ថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦
ចម្រៀងលេខ៥៦ ចូរសម្រេចចិត្តកាន់តាមសេចក្ដីពិត
ចូររក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាពេលកំពុងរៀនបន្ថែម
«អ្វីដែលយើងបានធ្វើដើម្បីឲ្យជឿនទៅមុខដល់កម្រិតនេះ ចូរយើងបន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត»។—ភី. ៣:១៦
ចំណុចផ្ដោត
គោលការណ៍គម្ពីរបួនដែលនឹងជួយអ្នកឲ្យរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា បើអ្នកសម្រេចចិត្តរៀនបន្ថែម។
១-២. (ក) បើអ្នកសម្រេចចិត្តរៀនបន្ថែម តើអ្នកត្រូវបន្តធ្វើអ្វី? (ខ) តើពាក្យ«បន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត»មានន័យយ៉ាងណា? (ភីលីព ៣:១៦)
បុគ្គលខ្លះដែលបម្រើព្រះយេហូវ៉ាបានសម្រេចចិត្តរៀនបន្ថែម លើសពីអ្វីដែលរដ្ឋាភិបាលបានរៀបចំ។ ពួកគេប្រហែលជាគិតថា ការអប់រំបែបនេះអាចជួយពួកគេឲ្យរកបានការងារដែលនឹងផ្គត់ផ្គង់ពួកគេក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ បើអ្នកសម្រេចចិត្តរៀនបន្ថែម តើតាមរបៀបណាអ្នកអាចធ្វើឲ្យប្រាកដថាអ្នកនៅតែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា? (យ៉ា. ៤:៨ក) ពីមុន អ្នកទំនងជាបានជួបនឹងការល្បួងផ្សេងៗពេលដែលអ្នករៀននៅសាលា ហើយអ្នកបានយកឈ្នះការល្បួងទាំងនោះ។ ឥឡូវ អ្នកក៏ត្រូវ«បន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត» ពោលគឺអ្នកត្រូវបន្ដបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ដូចអ្នកបានធ្វើរួចហើយ។—សូមអាន ភីលីព ៣:១៦
២ កិរិយាសព្ទជាភាសាក្រិចដែលបានត្រូវបកប្រែថា«បន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត»ដែលប្រើនៅឃ្លានេះ ច្រើនតែប្រើដើម្បីសំដៅទៅលើទាហាន គឺចង់រៀបរាប់អំពីដំណើរទាហានដែលដើរទៅមុខស្របគ្នា។ ដូច្នេះ បើអ្នកសម្រេចចិត្តរៀនបន្ថែម អ្នកក៏ត្រូវ«បន្តជឿនទៅមុខ»ក្នុងកិច្ចបម្រើព្រះដែរ មិនមែននៅទ្រឹង ឬចុះខ្សោយនោះទេ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាគោលការណ៍គម្ពីរបួនដែលនឹងជួយអ្នក។ គោលការណ៍ទាំងនេះមិនមែនជាអ្វីថ្មីទេ។ អ្នកបានអនុវត្តគោលការណ៍ទាំងនេះពីមុនរួចហើយ ហើយឥឡូវ អ្នកក៏នឹងត្រូវបន្តអនុវត្តគោលការណ៍ទាំងនេះពេលដែលអ្នករៀនបន្ថែម និងសូម្បីតែក្រោយពីអ្នកបានរៀនចប់។
ចូររក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ
៣. កាលដែលអ្នករៀនបន្ថែម តើអ្នកប្រហែលជានឹងជួបការពិបាកអ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃ?
៣ ការពិបាក។ កាលដែលអ្នករៀនបន្ថែម អ្នកប្រហែលជាជាប់រវល់ខ្លាំងណាស់ ហើយនឹងមានអ្វីកាន់តែច្រើនដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត ដោយសារអ្នកចង់ធ្វើឲ្យបានល្អនៅសាលា អ្នកប្រហែលជាចាប់ផ្ដើមចាត់ទុកការរៀនបន្ថែមនោះថាសំខាន់ជាងការបម្រើព្រះយេហូវ៉ា។ អ្នកប្រហែលជាថែមទាំងចាប់ផ្ដើមខកខានចូលរួមកិច្ចប្រជុំ មិនសូវបានផ្សព្វផ្សាយ សិក្សាគម្ពីរផ្ទាល់ខ្លួន និងអធិដ្ឋានទៀតផង។—បប. ២:៤
៤. តើអ្វីអាចជួយអ្នកឲ្យ«ជាប់រវល់ជានិច្ចក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»? (កូរិនថូសទី១ ១៥:៥៨)
៤ សូមអាន កូរិនថូសទី១ ១៥:៥៨។ ដើម្បីឲ្យកង់ទៅមុខរហូតមិនដួល យើងត្រូវបន្តធាក់វា។ ស្រដៀងគ្នាដែរ ដើម្បីបន្តមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា អ្នកត្រូវបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ នេះជាមូលហេតុដែលគម្ពីរប្រាប់យើងថា៖ «ចូរជាប់រវល់ជានិច្ចក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ នេះមិនគ្រាន់តែសំដៅទៅលើការចំណាយពេលក្នុងកិច្ចបម្រើព្រះនោះទេ តែគឺជាការចាត់ទុកអ្វីនោះថាសំខាន់បំផុត។ សូមចាំថា អ្វីដែលសំខាន់បំផុតក្នុងជីវិតគឺការបម្រើព្រះយេហូវ៉ា មិនមែនការរៀនបន្ថែមទេ។ (ម៉ាថ. ២២:៣៧) ប្អូនស្រីម្នាក់ឈ្មោះសឺមែនថឺនិយាយថា៖ «មុនខ្ញុំចាប់ផ្ដើមរៀនបន្ថែម ខ្ញុំបានតាំងចិត្តថា បើការរៀននោះរារាំងខ្ញុំពីការបម្រើព្រះយេហូវ៉ា ខ្ញុំនឹងឈប់រៀនតែម្ដង»។
៥. តើអ្នកអាចធ្វើអ្វីដើម្បីបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា?
៥ តើអ្នកអាចធ្វើអ្វីខ្លះមុនចាប់ផ្ដើមរៀនបន្ថែម? សូមធ្វើឲ្យប្រាកដថាព្រះយេហូវ៉ាគឺសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ សូមសួរខ្លួនថា ‹តើខ្ញុំនឹងធ្វើអ្វីដើម្បីប្រាកដថាខ្ញុំរៀបចំនិងចូលរួមកិច្ចប្រជុំ កិច្ចផ្សព្វផ្សាយ និងធ្វើការសិក្សាផ្ទាល់ខ្លួនជាទៀងទាត់?›។ (យ៉ូស. ១:៨; ម៉ាថ. ២៨:១៩, ២០; ហេ. ១០:២៥) អ្នកក៏អាចសួរខ្លួនថា ‹ពីមុនពេលខ្ញុំនៅរៀន តើតាមរបៀបណាខ្ញុំបានលៃទុកពេលដើម្បីធ្វើអ្វីទាំងនេះ?›។ ប្រសិនបើអ្នកមានអារម្មណ៍ថា ពីមុនអ្នកមិនសូវធ្វើបានល្អ តើអ្នកអាចធ្វើការផ្លាស់ប្ដូរអ្វីខ្លះនៅឥឡូវនេះដើម្បីធ្វើបានល្អជាង? សូមតាំងចិត្តបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ាកាលដែលអ្នករៀនបន្ថែម។ គឺសំខាន់ដែលអ្នកខិតខំរៀន តែសូមកុំចំណាយពេលច្រើនពេកលើការរៀន រហូតដល់គ្មានពេលឬកម្លាំងគ្រប់គ្រាន់ដើម្បីបន្តបម្រើព្រះយេហូវ៉ា។a—ម៉ាថ. ៦:២៤
៦. តើអ្នកអាចសួរខ្លួននូវសំណួរអ្វីខ្លះដើម្បីដឹងថាអ្នកនៅតែចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់អ្នក? (សូមមើលរូបភាពផងដែរ)
៦ កាលដែលអ្នករៀនបន្ថែម សូមពិនិត្យពិចារណាអំពីខ្លួនជាទៀងទាត់ ប្រហែលជាមួយខែម្ដង។ សូមសួរខ្លួនអ្នកថា ‹តើព្រះយេហូវ៉ានៅតែសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំឬទេ?›។ សូមកត់សម្គាល់សញ្ញាដែលបង្ហាញថាចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាចាប់ផ្ដើមចុះខ្សោយ។ ជាឧទាហរណ៍ តើអ្នកមានទម្លាប់ខកខានចូលរួមកិច្ចប្រជុំឬទៅយឺត គិតអំពីកិច្ចការសាលាក្នុងអំឡុងកិច្ចប្រជុំ ឬចូលរួមកិច្ចប្រជុំតាមកម្មវិធីហ៊្សូមប៉ុណ្ណោះទេ? អ្នកក៏អាចសួរខ្លួនដែរថា ‹តើទម្លាប់របស់ខ្ញុំក្នុងការអធិដ្ឋាននិងអានគម្ពីរ ចាប់ផ្ដើមអន់ថយទៅៗឬទេ? តើកិច្ចបម្រើផ្សាយរបស់ខ្ញុំគ្រាន់តែបង្គ្រប់កិច្ច គឺខ្ញុំចាត់ទុកថាជាកាតព្វកិច្ចមួយដែលខ្ញុំចង់ធ្វើឲ្យរួចពីដៃឬទេ?›។ បើអ្នកឃើញថាអ្នកចាប់ផ្ដើមមានទម្លាប់បែបនេះ សូមចាត់វិធានការភ្លាមៗ។ សូមកុំឲ្យការរៀនបន្ថែមរារាំងអ្នកពីការចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតឡើយ។
ចូរកុំឲ្យការអប់រំរបស់អ្នករារាំងអ្នកពីការចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតឡើយ (សូមមើលវគ្គ៦)
‹ចូរការពារសមត្ថភាពរិះគិតរបស់អ្នក›
៧. តើការរៀនបន្ថែមអាចជះឥទ្ធិពលយ៉ាងណាមកលើរបៀបគិតគូររបស់អ្នក?
៧ ការពិបាក។ អាស្រ័យលើវគ្គសិក្សាដែលអ្នកជ្រើសរើស នោះអាចនាំឲ្យអ្នកប្រឈមមុខនឹង«ទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ»របស់ពិភពលោកនេះ រួមមានការជឿថាមិនមានព្រះ និងជឿលើការវិវត្តន៍។ (កូឡ. ២:៨) វគ្គសិក្សានោះក៏អាចលើកស្ទួយចិត្តគំនិតឲ្យពឹងផ្អែកលើខ្លួនឯងដែរ។ ប្អូនប្រុសវ័យក្មេងម្នាក់នឹកចាំថា៖ «យើងមិនគ្រាន់តែរៀនជំនាញណាមួយប៉ុណ្ណោះទេ តែយើងក៏បានរៀនរបៀបគិតគូរមួយ ជារបៀបគិតគូរដែលច្រើនតែមិនស្របតាមរបៀបគិតគូររបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ យើងបានរៀនឲ្យពឹងផ្អែកលើសមត្ថភាពខ្លួនឯងដើម្បីទទួលជោគជ័យក្នុងជីវិត។ នេះបានធ្វើឲ្យខ្ញុំចាប់ផ្ដើមគិតថា ខ្ញុំមិនត្រូវការជំនួយពីព្រះយេហូវ៉ាដើម្បីមានសុភមង្គលទេ ហើយក៏ធ្វើឲ្យខ្ញុំកាន់តែពិបាកពឹងផ្អែកលើលោកដែរ»។
៨. ហេតុអ្វីគឺសំខាន់ឲ្យ«ការពារសមត្ថភាពរិះគិត»របស់យើង? (សុភាសិត ៥:១, ២)
៨ សូមអាន សុភាសិត ៥:១, ២។ គម្ពីរព្រមានយើងឲ្យ«ការពារសមត្ថភាពរិះគិត»របស់យើង។ តាមធម្មតា យើងការពារអ្វីមួយពេលនរណាម្នាក់ព្យាយាមបង្ខូចឬកញ្ឆក់យកអ្វីនោះ។ ជាក់ស្ដែង សាថាននិងពិភពលោករបស់វា តែងតែព្យាយាមបង្ខូចគំនិតរបស់យើង។ (១ពេ. ៥:៨) ចិត្តគំនិតរបស់មនុស្សក្នុងពិភពលោកនេះ អាចធ្វើឲ្យអ្នកចាប់ផ្ដើមសង្ស័យអំពីអ្វីដែលព្រះយេហូវ៉ាបង្រៀនក្នុងគម្ពីរស្ដីអំពីសីលធម៌ ដើមកំណើតនៃជីវិត ឬថាពិតជាមានព្រះឬយ៉ាងណា។ គ្រូនិងអ្នកឯទៀត ប្រហែលជាព្យាយាមធ្វើឲ្យអ្នកគិតថា គំនិតរបស់ពួកគេអំពីរឿងបែបនេះគឺឈ្លាសវៃជាងអ្នកណាទាំងអស់។ ប៉ុន្តែតាមការពិត នោះជាអ្វីដែល«ផ្ដេសផ្ដាសចំពោះព្រះ»។—១កូ. ៣:១៨-២០
៩. តើអ្នកអាចធ្វើអ្វីដើម្បីការពារសមត្ថភាពរិះគិតរបស់អ្នក?
៩ តើអ្នកអាចធ្វើអ្វីខ្លះមុនចាប់ផ្ដើមរៀនបន្ថែម? ដើម្បីការពារសមត្ថភាពរិះគិតរបស់អ្នក សូមធ្វើឲ្យប្រាកដថាអ្នកជឿជាក់លើអ្វីដែលគម្ពីរបង្រៀន មុនអ្នកចាប់ផ្ដើមរៀនបន្ថែម។ សូមសួរខ្លួននូវសំណួរដូចជា៖ ‹ហេតុអ្វីខ្ញុំជឿថាមានព្រះ? តើខ្ញុំដឹងយ៉ាងដូចម្ដេចថាគម្ពីរគឺជាបណ្ដាំរបស់លោក? តើអ្វីធ្វើឲ្យខ្ញុំជឿជាក់ថាខ្នាតតម្រាសីលធម៌ក្នុងគម្ពីរគឺល្អប្រសើរជាងខ្នាតតម្រាសីលធម៌របស់ពិភពលោក?›។ ម្យ៉ាងទៀត សូមគិតអំពីពេលដែលអ្នកធ្លាប់រៀននៅសាលា អ្នកច្បាស់ជាប្រឈមមុខនឹងរបៀបគិតគូររបស់ពិភពលោកនេះ។ ដូច្នេះ សូមសួរខ្លួននូវសំណួរដូចជា៖ ‹តើជំនឿរបស់អ្នកបានចុះខ្សោយដោយសារបុគ្គលខ្លះជឿលើទ្រឹស្ដីវិវត្តន៍ឬទេ? តើរបៀបរស់នៅមិនស្អាតស្អំរបស់សិស្សរួមថ្នាក់របស់អ្នកបានទាក់ទាញអ្នកយ៉ាងងាយឬទេ?›។ ប្រសិនបើអ្នកមានអារម្មណ៍ថា ពីមុនអ្នកមិនសូវធ្វើបានល្អ តើអ្នកអាចធ្វើអ្វីនៅឥឡូវនេះដើម្បីពង្រឹងការជឿជាក់របស់អ្នកថាគម្ពីរបង្រៀនសេចក្ដីពិត ហើយតែងតែមានប្រយោជន៍? សូមតាំងចិត្តការពារសមត្ថភាពរិះគិតរបស់អ្នកកាលដែលអ្នករៀនបន្ថែម។—២ធី. ២:១៦-១៨b
១០. តើតាមរបៀបណាអ្នកអាចបន្តការពារសមត្ថភាពរិះគិតរបស់អ្នក?
១០ កាលដែលអ្នករៀនបន្ថែម សូមបន្តពិនិត្យពិចារណាអំពីខ្លួនជាទៀងទាត់។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំទទួលឥទ្ធិពលពីរបៀបរស់នៅរបស់មនុស្សនៅជុំវិញខ្ញុំដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬទេ? តើខ្ញុំចេះកត់សម្គាល់ពេលគេបង្រៀនខ្ញុំអ្វីដែលមិនមែនជាសេចក្ដីពិត តែជាចំណេះដឹងរបស់មនុស្សឬទេ? តើខ្ញុំជឿជាក់ទាំងស្រុងថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាមនុស្សជាតិទេ?›។ ដើម្បីការពារសមត្ថភាពរិះគិតរបស់អ្នក សូមបន្តសិក្សាបណ្ដាំរបស់ព្រះយ៉ាងយកចិត្តទុកដាក់។ ការសិក្សាគម្ពីរនិងការរំពឹងគិត នឹងពង្រឹងការជឿជាក់របស់អ្នកថាអ្នកមានសេចក្ដីពិត។—១ធី. ៤:១៥
ចូរប្រើពេលវេលាដោយឈ្លាសវៃ
១១. កាលដែលអ្នករៀនបន្ថែម ហេតុអ្វីប្រហែលជាពិបាកឲ្យអ្នកប្រើពេលវេលាដោយឈ្លាសវៃ?
១១ ការពិបាក។ អ្នកប្រហែលជាត្រូវចំណាយពេលច្រើនទៅលើការរៀនបន្ថែម ជាពិសេសពេលអ្នកសិក្សាត្រៀមប្រឡង ឬពេលអ្នកជិតដល់ថ្ងៃកំណត់បង្ហើយគម្រោងណាមួយរបស់សាលា។ បើអ្នកមិនចាត់ចែងពេលវេលាដោយឈ្លាសវៃទេ នោះអ្នកអាចតានតឹងចិត្ត ហើយថែមទាំងបាក់កម្លាំងទៀតផង។ នេះជាមូលហេតុដែលសំខាន់ចាំបាច់ឲ្យអ្នកថែរក្សាសុខភាព ទាំងផ្លូវកាយទាំងផ្លូវចិត្ត។
១២. តើអ្នកត្រូវលៃទុកពេលដើម្បីធ្វើអ្វីខ្លះ? (អេភេសូរ ៥:១៥, ១៦)
១២ សូមអាន អេភេសូរ ៥:១៥, ១៦។ ប្រហែលជាមិនស្រួលឲ្យអ្នក«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»ទេ។ នេះគឺដោយសារមានអ្វីជាច្រើនដែលអ្នកត្រូវធ្វើ។ ជាឧទាហរណ៍ អ្នកត្រូវចំណាយពេលមើលមេរៀនសាលា តែគឺសំខាន់ជាងនេះទៅទៀត ដែលអ្នកចំណាយពេលជាមួយក្រុមគ្រួសារនិងបងប្អូនរួមជំនឿរបស់អ្នក។ (ចសព. ១៣៣:១; សុភ. ១៨:១) ម្យ៉ាងទៀត អ្វីដែលសំខាន់បំផុតគឺ ការរក្សាខ្លួនឲ្យនៅជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ (ម៉ាថ. ៦:៣៣) អ្នកក៏ប្រហែលជាមានភារកិច្ចក្នុងក្រុមគ្រួសារនិងការងារដែលអ្នកត្រូវធ្វើដែរ។ បន្ថែមទៅទៀត អ្នកត្រូវថែរក្សាសុខភាពរបស់អ្នកដោយសម្រាកនិងហាត់ប្រាណឲ្យបានគ្រប់គ្រាន់។ (អទ. ៤:៦; ១ធី. ៤:៨) អ្វីទាំងអស់នេះតម្រូវឲ្យចេះចាត់ចែងពេលវេលាបានល្អ។
១៣. តើអ្នកអាចធ្វើអ្វីដើម្បីប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត?
១៣ តើអ្នកអាចធ្វើអ្វីខ្លះមុនចាប់ផ្ដើមរៀនបន្ថែម? គម្ពីរប្រាប់ថា ការមានគម្រោងនាំឲ្យបានជោគជ័យ។ (សុភ. ២១:៥) ដូច្នេះ សូមមានកាលវិភាគល្អមុនចាប់ផ្ដើមរៀនបន្ថែម។ ដើម្បីជួយអ្នកឲ្យធ្វើដូច្នេះ អ្នកអាចគិតអំពីពេលដែលអ្នកធ្លាប់រៀននៅសាលា ហើយសួរខ្លួនថា ‹តើខ្ញុំបានលៃទុកពេលធ្វើអ្វីទាំងអស់ដែលសំខាន់ឬទេ?›។ ប្រសិនបើអ្នកមានអារម្មណ៍ថា ពីមុនអ្នកមិនសូវធ្វើបានល្អ តើអ្នកអាចធ្វើការផ្លាស់ប្ដូរអ្វីខ្លះនៅឥឡូវនេះដើម្បីធ្វើបានល្អជាង? សូមតាំងចិត្តគ្រប់គ្រងពេលវេលារបស់អ្នក ជាជាងឲ្យពេលវេលាគ្រប់គ្រងលើអ្នក។c
១៤. ដើម្បីពិនិត្យពិចារណាអំពីខ្លួន តើអ្នកអាចសួរខ្លួននូវសំណួរអ្វីខ្លះ?
១៤ កាលដែលអ្នករៀនបន្ថែម សូមពិនិត្យពិចារណាអំពីខ្លួនជាទៀងទាត់។ សូមសួរខ្លួនថា ‹តើខ្ញុំមានពេលគ្រប់គ្រាន់ដើម្បីសម្រាកនិងហាត់ប្រាណទេ? តើខ្ញុំនៅតែមានពេលសេពគប់ជាមួយបងប្អូនរួមជំនឿឬទេ? តើខ្ញុំអាចបង្ហើយកិច្ចការសាលាទាន់ពេលឬទេ?›។ បើអ្នកឆ្លើយថាទេ សូមសួរខ្លួនថា ‹តើនេះដោយសារខ្ញុំមានកិច្ចការច្រើនពេកដែលត្រូវធ្វើ ឬដោយសារខ្ញុំពន្យារពេលធ្វើវា? តើអ្នកឯទៀត រួមទាំងក្រុមគ្រួសាររបស់ខ្ញុំនឹងយល់ស្របចំពោះចម្លើយរបស់ខ្ញុំទេ?›។ មិនថាអ្នកត្រូវកែសម្រួលកាលវិភាគ ឬត្រូវអប់រំខ្លួនឲ្យល្អជាងក្ដី សូមចាត់វិធានការធ្វើដូច្នេះភ្លាមៗ។ អ្នកក៏ប្រហែលអាចនិយាយជាមួយបុគ្គលដែលចេះចាត់ចែងពេលវេលាបានល្អដែរ។—សុភ. ១១:១៤
ចូរបន្ត«សេពគប់មនុស្សមានប្រាជ្ញា»
១៥. តើអ្នកប្រហែលជាជួបការពិបាកអ្វីពេលរៀនបន្ថែម?
១៥ ការពិបាក។ កាលដែលអ្នករៀនបន្ថែម សិស្សរួមថ្នាក់ប្រហែលជាហៅអ្នកឲ្យសេពគប់ជាមួយពួកគេ ហើយអ្នកក៏ប្រហែលជាចង់សេពគប់ជាមួយពួកគេដែរ។ នេះប្រហែលដោយសារអ្នកមានអ្វីជាច្រើនដែលត្រូវគ្នាជាមួយនឹងពួកគេ ជាពិសេសបើអ្នកចំណាយពេលច្រើនជាមួយពួកគេនៅសាលា។ អ្នកប្រហែលជាថែមទាំងមានអារម្មណ៍ថា អ្នកនឹងសិស្សរួមថ្នាក់មានអ្វីដែលស្រដៀងគ្នាច្រើនជាងបងប្អូនរួមជំនឿខ្លះទៀតផង។ ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្ន។ ទោះជាអ្នកនិងសិស្សរួមថ្នាក់រៀនក្នុងថ្នាក់ជាមួយគ្នាក៏ដោយ ខ្នាតតម្រារបស់អ្នកនិងពួកគេគឺមិនដូចគ្នាទេ។ ម្យ៉ាងទៀត ពេលដែលអ្នកកាន់តែចំណាយពេលច្រើនជាមួយពួកគេ នោះរបៀបគិតគូររបស់ពួកគេអាចកាន់តែមានឥទ្ធិពលមកលើអ្នក។ (១កូ. ១៥:៣៣) នេះបានកើតឡើងចំពោះបងប្រុសម៉ៃឃឺលដែលបានបញ្ចប់វគ្គសិក្សាផ្នែកអគ្គិសនីបួនឆ្នាំ។ គាត់និយាយថា៖ «ខ្ញុំបានចំណាយពេលជាង៤០ម៉ោងរាល់សប្ដាហ៍ជាមួយអ្នករួមការងារ ហើយទស្សនៈរបស់ពួកគេចំពោះមនុស្សភេទផ្ទុយ បទចម្រៀងដែលពួកគេជ្រើសរើស និងពាក្យសម្ដីអាក្រក់របស់ពួកគេ បានចាប់ផ្ដើមមានឥទ្ធិពលមកលើរបៀបគិតគូររបស់ខ្ញុំ»។
១៦. តើសុភាសិត ១៣:២០បង្រៀនយើងអ្វី?
១៦ សូមអាន សុភាសិត ១៣:២០។ គម្ពីរព្រមានយើងអំពីគ្រោះថ្នាក់ដែលមកពីការសេពគប់អាក្រក់។ ប៉ុន្តែ គម្ពីរក៏ចែងដែរថា៖ «អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ»។ យើងអាចឃើញមេរៀនច្បាស់ថា យើងទទួលឥទ្ធិពល មិនថាល្អឬអាក្រក់ ពីពួកអ្នកដែលយើងសេពគប់ជាមួយ។ ដូច្នេះ សូមមានចំណងមិត្តភាពជិតស្និទ្ធជាមួយបុគ្គលដែលស្រឡាញ់ព្រះយេហូវ៉ាដូចអ្នក ហើយដែលចង់ឲ្យអ្នកមានសុភមង្គលពិតប្រាកដ។—ចសព. ១០១:៦, ៧; ១១៩:៦៣
១៧. តើអ្នកអាចធ្វើអ្វីដើម្បីជៀសវាងពីការសេពគប់អាក្រក់?
១៧ តើអ្នកអាចធ្វើអ្វីខ្លះមុនចាប់ផ្ដើមរៀនបន្ថែម? សូមសម្រេចចិត្តថាអ្នកនឹងដាក់កម្រិតបែបណាខ្លះទៅលើការសេពគប់ជាមួយសិស្សរួមថ្នាក់។ សាក្សីម្នាក់ឈ្មោះទ្រេនថឺននិយាយថា៖ «ខ្ញុំប្រព្រឹត្តដោយសប្បុរសចំពោះសិស្សរួមថ្នាក់ តែខ្ញុំមិនចំណាយពេលជាមួយពួកគេក្រៅពីម៉ោងរៀនទេ។ ខ្ញុំចាត់ទុកពួកគេជាសិស្សរួមថ្នាក់ មិនមែនជាមិត្តជិតស្និទ្ធទេ»។ ចុះយ៉ាងណាអ្នកវិញ តើអ្នកនឹងដាក់កម្រិតអ្វីខ្លះលើការសេពគប់? ដើម្បីឆ្លើយសំណួរនេះ អ្នកអាចគិតអំពីពេលដែលអ្នកធ្លាប់រៀននៅសាលា ហើយសួរខ្លួនថា ‹តើខ្ញុំបានដាក់កម្រិតអ្វីខ្លះលើការសេពគប់ជាមួយសិស្សរួមថ្នាក់?›។ ប្រសិនបើអ្នកមានអារម្មណ៍ថា ពីមុនអ្នកមិនសូវធ្វើបានល្អ តើអ្នកអាចធ្វើការផ្លាស់ប្ដូរអ្វីខ្លះនៅឥឡូវនេះដើម្បីធ្វើបានល្អជាង? សូមតាំងចិត្តបន្ដសេពគប់«មនុស្សមានប្រាជ្ញា» ហើយមិនចំណាយពេលច្រើនពេកជាមួយបុគ្គលដែលមិនស្រឡាញ់ព្រះយេហូវ៉ា។d
១៨. តើអ្នកគួរសួរខ្លួននូវសំណួរអ្វីខ្លះ? (សូមមើលរូបភាពផងដែរ)
១៨ កាលដែលអ្នករៀនបន្ថែម សូមពិនិត្យពិចារណាអំពីខ្លួនជាទៀងទាត់។ សូមសួរខ្លួនថា ‹តើខ្ញុំជិតស្និទ្ធជាមួយសិស្សរួមថ្នាក់ទេ? តើខ្ញុំចាប់ផ្ដើមគិត និយាយ ឬប្រព្រឹត្តដូចពួកគេឬទេ? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះទំនាក់ទំនងដែលខ្ញុំមានជាមួយសិស្សរួមថ្នាក់?›។ (ចសព. ១:១) បើអ្នកសង្កេតឃើញថាខ្លួនត្រូវធ្វើការផ្លាស់ប្ដូរ សូមធ្វើដូច្នេះភ្លាមៗ។ សូមធ្វើឲ្យប្រាកដថា មិត្តជិតស្និទ្ធបំផុតរបស់អ្នកគឺជាបុគ្គលដែលស្រឡាញ់ព្រះយេហូវ៉ាដូចអ្នក។ ម្យ៉ាងទៀត សូមកុំស្ទាក់ស្ទើរក្នុងការផ្សព្វផ្សាយដល់សិស្សរួមថ្នាក់ ព្រោះអ្នកមានឱកាសពិសេសដើម្បីជួយពួកគេឲ្យរៀនសេចក្ដីពិត។
សូមកុំស្ទាក់ស្ទើរផ្សព្វផ្សាយដល់សិស្សរួមថ្នាក់ (សូមមើលវគ្គ១៨)e
ចូរត្រៀមខ្លួន
១៩. តើតាមរបៀបណាអ្នកអាចត្រៀមខ្លួនដើម្បីយកឈ្នះការពិបាកកាលដែលអ្នករៀនបន្ថែម? សូមលើកឧទាហរណ៍មួយ។
១៩ អ្នកដើរព្រៃដ៏ឈ្លាសវៃត្រៀមខ្លួនទុកជាមុន មុននឹងគាត់ចាប់ផ្ដើមធ្វើដំណើរ។ ទោះជាគាត់មិនអាចដឹងទុកជាមុនអំពីការពិបាកទាំងអស់ដែលគាត់នឹងជួបក្ដី មានអ្វីខ្លះដែលគាត់អាចធ្វើដើម្បីត្រៀមខ្លួន គឺគាត់មានកាយសម្បទារឹងមាំ ស្លៀកពាក់សមរម្យសម្រាប់ដើរព្រៃ ហើយមានគោលដៅ គឺគាត់ដឹងថាគាត់ត្រូវទៅណា។ នេះក៏ស្រដៀងនឹងអ្វីដែលអាចជួយអ្នកកាលដែលអ្នករៀនបន្ថែម។ សូមរក្សាជំនឿឲ្យមាំមួន «ពាក់គ្រប់គ្រឿងចម្បាំងពីព្រះ» និងមានគោលដៅ ពោលគឺនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងក្នុងគ្រប់ការទាំងអស់ មិនមែនមានគោលដៅរកលុយឲ្យបានច្រើនឬមានមុខមានមាត់ក្នុងពិភពលោកនេះទេ។—អេភ. ៦:១១-១៣; ១កូ. ៩:២៦, ២៧; ១០:៣១
២០. តើតាមរបៀបណាអ្នកអាច«ពិនិត្យពិចារណាអំពីខ្លួនឥតឈប់ ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់តាមជំនឿ»?
២០ គម្ពីរលើកទឹកចិត្តយើងថា៖ «ចូរពិនិត្យពិចារណាអំពីខ្លួនឥតឈប់ ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់តាមជំនឿឬយ៉ាងណា។ ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា»។ (២កូ. ១៣:៥) អ្នកអាចធ្វើដូច្នេះ កាលដែលអ្នករៀនបន្ថែម។ ដូចដែលបានពិគ្រោះក្នុងអត្ថបទនេះ សូមពិនិត្យពិចារណាអំពីខ្លួនជាទៀងទាត់។ តើអ្នករក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះឬទេ? តើអ្នកការពាររបៀបគិតគូររបស់អ្នកពីអ្វីដែលពិភពលោកនេះចាត់ទុកថាជាប្រាជ្ញាឬទេ? តើអ្នកប្រើពេលវេលាដោយឈ្លាសវៃឬទេ? តើអ្នកជ្រើសរើសមិត្តភក្ដិពីចំណោមបងប្អូនរួមជំនឿ ហើយជៀសវាងពីការសេពគប់អាក្រក់ឬទេ? អ្នកត្រូវសួរខ្លួននូវសំណួរទាំងនេះ មិនថាអ្នកនៅសាលា នៅកន្លែងធ្វើការ ឬនៅកន្លែងផ្សេងទៀតក្ដី។ សូមតាំងចិត្តរក្សាជំនឿឲ្យរឹងមាំ ទោះជាអ្នកប្រឈមមុខនឹងស្ថានភាពណាក៏ដោយ។ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរចំពោះការខំប្រឹងរបស់អ្នកក្នុងការធ្វើដូច្នេះ។—សុភ. ៣:៥, ៦
ចម្រៀងលេខ៨៧ ចូរមកទទួលកម្លាំងចិត្តឡើងវិញ!
a ដើម្បីបានយោបល់អំពីរបៀបដែលអ្នកអាចបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា សូមមើលអត្ថបទដែលមានចំណងជើងថា «សំណួរពីយុវវ័យ . . . តើខ្ញុំត្រូវធ្វើអ្វីក្រោយពីទទួលការជ្រមុជទឹក? ភាគទី១៖ បន្តសកម្មភាពរបស់ប្អូន» ក្នុងគេហទំព័រjw.org/km។
b ដើម្បីបានយោបល់អំពីរបៀបដែលអ្នកអាចការពាររបៀបគិតគូររបស់អ្នក សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរកុំឲ្យ‹ប្រាជ្ញារបស់ពិភពលោកនេះ›បោកបញ្ឆោតអ្នក» ក្នុងទស្សនាវដ្ដីប៉មយាម ខែឧសភា ឆ្នាំ២០១៩។
c ដើម្បីទទួលយោបល់អំពីរបៀបមានកាលវិភាគល្អប្រចាំថ្ងៃ សូមមើលអត្ថបទដែលមានចំណងជើងថា «សំណួរពីយុវវ័យ . . . តើតាមរបៀបណាខ្ញុំអាចប្រើពេលវេលាដោយឈ្លាសវៃ?» ក្នុងគេហទំព័រjw.org/km។
d ដើម្បីទទួលយោបល់អំពីរបៀបដែលអ្នកអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្ដីអំពីការសេពគប់ សូមមើលមេរៀនទី៤៨ដែលមានចំណងជើងថា «ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា» ក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!
e ការពណ៌នាអំពីរូបភាព៖ កាលដែលរៀនវគ្គសិក្សាផ្នែកកាត់សក់ បងស្រីម្នាក់ផ្សព្វផ្សាយដល់សិស្សរួមថ្នាក់តាមរបៀបដែលមិនធ្វើឲ្យទើសចិត្ត។