ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ត នៅប្រទេសហ្គីយ៉ាន
យ៉ូស្វេពីសហរដ្ឋអាម៉េរិកដែលធ្លាប់បម្រើនៅប្រទេសហ្គីយ៉ានអស់មួយរយៈពេល បាននិយាយថា«ការបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង ពិតជាធ្វើឲ្យខ្ញុំមានអំណរដែលមិនអាចរៀបរាប់បានឡើយ!»។ សាក្សីព្រះយេហូវ៉ាជាច្រើននាក់ដែលធ្លាប់បម្រើនៅទ្វីបអាម៉េរិកខាងត្បូងaក៏មានអំណរដូចគាត់ដែរ។ នៅទីនោះមានមនុស្សជាច្រើនចាប់អារម្មណ៍នឹងសេចក្ដីពិត។ តើយើងអាចទាញមេរៀនអ្វីខ្លះពីបងប្អូនដែលបានរើទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង? សម្រាប់បងប្អូនដែលចង់ទៅបម្រើនៅប្រទេសក្រៅ តើបទពិសោធន៍ទាំងនេះអាចជួយបងប្អូនឲ្យត្រៀមខ្លួនយ៉ាងដូចម្ដេច?
តើអ្វីបានជំរុញចិត្តពួកគេ?
លីណេល
មុនរើទៅប្រទេសហ្គីយ៉ាន បងប្រុសម្នាក់ឈ្មោះលីណេលបានផ្សព្វផ្សាយនៅតំបន់ដាច់ស្រយាលមួយនៅសហរដ្ឋអាម៉េរិកដែលជាស្រុកកំណើតរបស់គាត់។ គាត់បាននិយាយថា៖«ក្រុមរបស់យើងមានគ្នា២០នាក់ ហើយយើងបានត្រូវចាត់ឲ្យផ្សព្វផ្សាយទៅតំបន់ដាច់ស្រយាលមួយនារដ្ឋវ៉េសវឺជីញា។ ក្នុងអំឡុងពេលពីរសប្ដាហ៍នៅទីនោះ កិច្ចការផ្សព្វផ្សាយនិងការសេពគប់យ៉ាងសប្បាយជាមួយបងប្អូនពិតជាបានផ្លាស់ប្ដូរជីវិតខ្ញុំមែន! ឥឡូវខ្ញុំតាំងចិត្តកាន់តែខ្លាំងដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានពេញលេញតាមដែលអាចធ្វើបាន»។
អ៊ីរីខានិងហ្គាត
ប្ដីប្រពន្ធមួយគូឈ្មោះហ្គាត និងអ៊ីរីខាចាប់ផ្ដើមគិតអំពីការបម្រើនៅប្រទេសផ្សេង ហើយពួកគាត់សម្រេចចិត្តទៅប្រទេសហ្គីយ៉ាន។ ហេតុអ្វី? អ៊ីរីខាបានរៀបរាប់ថា៖«ប្ដីខ្ញុំនិងខ្ញុំស្គាល់ប្ដីប្រពន្ធមួយគូដែលបានរើទៅទីនោះ។ ចិត្តរំភើបនិងសេចក្ដីស្រឡាញ់ដែលពួកគាត់មានចំពោះកិច្ចបម្រើនៅទីនោះ ជំរុញចិត្តយើងឲ្យចង់បម្រើនៅទីនោះដែរ»។ អ៊ីរីខានិងហ្គាតបានបម្រើនៅទីនោះយ៉ាងសប្បាយរីករាយអស់បីឆ្នាំ ហើយពួកគាត់បានបន្ថែមថានោះជា«កិច្ចបម្រើដ៏មានតម្លៃខ្លាំងណាស់»ចំពោះពួកគាត់។ ហ្គាតបាននិយាយថា៖«យើងបានសាកបម្រើនៅប្រទេសផ្សេង ហើយឃើញថានេះជាបទពិសោធន៍ល្អណាស់»។ ក្រោយមក គាត់និងប្រពន្ធរបស់គាត់បានចូលសាលាគីលាត ហើយឥឡូវបម្រើនៅប្រទេសបូលីវី។
ពួកអ្នកដែលបម្រើនៅប្រទេសក្រៅច្រើនតែមានការសន្ទនាល្អជាមួយអ្នកឯទៀតអំពីគម្ពីរ
តើពួកគាត់បានត្រៀមខ្លួនយ៉ាងដូចម្ដេច?
គោលការណ៍គម្ពីរបានលើកទឹកចិត្តយើងឲ្យរក្សាជីវិតសាមញ្ញ។ (ហេប្រឺ ១៣:៥) គម្ពីរក៏បានលើកទឹកចិត្តយើងឲ្យគិតយ៉ាងដិតដល់មុនពេលធ្វើការសម្រេចចិត្តសំខាន់ៗក្នុងជីវិតដែរ។ (លូកា ១៤:២៦-៣៣) នេះរួមបញ្ចូលទាំងការសម្រេចចិត្តរើទៅប្រទេសផ្សេងដែរ! ហ្គាតបានសរសេរថា៖«មុនចាកចេញទៅប្រទេសហ្គីយ៉ាន អ៊ីរីខានិងខ្ញុំត្រូវធ្វើឲ្យជីវិតរបស់យើងសាមញ្ញជាង។ នេះមានន័យថា យើងត្រូវលក់មុខរបរចិញ្ចឹមជីវិត ផ្ទះ និងសម្ភារៈដែលមិនសូវចាំបាច់ក្នុងផ្ទះរបស់យើង។ ការធ្វើដូចនេះគឺត្រូវការពេលប៉ុន្មានឆ្នាំ។ ក្នុងអំឡុងពេលនោះ យើងបន្តរក្សាបំណងចិត្តដែលចង់រើទៅបម្រើនៅប្រទេសហ្គីយ៉ាន ដោយរំលឹកខ្លួនអំពីគោលដៅរបស់យើង និងទៅលេងប្រទេសនោះរៀងរាល់ឆ្នាំ»។
ផលនិងស៊ីណេត
កត្តាមួយទៀតដែលយើងត្រូវពិចារណាគឺប្រាក់ចំណូល។ បងប្អូនដែលទៅបម្រើនៅប្រទេសខ្លះដែលមានសេចក្ដីត្រូវការ អាចធ្វើការនៅប្រទេសនោះបាន បើច្បាប់អនុញ្ញាត។ បងប្អូនខ្លះបន្តធ្វើការងារដែលគាត់មានតាមប្រព័ន្ធអ៊ីនធឺណិត។ បងប្អូនខ្លះទៀតជ្រើសរើសត្រឡប់ទៅប្រទេសខ្លួនវិញមួយរយៈពេលខ្លីដើម្បីធ្វើការ។ ប្ដីប្រពន្ធមួយគូឈ្មោះផល និងស៊ីណេត បានត្រឡប់ទៅប្រទេសអៀរឡង់មួយឆ្នាំម្ដងដើម្បីធ្វើការ។ នេះបានជួយពួកគេឲ្យបម្រើយ៉ាងមានអំណរនៅប្រទេសហ្គីយ៉ានអស់រយៈពេល១១ឆ្នាំ។ ក្រោយមកពួកគាត់មានកូន ហើយបន្តបម្រើនៅទីនោះអស់៧ឆ្នាំទៀត។
គ្រិស្តតូហ្វើនិងឡូរីហ្សា
ចម្រៀងសរសើរព្រះ ៣៧:៥ចែងថា៖«ចូរទុកឲ្យព្រះយេហូវ៉ាបង្ហាញផ្លូវអ្នក ចូរពឹងផ្អែកលោក នោះលោកនឹងជួយអ្នក»។ គ្រិស្តតូហ្វើនិងឡូរីហ្សាដែលមកពីសហរដ្ឋអាម៉េរិកចង់ទៅបម្រើនៅប្រទេសផ្សេង ពួកគាត់បានអធិដ្ឋានអំពីគោលដៅនោះជាទៀងទាត់។ បន្ថែមទៅទៀត ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ពួកគាត់បានពិចារណាអំពីអ្វីដែលពួកគាត់ត្រូវធ្វើ ហើយពិគ្រោះអំពីអត្ថប្រយោជន៍និងគុណវិបត្តិនៃការរើទៅបម្រើនៅប្រទេសផ្សេង។ ដោយសារពួកគាត់មិនចង់រៀនភាសាថ្មី នោះពួកគាត់បានជ្រើសរើសប្រទេសហ្គីយ៉ានដែលមានភាសាអង់គ្លេសជាភាសាផ្លូវការ។
បន្ទាប់មក ពួកគាត់ធ្វើតាមគោលការណ៍នៅសុភាសិត ១៥:២២ដែលចែងថា៖«បើគ្មានការប្រឹក្សាទេ នោះគម្រោងនឹងបរាជ័យ តែបើមានការប្រឹក្សាច្រើន នោះគម្រោងនឹងបានជោគជ័យវិញ»។ ពួកគាត់បានសរសេរសំបុត្រទៅការិយាល័យសាខាដែលមើលការខុសត្រូវលើកិច្ចការក្នុងប្រទេសហ្គីយ៉ានb ហើយពន្យល់អំពីស្ថានភាពរបស់ពួកគាត់ ហើយថាពួកគាត់ចង់ទៅបម្រើនៅទីនោះ។ ដំណាលគ្នានោះ ពួកគាត់បានសួរអំពីសេវាកម្មពេទ្យ អាកាសធាតុ និងទំនៀមទម្លាប់ក្នុងប្រទេសហ្គីយ៉ាន។ ការិយាល័យសាខាបានឆ្លើយតបទៅពួកគាត់វិញ ហើយឲ្យពួកគាត់ទាក់ទងនឹងក្រុមអ្នកចាស់ទុំក្នុងតំបន់ដែលពួកគាត់នឹងរើទៅ។
លីណេលដែលបានរៀបរាប់នៅខាងលើ ឥឡូវបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅប្រទេសហ្គីយ៉ាន។ មុនរើទៅទីនោះ គាត់បានធ្វើតាមគោលការណ៍គម្ពីរនៅសុភាសិត ១៥:២២។ គាត់បាននិយាយថា៖«ក្រៅពីការសន្សំលុយ ខ្ញុំបានសួរនាំបងប្អូនឯទៀតដែលធ្លាប់ទៅបម្រើនៅប្រទេសក្រៅ។ ខ្ញុំពិគ្រោះអំពីរឿងនេះជាមួយក្រុមគ្រួសារ និងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់ខ្ញុំ ព្រមទាំងអ្នកត្រួតពិនិត្យប្រចាំមណ្ឌលដែរ។ ខ្ញុំបានអានអត្ថបទជាច្រើនអំពីការទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង»។
យ៉ូសែបនិងគ្រីស្ទីណា
បងប្អូនជាច្រើនដែលបម្រើនៅប្រទេសក្រៅបានសម្រេចចិត្តទៅលេងប្រទេសដែលពួកគេចង់រើទៅនោះជាមុនសិន។ ប្ដីប្រពន្ធមួយគូឈ្មោះយ៉ូសែបនិងគ្រីស្ទីណាបាននិយាយថា៖«ពេលយើងទៅប្រទេសហ្គីយ៉ានជាលើកទី១ យើងបានស្នាក់នៅទីនោះបីខែ នោះជួយយើងឲ្យស្គាល់ថាការរស់នៅទីនោះគឺយ៉ាងណា។ ក្រោយមក យើងបានត្រឡប់ទៅស្រុកវិញ ហើយបានរៀបចំអ្វីផ្សេងៗនិងលក់អីវ៉ាន់ដើម្បីរើទៅប្រទេសនោះ»។
តើពួកគេបានធ្វើការផ្លាស់ប្ដូរអ្វីខ្លះ?
យ៉ូស្វេ
ដើម្បីបម្រើនៅប្រទេសដែលមានសេចក្ដីត្រូវការច្រើនជាង យើងត្រូវលះបង់ប្រយោជន៍ខ្លួន ហើយសុខចិត្តសម្របខ្លួនតាមស្ថានភាពនិងទំនៀមទម្លាប់នៅប្រទេសនោះ។ ជាឧទាហរណ៍ ពួកអ្នកដែលរើពីតំបន់ត្រជាក់ទៅតំបន់ក្ដៅឃើញថាកន្លែងថ្មីរបស់ពួកគេមានសត្វល្អិតគ្រប់ប្រភេទ។ យ៉ូស្វេដែលបានរៀបរាប់នៅខាងលើបាននិយាយថា៖«ខ្ញុំមិនសូវស៊ាំនឹងសត្វល្អិតច្រើនដូចនេះទេ។ សត្វល្អិតនៅប្រទេសហ្គីយ៉ានមើលទៅធំៗជាងនៅប្រទេសខ្ញុំឆ្ងាយណាស់! ប៉ុន្តែ យូរៗទៅខ្ញុំស៊ាំនឹងវា។ ខ្ញុំរៀនថាបើយើងព្យាយាមធ្វើឲ្យផ្ទះរបស់យើងស្អាត នោះផ្ទះយើងនឹងមិនសូវមានសត្វល្អិតទេ។ នេះរួមបញ្ចូលការលាងចាន យកសំរាមបោះចោល និងសម្អាតផ្ទះជាទៀងទាត់»។
ការរស់នៅប្រទេសផ្សេងតម្រូវឲ្យយើងសម្របខ្លួនទៅនឹងប្រទេសនោះដូចជា ម្ហូបអាហារនិងរៀនធ្វើម្ហូបថ្មី។ យ៉ូស្វេនិយាយថា៖«ខ្ញុំនិងដៃគូបន្ទប់របស់ខ្ញុំបានសុំបងប្អូនឲ្យជួយបង្រៀនយើងធ្វើម្ហូបថ្មីដោយប្រើគ្រឿងផ្សំដែលមានក្នុងប្រទេសនោះ។ ក្រោយពីយើងបានរៀនឲ្យចេះធ្វើម្ហូបថ្មីហើយ យើងបានអញ្ជើញបងប្អូនខ្លះពីក្រុមជំនុំឲ្យមកបរិភោគជាមួយយើង។ តាមរបៀបនេះយើងបានស្គាល់បងប្អូនជាច្រើន ហើយមានមិត្តភាពជិតស្និទ្ធជាមួយនឹងពួកគេ»។
ផលនិងខាតលីន
ប្ដីប្រពន្ធមួយគូឈ្មោះផលនិងខាតលីនបាននិយាយថា៖«យើងត្រូវរៀនអំពីសុជីវធម៌ និងការស្លៀកពាក់ឲ្យបានសមរម្យស្របតាមប្រទេសដែលយើងរស់នៅ ហើយនេះជាបទពិសោធន៍ថ្មីសម្រាប់យើង។ ដូច្នេះ យើងត្រូវមានចិត្តរាបទាប ហើយធ្វើការកែប្រែផ្សេងៗបើនោះមិនខុសគោលការណ៍គម្ពីរ។ ការសម្របខ្លួននឹងវប្បធម៌នៅប្រទេសដែលយើងរស់នៅជួយយើងឲ្យចូលកាន់តែជិតបងប្អូនក្រុមជំនុំនិងមានឥទ្ធិពលលើកិច្ចបម្រើផ្សាយ»។
តើពួកគេបានទទួលប្រយោជន៍អ្វីខ្លះ?
យ៉ូសែបនិងគ្រីស្ទីណាក៏មានអារម្មណ៍ដូចបងប្អូនឯទៀតដែរ ពេលពួកគេនិយាយថា៖«ពរដែលយើងទទួល គឺមានច្រើនជាងការពិបាកផ្សេងៗដែលយើងជួបទៅទៀត។ ការធ្វើអ្វីថ្មីនិងអ្វីដែលពិបាកៗបានជួយយើងឲ្យដឹងថាអ្វីគឺសំខាន់បំផុតក្នុងជីវិតរបស់យើង។ អ្វីដែលយើងចាត់ទុកថាសំខាន់ពីមុន ឥឡូវលែងសូវសំខាន់ទៀត។ បទពិសោធន៍នីមួយៗដែលយើងបានឆ្លងកាត់ ជំរុញចិត្តយើងឲ្យបន្តខំអស់ពីសមត្ថភាពធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីបម្រើព្រះយេហូវ៉ា។ យើងពិតជាសប្បាយហើយស្កប់ចិត្តខ្លាំងណាស់»។
អ៊ីរីខាដែលបានរៀបរាប់នៅខាងលើបាននិយាយថា៖«ការបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង បើកឱកាសឲ្យខ្ញុំនិងប្ដីខ្ញុំយល់កាន់តែច្បាស់ថា ការទុកចិត្តព្រះយេហូវ៉ាទាំងស្រុងមានន័យយ៉ាងណា។ យើងបានឃើញថាព្រះយេហូវ៉ាបានជួយយើង តាមរបៀបដែលយើងមិនធ្លាប់ពិសោធពីមុន។ ហើយកាលដែលយើងពិសោធអ្វីថ្មីៗជាមួយគ្នា នោះធ្វើឲ្យយើងកាន់តែជិតស្និទ្ធគ្នា»។
a ប្រវត្តិនៃកិច្ចការផ្សព្វផ្សាយនៅប្រទេសហ្គីយ៉ានមាននៅក្នុងសៀវភៅប្រចាំឆ្នាំនៃសាក្សីព្រះយេហូវ៉ាឆ្នាំ២០០៥។
b ការិយាល័យសាខាទ្រីនីដាដនិងតូបាហ្គោមើលការខុសត្រូវលើកិច្ចការនៅទីនោះ។