បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 ធ្នូ ទំ. ២-៧
  • សៀវភៅ​យ៉ូប​អាច​ជួយ​អ្នក​ពេល​អ្នក​រង​ទុក្ខ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សៀវភៅ​យ៉ូប​អាច​ជួយ​អ្នក​ពេល​អ្នក​រង​ទុក្ខ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​អនុញ្ញាត​ឲ្យ​យ៉ូប​រង​ទុក្ខ​វេទនា
  • របៀប​ដែល​កំណត់​ហេតុ​របស់​យ៉ូប​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ
  • ចូរ​ប្រើ​សៀវភៅ​យ៉ូប​ដើម្បី​ជួយ​អ្នក​ឯ​ទៀត
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • «ចូរសង្ឃឹមលើព្រះយេហូវ៉ាចុះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • គោលសំខាន់ៗពីសៀវភៅយ៉ូប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • យ៉ូបបានស៊ូទ្រាំ—យើងក៏អាចស៊ូទ្រាំបានដែរ!
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 ធ្នូ ទំ. ២-៧

អត្ថបទ​សិក្សា​៤៨

ចម្រៀង​លេខ​១២៩ យើង​នឹង​ស៊ូ​ទ្រាំ

សៀវភៅ​យ៉ូប​អាច​ជួយ​អ្នក​ពេល​អ្នក​រង​ទុក្ខ

​«​ពិត​ប្រាកដ​ណាស់ ព្រះ​មិន​ធ្វើ​អំពើ​ទុច្ចរិត​ជា​ដាច់​ខាត​»។—យ៉ូប ៣៤:១២

ចំណុច​ផ្ដោត

មេ​រៀន​ដែល​យើង​អាច​រៀន​ពី​សៀវភៅ​យ៉ូប​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា និង​របៀប​ដែល​យើង​អាច​ស៊ូ​ទ្រាំ​ពេល​យើង​រង​ទុក្ខ។

១​-​២. ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​អាន​សៀវភៅ​យ៉ូប?

តើ​ថ្មី​ៗ​នេះ​អ្នក​បាន​អាន​សៀវភៅ​យ៉ូប​ឬ​ទេ? សៀវភៅ​នេះ​បាន​ត្រូវ​សរសេរ​ប្រហែល​ជា​៣.៥០០​ឆ្នាំ​មុន ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​ចាត់​ទុក​ថា​ជា​សៀវភៅ​ដ៏​ល្អ​បំផុត​មួយ។ មនុស្ស​សរសើរ​ដល់​អ្នក​សរសេរ​សៀវភៅ​នេះ ដោយ​សារ​គាត់​មិន​គ្រាន់​តែ​ប្រើ​ពាក្យ​ដែល​ស្រួល​យល់​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រើ​ពាក្យ​ដែល​ពីរោះ​និង​មាន​ន័យ​ដែរ។ ពិត​មែន​តែ​ម៉ូសេ​គឺ​ជា​អ្នក​សរសេរ​សៀវភៅ​នេះ តែ​គំនិត​នៅ​ក្នុង​សៀវភៅ​នេះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។—២ធី. ៣:១៦

២ សៀវភៅ​យ៉ូប​គឺ​ជា​សៀវភៅ​សំខាន់​មួយ​នៅ​ក្នុង​គម្ពីរ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នោះ? មូលហេតុ​មួយ​គឺ សៀវភៅ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​រឿង​ដ៏​សំខាន់​ដែល​ជាប់​ទាក់​ទង​នឹង​បុគ្គល​គ្រប់​រូប ពោល​គឺ​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ សៀវភៅ​នេះ​ក៏​បង្រៀន​យើង​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​យេហូវ៉ា ដូច​ជា​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្តិធម៌ និង​ឫទ្ធានុភាព​របស់​លោក។ ជា​ឧទាហរណ៍ សៀវភៅ​យ៉ូប​បាន​ហៅ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ដង​ថា ជា​«​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ សៀវភៅ​យ៉ូប​ក៏​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​ឆ្ងល់​អំពី​ជីវិត រួម​មាន​សំណួរ​ដែល​ថា ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា?

៣. តើ​យើង​អាច​រៀន​អ្វី​ពី​សៀវភៅ​យ៉ូប?

៣ យើង​អាច​ប្រដូច​ការ​អាន​សៀវភៅ​យ៉ូប​ទៅ​នឹង​ការ​ឡើង​ភ្នំ។ ពេល​យើង​នៅ​លើ​ភ្នំ យើង​អាច​ឃើញ​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​យើង​យ៉ាង​ច្បាស់។ ស្រដៀង​គ្នា​ដែរ ពេល​យើង​អាន​សៀវភៅ​យ៉ូប យើង​អាច​ឃើញ​យ៉ាង​ច្បាស់​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ទុក្ខ​វេទនា​របស់​យើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាច​ទទួល​ប្រយោជន៍​ពី​កំណត់​ហេតុ​របស់​យ៉ូប និង​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​កំណត់​ហេតុ​នេះ។ យើង​ក៏​អាច​រៀន​ដែរ​អំពី​របៀប​ដែល​យើង​អាច​ប្រើ​កំណត់​ហេតុ​នេះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។

ព្រះ​អនុញ្ញាត​ឲ្យ​យ៉ូប​រង​ទុក្ខ​វេទនា

៤. តើ​យ៉ូប​ខុស​គ្នា​យ៉ាង​ណា​ពី​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ស្រុក​អេហ្ស៊ីប?

៤ ក្នុង​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​រង​ទុក្ខ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូប​រស់​នៅ​ស្រុក​អ៊ូស។ ស្រុក​នោះ​ប្រហែល​ជា​នៅ​ខាង​កើត​ស្រុក​សន្យា និង​នៅ​ភាគ​ខាង​ជើង​ស្រុក​អារ៉ាប់។ នៅ​ស្រុក​អេហ្ស៊ីប ជន​ជាតិ​អ៊ីស្រាអែល​ចាប់​ផ្ដើម​គោរព​បូជា​រូប​ព្រះ។ ប៉ុន្តែ ផ្ទុយ​ពី​ពួក​គេ យ៉ូប​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ (​យ៉ូស. ២៤:១៤; អេគ. ២០:៨​) ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​យ៉ូប​ថា​៖ ​«​នៅ​ផែន​ដី គ្មាន​មនុស្ស​ណា​ម្នាក់​ដូច​គាត់​ឡើយ​»។a (​យ៉ូប ១:៨​) យ៉ូប​ជា​បុគ្គល​ដែល​មាន​ស្ដុក​ស្ដម្ភ​និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ជាង​បុគ្គល​ណា​ទាំង​អស់​ដែល​នៅ​ភាគ​ខាង​កើត។ (​យ៉ូប ១:៣​) ពេល​សាថាន​ឃើញ​ដូច្នោះ វា​ទំនង​ជា​ខឹង​យ៉ាង​ខ្លាំង ដោយ​សារ​បុរស​នេះ​ដែល​ល្បី​ឈ្មោះ​និង​មាន​គេ​ស្រឡាញ់​រាប់​អាន កំពុង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ឥត​ងាក​រេ!

៥. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យ៉ូប​រង​ទុក្ខ​វេទនា? (​យ៉ូប ១:២០​-​២២; ២:៩, ១០​)

៥ សាថាន​អះអាង​ថា យ៉ូប​នឹង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​បើ​គាត់​រង​ទុក្ខ។ (​យ៉ូប ១:៧​-​១១; ២:២​-​៥​) ទោះ​ជា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យ៉ូប​យ៉ាង​ខ្លាំង​ក្ដី ការ​អះអាង​យ៉ាង​ឥត​កោត​ក្រែង​របស់​សាថាន បាន​នាំ​ឲ្យ​មាន​សំណួរ​សំខាន់​ៗ​ជា​ច្រើន។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ទុក​ឱកាស​ឲ្យ​សាថាន​បង្ហាញ​ថា អ្វី​ដែល​វា​និយាយ​អំពី​យ៉ូប​គឺ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។ (​យ៉ូប ១:១២​-​១៩; ២:៦​-​៨​) សាថាន​បាន​ធ្វើ​ឲ្យ​យ៉ូប​បាត់​បង់​ហ្វូង​សត្វ ហើយ​នាំ​ឲ្យ​កូន​១០​នាក់​របស់​គាត់​ស្លាប់។ វា​ក៏​បាន​ធ្វើ​ឲ្យ​យ៉ូប​កើត​ដំបៅ​រលួយ​ពេញ​ខ្លួន តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​ដែរ។ ទោះ​ជា​សាថាន​ធ្វើ​ឲ្យ​យ៉ូប​រង​ទុក្ខ​វេទនា​ជា​ខ្លាំង​ក្ដី យ៉ូប​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ (​សូម​អាន យ៉ូប ១:២០​-​២២; ២:៩, ១០​) នៅ​ពេល​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​យ៉ូប​ជា​សះ​ស្បើយ មាន​ទ្រព្យ​សម្បត្តិ និង​មាន​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ ព្រម​ទាំង​ឲ្យ​គាត់​មាន​កូន​១០​នាក់​ថែម​ទៀត។ លោក​ក៏​បាន​ឲ្យ​យ៉ូប​រស់​នៅ​បាន​១៤០​ឆ្នាំ​ទៀត គឺ​ឲ្យ​គាត់​មាន​ជីវិត​យូរ​អង្វែង​រហូត​ដល់​ឃើញ​កូន​ចៅ​របស់​គាត់​ដល់​បួន​ជំនាន់។ (​យ៉ូប ៤២:១០​-​១៣, ១៦​) តើ​កំណត់​ហេតុ​នេះ​អាច​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល ហើយ​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

៦. តើ​ជន​ជាតិ​អ៊ីស្រាអែល​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ដឹង​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៦ របៀប​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​មុន​អាច​ទទួល​ប្រយោជន៍។ ជីវិត​របស់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ស្រុក​អេហ្ស៊ីប​គឺ​មិន​ស្រួល​ទេ។ ជា​ឧទាហរណ៍ យ៉ូស្វេ​និង​កាលែប​បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ទី​នោះ។ ក្រោយ​មក ពួក​គាត់​ត្រូវ​រស់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ឆ្នាំ ដោយ​សារ​ជន​ជាតិអ៊ីស្រាអែល​ឯ​ទៀត​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ បើ​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​អំពី​ទុក្ខ​លំបាក​របស់​យ៉ូប និង​អ្វី​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​គាត់​នៅ​ពេល​ក្រោយ​មក នោះ​ច្បាស់​ជា​ជួយ​ពួក​គេ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ជំនាន់​ក្រោយ​ៗ​មក​ឲ្យ​យល់​ថា អ្នក​ណា​ជា​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា។ ពួក​គេ​ក៏​អាច​យល់​ច្បាស់​ជាង​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា ហើយ​ថា​លោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​និង​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក។

នៅ​ស្រុក​អេហ្ស៊ីប បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​កំពុង​គិត កាល​ដែល​គាត់​លើក​ឥដ្ឋ​ដាក់​គរ​លើ​គ្នា។ នៅ​ជិត​គាត់ បុរស​ជន​ជាតិ​អេហ្ស៊ីប​វាយ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។

ជន​ជាតិ​អ៊ីស្រាអែល​ដែល​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប​អស់​ជា​ច្រើន​ឆ្នាំ ច្បាស់​ជា​បាន​រៀន​អំពី​យ៉ូប​នៅ​ពេល​ក្រោយ​មក។ គំរូ​របស់​គាត់​អាច​ជួយ​ពួក​គេ ​(​សូម​មើល​វគ្គ​៦​)​


៧​-​៨. តើ​សៀវភៅ​យ៉ូប​អាច​ជួយ​ពួក​អ្នក​ដែល​រង​ទុក្ខ​យ៉ាង​ដូច​ម្ដេច? សូម​រៀប​រាប់​អំពី​បទ​ពិសោធន៍​មួយ។

៧ ប្រយោជន៍​ដែល​យើង​អាច​ទទួល។ គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​លែង​មាន​ជំនឿ​លើ​ព្រះ ដោយ​សារ​ពួក​គេ​មិន​យល់​អំពី​មូលហេតុ​ដែល​រឿង​អាក្រក់​កើត​ឡើង​លើ​មនុស្ស​ល្អ​ទេ។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ហេស៊េលbពី​ប្រទេស​រវ៉ាន់ដា។ ពេល​គាត់​នៅ​ក្មេង គាត់​មាន​ជំនឿ​លើ​ព្រះ។ ប៉ុន្តែ​ក្រោយ​មក មាន​អ្វី​អាក្រក់​ជា​ច្រើន​កើត​ឡើង​ក្នុង​ជីវិត​របស់​គាត់។ ឪពុក​ម្ដាយ​របស់​គាត់​បាន​លែង​លះ​គ្នា ហើយ​ម្ដាយ​របស់​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​បុរស​ម្នាក់​ទៀត។ បុរស​នោះ​ប្រព្រឹត្ត​យ៉ាង​អាក្រក់​មក​លើ​បង​ហេស៊េល។ ពេល​បង​ហេស៊េល​មាន​វ័យ​ជំទង់ មាន​បុរស​ម្នាក់​បាន​រំលោភ​គាត់។ គាត់​បាន​ទៅ​កិច្ច​ប្រជុំ​ផ្សេង​ៗ​នៅ​វិហារ​របស់​គាត់​ដើម្បី​ទទួល​ការ​សម្រាល​ទុក្ខ តែ​គាត់​មិន​បាន​ទទួល​ការ​សម្រាល​ទុក្ខ​នៅ​ទី​នោះ​ទេ។ ក្រោយ​មក បង​ហេស៊េល​បាន​សរសេរ​សំបុត្រ​ទៅ​ព្រះ។ ក្នុង​នោះ​គាត់​សរសេរ​ថា​៖ ​«​ឱ​ព្រះ​អើយ ខ្ញុំ​អធិដ្ឋាន​ទៅ​លោក ហើយ​ព្យាយាម​ធ្វើ​ល្អ តែ​លោក​បែរ​ជា​នាំ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា​ទៅ​វិញ។ ឥឡូវ ខ្ញុំ​នឹង​ឈប់​គោរព​ប្រណិប័តន៍​លោក ហើយ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​ខ្ញុំ​សប្បាយ​»។ យើង​ពិត​ជា​អាណិត​បុគ្គល​ដែល​គិត​ដូច​បង​ហេស៊េល ថា​ព្រះ​គឺ​ជា​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា​របស់​ពួក​គេ។

៨ យើង​បាន​រៀន​ពី​សៀវភៅ​យ៉ូប​ថា ព្រះ​មិន​មែន​ជា​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា​របស់​យើង​ទេ តែ​គឺ​សាថាន។ យើង​ក៏​បាន​រៀន​ដែរ​ថា យើង​មិន​គួរ​សន្និដ្ឋាន​ថា អ្នក​ដែល​រង​ទុក្ខ​កំពុង​តែ​ទទួល​ផល​តាម​អ្វី​ដែល​ពួក​គេ​បាន​សាប​ព្រោះ​នោះ​ទេ។ គម្ពីរ​ប្រាប់​យើង​ថា អ្នក​ណា​ក៏​ដោយ​«​អាច​ជួប​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក នៅ​ពេល​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់​»។ (​អទ. ៩:១១; យ៉ូប ៤:១, ៨​) យើង​បាន​រៀន​ថា ពេល​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ស្មោះ​ត្រង់ យើង​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នឹង​ការ​តិះ​ដៀល​របស់​សាថាន។ នោះ​អាច​ជួយ​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​លោក។ (​យ៉ូប ២:៣; សុភ. ២៧:១១​) យើង​សប្បាយ​ដែល​យើង​បាន​រៀន​អ្វី​ទាំង​នេះ​ពី​គម្ពីរ ដោយ​សារ​ឥឡូវ​យើង​ដឹង​អំពី​មូលហេតុ​ដែល​យើង​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​រង​ទុក្ខ​វេទនា។ នៅ​ពេល​ក្រោយ​មក បង​ហេស៊េល​បាន​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​យល់​ថា​ព្រះ​មិន​មែន​ជា​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា​របស់​គាត់​នោះ​ទេ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​ម្ដង​ទៀត​អស់​ពី​ដួង​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​ព្រះ​យេហូវ៉ា​ថា ពេល​ខ្ញុំ​និយាយ​ថា​ខ្ញុំ​ឈប់​បម្រើ​លោក ខ្ញុំ​មិន​មែន​ចង់​ធ្វើ​ដូច្នេះ​ទេ តែ​ខ្ញុំ​និយាយ​អ្វី​ទាំង​នោះ ដោយ​សារ​ខ្ញុំ​មិន​ស្គាល់​លោក​ប៉ុណ្ណោះ។ ឥឡូវ​ខ្ញុំ​យល់​ថា លោក​ស្រឡាញ់​ខ្ញុំ។ ខ្ញុំ​សប្បាយ​និង​ស្កប់​ចិត្ត​ជា​ខ្លាំង​»។ យើង​អរ​សប្បាយ​ដែល​ដឹង​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា! ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​អំពី​របៀប​ដែល​សៀវភៅ​យ៉ូប​អាច​ជួយ​យើង​ផ្ទាល់​ពេល​មាន​ទុក្ខ​លំបាក។

របៀប​ដែល​កំណត់​ហេតុ​របស់​យ៉ូប​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ

៩. តើ​យ៉ូប​មាន​ស្ថានភាព​យ៉ាង​ណា​ពេល​គាត់​អង្គុយ​នៅ​ក្នុង​ផេះ? (​យ៉ាកុប ៥:១១​)

៩ សូម​ស្រមៃ​គិត​អំពី​យ៉ូប​ថា​គាត់​អង្គុយតែ​ម្នាក់​ឯង​នៅ​ក្នុង​ផេះ មាន​ដំបៅ​ពេញ​ខ្លួន ហើយ​ឈឺ​ចាប់​ជា​ខ្លាំង។ ស្បែក​គាត់​ខ្មៅ ហើយ​របក​ចេញ​ពី​រូប​កាយ​ដែល​ស្គម​រីង​រៃ។ យ៉ូប​អស់​កម្លាំង​យ៉ាង​ខ្លាំង។ គាត់​អង្គុយ ហើយ​យក​អំបែង​មក​កោស​ស្បែក ព្រម​ទាំង​ត្អូញត្អែរ​អំពី​ការ​ឈឺ​ចាប់​របស់​គាត់។ ប៉ុន្តែ យ៉ូប​មិន​គ្រាន់​តែ​រស់​ទាំង​វេទនា​ប៉ុណ្ណោះ​ទេ គាត់​កំពុង​ស៊ូ​ទ្រាំ។ (​សូម​អាន យ៉ាកុប ៥:១១​) តើ​អ្វី​បាន​ជួយ​យ៉ូប​ឲ្យ​ស៊ូ​ទ្រាំ?

១០. តើ​អ្វី​បង្ហាញ​ថា​យ៉ូប​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? សូម​ពន្យល់។

១០ យ៉ូប​បាន​ប្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ចំ​ៗ​អំពី​អារម្មណ៍​របស់​គាត់។ (​យ៉ូប ១០:១, ២; ១៦:២០​) ជា​ឧទាហរណ៍ នៅ​ជំពូក​ទី​៣​ប្រាប់​ថា យ៉ូប​ត្អូញត្អែរ​យ៉ាង​ខ្លាំង​អំពី​រឿង​ខ្លោច​ផ្សា​ដែល​បាន​កើត​ឡើង​លើ​គាត់។ គាត់​យល់​ច្រឡំ​ថា​រឿង​ខ្លោច​ផ្សា​ទាំង​នោះ គឺ​មក​ពី​ព្រះ​យេហូវ៉ា។ ក្រោយ​មក បុរស​បី​នាក់​ដែល​ស្គាល់​យ៉ូប​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​ដាក់​ទោស​យ៉ូប​ចំពោះ​ការ​ខុស​ឆ្គង​របស់​គាត់។ ប៉ុន្តែ យ៉ូប​បន្ត​និយាយ​ថា គាត់​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ពាក្យ​សម្ដី​របស់​យ៉ូប​បង្ហាញ​ថា អស់​មួយ​រយៈ​ពេល គាត់​ចាត់​ទុក​ថា​ខ្លួន​សុចរិត​ជាង​ព្រះ។ (​យ៉ូប ១០:១​-​៣; ៣២:១, ២; ៣៥:១, ២​) ប៉ុន្តែ​តាម​ពិត គាត់​សារភាព​ថា ដោយ​សារ​គាត់​ខំ​ប្រឹង​និយាយ​ការ​ពារ​ខ្លួន​ថា​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ ជួន​កាល​គាត់​បាន​«​ពោល​ពាក្យ​ដោយ​មិន​បាន​គិត​»។ (​យ៉ូប ៦:៣, ២៦​) នៅ​ជំពូក​ទី​៣១ យ៉ូប​ចង់​ឲ្យ​ព្រះ​តប​ឆ្លើយ​គាត់ ហើយ​និយាយ​ថា​គាត់​មិន​សម​នឹង​ទទួល​ការ​ដាក់​ទោស​ទេ។ (​យ៉ូប ៣១:៣៥​) ប៉ុន្តែ យ៉ូប​មិន​គួរ​ទទូច​ឲ្យ​ព្រះ​ប្រាប់​គាត់​អំពី​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​វេទនា​ឡើយ។

១១. តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​យ៉ូប​និយាយ​ថា​គាត់​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ?

១១ ឥឡូវ​យើង​យល់​ថា ពេល​យ៉ូប​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​តាម​របៀប​នោះ គឺ​ដោយ​សារ​គាត់​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ទុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​គាត់​យ៉ាង​យុត្តិធម៌។ ពេល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​យ៉ូប​ពី​ខ្យល់​ព្យុះ លោក​មិន​បាន​ប្រាប់​គាត់​យ៉ាង​ល្អិត​ល្អន់​អំពី​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​វេទនា​នោះ​ទេ។ លោក​ក៏​មិន​បាន​ផ្ដន្ទា​ទោស​យ៉ូប​ចំពោះ​ការ​ត្អូញត្អែរ​របស់​គាត់ ឬ​លើក​ឡើង​អំពី​ការ​ដែល​យ៉ូប​និយាយ​ការ​ពារ​ខ្លួន​ថា​ខ្លួន​គ្មាន​កំហុស​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ណែនាំ​យ៉ូប​ដូច​ឪពុក​ណែនាំ​កូន។ នោះ​គឺ​ជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​យ៉ូប។ ជា​លទ្ធផល យ៉ូប​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា ការ​យល់​ដឹង​របស់​គាត់​គឺ​មាន​កម្រិត ហើយ​គាត់​ប្រែ​ចិត្ត​ពី​ការ​ពោល​ពាក្យ​ដោយ​ឥត​បើ​គិត។ (​យ៉ូប ៣១:៦; ៤០:៤, ៥; ៤២:១​-​៦​) តើ​កំណត់​ហេតុ​នេះ​អាច​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល ហើយ​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

១២. តើ​តាម​របៀប​ណា​ជន​ជាតិ​អ៊ីស្រាអែល​អាច​ទទួល​ប្រយោជន៍​ពី​កំណត់​ហេតុ​របស់​យ៉ូប?

១២ របៀប​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​មុន​អាច​ទទួល​ប្រយោជន៍។ ជន​ជាតិ​អ៊ីស្រាអែល​អាច​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យ៉ូប។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ម៉ូសេ។ គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក ការ​ខក​ចិត្ត និង​ការ​ធ្លាក់​ទឹក​ចិត្ត​ជា​ច្រើន ពេល​ដែល​គាត់​នាំ​មុខ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​ច្រើន​តែ​រអ៊ូ​រទាំ​ទាស់​នឹង​ព្រះ​យេហូវ៉ា ពេល​ដែល​ជួប​នឹង​ការ​ពិបាក។ រីឯ​ម៉ូសេ​វិញ គាត់​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​ដច. ១៦:៦​-​៨; ជប. ១១:១០​-​១៤; ១៤:១​-​៤, ១១; ១៦:៤១, ៤៩; ១៧:៥​) គំរូ​របស់​យ៉ូប​ក៏​អាច​ជួយ​ម៉ូសេ​ដែរ ពេល​ដែល​ព្រះ​យេហូវ៉ា​កែ​តម្រង់​គាត់។ ជា​ឧទាហរណ៍ ប្រហែល​ជា​នៅ​ឆ្នាំ​ទី​៤០​ក្នុង​អំឡុង​ការ​ធ្វើ​ដំណើរ​នៅ​តំបន់​ស្ងាត់​ជ្រងំ ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​បោះ​ជំរុំ​នៅ​តំបន់​កាដេស ម៉ូសេ​បាន​និយាយ​«​ដោយ​មិន​គិត​ពិចារណា​»​ ហើយ​មិន​បាន​សរសើរ​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា​ទេ។ (​ចសព. ១០៦:៣២, ៣៣​) ជា​លទ្ធផល ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​ម៉ូសេ​ចូល​ក្នុង​ស្រុក​សន្យា​ទេ។ (​បច. ៣២:៥០​-​៥២​) ការ​ប្រៀន​ប្រដៅ​នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ូសេ​ឈឺ​ចិត្ត តែ​គាត់​ទទួល​យក​ដោយ​ចិត្ត​រាប​ទាប។ ម្យ៉ាង​ទៀត កំណត់​ហេតុ​អំពី​យ៉ូប​អាច​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ជំនាន់​ក្រោយ​ៗ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ។ ដោយ​រំពឹង​គិត​អំពី​កំណត់​ហេតុ​នោះ ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​អាច​រៀន​ឲ្យ​ចេះ​ប្រាប់​អារម្មណ៍​របស់​ពួក​គេ​ដល់​ព្រះ​យេហូវ៉ា ហើយ​ជៀស​វាង​ពី​ការ​គិត​ថា​ខ្លួន​សុចរិត​ជាង​លោក។ ពួក​គេ​ក៏​អាច​រៀន​ដែរ​អំពី​របៀប​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប។

១៣. តើ​តាម​របៀប​ណា​កំណត់​ហេតុ​យ៉ូប​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ? (​ហេប្រឺ ១០:៣៦​)

១៣ ប្រយោជន៍​ដែល​យើង​អាច​ទទួល។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ក៏​ត្រូវ​ស៊ូ​ទ្រាំ​ដែរ។ (​សូម​អាន ហេប្រឺ ១០:៣៦​) ជា​ឧទាហរណ៍ យើង​ខ្លះ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ខាង​ផ្លូវ​កាយ​ឬ​ខាង​ផ្លូវ​ចិត្ត ការ​ពិបាក​ក្នុង​ក្រុម​គ្រួសារ ការ​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់ ឬ​បញ្ហា​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត ជួន​កាល​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឯ​ទៀត ធ្វើ​ឲ្យ​យើង​កាន់​តែ​ពិបាក​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​របស់​យើង។ (​សុភ. ១២:១៨​) ប៉ុន្តែ សៀវភៅ​យ៉ូប​បង្រៀន​យើង​ថា យើង​អាច​ប្រាប់​អារម្មណ៍​ដ៏​កប់​ជ្រៅ​របស់​យើង​ទៅ​ព្រះ​យេហូវ៉ា ទាំង​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ស្ដាប់​យើង។ (​១យ៉ូន. ៥:១៤​) ព្រះ​យេហូវ៉ា​នឹង​មិន​ខឹង​ពេល​យើង​ប្រាប់​អារម្មណ៍​របស់​យើង​ដល់​លោក​នោះ​ទេ សូម្បី​តែ​ពេល​ដែល​យើង​និយាយ​«​ដោយ​មិន​គិត​ពិចារណា​»​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ ព្រះ​នឹង​ផ្ដល់​កម្លាំង​និង​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​យើង​ស៊ូ​ទ្រាំ។ (​២ប្រ. ១៦:៩; យ៉ា. ១:៥​) នៅ​ពេល​ចាំ​បាច់ លោក​ក៏​ប្រហែល​ជា​កែ​តម្រង់​យើង​ដូច​លោក​បាន​កែ​តម្រង់​យ៉ូប​ដែរ។ សៀវភៅ​យ៉ូប​ក៏​បង្រៀន​យើង​អំពី​របៀប​ស៊ូ​ទ្រាំ បើ​យើង​ទទួល​ឱវាទ​ឬ​ការ​ប្រៀន​ប្រដៅ​ពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា អង្គការ​របស់​លោក ឬ​មិត្ត​ភក្តិ​ដែល​មាន​ភាព​ចាស់​ទុំ។ (​ហេ. ១២:៥​-​៧​) ដូច​យ៉ូប​ទទួល​ប្រយោជន៍​ពី​ការ​ទទួល​យក​ការ​កែ​តម្រង់​ដោយ​ចិត្ត​រាប​ទាប យើង​ក៏​ទទួល​ប្រយោជន៍​ពេល​យើង​ព្រម​ទទួល​យក​ការ​កែ​តម្រង់​ដោយ​ចិត្ត​រាប​ទាប​ដែរ។ (​២កូ. ១៣:១១​) យើង​បាន​រៀន​មេ​រៀន​ដ៏​មាន​តម្លៃ​ជា​ច្រើន​ពី​សៀវភៅ​យ៉ូប! ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ប្រើ​កំណត់​ហេតុ​យ៉ូប​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។

ចូរ​ប្រើ​សៀវភៅ​យ៉ូប​ដើម្បី​ជួយ​អ្នក​ឯ​ទៀត

១៤. ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​យើង​អាច​ពន្យល់​យ៉ាង​ណា​អំពី​មូលហេតុ​ដែល​មាន​ទុក្ខ​វេទនា?

១៤ នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ តើ​អ្នក​ធ្លាប់​ជួប​បុគ្គល​ណា​ម្នាក់​ដែល​សួរ​អ្នក​អំពី​មូលហេតុ​ដែល​មាន​ទុក្ខ​វេទនា​ឬ​ទេ? តើ​អ្នក​បាន​ឆ្លើយ​សំណួរ​នោះ​យ៉ាង​ដូច​ម្ដេច? អ្នក​ប្រហែល​ជា​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សួន​អេដែន។ អ្នក​ប្រហែល​ជា​ចាប់​ផ្ដើម​ដោយ​លើក​ឡើង​ថា សាថាន​ដែល​ជា​បុគ្គល​វិញ្ញាណ​ដ៏​អាក្រក់​បាន​កុហក​ប្ដី​ប្រពន្ធ​មួយ​គូ​ដំបូង ហើយ​នោះ​នាំ​ឲ្យ​ពួក​គេ​បះ​បោរ​ប្រឆាំង​ព្រះ។ (​ដក. ៣:១​-​៦​) បន្ទាប់​មក អ្នក​ប្រហែល​ជា​ពន្យល់​ថា ដោយ​សារ​អាដាម​និង​អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ មនុស្ស​រង​ទុក្ខ​វេទនា ហើយ​ស្លាប់។ (​រ៉ូម ៥:១២​) ក្រោយ​មក អ្នក​ប្រហែល​ជា​ពន្យល់​ថា ព្រះ​ទុក​ពេល​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​បុគ្គល​គ្រប់​រូប​ថា​អ្វី​ដែល​សាថាន​និយាយ​គឺ​មិន​ពិត ហើយ​ថា​ព្រះ​ប្រើ​ពេល​វេលា​នោះ​ដើម្បី​ឲ្យ​មនុស្ស​ដឹង​ថា លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់ ហើយ​ពួក​គេ​នឹង​សប្បាយ​នឹង​ជីវិត​ជា​រៀង​រហូត។ (​បប. ២១:៣, ៤​) នេះ​គឺ​ជា​របៀប​វែក​ញែក​ដ៏​ល្អ​មួយ ហើយ​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​មនុស្ស​ល្អ​រង​ទុក្ខ។

១៥. តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​សៀវភៅ​យ៉ូប​ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​សួរ​សំណួរ​អំពី​មូលហេតុ​ដែល​មាន​ទុក្ខ​វេទនា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ របៀប​មួយ​ទៀត​ដែល​យើង​អាច​ពន្យល់​មនុស្ស​អំពី​មូលហេតុ​ដែល​យើង​មាន​ទុក្ខ​វេទនា គឺ​ដោយ​ប្រាប់​ពួក​គេ​អំពី​យ៉ូប។ អ្នក​អាច​ចាប់​ផ្ដើម​ដោយ​សរសើរ​បុគ្គល​ដែល​សួរ​សំណួរ​ដ៏​ល្អ​បែប​នោះ។ បន្ទាប់​មក អ្នក​អាច​និយាយ​ថា យ៉ូប​ដែល​ជា​បុរស​ដ៏​ល្អ​ម្នាក់​ក៏​បាន​សួរ​អំពី​មូលហេតុ​ដែល​គាត់​មាន​ទុក្ខ​វេទនា​ដែរ។ គាត់​បាន​គិត​ថា ព្រះ​បណ្ដាល​ឲ្យ​គាត់​រង​ទុក្ខ​វេទនា។ (​យ៉ូប ៧:១៧​-​២១​) បុគ្គល​ដែល​អ្នក​និយាយ​ជា​មួយ ប្រហែល​ជា​នឹក​អស្ចារ្យ​ដោយ​ដឹង​ថា​តាំង​ពី​យូរ​មក​ហើយ មនុស្ស​ចង់​ដឹង​អំពី​មូលហេតុ​ដែល​យើង​មាន​រង​ទុក្ខ​វេទនា។ ក្រោយ​មក អ្នក​អាច​ពន្យល់​ដោយ​មិន​ធ្វើ​ឲ្យ​ទើស​ចិត្ត​ថា សាថាន​ជា​អ្នក​បណ្ដាល​ឲ្យ​យ៉ូប​រង​ទុក្ខ​វេទនា មិន​មែន​ព្រះ​ទេ។ មេ​កំណាច​សាថាន​និយាយ​ថា មនុស្ស​បម្រើ​ព្រះ​ដោយ​សារ​តែ​លោក​ផ្ដល់​អ្វី​ល្អ​ៗ​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​ពួក​គេ​រង​ទុក្ខ ពួក​គេ​នឹង​ឈប់​បម្រើ​ព្រះ។ អ្នក​អាច​បន្ថែម​ទៀត​ថា ពិត​មែន​តែ​ព្រះ​មិន​មែន​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​យ៉ូប​រង​ទុក្ខ​វេទនា តែ​លោក​បាន​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា​នោះ។ នេះ​បង្ហាញ​ថា ព្រះ​ទុក​ចិត្ត​ថា​មនុស្ស​ស្មោះ​ត្រង់​នឹង​បង្ហាញ​ថា​អ្វី​ដែល​សាថាន​និយាយ​គឺ​ខុស។ ចុង​ក្រោយ អ្នក​អាច​ពន្យល់​ថា នៅ​ពេល​ក្រោយ​មក ព្រះ​បាន​ឲ្យ​ពរ​យ៉ូប​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គាត់។ យ៉ាង​នេះ យើង​អាច​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​ដោយ​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ថា ទុក្ខ​វេទនា​មិន​មែន​មក​ពី​ព្រះ​យេហូវ៉ា​ទេ។

បណ្ដុំ​រូប​ភាព​៖ ១. ស្ត្រី​ម្នាក់​កាន់​រូប​ថត​ទាំង​កើត​ទុក្ខ ក្រោយ​ពី​គាត់​រក​មើល​អីវ៉ាន់​របស់​គាត់​ដែល​នៅ​សេស​សល់​ពី​ភ្លើង​ឆេះ​ព្រៃ។ ២. ក្រោយ​មក ស្ត្រី​នោះ​ដើរ​មក​ជិត​រទេះ​ដាក់​តាំង​សៀវភៅ​សម្រាប់​ផ្សព្វ​ផ្សាយ​សាធារណៈ ដែល​នៅ​ជិត​មជ្ឈមណ្ឌល​ផ្ដល់​ជំនួយ​សម្រាប់​គ្រោះ​មហន្តរាយ ហើយ​ស្ដាប់​បង​ស្រី​យើង​អាន​បទ​គម្ពីរ។

តើ​តាម​របៀប​ណា​អ្នក​អាច​ប្រើ​សៀវភៅ​យ៉ូប​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ឯ​ទៀត​ថា​«​ព្រះ​មិន​ធ្វើ​អំពើ​ទុច្ចរិត​ជា​ដាច់​ខាត​»​? ​(​សូម​មើល​វគ្គ​១៥​)​


១៦. សូម​រៀប​រាប់​បទ​ពិសោធន៍​អំពី​របៀប​ដែល​សៀវភៅ​យ៉ូប​អាច​ជួយ​បុគ្គល​ដែល​រង​ទុក្ខ​វេទនា។

១៦ សូម​គិត​អំពី​របៀប​ដែល​សៀវភៅ​យ៉ូប​បាន​ជួយ​បុរស​ម្នាក់​ឈ្មោះ​ម៉ារីអូ។ នៅ​ឆ្នាំ​២០២១ បង​ស្រី​យើង​ម្នាក់​បាន​ផ្សព្វ​ផ្សាយ​តាម​ទូរសព្ទ។ ពេល​គាត់​ទូរសព្ទ​ជា​លើក​ដំបូង គាត់​បាន​ជួប​ម៉ារីអូ ហើយ​បាន​ប្រាប់​ខ​គម្ពីរ​មួយ។ គាត់​បាន​ពន្យល់​ថា ព្រះ​មិន​គ្រាន់​តែ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចង់​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ​ដែរ។ ពេល​បង​ស្រី​យើង​សួរ​ទស្សនៈ​របស់​ម៉ារីអូ ម៉ារីអូ​បាន​ប្រាប់​បង​ស្រី​យើង​ថា ពេល​បង​ស្រី​យើង​ទូរសព្ទ​មក គាត់​កំពុង​សរសេរ​បណ្ដាំ​ចុង​ក្រោយ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ជឿ​លើ​ព្រះ។ ប៉ុន្តែ​ព្រឹក​នេះ​ខ្ញុំ​គិត​ថា ព្រះ​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ​»។ ក្រោយ​មក ពេល​បង​ស្រី​យើង​ទូរសព្ទ​ទៅ​ម៉ារីអូ​ជា​លើក​ទី​២ ពួក​គេ​បាន​ពិភាក្សា​អំពី​ទុក្ខ​វេទនា​របស់​យ៉ូប។ ម៉ារីអូ​សម្រេច​ចិត្ត​ថា គាត់​ត្រូវ​អាន​សៀវភៅ​យ៉ូប​ទាំង​មូល។ ដូច្នេះ បង​ស្រី​របស់​យើង​បាន​ផ្ញើ​តំណ​ភ្ជាប់​នៃ​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ឲ្យ​ម៉ារីអូ។ តើ​មាន​លទ្ធផល​អ្វី? ម៉ារីអូ​បាន​យល់​ព្រម​សិក្សា​គម្ពីរ ហើយ​សប្បាយ​រៀន​ថែម​ទៀត​អំពី​ព្រះ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។

១៧. ហេតុ​អ្វី​អ្នក​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​រួម​បញ្ចូល​សៀវភៅ​យ៉ូប​ក្នុង​បណ្ដាំ​របស់​លោក? (​យ៉ូប ៣៤:១២​)

១៧ គម្ពីរ​មាន​ឫទ្ធានុភាព​ជួយ​មនុស្ស​ទាំង​អស់ រួម​មាន​ពួក​អ្នក​ដែល​រង​ទុក្ខ​ដែរ។ (​ហេ. ៤:១២​) យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ដែល​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​កំណត់​ហេតុ​អំពី​យ៉ូប​នៅ​ក្នុង​បណ្ដាំ​របស់​លោក! (​យ៉ូប ១៩:២៣, ២៤​) សៀវភៅ​យ៉ូប​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ​«​ពិត​ប្រាកដ​ណាស់ ព្រះ​មិន​ធ្វើ​អំពើ​ទុច្ចរិត​ជា​ដាច់​ខាត​»។ (​សូម​អាន យ៉ូប ៣៤:១២​) សៀវភៅ​យ៉ូប​បង្រៀន​យើង​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា ហើយ​របៀប​ដែល​យើង​អាច​ស៊ូ​ទ្រាំ។ ម្យ៉ាង​ទៀត សៀវភៅ​នេះ​ក៏​ជួយ​យើង​ឲ្យ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​រង​ទុក្ខ​ដែរ។ នៅ​ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​សៀវភៅ​យ៉ូប​អាច​ជួយ​យើង ពេល​យើង​ឲ្យ​យោបល់​អ្នក​ឯ​ទៀត។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​យើង​ទទួល​ប្រយោជន៍​ពី​ការ​យល់​អំពី​មូលហេតុ​ដែល​យ៉ូប​រង​ទុក្ខ​វេទនា?

  • តើ​តាម​របៀប​ណា​កំណត់​ហេតុ​របស់​យ៉ូប​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?

  • តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​កំណត់​ហេតុ​យ៉ូប​ដើម្បី​ជួយ​អ្នក​ឯ​ទៀត?

ចម្រៀង​លេខ​១៥៦ ដោយ​មាន​ជំនឿ

a តាម​មើល​ទៅ យ៉ូប​រស់​នៅ​ក្នុង​រវាង​ការ​ស្លាប់​របស់​យ៉ូសែប​ដែល​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​(​ឆ្នាំ​១៦៥៧ មុន​គ.ស.​) និង​ការ​តែង​តាំង​របស់​ម៉ូសេ​ជា​អ្នក​នាំ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​(​ប្រហែល​ជា​ឆ្នាំ​១៥១៤ មុន​គ.ស.​)។ ការ​សន្ទនា​រវាង​ព្រះ​យេហូវ៉ា​និង​សាថាន ព្រម​ទាំង​ទុក្ខ​លំបាក​ដែល​យ៉ូប​ជួប​ប្រទះ ទំនង​ជា​បាន​កើត​ឡើង​នៅ​អំឡុង​ពេល​ទាំង​នោះ។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក