អត្ថបទសិក្សា៤៩
ចម្រៀងលេខ៤៤ សេចក្ដីអធិដ្ឋានរបស់មនុស្សទន់ទាប
សៀវភៅយ៉ូបអាចជួយអ្នកពេលឲ្យឱវាទអ្នកឯទៀត
«ឥឡូវ សូមយ៉ូបស្ដាប់ខ្ញុំ»។—យ៉ូប ៣៣:១
ចំណុចផ្ដោត
របៀបដែលសៀវភៅយ៉ូបបង្រៀនយើងឲ្យផ្ដល់ឱវាទដោយមានប្រសិទ្ធភាព។
១-២. តើបុរសបីនាក់ដែលស្គាល់យ៉ូបនិងអេលីហ៊ូប្រឈមមុខនឹងអ្វី?
ពេលយ៉ូបបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ មនុស្សជាច្រើនដែលរស់នៅភាគខាងកើតបានឮអំពីអ្វីដែលបានកើតឡើងចំពោះគាត់។ កាលដែលបុរសបីនាក់ដែលស្គាល់យ៉ូប គឺអេលីផាស ប៊ីលដាឌ និងសូផារបានឮអំពីអ្វីដែលបានកើតឡើងនោះ ពួកគេបានធ្វើដំណើរទៅស្រុកអ៊ូសដើម្បីសម្រាលទុក្ខយ៉ូប។ ពេលពួកគេឃើញអ្វីដែលកើតឡើងចំពោះយ៉ូប ពួកគេតក់ស្លុតជាខ្លាំង។
២ សូមស្រមៃគិតអំពីស្ថានភាពរបស់យ៉ូប។ យ៉ូបបានបាត់បង់អ្វីជាច្រើនដែលមានតម្លៃ។ គាត់បានបាត់បង់ហ្វូងចៀម ហ្វូងគោ ហ្វូងអូដ្ឋ និងហ្វូងលា។ អ្នកបម្រើរបស់គាត់ភាគច្រើនបានត្រូវគេសម្លាប់។ ម្យ៉ាងទៀត កូនៗទាំងអស់របស់យ៉ូបបានស្លាប់ដោយសារផ្ទះបាក់រលំពីលើ។ យ៉ូបផ្ទាល់ក៏រងទុក្ខដោយសារជំងឺដែរ។ គាត់មានដំបៅរលួយពេញខ្លួន ហើយនោះធ្វើឲ្យគាត់ឈឺចាប់ជាខ្លាំង។ កាលដែលអេលីផាស ប៊ីលដាឌ និងសូផារបានមកដល់ យ៉ូបកំពុងអង្គុយនៅក្នុងផេះ ហើយកើតទុក្ខជាខ្លាំង។ ពេលឃើញដូច្នេះ តើពួកគេមានប្រតិកម្មយ៉ាងណា? អស់៧ថ្ងៃ ពួកគេមិននិយាយស្ដីអ្វីសោះទៅកាន់យ៉ូប ទោះជាគាត់កំពុងឈឺចាប់ជាខ្លាំងក្ដី។ (យ៉ូប ២:១២, ១៣) មានបុរសវ័យក្មេងម្នាក់ឈ្មោះអេលីហ៊ូក៏បានមកដល់ដែរ ហើយអង្គុយក្បែរពួកគេ។ ក្រោយមក យ៉ូបចាប់ផ្ដើមនិយាយដាក់បណ្ដាសាថ្ងៃដែលគាត់កើត ហើយចង់ស្លាប់។ (យ៉ូប ៣:១-៣, ១១) យ៉ូបពិតជាត្រូវការការសម្រាលទុក្ខ! ដូច្នេះ អ្វីដែលបុរសទាំងនេះនិយាយនិងរបៀបដែលពួកគេនិយាយនឹងបង្ហាញថា ពួកគេជាមិត្តពិតរបស់យ៉ូប ហើយថាពួកគេពិតជាយកចិត្តទុកដាក់ចំពោះគាត់ឬយ៉ាងណា។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ព្រះយេហូវ៉ាបានដឹកនាំម៉ូសេឲ្យកត់ទុកពាក្យសម្ដីនិងការប្រព្រឹត្តរបស់អេលីហ៊ូនិងរបស់បុរសបីនាក់ដែលស្គាល់យ៉ូប។ អ្នកប្រហែលជាចាំថាអេលីហ៊ូនិយាយអ្វីដែលព្រះយេហូវ៉ាចង់ឲ្យគាត់និយាយ។ ប៉ុន្តែ អេលីផាសនិយាយអ្វីខ្លះដែលវិញ្ញាណកំណាចទំនងជាបានប្រាប់គាត់ឲ្យនិយាយ។ (យ៉ូប ៤:១២-១៦; ៣៣:២៤, ២៥) ហេតុនេះហើយក្នុងសៀវភៅយ៉ូបមានយោបល់ពីរយ៉ាង គឺមានដំបូន្មានដ៏ល្អបំផុត តែក៏មានដំបូន្មានមិនល្អដែរ។ ឥឡូវ យើងនឹងពិចារណាអំពីរបៀបដែលសៀវភៅយ៉ូបអាចជួយយើងពេលយើងត្រូវកែតម្រូវអ្នកឯទៀត។ ដំបូង យើងនឹងពិចារណាអំពីគំរូមិនល្អរបស់បុរសបីនាក់ដែលស្គាល់យ៉ូប។ ក្រោយមក យើងនឹងពិចារណាអំពីគំរូល្អរបស់អេលីហ៊ូ។ ក្នុងករណីនីមួយៗ យើងនឹងរៀនអំពីរបៀបដែលជនជាតិអ៊ីស្រាអែលនៅសម័យមុនអាចទទួលប្រយោជន៍ពីសៀវភៅយ៉ូប និងរបៀបដែលយើងក៏អាចទទួលប្រយោជន៍ពីសៀវភៅនេះដែរ។
តើបុរសបីនាក់ដែលស្គាល់យ៉ូបបានឲ្យយោបល់បែបណាដល់គាត់?
៤. ហេតុអ្វីបុរសបីនាក់ដែលស្គាល់យ៉ូបមិនបានសម្រាលទុក្ខគាត់? (សូមមើលរូបភាពផងដែរ)
៤ ក្រោយពីឮអំពីអ្វីដ៏អាក្រក់ដែលបានកើតឡើងដល់យ៉ូប គម្ពីរចែងថា បុរសបីនាក់ដែលស្គាល់យ៉ូបបានមកដើម្បី«ជួយរំលែកទុក្ខនិងសម្រាលទុក្ខយ៉ូប»។ (យ៉ូប ២:១១) ប៉ុន្តែ ពួកគេមិនបានជួយយ៉ូបទាល់តែសោះ។ ហេតុអ្វី? យ៉ាងហោចណាស់មានមូលហេតុបីយ៉ាង។ មូលហេតុទី១ ពួកគេឆាប់សន្និដ្ឋានខុសអំពីយ៉ូប។ ជាឧទាហរណ៍ ពួកគេបានសន្និដ្ឋានខុសថា ព្រះបានដាក់ទោសយ៉ូបដោយសារបានប្រព្រឹត្តអំពើខុសឆ្គង។a (យ៉ូប ៤:៧; ១១:១៤) មូលហេតុទី២គឺថា យោបល់ភាគច្រើនដែលបុរសទាំងនោះឲ្យយ៉ូបគឺមិនសប្បុរស ឥតបានការ និងធ្វើឲ្យឈឺចិត្ត។ ជាឧទាហរណ៍ បុរសទាំងបីនាក់នោះបាននិយាយអ្វីដែលមើលទៅហាក់ដូចជាល្អ ប៉ុន្តែមិនមានប្រយោជន៍ទាល់តែសោះ។ (យ៉ូប ១៣:១២) ប៊ីលដាឌបាននិយាយមិនសប្បុរសទៅកាន់យ៉ូបអស់ពីរដងថាយ៉ូបនិយាយច្រើនពេក។ (យ៉ូប ៨:២; ១៨:២) ម្យ៉ាងទៀត សូផារបាននិយាយបញ្ឆិតបញ្ឆៀងឲ្យយ៉ូបថា គាត់ជា«មនុស្សល្ងង់»។ (យ៉ូប ១១:១២) មូលហេតុទី៣ ទោះជាពួកគេទំនងជាមិនដំឡើងសំឡេងដាក់យ៉ូបក៏ដោយ អ្វីដែលពួកគេនិយាយនិងរបៀបដែលពួកគេនិយាយគឺគ្មានសេចក្ដីស្រឡាញ់ ហើយធ្វើឲ្យយ៉ូបមានអារម្មណ៍បន្ទោសខ្លួន។ (យ៉ូប ១៥:៧-១១) បុរសទាំងនេះមិនបានសម្រាលទុក្ខយ៉ូបឬពង្រឹងជំនឿយ៉ូបទាល់តែសោះ ដោយសារពួកគេគិតតែពីការបញ្ជាក់ថាយ៉ូបធ្វើអំពើខុសឆ្គង។
ពេលឲ្យយោបល់អ្នកណាម្នាក់ សូមកុំធ្វើឲ្យគាត់មានអារម្មណ៍ថាអ្នកគ្រាន់បើជាងគាត់ឡើយ។ ផ្ទុយទៅវិញ សូមខំអស់ពីសមត្ថភាពដើម្បីជួយគាត់ (សូមមើលវគ្គ៤)
៥. តើយោបល់ដែលបុរសបីនាក់ដែលស្គាល់យ៉ូបបានឲ្យដល់គាត់នាំឲ្យមានលទ្ធផលយ៉ាងណា?
៥ មិនគួរឲ្យភ្ញាក់ផ្អើលទេដែលយោបល់របស់បុរសបីនាក់ដែលស្គាល់យ៉ូបមិននាំឲ្យមានលទ្ធផលល្អ។ ពាក្យសម្ដីរបស់ពួកគេធ្វើឲ្យយ៉ូបកាន់តែឈឺចិត្ត។ (យ៉ូប ១៩:២) យើងអាចយល់អំពីមូលហេតុដែលយ៉ូបមានអារម្មណ៍ថាគាត់ត្រូវនិយាយការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន។ នេះនាំឲ្យគាត់មិនមានតុល្យភាពក្នុងការគិត ហើយនិយាយអ្វីដែលគ្មានប្រាជ្ញា។ (យ៉ូប ៦:៣, ២៦) បុរសបីនាក់ដែលស្គាល់យ៉ូបមិនបាននិយាយអ្វីស្របតាមទស្សនៈរបស់ព្រះយេហូវ៉ាទេ ហើយពួកគេក៏មិនបានប្រព្រឹត្តចំពោះយ៉ូបដោយអាណិតមេត្តាដែរ។ ជាលទ្ធផល សាថានបានប្រើពួកគេដើម្បីធ្វើឲ្យយ៉ូបធ្លាក់ទឹកចិត្ត។ (យ៉ូប ២:៤, ៦) តើតាមរបៀបណាកំណត់ហេតុនេះផ្ដល់ប្រយោជន៍ដល់ជនជាតិអ៊ីស្រាអែល ហើយតើនេះអាចផ្ដល់ប្រយោជន៍យ៉ាងណាដល់យើងនៅសព្វថ្ងៃនេះ?
៦. តើពួកអ្នកចាស់ទុំនៅក្នុងស្រុកអ៊ីស្រាអែលអាចរៀនអ្វីពីគំរូអាក្រក់របស់បុរសបីនាក់ដែលស្គាល់យ៉ូប?
៦ របៀបដែលជនជាតិអ៊ីស្រាអែលនៅសម័យមុនអាចទទួលប្រយោជន៍។ បន្ទាប់ពីព្រះយេហូវ៉ាបង្កើតឲ្យមានប្រជាជាតិអ៊ីស្រាអែល លោកបានតែងតាំងពួកបុរសដែលមានគុណសម្បត្តិគ្រប់គ្រាន់គឺពួកអ្នកចាស់ទុំឲ្យកាត់ក្ដីបណ្ដាជនស្របតាមខ្នាតតម្រាដ៏សុចរិតរបស់លោក។ (បច. ១:១៥-១៨; ២៧:១) បុរសទាំងនេះត្រូវស្ដាប់យ៉ាងយកចិត្តទុកដាក់មុនឲ្យដំបូន្មានឬកាត់ក្ដីឲ្យបណ្ដាជន។ (២ប្រ. ១៩:៦) ពួកគេក៏ត្រូវសួរសំណួរផ្សេងៗ ជាជាងសន្និដ្ឋានថាពួកគេស្គាល់រឿងពិតទាំងអស់។ (បច. ១៩:១៨) ពួកអ្នកព្រឹក្សាទាំងនោះក្នុងស្រុកអ៊ីស្រាអែល ត្រូវជៀសវាងពីការនិយាយពាក្យសម្ដីខ្លាំងៗទៅកាន់អ្នកដែលមកសុំជំនួយពីពួកគេ។ ហេតុអ្វី? ដោយសារការនិយាយដោយមិនសប្បុរស អាចធ្វើឲ្យបុគ្គលដែលមកសុំជំនួយនោះមិនចង់ប្រាប់អំពីអារម្មណ៍របស់គាត់។ (ដច. ២២:២២-២៤) ពួកអ្នកចាស់ទុំក្នុងស្រុកអ៊ីស្រាអែលដែលគិតពិចារណាអំពីកំណត់ហេតុយ៉ូបអាចរៀនមេរៀនដ៏សំខាន់។
៧. ក្រៅពីពួកអ្នកចាស់ទុំនៅអ៊ីស្រាអែល តើអ្នកណាទៀតអាចឲ្យឱវាទ ហើយតើតាមរបៀបណាពួកគេអាចទទួលប្រយោជន៍ពីកំណត់ហេតុយ៉ូប? (សុភាសិត ២៧:៩)
៧ ពិតណាស់ មិនមែនមានតែបុរសដែលមានភាពចាស់ទុំនៅស្រុកអ៊ីស្រាអែលប៉ុណ្ណោះទេដែលអាចផ្ដល់ដំបូន្មានដល់អ្នកឯទៀត។ តាមពិត ជនជាតិអ៊ីស្រាអែលគ្រប់រូប មិនថាចាស់ឬក្មេង ប្រុសឬស្រី អាចផ្ដល់ឱវាទដល់មិត្តភក្តិដែលត្រូវការជំនួយដើម្បីចូលទៅជិតព្រះយេហូវ៉ាឬកែប្រែការប្រព្រឹត្តរបស់គាត់។ (ចសព. ១៤១:៥) យោបល់ដ៏ស្មោះអស់ពីចិត្តបែបនេះបង្ហាញថា បុគ្គលម្នាក់គឺជាមិត្តពិត។ (សូមអាន សុភាសិត ២៧:៩) គំរូមិនល្អរបស់បុរសបីនាក់ដែលស្គាល់យ៉ូប អាចផ្ដល់ប្រយោជន៍ដល់ជនជាតិអ៊ីស្រាអែលអំពីអ្វីដែលពួកគេមិនគួរនិយាយនិងមិនគួរធ្វើពេលផ្ដល់ដំបូន្មានដល់អ្នកឯទៀត។
៨. ពេលឲ្យឱវាទអ្នកឯទៀត តើយើងគួរនឹកចាំអំពីអ្វីខ្លះ? (សូមមើលរូបភាពផងដែរ)
៨ របៀបដែលយើងអាចទទួលប្រយោជន៍។ ក្នុងនាមជាគ្រិស្តសាសនិក យើងចង់ជួយបងប្អូនរបស់យើងពេលពួកគេឆ្លងកាត់ទុក្ខលំបាក។ ប៉ុន្តែដើម្បីធ្វើដូច្នោះ យើងត្រូវប្រុងប្រយ័ត្នកុំធ្វើដូចបុរសបីនាក់ដែលស្គាល់យ៉ូបបានធ្វើ។ ទី១ យើងមិនគួរឆាប់សន្និដ្ឋានអំពីរឿងណាមួយ ហើយមុនដែលយើងនិយាយ យើងគួរប្រាកដថាយើងស្គាល់ការពិតជាមុនសិន។ ទី២ ឱវាទរបស់យើងគួរមានមូលដ្ឋានលើសេចក្ដីពិតពីបណ្ដាំរបស់ព្រះ ជាជាងពីគំនិតរបស់ខ្លួនដូចអេលីផាសបានធ្វើអស់ជាច្រើនដង។ (យ៉ូប ៤:៨; ៥:៣, ២៧) ទី៣ យើងគួរជៀសវាងពីការនិយាយខ្លាំងៗឬពីការរិះគន់។ សូមចាំថា អេលីផាសនិងមិត្តភក្តិរបស់គាត់បាននិយាយអ្វីខ្លះដែលជាការពិត។ នៅពេលក្រោយមក អ្នកសរសេរគម្ពីរម្នាក់ក៏បានដកស្រង់ពាក្យសម្ដីរបស់អេលីផាសដែរ។ (សូមប្រៀបធៀបយ៉ូប ៥:១៣ ទៅនឹងកូរិនថូសទី១ ៣:១៩) ប៉ុន្តែ អ្វីដែលអេលីផាស ប៊ីលដាឌ និងសូផារនិយាយភាគច្រើនអំពីព្រះ គឺមិនពិត ហើយពួកគេបានធ្វើឲ្យយ៉ូបឈឺចិត្ត។ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា ពួកគេមិនបាននិយាយសេចក្ដីពិតទេ។ (យ៉ូប ៤២:៧, ៨) ពេលយើងឲ្យឱវាទដល់អ្នកឯទៀត យើងត្រូវធ្វើឲ្យប្រាកដថាអ្វីដែលយើងនិយាយមិនធ្វើឲ្យអ្នកឯទៀតគិតថាព្រះយេហូវ៉ាមិនសមហេតុផល ឬធ្វើឲ្យអ្នកបម្រើរបស់លោកមានអារម្មណ៍ថាលោកមិនអាចស្រឡាញ់ពួកគេទេ។ ឥឡូវ សូមឲ្យយើងពិចារណាអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់អេលីហ៊ូ។
ពេលឲ្យឱវាទអ្នកណាម្នាក់ (១) សូមធ្វើឲ្យប្រាកដថាអ្វីដែលអ្នកនិយាយមានមូលដ្ឋានលើការពិត (២) សូមប្រើបណ្ដាំរបស់ព្រះ និង(៣) សូមនិយាយដោយសប្បុរស (សូមមើលវគ្គ៨)
របៀបដែលអេលីហ៊ូឲ្យឱវាទយ៉ូប
៩. សូមពន្យល់អំពីមូលហេតុដែលយ៉ូបនៅតែត្រូវការជំនួយក្រោយពីបុរសបីនាក់ដែលស្គាល់គាត់ឈប់និយាយ ហើយសូមពន្យល់អំពីរបៀបដែលព្រះយេហូវ៉ាផ្ដល់ជំនួយ។
៩ ពេលដែលយ៉ូបនិងបុរសបីនាក់ដែលស្គាល់គាត់ជជែកវែកញែកគ្នារួចហើយ នោះស្ថានភាពគឺតានតឹង។ ពាក្យសម្ដីរបស់ពួកគេមានច្រើនដល់ម្ល៉េះ បានជាមានរហូតទៅដល់២៨ជំពូកក្នុងសៀវភៅយ៉ូប ហើយអ្វីភាគច្រើនដែលពួកគេនិយាយគឺពោរពេញទៅដោយកំហឹង។ យ៉ាងនេះ យើងអាចយល់អំពីមូលហេតុដែលយ៉ូបនៅតែធ្លាក់ទឹកចិត្ត។ យ៉ូបនៅតែត្រូវការការសម្រាលទុក្ខនិងការកែតម្រង់។ តើព្រះយេហូវ៉ាបានជួយយ៉ូបយ៉ាងដូចម្ដេច? លោកបានប្រើអេលីហ៊ូឲ្យផ្ដល់ឱវាទដល់គាត់។ ប៉ុន្តែ ហេតុអ្វីអេលីហ៊ូទប់មាត់មិននិយាយ? គាត់និយាយថា៖ «ខ្ញុំនៅក្មេង តែអ្នករាល់គ្នាចាស់ជាងខ្ញុំ។ ដូច្នេះខ្ញុំខំទប់ចិត្តមិនវាចា ព្រោះខ្ញុំគោរពអ្នករាល់គ្នា»។ (យ៉ូប ៣២:៦, ៧) អេលីហ៊ូដឹងថាមនុស្សវ័យចាស់ច្រើនតែមានប្រាជ្ញា ដោយសារពួកគេរស់នៅយូរជាងនិងមានបទពិសោធន៍ច្រើនជាងមនុស្សវ័យក្មេង។ ប៉ុន្តែ ក្រោយពីស្ដាប់យ៉ូបនិងបុរសបីនាក់ដែលស្គាល់គាត់ដោយចិត្តអត់ធ្មត់ អេលីហ៊ូមិនអាចនៅស្ងៀមតទៅទៀតទេ។ គាត់និយាយថា៖ «មិនមែនឲ្យតែមនុស្សមានអាយុច្រើនសុទ្ធតែមានប្រាជ្ញាទេ ហើយមិនមែនតែមនុស្សមានវ័យចាស់ប៉ុណ្ណោះទេដែលយល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ (យ៉ូប ៣២:៩) តើអេលីហ៊ូនិយាយអ្វីក្រោយមក ហើយតើគាត់និយាយអ្វីនោះតាមរបៀបណា?
១០. តើអេលីហ៊ូបានធ្វើអ្វីមុនឲ្យឱវាទយ៉ូប? (យ៉ូប ៣៣:៦, ៧)
១០ មុនអេលីហ៊ូឲ្យយោបល់ណាមួយដល់យ៉ូប គាត់បានធ្វើឲ្យមានបរិយាកាសល្អជាមុនសិន។ តើអេលីហ៊ូបានធ្វើអ្វី? ដំបូង គាត់ទប់អារម្មណ៍។ យើងដឹងដូច្នេះដោយសារគម្ពីរចែងថា ដំបូងអេលីហ៊ូក្ដៅចិត្ត។ (យ៉ូប ៣២:២-៥) ប៉ុន្តែ អេលីហ៊ូមិនបាននិយាយវាយប្រហារយ៉ូបដោយសារគាត់ខឹងទេ។ ផ្ទុយទៅវិញ គាត់បាននិយាយពង្រឹងទំនុកចិត្តយ៉ូប។ ជាឧទាហរណ៍ គាត់បាននិយាយទៅកាន់យ៉ូបថា៖ «មើល! នៅចំពោះមុខព្រះដ៏ពិត ខ្ញុំក៏ដូចអ្នកដែរ»។ (សូមអាន យ៉ូប ៣៣:៦, ៧) រួចមក អេលីហ៊ូបានបង្ហាញថាគាត់ស្ដាប់យ៉ូបយ៉ាងយកចិត្តទុកដាក់។ តាមពិត អេលីហ៊ូបានសង្ខេបចំណុចសំខាន់ៗដែលយ៉ូបនិយាយ។ (យ៉ូប ៣២:១១; ៣៣:៨-១១) ក្នុងពាក្យសម្ដីបន្តបន្ទាប់ អេលីហ៊ូក៏ធ្វើអ្វីស្រដៀងនឹងនេះដែរ ហើយនោះបង្ហាញថាគាត់បានស្ដាប់យ៉ូប។—យ៉ូប ៣៤:៥, ៦, ៩; ៣៥:១-៤
១១. តើអេលីហ៊ូបានឲ្យឱវាទយ៉ូបយ៉ាងដូចម្ដេច? (យ៉ូប ៣៣:១)
១១ ពេលអេលីហ៊ូកែតម្រង់យ៉ូប គាត់មិនបានធ្វើឲ្យយ៉ូបមានអារម្មណ៍ថាយ៉ូបមិនមានតម្លៃនោះទេ។ ផ្ទុយទៅវិញ គាត់បង្ហាញការគោរពចំពោះបុរសដ៏ស្មោះត្រង់នោះ។ ជាឧទាហរណ៍ ពេលអេលីហ៊ូនិយាយ គាត់បានហៅឈ្មោះយ៉ូប ប៉ុន្តែតាមមើលទៅបុរសបីនាក់នោះមិនបានហៅឈ្មោះយ៉ូបទេ។ (សូមអាន យ៉ូប ៣៣:១) អេលីហ៊ូទំនងជាចាំថា ពេលដែលយ៉ូបនិងបុរសបីនាក់ដែលស្គាល់យ៉ូបកំពុងជជែកគ្នា គាត់ចង់និយាយខ្លាំងប៉ុនណា។ ដូច្នេះ គាត់ទុកឱកាសឲ្យយ៉ូបនិយាយពេលដែលគាត់ឲ្យឱវាទយ៉ូប។ (យ៉ូប ៣២:៤; ៣៣:៣២) អេលីហ៊ូក៏បង្ហាញយ៉ូបឲ្យដឹងអំពីមូលហេតុដែលការវែកញែកខ្លះរបស់យ៉ូបគឺមិនត្រឹមត្រូវ។ ក្រោយមក គាត់រំលឹកយ៉ូបដោយសប្បុរសអំពីប្រាជ្ញា ឫទ្ធានុភាព យុត្តិធម៌ និងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ (យ៉ូប ៣៦:១៨, ២១-២៦; ៣៧:២៣, ២៤) ឱវាទដ៏ល្អរបស់អេលីហ៊ូទំនងជាជួយយ៉ូបឲ្យប្រុងប្រៀបស្ដាប់ឱវាទថែមទៀតពីព្រះយេហូវ៉ា។ (យ៉ូប ៣៨:១-៣) តើតាមរបៀបណាគំរូរបស់អេលីហ៊ូអាចផ្ដល់ប្រយោជន៍ដល់អ្នកបម្រើព្រះនៅសម័យមុន ហើយតើនេះអាចផ្ដល់ប្រយោជន៍យ៉ាងណាដល់យើងនៅសព្វថ្ងៃនេះ?
១២. តើព្រះយេហូវ៉ាបានប្រើពួកអ្នកប្រកាសទំនាយឲ្យជួយរាស្ត្ររបស់លោកយ៉ាងដូចម្ដេច ហើយតើតាមរបៀបណាជនជាតិអ៊ីស្រាអែលអាចទទួលប្រយោជន៍ពីគំរូល្អរបស់អេលីហ៊ូ?
១២ របៀបដែលជនជាតិអ៊ីស្រាអែលនៅសម័យមុនអាចទទួលប្រយោជន៍។ ក្នុងប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល ព្រះយេហូវ៉ាបានតែងតាំងពួកអ្នកប្រកាសទំនាយឲ្យប្រាប់ជនជាតិអ៊ីស្រាអែលអំពីគោលបំណងរបស់លោក។ ជាឧទាហរណ៍ នៅគ្រារបស់ពួកអ្នកសម្រេចក្ដី ព្រះយេហូវ៉ាបានប្រើអ្នកប្រកាសទំនាយដេបូរ៉ាឲ្យណែនាំរាស្ត្ររបស់លោក។ ព្រះយេហូវ៉ាក៏ប្រើសាំយូអែលតាំងពីក្មេងឲ្យណែនាំជនជាតិអ៊ីស្រាអែលដែរ។ (អសក. ៤:៤-៧; ៥:៧; ១សាំ. ៣:១៩, ២០) ក្រោយមក នៅសម័យរបស់ពួកស្ដេច ព្រះយេហូវ៉ាបានប្រើពួកអ្នកប្រកាសទំនាយជាបន្តបន្ទាប់ដើម្បីពង្រឹងជំនឿរាស្ត្ររបស់លោក ហើយឲ្យឱវាទដល់ពួកអ្នកដែលបានបែរចេញពីការគោរពប្រណិប័តន៍ពិត។ (២សាំ. ១២:១-៤; សកម្ម. ៣:២៤) គំរូរបស់អេលីហ៊ូដែលបានកត់ទុកនៅក្នុងសៀវភៅយ៉ូប អាចជួយបុរសស្ត្រីស្មោះត្រង់ឲ្យដឹងអ្វីដែលពួកគេគួរនិយាយពេលពួកគេជួយកែតម្រង់អ្នកឯទៀត និងរបៀបដែលពួកគេអាចធ្វើដូច្នេះដោយសប្បុរស។
១៣. តើគ្រិស្តសាសនិកនៅសព្វថ្ងៃនេះអាចលើកទឹកចិត្តបងប្អូនរួមជំនឿយ៉ាងដូចម្ដេច?
១៣ របៀបដែលយើងអាចទទួលប្រយោជន៍។ ក្នុងនាមជាគ្រិស្តសាសនិក យើងក៏ប្រាប់អ្នកឯទៀតអំពីបំណងប្រាថ្នារបស់ព្រះ ដោយប្រកាសអ្វីដែលមាននៅក្នុងបណ្ដាំរបស់លោក ពោលគឺគម្ពីរ។ ម្យ៉ាងទៀត យើងប្រើពាក្យដែលពង្រឹងកម្លាំងនិងលើកទឹកចិត្តបងប្អូនរួមជំនឿ។ (១កូ. ១៤:៣) ជាពិសេស ពួកអ្នកចាស់ទុំត្រូវ«និយាយសម្រាលទុក្ខ»បងប្អូន សូម្បីតែបងប្អូនដែលខឹងឬ«ពោលពាក្យដោយមិនបានគិត»ក៏ដោយ។—១ថែ. ៥:១៤; យ៉ូប ៦:៣
១៤-១៥. សូមលើកឧទាហរណ៍អំពីរបៀបដែលអ្នកចាស់ទុំអាចយកតម្រាប់អេលីហ៊ូពេលឲ្យឱវាទអ្នកឯទៀត?
១៤ សូមស្រមៃគិតអំពីស្ថានភាពនេះ។ អ្នកចាស់ទុំម្នាក់ឮថា បងស្រីម្នាក់ក្នុងក្រុមជំនុំធ្លាក់ទឹកចិត្ត។ ដូច្នេះ គាត់និងបងប្រុសម្នាក់ទៀតទៅជួបបងស្រីនោះដើម្បីផ្ដល់ការលើកទឹកចិត្ត។ ក្នុងអំឡុងពេលទៅជួបនោះ បងស្រីនោះពន្យល់ថា ទោះជាគាត់ទៅផ្សព្វផ្សាយនិងចូលរួមប្រជុំក៏ដោយ គាត់មិនមានអំណរទេ។ ពេលឮដូច្នេះ តើអ្នកចាស់ទុំនោះនឹងធ្វើអ្វី?
១៥ ទី១ គាត់ទំនងជានឹងព្យាយាមយល់មូលហេតុដែលបងស្រីនោះធ្លាក់ទឹកចិត្ត។ ដូច្នេះ គាត់ត្រូវស្ដាប់ដោយចិត្តអត់ធ្មត់។ តើបងស្រីនោះមានអារម្មណ៍ថាគាត់មិនសមឲ្យព្រះស្រឡាញ់ឬ? ឬតើគាត់ធ្លាក់ទឹកចិត្តដោយសារ«កង្វល់អំពីជីវិត»? (លូក. ២១:៣៤) ទី២ អ្នកចាស់ទុំនោះនឹងព្យាយាមសរសើរបងស្រីនោះចំពោះអ្វីល្អៗដែលគាត់កំពុងធ្វើ។ ជាឧទាហរណ៍ អ្នកចាស់ទុំអាចសរសើរគាត់ ចំពោះការខំព្យាយាមរបស់គាត់ដើម្បីបន្តចូលរួមកិច្ចប្រជុំនិងផ្សព្វផ្សាយ ទោះជានោះមិនស្រួលសម្រាប់គាត់ក៏ដោយ។ ទី៣ ពេលអ្នកចាស់ទុំនោះយល់អំពីស្ថានភាពនិងអ្វីដែលធ្វើឲ្យបងស្រីនោះធ្លាក់ទឹកចិត្ត អ្នកចាស់ទុំនោះនឹងប្រើបទគម្ពីរដើម្បីពង្រឹងទំនុកចិត្តបងស្រីនោះថា ព្រះយេហូវ៉ាស្រឡាញ់គាត់។—កាឡ. ២:២០
ចូរបន្តទទួលប្រយោជន៍ពីសៀវភៅយ៉ូប
១៦. តើតាមរបៀបណាយើងអាចបន្តទទួលប្រយោជន៍ពីសៀវភៅយ៉ូប?
១៦ យើងពិតជាទទួលប្រយោជន៍ពីការពិចារណាសៀវភៅយ៉ូប! នៅក្នុងអត្ថបទមុន យើងបានរៀនថាសៀវភៅយ៉ូបបង្រៀនយើងអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា និងរបៀបដែលយើងអាចរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាពេលយើងរងទុក្ខ។ នៅក្នុងអត្ថបទនេះ យើងបានពិចារណាអំពីរបៀបដែលយើងទាំងអស់គ្នាអាចឲ្យឱវាទល្អ ដោយធ្វើតាមគំរូល្អរបស់អេលីហ៊ូ ជាជាងធ្វើតាមគំរូមិនល្អរបស់អេលីផាស ប៊ីលដាឌ និងសូផារ។ នៅថ្ងៃខាងមុខ មុនអ្នកឲ្យយោបល់អ្នកឯទៀត គឺជាការល្អឲ្យអ្នកមើលមេរៀនពីសៀវភៅយ៉ូបឡើងវិញ។ ម្យ៉ាងទៀត បើថ្មីៗនេះអ្នកមិនបានអានសៀវភៅយ៉ូបទេ សូមកំណត់គោលដៅអានសៀវភៅដ៏ល្អនេះម្ដងទៀត។ អ្នកនឹងឃើញថាសៀវភៅនេះមានប្រយោជន៍យ៉ាងច្រើននៅសព្វថ្ងៃនេះ ដូចពេលដែលសៀវភៅនេះបានត្រូវសរសេរនៅដើមដំបូងដែរ។
ចម្រៀងលេខ១២៥ ‹អស់អ្នកដែលមានចិត្តមេត្តា មានសុភមង្គល!›
a វិញ្ញាណកំណាចមួយទំនងជាបានធ្វើឲ្យអេលីផាសជឿថា ព្រះយេហូវ៉ាចាត់ទុកថាគ្មានមនុស្សសុចរិត ហើយយ៉ាងនេះគ្មានមនុស្សណាម្នាក់ធ្វើឲ្យព្រះពេញចិត្តឡើយ។ អេលីផាសជឿជាក់គំនិតខុសនោះទាំងស្រុង។ ដូច្នេះ រាល់ដងដែលគាត់និយាយទៅកាន់យ៉ូប គាត់បានលើកគំនិតដែលខុសនេះម្ដងហើយម្ដងទៀត។—យ៉ូប ៤:១៧, ១៨; ១៥:១៥, ១៦; ២២:២