តើអ្នកចាំឬទេ?
តើអ្នកបានអានទស្សនាវដ្ដីប៉មយាមនៅឆ្នាំនេះដោយយកចិត្តទុកដាក់ឬទេ? សូមសាកឆ្លើយសំណួរដូចតទៅនេះ៖
តើអ្វីជំរុញចិត្តយើងឲ្យសរសើរតម្កើងព្រះយេហូវ៉ា?
យើងសរសើរតម្កើងព្រះយេហូវ៉ាដោយសារយើងគោរពលោកនិងស្រឡាញ់លោកយ៉ាងជ្រាលជ្រៅ។ យើងក៏សរសើរតម្កើងព្រះយេហូវ៉ាដោយសារយើងចង់ឲ្យអ្នកឯទៀតស្គាល់លោកដែរ។—w២៥.០១ ទំ.៣
បើបុគ្គលណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត តើតាមរបៀបណាយើងអាចកាន់តែចេះអភ័យទោសឲ្យគាត់?
យើងមិនព្រងើយកន្តើយនឹងអារម្មណ៍របស់យើងទេ តែការលះចោលកំហឹងនិងការខឹងងំអាចជួយយើងកុំឲ្យនោះប៉ះពាល់ដល់អារម្មណ៍និងរបៀបគិតគូររបស់យើង។—w២៥.០២ ទំ.១៥-១៦
ហេតុអ្វីម៉ាកុសជាគំរូល្អសម្រាប់ប្អូនប្រុសវ័យក្មេងទាំងឡាយ?
ម៉ាកុសសុខចិត្តទទួលភារកិច្ចដើម្បីបម្រើអ្នកឯទៀត។ ទោះជាគាត់ទំនងជាឈឺចិត្ត ហើយខកចិត្តក៏ដោយ គាត់មិនបានឈប់ព្យាយាមទេ។ ម៉ាកុសបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយប៉ូលនិងបងប្អូនឯទៀតដែលមានភាពចាស់ទុំ។—w២៥.០៤ ទំ.២៧
តើពាក្យរបស់លោកយេស៊ូមានន័យយ៉ាងណា ពេលលោកអធិដ្ឋានថា៖ «ខ្ញុំបានបង្ហាញឲ្យពួកគាត់ស្គាល់នាមរបស់លោក»? (យ៉ូន. ១៧:២៦)
ពួកអ្នកកាន់តាមលោកស្គាល់នាមរបស់ព្រះរួចហើយ។ លោកយេស៊ូបង្រៀនពួកគេថាព្រះដែលមាននាមនោះគឺជាព្រះបែបណា។ លោកយេស៊ូបានជួយពួកអ្នកកាន់តាមរបស់លោកឲ្យស្គាល់ព្រះយេហូវ៉ាច្បាស់ជាង។ នេះរួមបញ្ចូលគោលបំណងរបស់ព្រះយេហូវ៉ាចំពោះផែនដីនិងចំពោះមនុស្សជាតិ អ្វីដែលលោកបានធ្វើរួចហើយ អ្វីដែលលោកនឹងធ្វើនៅថ្ងៃខាងមុខ និងគុណសម្បត្តិរបស់លោក។—w២៥.០៥ ទំ.២០-២១
បើយើងមានចិត្តរាបទាប តើយើងទទួលស្គាល់អ្វី?
យើងទទួលស្គាល់ថាមានអ្វីខ្លះដែលយើងមិនដឹង។ ជាឧទាហរណ៍ យើងមិនដឹងថាទីបញ្ចប់នឹងមកដល់នៅពេលណា ឬថាព្រះយេហូវ៉ាប្រហែលជានឹងចាត់វិធានការយ៉ាងណានៅពេលនោះទេ។ យើងក៏មិនដឹងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក ឬមិនអាចយល់ទាំងស្រុងថាព្រះយេហូវ៉ាស្គាល់យើងច្បាស់យ៉ាងណាទេ។—w២៥.០៦ ទំ.១៥-១៨
តើអ្វីអាចជួយយើងឲ្យទទួលប្រយោជន៍ពីអត្ថបទឬសុន្ទរកថាសាធារណៈណាមួយ?
យើងអាចសួរខ្លួនថា ‹តើអត្ថបទ ឬសុន្ទរកថានោះមានទីសំអាងអ្វីខ្លះដែលនាំឲ្យអ្នកមើលឬអ្នកស្ដាប់ជឿជាក់អំពីសេចក្ដីបង្រៀននេះក្នុងគម្ពីរ? តើមានឧទាហរណ៍ល្អណាក្នុងនោះដែលខ្ញុំអាចប្រើពេលបង្រៀនសេចក្ដីបង្រៀននេះដល់អ្នកឯទៀតទេ? តើអ្នកណាប្រហែលជាចាប់អារម្មណ៍ប្រធានបទនេះ?›។—w២៥.០៧ ទំ.១៩
ស្ដីអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើដាវីឌ តើយើងអាចរៀនអ្វីអំពីការអភ័យទោសរបស់លោក?
ទោះជាដាវីឌបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរក្ដី ពេលគាត់បានប្រែចិត្តយ៉ាងស្មោះ ព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់។ (១បស. ៩:៤, ៥) ពេលព្រះយេហូវ៉ាអភ័យទោសឲ្យ លោកបំភ្លេចការខុសឆ្គងក្នុងន័យថា លោកនឹងមិនប្រកាន់ទោសឬដាក់ទោសអ្នកនោះចំពោះការខុសឆ្គងនោះម្ដងទៀតទេ។—w២៥.០៨ ទំ.១៧
តើអ្នកអាចធ្វើអ្វី បើមានសេចក្ដីបង្រៀនណាមួយដែលសិស្សគម្ពីរពិបាកទទួលយក?
បើគាត់ពិបាកទទួលយកចំណុចមួយក្រោយពីអ្នកបានព្យាយាមប្រើគម្ពីរដើម្បីបង្រៀនចំណុចនោះយ៉ាងល្អរួចហើយ សូមរំលងចំណុចនោះ ហើយមានគោលដៅត្រឡប់មកចំណុចនោះវិញនៅពេលក្រោយមក។—w២៥.០៩ ទំ.២៤
ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្ននឹង«ការល្បួងនៃភាពខុសឆ្គង»? (ហេ. ៣:១៣)
ភាពខុសឆ្គងអាចល្បួងយើងឲ្យប្រព្រឹត្តអ្វីដែលខុស ហើយក៏អាចធ្វើឲ្យយើងមានការសង្ស័យផ្សេងៗជាញឹកញយ ដូចជាសង្ស័យអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះយើងជាដើម។—w២៥.១០ ទំ.១៦
តើអ្វីបីយ៉ាងអាចធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងកាន់តែមានន័យ?
(១) យើងអាចរំពឹងគិតអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ា។ (២) យើងអាចគិតអំពីអ្វីដែលយើងកំពុងប្រឈមមុខ ហើយលើកឡើងក្នុងសេចក្ដីអធិដ្ឋានរបស់យើង ដូចជាត្រូវអភ័យទោសឲ្យនរណាម្នាក់ជាដើម។ (៣) យើងអាចទុកពេលអធិដ្ឋានយ៉ាងយូរ។ បើធ្វើដូច្នេះ យើងទំនងជានឹងអាចប្រាប់អំពីអារម្មណ៍កប់ជ្រៅក្នុងចិត្តរបស់យើងជាង។—w២៥.១០ ទំ.១៩-២០
តើយើងអាចជួយបងប្អូនវ័យចាស់យ៉ាងដូចម្ដេច?
យើងអាចទៅលេងឬទូរសព្ទទៅបងប្អូនវ័យចាស់។ យើងក៏ប្រហែលជាអាចទៅពេទ្យជាមួយនឹងពួកគាត់ ឬយើងអាចផ្សព្វផ្សាយតាមវិធីផ្សេងៗជាមួយនឹងពួកគាត់ដែរ។—w២៥.១១ ទំ.៦-៧
តើពិធីមង្គលការរបស់គ្រិស្តសាសនិកដែលលើកកិត្តិយសព្រះមានលក្ខណៈសំខាន់អ្វីខ្លះ?
ចូរធ្វើតាមច្បាប់។ សូមប្រាកដថាបរិយាកាសនៅពិធីមង្គលការនិងពិធីញ៉ាំការ បង្ហាញអំពីគុណសម្បត្តិនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ សូមស្លៀកពាក់បែបរមទម ហើយធ្វើឲ្យប្រាកដថា អ្នកបដិសេធទំនៀមទម្លាប់ដែលប្រឆាំងនឹងគោលការណ៍គម្ពីរ។ សូមប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អនិងច្បាស់លាស់ពេលរៀបចំសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍។—w២៥.១២ ទំ.២១-២៤