ថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦
ចម្រៀងលេខ៧៦ តើអ្នកសប្បាយចិត្តទេ?
ចូរនិយាយការពិតដោយក្ដីសប្បុរស
« ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត»។—ចសព. ៣១:៥
ចំណុចផ្ដោត
របៀបនិយាយការពិតដើម្បីផ្ដល់ប្រយោជន៍ច្រើនបំផុតដល់អ្នកស្ដាប់។
១. តើយើងត្រូវធ្វើអ្វីដើម្បីទៅជាសមាជិកក្រុមគ្រួសារព្រះយេហូវ៉ា?
ពេលយើងជួបបងប្អូនរួមជំនឿដំបូង យើងច្រើនតែសួរថា៖ «តើបងស្គាល់សេចក្ដីពិតយ៉ាងម៉េច?»។ បងប្អូនខ្លះឆ្លើយថា ពួកគាត់បានធំឡើងក្នុងសេចក្ដីពិត។ រីឯបងប្អូនខ្លះទៀតនិយាយថា ពួកគាត់ទើបតែចូលក្នុងសេចក្ដីពិតថ្មីៗនេះ។ យើងឆ្លើយបែបនេះ ដោយសារសេចក្ដីពិតមានឥទ្ធិពលលើជីវិតរបស់យើងទាំងមូល។ ហេតុអ្វី? ពីព្រោះយើងដឹងថាយើងអាចទៅជាសមាជិកក្រុមគ្រួសារព្រះយេហូវ៉ា លុះត្រាតែយើងបង្ហាញថាយើងស្រឡាញ់សេចក្ដីពិតនិងរស់នៅស្របតាមសេចក្ដីពិតនោះ។ នេះរួមបញ្ចូលការនិយាយនិងការប្រព្រឹត្តដោយទៀតត្រង់។—ចសព. ១៥:១-៣
២. (ក) តើលោកយេស៊ូមានកេរ្តិ៍ឈ្មោះបែបណា? (ខ) តើសេចក្ដីពិតដែលលោកយេស៊ូបង្រៀនមានឥទ្ធិពលយ៉ាងណាមកលើមនុស្ស?
២ លោកយេស៊ូតែងតែនិយាយសេចក្ដីពិត។ សត្រូវរបស់លោកទទួលស្គាល់ថា លោកតែងតែនិយាយពាក្យពិត សូម្បីតែពួកគេមិនចូលចិត្តអ្វីដែលលោកនិយាយក៏ដោយ។ (ម៉ាថ. ២២:១៦) លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកអំពីប្រតិកម្មរបស់មនុស្សចំពោះសេចក្ដីបង្រៀនរបស់លោក ពេលលោកមានប្រសាសន៍ថា៖ «ខ្ញុំបានមកដើម្បីនាំឲ្យកូនប្រុសទាស់នឹងឪពុក កូនស្រីទាស់នឹងម្ដាយ ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក»។ (ម៉ាថ. ១០:៣៥) លោកយេស៊ូមិនចង់ឲ្យមនុស្សមានប្រតិកម្មមិនល្អចំពោះដំណឹងដែលលោកនិងពួកអ្នកកាន់តាមលោកផ្សព្វផ្សាយទេ តែលោកដឹងថានោះនឹងកើតឡើង។ (ម៉ាថ. ២៣:៣៧) លោកដឹងថាដំណឹងរបស់លោកនឹងបែងចែកមនុស្សទៅជាពីរក្រុមគឺ ពួកអ្នកដែលស្រឡាញ់សេចក្ដីពិត និងពួកអ្នកដែលមិនស្រឡាញ់សេចក្ដីពិតពីគម្ពីរ។—២ថែ. ២:៩-១១
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ដូចលោកយេស៊ូ យើងព្យាយាមធ្វើជាមនុស្សទៀងត្រង់ដោយនិយាយពាក្យពិតគ្រប់ពេលវេលា ទោះជាការធ្វើដូច្នោះធ្វើឲ្យមនុស្សមិនពេញយើងក៏ដោយ។ ម្យ៉ាងទៀត យើងផ្សព្វផ្សាយនិងបង្រៀនសេចក្ដីពិតពីគម្ពីរ ទោះជានោះនាំឲ្យមនុស្សខ្លះខឹងនឹងយើងក្ដី។ តើនេះមានន័យថាយើងមិនចាំបាច់យកចិត្តទុកដាក់ចំពោះរបៀបនិងពេលដែលយើងនិយាយអ្វីដែលជាការពិតឬទេ? មិនមែនទេ! ក្នុងអត្ថបទនេះ ដំបូងយើងនឹងឆ្លើយសំណួរថា តើយើងអាចរកសេចក្ដីពិតនៅឯណា? បន្ទាប់មក យើងនឹងរកចម្លើយចំពោះសំណួរដូចជា៖ ហេតុអ្វី ពេលណា ហើយតាមរបៀបណាយើងគួរនិយាយសេចក្ដីពិត? ចម្លើយចំពោះសំណួរទាំងនោះនឹងជួយយើងឲ្យបង្កើនសមត្ថភាពនិយាយពាក្យពិតដោយក្ដីសប្បុរស ពោលគឺមិនធ្វើឲ្យអ្នកឯទៀតទើសចិត្ត និងនិយាយនៅពេលត្រឹមត្រូវ។
តើយើងអាចរកឃើញសេចក្ដីពិតនៅឯណា?
៤. ហេតុអ្វីយើងអាចនិយាយថាព្រះយេហូវ៉ាគឺជាប្រភពនៃសេចក្ដីពិត?
៤ ព្រះយេហូវ៉ាគឺជាប្រភពនៃសេចក្ដីពិត។ អ្វីទាំងអស់ដែលលោកមានប្រសាសន៍គឺជាការពិត។ ជាឧទាហរណ៍ អ្វីដែលលោកប្រាប់ថាខុសនិងត្រូវគឺជាការពិត។ (ចសព. ១៩:៩; ១១៩:១៤២, ១៥១) មួយវិញទៀត អ្វីទាំងអស់ដែលលោកសន្យាអំពីថ្ងៃអនាគតក៏តែងតែក្លាយជាការពិតដែរ។ (អេ. ៥៥:១០, ១១) លោកមិនដែលក្បត់ពាក្យសន្យាទេ។ (ជប. ២៣:១៩) តាមពិត ព្រះយេហូវ៉ាមិនអាចកុហកឡើយ! (ហេ. ៦:១៨) ហេតុនេះហើយ ព្រះយេហូវ៉ាបានត្រូវហៅថា«ជាព្រះនៃសេចក្ដីពិត»។—ចសព. ៣១:៥
៥. ហេតុអ្វីការរកឃើញ«ព្រះនៃសេចក្ដីពិត»គឺមិនពិបាក? សូមពន្យល់។ (សកម្មភាព ១៧:២៧)
៥ ទោះជាមនុស្សខ្លះនិយាយថា គឺពិបាកស្វែងរកព្រះយេហូវ៉ាដែល«ជាព្រះនៃសេចក្ដីពិត»ក៏ដោយ ពួកគេនិយាយមិនត្រឹមត្រូវទេ។ អ្វីៗដែលព្រះបានបង្កើតនៅជុំវិញយើង ជាភ័ស្តុតាងបង្ហាញថាពិតជាមានលោកមែន។ (រ៉ូម ១:២០) ពេលនិយាយទៅកាន់ពួកបញ្ញវន្តជនជាតិក្រិចនៅក្រុងអាថែន សាវ័កប៉ូលបាននិយាយថាព្រះចង់ឲ្យយើង«រកលោកឃើញ» ហើយថា«លោកមិននៅឆ្ងាយពីយើងម្នាក់ៗទេ»។ (សូមអាន សកម្មភាព ១៧:២៧) តាមពិត ព្រះយេហូវ៉ាទាញនាំមនុស្សដែលមានចិត្តរាបទាបដែលកំពុងស្វែងរកសេចក្ដីពិតឲ្យចូលមកជិតលោក។—យ៉ូន. ៦:៤៤
៦. តើមានសេចក្ដីពិតអ្វីខ្លះនៅក្នុងគម្ពីរ ហើយហេតុអ្វីអ្នកឲ្យតម្លៃសេចក្ដីពិតទាំងនោះ?
៦ របៀបមួយដែលយើងអាចរកព្រះយេហូវ៉ាឃើញគឺដោយសិក្សាគម្ពីរ។ បុរសដែលបានសរសេរគម្ពីរ បានសរសេរក្រោមការដឹកនាំនៃឫទ្ធានុភាពរបស់ព្រះ។ (២ពេ. ១:២០, ២១) ដូច្នេះ អ្វីទាំងអស់ដែលមាននៅក្នុងគម្ពីរ គឺជាសេចក្ដីពិតនិងគួរឲ្យទុកចិត្ត។ ជាឧទាហរណ៍ យើងអាចទុកចិត្តអ្វីដែលគម្ពីរចែងអំពីដើមកំណើតនៃសកលលោក និងជីវិតនៅលើផែនដី។ (ដក. ១:១, ២៦) យើងអាចជឿអ្វីដែលគម្ពីរចែងអំពីមូលហេតុដែលយើងទាំងអស់គ្នាមានការខុសឆ្គង ហើយមូលហេតុមានទុក្ខវេទនាជាច្រើន និងសេចក្ដីស្លាប់។ (រ៉ូម ៥:១២; ៦:២៣) យើងអាចទុកចិត្តគម្ពីរទាំងស្រុងពេលគម្ពីរចែងថា ព្រះយេហូវ៉ានឹងប្រើបុត្ររបស់លោកដើម្បីលុបបំបាត់ផលវិបាកទាំងអស់ដែលបង្កឡើងដោយសាថានដែល«ជាឪពុកនៃការភូតភរ»។ (យ៉ូន. ៨:៤៤; រ៉ូម ១៦:២០) ម្យ៉ាងទៀត យើងអាចទុកចិត្តសេចក្ដីសន្យាក្នុងគម្ពីរដែលថា លោកយេស៊ូនឹងបំផ្លាញចោលមនុស្សអាក្រក់ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យផែនដីទៅជាសួនឧទ្យាន និងជួយយើងទៅជាមនុស្សល្អឥតខ្ចោះ។ (យ៉ូន. ១១:២៥, ២៦; ១យ៉ូន. ៣:៨) ព្រះយេហូវ៉ាបានឲ្យយើងនូវឯកសិទ្ធិដ៏អស្ចារ្យ! លោកបានបង្រៀនសេចក្ដីពិតដល់យើង ហើយលោកឲ្យយើងមានឱកាសបង្រៀនសេចក្ដីពិតដល់អ្នកឯទៀត។—ម៉ាថ. ២៨:១៩, ២០
មូលហេតុដែលយើងនិយាយការពិត
៧-៨. តើបំណងចិត្តរបស់យើងក្នុងការនិយាយសេចក្ដីពិតគឺសំខាន់ឬទេ? សូមលើកឧទាហរណ៍មួយ។ (ម៉ាកុស ៣:១១, ១២) (សូមមើលរូបភាពផងដែរ)
៧ ដូចបានរៀបរាប់នៅខាងលើ យើងត្រូវតែនិយាយពាក្យពិតបើយើងចង់ធ្វើជាសមាជិកក្រុមគ្រួសាររបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ដើម្បីធ្វើឲ្យលោកពេញចិត្ត យើងត្រូវធ្វើលើសពីការនិយាយទៀងត្រង់។ មូលហេតុដែលយើងនិយាយពាក្យពិតគឺសំខាន់ចំពោះព្រះយេហូវ៉ា។ សូមគិតអំពីអ្វីដែលបានកើតឡើងនៅក្នុងអំឡុងកិច្ចបម្រើលោកយេស៊ូនៅផែនដី។ (សូមអាន ម៉ាកុស ៣:១១, ១២) កាលដែលលោកយេស៊ូផ្សព្វផ្សាយនៅជិតសមុទ្រកាលីឡេ មនុស្សមួយក្រុមធំបានមកចោមរោមលោក។ ក្នុងចំណោមពួកគេ មានមនុស្សខ្លះដែលមានពួកវិញ្ញាណកំណាចចូលបានក្រាបនៅចំពោះមុខលោកយេស៊ូ ហើយស្រែកឡើងថា៖ «លោកជាបុត្ររបស់ព្រះ»។ ហេតុអ្វីបានជាពួកវិញ្ញាណកំណាចនិយាយការពិតអំពីលោកយេស៊ូ? ពួកវាប្រហែលជាចង់ឲ្យបណ្ដាជនទុកចិត្តពួកវា ហើយក្រោយមកទាញនាំពួកគេចេញពីការបម្រើព្រះយេហូវ៉ា។ ដំបូង ពួកវិញ្ញាណកំណាចនិយាយពាក្យពិត តែបំណងចិត្តរបស់ពួកវាគឺគិតតែពីប្រយោជន៍ខ្លួនប៉ុណ្ណោះ។ ពួកវាមិនបានបញ្ឆោតលោកយេស៊ូឬមិនបានធ្វើឲ្យលោកពេញចិត្តទេ។ តាមការពិត លោកបានបង្គាប់ពួកវិញ្ញាណកំណាចកុំឲ្យផ្សព្វផ្សាយអំពីលោក។
៨ តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ? បំណងចិត្តរបស់យើងក្នុងការប្រាប់សេចក្ដីពិតគឺសំខាន់ចំពោះព្រះយេហូវ៉ា។ ដូច្នេះ គឺសំខាន់ណាស់ឲ្យយើងបង្រៀនសេចក្ដីពិតអំពីព្រះយេហូវ៉ាដល់អ្នកឯទៀត ដោយសារយើងស្រឡាញ់លោក ហើយបើអ្នកឯទៀតព្យាយាមសរសើរយើងចំពោះដំណឹងដែលយើងផ្សាយ យើងផ្ដល់ការសរសើរនោះដល់ព្រះយេហូវ៉ា!—ម៉ាថ. ៥:១៦; សូមពិនិត្យបន្ថែម សកម្មភាព ១៤:១២-១៥
ពេលអ្នកបង្រៀនសេចក្ដីពិត តើអ្នកគួរផ្ដល់ការសរសើរដល់អ្នកណា? (សូមមើលវគ្គ៧-៨)
៩. តើយើងគួរជៀសវាងពីការធ្វើអ្វី ហើយហេតុអ្វី?
៩ សូមគិតអំពីស្ថានភាពមួយទៀតដែលយើងត្រូវជៀសវាងពីការធ្វើឲ្យអ្នកឯទៀតសរសើរយើង។ សូមស្រមៃគិតថា បងប្រុសម្នាក់ដែលមានភារកិច្ចបានប្រាប់យើងនូវរឿងសម្ងាត់មួយ ហើយក្រោយមកយើងប្រាប់ព័ត៌មានសម្ងាត់នេះទៅអ្នកឯទៀត។ បើក្រោយមកអ្នកទាំងនោះដឹងថា ព័ត៌មានដែលយើងប្រាប់គឺជាការពិត ពួកគេប្រហែលជាកោតស្ងើចដែលយើងដឹងរឿងនោះ ហើយពួកគេប្រហែលជាសន្និដ្ឋានថាយើងស្គាល់រឿងសម្ងាត់ជាច្រើន។ នេះប្រហែលជាធ្វើឲ្យមនុស្សកោតស្ងើច តែមិនធ្វើឲ្យព្រះពេញចិត្តទេ។ (សុភ. ១១:១៣) ហេតុអ្វី? ពីព្រោះទោះជាអ្វីដែលយើងនិយាយគឺជាការពិតក៏ដោយ យើងមិនមានសិទ្ធិប្រាប់ព័ត៌មាននោះទេ ហើយបំណងចិត្តរបស់យើងក្នុងការប្រាប់ការពិតនោះគឺមិនត្រឹមត្រូវ។
របៀបនិយាយសេចក្ដីពិត
១០. តើពាក្យសម្ដីដែល«ប្រកបដោយភាពសប្បុរស»មានន័យយ៉ាងណា? (កូឡុស ៤:៦)
១០ សូមអាន កូឡុស ៤:៦។ សាវ័កប៉ូលបានរំលឹកគ្រិស្តសាសនិកដែលរស់នៅក្រុងកូឡុសថា ពាក្យសម្ដីរបស់ពួកគេគួរតែ«ប្រកបដោយភាពសប្បុរសជានិច្ច»។ តើនេះមានន័យយ៉ាងណា? ពាក្យភាសាក្រិចដែលបានត្រូវប្រើនៅទីនេះមានន័យថា អ្វីដែលយើងនិយាយគួរតែផ្ដល់ប្រយោជន៍ដល់អ្នកឯទៀត ហើយសប្បុរសនិងទាក់ទាញចិត្តអ្នកឯទៀត។
១១-១២. ហេតុអ្វីយើងត្រូវបង្រៀនសេចក្ដីពិតយ៉ាងយកចិត្តទុកដាក់? សូមលើកឧទាហរណ៍មួយ។ (សូមមើលរូបភាពផងដែរ)
១១ យើងត្រូវធ្វើតាមយោបល់របស់ប៉ូលក្នុងការនិយាយដោយសប្បុរសពេលយើងបង្រៀនសេចក្ដីពិតដល់អ្នកឯទៀត។ គម្ពីរប្រដូចសេចក្ដីបង្រៀនក្នុងគម្ពីរទៅនឹងដាវមុតដែលអាចញែកលក្ខណៈខាងក្រៅចេញពីធាតុពិត។ នេះមានន័យថាគម្ពីរអាចបង្ហាញឲ្យឃើញអារម្មណ៍និងបំណងចិត្តពិតរបស់យើង។ (ហេ. ៤:១២) ប៉ុន្តែ បើយើងមិនប្រើគម្ពីរយ៉ាងប៉ិនប្រសប់ទេ យើងអាចធ្វើឲ្យអ្នកឯទៀតទើសចិត្តនិងខឹងយើង។ តើតាមរបៀបណានេះអាចកើតឡើង?
១២ ជាឧទាហរណ៍ ប្រហែលជានៅក្នុងកិច្ចបម្រើផ្សាយ យើងជួបបុរសម្នាក់ដែលមានចិត្តស្មោះដែលតែងតែអធិដ្ឋានទៅរូបព្រះ ហើយគាត់ចូលចិត្តធ្វើបុណ្យណូអែលជាមួយនឹងក្រុមគ្រួសាររបស់គាត់។ ដោយប្រើគម្ពីរ យើងអាចបង្ហាញបុរសនោះថាការអធិដ្ឋានទៅរូបព្រះគឺជារឿងល្ងង់ខ្លៅ ហើយបង្ហាញថាបុណ្យណូអែលគឺប្រឆាំងនឹងគោលការណ៍គម្ពីរ។ (អេ. ៤៤:១៤-២០; ២កូ. ៦:១៤-១៧) បើយើងធ្វើដូច្នេះក្នុងអំឡុងការសន្ទនាជាលើកដំបូងជាមួយគាត់ យើងកំពុងនិយាយការពិតមែន តែយើងមិនបានប្រើបណ្ដាំរបស់ព្រះដោយប៉ិនប្រសប់នោះទេ។
តើអ្នកអាចបង្រៀនសេចក្ដីពិតយ៉ាងប៉ិនប្រសប់យ៉ាងដូចម្ដេច? (សូមមើលវគ្គ១១-១២)a
១៣. តើយើងគួរធ្វើឲ្យពាក្យសម្ដីរបស់យើងប្រៀបដូចជាបានត្រូវបង់អំបិលយ៉ាងដូចម្ដេច?
១៣ ប៉ូលក៏បាននិយាយថា យើងគួរនិយាយសម្ដីដែលស្រួលស្ដាប់ដូចជាការបង់អំបិលល្មមលើអាហារ។ គាត់មិនមែនមានន័យថា យើងគួរព្យាយាមកែច្នៃសេចក្ដីពិតឬលាក់បាំងសេចក្ដីពិតនោះទេ។ ផ្ទុយទៅវិញ គាត់លើកទឹកចិត្តយើងឲ្យប្រើពាក្យសម្ដីដែលហាក់ដូចជា«បង់អំបិល»ដើម្បីយើងអាចប្រាប់សេចក្ដីពិតតាមរបៀបដែលទាក់ទាញចិត្តអ្នកស្ដាប់។ (យ៉ូប ១២:១១) យើងប្រហែលជាពិបាកធ្វើដូច្នេះ។ ស្ដីអំពីអាហារមែនទែន យើងប្រហែលជាសន្និដ្ឋានថារសជាតិដែលយើងចូលចិត្ត នោះអ្នកឯទៀតក៏នឹងចូលចិត្តដែរ។ ស្រដៀងគ្នាដែរ យើងប្រហែលជាគិតថារបៀបដែលយើងចូលចិត្តនិយាយ នោះអ្នកឯទៀតក៏ចូលចិត្តដែរ។ ប៉ុន្តែ មិនតែងតែដូច្នេះទេ។ ជាឧទាហរណ៍ មនុស្សដែលមកពីវប្បធម៌ខ្លះ ប្រហែលជាចូលចិត្តនិយាយចំៗអំពីមតិផ្ទាល់ខ្លួន ទោះជាពេលនិយាយជាមួយនឹងពួកអ្នកដែលមានអាយុច្រើនជាងពួកគេក៏ដោយ។ រីឯមនុស្សដែលមកពីវប្បធម៌ខ្លះទៀត ប្រហែលជាគិតថាការនិយាយដូច្នោះគឺមិនគួរសមទេ ហើយថែមទាំងធ្វើឲ្យទើសចិត្តទៀតផង។ ប៉ូលនិយាយថាយើងត្រូវដឹងថា«គួរតបឆ្លើយយ៉ាងណាចំពោះមនុស្សម្នាក់ៗ»។ នេះមានន័យថាយើងគួរកែប្រែអ្វីដែលយើងនិយាយមិនមែនស្របទៅតាមចំណងចំណូលចិត្តឬវប្បធម៌របស់យើងទេ តែស្របទៅតាមអ្នកស្ដាប់។
តើយើងគួរនិយាយសេចក្ដីពិតនៅពេលណា?
១៤. កាលដែលលោកយេស៊ូនៅផែនដី តើលោកបង្រៀនអ្នកកាន់តាមលោកនូវអ្វីទាំងអស់ដែលលោកដឹងឬទេ? សូមពន្យល់។
១៤ លោកយេស៊ូតែងតែនិយាយដោយក្ដីសប្បុរសទៅពួកអ្នកកាន់តាមលោក ហើយលោកបង្រៀនពួកគេនូវអ្វីៗជាច្រើន។ (ម៉ាក. ៦:៣៤) ប៉ុន្តែ មានអ្វីជាច្រើនទៀតដែលពួកគេត្រូវរៀន។ ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូមិនបានព្យាយាមបង្រៀនពួកគេនូវអ្វីទាំងអស់ដែលលោកដឹងនោះទេ។ លោកស្គាល់អំពីកម្រិតសមត្ថភាពរបស់ពួកគេដោយយល់ថា នោះគឺមិនមែនជាពេលត្រឹមត្រូវឲ្យពួកគេរៀនសេចក្ដីបង្រៀនខ្លះៗនោះទេ។ តាមពិត លោកបានមានប្រសាសន៍ថា ពួកគេមិនអាចយល់សេចក្ដីបង្រៀនទាំងនោះទេ។ (យ៉ូន. ១៦:១២) តើនេះបង្រៀនយើងអ្វី?
១៥. តើយើងត្រូវពន្យល់សិស្សគម្ពីររបស់យើងនូវអ្វីទាំងអស់ដែលយើងដឹងនៅពេលតែមួយឬទេ? សូមពន្យល់។ (សុភាសិត ២៥:១១) (សូមមើលរូបភាពផងដែរ)
១៥ គំរូរបស់លោកយេស៊ូបង្ហាញថា ការស្គាល់សេចក្ដីពិតពីគម្ពីរមិនមែនមានន័យថា យើងត្រូវបង្រៀនអ្វីទាំងអស់ដែលយើងដឹងដល់អ្នកឯទៀតនៅពេលតែមួយនោះទេ។ តើយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច? យើងត្រូវគិតអំពីកាលៈទេសៈរបស់មនុស្ស។ សូមគិតម្ដងទៀតអំពីបុរសដែលចូលចិត្តធ្វើបុណ្យណូអែលជាមួយនឹងក្រុមគ្រួសាររបស់គាត់។ យើងដឹងថាពិធីបុណ្យនោះគឺមកពីសាសនាមិនពិត ហើយព្រះមិនពេញចិត្តទេ។ ប៉ុន្តែ សូមស្រមៃគិតថាអ្នកចាប់ផ្ដើមសិក្សាគម្ពីរជាមួយបុរសនោះមួយឬពីរសប្ដាហ៍ មុនបុណ្យណូអែល។ បើយើងបង្ហាញគាត់នូវអ្វីដែលគម្ពីរចែងអំពីពិធីបុណ្យដែលមានដើមកំណើតពីសាសនាមិនពិត ហើយតម្រូវឲ្យគាត់ឈប់ធ្វើពិធីបុណ្យណូអែលភ្លាមៗ តើយើងកំពុងនិយាយដោយក្ដីសប្បុរសឬទេ? ពិតមែនតែសិស្សគម្ពីរខ្លះឆាប់ធ្វើតាមអ្វីទាំងអស់ដែលពួកគេរៀនពីគម្ពីរ តែសិស្សគម្ពីរខ្លះទៀត ត្រូវការពេលច្រើនជាងដើម្បីកែប្រែរបៀបគិតគូរនិងការប្រព្រឹត្តរបស់ពួកគេ។ យើងអាចជួយសិស្សគម្ពីររបស់យើងឲ្យរីកចម្រើន បើយើងប្រាប់ពួកគេអ្វីដែលពួកគេត្រូវដឹងនៅពេលត្រឹមត្រូវ ពោលគឺពេលដែលពួកគេអាចយល់បាន។—សូមអាន សុភាសិត ២៥:១១
ក្នុងការសម្រេចចិត្តថាពេលណានិយាយសេចក្ដីពិត ហើយនិយាយច្រើនប៉ុនណា សូមធ្វើតាមគំរូរបស់លោកយេស៊ូ (សូមមើលវគ្គ១៥)
១៦. តើយើងអាចជួយសិស្សគម្ពីររបស់យើងឲ្យបន្តរស់នៅស្របតាមសេចក្ដីពិតយ៉ាងដូចម្ដេច?
១៦ អ្វីមួយដែលនាំឲ្យយើងអរសប្បាយជាខ្លាំងគឺការជួយអ្នកឯទៀតឲ្យរៀនសេចក្ដីពិតអំពីព្រះយេហូវ៉ា។ អ្នកអាចជួយពួកគេឲ្យ«បន្តរស់នៅស្របតាមសេចក្ដីពិត»បើអ្នកធ្វើអ្វីដូចតទៅនេះ៖ បន្តទុកគំរូល្អដល់ពួកគេ។ (៣យ៉ូន. ៣, ៤) ធ្វើឲ្យប្រាកដថារបៀបរស់នៅរបស់អ្នកបង្ហាញថាអ្នកជឿសេចក្ដីសន្យាដែលមានក្នុងបណ្ដាំរបស់ព្រះ។ និយាយសេចក្ដីពិតដោយមានបំណងចិត្តត្រឹមត្រូវ។ និយាយពាក្យសប្បុរសនិងស្លូតបូតនៅពេលត្រឹមត្រូវកាលដែលបង្រៀនសេចក្ដីពិត។ ម្យ៉ាងទៀត ពេលអ្នកទទួលការសរសើរ សូមផ្ដល់ការសរសើរនោះដល់ព្រះយេហូវ៉ា។ បើអ្នកធ្វើដូច្នេះ អ្នកនឹងបង្ហាញថាអ្នកជារបស់ព្រះយេហូវ៉ាដែលជាព្រះនៃសេចក្ដីពិត។
ចម្រៀងលេខ១៦០ «ដំណឹងល្អ»!
a ការពណ៌នាអំពីរូបភាព៖ បងប្រុសម្នាក់ឃើញដើមណូអែលនៅក្នុងផ្ទះរបស់បុរសម្នាក់ រួចបង្ហាញគាត់នូវអត្ថបទអំពីដើមកំណើតនៃបុណ្យណូអែលថាមកពីសាសនាមិនពិត។ នៅក្នុងរូបភាពទី២ បងប្រុសនោះបង្ហាញម្ចាស់ផ្ទះនូវអត្ថបទមួយដែលមានយោបល់សម្រាប់ឪពុក។ តើពាក្យផ្សាយមួយណាមានប្រសិទ្ធិភាពជាង?