បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៤ ទំ. ១៣-១៨
  • សាសន៍ដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សាសន៍ដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សាសន៍​មួយ​បាន​ប្រសូត​មក
  • ចំនួន​ខ្ពស់​ថ្មី​នៃ​ពួក​អ្នក​ផ្សាយ
  • «ចូរ​ធ្វើ​កិច្ច​នេះ»
  • ‹មិន​ត្រូវ​លះ​បង់​ការ​ប្រជុំ​គ្នា›
  • «ទទូច​ជំរុញ​ផង»
  • ចូរ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​រហូត​ដល់​ទី​បញ្ចប់
  • ចូរខ្នះខ្នែងប្រព្រឹត្ដអំពើល្អ!
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «ឥឡូវនេះអ្នករាល់គ្នាជារាស្ត្ររបស់ព្រះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៤ ទំ. ១៣-១៨

សាសន៍​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍

«ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ​ត្រង់​បាន​ចូល​មក​ចុះ»។—អេសាយ ២៦:២

១. ហេតុ​អ្វី​ក៏​សេចក្ដី​ថ្លែង​របស់​អេសាយ​អំពី«សាសន៍​សុចរិត»អាច​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល?

នៅ​សព្វ​ថ្ងៃ​នេះ មាន​សាសន៍​គ្រប់​ប្រភេទ។ សាសន៍​ខ្លះ ជា​ប្រជាធិបតេយ្យ ហើយ​ខ្លះ​ទៀត​មាន​អ្នក​គ្រប់​គ្រង​ប្រើ​អំណាច​ផ្ដាច់​ការ។ សាសន៍​ខ្លះ​មាន​ស្តុកស្តម្ភ តែ​សាសន៍​ខ្លះ​ទៀត​ក្រ។ អ្វី​មួយ​ដែល​សាសន៍​ទាំង​នេះ​មាន​ដូច​គ្នា​គឺ៖ ទាំង​អស់​ជា​ផ្នែក​នៃ​លោកីយ៍ ដែល​សាតាំង​ជា​ព្រះ​របស់​គេ។ (កូរិនថូស​ទី​២ ៤:៤) ចំពោះ​រឿង​នេះ ពាក្យ​ដែល​ចែង​មក​នៅ​សៀវភៅ​អេសាយ ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​លោក​អេសាយ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ​ត្រង់​បាន​ចូល​មក​ចុះ»។ (អេសាយ ២៦:២) តើ​មាន​សាសន៍​សុចរិត​មួយ​មែន​ឬ? ត្រូវ​ហើយ សាសន៍​សុចរិត​គឺ​មាន​មែន ពី​ព្រោះ​ទំនាយ​ចង្អុល​ប្រាប់​អំពី​វត្តមាន​នៃ​សាសន៍​សុចរិត​នៅ​សម័យ​យើង​នេះ។ តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​អាច​សម្គាល់​ថា​សាសន៍​មួយ​ណា ជា​សាសន៍​សុចរិត​នោះ?

២. តើ​សាសន៍​សុចរិត​ជា​អ្វី? តើ​អាច​សម្គាល់​បាន​យ៉ាង​ណា?

២ នៅ​ក្នុង​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ អេសាយ ២៦:២​ត្រូវ​បាន​បក​ប្រែ​ថា​សាសន៍​ដែល«រក្សា​សេចក្ដី​ស្មោះ​ត្រង់»។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស បក​ប្រែ​ខ​នេះ​ថា «សាសន៍​សុចរិត​ដែល​រក្សា​សេចក្ដី​ពិត»។ សេចក្ដី​បក​ប្រែ​ទាំង​ពីរ​នេះ​ជា​ការ​សម​ត្រឹម​ត្រូវ​ណាស់។ តាម​ការ​ពិត សាសន៍​សុចរិត​អាច​សម្គាល់​ឃើញ​បាន​យ៉ាង​ស្រួល ពី​ព្រោះ​នេះ​ជា​សាសន៍​តែ​មួយ​គត់​នៅ​លើ​ផែនដី ដែល​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ​ជា​ស្តេច ដូច្នេះ​មិន​មែន​ជា​ផ្នែក​នៃ​លោកីយ៍​របស់​សាតាំង​ទេ។ (យ៉ូហាន ១៧:១៦) ម្ល៉ោះ​ហើយ​បាន​ជា​សមាជិក​នៃ​សាសន៍​សុចរិត​នេះ ត្រូវ​បាន​ល្បី​ចំពោះ​ការ‹រក្សា​ចរិយា​របស់​គេ​ដ៏​ល្អ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ›។ ពួក​គេ​ដឹក​នាំ​ជីវភាព​បែប​ដែល​លើក​តំកើង​ដល់​ព្រះ។ (ពេត្រុស​ទី​១ ២:១២) ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​គេ​នៅ​ទី​កន្លែង​ណា​ក៏​ដោយ​ក្នុង​ពិភព​លោក​នេះ ពួក​គេ​ជា​ផ្នែក​នៃ«ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ៣:១៥) ក្នុង​ការ​គាំទ្រ​សេចក្ដី​ពិត​នេះ ពួក​គេ​បដិសេធ​ទស្សនៈ​វិជ្ជា​នៃ​ពាហិរជន​ដែល​បាន​បង្រៀន​ដោយ​ពិភព​គ្រីស្ទ​សាសនា ហើយ​ពួក​គេ​គាំទ្រ«ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ»—គឺ​ព្រះ​គម្ពីរ​ដែល​ជា​ពាក្យ​បន្ទូល​របស់​ព្រះ។ (ពេត្រុស​ទី​១ ២:២) ថែមទៀត​នោះ ពួក​គេ​ខំ​ខ្នះ​ខ្នែង​ផ្សាយ​ដំណឹង​ល្អ«ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ»។ (កូល៉ុស ១:២៣) តើ​អាច​មាន​ការ​សង្ស័យ​ណា​អំពី​សាសន៍​នេះ​ដែល​បាន​ផ្គុំ​ឡើង​ពី​ពួក​អ្នក​សំណល់«អ៊ីស្រាអែល​នៃ​ព្រះ»ជា​ក្រុម​ជំនុំ​នៃ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទេ? គឺ​គ្មាន​ការ​សង្ស័យ​សោះ​ឡើយ។—កាឡាទី ៦:១៦

សាសន៍​មួយ​បាន​ប្រសូត​មក

៣. សូម​ពិពណ៌នា​អំពី​របៀប​ដែល​សាសន៍​សុចរិត​បាន​ប្រសូត​មក។

៣ តើ«សាសន៍​សុចរិត»នេះ​បាន​ចាប់​កំណើត​មក​នៅ​ពេល​ណា? ការ​ចាប់​ផ្ដើម​នៃ​សាសន៍​សុចរិត​នេះ ត្រូវ​បាន​ទាយ​មក​នៅ​ក្នុង​សៀវភៅ​អេសាយ។ នៅ​អេសាយ ៦៦:៧, ៨ យើង​អាន​ថា៖ «មុន​ដែល[ក្រុង​ស៊ីយ៉ូន]ឈឺ​ពោះ នោះ​បាន​សំ​រាល​កូន​មក មុន​ដែល​កើត​ឈឺ​ចាប់ នោះ​បាន​បង្កើត​កូន​ប្រុស​១​ហើយ . . . ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ​ចាប់ នោះ​ក៏​បាន​សំ​រាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម»។ ជា​ការ​គួរ​ឲ្យ​ចំ​ឡែក​មែន ក្រុង​ស៊ីយ៉ូន​ដែល​ជា​អង្គការ​សួគ៌ា​របស់​ព្រះ​នឹង​បង្កើត«កូន​ប្រុស​១» មុន​នឹង​នាង​ឈឺ​ពោះ​ទៅ​ទៀត។ នៅ​ឆ្នាំ​១៩១៤ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ស្ថាន​សួគ៌។ (វិវរណៈ ១២:៥) ក្រោយ​ពី​កូន​ប្រុស​នេះ​បាន​ប្រសូត​មក សាសន៍​ជា​ច្រើន​បាន​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ ហើយ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​រង​ទុក្ខ​ការ​ទុក្ខ​ព្រួយ​និង​ការ​បៀត​បៀន។ នៅ​ទី​បំផុត ក្នុង​ឆ្នាំ​១៩១៩ សាសន៍​ខាង​វិញ្ញាណ«កូន​ប្រុស»បាន​ប្រសូត​ឡើង​នៅ​លើ​ផែនដី។ ដូច្នេះ ក្រុង​ស៊ីយ៉ូន‹បាន​សម្រាល​កូន​ប្រុស​ទាំង​ប៉ុន្មាន›—ជា​សមាជិក​ចាក់​ប្រេង​តាំង​នៃ«សាសន៍​សុចរិត»ថ្មី ហើយ​កូន​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​សំរាប់​កិច្ច​ការ​ផ្សាយ​ដែល​កំពុង​តែ​រីក​ចំរើន​ជា​និច្ច។—ម៉ាថាយ ២៤:៣, ៧, ៨,១៤; ពេត្រុស​ទី​១ ២:៩

៤. ហេតុ​អ្វី​ក៏​សាសន៍​សុចរិត​របស់​ព្រះ ត្រូវ​តែ​ខំ​ត​ស៊ូ​ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍?

៤ តាំង​ពី​កំណើត​មក សាសន៍​នេះ​បាន​ជួប​ប្រទះ​ការ​សាក​ល្បង​ជា​ខ្លាំង​ចំពោះ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍។ ហេតុ​អ្វី? នៅ​ពេល​ដែល​ព្រះ​រាជាណាចក្រ​សួគ៌ា​បាន​ប្រសូត​មក សាតាំង​និង​ពួក​បិសាច​របស់​វា​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌​មក​លើ​ផែនដី​នេះ។ សម្លេង​មួយ​យ៉ាង​ខ្លាំង​បាន​ប្រកាស​ថា៖ «ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ​ចេស្ដា នឹង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ​គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ គេ​បាន​ឈ្នះ​វា។ ដោយ​សារ​ព្រះ​លោហិត​នៃ​កូន​ចៀម ហើយ​ដោយ​សារ​សេចក្ដី​បន្ទាល់​របស់​គេ ក៏​មិន​បាន​ស្ដាយ​ជីវិត​ខ្លួន​ដរាប​ដល់​ស្លាប់»។ សាតាំង​បាន​ប្រតិកម្ម​ចំពោះ​ព្រឹត្ដិការណ៍​ដែល​បាន​ផ្លាស់​ប្ដូរ​នេះ ដោយ​មាន​កំហឹង​យ៉ាង​ខ្លាំង «ហើយ​ចេញ​ទៅ​ច្បាំង​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ»។ ថ្វី​បើ​បាន​ជួប​ប្រទះ​នឹង​ការ​ប្រយុទ្ធ​របស់​សាតាំង​ដ៏​សាហាវ​ក្ដី ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ឈរ​យ៉ាង​មាំ​មួន។ មក​ដល់​សព្វ​ថ្ងៃ​នេះ សមាជិក​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​នៃ​សាសន៍​សុចរិត​របស់​ព្រះ អនុវត្ត​ជំនឿ​ទៅ​លើ​ការ​លោះ​នៃ​លោហិត​របស់​ព្រះ​យេស៊ូ ហើយ​បន្ត​ផ្ដល់​ចម្លើយ​ទៅ​ព្រះ​យេហូវ៉ា​ចំពោះ​សាតាំង ដោយ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍«ដរាប​ដល់​ស្លាប់»។—វិវរណៈ ១២:១, ៥ ៩​-​១២,១៧; សុភាសិត ២៧:១១

៥. តើ​អាកប្បកិរិយា​ដ៏​ប្រសើរ​អ្វី​នៃ​ស្មរបន្ទាល់​នៅ​សម័យ​ថ្មី ដែល​បាន​ជួយ​ពួក​គេ​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍?

៥ ក្នុង​ឆ្នាំ​១៩១៩ នៅ​ពេល​ដែល​កិច្ច​ការ​ផ្សាយ​នៅ​សម័យ​ថ្មី​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​ឡើង សិស្ស​ព្រះ​គម្ពីរ ដែល​ជា​ឈ្មោះ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពី​ដើម មាន​ចំនួន​តិច​មែន ប៉ុន្តែ​ពួក​គេ​មាន​ជំនឿ​យ៉ាង​ខ្លាំង​មាំ​មួន។ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​សមាជិក​គ្រឹះ​នៃ‹ទី​ក្រុង​១​ដ៏​មាំ​មួន ដែល​សេចក្ដី​សង្គ្រោះ​ទុក​ជា​កំផែង ហើយ​ជា​ទី​ការ​ពារ›។ ពួក​គេ​ទុក​ចិត្ត​ទៅ​លើ«ព្រះ​យេហូវ៉ា[ដែល]ទ្រង់​ជា​ថ្ម​ដា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ (អេសាយ ២៦:១, ៣, ៤) ដូច​លោក​ម៉ូសេ​ដែរ ពួក​គេ​បាន​ប្រកាស​ថា៖ «ទ្រង់​ជា​ថ្ម​ដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល៍​ក្ខ​ណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្ដិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់»។—ចោទិយកថា ៣២:៣, ៤

៦. តើ​តាម​វិធី​ណា​ខ្លះ ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ប្រសិទ្ធពរ​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ?

៦ តាំង​ពី​ពេល​នោះ​មក ទ្វារ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​បើក​ចំហ​ដល់​មនុស្ស​ទាំង​ឡាយ។ ជា​មុន​ដំបូង ពួក​អ្នក​សំណល់​នៃ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​មាន​ចំនួន​១៤៤.០០០​នាក់ ត្រូវ​បាន​ប្រមូល​មក ហើយ​ឥឡូវ​នេះ មនុស្ស​មួយ​ហ្វូង​ធំ​នៃ«ចៀម​ឯ​ទៀត»កំពុង​តែ​ចូល​រួម​ក្នុង​ការ​ប្រកាស​គោលបំណង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ (យ៉ូហាន ១០:១៦) ដូច្នេះ គេ​អាច​ប្រកាស​ដោយ​អំណរ​ថា៖ «ទ្រង់​បាន​ចំរើន​សាសន៍​នេះ ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​បាន​ចំរើន​សាសន៍​នេះ​ហើយ គេ​លើក​ដំកើង​ទ្រង់​ឡើង ទ្រង់​បាន​វាត​ព្រំ​ស្រុក​ឲ្យ​ធំ​ទូលាយ​ទៅ»។ (អេសាយ ២៦:១៥) កាល​ដែល​យើង​ពិនិត្យ​មើល​ស្រែ​លោកីយ៍​នៅ​សព្វ​ថ្ងៃ​នេះ យើង​ឃើញ​ថា​ពាក្យ​ទាំង​នេះ​គឺ​ពិត​ណាស់! តាម​រយៈ​ឫទ្ធានុភាព​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ការ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ​ដែល​នឹង​មក​ដល់​ឆាប់​ៗ​នេះ ត្រូវ​បាន​ធ្វើ​ឡើង«រហូត​ដល់​ចុង​ផែនដី​បំផុត»។ (កិច្ច​ការ ១:៨) ទំហំ​នៃ​ការ​ពង្រីក​នេះ អាច​ស្ទង់​ឃើញ​នៅ​ក្នុង​របាយការណ៍​នៃ​កិច្ច​បំរើ​ប្រចាំ​ឆ្នាំ​១៩៩៤​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ពិភព​លោក។

ចំនួន​ខ្ពស់​ថ្មី​នៃ​ពួក​អ្នក​ផ្សាយ

៧, ៨. តើ​មាន​ទី​សំអាង​ណា​ខ្លះ ដែល​ថា​ប្រជារាស្ត្រ​របស់​ព្រះ បាន‹ពង្រីក​ខ្សែ​ត្រសាល​របស់​គេ​នោះ›?

៧ ចូរ​ពិចារណា​អំពី​គោល​សំខាន់​ខ្លះ​ៗ​នៃ​របាយការណ៍​នេះ។ ចំនួន​ខ្ពស់​នៃ​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​បាន​ឡើង​ដល់ ៤.៩១៤.០៩៤​នាក់! ជា​ការ​គួរ​ឲ្យ​រំភើប​ណាស់ ក្នុង​ការ​ឃើញ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម​ទាំង​ពាក់​អាវ​ស​វែង»ដែល​កំពុង​តែ​ប្រមូល​ចូល​ជា​និច្ច! ត្រូវ​ហើយ ពួក​គេ​ក៏​បាន​បង្ហាញ​ថា​ជា​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ដែរ។ ពួក«គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម» គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​សុចរិត ពី​ព្រោះ​ពួក​គេ​បាន​អនុវត្ត​ជំនឿ​ទៅ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។—វិវរណៈ ៧:៩, ១៤

៨ ជា​ពិសេស តាំង​ពី​ឆ្នាំ​១៩១៩ សេចក្ដី​ប្រកាស​នេះ​បាន​បន្លឺ​ឡើង​ទៅ​ដល់​អង្គការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ថា៖ «ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​ឯង​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់​ឯង​ទៅ កុំ​ឲ្យ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចំ​រឹង​ឲ្យ​មាំ​ឡើង​ចុះ»។ (អេសាយ ៥៤:២) ក្នុង​ការ​តប​ឆ្លើយ កិច្ច​ការ​ផ្សាយ​បាន​បន្ត​ទៅ​មុខ​ឥត​ចុះ​ថយ​ឡើយ រហូត​ដល់​តំបន់​យូ​កុន​ដ៏​ត្រជាក់ ដែល​នៅ​ជិត​ព្រំ​ដែន​នៃ​រដ្ឋ​អាឡាស្កា ដែល​ពួក​អ្នក​ត្រួស​ត្រាយ​មួយ​ក្រុម​មិន​ចាញ់​ធាតុ​អាកាស​ត្រជាក់ បាន​ស៊ូ​ទ្រាំ​រហូត​ដល់​៤០​ឬ​៥០​អង្សា​ក្រោម​សូន្យ​ជា​ច្រើន​សប្ដាហ៍។ នៅ​ឆ្នាំ​ថ្មី​ៗ​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ប្រមូល​គ្នា​មក​ចូល​ក្នុង​សាសន៍​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​ព្រះ​យេហូវ៉ា។ ទ្វារ​បាន​បើក​ចំហ​យ៉ាង​ធំ​ដើម្បី​ទទួល​មនុស្ស​ពី​ប្រទេស​អាស៊ី ដែល​នៅ​ខាង​ក្រៅ​នៃ​ពិភព​គ្រីស្ទ​សាសនា ពី​ប្រទេស​កុម្មុយនិស្ត​ពី​មុន ពី​ប្រទេស​អាហ្វ្រិក​ផ្សេង​ៗ និង​ពី​ប្រទេស​ដែល​សាសនា​កាតូលិក​ត្រួត​ត្រា ដូច​ជា​ប្រទេស​អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គេ​ល និង​ទ្វីប​អាមេរិក​ខាង​ត្បូង។ អាណិកជន​ជា​ច្រើន​បាន​រើ​ទៅ​នៅ​ប្រទេស​ផ្សេង​ៗ ហើយ​នេះ​បាន​បើក​តំបន់​ផ្សាយ​សំរាប់​ភាសា​បរទេស​ជា​ច្រើន។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អង់គ្លេស ស្មរបន្ទាល់​កំពុង​តែ​ថែ​រក្សា​សេចក្ដី​ត្រូវ​ការ​នៃ​ពួក​អាណិកជន​១៣​ក្រុម។

«ចូរ​ធ្វើ​កិច្ច​នេះ»

៩. តើ​ចំនួន​មនុស្ស​មក​ធ្វើ​ពិធី​បុណ្យ​រំឭក​នៅ​ឆ្នាំ​១៩៩៤​បញ្ជាក់​អ្វី?

៩ គោល​សំខាន់​មួយ​ទៀត​នៃ​របាយការណ៍​ប្រចាំ​ឆ្នាំ គឺ​ចំនួន​មនុស្ស​ដែល​បាន​មក​ពិធី​បុណ្យ​រំឭក។ មុន​នឹង​ទ្រង់​បាន​ទទួល​មរណភាព ព្រះ​យេស៊ូ​បាន​តែង​តាំង​ពិធី​ធ្វើ​បុណ្យ​មួយ សំរាប់​រំឭក​ដល់​មរណភាព​របស់​ទ្រង់ ហើយ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា៖ «ចូរ​ធ្វើ​កិច្ច​នេះ ទុក​ជា​សេចក្ដី​រំឭក​ពី​ខ្ញុំ​ចុះ»។ (កូរិនថូស​ទី​១ ១១:២៤) ជា​ការ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់ ដោយ​ឃើញ​មាន​មនុស្ស​១២.២៨៨.៩១៧​នាក់​ក្នុង​ឆ្នាំ​១៩៩៤—ជា​ច្រើន​មួយ​ជា​ពីរ​នៃ​ចំនួន​អ្នក​ផ្សាយ​ដ៏​សកម្ម​ទៅ​ទៀត—ដែល​បាន​ប្រមូល​គ្នា​មក ក្នុង​ការ​គោរព​បញ្ជា​នេះ ជា​អ្នក​ទទួល​ទាន ឬ​ជា​អ្នក​ទស្សនៈ។ នៅ​ក្នុង​ប្រទេស​ខ្លះ អនុ​បាត​នៃ​មនុស្ស​ដែល​មក​ពិធី​បុណ្យ​រំឭក​គឺ​មាន​ច្រើន​ជាង​អ្នក​ផ្សាយ​ទៅ​ទៀត។ ពួក​អ្នក​ផ្សាយ​ដែល​មាន​ចំនួន​៤០៤៩​នាក់​នៅ​ប្រទេស អេសស្ទនញ៉ា ឡាតវា និង​លីហ្សូអេនញ៉ា មាន​សេចក្ដី​សប្បាយ​រីករាយ​ណាស់ ដែល​មាន​មនុស្ស​១២.៨៧៦​នាក់​បាន​មក​ពិធី​បុណ្យ​រំឭក ដែល​មាន​ជាង​មួយ​ជា​បី​នៃ​ពួក​អ្នក​ផ្សាយ​នៅ​ទី​នោះ។ ហើយ​នៅ​ប្រទេស​បិននិន ចំនួន​មនុស្ស​ដែល​បាន​មក​ពិធី​បុណ្យ​រំឭក​១៦.៧៨៦ គឺ​តំណាង​ចំនួន​ជិត​មួយ​ជា​ប្រាំ​ដង​នៃ​ចំនួន​អ្នក​ផ្សាយ។ នៅ​ក្នុង​ក្រុម​ជំនុំ​មួយ ដែល​មាន​អ្នក​ផ្សាយ​ប្រមាណ​៤៥​នាក់ មាន​មនុស្ស​មក​ធ្វើ​បុណ្យ​រំឭក​ដល់​ទៅ​៨៣១​នាក់!

១០. (ក) តើ​ចំនួន​មនុស្ស​ជា​ច្រើន​ដែល​បាន​មក​ពិធី​បុណ្យ​រំឭក បាន​ធ្វើ​ឲ្យ​យើង​មាន​ភារកិច្ច​អ្វី? (ខ) សូម​រៀប​រាប់​ពី​ហេតុ​ការណ៍​ដែល​អាច​កើត​ឡើង នៅ​ពេល​បុគ្គល​ម្នាក់​ដែល​បាន​មក​បុណ្យ​រំឭក បាន​ទទួល​ជំនួយ​ទៀត​នោះ។

១០ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ​ណាស់ ដែលមាន​មនុស្ស​ចំណូល​ចិត្ត​ជា​ច្រើន​បាន​ចូល​រួម​ជា​មួយ​គេ​ក្នុង​ពិធី​ដ៏​ប្រសើរ​នេះ។ ឥឡូវ​នេះ ពួក​គេ​ចង់​ជួយ​ពួក​ទាំង​នេះ​ឲ្យ​រីក​ចំរើន​ត​ទៅ​មុខ​ទៀត ក្នុង​ការ​យល់​និង​ការ​ស្រឡាញ់​សេចក្ដី​ពិត។ មនុស្ស​ខ្លះ​ប្រហែល​ជា​បាន​តប​ឆ្លើយ​ដូច​អាឡា​នៅ​ប្រទេស​រុស្សី​ដែរ។ អាឡា​បាន​រៀន​ព្រះ​គម្ពីរ​ជា​មួយ​បង​ស្រី​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ប៉ុន្តែ​ពុំ​បាន​មាន​ការ​រីក​ចំរើន​ទេ ដូច្នេះ​ក៏​បាន​ឈប់​ការ​រៀន​ព្រះ​គម្ពីរ​ទៅ។ ប៉ុន្តែ អាឡា​បាន​យល់​ព្រម​មក​ពិធី​បុណ្យ​រំឭក។ កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ បាន​ធ្វើ​ឲ្យ​នាង​មាន​ចិត្ត​រំភើប​ណាស់។ នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ នាង​ក៏​បាន​បោះ​ចោល​រូប​សំណាក​ទាំង​អស់ ហើយ​បាន​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។ ពីរ​ថ្ងៃ​ក្រោយ​មក បង​ស្រី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ក៏​បាន​មក​ជួប​អាឡា ដើម្បី​ចង់​ដឹង​ថា​តើ​នាង​យល់​យ៉ាង​ណា​អំពី​ពិធី​បុណ្យ​រំឭក​នោះ។ ការ​ពិភាក្សា​រវាង​អ្នក​ទាំង​ពីរ ក៏​បាន​ទទួល​លទ្ធផល​ដ៏​ល្អ។ អាឡា​ក៏​ចាប់​ផ្ដើម​រៀន​ព្រះ​គម្ពីរ​ឡើង​វិញ។ មិន​យូរ​ប៉ុន្មាន​នាង​ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សាយ​ដែរ។ ការ​ពិសោធន៍​នេះ​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​ការ​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​បាន​មក​ពិធី​រំឭក។ មនុស្ស​ជា​ច្រើន​នឹង​ច្បាស់​ជា​តប​ឆ្លើយ​ដូច​អាឡា​ដែរ។

‹មិន​ត្រូវ​លះ​បង់​ការ​ប្រជុំ​គ្នា›

១១​-​១៣. (ក) តើ​ផ្នែក​នៃ​ចរិយា​ដ៏​ស្មោះ​ត្រង់​នៃ​សាសន៍​សុចរិត​ជា​អ្វី? (ខ) ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ត្រូវ​ការ​មក​ប្រជុំ​ជា​ចាំ​បាច់?

១១ ពិធី​បុណ្យ​រំឭក​ជា​កិច្ច​ប្រជុំ​ដ៏​សំខាន់​បំផុត​ក្នុង​ប្រក្រតី​ទិន​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ប៉ុន្តែ​នេះ​មិន​មាន​សេចក្ដី​ថា មាន​កិច្ច​ប្រជុំ​តែ​មួយ​ប៉ុណ្ណោះ​ទេ។ ជា​រៀង​រាល់​សប្ដាហ៍ ពួក​ស្មរបន្ទាល់​មក​រួប​រួម​គ្នា ក្នុង​ការ​ស្ដាប់​បង្គាប់​តាម​ពាក្យ​របស់​សាវ័ក​ប៉ុល៖ «ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង។ ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។ (ហេព្រើរ ១០:២៤, ២៥) ពួក​គេ​ចូល​រួម​ជា​មួយ​នឹង​សាសន៍​សុចរិត​របស់​ព្រះ​យេហូវ៉ា ដែល​អាច​សម្គាល់​បាន​តាម​រយៈ​ចរិយា​ដ៏​ស្មោះ​ត្រង់។ ចរិយា​ដ៏​ស្មោះ​ត្រង់ រួម​បញ្ចូល​ទាំង​ការ​មក​ប្រជុំ​ដ៏​ទៀង​ទាត់​ដែរ។

១២ នេះ​ត្រូវ​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពិន ដែល​ចំនួន​មនុស្ស​ជា​មធ្យម​មក​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​មាន​១២៥​ភាគ​រយ​នៃ​ចំនួន​ពួក​អ្នក​ផ្សាយ។ ចំពោះ​ក្រុម​ស្មរបន្ទាល់​និង​បុគ្គល​ចំណូល​ថ្មី​នៅ​ប្រទេស​អារ្សងទីន ពួក​គេ​ក៏​យល់​ច្បាស់​អំពី​សេចក្ដី​បង្គាប់​នេះ​ដែរ។ ពួក​គេ​រស់​នៅ​ប្រមាណ​២០​គីឡូ​ម៉ែត្រ​ពី​សាល​ព្រះ​រាជាណាចក្រ។ យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​បាន​រាយ​ការណ៍​មក​ថា គ្មាន​អ្នក​ណា​មួយ​ខាន​មក​កិច្ច​ប្រជុំ​ឡើយ លើក​លែង​តែ​នៅ​ពេល​ឈឺ​ប៉ុណ្ណោះ។ ពួក​គេ​ធ្វើ​ដំណើរ​ជិះ​រទេះ​សេះ​ឬ​ក៏​ជិះ​សេះ​អស់​រយៈ​បួន​ម៉ោង ហើយ​ក្នុង​កំឡុង​រដូវ​ត្រជាក់ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ទាំង​យប់។

១៣ កាល​ដែល​ទី​បញ្ចប់​នៃ​ប្រព័ន្ធ​នេះ​កាន់​តែ​ជិត​មក​ដល់ ជីវិត​រឹត​តែ​ពិបាក​ឡើង​ៗ បញ្ហា​រឹត​តែ​មាន​ច្រើន​ឡើង​ៗ ហើយ​ការ​មក​ឯ​កិច្ច​ប្រជុំ​ឲ្យ​បាន​ទៀត​ទាត់​ក៏​អាច​ជា​កិច្ច​ការ​ដ៏​ពិបាក​មួយ​ដែរ។ ប៉ុន្តែ​នៅ​ក្រោម​កាលៈទេសៈ​បែប​នេះ យើង​ត្រូវ​ការ​ម្ហូប​អាហារ​ខាង​វិញ្ញាណ​និង​មិត្តភាព​ដ៏​កក់​ក្ដៅ​ជា​ច្រើន ដែល​អាច​រក​បាន​នៅ​ឯ​កិច្ច​ប្រជុំ​តែ​ប៉ុណ្ណោះ។

«ទទូច​ជំរុញ​ផង»

១៤. ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដឹង​នូវ​ភាព​បន្ទាន់​នៃ​កិច្ច​បំរើ​របស់​គេ ហើយ​តើ​លទ្ធផល​អ្វី​ដែល​សម្ដែង​អំពី​រឿង​នេះ?

១៤ ឆ្នាំ​មុន​នេះ សាសនា​កាតូលិក​នៅ​ក្នុង​ប្រទេស​អ៊ីតាលី បាន​សំដៅ​ទៅ​កិច្ច​ការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា«ការ​បញ្ចុះ​បញ្ចូល​យ៉ាង​គឃ្លើន​និង​ទ្រ​គោះ»។ ប៉ុន្តែ គឺ​គ្មាន​អ្វី​ដែល​ពិត​ជា​គឃ្លើន​និង​ទ្រ​គោះ​អំពី​កិច្ច​បំរើ​របស់​ស្មរបន្ទាល់​ទេ។ ផ្ទុយ​ទៅ​វិញ កិច្ច​បំរើ​របស់​គេ ជា​ការ​សម្ដែង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ជិត​ខាង។ ហើយ​នេះ​ក៏​ជា​ការ​ជាក់​ស្តែង​នៃ​ការ​ស្ដាប់​បង្គាប់​តាម​ពាក្យ​របស់​ប៉ុល​ដែរ៖ «ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្ដី»។ (ធីម៉ូថេ​ទី​២ ៤:២) ការ​ដឹង​នូវ​ភាព​បន្ទាន់​នៃ​កិច្ច​ការ​នេះ ជំរុញ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បំរើ​របស់​គេ ដូច​ជា​បាន​ឃើញ​ក្នុង​ការ​ចំណាយ​ពេល​សរុប​អស់​១.០៩៦.០៦៥.៣៥៤​ម៉ោង​នៅ​ឆ្នាំ​១៩៩៤​គឺ​ជា​ការ​ដើរ​ផ្សាយ​ទៅ​អ្នក​ជិត​ខាង ការ​ត្រឡប់​ទៅ​ជួប និង​ការ​បង្រៀន​ព្រះ​គម្ពីរ​ដល់​សិស្ស​ចំនួន​៤.៧០១.៣៥៧​នាក់។ ស្មរបន្ទាល់​ជា​ច្រើន​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ត្រួស​ត្រាយ​ពេញ​ពេល ដែល​បង្ហាញ​នូវ​គតិ​នៃ​ការ​ត្រួស​ត្រាយ​កំពុង​តែ​ចំរើន​បាន​ល្អ។ អ្នក​ត្រួស​ត្រាយ​នៅ​ពាស​ពេញ​ពិភព​លោក ដែល​ជា​មធ្យម​មាន​៦៣៦.២០២​នាក់​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​នេះ។

១៥, ១៦. តើ​មនុស្ស​ក្មេង​ចាស់​បាន​សម្ដែង​គំនិត​ត្រួស​ត្រាយ​តាម​របៀប​ណា?

១៥ ក្នុង​ចំណោម​ពួក​អ្នក​ត្រួស​ត្រាយ​ទាំង​នេះ គឺ​មាន​ក្មេង​ជំទង់​ជា​ច្រើន។ នៅ​សហរដ្ឋ​អាមេរិក ឥឡូវ​នេះ ក្មេង​ជំទង់​ខ្លះ​កំពុង​តែ​បំរើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល នៅ​កំឡុង​មធ្យម​សិក្សា ដើម្បី​ផ្សាយ​ទៅ​សិស្ស​គ្នី​គ្នា។ យុវជន​ទាំង​នេះ​បាន​ឃើញ​ថា នេះ​ជា​របៀប​ដ៏​ប្រសើរ ក្នុង​ការ​ការ​ពារ​ខ្លួន​គេ​ពី​គ្រឿង​ញៀន អំពើ​អសីលធម៌ និង​អំពើ​ឃោរឃៅ​ដែល​រាល​ដាល​ពាស​ពេញ​សាលា​នៅ​ក្នុង​ប្រទេស។ ក្មេង​ជំទង់​ជា​ច្រើន​ទៀត​មាន​គោល​ដៅ​នឹង​ត្រួស​ត្រាយ នៅ​ពេល​ដែល​គេ​ចាក​ចេញ​ពី​សាលា។ អៃរិណា​ដែល​រស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​នៅ​ពេល​ដែល​នាង​នៅ​មធ្យម​សិក្សា ដើម្បី​រៀបចំ​ខ្លួន​សំរាប់​ការ​ត្រួស​ត្រាយ​ពេញ​ពេល ក្រោយ​ពី​រៀន​ចប់។ នៅ​ពេល​ដែល​នាង​រៀន​ចប់ គ្រួសារ​របស់​នាង​បាន​ជួយ​នាង​ខាង​ប្រាក់​កាស ដើម្បី​ឲ្យ​នាង​អាច​តំណាង​គ្រួសារ​របស់​នាង ក្នុង​កិច្ច​បំរើ​ត្រួស​ត្រាយ​ពេញ​ពេល។ បើ​និយាយ​ខាង​សេដ្ឋកិច្ច​នោះ ប្រទេស​អ៊ុយក្រែន​មិន​ជា​ស្រួល​ទេ។ ប៉ុន្តែ អៃរិណា​បាន​និយាយ​ថា៖ ខ្ញុំ​ដឹង​ថា ខ្ញុំ​ធ្វើ​ការ​ដែល​ផ្ដល់​ឲ្យ​ជីវិត មិន​មែន​សំរាប់​ខ្ញុំ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​សំរាប់​អស់​អ្នក​ដែល​ខ្ញុំ​ប្រាប់​ទៅ​ដែរ»។ ជា​ការ​គួរ​ឲ្យ​សប្បាយ​រីករាយ​ណាស់ ដោយ​ឃើញ​ក្មេង​ជំទង់​ៗ​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​មាន​គំនិត​ដូច​អៃរិណា​ដែរ។ ចំពោះ​ពួក​គេ គឺ​គ្មាន​ផ្លូវ​ណា​ប្រសើរ​ជាង‹ការ​នឹក​ចាំ​ពី​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​គេ ក្នុង​កាល​នៅ​យុវវ័យ​ឡើយ›?—សាស្ដា ១២:១

១៦ ពួក​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ជា​ច្រើន គឺ​កាន់​តែ​ចាស់​ទៅ​ហើយ។ បង​ប្អូន​ស្រី​ម្នាក់​រាយ​ការណ៍​ថា ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ ឪពុក​និង​បង​ប្អូន​ប្រុស​របស់​នាង​ត្រូវ​បាន​ស្លាប់​ទៅ កាល​ដែល​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម ចំណែក​ឯ​ម្ដាយ​និង​បង​ប្អូន​ស្រី​របស់​នាង​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​តំបន់​អ្នក​ទី​ទ័ល​ក្រ​រស់​នៅ។ ក្រោយ​មក កូន​ប្រុស​របស់​នាង​បាន​ស្លាប់​ទៅ។ ឥឡូវ​នេះ កាល​ដែល​នាង​បាន​កាន់​តែ​ចាស់​ឡើង ហើយ​សុខភាព​មិន​ល្អ​ផង ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​នាង​នូវ​គ្រួសារ​ដ៏​ធំ​ជាង​គ្រួសារ​ដែល​នាង​បាន​បាត់​បង់ នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ហើយ​នាង​មាន​អំណរ​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត ដោយ​បំរើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

១៧, ១៨. ទោះ​បី​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឬ​ក៏​មិន​មែន តើ​យើង​ម្នាក់​ៗ អាច​បង្ហាញ​គំនិត​ត្រួស​ត្រាយ​យ៉ាង​ណា​ខ្លះ?

១៧ ប្រាកដ​ហើយ មិន​មែន​មនុស្ស​គ្រប់​គ្នា​អាច​ត្រួស​ត្រាយ​ពេញ​ពេល​បាន​ទេ។ ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ក្នុង​ការ​ទទួល​តង្វាយ​ទាំង​មូល​របស់​យើង គឺ​ជា​អ្វី​ដ៏​ប្រសើរ​ដែល​យើង​អាច​ថ្វាយ ទោះ​ជា​អ្វី​ក៏​ដោយ។ (ម៉ាឡាគី ៣:១០) ពិត​ហើយ យើង​ម្នាក់​ៗ​អាច​បណ្ដុះ​ឲ្យ​មាន​គំនិត​ត្រួស​ត្រាយ​ពី​ពួក​អ្នក​ត្រួស​ត្រាយ​ដ៏​ខ្នះ​ខ្នែង​ទាំង​នេះ ហើយ​ខំ​ធ្វើ​យ៉ាង​ណា​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​បាន​ចំរើន​ទៅ​មុខ។

១៨ ជា​ឧទាហរណ៍ នៅ​ប្រទេស​អូស្ដ្រាលី​ក្នុង​ខែ​មេសា​ទី​១៦ គេ​បាន​ជ្រើស​រើស​ទុក​ជា​ថ្ងៃ​ដ៏​ពិសេស​សំរាប់​ដើរ​ផ្សាយ​តាម​ផ្លូវ។ ពួក​អ្នក​ផ្សាយ​និង​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​បាន​គាំទ្រ​យ៉ាង​ច្រើន ដូច​ជា​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​នូវ​ចំនួន​ខ្ពស់​ថ្មី​នៃ​អ្នក​ផ្សាយ​ដល់​៥៨.៧៨០​នាក់​សំរាប់​ខែ​នោះ។ ម្យ៉ាង​វិញ​ទៀត គេ​បាន​ចែក​ចាយ​ទស្សនាវដ្ដី​បាន​ច្រើន​ជាង​ឆ្នាំ​មុន​នៅ​ខែ​ដដែល ជាង​៩០.០០០​ក្បាល។ ក្នុង​កំឡុង​ថ្ងៃ​ពិសេស​នោះ បង​ស្រី​ម្នាក់​បាន​ឲ្យ​ទស្សនាវដ្ដី​ទៅ​បុរស​ម្នាក់ ហើយ​កាល​ដែល​នាង​កំពុង​តែ​កត់​ឈ្មោះ និង​អាស័យដ្ឋាន​របស់​គាត់ ដើម្បី​នឹង​ត្រឡប់​ទៅ​ជួប​វិញ​នោះ នាង​បាន​ដឹង​ថា គេ​ជាប់​សាច់​ញាតិ​នឹង​គ្នា! ពួក​គេ​ជា​បង​ប្អូន​ជីដូន​មួយ ដែល​បាន​បែក​គ្នា​អស់​រយៈ​៣០​ឆ្នាំ​មក​ហើយ។ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​សប្បាយ​រីករាយ​ណាស់ ពេល​ត្រឡប់​ទៅ​ជួប​វិញ​នោះ!

ចូរ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​រហូត​ដល់​ទី​បញ្ចប់

១៩. ហេតុ​អ្វី​ក៏​ជា​ការ​បន្ទាន់​ដែល​សាសន៍​សុចរិត​របស់​ព្រះ​យេហូវ៉ា រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​រហូត​ដល់​ចុង​បញ្ចប់?

១៩ ជា​ការ​បន្ទាន់​ណាស់ ដែល​សាសន៍​សុចរិត​របស់​ព្រះ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍ កាល​ដែល​លោកីយ៍​របស់​សាតាំង​ជិត​ធ្លាក់​ចូល​ទី​បញ្ចប់​នោះ។ មិន​យូរ​ប៉ុន្មាន សាសន៍​សុចរិត​របស់​ព្រះ​យេហូវ៉ា នឹង​ឮ​សេចក្ដី​ប្រកាស​ថា៖ «ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្ដិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ»។ លោកីយ៍​ដែល​មាន​ទោស​ខាង​ការ​បង្ហូរ​ឈាម​នេះ នឹង​ប្រឈម​មុខ​ការ​ជំនុំ​ជំ​រះ​របស់​ព្រះ។ «ដ្បិត​មើល ព្រះ​យេហូវ៉ា​ទ្រង់​យាង​ចេញ​ពី​ស្ថាន​របស់​ទ្រង់​មក ដើម្បី​នឹង​សំរេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ដី នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ»។ (អេសាយ ២៦:២០,២១) សូម​ឲ្យ​យើង​ម្នាក់​ៗ​ឈរ​ឲ្យ​បាន​មាំ​មួន ជា​ជន​គ្រីស្ទាន​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍ ដោយ​ចូល​រួម​ជា​មួយ​សាសន៍​សុចរិត​របស់​ព្រះ​យេហូវ៉ា។ រួច​មក យើង​នឹង​មាន​អំណរ​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច​ក្នុង​វិស័យ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ«សាសន៍​សុចរិត»បាន​ចាប់​កំណើត​មក​នៅ​ពេល​ណា?

◻ ហេតុ​អ្វី​ក៏​ប្រជារាស្ត្រ​របស់​ព្រះ ត្រូវ​ការ​ការ​ស៊ូ​ទ្រាំ​ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ?

◻ ការ​មាន​អ្នក​ផ្សាយ​ជា​ច្រើន​និង​ម៉ោង​ជា​ច្រើន​ដែល​បាន​ចំណាយ​ក្នុង​កិច្ច​បំរើ ដែល​បាន​បង្ហាញ​មក​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​១៩៩៤​បញ្ជាក់​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​ការ​មក​ប្រជុំ​ជា​ការ​សំខាន់​ម្ល៉េះ កាល​ដែល​លោកីយ៍​នេះ​ជិត​មក​ដល់​ទី​បញ្ចប់?

◻ ហេតុ​អ្វី​ក៏​ពួក​អ្នក​ដែល​ចូល​រួម​ជា​មួយ​សាសន៍​សុចរិត​របស់​ព្រះ ត្រូវ​តែ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍?

[រូប​ភាព​នៅ​ទំព័រ​១៧]

ពួក​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ក្នុង​សាសន៍​សុចរិត​របស់​ព្រះ​យេហូវ៉ា នឹង​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ដ៏​ល្អ​ឥត​ខ្ចោះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក