ជំនួយសម្រាប់មនុស្សងងឹតភ្នែក
នៅទូទាំងពិភពលោក អ្នកជំនាញបានប៉ាន់ស្មានថាមានមនុស្សងងឹតភ្នែកប្រមាណ៤៣លាននាក់ ហើយប្រមាណ២៩៥លាននាក់ទៀតមើលមិនសូវឃើញ។a គួរឲ្យស្ដាយណាស់ អ្នកទាំងនេះបានត្រូវគេធ្វើបាប ហើយពេលខ្លះថែមទាំងត្រូវគេប្រព្រឹត្តដោយអយុត្តិធម៌មកលើខ្លួនទៀតផង។
តើព្រះមានអារម្មណ៍យ៉ាងណាចំពោះមនុស្សងងឹតភ្នែក? តើគម្ពីរចែងយ៉ាងណាអំពីពួកគេ? តើសព្វថ្ងៃនេះសាក្សីព្រះយេហូវ៉ាជួយពួកគេយ៉ាងដូចម្ដេច?
តើព្រះមានអារម្មណ៍យ៉ាងណាចំពោះមនុស្សងងឹតភ្នែក?
គម្ពីរបង្ហាញថាព្រះយេហូវ៉ាbពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សងងឹតភ្នែក។ លោកចង់ឲ្យអ្នកឯទៀតប្រព្រឹត្តទៅលើពួកគេដោយមិនរើសអើង ហើយលោកចង់ឲ្យពួកគេអាចទទួលប្រយោជន៍ពីគម្ពីរដែលជាបណ្ដាំរបស់លោក។ មិនតែប៉ុណ្ណោះ លោកក៏ផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យដល់ពួកគេដែរ។
គម្ពីរចែងថា៖ «ត្រូវបណ្ដាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ»។—ការបំភ្លឺច្បាប់ ២៧:១៨
អត្ថន័យ៖ នៅសម័យបុរាណ ព្រះបានផ្ដល់ច្បាប់ឲ្យរាស្ត្រលោក ការពារមនុស្សងងឹតភ្នែកកុំឲ្យអ្នកឯទៀតធ្វើបាប។
គម្ពីរចែងថា៖ «ព្រះមិនរើសមុខទេ»។—សកម្មភាព ១០:៣៤
អត្ថន័យ៖ ព្រះស្រឡាញ់និងឲ្យតម្លៃមនុស្សងងឹតភ្នែក ដូចមនុស្សទូទៅដែរ។
គម្ពីរចែងថា៖ លោកយេស៊ូបាន«ធ្វើឲ្យមនុស្សងងឹតភ្នែកជាច្រើននាក់មើលឃើញឡើងវិញ»។—លូកា ៧:២១
អត្ថន័យ៖ ពេលលោកយេស៊ូនៅផែនដីលោកបានធ្វើឲ្យមនុស្សងងឹតភ្នែកមើលឃើញឡើងវិញ នេះបង្ហាញថារាជាណាចក្រព្រះនឹងធ្វើដូច្នោះដែរនៅថ្ងៃអនាគត។
គម្ពីរចែងថា៖ «ភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ហើយត្រចៀករបស់មនុស្សថ្លង់នឹងស្ដាប់ឮ»។—អេសាយ ៣៥:៥
អត្ថន័យ៖ ព្រះយេហូវ៉ាសន្យាថានៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ ពេលរាជាណាចក្រព្រះគ្រប់គ្រងនៅផែនដី មនុស្សងងឹតភ្នែកនឹងអាចមើលឃើញឡើងវិញ។
របៀបដែលសាក្សីព្រះយេហូវ៉ាជួយមនុស្សងងឹតភ្នែក
ជាសាក្សីព្រះយេហូវ៉ា យើងកំពុងចែករំលែកដំណឹងពីព្រះដែលផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សងងឹតភ្នែកនៅទូទាំងពិភពលោក។ តើយើងធ្វើដូច្នេះតាមរបៀបណា?
យើងបោះពុម្ពគម្ពីរ សៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរ និងវីដេអូសម្រាប់ជួយមនុស្សងងឹតភ្នែកនិងមនុស្សដែលមើលមិនសូវឃើញ។ ក្នុងនោះមានសៀវភៅជាអក្សរផុស ឯកសារបោះពុម្ពដែលមានអក្សរធំ និងឯកសារសំឡេងជាដើម។
យើងមានកិច្ចប្រជុំគ្រិស្តសាសនិករៀងរាល់សប្ដាហ៍ ហើយមនុស្សទាំងអស់អាចចូលរួមបាន រួមទាំងមនុស្សងងឹតភ្នែកដែរ។
យើងមានវគ្គសិក្សាគម្ពីរសម្រាប់មនុស្សងងឹតភ្នែក ដែលមានអ្នកទៅបង្រៀនដោយផ្ទាល់។c
អ្វីទាំងអស់ដែលរៀបរាប់នៅខាងលើនេះ មនុស្សងងឹតភ្នែកអាចទទួលបានដោយឥតគិតថ្លៃ។ ហេតុអ្វី? ព្រោះលោកយេស៊ូបានបង្គាប់ថា៖«អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។—ម៉ាថាយ ១០:៨
ជាសាក្សីព្រះយេហូវ៉ា យើងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះមនុស្សងងឹតភ្នែក។ យើងស្នើជួយអស់អ្នកដែលចង់គោរពប្រណិប័តន៍ព្រះជាមួយយើងដែរ។ សូមមើលបទពិសោធន៍ខ្លះៗរបស់មនុស្សងងឹតភ្នែកដែលបានក្លាយទៅជាសាក្សីព្រះយេហូវ៉ា។
ថឺលីតា អាល់ណាហ្ស៊ី រស់នៅប្រទេសស៊ុយអែត។ គាត់ជាមនុស្សខ្សោយភ្នែកតាំងពីកំណើត។ ឪពុកម្ដាយរបស់គាត់បានបង្រៀនគាត់ពីគម្ពីរ ហើយមិត្តភក្តិនិងក្រុមគ្រួសារបានបង្ហាញសេចក្ដីស្រឡាញ់និងជួយជ្រោមជ្រែងគាត់។ សូមស្វែងយល់អំពីរបៀបដែលពួកគេបានជួយគាត់។
ជេម រ៉ាយអិន រស់នៅសហរដ្ឋអាម៉េរិក។ គាត់កើតមកគថ្លង់ ហើយក្រោយមកគាត់ក៏ងងឹតភ្នែកទៀត។ សូមមើលថាតើអ្វីបានជួយគាត់ឲ្យមានជីវិតពេញដោយអំណរនិងការស្កប់ចិត្ត។
ស៊ីនធា ប៉ាប្លូ រស់នៅប្រទេសហ្វីលីពីន។ គាត់ជាមនុស្សគថ្លង់និងងងឹតភ្នែក។ អ្នករួមជំនឿបានជួយគាត់ក្នុងអំឡុងពេលមានរោគរាតត្បាតកូវីដ១៩។ តើពួកគេជួយតាមរបៀបណា? សូមស្វែងរកចម្លើយក្នុងអត្ថបទដែលមានចំណងជើងថា«បងស្រីម្នាក់ដែលគថ្លង់និងងងឹតភ្នែកបានទទួលជំនួយពីក្រុមជំនុំក្នុងអំឡុងរោគរាតត្បាត»។
តើមានជំនួយសិក្សាអ្វីខ្លះពីគម្ពីរដែលយើងផ្ដល់ឲ្យមនុស្សងងឹតភ្នែក?
សៀវភៅផ្សេងៗជាអក្សរផុស។ យើងបានបោះពុម្ពគម្ពីរទាំងមូលនិងផ្នែកខ្លះៗជាភាសាជាច្រើន (សូមមើលបញ្ជីភាសាទាំងនោះ ក្នុងប្រអប់ដែលមានចំណងជើងថា«គម្ពីរសេចក្ដីបកប្រែពិភពលោកថ្មី ជាអក្សរផុស»)។ បន្ថែមទៅទៀត យើងក៏បោះពុម្ពសៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរជាអក្សរផុសដែរ។ ហើយសម្រាប់អ្នកដែលចង់រៀនអានអក្សរផុស យើងបានបោះពុម្ពឯកសារបង្រៀនដែលចំណងជើងថា«ចូររៀនអានអក្សរផុស»។ ឯកសារនេះបានត្រូវរៀបចំឡើងដើម្បីជួយមនុស្សងងឹតភ្នែករៀនអានអក្សរផុសដោយមានជំនួយពីមនុស្សដែលមើលឃើញ។
ដើម្បីទទួលបានសៀវភៅអក្សរផុសណាមួយ អ្នកអាចស្នើសុំពីសាក្សីព្រះយេហូវ៉ាណាម្នាក់ ឬស្នើសុំពួកគេឲ្យត្រឡប់មកជួបអ្នក។
ក្នុងគេហទំព័រjw.org អ្នកអាចថតចម្លងឯកសារផ្សេងៗដាក់បញ្ចូលក្នុងគ្រឿងអេឡិចត្រូនិកមួយដែលហៅថាnotetaker។d
ឯកសារបោះពុម្ពដែលមានអក្សរធំៗនិងកម្មវិធីពង្រីកទំហំអក្សរក្នុងគ្រឿងអេឡិចត្រូនិក។ សៀវភៅជាច្រើនរបស់យើងបានត្រូវបោះពុម្ពជាអក្សរធំ សម្រាប់អ្នកដែលមើលមិនសូវឃើញ។ ក្នុងគេហទំព័រjw.org បានត្រូវរៀបចំឡើងឲ្យមានលក្ខណៈពិសេសមួយគឺទោះជាពង្រីកទំហំអក្សរធំប៉ុនណាក៏ដោយ ក៏អក្សរនោះនៅតែមានទម្រង់ត្រឹមត្រូវ។ បន្ថែមទៅទៀត ក្នុងកម្មវិធីJWបណ្ណាល័យ ក៏មានកន្លែងប្ដូរទំហំអក្សរដែរ។
ដើម្បីទទួលបានសៀវភៅអក្សរផុសណាមួយ អ្នកអាចស្នើសុំពីសាក្សីព្រះយេហូវ៉ាណាម្នាក់ ឬស្នើសុំពួកគេឲ្យត្រឡប់មកជួបអ្នក។
ក្នុងគេហទំព័រjw.org អ្នកអាចថតចម្លងឯកសារបោះពុម្ពអក្សរធំដែលស្រដៀងនឹងឯកសារបោះពុម្ពធម្មតាដែរ។
ឯកសារសំឡេង។ យើងផលិតគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មី ជាឯកសារសំឡេងជាង២០០ភាសា។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ផលិតសៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរជាឯកសារសំឡេងដែរ។ ជារឿយៗ ឯកសារសំឡេងទាំងនេះក៏មានការពន្យល់អំពីរូបភាពផងដែរ។
អ្នកអាចចាក់ស្ដាប់និងថតចម្លងឯកសារសំឡេងពីគេហទំព័រjw.org និងពីកម្មវិធីJWបណ្ណាល័យ។
ក្នុងគេហទំព័រjw.org អ្នកអាចថតចម្លងឯកសារដែលមានកម្មវិធីអានឲ្យស្ដាប់ ដូចជាscreen readers និងdigital talking book players។e
វីដេអូដែលមានការពណ៌នាអំពីរូបភាព។f សាក្សីព្រះយេហូវ៉ាផលិតវីដេអូដែលមានមូលដ្ឋានពីគម្ពីររួមទាំងមានការពណ៌នាអំពីរូបភាព ជាង១០០ភាសា។ វីដេអូទាំងនេះជួយមនុស្សឲ្យយល់និងអនុវត្តតាមការណែនាំក្នុងគម្ពីរ។
អ្នកអាចស្ដាប់ឧទាហរណ៍ខ្លះពីការពណ៌នារូបភាពក្នុងវីដេអូខាងក្រោមនេះជាភាសាអង់គ្លេស៖
កិច្ចប្រជុំនិងសន្និបាត។ យើងមានកិច្ចប្រជុំនៅទូទាំងពិភពលោក។ ក្នុងកិច្ចប្រជុំនោះយើងជួបជុំគ្នារៀននិងគោរពប្រណិប័តន៍ព្រះរាល់សប្ដាហ៍។ មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំយើងមានសន្និបាតនិងមហាសន្និបាតដើម្បីទទួលការអប់រំពីគម្ពីរ។ ក្នុងកិច្ចប្រជុំនិងសន្និបាតទាំងនោះ មានការចាក់បញ្ចាំងវីដេអូផ្សេងៗ។ យើងព្យាយាមផ្ដល់ឯកសារសំឡេងដែលមានការពណ៌នារូបភាពក្នុងវីដេអូទាំងនោះសម្រាប់មនុស្សងងឹតភ្នែកនិងមនុស្សមើលមិនសូវឃើញ។ នៅកន្លែងប្រជុំខ្លះ យើងក៏មានការបកប្រែជាភាសាសញ្ញាសម្រាប់មនុស្សគថ្លង់ដែលងងឹតភ្នែកផងដែរ។ យើងសូមស្វាគមន៍មនុស្សទាំងអស់ឲ្យចូលរួមកិច្ចប្រជុំរបស់យើង មិនថាពួកគេជាមនុស្សបែបណាក៏ដោយ។
សូមស្វែងរកទីតាំងប្រជុំដែលនៅជិតតំបន់លោកអ្នក។
សូមរកមើលថាមហាសន្និបាតប្រចាំឆ្នាំរបស់យើងធ្វើឡើងនៅថ្ងៃណា។
សូមចូលរួមពិធីរំលឹកមរណភាពរបស់លោកយេស៊ូដែលជាកិច្ចប្រជុំសំខាន់បំផុតដែលយើងធ្វើឡើងជារៀងរាល់ឆ្នាំ។
ហូសេ លូអ៊ីស អាយ៉ាឡា រស់នៅប្រទេសម៉ិកស៊ិក។ គាត់ជាមនុស្សគថ្លង់ពីកំណើត ហើយក្រោយមកគាត់បានងងឹតភ្នែកពេលគាត់អាយុ២៩ឆ្នាំ។ សូមស្វែងយល់ថាតើកិច្ចប្រជុំរបស់យើងសំខាន់យ៉ាងណាចំពោះគាត់ ហើយគាត់ទទួលជំនួយតាមរបៀបណាដើម្បីក្លាយជាអ្នកបង្រៀនគម្ពីរដ៏មានប្រសិទ្ធភាព។
a ពាក្យ«មនុស្សមើលមិនសូវឃើញ»សំដៅទៅលើអ្នកដែលមានបញ្ហាភ្នែកដែលមិនអាចព្យាបាលបាន ហើយនោះប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់គាត់។ ក្នុងអត្ថបទនេះ ពាក្យ«មនុស្សងងឹតភ្នែក»រួមបញ្ចូលអ្នកដែលមើលមិនសូវឃើញផងដែរ។
b យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។
c អ្នកអាចស្នើសុំឲ្យសាក្សីព្រះយេហូវ៉ាបង្ហាញអ្នកអំពីវគ្គសិក្សាគម្ពីរដោយឥតគិតថ្លៃ។
d Notetakersគឺជាបន្ទះគ្រឿងអេឡិចត្រូនិកមួយដែលបញ្ចេញអក្សរផុស មានសំឡេងអានអេឡិចត្រូនិក ឬមានទាំងពីរ។ ពេលដែលបុគ្គលម្នាក់មានNotetakers គាត់មិនចាំបាច់មានឯកសារបោះពុម្ពជាអក្សរផុសច្រើនទេ។
e Screen readersនិងdigital talking book players អានអក្សរឲ្យស្ដាប់ អាចជាសំឡេងអេឡិចត្រូនិកឬសំឡេងមនុស្សដែលគេបានថតទុក។ ឧបករណ៍ទាំងពីរនេះអាចឲ្យមនុស្សងងឹតជ្រើសរើសព័ត៌មានដែលពួកគេចង់ស្ដាប់។
f ការពណ៌នារូបភាពគឺជាសំឡេងដែលពណ៌នាពីរូបភាពនិងសកម្មភាពក្នុងវីដេអូ។