បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៤ ទំ. ៨-១៣
  • ការមានជ័យជំនះលើសាតាំងនិងកលល្បិចរបស់វា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការមានជ័យជំនះលើសាតាំងនិងកលល្បិចរបស់វា
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​មាន​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ថ្វី​បើ​មាន​ការ​បៀត​បៀន
  • ការ​ប្រយុទ្ធ​ដ៏​ឃោរ​ឃៅ​នៅ​ប្រទេស​រ្វ៉ាន់ដា
  • ពួក​យុវជន​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍
  • កលល្បិច​ឯ​ទៀត​របស់​សាតាំង
  • ចូររក្សាចិត្តស្មោះឥតងាករេ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • របៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៤ ទំ. ៨-១៣

ការ​មាន​ជ័យ​ជំនះ​លើ​សាតាំង​និង​កលល្បិច​របស់​វា

«ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​ត​ស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ»។—យ៉ាកុប ៤:៧

១. តើ‹កណ្ដាប់​ដៃ​នៃ​បុគ្គល​អាក្រក់›មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្សជាតិ​នៅ​សព្វ​ថ្ងៃ​នេះ?

លោក​យ៉ូប​បាន​មាន​ប្រសាសន៍​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស[បុគ្គល, ព.ថ.]អាក្រក់​ហើយ»។ (យ៉ូប ៩:២៤) ហើយ​ឥឡូវ​នេះ យើង​ប្រឈម​មុខ​នឹង​គ្រា​ដ៏​ពិបាក​បំផុត​នៅ​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ។ ហេតុ​អ្វី? ពី​ព្រោះ​ទាំង​នេះ​ជា«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»នៃ​ការ​គ្រប់​គ្រង​របស់​អារក្ស​សាតាំង​នៅ​លើ​ផែនដី។ មិន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​សាតាំង‹ពួក​អាក្រក់ និង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង›។ (ធីម៉ូថេ​ទី​២ ៣:១, ១៣) ម្យ៉ាង​វិញ​ទៀត ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ អយុត្ដិធម៌ អំពើ​ឃោរឃៅ បទ​ឧក្រិដ្ឋ សេចក្ដី​វេទនា​ខាង​សេដ្ឋកិច្ច ជម្ងឺ​រ៉ាំរ៉ៃ ការ​ឈឺ​ចាប់​នៃ​ភាព​ចាស់​ជរា ការ​ក្រៀម​ក្រំ​ខាង​ផ្លូវ​ចិត្ត—រឿង​ទាំង​អស់​នេះ ហើយ​មាន​ច្រើន​ទៀត​ដែល​អាច​មាន​ទម្ងន់​យ៉ាង​ធ្ងន់​មក​លើ​យើង។

២. តើ​យើង​អាច​ត​ស៊ូ​នឹង​ការ​ប្រយុទ្ធ​របស់​សាតាំង​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា?

២ ជា​មេ​សត្រូវ អារក្ស​សាតាំង​កំពុង​តែ​ប្រឹង​ប្រយុទ្ធ​ទៅ​លើ​មនុស្សជាតិ ហើយ​ជា​ពិសេស ទៅ​លើ​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ។ គោល​បំណង​របស់​វា​គឺ​ចង់​បំបែរ​ពួក​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ឲ្យ​ប្រឆាំង​នឹង​ព្រះ ហើយ​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស​ជា​មួយ​វា និង​ពួក​បិសាច​របស់​វា​ដែរ។ ប៉ុន្តែ យើង​ត្រូវ​បាន​ធានា​រ៉ាប់​រង​ថា បើ​សិន​ជា​យើង​ស៊ូ​ទ្រាំ​ជា​អ្នក​ស្មោះ​គ្រប់ល័ក្ខណ៍​នោះ អារក្ស​នឹង​រត់​ចេញ​ពី​យើង។ ដូច​ព្រះ​យេស៊ូ យើង​អាច‹រៀន​ស្ដាប់​បង្គាប់›ព្រះ​តាម​រយៈ​អ្វី​ៗ​ដែល​យើង​រង​ទុក្ខ ហើយ​តាម​រយៈ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល យើង​អាច​បាន​ជីវិត​អស់​កល្ប​ជា​និច្ច។—ហេព្រើរ ៥:៧, ៨; យ៉ាកុប ៤:៧; ពេត្រុស​ទី​១ ៥:៨​-​១០

៣, ៤. (ក) តើ​មាន​សេចក្ដី​ទុក្ខ​លំបាក​ខាង​ក្រៅ​ណា​ខ្លះ ដែល​ប៉ុល​បាន​ស៊ូ​ទ្រាំ? (ខ) ជា​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ម្នាក់ តើ​ប៉ុល​បាន​ខ្វល់​ខ្វាយ​អំពី​អ្វី?

៣ សាវ័ក​ប៉ុល​ក៏​ត្រូវ​បាន​សាក​ល្បង​តាម​វិធី​ជា​ច្រើន​យ៉ាង​ដែរ។ ដោយ​បាន​ថ្លែង​ថា​ខ្លួន​ជា​អ្នក​បំរើ​ព្រះ​គ្រីស្ទ​ម្នាក់ គាត់​ក៏​បាន​សរសេរ​ថា៖ «ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយ​ហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិត​ស្លាប់​ជា​ញឹក​ញយ ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​១ គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់ ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្ដី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោ​ស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែង​ក្លាយ​ដែរ ត្រូវ​នឿយ​ហត់ ហើយ​លំបាក ត្រូវ​ចាំ​យាម​ជា​ញយ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​ជា​ញឹក​ញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង។

៤ «ក្រៅ​ពី​ការ​ខាង​សាច់​ឈាម​ទាំង​នោះ ក៏​មាន​សេចក្ដី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជា​និច្ច​ថែម​ទៀត តើ​អ្នក​ឯ​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​បាន​ខ្សោយ​ផង តើ​អ្នក​ឯ​ណា​អាក់​អន់​ចិត្ត ហើយ​ខ្ញុំ​មិន​ឈឺឆ្អាល​ផង»? (កូរិនថូស​ទី​២ ១១:២៣​-​២៩) ដូច្នេះ ប៉ុល​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍ នៅ​ពេល​ជួប​ប្រទះ​ការ​បៀត​បៀន​និង​ការ​សាក​ល្បង​ពី​ខាង​ក្រៅ ហើយ​ជា​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ម្នាក់ គាត់​បាន​មាន​ចិត្ត​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ក្នុង​ការ​ជួយ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បាន​មាំ​មួន និង​ជួយ​ពួក​គេ​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍។ នេះ​ជា​គំរូ​ដ៏​ល្អ​មួយ​សំរាប់​ពួក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ!

ការ​មាន​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ថ្វី​បើ​មាន​ការ​បៀត​បៀន

៥. តើ​មាន​ផ្លូវ​ដោះ​ស្រាយ​អ្វី ចំពោះ​ការ​បៀត​បៀន​ផ្ទាល់​នោះ?

៥ តើ​មធ្យោបាយ​អ្វី​ដែល​សាតាំង​ប្រើ​ដើម្បី​នឹង​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​នោះ? ដូច​ជា​បាន​បង្ហាញ​មក​នៅ​ខាង​លើ​នេះ ឧបាយ​កល​ដ៏​ឃោរ​ឃៅ​ជាង​គេ​មួយ​របស់​សាតាំង គឺ​ការ​បៀត​បៀន​ផ្ទាល់ ប៉ុន្តែ ក៏​អាច​រក​ផ្លូវ​ដោះ​ស្រាយ​បាន​ដែរ។ អេភេសូរ ៦:១០, ១១ ឲ្យ​ឱវាទ​យើង​ថា៖ «ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះ​អម្ចាស់ ដោយ​ឫទ្ធិ​បារមី​របស់​ព្រះ​ចេស្ដា​ទ្រង់។ ចូរ​ពាក់​គ្រប់គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំ​មួន ទាស់​នឹង​ឧបាយ​កល​ទាំង​អម្បាល​ម៉ាន​របស់​អារក្ស»។

៦. តើ​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​មាន«ជ័យ​ជំនះ»នោះ?

៦ ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួប​ប្រទះ​នឹង​ការ​សាក​ល្បង​ជា​ញឹក​ញាប់។ ដូច្នេះ យើង​អាច​និយាយ​ដូច​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សេចក្ដី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជំនះ​ទៅ​ទៀត ដោយ​សារ​ព្រះ​អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង»។ (រ៉ូម ៨:៣៧) រឿង​នេះ​ត្រូវ​បាន​បង្ហាញ​មក​ដោយ​ប្រវត្ដិ​នៃ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នៅ​ក្នុង​បន្ទាយ​ឃុំ​ឃាំង​មនុស្ស​នៅ​ប្រទេស​អាល្លឺម៉ង់ ប្រទេស​អូត្រីហ្ស ប្រទេស​ប៉ូឡូញ និង​ប្រទេស​យូកូស្លាវា ក្នុង​កំឡុង​រវាង​ឆ្នាំ​១៩៣៣​និង​១៩៤៥​នៃ​សម័យ​ណាត្សី គឺ​ជា​សម័យ​ដែល​អឺរ៉ុប​ខាង​កើត​នៅ​ក្រោម​ការ​ជិះ​ជាន់​នៃ​របប​កុម្មុយនិស្ត រវាង​ឆ្នាំ​១៩៤៥​និង​១៩៨៩ ហើយ​នៅ​កំឡុង​ការ​ធ្វើ​ទុក្ខ​បៀត​បៀន​នៅ​កន្លែង​ខ្លះ​នៃ​ទ្វីប​អាហ្វ្រិក និង​អាមេរិក​ឡាតាំង​នៅ​ពេល​ថ្មី​ៗ​នេះ។

៧. តើ​គំរូ​ដ៏​រំភើប​នៃ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ណា ដែល​បាន​រាយ​ការណ៍​មក​ពី​ប្រទេស​អេស្យូពី?

៧ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អេស្យូពី​បាន​ផ្ដល់​ឲ្យ​គំរូ​នៃ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ដ៏​រំភើប​មួយ​នៅ​រវាង​ឆ្នាំ​១៩៧៤​និង​១៩៩១។ អ្នក​ចាប់​បង្ខាំង​ខាង​នយោបាយ​ម្នាក់ បាន​ប្រាប់​បង​ប្រុស​ដែល​ជាប់​គុក​ម្នាក់​ថា៖ «ការ​លែង​សិង្ហ​ចេញ​ពី​សួន​សត្វ​នោះ វា​ប្រសើរ​ជាង​លែង​ពួក​អ្នក​ទៅ​ទៀត»! ពួក​អ្នក​បៀត​បៀន​ដ៏​អាក្រក់​ទាំង​នេះ​បាន​ធ្វើ​ទារុណកម្ម​ដល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​បី​បួន​ឆ្នាំ​ក្រោយ​មក តុលាការ​ឧទ្ធរណ៍​ក៏​បាន​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ទៅ។ សព​របស់​បង​ប្រុស​ម្នាក់​បាន​ដាក់​នៅ​សាធារណៈ សំរាប់​ជា​គំរូ​នៃ​ការ​ព្រមាន។ បង​ប្អូន​ឯ​ទៀត​ដែល​បាន​សុំ​ឲ្យ​វិនិច្ឆ័យ​សា​ជា​ថ្មី​ចំពោះ​ការ​កាត់​ទោស​ប្រហារ​ជីវិត​នោះ ត្រូវ​បាន​តុលាការ​ដែល​សម​ហេតុ​ផល​ដោះ​លែង​ឲ្យ​រួច​ខ្លួន​ទៅ ហើយ​អ្នក​ខ្លះ​ពី​ពួក‹អ្នក​ដែល​មាន​ជ័យ​ជំនះ›ដ៏​ស្មោះ​ត្រង់​ទាំង​នេះ បាន​មាន​ចំណែក​ក្នុង​កម្ម​វិធី​មហា​សន្និបាត​តាម​តំបន់​នៃ​សេចក្ដី​បង្រៀន​របស់​ព្រះ នៅ​ទី​ក្រុង​អា​ឌិ​ស អាបា​បា​នៅ​ដើម​ឆ្នាំ​១៩៩៤។a—យ៉ូហាន ១៦:៣៣; ប្រៀប​ធៀប កូរិនថូស​ទី​១ ៤:៩

៨. តើ​សាតាំង​បាន​ខំ​ព្យាយាម​ឆ្លៀត​យក​ប្រយោជន៍​ពី«ការ​បោស​សំអាត​ជាតិ​ពន្ធ»យ៉ាង​ដូច​ម្ដេច?

៨ សាតាំង​មិន​បាន​ជោគ​ជ័យ​ទេ ក្នុង​ការ​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​នៃ​បង​ប្អូន​ប្រុស​ស្រី​ទៀង​ត្រង់ ដោយ​ការ​ប្រយុទ្ធ​ផ្ទាល់​នេះ។ ដូច្នេះ តើ​វា​ប្រើ​កលល្បិច​បែប​ណា​ទៀត? វិវរណៈ ១២:១២ ចែង​អំពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ​ថា៖ «វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ ដោយ​ពុំ​បាន​ជោគ​ជ័យ​ក្នុង​ការ​កំទេច​ប្រជារាស្ត្រ​ស្មោះ​ត្រង់​របស់​ព្រះ​តាម​រយៈ​ការ​ធ្វើ​បៀត​បៀន​នោះ វា​មាន​កំហឹង​ប៉ុន​ប៉ង​សម្លាប់​រង្គាល​ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ប្រជាជន​ទាំង​អស់​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​ការ​បោស​សំអាត​ជាតិ​ពន្ធ ត្រូវ​បាន​ប្រតិបត្ដិ​ឡើង​នៅ​កន្លែង​ផ្សេង​ៗ​នៅ​អតីត​ប្រទេស​យូកូស្លាវា ហើយ​ការ​ប្រល័យ​ពូជ​សាសន៍​ក៏​ត្រូវ​បាន​ប៉ុន​ប៉ង​ធ្វើ​ឡើង​នៅ​ប្រទេស​លីបេរ្យ៉ា ប្រទេស​ប៊ុរុនឌី និង​រ្វ៉ាន់ដា​ដែរ។

៩. ហេតុ​អ្វី​ក៏​កលល្បិច​របស់​សាតាំង​តែង​តែ​បាន​បរាជ័យ? សូម​ឲ្យ​ឧទាហរណ៍។

៩ ប៉ុន្តែ មធ្យោបាយ​របស់​សាតាំង​ជា​រឿយ​ៗ​បាន​ឡក​មក​លើ​វា​វិញ ដ្បិត​ទុក្ខ​វេទនា​របស់​វា​ធ្វើ​ឲ្យ​មនុស្ស​ទៀង​ត្រង់​យល់​ដឹង​ថា សេចក្ដី​សង្ឃឹម​របស់​គេ​គឺ​មាន​តែ​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ ដែល​បាន​ប្រកាស​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ១២:២១) ប្រាកដ​ហើយ ពួក​ចំណូល​ចិត្ត​មក​ឯ​សាល​ព្រះ​រាជាណាចក្រ​យ៉ាង​កក​កុញ! ជា​ឧទាហរណ៍ នៅ​ប្រទេស​បូស​នា​និង​ហឺហ្សីហ្គូវិញ៉ា​ដែល​មាន​ការ​ប្រយុទ្ធ​ដ៏​ឃោរ​ឃៅ​នោះ នៅ​ពេល​ធ្វើ​បុណ្យ​រំឭក​មរណភាព​នៃ​ព្រះ​យេស៊ូ​នៅ​ខែ​មីនា ថ្ងៃ​ទី​២៦ ឆ្នាំ​១៩៩៤​មាន​ប្រជុំ​ជន​១៣០៧​នាក់ ដែល​មាន​២៩១​នាក់​ច្រើន​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។ ចំនួន​ប្រជុំ​ជន​ច្រើន​បំផុត​ត្រូវ​បាន​កត់​ទុក ដូច​ជា​នៅ​ទី​ក្រុង​សារីអេវ៉ (៤១៤) ទី​ក្រុង​ហ្សិននីសៀ (២២៣) និង​ទី​ក្រុង​ធុតស្លា (៣៣៩) និង​ទី​ក្រុង​បែនយ៉ាលូកា (២៥៥) និង​នៅ​ឯ​ទី​ក្រុង​ផ្សេង​ៗ​ទៀត។ ក្នុង​ប្រទេស​ក្រូអាស៊ី​ដែល​នៅ​ជិត​នោះ មាន​ចំនួន​ប្រជុំ​ជន​ថ្មី​ដល់​៨៣២៦​នាក់។ ការ​ប្រយុទ្ធ​ដ៏​ឃោរ​ឃៅ​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ជុំ​វិញ​ពួក​គេ មិន​បាន​បង្ខាំង​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ស្រុក​ទេស​ទាំង​នោះ​ពី​ការ​គោរព​បញ្ញត្ត​ឲ្យ«សម្ដែង​ពី​សេចក្ដី​សុគត​របស់​ផង​ព្រះ​អម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក»នោះ​ទេ។—កូរិនថូស​ទី​១ ១១:២៦

ការ​ប្រយុទ្ធ​ដ៏​ឃោរ​ឃៅ​នៅ​ប្រទេស​រ្វ៉ាន់ដា

១០, ១១. (ក) តើ​មាន​អ្វី​បាន​កើត​ឡើង​ដល់​ប្រទេស​រ្វ៉ាន់ដា​ដែល​អះអាង​ថា​ជា​ប្រទេស​គ្រីស្ទាន​នោះ? (ខ) តើ​ពួក​សាសនទូត​ស្មោះ​ត្រង់​បាន​មាន​ប្រសាសន៍​យ៉ាង​ណា?

១០ នៅ​ប្រទេស​រ្វ៉ាន់ដា​ក្នុង​ឆ្នាំ​១៩៩៣ មាន​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​២០៨០​នាក់ ហើយ​មាន​ប្រជុំ​ជន​ប្រមាណ​៤០៧៥​នាក់​បាន​មក​មហា​សន្និបាត​តាម​តំបន់​ដែល​មាន​ចំណង​ជើង​សេចក្ដី​បង្រៀន​របស់​ព្រះ ព្រម​ទាំង​មាន​មនុស្ស​ចំនួន​២៣០​នាក់​បាន​ជ្រមុជទឹក។ ក្នុង​ចំណោម​ពួក​អ្នក​ជ្រមុជ​ទឹក​ទាំង​នេះ មាន​១៤២​នាក់​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​ភ្លាម។ ចំនួន​សិស្ស​រៀន​ព្រះ​គម្ពីរ​តាម​ផ្ទះ​ក៏​បាន​ចំរើន​ទៅ​ដល់​៧.៦៥៥​នាក់​នៅ​ក្នុង​ឆ្នាំ​១៩៩៤—យ៉ាង​ជាក់​ស្តែង​ណាស់ សាតាំង​មិន​ចូល​ចិត្ត​ឃើញ​ការ​ចំរើន​ទាំង​នេះ​ទេ! ទោះ​បី​ជា​ប្រជាជន​ភាគ​ច្រើន​អះអាង​ថា​ជា​គ្រីស្ទាន​ក្ដី ការ​សម្លាប់​រង្គាល​រវាង​កុលសម្ព័ន្ធ​ក៏​បាន​ចាប់​ផ្ដើម​ឡើង។ ទស្សនាវដ្ដី​លឺសឺវ៉ាទ័រ រ៉ូម៉ាណូ​នៃ​សាសនា​កាតូលិក​បាន​ទទួល​សារភាព​ថា៖ «នេះ​ជា​ជនឃាត​ពេញ​ទី ដែល​គួរ​ឲ្យ​ស្ដាយ​ណាស់ ពី​ព្រោះ​សូម្បី​តែ​ពួក​កាតូលិក​ក៏​មាន​ការ​ទទួល​ខុស​ត្រូវ​ដែរ»។ មនុស្ស​ប្រុស​ស្រី​និង​ក្មេង​ៗ​ប្រមាណ​កន្លះ​លាន​នាក់​បាន​ស្លាប់ ហើយ​មាន​មនុស្ស​ប្រមាណ​ពីរ​លាន​នាក់​គ្មាន​ផ្ទះ​សម្បែង ឬ​បាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ចេញ។ ក្នុង​ការ​រក្សា​អព្យាក្រឹតភាព​របស់​គេ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ខំ​ព្យាយាម​ស្នាក់​នៅ​ជា​មួយ​គ្នា។ បង​ប្អូន​ប្រុស​ស្រី​របស់​យើង​រាប់​រយ​នាក់​បាន​ត្រូវ​គេ​ប្រហារ​ជីវិត។ ប៉ុន្តែ នៅ​ក្នុង​ក្រុម​ជំនុំ​មួយ​ដែល​មាន​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​៦៥​នាក់ ហើយ​មាន​អ្នក​ផ្សាយ​១៣​នាក់​បាន​ត្រូវ​គេ​សម្លាប់​នោះ ចំនួន​ប្រជុំ​ជន​បាន​ចំរើន​ជាង​១៧០​នាក់​រហូត​មក​ដល់​ខែ​សីហា​ឆ្នាំ​១៩៩៤។ គ្រឿង​ផ្គត់​ផ្គង់​ពី​ស្មរបន្ទាល់​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត បាន​ផ្ញើ​មក​ដល់​មុន​គេ។ យើង​សូម​អធិស្ឋាន​ឲ្យ​ព្រះ​ជួយ​ទ្រ​ទ្រង់​ពួក​អ្នក​ដែល​រួច​រស់​ជីវិត។—រ៉ូម ១២:១២; ថែស្សាឡូនីច​ទី​២ ៣:១, ២ ហេព្រើរ ១០:២៣​-​២៥

១១ ក្នុង​កំឡុង​អំពើ​ដ៏​អាក្រក់​ទាំង​នេះ សាសនទូត​បី​នាក់​ដែល​នៅ​ប្រទេស​រ្វ៉ាន់ដា​បាន​រត់​ចេញ​រួច។ ពួក​គេ​សរសេរ​ថា៖ «យើង​ដឹង​ថា បង​ប្អូន​របស់​យើង​នៅ​ជុំ​វិញ​ពិភព​លោក​បាន​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ស្រដៀង​គ្នា​នេះ​ដែរ ឬ​ក៏​បាន​ជួប​ប្រទះ​នឹង​ស្ថានការណ៍​អាក្រក់​ជាង​នេះ​ផង ហើយ​យើង​ដឹង​ទៀត​ថា រឿង​ទាំង​នេះ​ជា​សញ្ញា​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​ដ៏​អាក្រក់​ជួជាតិ​នេះ។ ប៉ុន្តែ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​បាន​ជួប​ប្រទះ​នឹង​ស្ថានការណ៍​នេះ​ផ្ទាល់​ខ្លួន នោះ​នឹង​ធ្វើ​ឲ្យ​គេ​ដឹង​រឹត​តែ​ច្បាស់​ឡើង​អំពី​ការ​ជាក់​ស្តែង​នៃ​របស់​ផ្សេង​ៗ និង​ធ្វើ​ឲ្យ​បុគ្គល​នោះ​អបអរ​នូវ​តម្លៃ​នៃ​ជីវិត​ណាស់។ បទ​គម្ពីរ​ខ្លះ​មាន​សារៈ​សំខាន់​ថ្មី​ចំពោះ​យើង ហើយ​យើង​ទទឹង​ចាំ​ទៅ​អនាគត កាល​ដែល​សេចក្ដី​វេទនា​មុន​ៗ​ទាំង​ប៉ុន្មាន នឹង​លែង​នឹក​ឃើញ​ទៀត។ ប៉ុន្តែ​នៅ​ពេល​ឥឡូវ​នេះ យើង​ចង់​តែ​ឲ្យ​នៅ​ជាប់​រវល់​នឹង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា»ជា​និច្ច។

ពួក​យុវជន​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍

១២, ១៣. (ក) តើ​ក្មេង​ស្រី​ម្នាក់​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​យ៉ាង​ណា? (ខ) នៅ​សព្វ​ថ្ងៃ​នេះ តើ​ពួក​យុវជន​របស់​យើង​អាច​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​នៅ​ទី​ណា​បាន?

១២ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា អ្នក​ណា​ដែល​សមាជិក​នៃ​ក្រុម​គ្រួសារ​បាន​លែង​ទទួល​ស្គាល់​ដោយ​សារ​តែ​សេចក្ដី​ពិត​នោះ នឹង​បាន​ទទួល​រង្វាន់​ជា«១​រយ​ភាគ​ឡើង»។ (ម៉ាកុស ១០:២៩, ៣០) នេះ​ជា​ការ​ជាក់​ស្តែង​មែន ចំពោះ​នាង​អិនថិលយ៉ា ជា​ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​១០​ឆ្នាំ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ជើង ដែល​បាន​ស្រឡាញ់​ព្រះ​នាម​របស់​ព្រះ—យេហូវ៉ា—កាល​ដែល​នាង​បាន​ឮ​អំពី​ព្រះ​នាម​នោះ​ភ្លាម។ នាង​បាន​សិក្សា​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​បាន​ដើរ​ទៅ​ប្រជុំ​អស់​រយៈ​ពេល​៩០​នាទី​ក្នុង​មួយ​ជើង ថ្វី​បើ​គ្រួសារ​របស់​នាង​តែង​តែ​មិន​ឲ្យ​នាង​ចូល​ផ្ទះ នៅ​ពេល​នាង​ត្រឡប់​មក​ពី​ប្រជុំ​វិញ​ក្ដី។ កាល​ដែល​នាង​មាន​អាយុ​១៣​ឆ្នាំ នាង​ក៏​ចាប់​ផ្ដើម​ដើរ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​គ្រួសារ​ក៏​ប្រឆាំង​រឹត​តែ​ខ្លាំង​ឡើង។ នៅ​ថ្ងៃ​មួយ​ញាតិ​សន្ដាន​បាន​ចាប់​ចង​ដៃ​ជើង​នាង ហើយ​ដាក់​ឲ្យ​នៅ​កណ្ដាល​ថ្ងៃ​ដល់​ប្រាំ​ពីរ​ម៉ោង ហើយ​យូរ​ៗ​ម្ដង​ពួក​គេ​បាច​ទឹក​ក្រខ្វក់​ទៅ​លើ​នាង។ ពួក​គេ​បាន​វាយ​នាង​យ៉ាង​ខ្លាំង បាន​ធ្វើ​ឲ្យ​នាង​ខូច​ភ្នែក​ម្ខាង ហើយ​នៅ​ទី​បំផុត ក៏​បាន​ដេញ​នាង​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ។ យ៉ាង​ណា​ក៏​ដោយ នាង​រក​ការ​បាន​ធ្វើ​នៅ​ឯ​មន្ទីរ​ពេទ្យ ហើយ​ក្រោយ​មក ក៏​បាន​ទៅ​ជា​គិលានុបដ្ឋាយិកា។ នាង​បាន​ជ្រមុជ​ទឹក​កាល​ដែល​នាង​មាន​អាយុ២០​ឆ្នាំ ហើយ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​ភ្លាម។ ដោយ​បាន​ស្ញប់​ស្ញែង​នឹង​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​នាង គ្រួសារ​របស់​នាង​ក៏​ទទួល​នាង​ឲ្យ​មក​នៅ​ផ្ទះ​វិញ ហើយ​សមាជិក​ប្រាំ​បួន​នាក់​ក៏​បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ​ដែរ។

១៣ នាង​អិនថិលយ៉ា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ទំនុកដំកើង ១១៦ ជា​ពិសេស​ពី​ខ​១​-​៤ ដែល​នាង​បាន​អាន​ម្ដង​ហើយ​ម្ដង​ទៀត៖ «ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​តែង​ស្ដាប់​សំឡេង​ខ្ញុំ​នឹង​ពាក្យ​ដែល​ខ្ញុំ​ទូល​អង្វរ។ ហេតុ​ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះ​ការណ៍​មក​ស្ដាប់​ខ្ញុំ បាន​ជា​ខ្ញុំ​នឹង​អំពាវ​នាវ​ដល់​ទ្រង់​អស់​១​ជីវិត។ ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំ ហើយ​សេចក្ដី​ឈឺ​ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​ចាប់​ខ្ញុំ ខ្ញុំ​ក៏​កើត​មាន​ទុក្ខ​វេទនា នឹង​ព្រួយ​បារម្ភ។ នោះ​ខ្ញុំ​បាន​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ថា៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ប្រោស​ព្រលឹង​ទូល​បង្គំ​ឲ្យ​រួច​ផង›»! ព្រះ​យេហូវ៉ា​ទ្រង់​តប​ឆ្លើយ​នឹង​ការ​អធិស្ឋាន​បែប​នេះ!

១៤. តើ​ពួក​ស្មរបន្ទាល់​ជាតិ​ប៉ូឡូញ​បាន​បង្ហាញ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ដ៏​ប្រសើរ​ដូច​ម្ដេច?

១៤ ដូច​នៅ​សម័យ​ព្រះ​យេស៊ូ​ដែរ សាតាំង​តែង​តែ​ប្រើ​ការ​និយម​សាសនា​ហួស​ហេតុ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​បៀត​បៀន—ប៉ុន្តែ វា​ពុំ​បាន​ជោគ​ជ័យ​ទេ។ បង​ប្រុស​ម្នាក់​នៅ​ប្រទេស​ប៉ូឡូញ​ជា​គំរូ​ដ៏​អស្ចារ្យ ដូច​បាន​ពិពណ៌នា​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩៤​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ សូម្បី​តែ​ពួក​ក្មេង​ៗ​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​បង្ហាញ​ជា​ភស្តុ​តាង​ថា​ខ្លួន​ជា​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ដែរ។ នៅ​ឆ្នាំ​១៩៤៦ ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​១៥​ឆ្នាំ ត្រូវ​បាន​គេ​ប្រាប់​ថា៖ «ចូរ​ធ្វើ​សញ្ញា​ឈើ​ឆ្កាង​កាតូលិក​ចុះ។ បើ​មិន​អញ្ចឹង​ទេ គេ​នឹង​បាញ់​អ្នក​ចោល»! ដោយ​សារ​នាង​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍ គេ​បាន​អូស​នាង​ទៅ​ក្នុង​ព្រៃ ធ្វើ​ទារុណកម្ម​ដល់​នាង​យ៉ាង​អាក្រក់​ក្រៃ​លែង ហើយ​ក៏​បាន​បាញ់​នាង​ចោល​ទៅ។—ប្រៀប​ធៀប ម៉ាថាយ ៤:៩, ១០

កលល្បិច​ឯ​ទៀត​របស់​សាតាំង

១៥, ១៦. (ក) តើ​នយោបាយ​របស់​សាតាំង​ជា​អ្វី ហើយ​តើ​យើង​អាច​ទប់​ទល់​នឹង​វា​យ៉ាង​ណា​បាន? (ខ) ហេតុ​អ្វី​ក៏​ក្មេង​ៗ​របស់​យើង​មិន​ចាំ​បាច់​ធ្លាក់​ចូល​ដែរ​នោះ?

១៥ ប្រាកដ​ហើយ នយោបាយ​របស់​អារក្ស​សាតាំង​គឺ«គ្រប់​គ្រង ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ»! វា​មាន​អាវុធ​ឃោរ​ឃៅ​ជា​ច្រើន​ណាស់ ដើម្បី​នឹង​ប្រើ​ប្រាស់​តាម​ចិត្ត​វា។ ដូច្នេះ នេះ​មិន​ជា​ការ​ចំ​ឡែក​ទេ ដែល​សាវ័ក​ប៉ុល​បាន​ព្រមាន​ថា៖ «ដ្បិត​យើង​រាល់​គ្នា​មិន​មែន​ត​យុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ ហេតុ​នោះ​បាន​ជា​ត្រូវ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំ​មួន​ដដែល»។ (អេភេសូរ ៦:១២, ១៣) ការ​ប្រាថ្នា​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ច្រើន គ្រឿង​កំសាន្ត​និង​ឃោសនា​ការ​ដ៏​ថោក​ទាប​បទ​ភ្លេង​សាតាំង ការ​បង្ខិត​បង្ខំ​ពី​មិត្ត​នៅ​ឯ​សាលា ការ​រំលោភ​គ្រឿង​ញៀន និង​ការ​ប្រមឹក—ទាំង​នេះ ក៏​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​គ្រោះ​ថ្នាក់​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​សាវ័ក​ប៉ុល​ព្រមាន​ទៀត​ថា៖ «ថែម​ទាំង​យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយ​សារ​ខែល​នោះ​បាន»។—អេភេសូរ ៦:១៦

១៦ ការ​ធ្វើ​ដូច្នេះ​ជា​ការ​ចាំ​បាច់​ណាស់ ជា​ពិសេស​នៅ​សព្វ​ថ្ងៃ​នេះ ដោយ​ព្រោះ​តែ​បទ​ភ្លេង​ចំ​ឡែក ដែល​សាតាំង​កំពុង​តែ​ធ្វើ​ឲ្យ​ជ្រួត​ជ្រាប​ពាស​ពេញ​លោកីយ៍​នេះ។ ក្នុង​ករណី​ខ្លះ គឺ​មាន​ការ​ទាក់​ទង​នឹង​សាតាំង​ផ្ទាល់​តែ​ម្ដង។ របាយការណ៍​ពី​ក្រុង​សែន ឌី​អេ​ហ្គ (ស.រ.អ​) ការិយាល័យ​តម្រួត​តំបន់​បាន​ថ្លែង​ថា៖ «យើង​មាន​ទី​ប្រគំ​តន្ត្រី​ជា​សាធារណៈ​មួយ​នៅ​ទី​នេះ ដែល​ក្រុម​ភ្លេង ធ្វើ​ឲ្យ​ក្មេង​ៗ​ប្រមាណ​១៥.០០០​នាក់ ស្រែក‹តាំង​សា›ដដែល​ៗ—នេះ​មាន​ន័យ​ថា​សាតាំង បើ​និយាយ​ប្រច្រាស»។ ការ​ថ្វាយ​បង្គំ​សាតាំង​បាន​ប្រៀប​ដូច​ជា​ប្រហោង​ក្នុង​ដី​មួយ ដែល​ក្មេង​ៗ​ធ្លាក់​ចូល «ពី​ព្រោះ​ពួក​គេ​បាន​ដើរ​ត​ត្រក​ទៅ​ដោយ​គ្មាន​ទី​សង្ឃឹម ដោយ​មាន​កំហឹង​និង​តែ​ម្នាក់​ឯង»។ ឱ​ពួក​ក្មេង​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​អើយ អ្នក​មិន​ត្រូវ​ចាំ​បាច់​ធ្លាក់​ចូល​ដែរ​ទេ! ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​មាន​ក្រោះ​ខាង​វិញ្ញាណ ដែល​ព្រួញ​របស់​សាតាំង​មិន​អាច​ទម្លុះ​បាន​ឡើយ។—ទំនុកដំកើង ១៦:៨, ៩

១៧. តើ​អាច​មាន​ជ័យ​ជំនះ​លើ​ការ​ក្រៀម​ក្រំ​ចិត្ត​យ៉ាង​ណា​បាន?

១៧ ព្រួញ​ឆេះ​របស់​សាតាំង បាន​ត្រូវ​ធ្វើ​មក​ជា​ស្នៀត​បញ្ឆោត​ទៅ​លើ​ចិត្ត។ តាម​រយៈ​សេចក្ដី​លំបាក​នៃ​ជីវិត ដូច​ជា​ជម្ងឺ​ខាង​រូប​កាយ ឬ​ការ​មាន​ចិត្ត​ក្រៀម​ក្រំ មេ​សត្រូវ​របស់​យើង​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​មាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​ឥត​ប្រយោជន៍។ មនុស្ស​ខ្លះ​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត ពី​ព្រោះ​ពួក​គេ​មិន​អាច​ចំណាយ​ពេល​ច្រើន​ម៉ោង​ក្នុង​កិច្ច​បំរើ​ព្រះ ឬ​ពី​ព្រោះ​ពួក​គេ​ខាន​ទៅ​ប្រជុំ​ខ្លះ​នៅ​ឯ​ក្រុម​ជំនុំ។ សេចក្ដី​ស្រឡាញ់​ពី​ពួក​ចាស់​ទុំ​និង​បង​ប្អូន​ប្រុស​ស្រី​ដែល​មាន​ចិត្ត​សប្បុរស អាច​ជួយ​ឲ្យ​មាន​ជ័យ​ជំនះ​លើ​ការ​ក្រៀម​ក្រំ​ចិត្ត​បាន។ ចូរ​ចង​ចាំ​ថា ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ទ័យ​ស្រឡាញ់​ដល់​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​ណាស់។ (យ៉ូហាន​ទី​១ ៤:១៦, ១៩) ទំនុកដំកើង ៥៥:២២ ចែង​ថា៖ «ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ»។

១៨. តើ​មាន​ឧបាយ​កល​របស់​សាតាំង​ណា​ខ្លះ ដែល​អ្នក​ខ្លះ​ត្រូវ​តែ​ត​យុទ្ធ​នោះ?

១៨ «ឧបាយ​កល»របស់​សាតាំង​នៅ​ពេល​ថ្មី​ៗ​នេះ បាន​លេចឡើង​ក្នុង​ទម្រង់​មួយ​ទៀត។ នៅ​ក្នុង​ប្រទេស​ខ្លះ មនុស្ស​ពេញ​វ័យ​ជា​ច្រើន​បាន​ពិសោធ​នូវ​គំនិត​លុក​លុយ ដែល​ឲ្យ​យល់​ដឹង​ច្បាស់​ថា ពួក​គេ​ត្រូវ​បាន​ពួក​និកាយ​សាតាំង​និយម​រំលោភ​ធ្វើ​បាប​យ៉ាង​ឃោរ​ឃៅ​កាល​នៅ​ពី​ក្មេង។ តើ​គំនិត​បែប​នេះ​បាន​មក​ពី​ណា? ថ្វី​បើ​មាន​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​ក្ដី មតិ​នៃ​ពួក​អ្នក​ឯកទេស​ខាង​លោកីយ៍​មាន​ការ​ខុស​គ្នា​ច្រើន​ណាស់។ មនុស្ស​ខ្លះ​មាន​ទស្សនៈ​ថា​គំនិត​បែប​នេះ ជា​អនុស្សាវរីយ។ ប៉ុន្តែ​មនុស្ស​ឯ​ទៀត​មាន​ទស្សនៈ​ថា​ជា​គំនិត​រវើ​រវាយ—ប្រហែល​ជា​អន្ទោក​អន្ទោង​ដោយ​ការ​ព្យាបាល​រោគ​ដែល​គួរ​ឲ្យ​សង្ស័យ—ប៉ុន្តែ​នៅ​មាន​អ្នក​ឯ​ទៀត​គិត​ថា នេះ​ជា​ការ​មមាល​ម្យ៉ាង ដែល​បាន​បណ្ដាល​មក​ដោយ​ការ​ខូច​បង់​នៃ​កុមារភាព។

១៩. (ក) តើ​លោក​យ៉ូប​បាន​ស៊ូ​ទ្រាំ​នឹង​គំនិត​អ្វី? (ខ) តើ​ពួក​ចាស់​ទុំ​អាច​យក​គំរូ​តាម​អេលីហូវ​យ៉ាង​ណា​បាន?

១៩ ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ដែល​អ្នក​បំរើ​របស់​ព្រះ​ម្នាក់​ឈ្មោះ​យ៉ូប បាន​អត់​ទ្រាំ​នឹង‹គំនិត​ទុក្ខ​ព្រួយ› ដែល​សាតាំង​បាន​សម្ដែង​មក​តាម​រយៈ​អេលីផាស​និង​សូផារ។ (យ៉ូប ៤:១៣​-​១៨; ២០:២, ៣) ដូច្នេះ យ៉ូប​បាន​រង​ទុក្ខ​នឹង«សេចក្ដី​មួម៉ៅ» ដែល​ធ្វើ​ឲ្យ​គាត់​និយាយ«ពាក្យ​ជ្រួល​ហួស»អំពី«សេចក្ដី​ស្ញែង​ខ្លាច»ដែល​ធ្វើ​ឲ្យ​គំនិត​របស់​គាត់​ឈឺ​ចាប់។ (យ៉ូប ៦:២​-​៤; ៣០:១៥, ១៦) អេលីហូវ​បាន​ស្ដាប់​យ៉ូប​ដោយ​ឥត​មាត់​ក ហើយ​បាន​ជួយ​គាត់​យ៉ាង​ស្មោះ​ត្រង់​ឲ្យ​ឃើញ​នូវ​សព្វ​បញ្ញា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នេះ។ ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ពួក​ចាស់​ទុំ​ដែល​មាន​ចិត្ត​អធ្យាស្រ័យ បង្ហាញ​ថា​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​អ្នក​កើត​ទុក្ខ ដោយ​មិន​បន្ថែម‹ការ​បង្ខិត​បង្ខំ›ដល់​បុគ្គល​បែប​នេះ។ ប៉ុន្តែ ដូច​អេលីហូវ ពួក​គេ​ស្ដាប់​យ៉ាង​អត់​ធ្មត់ ហើយ​រួច​មក ក៏​លាប​ប្រេង​ធូរ​ស្បើយ ដែល​ជា​ពាក្យ​បន្ទូល​របស់​ព្រះ។ (យ៉ូប ៣៣:១​-​៣, ៧; យ៉ាកុប ៥:១៣​-​១៥) ដូច្នេះ ចំពោះ​អ្នក​ណា​ដែល​មាន​អារម្មណ៍​របស់​ខ្លួន​ត្រូវ​បាន​ធ្វើ​ទុក្ខ​ដោយ​ការ​ខូច​បង់ ទោះ​បី​ជា​ពិត​ឬ​ក៏​ជា​គំនិត​រវើ​រវាយ​ក្ដី ឬ​ជា​អ្នក​ដែល​មាន​ការ«ខ្លាច . . . សប្ដិ​វិញ ហើយ​បំភ័យ​ទូល​បង្គំ​ដោយ​ការ​ជាក់​ស្តែង»ដូច​ជា​យ៉ូប​ដែរ អ្នក​នោះ​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ព្រះ​គម្ពីរ​នៅ​ក្នុង​ក្រុម​ជំនុំ​បាន។—យ៉ូប ៧:១៤; យ៉ាកុប ៤:៧

២០. តើ​អាច​ជួយ​ជន​គ្រីស្ទាន​ដែល​មាន​សេចក្ដី​ទុក្ខ​ព្រួយ ឲ្យ​រក្សា​ស្ថេរ​ភាព​ខាង​វិញ្ញាណ​របស់​គេ​យ៉ាង​ដូច​ម្ដេច​បាន?

២០ នៅ​បច្ចុប្បន្ន​នេះ ជន​គ្រីស្ទាន​ម្នាក់​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា តាម​រយៈ​មួយ​ឬ​រយៈ​ផ្សេង​ៗ​ទៀត សាតាំង​ជា​អ្នក​បង្ក​បង្កើត​ឲ្យ​មាន​គំនិត​ដ៏​អាក្រក់​នេះ។ បើ​មាន​បុគ្គល​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​រង​ទុក្ខ​ការ​នេះ ជា​ការ​ដ៏​មាន​ប្រាជ្ញា​បើ​គេ​យល់​ថា ការ​មាន​អារម្មណ៍​ភ័យ​ខ្លាច​បែប​នេះ ជា​ការ​ប៉ុន​ប៉ង​ផ្ទាល់​របស់​សាតាំង ដើម្បី​នឹង​បង្ខូច​ដល់​ស្ថេរ​ភាព​ខាង​វិញ្ញាណ​របស់​គេ។ ពួក​ទាំង​នេះ​ត្រូវ​ការ​ការ​អត់​ធ្មត់​និង​អធ្យាស្រ័យ​ដែល​គាំទ្រ​នៅ​ក្នុង​ព្រះ​គម្ពីរ។ តាម​រយៈ​ការ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា និង​តាម​រយៈ​ការ​ទទួល​ប្រយោជន៍​ពី​គង្វាល​ខាង​វិញ្ញាណ ពួក​អ្នក​ដែល​មាន​ការ​ពិសោធ​សេចក្ដី​ទុក្ខ​ព្រួយ​នឹង​បាន​ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់​ដែល​ផ្ដល់​មក​ពី​ព្រះ។ (អេសាយ ៣២:២; កូរិនថូស​ទី​២ ៤:៧, ៨) ដោយ​ធ្វើ​បែប​នេះ ពួក​គេ​នឹង​អាច​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ ហើយ​បដិសេធ​ចោល​មិន​ឲ្យ​គំនិត​លុក​លុយ​ដ៏​អាក្រក់​មក​រំខាន​ដល់​សន្ដិភាព​នៃ​ក្រុម​ជំនុំ​ឡើយ។ (យ៉ាកុប ៣:១៧, ១៨) ត្រូវ​ហើយ ពួក​គេ​អាច​ទប់​ទល់​នឹង​អារក្ស​បាន ដោយ​មាន​ទឹក​ចិត្ត​ដូច​ព្រះ​យេស៊ូ កាល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ»!—ម៉ាថាយ ៤:១០; យ៉ាកុប ៤:៧

២១. តើ​ព្រះ​គម្ពីរ​ព្រមាន​យ៉ាង​ណា អំពី​មធ្យោបាយ​ដ៏​ប៉ិន​ប្រសប់​របស់​សាតាំង?

២១ យើង​ដឹង​ថា​គោល​បំណង​របស់​សាតាំង គឺ​ដើម្បី​នឹង​ធ្វើ​ឲ្យ​គំនិត​របស់​យើង​ទៅ​ជា​ពុក​រលួយ ដូច​សាវ័ក​ប៉ុល​បាន​ព្រមាន​នៅ​ឯ​កូរិនថូស​ទី​២ ១១:៣ ថា៖ «តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀង​ត្រង់​ខាង​ឯ​ព្រះ​គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយ​កល​យ៉ាង​នោះ​ដែរ»។ ការ​ហិនហោច​ខាង​សាច់​ឈាម​នៅ​បច្ចុប្បន្ន​នេះ ឬ​សង្គម​មនុស្ស​បាន​បែក​ខ្ញែក​ចេញ​ពី​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ រំឭក​យើង​អំពី​ភាព​ចុះ​អន់​ថយ​ដែល​បាន​បណ្ដាល​មក​ពី​អំពើ​ពុក​រលួយ​និង​សេចក្ដី​ឃោរ​ឃៅ​របស់​មនុស្ស​មាឌ​ធំ​សម្បើម​នៅ​ជំនាន់​លោក​ណូអេ។ (លោកុប្បត្តិ ៦:៤, ១២, ១៣, លូកា ១៧:២៦) ដូច្នេះ​ហើយ មិន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​សាតាំង​ប្រើ​ឧបាយ​កល​និង​មធ្យោបាយ​ដ៏​ប៉ិន​ប្រសប់​ដើម្បី​បញ្ចេញ​កំហឹង​របស់​វា ជា​ពិសេស​ទៅ​លើ​ប្រជារាស្ត្រ​របស់​ព្រះ។—ពេត្រុស​ទី​១ ៥:៨; វិវរណៈ ១២:១៧

២២. ដោយ​សាតាំង​លែង​រំខាន​យើង​នោះ តើ​ប្រសិទ្ធិពរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ទទួល?

២២ នៅ​សៀវភៅ​យ៉ូប​ក្នុង​ជំពូក​ចុង​បញ្ចប់ មិន​បាន​រៀប​រាប់​អំពី​សាតាំង​ទេ។ ការ​ចោទ​ប្រកាន់​ដ៏​អាក្រក់​ជួរ​ជាតិ​របស់​វា ដែល​ថា​មនុស្ស​មិន​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​នឹង​ព្រះ នោះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ខុស​តាម​រយៈ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​យ៉ូប។ យ៉ាង​ដូច្នេះ​ដែរ នៅ​នា​អនាគត​ដ៏​ឆាប់​ៗ​នេះ នៅ​ពេល«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»នៃ​ពួក​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍«ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក» នោះ​សាតាំង​នឹង​ត្រូវ​ទម្លាក់​ទៅ​ក្នុង​ជង្ហុក​ធំ​ហើយ។ ពួក​បុរស​និង​ពួក​ស្ត្រី​ដែល​មាន​ជំនឿ រួម​បញ្ចូល​ទាំង​លោក​យ៉ូប​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នឹង​ចូល​រួម​ជា​មួយ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ» ដើម្បី​នឹង​ទទួល​ប្រសិទ្ធពរ​ពី​សួន​មនោរម្យ គឺ​ធំ​សម្បើម​ជាង​ប្រសិទ្ធិពរ​ដែល​បាន​ផ្ដល់​ឲ្យ​ទៅ​លោក​យ៉ូប​ទៅ​ទៀត!—វិវរណៈ ៧:៩​-​១៧; ២០:១​-​៣, ១១​-​១៣; យ៉ូប ១៤:១៣

[កំណត់​សម្គាល់]

a សូម​មើល​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩២ នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ទំព័រ​១៧៧។ (ជា​ភាសា​អង់គ្លេស)។

សំនួរ​រៀន​សា​ឡើង​វិញ

◻ តើ​យ៉ូប ព្រះ​យេស៊ូ និង​ប៉ុល​បាន​ទុក​គំរូ​ដ៏​ប្រសើរ​នៃ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​យ៉ាង​ណា?

◻ តើ​ពួក​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​បាន​ប្រឈម​មុខ​នឹង​សាតាំង​យ៉ាង​ដូច​ម្ដេច?

◻ តើ​ក្មេង​ៗ​អាច​ទប់​ទល់​នឹង​ឧបាយ​កល​ដ៏​ប៉ិន​ប្រសប់​របស់​សាតាំង​យ៉ាង​ដូច​ម្ដេច?

◻ តើ​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​នឹង​ស៊ូ​ទ្រាំ​នឹង​ឧបាយ​កល​របស់​សាតាំង?

[រូប​ភាព​នៅ​ទំព័រ​១០]

នៅ​ប្រទេស​អេស្យូពី មីស្វាត់​និង​យ៉ូឡង់​ឥឡូវ​នេះ​កំពុង​តែ​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល ដោយ​យក​គំរូ​តាម​ឪពុក​របស់​គេ ដែល​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ចោល

[រូប​ភាព​នៅ​ទំព័រ​១០]

អិនថិលយ៉ា ជា​ក្មេង​ដែល​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ជើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក