ថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦
ចម្រៀងលេខ១៣១ «គូដែលព្រះបានផ្សំផ្គុំ»
ចូរបន្តពង្រឹងចំណងមិត្តភាពជាមួយនឹងគូអាពាហ៍ពិពាហ៍របស់អ្នក
«មានមិត្តភក្ដិដែលស្រឡាញ់យើងខ្លាំងជាងបងប្អូនយើងទៅទៀត»។—សុភ. ១៨:២៤
ចំណុចផ្ដោត
ប្ដីប្រពន្ធដែលចង់មានអាពាហ៍ពិពាហ៍ដ៏សប្បាយ ត្រូវស្រឡាញ់ព្រះយេហូវ៉ា ហើយត្រូវមានចំណងមិត្តភាពជិតស្និទ្ធជាមួយគ្នា។
១. ហេតុអ្វីមិត្តល្អជាអំណោយពីព្រះយេហូវ៉ា?
ពេលដែលយើងមានមិត្តល្អ យើងចាត់ទុកពួកគេថាជាអំណោយពីព្រះ។ (យ៉ា. ១:១៧) ពួកគេស្រឡាញ់ព្រះ ហើយស្រឡាញ់យើង។ ពួកគេអរសប្បាយពេលយើងសប្បាយ សម្រាលទុក្ខយើងពេលយើងធ្លាក់ទឹកចិត្ត ហើយឲ្យយោបល់ចំៗដល់យើងពេលដែលយើងត្រូវការ។ ពួកគេស្មោះត្រង់នឹងយើង ហើយយើងអាចទុកចិត្តពួកគេបាន។ មិត្តបែបនេះពិតជា«ធ្វើឲ្យចិត្ត[យើង]សប្បាយ»!—សុភ. ២៧:៩
២. ហេតុអ្វីគឺសំខាន់ឲ្យគូអាពាហ៍ពិពាហ៍បន្តពង្រឹងចំណងមិត្តភាពរបស់ពួកគេ? (ម៉ាថាយ ១៩:៦)
២ ប្ដីប្រពន្ធគួរតែជាមិត្តជិតស្និទ្ធនឹងគ្នា។ ពួកគេមិនគួរចាត់ទុកចំណងមិត្តភាពនោះជាអ្វីដែលធម្មតាទេ។ ផ្ទុយទៅវិញ ពួកគេត្រូវបន្តខំប្រឹងដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ បើពួកគេមិនសូវយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពនោះទេ នោះពួកគេអាចចាប់ផ្ដើមមានអារម្មណ៍ឯកោ មិនសប្បាយចិត្ត ហើយថែមទាំងខឹងទៀតផង។ ប៉ុន្តែ បើពួកគេបន្តព្យាយាមជិតស្និទ្ធនឹងគ្នា ពួកគេនឹងមានចំណងមិត្តភាពដ៏រឹងមាំបំផុតដែលមនុស្សពីរនាក់អាចមាន។ (សូមអាន ម៉ាថាយ ១៩:៦) នៅក្នុងអត្ថបទនេះ យើងនឹងឃើញរបៀបដែលគូអាពាហ៍ពិពាហ៍អាចបន្តពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ ប៉ុន្តែដំបូង យើងនឹងពិចារណាអំពីរបៀបដែលគ្រិស្តសាសនិកនៅលីវ អាចជ្រើសរើសគូដែលនឹងទៅជាមិត្តជិតស្និទ្ធបំផុតរបស់ពួកគេពេញមួយជីវិត។
របៀបជ្រើសរើសមិត្តដែលនៅជាប់នឹងអ្នកពេញមួយជីវិត
៣-៤. តើអ្វីនឹងជួយបុគ្គលម្នាក់ឲ្យរកបានគូអាពាហ៍ពិពាហ៍ល្អ? (សុភាសិត ១៨:២២)
៣ មុនយើងធ្វើការសម្រេចចិត្តធំណាមួយ យើងត្រូវគិតអំពីអ្វីល្អនិងអ្វីមិនល្អដែលប្រហែលជានឹងកើតឡើងបើយើងសម្រេចចិត្តបែបនោះ។ ការសម្រេចចិត្តធំ អាចមានឥទ្ធិពលលើជីវិតរបស់យើងយូរអង្វែង ដូច្នេះគឺសំខាន់ឲ្យយើងពិចារណាយ៉ាងដិតដល់មុនយើងធ្វើការសម្រេចចិត្តធំ។
៤ ពេលយើងជ្រើសរើសមិត្តដែលនៅជាប់នឹងយើងពេញមួយជីវិត ពោលគឺគូអាពាហ៍ពិពាហ៍ យើងកំពុងធ្វើការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងជីវិត។ ដោយសារព្រះយេហូវ៉ាជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍ គឺសមហេតុផលឲ្យយើងស្វែងរកការណែនាំពីលោកពេលយើងជ្រើសរើសគូ។ លោកចង់ឲ្យបុរសរកបានប្រពន្ធល្អ ហើយចង់ឲ្យស្ត្រីរកបានប្ដីល្អ។ ព្រះយេហូវ៉ាតែងតែដឹងអំពីអ្វីដែលល្អបំផុតសម្រាប់យើង។ (សូមអាន សុភាសិត ១៨:២២; អេ. ៤៨:១៧, ១៨) គោលការណ៍នៅក្នុងបណ្ដាំរបស់ព្រះអាចជួយគ្រិស្តសាសនិកម្នាក់ឲ្យស្វែងរកបុគ្គលដែលនឹងធ្វើជាគូអាពាហ៍ពិពាហ៍ល្អសម្រាប់គាត់។
៥. ហេតុអ្វីគឺជាការសំខាន់ឲ្យជ្រើសរើសបុគ្គលដែលបានទទួលការជ្រមុជទឹករួចហើយជាគូ?
៥ ពេលយើងទទួលការជ្រមុជទឹក យើងក្លាយជាមិត្តសម្លាញ់របស់ព្រះ។ (ចសព ២៥:១៤) បើអ្នកចង់រៀបការ អ្នកគួរជ្រើសរើសបុគ្គលណាម្នាក់ដែលជាមិត្តរបស់ព្រះយេហូវ៉ាដែរ។ (១កូ. ៧:៣៩) ដោយធ្វើដូច្នេះ អ្នកបង្ហាញថាអ្នកឲ្យតម្លៃចំពោះខ្នាតតម្រារបស់ព្រះយេហូវ៉ា ហើយអ្នកនឹងចាត់ទុកគូរបស់អ្នកថាជាអំណោយពីលោក។ (សុភ. ១៩:១៤) អ្នកក៏នឹងជៀសវាងពីបញ្ហាដែលមកពីការ«ផ្សំផ្គុំខ្លួនជាមួយនឹងអ្នកដែលមិនជឿ»ដែរ។ (២កូ. ៦:១៤) គឺមិនឈ្លាសវៃទេ ឲ្យអ្នកស្វែងយល់ចិត្តគ្នាជាមួយនឹងអ្នកដែលមិនជឿដោយវែកញែកថា នៅក្នុងអង្គការព្រះមិនសូវមានបុគ្គលដែលអាចទៅជាគូរបស់អ្នកទេ។ ម្យ៉ាងទៀត ក៏មិនឈ្លាសវៃដែរឲ្យគិតថា អ្នកអាចស្វែងយល់ចិត្តគ្នាជាមួយអ្នកមិនជឿដោយរំពឹងថាគាត់នឹងរៀនសេចក្ដីពិតនៅពេលក្រោយ។
៦-៧. ពេលស្វែងយល់ចិត្តគ្នា តើអ្នកគួរសួរខ្លួននូវសំណួរអ្វីខ្លះ?
៦ នេះមិនមែនមានន័យថា បុគ្គលគ្រប់រូបដែលទទួលការជ្រមុជទឹករួចហើយនឹងធ្វើជាគូដ៏ល្អសម្រាប់អ្នកនោះទេ។ បើអ្នកចាប់អារម្មណ៍បុគ្គលណាម្នាក់ សូមសួរខ្លួននូវសំណួរដូចតទៅ៖ ‹តើគាត់ប្រព្រឹត្តយ៉ាងណាចំពោះក្រុមគ្រួសាររបស់គាត់? តើគាត់បង្ហាញការគោរពនិងយកចិត្តទុកដាក់ចំពោះអ្នកឯទៀតឬទេ? តើអ្នកណាជាមិត្តភក្តិរបស់គាត់? តើគាត់មានប្រតិកម្មយ៉ាងណាពេលមានការខ្វែងគំនិតគ្នា? តើគាត់ទាមទារឲ្យអ្នកឯទៀតធ្វើតាមគំនិតគាត់ ឬតើគាត់សុខចិត្តចុះចូលអ្នកឯទៀតពេលនោះមិនបំពានគោលការណ៍គម្ពីរឬទេ? តើគាត់មានទស្សនៈយ៉ាងណាចំពោះលុយ?›។
៧ អ្នកក៏អាចសួរខ្លួនដែរថា ‹តើបុគ្គលដែលខ្ញុំចាប់អារម្មណ៍ បង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ាឬទេ? តើគាត់កំពុងបំពាក់ខ្លួនដោយ«បុគ្គលិកលក្ខណៈថ្មី»ឬទេ? តើគាត់នឹងជួយខ្ញុំឲ្យបន្តបម្រើព្រះយេហូវ៉ាច្រើនជាងឬ? តើយើងមានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាដូចគ្នាឬទេ? តើខ្ញុំគិតថាយើងមិនគ្រាន់តែអាចទៅជាមិត្តល្អប៉ុណ្ណោះ តែអាចទៅជាមិត្តជិតស្និទ្ធបំផុតឬទេ?›។ (កូឡ. ៣:៩, ១០) បើអ្នកជាបងប្អូនស្រី តើបងប្រុសដែលអ្នកកំពុងស្វែងយល់ចិត្តគ្នាអាចទៅជាមិត្តល្អនិងប្រមុខក្រុមគ្រួសារល្អរបស់អ្នកឬទេ? (១កូ. ១១:៣) បើអ្នកជាបងប្អូនប្រុស តើបងស្រីដែលអ្នកកំពុងស្វែងយល់ចិត្តគ្នានឹងសុខចិត្តចុះចូលក្រោមអំណាចរបស់អ្នកជាប្រមុខគ្រួសារ ទោះជាអ្នកមិនល្អឥតខ្ចោះក្ដីឬទេ? គឺត្រូវការពេលដើម្បីឆ្លើយសំណួរទាំងនេះ។ ដូច្នេះ សូមប្រើពេលដែលស្វែងយល់ចិត្តគ្នានោះ ដើម្បីស្គាល់បុគ្គលដែលអាចទៅជាគូអនាគតរបស់អ្នកឲ្យបានច្បាស់។
៨-៩. តើអ្វីអាចជួយបុគ្គលដែលកំពុងស្វែងយល់ចិត្តគ្នាឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ? (សូមមើលរូបភាពផងដែរ)
៨ ក្នុងអំឡុងពេលស្វែងយល់ចិត្តគ្នា អ្នកទំនងជាអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃជាង បើអ្នកព្យាយាមស្វែងយល់ធាតុពិតរបស់គ្នា។ សូមស្វែងយល់ថា អ្នកឯទៀតមានទស្សនៈយ៉ាងណាចំពោះបុគ្គលដែលអ្នកកំពុងស្វែងយល់ចិត្តគ្នានោះ។ អ្នកអាចសួរអ្នកឯទៀតអំពីកេរ្តិ៍ឈ្មោះ និងគុណសម្បត្តិរបស់បុគ្គលនោះ។ ជាឧទាហរណ៍ តើគាត់មានកេរ្តិ៍ឈ្មោះជាបុគ្គលដែលមានចិត្តរាបទាប សប្បុរស និងសមហេតុសមផលឬទេ? បងស្រីសារ៉ាពីប្រទេសហ្គីអាណាបារាំងដែលបានរៀបការជាមួយនឹងបងប្រុសដានីយ៉ែល និយាយថា៖ «ខ្ញុំបានសួរអ្នកឯទៀតថា តើពួកគេមានទស្សនៈយ៉ាងណាចំពោះបងដានីយ៉ែល? ជាឧទាហរណ៍ ខ្ញុំបាននិយាយជាមួយបងប្រុសដែលរស់នៅជាមួយគាត់ អ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំគាត់ មិត្តភក្តិដែលស្គាល់ពួកយើងយ៉ាងច្បាស់ និងបងប្អូនស្រីក្នុងក្រុមជំនុំរបស់គាត់»។ អ្នកប្រហែលជាអាចសួរបុគ្គលដែលអ្នកកំពុងស្វែងយល់ចិត្តគ្នានោះយ៉ាងសប្បុរសថា តើមានរឿងណាមួយដែលបានកើតឡើងនៅអតីតកាលឬនៅសព្វថ្ងៃនេះដែលអ្នកត្រូវដឹងឬទេ? ដោយសារប្រហែលជាមានទម្លាប់ឬអ្វីខ្លះដែលអាចនាំឲ្យមានបញ្ហាធំក្នុងអាពាហ៍ពិពាហ៍នៅពេលក្រោយមក។
៩ អ្នកប្រហែលជាសង្ស័យថា បុគ្គលដែលអ្នកកំពុងស្វែងយល់ចិត្តគ្នានោះមិនអាចទៅជាប្ដីឬប្រពន្ធល្អសម្រាប់អ្នក ឬប្រហែលជាបងប្អូនដែលមានប្រាជ្ញាប្រាប់អ្នកអំពីគុណវិបត្តិរបស់បុគ្គលនោះ។ បើដូច្នេះ សូមកុំព្រងើយកន្តើយនឹងអ្វីទាំងនោះឡើយ។ យ៉ាងនេះ អ្នកអាចសម្រេចចិត្តថាគឺជាការឈ្លាសវៃឲ្យអ្នកបន្តស្វែងយល់ចិត្តគ្នាជាមួយនឹងបុគ្គលនោះឬយ៉ាងណា។a ឥឡូវ សូមឲ្យយើងពិចារណាអ្វីដែលគូដែលបានរៀបការរួចហើយអាចធ្វើដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេ។
នៅអំឡុងពេលដែលស្វែងយល់ចិត្តគ្នា សូមស្វែងយល់អំពីធាតុពិតរបស់គ្នា (សូមមើលវគ្គ៨-៩)
សូមចំណាយពេលជាមួយគ្នាដើម្បីពង្រឹងចំណងមិត្តភាព
១០. ហេតុអ្វីជាការល្អឲ្យប្ដីប្រពន្ធចំណាយពេលជាមួយគ្នា?
១០ គូប្ដីប្រពន្ធអាចរក្សាចំណងមិត្តភាពនិងចំណងអាពាហ៍ពិពាហ៍រឹងមាំដោយលៃទុកពេលជាមួយគ្នា មិនថាពួកគេរវល់យ៉ាងណាក៏ដោយ។ នេះបើកឱកាសឲ្យពួកគេនិយាយអំពីរឿងប្រចាំថ្ងៃ ប្រាប់អំពីអារម្មណ៍និងគំនិតកប់ជ្រៅ បង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នា និងធ្វើអ្វីសប្បាយៗជាមួយគ្នា។
១១. តើអ្វីអាចបង្ខូចចំណងមិត្តភាពរវាងប្ដីប្រពន្ធ?
១១ ប្ដីប្រពន្ធដែលជាមិត្តជិតស្និទ្ធចង់ចំណាយពេលជាមួយគ្នា ជាជាងនៅឆ្ងាយពីគ្នា។ ពិតណាស់ ប្រហែលជាមានហេតុឲ្យពួកគេមិននៅក្បែរគ្នាអស់រយៈពេលខ្លី តែការនៅឆ្ងាយពីគ្នាអស់រយៈពេលយូរ អាចនាំឲ្យមានគ្រោះថ្នាក់។ ជាឧទាហរណ៍ បុគ្គលខ្លះទទួលយកការងារនៅក្រៅប្រទេស ហើយនៅឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេអស់រយៈពេលយូរ។ ទោះជាពួកគេប្រហែលជាអាចរកលុយបានច្រើនក៏ដោយ ការរស់នៅឆ្ងាយពីគ្នាអស់រយៈពេលយូរអាចនាំឲ្យមានបញ្ហាច្រើនក្នុងអាពាហ៍ពិពាហ៍។
១២-១៣. (ក) តើប្ដីប្រពន្ធខ្លះបានធ្វើអ្វីដើម្បីចំណាយពេលជាមួយគូរបស់ពួកគេ? (សូមមើលរូបភាពផងដែរ) (ខ) តើចំណងមិត្តភាពរបស់អ្នកជាមួយនឹងគូរបស់អ្នកគួរសំខាន់យ៉ាងណា? (សូមមើលប្រអប់ដែលមានចំណងជើងថា «តើគូរបស់ខ្ញុំគួរសំខាន់យ៉ាងណាចំពោះខ្ញុំ?»)
១២ សូមកត់សម្គាល់អ្វីដែលគូខ្លះបានធ្វើដើម្បីប្រាកដថាពួកគេចំណាយពេលជាមួយគ្នាយ៉ាងទៀងទាត់។ បងស្រីលីយ៉ាពីប្រទេសហ្គាំនិយាយថា៖ «ខ្ញុំនិងប្ដីខ្ញុំចូលចិត្តធ្វើអ្វីផ្សេងៗជាមួយគ្នា។ យើងកម្រធ្វើការកម្សាន្តជាមួយនឹងបងប្អូនឯទៀតដោយឡែកពីគ្នាណាស់»។ បងស្រីរ៉ាកសានពីសហរដ្ឋអាម៉េរិកក៏និយាយបន្ថែមថា៖ «ដោយសារយើងជាប់រវល់យ៉ាងខ្លាំង យើងចាប់ផ្ដើមកត់ទុកពេលដែលយើងអាចចំណាយជាមួយគ្នា ដូចដែលយើងធ្វើសម្រាប់អ្វីសំខាន់ឯទៀត»។ (សូមពិនិត្យបន្ថែម អេម៉ុស ៣:៣) ចំណែកឯបងប្រុសដេមៀនពីប្រទេសបារាំងវិញ គាត់និយាយថា៖ «យើងរៀនឲ្យចេះចាប់អារម្មណ៍អ្វីដែលគូរបស់យើងចូលចិត្តរហូតដល់យើងចូលចិត្តអ្វីនោះដែរ»។ (ម៉ាថ. ៧:១២) ម្យ៉ាងទៀត បងខេធីពីសហរដ្ឋអាម៉េរិកនិយាយថា៖ «ជួនកាល យើងទុកទូរសព្ទនៅឆ្ងាយដើម្បីកុំឲ្យវាបំបែរអារម្មណ៍យើង»។
១៣ សំខាន់បំផុត សូមចំណាយពេលធ្វើសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើព្រះជាមួយគ្នា។ បងស្រីមេរៀមពីប្រទេសបារាំងនិយាយថា៖ «យើងអានគម្ពីរជារៀងរាល់ព្រឹក ហើយប្រាប់គ្នាទៅវិញទៅមកអំពីអ្វីដែលយើងចូលចិត្ត និងរបៀបដែលយើងអាចអនុវត្តក្នុងជីវិតយើង។ នោះជាពេលដ៏វិសេសណាស់ចំពោះខ្ញុំ»។ គាត់បន្ថែមថា៖ «ខ្ញុំក៏ចូលចិត្តខ្លាំងដែរ ពេលយើងអធិដ្ឋានជាមួយគ្នា។ ពេលនោះ ខ្ញុំអាចឮអំពីសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលប្ដីរបស់ខ្ញុំមានចំពោះព្រះយេហូវ៉ា»។ បងខេធីដែលបានត្រូវរៀបរាប់ខាងលើនិយាយថា៖ «ការចូលរួមកិច្ចបម្រើផ្សាយជាមួយគ្នាជាពេលដែលយើងចូលចិត្តជាងគេ។ យើងសប្បាយឮអំពីជំនឿរបស់គ្នាទៅវិញទៅមក ហើយយើងបន្តរៀនអ្វីថ្មីពីគ្នា»។—សុភ. ២៧:១៧
ចូរពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកដោយចំណាយពេលជាមួយគ្នាជាទៀងទាត់ (សូមមើលវគ្គ១២-១៣)
ចូរបន្តជិតស្និទ្ធគ្នាពេលមានការពិបាក
១៤-១៥. ហេតុអ្វីគូអាពាហ៍ពិពាហ៍គួរខំអស់ពីសមត្ថភាពដើម្បីយកឈ្នះការពិបាក? សូមលើកឧទាហរណ៍មួយ។
១៤ ដោយសារគូអាពាហ៍ពិពាហ៍ជាមនុស្សមិនល្អឥតខ្ចោះ ពួកគេនឹងជួបការពិបាកផ្សេងៗ។ គម្ពីរចែងថា មនុស្សដែលរៀបការ«នឹងមានការលំបាកផ្សេងៗក្នុងជីវិត»។ (១កូ. ៧:២៨) ពាក្យនេះសំដៅទៅលើបញ្ហាជាទូទៅដែលគូអាពាហ៍ពិពាហ៍អាចមាន។ ពេលមានបញ្ហាបែបនេះ ហេតុអ្វីពួកគេគួរខំអស់ពីសមត្ថភាពដើម្បីនៅជិតស្និទ្ធគ្នាជានិច្ច ហើយយកឈ្នះបញ្ហានោះ?
១៥ សូមគិតអំពីឧទាហរណ៍មួយ។ បើអគារល្បីមួយបានត្រូវបង្ខូច ម្ចាស់អគារនោះទំនងជានឹងជួសជុលឡើងវិញ។ ពួកគេប្រហែលជាចំណាយពេលនិងលុយជាច្រើនដើម្បីជួសជុលអគារនោះ ហើយមិនឈប់ព្យាយាមទោះជាត្រូវការពេលច្រើនឆ្នាំក៏ដោយ។ ហេតុអ្វី? ដោយសារអគារនោះមានតម្លៃចំពោះពួកគេ។ ស្រដៀងគ្នាដែរ អាពាហ៍ពិពាហ៍នីមួយៗមានតម្លៃ។ សូម្បីតែក្នុងអាពាហ៍ពិពាហ៍ដ៏ល្អបំផុត ក៏នឹងមានការខ្វែងគំនិតគ្នាដែរ។ ទោះជាយ៉ាងនោះក៏ដោយ ដូចអគារដែលខូចខាតច្រើនតែអាចជួសជុលបាន នោះគូអាពាហ៍ពិពាហ៍ក៏អាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយគ្នាឡើងវិញដែរ។ នេះប្រហែលជាត្រូវការពេលនិងការខំព្យាយាម តែព្រះយេហូវ៉ានឹងពេញចិត្តពេលឃើញគូប្ដីប្រពន្ធខំអស់ពីសមត្ថភាពដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍និងបន្តនៅជាមួយគ្នា។ (ម៉ាឡ. ២:១៦) ដោយធ្វើដូច្នេះ ពួកគេបង្ហាញសេចក្ដីស្រឡាញ់និងការគោរពមិនគ្រាន់តែចំពោះគ្នាប៉ុណ្ណោះទេ តែក៏ចំពោះព្រះយេហូវ៉ាដែលជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍ដែរ។
១៦. យោងទៅតាមកូរិនថូសទី១ ១៣:៤-៨ក តើអ្វីអាចជួយគូដែលមានបញ្ហាធំក្នុងអាពាហ៍ពិពាហ៍? (សូមមើលផងដែរនូវរូបភាព និងប្រអប់ដែលមានចំណងជើងថា «ជំនួយដើម្បីពង្រឹងចំណងមិត្តភាព»)
១៦ បើមានបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក សូមកុំឆាប់ចាកចោលគ្នាឡើយ។ (១កូ. ៧:១០, ១១) ផ្ទុយទៅវិញ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចធ្វើអ្វីថែមទៀតដើម្បីពង្រឹងចំណងមិត្តភាពរបស់យើង?›។ សូមសិក្សាអ្វីដែលគម្ពីរចែងអំពីការបង្ហាញសេចក្ដីស្រឡាញ់ ហើយគិតអំពីរបៀបដែលអ្នកអាចរីកចម្រើនក្នុងការបង្ហាញលក្ខណៈផ្សេងៗដូចដែលបានរៀបរាប់នៅកូរិនថូសទី១ ១៣:៤-៨ក។ (សូមអាន) ជាជាងរកវិធីចាកចេញពីអាពាហ៍ពិពាហ៍របស់អ្នក សូមខំព្យាយាមរកវិធីដើម្បីជិតស្និទ្ធគ្នាម្ដងទៀត។ សូមផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកអាចធ្វើដើម្បីផ្សះផ្សាចំណងអាពាហ៍ពិពាហ៍។ សូមអធិដ្ឋានសុំព្រះយេហូវ៉ាណែនាំអ្នក។ សូមទទួលជំនួយដែលអ្នកត្រូវការពីសៀវភៅនិងវីដេអូផ្សេងៗរបស់យើង ព្រមទាំងពីពួកអ្នកចាស់ទុំ និងគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំ។ ដោយពឹងផ្អែកលើព្រះយេហូវ៉ាដែលជាខ្សែដ៏រឹងមាំបំផុតក្នុង«ខ្សែបីធ្លុង» នោះអាពាហ៍ពិពាហ៍របស់អ្នកនឹង«មិនងាយដាច់ទេ»។—អទ. ៤:១២
ចូរបន្តនៅជិតស្និទ្ធគ្នាពេលមានបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ (សូមមើលវគ្គ១៦)
១៧. តើតាមរបៀបណាពួកអ្នកដែលគិតចង់រៀបការនិងពួកអ្នកដែលរៀបការរួចហើយអាចមានសុភមង្គល?
១៧ ព្រះយេហូវ៉ាចង់ឲ្យអ្នកបម្រើទាំងអស់របស់លោកមានសុភមង្គល រួមទាំងពួកអ្នកដែលកំពុងគិតចង់រៀបការនិងពួកអ្នកដែលរៀបការរួចហើយ។ ដូច្នេះ បើអ្នកនៅលីវហើយចង់រៀបការ សូមជ្រើសរើសគូយ៉ាងយកចិត្តទុកដាក់ ពោលគឺមិត្តដែលនៅជាប់នឹងអ្នកពេញមួយជីវិត។ ម្យ៉ាងទៀត បើអ្នកបានរៀបការហើយ សូមបន្តពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងគូ។ សូមខំព្យាយាមយកឈ្នះការពិបាកដែលអ្នកជួបក្នុងអាពាហ៍ពិពាហ៍ ដោយពឹងផ្អែកលើជំនួយពីព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ អ្នកនឹង«រស់នៅ . . . ដោយចិត្តសប្បាយ»ជាមួយនឹងគូជាទីស្រឡាញ់របស់អ្នក។—អទ. ៩:៩
ចម្រៀងលេខ១៣២ យើងជាសាច់ឈាមតែមួយ
a ដើម្បីបានយោបល់អំពីការស្វែងយល់ចិត្តគ្នា សូមមើលអត្ថបទដែលមានចំណងជើងថា «របៀបធ្វើឲ្យការស្វែងយល់ចិត្តគ្នានាំទៅដល់ការសម្រេចចិត្តល្អ» ក្រោមចំណងជើងតូច «ចូរស្គាល់គ្នាឲ្យបានច្បាស់» ក្នុងទស្សនាវដ្ដីប៉មយាម ខែឧសភា ឆ្នាំ២០២៤។