ​ទឹក? (​កូរិនថូស​ទី​២ ៦:១, ២​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ ឥឡូវ​គឺ​ជា​ពេល​ល្អ​បំផុត​ឲ្យ​រីក​ចម្រើន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ (​សូម​អាន កូរិនថូស​ទី​២ ៦:១, ២​) មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេត្យូពី​ដែល​ភីលីព​បាន​ជួប ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ។ ពេល​គាត់​យល់​ដំណឹង​ល្អ ហើយ​មាន​ឱកាស​ទទួល​ការ​ជ្រមុជ​ទឹក គាត់​មិន​បាន​គិត​ក្នុង​ចិត្ត​ថា ‹ចាំ​ខ្ញុំ​រៀន​ថែម​ទៀត​សិន ឬ​ចាំ​ទៅ​ដល់​កន្លែង​មួយ​ទៀត​ដែល​មាន​ទឹក​ច្រើន សឹម​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក›។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សួរ​ភីលីព​ថា​៖ ​«​តើ​មាន​អ្វី​ដែល​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?​»។ (​សកម្ម. ៨:២៦, ២៧, ៣៥​-​៣៩​) នោះ​គឺ​ជា​គំរូ​ល្អ​ណាស់! ក្រោយ​ពី​មន្ត្រី​នោះ​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ គាត់​ក៏​«​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទាំង​មាន​ចិត្ត​ត្រេក​អរ​»។

បណ្ដុំ​រូប​ភាព​៖ ១. មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេត្យូពី​ដើរ​ចូល​ទៅ​ក្នុង​ទឹក កាល​ដែល​ភីលីព​អញ្ជើញ​គាត់​ឲ្យ​មក​ទទួល​ការ​ជ្រមុជ​ទឹក។ ២. សិស្ស​គម្ពីរ​និង​បង​ស្រី​ពី​រូប​ភាព​មុន សប្បាយ​សន្ទនា​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ពីរ​នាក់​នៅ​សាល​ប្រជុំ។

គំរូ​របស់​មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេត្យូពី​បង្រៀន​យើង​នូវ​មេ​រៀន​ដ៏​សំខាន់​ថា ឥឡូវ​នេះ​គឺ​ជា​ពេល​ដ៏​ល្អ​បំផុត​ឲ្យ​រីក​ចម្រើន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ​(​សូម​មើល​វគ្គ​១៦​)​a


១៧. តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

១៧ បើ​អ្នក​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និត​ជា​មួយ​នឹង​លោក។ (​រ៉ូម ២:៤​) លោក​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​នូវ​ការ​ភ័យ​ខ្លាច ការ​ខ្វល់​ខ្វាយ ឬ​ឥទ្ធិពល​ពី​អ្នក​ឯ​ទៀត​ដែល​រា​រាំង​អ្នក​ពី​ការ​ជ្រមុជ​ទឹក។ ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នឹង​មាន​អំណរ​ក្រៃ​លែង​ដែល​មក​ពី​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​អ្នក​ទំនង​ជា​នឹង​ឃើញ​ថា​«​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ​»​ គឺ​លែង​សំខាន់​ចំពោះ​អ្នក​ទៀត​ហើយ។ (​ភី. ៣:៨, ១៣​) ពេល​នោះ អ្នក​អាច​ទន្ទឹង​រង់​ចាំ​«​អ្វី​ៗ​ដែល​នៅ​ខាង​មុខ​»​ ពោល​គឺ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។—សកម្ម. ៣:១៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​អ្នក​ខ្លះ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក?

  • ហេតុ​អ្វី​គឺ​មិន​ឈ្លាស​វៃ​ឲ្យ​ពន្យារ​ពេល​ទទួល​ការ​ជ្រមុជ​ទឹក?

  • តើ​ពេល​ណា​ជា​ពេល​ដ៏​ល្អ​បំផុត​ឲ្យ​ឈាន​ទៅ​ដល់​ការ​ជ្រមុជ​ទឹក?

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

a ការ​ពណ៌នា​អំពី​រូប​ភាព​៖ ដូច​មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេត្យូពី​ប្រាប់​ភីលីព​ថា​គាត់​ចង់​ទទួល​ការ​ជ្រមុជ​ទឹក នោះ​សិស្ស​គម្ពីរ​ម្នាក់​ប្រាប់​អ្នក​ចាស់​ទុំ​ថា​គាត់​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក