បងប្អូនវ័យចាស់ទាំងឡាយ អ្នកមានតម្លៃចំពោះក្រុមជំនុំ
បងស្រីខន្នីដែលមានអាយុ៨៣ឆ្នាំនិយាយថា៖ «ពេលខ្ញុំគិតអំពីអ្វីជាច្រើនដែលខ្ញុំបានធ្វើពេលដែលខ្ញុំនៅក្មេង ខ្ញុំនឹកអស្ចារ្យក្នុងចិត្តជាខ្លាំង។ ឥឡូវខ្ញុំចាស់ហើយ ហើយមិនអាចធ្វើច្រើនដូចពីមុនទេ»។
អ្នកក៏ប្រហែលជាមិនអាចធ្វើអ្វីជាច្រើនដូចដែលអ្នកបានធ្វើកាលដែលអ្នកនៅក្មេងដែរ។ ម្យ៉ាងទៀត ទោះជាអ្នកដឹងថាអ្នកបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំក្ដី ពេលអ្នកប្រៀបធៀបអ្វីដែលអ្នកបានធ្វើសម្រាប់ព្រះយេហូវ៉ានៅអតីតកាល ទៅនឹងអ្វីដែលអ្នកអាចធ្វើនៅឥឡូវ អ្នកប្រហែលជាធ្លាក់ទឹកចិត្ត។ បើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះ តើអ្វីអាចជួយអ្នកឲ្យមានអំណរ?
តើព្រះយេហូវ៉ាតម្រូវអ្វីពីអ្នក?
សូមសួរខ្លួនអ្នកថា ‹តើព្រះយេហូវ៉ាតម្រូវអ្វីពីខ្ញុំ?›។ អ្នកអាចទទួលការសម្រាលទុក្ខពីពាក្យនៅម៉ាកុស ១២:៣០ដែលចែងថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីជីវិត អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយ»។
យោងទៅតាមខនោះ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកបម្រើលោកឲ្យអស់ពីដួងចិត្ត អស់ពីជីវិត អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយរបស់អ្នក។ នោះអាចជួយអ្នកឲ្យជៀសវាងពីការប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀត ឬប្រៀបធៀបអ្វីដែលអ្នកអាចធ្វើនៅឥឡូវ ទៅនឹងអ្វីដែលអ្នកធ្លាប់ធ្វើនៅអតីតកាល។
សូមគិតអំពីនេះ៖ ពេលអ្នកនៅក្មេង តើអ្នកបម្រើព្រះយេហូវ៉ាច្រើនប៉ុនណា? រាស្ត្រភាគច្រើនរបស់ព្រះយេហូវ៉ានឹងនិយាយថា ពួកគេបម្រើលោកអស់ពីសមត្ថភាពរបស់ពួកគេ។ ចំណែកអ្នកវិញ អ្នកក៏ទំនងជាបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពរបស់អ្នកនៅពេលនោះដែរ។ ឥឡូវ អ្នកនៅតែទំនងជាបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពក្នុងស្ថានភាពដែលអ្នកមាននៅសព្វថ្ងៃនេះ។ បើអ្នកវែកញែកបែបនេះ អ្នកអាចយល់ថាអ្នកកំពុងតែបម្រើព្រះយេហូវ៉ាដូចដែលអ្នកបានបម្រើលោកនៅអតីតកាល។ អ្នកបានបម្រើលោកអស់ពីសមត្ថភាពនៅអតីតកាល ហើយអ្នកក៏កំពុងបម្រើលោកអស់ពីសមត្ថភាពរបស់អ្នកនៅឥឡូវដែរ។
អ្នកបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពកាលដែលអ្នកនៅក្មេង ហើយអ្នកក៏បម្រើលោកអស់ពីសមត្ថភាពកាលដែលអ្នកមានវ័យចាស់ដែរ
អ្វីដែលអ្នកបានរៀនក្នុងជីវិតអាចជួយអ្នកឯទៀត
ជាជាងគិតតែអំពីអ្វីដែលអ្នកលែងអាចធ្វើបានទៀត សូមគិតអំពីឱកាសជាច្រើនដែលអ្នកមានដើម្បីជួយអ្នកឯទៀតដោយសារអ្នកមានវ័យចាស់។ ដោយសារអ្នកជាគ្រិស្តសាសនិកដែលមានវ័យចាស់ អ្នកអាចធ្វើអ្វីខ្លះនៅឥឡូវនេះដែលអ្នកមិនអាចធ្វើពេលដែលអ្នកនៅក្មេង។ ជាឧទាហរណ៍ អ្នកអាចធ្វើដូចតទៅនេះ៖
សូមប្រាប់អ្នកឯទៀតអំពីបទពិសោធន៍របស់អ្នក។ សូមគិតអំពីអ្វីដែលគម្ពីរចែងដូចបទគម្ពីរតទៅនេះ៖
ស្ដេចដាវីឌនិយាយថា៖ «តាំងពីក្មេងរហូតដល់ចាស់ ខ្ញុំមិនធ្លាប់ឃើញមនុស្សសុចរិតណាម្នាក់ត្រូវព្រះបោះបង់ចោលឡើយ ហើយក៏មិនធ្លាប់ឃើញកូនចៅរបស់គាត់សុំទានអាហារគេដែរ»។—ចសព. ៣៧:២៥
យ៉ូស្វេនិយាយថា៖ «មើល! ខ្ញុំជិតស្លាប់ហើយ។ ឯអ្នករាល់គ្នាក៏ដឹងច្បាស់ក្នុងចិត្តថា សេចក្ដីសន្យាដ៏ប្រសើរទាំងអស់ដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅអ្នករាល់គ្នា គ្មានប្រសាសន៍ណាមួយដែលមិនកើតឡើងឡើយ។ សេចក្ដីសន្យាទាំងអស់បានសម្រេច គ្មានពាក្យណាមួយដែលមិនក្លាយជាការពិតទេ»។—យ៉ូស. ២៣:១៤
អ្នកប្រហែលជាធ្លាប់និយាយអ្វីដែលស្រដៀងនឹងនោះ។ ដាវីឌនិងយ៉ូស្វេនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួន។ ដោយសារអ្នកបម្រើព្រះយេហូវ៉ាដ៏ស្មោះត្រង់ទាំងនេះ និយាយអ្វីដែលពួកគាត់បានឃើញនិងបានឮអស់ជាច្រើនឆ្នាំមកហើយ នោះពាក្យសម្ដីរបស់ពួកគាត់កាន់តែមានន័យ។
បើអ្នកបម្រើព្រះយេហូវ៉ាអស់ជាយូរមកហើយ អ្នកក៏អាចនិយាយអំពីអ្វីដែលអ្នកបានឃើញព្រះយេហូវ៉ាធ្វើចំពោះអ្នកនិងចំពោះអ្នកឯទៀត។ តើអ្នកចាំអំពីពេលដែលអ្នកឃើញព្រះយេហូវ៉ាជួយអ្នកបម្រើរបស់លោកតាមរបៀបពិសេសណាមួយទេ? បើដូច្នេះ សូមប្រាប់អ្នកឯទៀត! យ៉ាងនេះ អ្នកអាចពង្រឹងកម្លាំងអ្នកឯទៀត ដូចដែលអ្នកបានទទួលកម្លាំងពីបទពិសោធន៍នោះដែរ។ ពេលអ្នកឯទៀតឮបទពិសោធន៍របស់អ្នកក្នុងការបម្រើព្រះយេហូវ៉ា អ្នកអាចទៅជាប្រភពនៃការលើកទឹកចិត្តដល់ពួកគេ។—រ៉ូម ១:១១, ១២
របៀបមួយទៀតដែលអ្នកអាចលើកទឹកចិត្តអ្នកឯទៀត គឺដោយចូលរួមកិច្ចប្រជុំដោយផ្ទាល់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ នៅឯសាលប្រជុំ អ្នកអាចលើកទឹកចិត្តបងប្អូន ហើយអ្នកក៏អាចទទួលការលើកទឹកចិត្តដែរ។ បងខន្នីដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ការចូលរួមកិច្ចប្រជុំជួយខ្ញុំមិនឲ្យធ្លាក់ទឹកចិត្ត។ ខ្ញុំគ្មានហេតុធ្លាក់ទឹកចិត្តទេ ដោយសារខ្ញុំទទួលសេចក្ដីស្រឡាញ់ពីបងប្អូននៅសាលប្រជុំ។ ខ្ញុំព្យាយាមបង្ហាញចិត្តដឹងគុណចំពោះអ្នកឯទៀតដោយឲ្យអំណោយតិចតួចដល់ពួកគេ។ ខ្ញុំមិនចង់ឈប់ព្យាយាមលើកទឹកចិត្តបងប្អូននិងទទួលការលើកទឹកចិត្តពីពួកគេនៅឯកិច្ចប្រជុំទេ»។
ព្រះយេហូវ៉ាឲ្យតម្លៃកិច្ចបម្រើដ៏ស្មោះត្រង់របស់អ្នក
នៅក្នុងគម្ពីរ មានបុគ្គលជាច្រើនដែលព្រះយេហូវ៉ាស្រឡាញ់ ទោះបីជាពួកគេមិនអាចបម្រើលោកច្រើនដូចដែលពួកគេចង់ធ្វើក៏ដោយ។ សូមគិតអំពីបុរសវ័យចាស់ជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះស៊ីម្មានដែលរស់នៅគ្រាដែលលោកយេស៊ូបានកើតមក។ ពេលស៊ីម្មានទៅវិហារ គាត់ទំនងជាឃើញបុរសវ័យក្មេងបំពេញភារកិច្ចសំខាន់ៗនៅទីនោះ។ ចុះស៊ីម្មានវិញ? តាមទស្សនៈរបស់មនុស្ស គាត់អាចគិតថាដោយសារគាត់ចាស់ហើយ គាត់មិនសូវមានតម្លៃចំពោះព្រះយេហូវ៉ាទេ។ ប៉ុន្តែ ព្រះយេហូវ៉ាមានទស្សនៈផ្សេងពីនោះ។ លោកឃើញថាស៊ីម្មានជា«មនុស្សសុចរិត និងជាអ្នកកោតខ្លាចព្រះ» ហើយបានឲ្យពរគាត់មានឯកសិទ្ធិឃើញទារកយេស៊ូ។ ព្រះយេហូវ៉ាក៏ប្រើស៊ីម្មានឲ្យប្រាប់ទុកជាមុនថាលោកយេស៊ូនឹងទៅជាមេស្ស៊ីដែលបានត្រូវសន្យាដែរ! (លូក. ២:២៥-៣៥) ព្រះយេហូវ៉ាមិនបានផ្ដោតអារម្មណ៍លើកម្លាំងកាយរបស់ស៊ីម្មានទេ។ ផ្ទុយទៅវិញ លោកផ្ដោតអារម្មណ៍ទៅលើជំនឿដ៏រឹងមាំរបស់គាត់ «ហើយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះបានសណ្ឋិតលើគាត់»។
ព្រះយេហូវ៉ាបានផ្ដល់ពរស៊ីម្មានឲ្យមានឯកសិទ្ធិឃើញទារកយេស៊ូ ហើយឲ្យប្រកាសទំនាយអំពីលោក ថានឹងទៅជាមេស្ស៊ីដែលបានត្រូវសន្យា
អ្នកក៏អាចជឿជាក់ថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះកិច្ចបម្រើដ៏ស្មោះត្រង់របស់អ្នក ទោះជាស្ថានភាពរបស់អ្នកដាក់កម្រិតលើអ្វីដែលអ្នកអាចធ្វើក៏ដោយ។ ព្រះយេហូវ៉ា«ពេញចិត្តណាស់» ពេលអ្នកឲ្យ«តាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនមិនមាន»។—២កូ. ៨:១២
ដូច្នេះ សូមផ្ដោតអារម្មណ៍លើអ្វីដែលអ្នកអាចធ្វើ។ ជាឧទាហរណ៍ តើអ្នកនៅតែអាចចូលរួមកិច្ចបម្រើណាខ្លះ សូម្បីតែមួយរយៈពេលខ្លីក៏ដោយឬទេ? តើអ្នកអាចជួយលើកទឹកចិត្តអ្នកឯទៀតដោយតេទូរសព្ទទៅពួកគេយ៉ាងខ្លី ឬសរសេរកាតឲ្យពួកគេឬទេ? ទង្វើតិចតួចដែលបង្ហាញសេចក្ដីស្រឡាញ់ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបងប្អូនរួមជំនឿ ជាពិសេសពេលនោះមកពីអ្នកដែលបម្រើព្រះយេហូវ៉ាអស់ជាយូរមកហើយ។
ទោះជាមានបញ្ហាសុខភាពក្ដី អ្នកនៅតែអាចបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព និងបំពេញកិច្ចបម្រើផ្សាយយ៉ាងប៉ិនប្រសប់។ សូមកត់សម្គាល់អំពីបទពិសោធន៍របស់បងប្អូននៅទ្វីបអាហ្វ្រិកខាងកើត នៅក្នុងប្រអប់ខាងក្រោមដែលមានចំណងជើងថា «បទគម្ពីរបានសង្គ្រោះជីវិត»។
សូមចាំថាគំរូរបស់អ្នកក្នុងការបម្រើព្រះយេហូវ៉ាយ៉ាងស្មោះភក្ដីអស់ជាច្រើនឆ្នាំ ហើយការបន្ដបម្រើលោកយ៉ាងស្មោះត្រង់ អាចលើកទឹកចិត្តអ្នកឯទៀតយ៉ាងខ្លាំង។ អ្នកជាគំរូអំពីការស៊ូទ្រាំ ហើយអ្នកអាចប្រាកដថា‹ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌ ដោយបំភ្លេចការដែលអ្នកបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នកបានបង្ហាញចំពោះនាមរបស់លោកឡើយ គឺអ្នកបានបម្រើពួកអ្នកបរិសុទ្ធ ហើយនៅតែបម្រើពួកគាត់ជានិច្ច›។—ហេ. ៦:១០
សូមបន្ដជាប់រវល់ជួយអ្នកឯទៀតតាមដែលអាចធ្វើបាន
តាមការសិក្សាផ្សេងៗបង្ហាញថា បុរសនិងស្ត្រីវ័យចាស់ដែលជួយអ្នកឯទៀតមានសុខភាពប្រសើរជាង គិតច្បាស់ជាង និងមានអាយុវែងជាង។
ពិតណាស់ ការធ្វើល្អនឹងមិនធ្វើឲ្យលែងមានបញ្ហាផ្សេងៗដែលមកពីភាពចាស់ជរាទេ។ មានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលនឹងសម្រេចអ្វីទាំងនោះ ដោយបំបាត់ចោលដើមហេតុដែលនាំឲ្យយើងទៅជាចាស់និងស្លាប់ ពោលគឺភាពខុសឆ្គងរបស់យើង។—រ៉ូម ៥:១២
ប៉ុន្តែ កិច្ចបម្រើរបស់អ្នកចំពោះព្រះយេហូវ៉ា ដែលរួមមានការជួយអ្នកឯទៀតឲ្យស្គាល់លោក នឹងជួយអ្នកឲ្យរក្សាសេចក្ដីសង្ឃឹមរឹងមាំ ហើយប្រហែលជាផ្ដល់ប្រយោជន៍ដល់សុខភាពអ្នកទៀតផង។ បងប្អូនវ័យចាស់ទាំងឡាយ សូមដឹងថាព្រះយេហូវ៉ាឲ្យតម្លៃកិច្ចបម្រើរបស់អ្នក ហើយថាក្រុមជំនុំឲ្យតម្លៃចំពោះគំរូរបស់អ្នកក្នុងការបង្ហាញជំនឿ។