បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 កុម្ភៈ ទំ. ៨-១៣
  • អត្ថន័យ​និង​សារៈ​សំខាន់​នៃ​ការ​ជ្រមុជ​ទឹក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អត្ថន័យ​និង​សារៈ​សំខាន់​នៃ​ការ​ជ្រមុជ​ទឹក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក
  • តើ​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក​រួម​បញ្ចូល​អ្វី​ខ្លះ?
  • ​«​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាម​ឫទ្ធានុភាពបរិសុទ្ធរបស់លោក​»​
  • ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើ​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី?
    សំណួរនិងចម្លើយពីគម្ពីរ
  • ហេតុអ្វីយើងទទួលបុណ្យជ្រមុជទឹក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • អត្ថន័យនៃពិធីជ្រមុជទឹករបស់អ្នក
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 កុម្ភៈ ទំ. ៨-១៣

ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៦

ចម្រៀង​លេខ​៥២ ការ​ប្រគល់​ខ្លួន​ធ្វើ​ជា​គ្រិស្ត​សាសនិក

អត្ថន័យ​និង​សារៈ​សំខាន់​នៃ​ការ​ជ្រមុជ​ទឹក

​«​ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​»។—ម៉ាថ. ២៨:១៩

ចំណុច​ផ្ដោត

តើ​ការ​ជ្រមុជ​ទឹក​មាន​ន័យ​យ៉ាង​ណា សំខាន់​យ៉ាង​ណា ហើយ​រួម​បញ្ចូល​អ្វី​ខ្លះ?

១. ហេតុ​អ្វី​យើង​ដឹង​ថា​ការ​ជ្រមុជ​ទឹក​គឺ​ជា​សេចក្ដី​បង្រៀន​ដ៏​សំខាន់​ក្នុង​គម្ពីរ?

យើង​ពិត​ជា​សប្បាយ​ពេល​ឃើញ​អ្នក​ថ្មី​ទទួល​ការ​ជ្រមុជ​ទឹក! ពេល​គ្រិស្ត​សាសនិក​នៅ​ដើម​ដំបូង​ឃើញ​មនុស្ស​ជា​ច្រើន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ពួក​គេ​ក៏​សប្បាយ​ដែរ។ នៅ​ពេល​នោះ សាវ័ក​ពេត្រុស​បាន​ថ្លែង​សុន្ទរកថា​ដែល​ពន្យល់​ថា ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ណាស់។ (​សកម្ម. ២:៣៨, ៤០, ៤១​) ក្រោយ​មក សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​អំពី​គ្រិស្ត​»​ រួម​បញ្ចូល​«​សេចក្ដី​បង្រៀន​អំពី​ការ​ជ្រមុជ​ទឹក​»។ (​ហេ. ៦:១, ២​) ទោះ​ជា​ការ​ជ្រមុជ​ទឹក​មើល​ទៅ​ជា​សេចក្ដី​បង្រៀន​បឋម​ក្ដី យើង​ត្រូវ​យល់​សេចក្ដី​បង្រៀន​នោះ​ឲ្យ​បាន​ច្បាស់។ ហេតុ​អ្វី?

២. ហេតុ​អ្វី​យើង​ត្រូវ​យល់​ច្បាស់​អំពី​ការ​ជ្រមុជ​ទឹក?

២ ដូច​គ្រឹះ​មាំ​មួន​អាច​ធ្វើ​ឲ្យ​ផ្ទះ​រឹង​មាំ នោះ​ការ​យល់​ច្បាស់​អំពី​ការ​ជ្រមុជ​ទឹក​អាច​ជួយ​យើង​ឲ្យ​មាន​ជំនឿ​រឹង​មាំ។ មិន​ថា​យើង​កំពុង​រីក​ចម្រើន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី យើង​ត្រូវ​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​ជ្រមុជ​ទឹក។ ដូច្នេះ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​ការ​ជ្រមុជ​ទឹក​មាន​ន័យ​អ្វី? តើ​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក​រួម​បញ្ចូល​អ្វី​ខ្លះ? ហេតុ​អ្វី​យើង​ត្រូវ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ?

អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក

៣. តើ​ការ​ជ្រមុជ​ទឹក​បង្ហាញ​អំពី​អ្វី?

៣ ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​អ្នក​បង្ហាញ​ជា​សាធារណៈ​ថា អ្នក​ទទួល​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត បាន​ប្រែ​ចិត្ត​ពី​ការ​ខុស​ឆ្គង ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា ទទួល​ស្គាល់​ថា​ព្រះ​ប្រើ​លោក​យេស៊ូ​ដើម្បី​សង្គ្រោះ​អ្នក ហើយ​អ្នក​បាន​សន្យា​នឹង​ព្រះ​ក្នុង​សេចក្ដី​អធិដ្ឋាន​ថា អ្នក​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដោយ​រួប​រួម​ជា​មួយ​នឹង​អង្គការ​របស់​លោក។ ពេល​អ្នក​សន្យា​បែប​នោះ​ឬ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ចាប់​ផ្ដើម​ដើរ​លើ​វិថី​ដែល​នាំ​ទៅ​ឯ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

៤. តើ​ការ​ពន្លិច​ទៅ​ក្នុង​ទឹក និង​ការ​ងើប​ពី​ទឹក​ឡើង​វិញ​មាន​ន័យ​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៤ ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នឹង​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក ហើយ​ងើប​ពី​ទឹក​ឡើង​វិញ។a ជួន​កាល នេះ​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​ការ​កប់​មនុស្ស​ស្លាប់ និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សូម​ពិនិត្យ​បន្ថែម កូឡុស ២:១២​) ការ​ជ្រមុជ​ទឹក​បង្ហាញ​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ដែល​អ្នក​បាន​ធ្វើ​ក្នុង​ជីវិត​របស់​អ្នក។ តើ​តាម​របៀប​ណា? ពេល​អ្នក​បាន​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក អ្នក​បង្ហាញ​ថា​អ្នក​លែង​មាន​របៀប​រស់​នៅ​ដូច​ពី​មុន។ ពេល​អ្នក​ងើប​ចេញ​ពី​ទឹក​វិញ អ្នក​បង្ហាញ​ថា​អ្នក​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដែល​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

បណ្ដុំ​រូប​ភាព​៖ បុរស​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក​ក្រោយ​ពី​បាន​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ។ ១. គាត់​សប្បាយ​មើល​កីឡា​ប្រដាល់​តាម​ទូរទស្សន៍។ ២. គាត់​ជក់​បារី។ ៣. គាត់​ផឹក​ស្រា​ហួស​ប្រមាណ។ ៤. ក្រោយ​មក គាត់​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​អាង​ទឹក​មួយ។

ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ឈប់​រស់​នៅ​តាម​គន្លង​ជីវិត​ចាស់ ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដែល​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ​(​សូម​មើល​វគ្គ​៤​)​


៥. តើ​អ្វី​ៗ​ដែល​អ្នក​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក ស្រដៀង​គ្នា​យ៉ាង​ណា​ទៅ​នឹង​កិច្ចការ​ដែល​ណូអេ​ធ្វើ​ដើម្បី​សង់​ទូក​ធំ? (​ពេត្រុស​ទី​១ ៣:១៨​-​២១​)

៥ សូម​អាន ពេត្រុស​ទី​១ ៣:១៨​-​២១។ យើង​អាច​ប្រដូច​អ្វី​ដែល​អ្នក​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក ទៅ​នឹង​កិច្ចការ​ដែល​ណូអេ​ធ្វើ​ដើម្បី​សង់​ទូក​ធំ។ បើ​អ្នក​ទើប​តែ​ចាប់​ផ្ដើម​រៀន​អំពី​ព្រះ​យេហូវ៉ា អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ពិបាក​ណាស់ ដូច​ដែល​ការ​សង់​ទូក​ធំ​គឺ​ពិបាក​ណាស់​សម្រាប់​ណូអេ។ តើ​ពិត​ជា​ចាំ​បាច់​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​ឬ​ទេ? គឺ​ចាំ​បាច់​មែន។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ? សូម​គិត​អំពី​ណូអេ។ ព្រះ​ផ្ទាល់​ជា​អ្នក​រចនា​ប្លង់​ទូក​ធំ ហើយ​ណូអេ​ត្រូវ​ធ្វើ​តាម​ប្លង់​នោះ​យ៉ាង​ដិត​ដល់​ដើម្បី​រួច​ជីវិត​ពី​ទឹក​ជំនន់។ ដោយ​មាន​ជំនឿ​និង​ការ​គាំទ្រ​ពី​ព្រះ ណូអេ​បាន​ស្ដាប់​បង្គាប់ ហើយ​សង់​ទូក​ធំ។ ដូច​ណូអេ អ្នក​អាច​ធ្វើ​តាម​«​បង្គាប់​របស់​ព្រះ . . . សព្វ​គ្រប់​ទាំង​អស់​»។—ដក. ៦:២២

៦. តើ​ការ​ជ្រមុជ​ទឹក​អាច​សង្គ្រោះ​អ្នក​ក្នុង​ន័យ​យ៉ាង​ណា?

៦ នៅ​ខ​២១ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដែល​«​កំពុង​សង្គ្រោះ​អ្នក​»។ តើ​នេះ​មាន​ន័យ​ថា​ការ​ពន្លិច​ទៅ​ក្នុង​ទឹក​នាំ​មក​នូវ​ការ​សង្គ្រោះ ហើយ​ធ្វើ​ឲ្យ​អ្នក​រួច​ពី​ការ​ខុស​ឆ្គង​ឬ​ទេ? មិន​មែន​ទេ។ មាន​តែ​ឈាម​របស់​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​អាច​សម្អាត​អ្នក​ពី​ភាព​ខុស​ឆ្គង។ (​១យ៉ូន. ១:៧​) ប៉ុន្តែ ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ចាំ​បាច់ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​យើង​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។ ម្យ៉ាង​ទៀត ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​កំពុង​សុំ​លោក​ឲ្យ​«​ផ្ដល់​នូវ​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»​ដល់​អ្នក។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក។ យ៉ាង​នេះ ការ​ជ្រមុជ​ទឹក​«​កំពុង​សង្គ្រោះ​អ្នក​»​ គឺ​ថា​ការ​ជ្រមុជ​ទឹក​បើក​ឱកាស​ឲ្យ​អ្នក​អាច​រស់​ជា​រៀង​រហូត។

តើ​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក​រួម​បញ្ចូល​អ្វី​ខ្លះ?

៧. តើ​ការ​ជ្រមុជ​ទឹក​គួរ​ធ្វើ​ឡើង​តាម​របៀប​ណា?

៧ ក្រៅ​ពី​ការ​ពន្លិច​ទៅ​ក្នុង​ទឹក គម្ពីរ​មិន​បាន​រៀប​រាប់​យ៉ាង​ច្រើន​អំពី​របៀប​ដែល​ត្រូវ​ធ្វើ​ការ​ជ្រមុជ​ទឹក​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គោល​ការណ៍​គម្ពីរ​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ដែល​សមរម្យ​ពេល​ជ្រមុជ​ទឹក។ ជា​ឧទាហរណ៍ គោល​ការណ៍​គម្ពីរ​ជួយ​បុគ្គល​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ឲ្យ​ដឹង​អំពី​របៀប​ស្លៀក​ពាក់ ហើយ​ជួយ​អ្នក​មើល​កម្ម​វិធី​នោះ​ឲ្យ​ដឹង​អំពី​របៀប​ដែល​ពួក​គេ​គួរ​ប្រព្រឹត្ត។ (​១កូ. ១៤:៤០; ១ធី. ២:៩​) នៅ​សព្វ​ថ្ងៃ​នេះ តាម​ធម្មតា ការ​ជ្រមុជ​ទឹក​ធ្វើ​ឡើង​ដោយ​អ្នក​ចាស់​ទុំ។ ប៉ុន្តែ យើង​មិន​លើក​តម្កើង​អ្នក​ចាស់​ទុំ​ដែល​បំពេញ​ភារកិច្ច​នោះ​ទេ។ (​១កូ. ១:១៤, ១៥​) ម្យ៉ាង​ទៀត បុគ្គល​ម្នាក់​អាច​ទទួល​ការ​ជ្រមុជ​ទឹក ទោះ​ជា​អ្នក​មើល​មាន​គ្នា​តិច​ឬ​ច្រើន​ក្ដី។—សកម្ម. ៨:៣៦

៨. តើ​អ្នក​ថ្លែង​សួរ​បុគ្គល​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី? (​សកម្មភាព ២:៣៨​-​៤២​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៨ គម្ពីរ​បង្ហាញ​ថា​យើង​គួរ​«​ប្រកាស​ជា​សាធារណៈ​អំពី​ជំនឿ​[​របស់​យើង ហើយ​នោះ​]​នាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​»។ (​រ៉ូម ១០:៩, ១០​) ដូច្នេះ គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​ប្រកាស​ប្រាប់​អំពី​ជំនឿ​របស់​យើង​ពេល​ទទួល​ការ​ជ្រមុជ​ទឹក ព្រោះ​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ! ហេតុ​នេះ អ្នក​ថ្លែង​សួរ​បុគ្គល​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​នូវ​សំណួរ​ពីរ​យ៉ាង។ សំណួរ​ទី​១​គឺ ​«​តើ​អ្នក​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​អ្នក បាន​ប្រគល់​ខ្លួន​អ្នក​ជូន​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​យក​សេចក្ដី​សង្គ្រោះ​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ឬ​ទេ?​»។ សំណួរ​នេះ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​បុគ្គល​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ធ្វើ​រួច​ហើយ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​នេះ​ស្រដៀង​នឹង​អ្វី​ដែល​ពេត្រុស​បាន​ប្រាប់​បណ្ដា​ជន​ឲ្យ​ធ្វើ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០។ សំណួរ​ទី​២​គឺ ​«​តើ​អ្នក​យល់​ថា​ការ​ជ្រមុជ​ទឹក​របស់​អ្នក​នឹង​សម្គាល់​ថា​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា ដោយ​រួប​រួម​ជា​មួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?​»។ សំណួរ​នេះ​រំលឹក​យើង​ថា យើង​រស់​នៅ​សម​ស្រប​តាម​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​អង្គការ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ ហើយ​បម្រើ​លោក​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ដូច​ពួក​អ្នក​កាន់​តាម​នៅ​សតវត្សរ៍​ទី​១​បាន​ធ្វើ។ (​សូម​អាន សកម្មភាព ២:៣៨​-​៤២​) បុគ្គល​ដែល​អាច​ឆ្លើយ​យ៉ាង​ស្មោះ​ពី​ចិត្ត​ថា​«​បាទ​»​ឬ​«​ចាស​»​ចំពោះ​សំណួរ​ទាំង​ពីរ​នេះ បង្ហាញ​ថា​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។

បុគ្គល​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​មាន​អាយុ​ខុស​ៗ​គ្នា។ ពួក​គេ​ម្នាក់​ៗ​កំពុង​ប្រកាស​ជា​សាធារណៈ​អំពី​ជំនឿ​របស់​ពួក​គេ​នៅ​កៅអី​ជួរ​ខាង​មុខ​ក្នុង​សាល​សន្និបាត។

ការ​ជ្រមុជ​ទឹក​របស់​អ្នក រួម​បញ្ចូល​ការ​«​ប្រកាស​ជា​សាធារណៈ​អំពី​ជំនឿ​[​របស់​យើង ហើយ​នោះ​]​នាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​»​ ​(​សូម​មើល​វគ្គ​៨​)​d


៩. តើ​យើង​គ្រប់​គ្នា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?

៩ មុន​រៀន​សេចក្ដី​ពិត អ្នក​ប្រហែល​ជា​មិន​មែន​ជា​មនុស្ស​អាក្រក់ ឬ​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ទេ។ មួយ​វិញ​ទៀត អ្នក​ប្រហែល​ជា​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​ដែល​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែរ។ បើ​ដូច្នេះ តើ​អ្នក​នៅ​តែ​ត្រូវ​ប្រែ​ចិត្ត ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឬ​ទេ? មែន អ្នក​នៅ​តែ​ត្រូវ​ធ្វើ​ដូច្នេះ។ មិន​ថា​យើង​មាន​ប្រវត្តិ​បែប​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​បាន​ឆ្លង​ភាព​ខុស​ឆ្គង​ដែល​ធ្វើ​ឲ្យ​យើង​ដាច់​ឆ្ងាយ​ពី​ព្រះ។ (​ចសព. ៥១:៥​) ប៉ុន្តែ ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា យើង​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក ហើយ​តាំង​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក មិន​មែន​តាម​បំណង​ប្រាថ្នា​របស់​យើង​ទេ។ នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រែ​ចិត្ត​ពី​របៀប​រស់​នៅ​ពី​មុន ហើយ​វិល​មក​វិញ ពោល​គឺ​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​ពេញ​ចិត្ត។ រួច​មក យើង​អាច​ទទួល​ការ​ជ្រមុជ​ទឹក។—សកម្ម. ៣:១៩

១០. តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​អ្នក​ធ្លាប់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​សាសនា​ផ្សេង?

១០ បើ​អ្នក​ធ្លាប់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​សាសនា​ផ្សេង អ្នក​នៅ​តែ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ដោយ​សារ​ពី​មុន​អ្នក​មិន​បាន​យល់​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទេ។ ម្យ៉ាង​ទៀត សូម្បី​តែ​អ្នក​បាន​អធិដ្ឋាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ហើយ​ក៏​ដោយ សេចក្ដី​សន្យា​នោះ​មិន​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ​អំពី​បំណង​ប្រាថ្នា​របស់​លោក​ទេ។ សូម​គិត​អំពី​សាវ័ក​ប៉ូល។ ពេល​គាត់​ជួប​ពួក​បុរស​នៅ​ក្រុង​អេភេសូរ​ដែល​ធ្លាប់​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​យល់​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ គាត់​បាន​រៀប​ចំ​ឲ្យ​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត។b (​សកម្ម. ១៩:១​-​៥​) ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ទទួល​យក​តែ​ការ​ជ្រមុជ​ទឹក​របស់​បុគ្គល​ដែល​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​បំណង​ប្រាថ្នា​របស់​លោក​ប៉ុណ្ណោះ។

​«​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាម​ឫទ្ធានុភាពបរិសុទ្ធរបស់លោក​»​

១១. តើ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​«​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​»​មាន​ន័យ​យ៉ាង​ណា? (​ម៉ាថាយ ២៨:១៨​-​២០​)

១១ លោក​យេស៊ូ​បាន​បង្គាប់​ថា ពួក​អ្នក​កាន់​តាម​ថ្មី​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​«​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​»។ (​សូម​អាន ម៉ាថាយ ២៨:១៨​-​២០​) តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? ក្នុង​គម្ពីរ ពាក្យ​«​នាម​»​ច្រើន​តែ​សំដៅ​ទៅ​លើ​កេរ្ដិ៍​ឈ្មោះ​របស់​បុគ្គល​ណា​ម្នាក់ ហើយ​ក៏​អាច​សំដៅ​ទៅ​លើ​ឋានៈ​និង​អំណាច​ដែល​បុគ្គល​នោះ​មាន​ដែរ។ ដូច្នេះ ពេល​យើង​ធ្វើ​អ្វី​«​ក្នុង​នាម​»​របស់​បុគ្គល​ណា​ម្នាក់​ឬ​អ្វី​ណា​មួយ យើង​ទទួល​ស្គាល់​អំណាច​របស់​បុគ្គល​នោះ​ឬ​អ្វី​នោះ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​ស្គាល់​ឋានៈ​និង​អំណាច​របស់​បិតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​លោក ព្រម​ទាំង​តួ​នាទី​នៃ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។

១២. តើ​យើង​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​យ៉ាង​ដូច​ម្ដេច? (​ការ​បើក​បង្ហាញ ៤:១១​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ យើង​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​នៅ​ស្ថាន​សួគ៌ ឬ​ជា​អ្នក​ផ្ដល់​ជីវិត​ឲ្យ​យើង។ លោក​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​និង​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់។ (​សូម​អាន ការ​បើក​បង្ហាញ ៤:១១​) យើង​ក៏​ទទួល​ស្គាល់​ដែរ​ថា លោក​ជា​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន។ យើង​ប្រើ​នាម​របស់​លោក​ដោយ​ការ​គោរព​និង​ដោយ​សេរី ពេល​យើង​អធិដ្ឋាន​ទៅ​លោក និង​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក។ (​ចសព. ៦៥:២​) ប៉ុន្តែ ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​រួម​បញ្ចូល​អ្វី​ដែល​លើស​ពី​នេះ។ បុគ្គល​ដែល​ស្ដាប់​ពេត្រុស​នៅ​បុណ្យ​ថ្ងៃ​ទី​៥០​បាន​ស្គាល់​អំពី​ព្រះ​យេហូវ៉ា​រួច​ហើយ តែ​ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ថា​លោក​ជា​អ្នក​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។—រ៉ូម ៥:៨

បង​ស្រី​ម្នាក់​ដែល​ទើប​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​រូប​ភាព​មុន កំពុង​អធិដ្ឋាន​នៅ​ផ្ទះ។

ក្រោយ​ពី​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ ចូរ​បន្ដ​ទទួល​ស្គាល់​ឋានៈ​និង​អំណាច​របស់​បិតា​នៅ​ស្ថាន​សួគ៌ ​(​សូម​មើល​វគ្គ​១២​)​


១៣. តើ​យើង​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បុត្រ​របស់​លោក​តាម​របៀប​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ ក្នុង​នាម​បុត្រ​របស់​លោក។ នេះ​មាន​ន័យ​ថា​យើង​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​គឺ​ជា​បុត្រ​តែ​មួយ​របស់​ព្រះ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​គឺ​«​ជា​ផ្លូវ​»​ក្នុង​ន័យ​ថា លោក​គឺ​ជា​របៀប​តែ​មួយ​គត់​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១៤:៦​) លោក​យេស៊ូ​ក៏​ជា​អ្នក​លោះ​យើង​ដែរ ព្រោះ​លោក​បាន​ស្លាប់​សម្រាប់​យើង​ដើម្បី​យើង​អាច​បាន​ជីវិត។ នេះ​ជា​មូលហេតុ​ដែល​យើង​ចង់​ធ្វើ​តាម​គំរូ​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​របស់​យើង មិន​គ្រាន់​តែ​ពេល​ដែល​យើង​ទទួល​ការ​ជ្រមុជ​ទឹក​នោះ​ទេ។ (​១យ៉ូន. ២:៦​) ដូច្នេះ យើង​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង​ដូច​ដែល​លោក​បាន​ធ្វើ ហើយ​មិន​ឲ្យ​អ្វី​រា​រាំង​យើង​ពី​ការ​ផ្សព្វ​ផ្សាយ​ឡើយ។ (​លូក. ៤:៤៣​) យើង​ថែម​ទាំង​សុខ​ចិត្ត​រង​ការ​បៀតបៀន ដោយ​សារ​យើង​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ភក្ដី។ (​២ធី. ៣:១២​) ម្យ៉ាង​ទៀត ដោយ​សារ​យើង​គោរព​លោក​យេស៊ូ​ជា​«​ប្រមុខ​នៃ​ក្រុម​ជំនុំ​»​ នោះ​យើង​សប្បាយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ភារកិច្ច​ដើម្បី​នាំ​មុខ​និង​ថែ​រក្សា​ពួក​អ្នក​កាន់​តាម​របស់​លោក។—អេភ. ៤:៨, ១១, ១២; ៥:២៣

បង​ប្រុស​ម្នាក់​ដែល​ទើប​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​រូប​ភាព​មុន បង្ហាញ​ខ​គម្ពីរ​ដល់​បុរស​ម្នាក់​ដែល​គាត់​ជួប​ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។

ក្រោយ​ពី​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក សូម​បន្ត​ទទួល​ស្គាល់​ឋានៈ​និង​អំណាច​របស់​បុត្រ​ព្រះ (​សូម​មើល​វគ្គ​១៣​)​


១៤. (​ក​) តើ​យើង​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​) (​ខ​)​ តើ​ពួក​អ្នក​រើស​តាំង​ទទួល​ការ​ជ្រមុជ​ទឹក​អ្វី​ផ្សេង​ទៀត? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​ពួក​អ្នក​រើស​តាំង​ទទួល​ការ​ជ្រមុជ​ទឹក​អ្វី​ខ្លះ?​»​)

១៤ ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ យើង​ទទួល​ស្គាល់​ការ​ពិត​អំពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ថា នោះ​មិន​មែន​ជា​បុគ្គល​ម្នាក់​ឬ​ជា​ផ្នែក​នៃ​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ​នោះ​ទេ តែ​គឺ​ជា​កម្លាំង​ឬ​ឫទ្ធានុភាព​របស់​ព្រះ។ យើង​ទទួល​ស្គាល់​ថា​ឫទ្ធានុភាព​បរិសុទ្ធ​បាន​ដឹក​នាំ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​សរសេរ​គម្ពីរ ដូច្នេះ​យើង​អាន​គម្ពីរ​ជា​ទៀង​ទាត់ ហើយ​ធ្វើ​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ (​២ពេ. ១:២០, ២១​) ម្យ៉ាង​ទៀត យើង​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ព្រោះ​នេះ​អាច​រា​រាំង​យើង ហើយ​ថែម​ទាំង​អាច​រា​រាំង​ក្រុម​ជំនុំ​ពី​ការ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។—អេភ. ៤:៣០

បង​ស្រី​ម្នាក់​ដែល​ទើប​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​រូប​ភាព​មុន កំពុង​អាន​គម្ពីរ​នៅ​ផ្ទះ។

ក្រោយ​ពី​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក សូម​បន្ត​ទទួល​ស្គាល់​តួ​នាទី​នៃ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ (​សូម​មើល​វគ្គ​១៤​)​


តើ​ពួក​អ្នក​រើស​តាំង​ទទួល​ការ​ជ្រមុជ​ទឹក​អ្វី​ខ្លះ?

ក្រៅ​ពី​ការ​ជ្រមុជ​ទឹក​ដែល​ពន្លិច​ទៅ​ក្នុង​ទឹក គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទទួល​ការ​ជ្រមុជ​ទឹក​ដូច​ត​ទៅ​នេះ​៖

  • ពួក​គេ​ជ្រមុជ​ទឹក​នៅ​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ ពេល​ពួក​គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​មួយ​នឹង​លោក​យេស៊ូ​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ (​ម៉ាថ. ៣:១១​)

  • ពួក​គេ​«​ទទួល​ការ​ជ្រមុជ​ទឹក​ដើម្បី​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​»​ ក្នុង​ន័យ​ថា​ពួក​គេ​មាន​សាមគ្គីភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​គ្រិស្ត រហូត​ដល់​ពួក​គេ​អាច​ត្រូវ​ហៅ​ថា​រូប​កាយ​របស់​គ្រិស្ត។ (​កាឡ. ៣:២៧, ២៨; ១កូ. ១២:២៧​)

  • ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​សេចក្ដី​ស្លាប់​របស់​គ្រិស្ត ក្នុង​ន័យ​ថា​ពួក​គេ​ធ្វើ​តាម​គំរូ​របស់​លោក​យ៉ាង​ស្មោះ​ត្រង់ រហូត​ដល់​ពួក​គេ​បញ្ចប់​កិច្ច​បម្រើ​នៅ​ផែន​ដី ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ (​រ៉ូម ៦:៣​-​៥​)

១៥. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៥ បើ​អ្នក​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ សូម​តាំង​ចិត្ត​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​«​សេចក្ដី​បង្រៀន​អំពី​ការ​ជ្រមុជ​ទឹក​»​c ហើយ​រស់​នៅ​សម​ស្រប​តាម​ពាក្យ​សន្យា​របស់​អ្នក​ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ ចុះ​បើ​អ្នក​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក? តើ​មាន​អ្វី​រា​រាំង​អ្នក​ពី​ការ​ធ្វើ​ដូច្នេះ​ឬ​ទេ? នៅ​ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បន្ត​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ពេល​ទទួល​ការ​ជ្រមុជ​ទឹក តើ​ការ​ពន្លិច​ទៅ​ក្នុង​ទឹក និង​ការ​ងើប​ពី​ទឹក​ឡើង​វិញ​មាន​អត្ថន័យ​អ្វី?

  • តើ​អ្នក​ថ្លែង​នឹង​សួរ​បុគ្គល​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​នូវ​សំណួរ​ពីរ​យ៉ាង​អ្វី ហើយ​ហេតុ​អ្វី?

  • តើ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​«​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​»​មាន​ន័យ​យ៉ាង​ណា?

ចម្រៀង​លេខ​១៦១ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​តាម​ព្រះ​ប្រាថ្នា

a ពាក្យ​ភាសា​ក្រិច​បាធីស្មា​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ជ្រមុជ​ទឹក​»​ មាន​ន័យ​ថា​«​ពន្លិច​ទៅ​ក្នុង​ទឹក​»។ ដូច្នេះ ការ​ជ្រមុជ​ទឹក​សំដៅ​ទៅ​លើ​បុគ្គល​ម្នាក់​លិច​ចូល​ទៅ​ក្នុង​ទឹក មិន​មែន​ប្រោះ​ទឹក​ពី​លើ​គាត់​ដូច​សាសនា​ខ្លះ​បាន​បង្រៀន​នោះ​ទេ។

b បុរស​ទាំង​នោះ​នៅ​ក្រុង​អេភេសូរ​បាន​ទទួល​«​ការ​ជ្រមុជ​ទឹក​របស់​យ៉ូហាន​»។ (​សកម្ម. ១៩:៣​) យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក បាន​លើក​ទឹក​ចិត្ត​ជនជាតិ​យូដា​ឲ្យ​ប្រែ​ចិត្ត​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ​ខុស​ពី​ច្បាប់​ម៉ូសេ ហើយ​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ពួក​អ្នក​ដែល​បាន​ប្រែ​ចិត្ត។ (​ម៉ាក. ១:៤, ៥​) ប៉ុន្តែ ការ​ជ្រមុជ​ទឹក​របស់​យ៉ូហាន​លែង​មាន​សុពលភាព​ទៀត ក្រោយ​ពី​ច្បាប់​ម៉ូសេ​បាន​ទៅ​ជា​មោឃ។ ចាប់​ពី​ពេល​នោះ​មក ព្រះ​ពេញ​ចិត្ត​តែ​«​ការ​ជ្រមុជ​ទឹក​តែ​មួយ​»​ដែល​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ។—អេភ. ៤:៥

c សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី?​»​ ក្នុង​អត្ថបទ​ត​ភាគ​«​សំណួរ​និង​ចម្លើយ​ពី​គម្ពីរ​»​នៅ​គេហទំព័រ​jw.org/km និង​កម្ម​វិធី​JW​បណ្ណាល័យ។

d ការ​ពណ៌នា​អំពី​រូប​ភាព​៖ នៅ​សន្និបាត បុគ្គល​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ក្រោក​ឈរ​ដើម្បី​ប្រកាស​ជា​សាធារណៈ​អំពី​ជំនឿ​របស់​ពួក​គេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក