បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 ធ្នូ ទំ. ១៤-១៩
  • ចូរ​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេហូវ៉ា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​គឺ​ស្រួល​ទាក់​ទង
  • ព្រះ​យេហូវ៉ា​គឺ​សម​ហេតុ​ផល
  • ព្រះ​យេហូវ៉ា​គឺ​អត់​ធ្មត់
  • ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប
  • ចូរ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ការ​ឲ្យ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​បំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរចេះបន្ទាបខ្លួនដោយចិត្ដស្មោះ
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 ធ្នូ ទំ. ១៤-១៩

អត្ថបទ​សិក្សា​៥០

ចម្រៀង​លេខ​៤៨ ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ

ចូរ​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេហូវ៉ា

​«​ចូរ​យក​តម្រាប់​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​»។—អេភ. ៥:១

ចំណុច​ផ្ដោត

របៀប​បួន​យ៉ាង​ដែល​យើង​អាច​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេហូវ៉ា។

១. ហេតុ​អ្វី​ចិត្ត​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​មួយ​ដែល​គួរ​ឲ្យ​កោត​ស្ងើច?

ពេល​អ្នក​គិត​អំពី​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​គិត​ថា​ពួក​គេ​មាន​ចិត្ត​រាប​ទាប​ឬ​ទេ? អ្នក​ទំនង​ជា​មិន​គិត​ដូច្នេះ​ទេ។ ផ្ទុយ​ពី​ពួក​គេ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មាន​ចិត្ត​រាប​ទាប។ (​ចសព. ១១៣:៥​-​៨​) គ្មាន​អ្នក​ណា​ម្នាក់​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេហូវ៉ា​ទេ។ លោក​គ្មាន​អំណួត​ទាល់​តែ​សោះ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គុណ​សម្បត្តិ​បួន​របស់​ព្រះ​យេហូវ៉ា និង​របៀប​ដែល​គុណ​សម្បត្តិ​នីមួយ​ៗ​ទាំង​នោះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រាប​ទាប​យ៉ាង​ខ្លាំង។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​របៀប​ដែល​លោក​យេស៊ូ​បង្ហាញ​ចិត្ត​រាប​ទាប​ដូច​បិតា​លោក។ ការ​ពិចារណា​អ្វី​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា និង​មាន​ចិត្ត​រាប​ទាប​ដូច​លោក​កាន់​តែ​ខ្លាំង។

ព្រះ​យេហូវ៉ា​គឺ​ស្រួល​ទាក់​ទង

២. តើ​ចម្រៀង​សរសើរ​ព្រះ ៦២:៨​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាពផង​ដែរ​)

២ តាម​ធម្មតា យើង​មិន​ស្រួល​ចូល​ទៅ​ជិត​មនុស្ស​ដែល​មាន​អំណួត​ទេ។ ពួក​គេ​ច្រើន​តែ​ប្រព្រឹត្ត​ដោយ​មិន​សប្បុរស​ទៅ​លើ​អ្នក​ឯ​ទៀត ដោយ​សារ​ពួក​គេ​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ហើយ​នោះ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចង់​ជៀស​ពី​ពួក​គេ។ ព្រះ​យេហូវ៉ា​ខុស​គ្នា​ស្រឡះ​ពី​ពួក​គេ! ដោយ​សារ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​មាន​ចិត្ត​រាប​ទាប លោក​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក ហើយ​ប្រាប់​លោក​អំពី​អារម្មណ៍​និង​គំនិត​របស់​យើង។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៦២:៨​) ដូច​ឪពុក​ដែល​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ពិត​ជា​ចង់​ឲ្យ​កូន​ប្រាប់​គាត់​អំពី​ការ​ខ្វល់​ខ្វាយ នោះ​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ស្ដាប់​ការ​អធិដ្ឋាន​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ តាម​ពិត លោក​បាន​ឲ្យ​គេ​កត់​ទុក​សេចក្ដី​អធិដ្ឋាន​ជា​ច្រើន​របស់​អ្នក​គោរព​ប្រណិប័តន៍​លោក​ក្នុង​គម្ពីរ។ នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រួល​ទាក់​ទង។ (​យ៉ូស. ១០:១២​-​១៤; ១សាំ. ១:១០​-​១៨​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ជួន​កាល​យើង​មាន​អារម្មណ៍​ថា​យើង​មិន​សម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា?

ឪពុក​ម្នាក់​ស្ដាប់​យ៉ាង​អត់​ធ្មត់​ពេល​កូន​ប្រុស​និយាយ​អំពី​ការ​ធ្វើ​បែក​ថូ​ផ្កា​កាល​ដែល​លេង​យន្ត​ហោះ។

ដោយ​ព្យាយាម​យក​តម្រាប់​ព្រះ​យេហូវ៉ា ឪពុក​ម្នាក់​បង្ហាញ​ចិត្ត​រាប​ទាប​ពេល​ស្ដាប់​កូន​របស់​គាត់​និយាយ​អំពី​ការ​ធ្វើ​បែក​ថូ​ផ្កា​ពេល​រត់​លេង (​សូម​មើល​វគ្គ​២​)​


៣. ហេតុ​អ្វី​អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​អធិដ្ឋាន​ទៅ​លោក​ជា​ទៀង​ទាត់?

៣ យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​យើង​មិន​សម​ឲ្យ​ព្រះ​យេហូវ៉ា​ស្រឡាញ់​ក៏​ដោយ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​កូន​ប្រុស​ដែល​វង្វេង​បាត់ លោក​បាន​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​ឪពុក​ដ៏​សប្បុរស​ដែល​មាន​កូន ដែល​បាន​ធ្វើ​ខុស​ជា​ច្រើន។ កូន​នោះ​មាន​អារម្មណ៍​ថា ឪពុក​នឹង​មិន​ទទួល​ស្វាគមន៍​គាត់​មក​ក្រុម​គ្រួសារ​វិញ​ទេ។ ចំណែក​ឪពុក​វិញ តើ​គាត់​បាន​ធ្វើ​យ៉ាង​ណា​ពេល​កូន​គាត់​ត្រឡប់​មក​ផ្ទះ​វិញ? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ពេល​ឪពុក​ឃើញ​កូន​ប្រុស​ពី​ចម្ងាយ ឪពុក​នោះ​«​រត់​ទៅ​ឱប​កូន ហើយ​ថើប​ដោយ​ក្ដី​ស្រឡាញ់​»។ (​លូក. ១៥:១៧​-​២០​) ព្រះ​យេហូវ៉ា​គឺ​ដូច​ឪពុក​នោះ។ ពេល​លោក​ឮ​យើង​អធិដ្ឋាន​ដោយ​សារ​យើង​សោក​ស្ដាយ​អំពី​កំហុស​ឆ្គង​របស់​យើង​ឬ​មាន​ការ​ព្រួយ​បារម្ភ លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ (​បទំ. ៣:១៩, ២០​) ព្រះ​យេហូវ៉ា​មាន​ចិត្ត​អាណិត​មេត្តា ហើយ​ដូច​ឪពុក​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ដែល​រត់​មក​រក​កូន លោក​សម្រាល​ទុក្ខ​យើង​និង​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​ស្រឡាញ់​យើង។ (​អេ. ៥៧:១៥​) តើ​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​លោក​ច្រើន​តែ​ប្រើ​ពួក​អ្នក​ចាស់​ទុំ សមាជិក​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​ជឿ និង​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត។ (​យ៉ា. ៥:១៤, ១៥​) ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​ទាំង​នេះ​ដល់​យើង​ដោយ​សារ​លោក​ចង់​ឲ្យ​យើង​ចូល​ទៅ​ជិត​លោក។

៤. តើ​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ណា​ថា​លោក​ស្រួល​ទាក់​ទង?

៤ លោក​យេស៊ូ​យក​តម្រាប់​បិតា​លោក។ ដូច​បិតា​លោក លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប។ ជា​លទ្ធផល ពេល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី មនុស្ស​មាន​អារម្មណ៍​ស្រួល​ទាក់​ទង​ជា​មួយ​នឹង​លោក។ ពួក​គេ​មិន​ខ្លាច​សួរ​សំណួរ​លោក​ទេ។ (​ម៉ាក. ៤:១០, ១១​) ដូច្នេះ ពេល​លោក​យេស៊ូ​សួរ​ទស្សនៈ​របស់​ពួក​គេ ពួក​គេ​ប្រាប់​លោក​ដោយ​ឥត​លាក់​លៀម។ (​ម៉ាថ. ១៦:១៣​-​១៦​) ពេល​ពួក​គេ​ធ្វើ​ខុស ពួក​គេ​មិន​ខ្លាច​លោក​យេស៊ូ​ទេ ដោយ​សារ​ពួក​គេ​ដឹង​ថា​លោក​សប្បុរស មាន​សេចក្ដី​មេត្តា​ករុណា និង​ចិត្ត​អត់​ធ្មត់។ (​ម៉ាថ. ១៧:២៤​-​២៧​) ដោយ​សារ​លោក​យេស៊ូ​យក​តម្រាប់​បិតា​លោក​យ៉ាង​ល្អ នោះ​ពួក​អ្នក​កាន់​តាម​លោក​អាច​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង។ (​យ៉ូន. ១៤:៩​) ពួក​គេ​រៀន​ថា​ព្រះ​យេហូវ៉ា​មិន​ដូច​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ​ដែល​គ្មាន​មេត្តា មាន​អំណួត និង​មិន​ស្រួល​ទាក់​ទង។ ផ្ទុយ​ទៅ​វិញ លោក​មាន​ចិត្ត​រាប​ទាប​និង​ស្រួល​ទាក់​ទង។

៥. តើ​តាម​របៀប​ណា​ចិត្ត​រាប​ទាប​នឹង​ជួយ​យើង​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​ស្រួល​ទាក់​ទង​ជាង?

៥ តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ពេល​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប យើង​នឹង​ទៅ​ជា​បុគ្គល​ដែល​ស្រួល​ទាក់​ទង​ជាង។ បើ​យើង​មិន​មាន​ចិត្ត​រាប​ទាប​ទេ យើង​អាច​ច្រណែន​អ្នក​ឯ​ទៀត មាន​អារម្មណ៍​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត និង​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ពេល​ពួក​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ អ្វី​ទាំង​នោះ​ជា​គុណ​វិបត្តិ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ចង់​ចូល​មក​ជិត​យើង​ទេ។ ប៉ុន្តែ ចិត្ត​រាប​ទាប​នឹង​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​សប្បុរស មាន​ចិត្ត​អត់​ធ្មត់ និង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ដែល​ជា​គុណ​សម្បត្តិ​ដែល​ទាក់​ទាញ​អ្នក​ឯ​ទៀត។ (​កូឡ. ៣:១២​-​១៤​) ជា​ពិសេស ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ព្យាយាម​ធ្វើ​ជា​បុគ្គល​ដែល​ស្រួល​ទាក់​ទង។ ដើម្បី​ធ្វើ​ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ជា​ញឹក​ញយ។ នេះ​មាន​ន័យ​ថា​ពួក​គេ​ចង់​ចូល​រួម​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​បើ​អាច​ធ្វើ​បាន ជា​ជាង​ចូល​រួម​តាម​ប្រព័ន្ធ​វីដេអូ។ ម្យ៉ាង​ទៀត ពេល​ដែល​អាច​ធ្វើ​បាន ពួក​គេ​ព្យាយាម​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ កាល​ដែល​បង​ប្អូន​កាន់​តែ​ស្គាល់​ពួក​អ្នក​ចាស់​ទុំ ពួក​គេ​នឹង​មាន​អារម្មណ៍​ស្រួល​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ពេល​ណា​ដែល​ត្រូវ​ការ​ជំនួយ។

ព្រះ​យេហូវ៉ា​គឺ​សម​ហេតុ​ផល

៦​-​៧. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក​បម្រើ​លោក។

៦ មនុស្ស​ដែល​មាន​អំណួត​ច្រើន​តែ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​មិន​សម​ហេតុ​សម​ផល។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ដែល​តែង​តែ​ដឹង​អំពី​អ្វី​ដែល​ល្អ​បំផុត​មិន​ធ្វើ​ដូច្នោះ​ទាល់​តែ​សោះ។ ដោយ​សារ​លោក​មាន​ចិត្ត​រាប​ទាប លោក​សុខ​ចិត្ត​ស្ដាប់​អ្នក​ឯ​ទៀត ហើយ​ថែម​ទាំង​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​លោក​ទៀត​ផង។ សូម​គិត​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​មីរៀម​ដែល​ជា​បង​ស្រី​របស់​ម៉ូសេ។ មីរៀម​និង​អេរ៉ុន​និយាយ​ប្រឆាំង​ម៉ូសេ​ដែល​ជា​តំណាង​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ មីរៀម​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​ខឹង​មីរៀម​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​មីរៀម​កើត​ជំងឺ​ឃ្លង់។ ប៉ុន្តែ ពេល​អេរ៉ុន​អង្វរ​ម៉ូសេ​ឲ្យ​ជួយ ហើយ​ម៉ូសេ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មីរៀម​ជា​សះ​ស្បើយ តើ​លោក​មាន​ប្រតិកម្ម​យ៉ាង​ណា? បុគ្គល​មាន​អំណួត​នឹង​មិន​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ធ្វើ​ដូច​នោះ​ឡើយ។ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រាប​ទាប លោក​បាន​ស្ដាប់​ម៉ូសេ ហើយ​ធ្វើ​ឲ្យ​មីរៀម​ជា​សះ​ស្បើយ។—ជប. ១២:១​-​១៥

៧ ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​ចិត្ត​រាប​ទាប​ក្នុង​ករណី​របស់​ស្ដេច​ហេសេគា​ដែរ។ តាម​រយៈ​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ស្ដេច​ហេសេគា​ថា​គាត់​នឹង​ស្លាប់។ ឮ​ដូច្នេះ ហេសេគា​យំ ហើយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​ឲ្យ​ហេសេគា​រស់​នៅ​១៥​ឆ្នាំ​ទៀត។ (​២បស. ២០:១, ៥, ៦​) ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​មនុស្ស ហើយ​ដោយ​សារ​លោក​មាន​ចិត្ត​រាប​ទាប លោក​សុខ​ចិត្ត​ស្ដាប់​ពួក​គេ។

៨. សូម​លើក​ឧទាហរណ៍​ផ្សេង​ៗ​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​សម​ហេតុ​សម​ផល។ (​ម៉ាកុស ៣:១​-​៦​)

៨ លោក​យេស៊ូ​យក​តម្រាប់​បិតា​លោក។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ធ្វើ​អ្វី​ល្អ​ៗ​សម្រាប់​អ្នក​ឯ​ទៀត​ពេល​ដែល​លោក​អាច​ធ្វើ​បាន។ ជា​ឧទាហរណ៍ លោក​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ទោះ​ជា​ពួក​អ្នក​ដឹក​នាំ​សាសនា​គិត​ថា​លោក​មិន​គួរ​ធ្វើ​ដូច្នេះ​ក្ដី។ លោក​យេស៊ូ​មិន​តឹង​រឹង​ទេ តែ​លោក​សម​ហេតុ​ផល​និង​មាន​ចិត្ត​អាណិត​មេត្តា។ (​សូម​អាន ម៉ាកុស ៣:១​-​៦​) នៅ​សព្វ​ថ្ងៃ​នេះ លោក​យេស៊ូ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ ហើយ​លោក​បន្ដ​ប្រព្រឹត្ត​ដោយ​សម​ហេតុ​សម​ផល។ ជា​ឧទាហរណ៍ ពេល​មាន​បង​ប្អូន​ណា​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ លោក​មាន​ចិត្ត​អត់​ធ្មត់​នឹង​គាត់​ដើម្បី​គាត់​មាន​ឱកាស​កែ​ប្រែ។—បប. ២:២​-​៥

៩. តើ​យើង​អាច​បង្ហាញ​ថា​យើង​ជា​មនុស្ស​សម​ហេតុ​សម​ផល​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៩ តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​ខំ​ព្យាយាម​ឲ្យ​មាន​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដ៏​សម​ហេតុ​សម​ផល​ដូច​ព្រះ​យេហូវ៉ា។ (​យ៉ា. ៣:១៧​) ជា​ឧទាហរណ៍ ឪពុក​ម្ដាយ​ដែល​សម​ហេតុ​សម​ផល​មិន​បណ្ដោយ​កូន​ទេ តែ​ក៏​មិន​តម្រូវ​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​កូន​ដែរ។ យ៉ាកុប​គឺ​ជា​គំរូ​ដ៏​ល្អ​ស្ដី​អំពី​រឿង​នេះ ដូច​ដែល​បាន​បង្ហាញ​នៅ​ដើម​កំណើត ៣៣:១២​-​១៤។ ឪពុក​ម្ដាយ​ដែល​មាន​ចិត្ត​រាប​ទាប​និង​សម​ហេតុ​សម​ផល ក៏​មិន​គួរ​ប្រៀប​ធៀប​កូន​ម្នាក់​ទៅ​នឹង​កូន​ម្នាក់​ទៀត​ដោយ​អយុត្តិធម៌​ដែរ។ ម្យ៉ាង​ទៀត អ្នក​ចាស់​ទុំ​ត្រូវ​ជា​មនុស្ស​សម​ហេតុ​សម​ផល។ របៀប​មួយ​ដែល​ពួក​គេ​អាច​ធ្វើ​ដូច្នោះ​គឺ​ដោយ​ចុះ​ចូល​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​ចាស់​ទុំ​ភាគ​ច្រើន​ក្នុង​ក្រុម​អ្នក​ចាស់​ទុំ ពេល​ដែល​នោះ​មិន​បំពាន​គោល​ការណ៍​គម្ពីរ។ (​១ធី. ៣:២, ៣​) មួយ​វិញ​ទៀត យើង​ទាំង​អស់​គ្នា​អាច​ព្យាយាម​យល់​អំពី​ទស្សនៈ​របស់​អ្នក​ឯ​ទៀត ទោះ​ជា​នោះ​ខុស​ពី​ទស្សនៈ​របស់​យើង​ក៏​ដោយ។ (​រ៉ូម ១៤:១​) ពិត​ណាស់ យើង​គ្រប់​គ្នា​ក្នុង​ក្រុម​ជំនុំ​គួរ​ព្យាយាម​«​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​[​យើង​]​ជា​មនុស្ស​សម​ហេតុ​សម​ផល​»។—ភី. ៤:៥

បណ្ដុំ​រូប​ភាព​៖ ឪពុក​ម្នាក់​សប្បាយ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​មួយ​កូន​តូច​ៗ​របស់​គាត់។ ១. គាត់​ញញឹម កាល​ដែល​កូន​ប្រុស​របស់​គាត់​ស្នើ​ផ្ដល់​សៀវភៅ​ស្ដើង​«​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!​»​ដល់​បុរស​ម្នាក់។ ២. ក្រោយ​មក គាត់​ញញឹម កាល​ដែល​កូន​ស្រី​របស់​គាត់​ស្នើ​ផ្ដល់​កាតវីស៊ីត​jw.org​ដល់​ស្ត្រី​ម្នាក់។

ឪពុក​ម្នាក់​បង្ហាញ​ភាព​សម​ហេតុ​សម​ផល​ចំពោះ​អ្វី​ដែល​គាត់​តម្រូវ​ពី​កូន​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ​(​សូម​មើល​វគ្គ​៩​)​


ព្រះ​យេហូវ៉ា​គឺ​អត់​ធ្មត់

១០. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​តាម​របៀប​ណា​ខ្លះ?

១០ អ្នក​ទំនង​ជា​បាន​កត់​សម្គាល់​ថា​មនុស្ស​ដែល​មាន​អំណួត​មិន​ចូល​ចិត្ត​រង់​ចាំ​ទេ។ អំណួត​នាំ​ឲ្យ​ពួក​គេ​មិន​មាន​ចិត្ត​អត់​ធ្មត់។ នេះ​ខុស​គ្នា​ស្រឡះ​ពី​ព្រះ​យេហូវ៉ា។ លោក​មាន​ចិត្ត​អត់​ធ្មត់​ជាង​នរណា​ទាំង​អស់។ ជា​ឧទាហរណ៍ នៅ​សម័យ​ណូអេ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​លោក​នឹង​ចាំ​១២០​ឆ្នាំ​មុន​លោក​បំផ្លាញ​មនុស្ស​អាក្រក់។ (​ដក. ៦:៣​) ម្ល៉ោះ​ហើយ ណូអេ​មាន​ពេល​ដើម្បី​ចិញ្ចឹម​អប់រំ​កូន ហើយ​សង់​ទូក​ធំ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់។ នៅ​ពេល​ក្រោយ​មក ទេវតា​ដែល​ជា​តំណាង​របស់​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​ដោយ​ចិត្ត​អត់​ធ្មត់ ពេល​ដែល​អាប្រាហាំ​សួរ​សំណួរ​អំពី​ការ​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ បុគ្គល​ដែល​មាន​អំណួត​ប្រហែល​ជា​តប​ថា ‹ម៉េច​បាន​ហ៊ាន​សួរ​សំណួរ​ខ្ញុំ!›។ ប៉ុន្តែ ដោយ​យក​តម្រាប់​ព្រះ​យេហូវ៉ា ទេវតា​នោះ​មាន​ចិត្ត​អត់​ធ្មត់​នឹង​អាប្រាហាំ។—ដក. ១៨:២០​-​៣៣

១១. ដូច​បាន​ចែង​នៅ​ពេត្រុស​ទី​២ ៣:៩ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​អត់​ធ្មត់​នៅ​សព្វ​ថ្ងៃ​នេះ?

១១ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​ចិត្ត​អត់​ធ្មត់​ដែរ។ លោក​កំពុង​រង់​ចាំ​ដល់​ពេល​កំណត់​របស់​លោក​ឲ្យ​ទី​បញ្ចប់​មក​ដល់។ ហេតុ​អ្វី​លោក​មាន​ចិត្ត​អត់​ធ្មត់? ​«​ពីព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។ (​សូម​អាន ពេត្រុស​ទី​២ ៣:៩​) តើ​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​មិន​មាន​ប្រយោជន៍​ឬ​ទេ? មិន​មែន​ទេ! មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​រាប់​លាន​នាក់​បាន​ចូល​ទៅ​ជិត​លោក ហើយ​យើង​សង្ឃឹម​ថា​មនុស្ស​រាប់​លាន​នាក់​ទៀត​ក៏​នឹង​ធ្វើ​ដូច្នេះ​ដែរ។ ប៉ុន្តែ ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​មាន​កំណត់​ក្នុង​ន័យ​ថា លោក​នឹង​មិន​ទុក​ពេល​ឲ្យ​មនុស្ស​ធ្វើ​អ្វី​តាម​តែ​ចិត្ត​របស់​ពួក​គេ​រហូត​ទេ។ ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស ប៉ុន្តែ​លោក​នឹង​មិន​ឲ្យ​មនុស្ស​អាក្រក់​នៅ​ផែន​ដី​ជា​រៀង​រហូត​ឡើយ។—ហាប. ២:៣

១២. តើ​តាម​របៀប​ណា​លោក​យេស៊ូ​មាន​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ​យេហូវ៉ា?

១២ លោក​យេស៊ូ​យក​តម្រាប់​បិតា​លោក។ អស់​រាប់​ពាន់​ឆ្នាំ លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ឃើញ​ពេល​ដែល​សាថាន​និយាយ​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា​និង​មនុស្ស​ស្មោះ​ត្រង់។ (​ដក. ៣:៤, ៥; យ៉ូប ១:១១; បប. ១២:១០​) លោក​យេស៊ូ​ក៏​បាន​ឃើញ​មនុស្ស​ជា​ច្រើន​រង​ទុក្ខ​វេទនា​ដែរ។ លោក​ច្បាស់​ជា​ចង់​«​បំផ្លាញ​ស្នា​ដៃ​របស់​មេ​កំណាច​»​យ៉ាង​ខ្លាំង! (​១យ៉ូន. ៣:៨​) ហេតុ​អ្វី​លោក​យេស៊ូ​អាច​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​រហូត​ដល់​ព្រះ​យេហូវ៉ា​ប្រាប់​លោក​ថា ជា​ពេល​ដែល​លោក​ត្រូវ​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​នោះ? មូលហេតុ​មួយ​គឺ​ដោយ​សារ​លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប។ លោក​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​តែ​មួយ​គត់​ដែល​សម្រេច​ចិត្ត​ថា​ពេល​ណា​ទី​បញ្ចប់​នឹង​មក​ដល់។—សកម្ម. ១:៧

១៣. តើ​តាម​របៀប​ណា​លោក​យេស៊ូ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួក​សាវ័ក ហើយ​ហេតុ​អ្វី?

១៣ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ក៏​បង្ហាញ​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួក​សាវ័ក​ដែរ។ ជា​ឧទាហរណ៍ ពេល​ពួក​សាវ័ក​ប្រកែក​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត​ថា​អ្នក​ណា​ធំ​ជាង​គេ លោក​យេស៊ូ​មិន​បាន​ឈប់​ព្យាយាម​ជួយ​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បន្ដ​មាន​ចិត្ត​អត់​ធ្មត់។ (​លូក. ៩:៤៦; ២២:២៤​-​២៧​) លោក​ជឿ​ជាក់​ថា នៅ​ពេល​ក្រោយ​មក ពួក​គេ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់។ ចុះ​អ្នក​វិញ តើ​អ្នក​ធ្លាប់​ធ្វើ​ខុស​ដដែល​ៗ​ឬ​ទេ? បើ​អ្នក​ធ្លាប់ អ្នក​ទំនង​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​អ្នក​មាន​ស្ដេច​ដែល​មាន​ចិត្ត​រាប​ទាប​និង​អត់​ធ្មត់​បែប​នេះ មែន​ទេ?

១៤. តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច?

១៤ តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា? ពេល​យើង​បណ្ដុះ​ឲ្យ​មាន​«​ចិត្ត​គំនិត​របស់​គ្រិស្ត​»​ នោះ​យើង​នឹង​មាន​គំនិត​និង​ការ​ប្រព្រឹត្ត​កាន់​តែ​ដូច​ព្រះ​យេហូវ៉ា។ (​១កូ. ២:១៦​) តើ​យើង​អាច​យល់​កាន់​តែ​ច្បាស់​អំពី​ចិត្ត​គំនិត​របស់​គ្រិស្ត​យ៉ាង​ដូច​ម្ដេច? មិន​មាន​ផ្លូវ​កាត់​ទេ។ យើង​ត្រូវ​អាន​សៀវភៅ​ដំណឹង​ល្អ។ ក្រោយ​មក យើង​ត្រូវ​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​របៀប​ដែល​កំណត់​ហេតុ​នោះ​បង្ហាញ​អំពី​ចិត្ត​គំនិត​របស់​គ្រិស្ត​ក្នុង​រឿង​ផ្សេង​ៗ។ ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​អត់​ធ្មត់​ដូច​លោក​យេស៊ូ​ដែរ។ ការ​ដែល​យើង​រៀន​ឲ្យ​កាន់​តែ​មាន​ចិត្ត​គំនិត​របស់​គ្រិស្ត យើង​នឹង​កាន់​តែ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ឯ​ទៀត​និង​ចំពោះ​ខ្លួន​ឯង។—ម៉ាថ. ១៨:២៦​-​៣០, ៣៥

ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប

១៥. សូម​លើក​ឧទាហរណ៍​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​រាប​ទាប។ (​ចម្រៀង​សរសើរ​ព្រះ ១៣៨:៦​)

១៥ សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៣៨:៦។ គឺ​ជា​ឯកសិទ្ធិ​ណាស់​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​លើ​សកល​លោក​ទាំង​មូល យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប! ជា​ឧទាហរណ៍ សូម​គិត​អំពី​បុគ្គល​មួយ​ចំនួន​នៅ​សម័យ​បុរាណ​ដែល​មាន​ចិត្ត​រាប​ទាប។ អ្នក​ឯ​ទៀត​ប្រហែល​ជា​មើល​រំលង​ពួក​គេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ពួក​គេ។ បុគ្គល​ខ្លះ​យើង​ប្រហែល​ជា​មិន​នឹក​ឃើញ​ភ្លាម​ៗ​ទេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គេ​កត់​ទុក​អំពី​បុគ្គល​ទាំង​នោះ​នៅ​ក្នុង​គម្ពីរ។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ម៉ូសេ​កត់​ទុក​អំពី​មេ​ដោះ​ម្នាក់​ឈ្មោះ​ដេបូរ៉ា​ដែល​រស់​នៅ​សម័យ​របស់​ពួក​បុព្វ​បុរស។ នាង​បាន​បម្រើ​យ៉ាង​ស្មោះ​ត្រង់​នៅ​ក្នុង​ផ្ទះ​របស់​អ៊ីសាក​និង​ផ្ទះ​របស់​យ៉ាកុប​អស់​ប្រមាណ​១២៥​ឆ្នាំ! ទោះ​ជា​យើង​មិន​ដឹង​ច្រើន​អំពី​ស្ត្រី​ដ៏​ស្មោះ​ត្រង់​នេះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ម៉ូសេ​សរសេរ​ចំណុច​មួយ​ដែល​បង្ហាញ​ថា នាង​ជា​បុគ្គល​ដែល​បាន​ត្រូវ​គេ​ស្រឡាញ់។ (​ដក. ២៤:៥៩; ៣៥:៨, កំ.ស.​) ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ក្មេង​ឃ្វាល​ចៀម​ម្នាក់​ឈ្មោះ​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។ (​២សាំ. ២២:១, ៣៦​) ម្យ៉ាង​ទៀត មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​កើត ព្រះ​បាន​ចាត់​ទេវតា​ឲ្យ​ទៅ​ប្រាប់​ពួក​គង្វាល​មុន​គេ​ឲ្យ​ដឹង​ថា​មេស្ស៊ី​បាន​កើត​មក​នៅ​ក្រុង​បេថ្លេហិម។ នោះ​ជា​កិត្តិយស​ណាស់! (​លូក. ២:៨​-​១១​) មួយ​វិញ​ទៀត ពេល​យ៉ូសែប​និង​ម៉ារៀ​នាំ​លោក​យេស៊ូ​ទៅ​វិហារ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ស៊ីម្មាន​និង​អាណា​ដែល​ជា​មនុស្ស​វ័យ​ចាស់ មាន​ឯកសិទ្ធិ​ឃើញ​បុត្រ​របស់​លោក។ (​លូក. ២:២៥​-​៣០, ៣៦​-​៣៨​) ពិត​ណាស់​«​ទោះ​ជា​ព្រះ​យេហូវ៉ា​ខ្ពង់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ លោក​ចាប់​អារម្មណ៍​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»​!

១៦. តើ​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដូច​បិតា​លោក​យ៉ាង​ដូច​ម្ដេច?

១៦ លោក​យេស៊ូ​យក​តម្រាប់​បិតា​លោក។ ដូច​បិតា​របស់​លោក លោក​យេស៊ូ​ចាប់​អារម្មណ៍​និង​ឲ្យ​តម្លៃ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប។ លោក​បាន​បង្រៀន​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ​ដល់​«​ជន​សាមញ្ញ ហើយ​មិន​បាន​រៀន​សូត្រ​»។ (​សកម្ម. ៤:១៣; ម៉ាថ. ១១:២៥​) លោក​យេស៊ូ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ហើយ​លោក​ធ្វើ​ដូច្នោះ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព។ (​លូក. ៥:១៣​) នៅ​យប់​ចុង​ក្រោយ​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​លាង​ជើង​ពួក​សាវ័ក​ដែល​ធម្មតា​ជា​កិច្ច​ការ​របស់​ខ្ញុំ​បម្រើ។ (​យ៉ូន. ១៣:៥​) ម្យ៉ាង​ទៀត មុន​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​ប្រគល់​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ដល់​ពួក​អ្នក​កាន់​តាម​លោក​ទាំង​អស់ រួម​ទាំង​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​យើង​មាន​ឯកសិទ្ធិ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—ម៉ាថ. ២៨:១៩, ២០

១៧. តើ​តាម​របៀប​ណា​យើង​អាច​លើក​កិត្តិយស​អ្នក​ឯ​ទៀត? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា? យើង​លើក​កិត្តិយស​អ្នក​ឯ​ទៀត ដោយ​ប្រាប់​មនុស្ស​ទាំង​អស់​អំពី​ដំណឹង​ល្អ​មិន​ថា​ពួក​គេ​មាន​ពណ៌​សម្បុរ ការ​អប់រំ ឬ​មាន​ប្រវត្តិ​បែប​ណា​ក្ដី។ ម្យ៉ាង​ទៀត យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​បង​ប្អូន​របស់​យើង ទោះ​ជា​យើង​មាន​ឯកសិទ្ធិ​នៅ​ក្នុង​ក្រុម​ជំនុំ​ច្រើន​ជាង​ពួក​គេ ឬ​អាច​ធ្វើ​អ្វី​ផ្សេង​ៗ​ប្រសើរ​ជាង​ពួក​គេ​ក៏​ដោយ។ (​ភី. ២:៣​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​បង្ហាញ​ចិត្ត​រាប​ទាប ហើយ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​តាម​របៀប​ទាំង​នេះ​ព្រម​ទាំង​តាម​របៀប​ផ្សេង​ទៀត។—រ៉ូម ១២:១០; សេផ. ៣:១២

បង​ស្រី​ពីរ​នាក់​បង្រៀន​គម្ពីរ​ដល់​ស្ត្រី​ម្នាក់​ដែល​ជាប់​គុក​នៅ​មន្ទីរ​ឃុំ​ឃាំង។

យើង​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេហូវ៉ា ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​គ្រប់​ប្រភេទ ​(​សូម​មើល​វគ្គ​១៧​)​a


១៨. ហេតុ​អ្វី​អ្នក​ចង់​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេហូវ៉ា?

១៨ ពេល​យើង​ព្យាយាម​មាន​ចិត្ត​រាប​ទាប​ដូច​បិតា​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ យើង​នឹង​ទៅ​ជា​មនុស្ស​ដែល​កាន់​តែ​ស្រួល​ទាក់​ទង សម​ហេតុ​សម​ផល និង​មាន​ចិត្ត​អត់​ធ្មត់​ជាង។ ម្យ៉ាង​ទៀត យើង​ក៏​នឹង​លើក​កិត្តិយស​អ្នក​ឯ​ទៀត​ដូច​ព្រះ​យេហូវ៉ា​ធ្វើ​ដែរ។ សូម​ចាំ​ថា​ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​របស់​យើង យើង​នឹង​កាន់​តែ​មាន​តម្លៃ​ចំពោះ​លោក!—អេ. ៤៣:៤

តើ​តាម​របៀប​ណា​ចិត្ត​រាប​ទាប​អាច​ជួយ​អ្នក​ឲ្យ . . .

  • ទៅ​ជា​មនុស្ស​ដែល​ស្រួល​ទាក់​ទង?

  • ទៅ​ជា​មនុស្ស​ដែល​សម​ហេតុ​សម​ផល?

  • ទៅ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អត់​ធ្មត់?

ចម្រៀង​លេខ​១៥៩ ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា

a ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ប្អូន​ស្រី​មាន​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ទាំង​អស់ ដោយ​បង្រៀន​គម្ពីរ​ដល់​ស្ត្រី​ដែល​ជាប់​គុក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក