Courtesy Jamie Christiani/Bulletin of the Atomic Scientists
ចូរចាំយាម!
ទ្រនិចនាឡិកានៃការហិនវិនាសពិភពលោកកំពុងរំកិលជិតដល់ចំណុចចុងក្រោយ
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកវិទ្យាសាស្ត្របានបង្វិលទ្រនិចនាឡិកានៃការហិនវិនាសពិភពលោកaឲ្យជិតដល់ចំណុចម៉ោង១២ពាក់កណ្ដាលអធ្រាត្រ។ ពាក់កណ្ដាលអធ្រាត្រតំណាងឲ្យការហិនវិនាសពិភពលោកដែលបង្កឡើងដោយមនុស្ស។
ទស្សនាវដ្ដីមួយបានរៀបរាប់ថា៖«នៅថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្ត្រនិងពួកអ្នកជំនាញបានបង្វិលទ្រនិចនាឡិកានៃការហិនវិនាសនៅត្រឹម៨៥វិនាទីមុនដល់ពាក់កណ្ដាលអធ្រាត្រ ដែលនេះជាចំណុចជិតបំផុតនៃការហិនវិនាសរបស់មនុស្សជាតិ(Bulletin of the Atomic Scientists)។
លោកស្រីអាឡិចសាន់ត្រា បេល ដែលជានាយកគ្រប់គ្រងទស្សនាវដ្ដីមួយបានរៀបរាប់ថា៖«នេះជាការព្រមានកាន់តែច្បាស់ថា សេចក្ដីហិនវិនាសនៃពិភពលោកកាន់តែរំកិលជិតមកដល់ហើយ។ មនុស្សមិនបានសហការគ្នាដើម្បីដោះស្រាយទេ ហើយយើងក៏មិននៅសល់ពេលច្រើនដែរ។ ដូច្នេះ ពួកអ្នកដឹកនាំត្រូវចាត់វិធានការជាបន្ទាន់មុននឹងហួសពេល»(Bulletin of the Atomic Scientists)។
តើមនុស្សយើងនិងភពផែនដីនឹងត្រូវបំផ្លាញឬ? តើយើងត្រូវខ្លាចចំពោះអ្វីដែលនឹងកើតឡើងឬទេ? តើគម្ពីរចែងយ៉ាងណា?
តើអនាគតនឹងទៅជាយ៉ាងណា?
គម្ពីរចែងថា៖«ផែនដីនៅស្ថិតស្ថេរជារៀងរហូត» ហើយមនុស្ស«នឹងរស់នៅផែនដីជារៀងរហូត»។ (អ្នកទូន្មាន ១:៤; ចម្រៀងសរសើរព្រះ ៣៧:២៩) ដូច្នេះ មនុស្សនឹងមិនបំផ្លាញផែនដី ឬធ្វើឲ្យផែនដីលែងអាចទ្រទ្រង់ជីវិតបានទៀតនោះឡើយ។
ប៉ុន្តែ គម្ពីរបានបញ្ជាក់ប្រាប់អំពីទីបញ្ចប់។ ជាឧទាហរណ៍ គម្ពីរចែងថា៖«ពិភពលោកនេះ . . . កំពុងឈានទៅរកការសាបសូន្យ»។—យ៉ូហានទី១ ២:១៧
ដើម្បីស្វែងយល់អត្ថន័យនូវអ្វីដែលគម្ពីរចែងស្ដីអំពីទីបញ្ចប់នៃពិភពលោកនេះ សូមអានអត្ថបទដែលមានចំណងជើងថា«តើពិភពលោកនេះជិតដល់ទីបញ្ចប់ឬ? តើទីបញ្ចប់នៃពិភពលោកជាអ្វី?»។
ដើម្បីស្វែងយល់នូវអ្វីដែលគម្ពីរចែងអំពីពេលវេលានៃព្រឹត្តិការណ៍ពិភពលោកដែលកំពុងកើតឡើង សូមអានអត្ថបទដែលមានចំណងជើងថា«តើពិភពលោកនេះដល់ទីបញ្ចប់នៅពេលណា?»។
ចូររក្សាចិត្តគំនិតវិជ្ជមាន
គម្ពីរអាចជួយយើងឲ្យរក្សាចិត្តគំនិតវិជ្ជមាន ទោះជាមានបញ្ហាផ្សេងៗក្នុងពិភពលោកក៏ដោយ។ តើតាមរបៀបណា?
គម្ពីរផ្ដល់ដំបូន្មានល្អៗដែលអាចជួយយើងក្នុងជីវិតប្រចាំថ្ងៃ។ (ធីម៉ូថេទី២ ៣:១៦, ១៧) ជាឧទាហរណ៍ សូមអានអត្ថបទដែលមានចំណងជើងថា«របៀបគ្រប់គ្រងអារម្មណ៍ភ័យព្រួយ»ដើម្បីស្វែងយល់នូវរបៀបដែលគម្ពីរអាចជួយលោកអ្នកឲ្យរក្សាចិត្តគំនិតវិជ្ជមានទោះជាមានការពិបាកក្នុងជីវិតក្ដី។
គម្ពីរផ្ដល់សេចក្ដីសង្ឃឹមពិតសម្រាប់ថ្ងៃអនាគត។ (រ៉ូម ១៥:៤) គម្ពីរពន្យល់យ៉ាងត្រឹមត្រូវនូវមូលហេតុដែលយើងអាចមានសង្ឃឹមនៅសព្វថ្ងៃនិងនៅអនាគត ហើយនោះអាចជួយយើងឲ្យមានទំនុកចិត្តក្នុងការប្រឈមមុខនឹងព្រឹត្តិការណ៍ដែលកើតឡើងក្នុងពិភពលោកសព្វថ្ងៃនេះ។
ដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីគម្ពីរ យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅឲ្យទាក់ទងយើងដើម្បីសាកល្បងវគ្គសិក្សាគម្ពីរដោយឥតគិតថ្លៃនៅថ្ងៃនេះ។
a «នាឡិកានៃការហិនវិនាសពិភពលោកបានបង្កើតឡើងដើម្បីព្រមានមនុស្សថា ពិភពលោករបស់យើងកាន់តែជិតដល់ពេលបំផ្លាញ ដោយសារគ្រឿងបច្ចេកទេសផ្សេងៗដែលមនុស្សបង្កើតឡើងដែលបង្កគ្រោះថ្នាក់។ នាឡិកានោះជានិមិត្តរូបដែលគេប្រើដើម្បីរំលឹកអំពីគ្រោះថ្នាក់ដែលយើងត្រូវដោះស្រាយ បើយើងចង់បន្តរស់នៅភពផែនដីនេះ»។ (Bulletin of the Atomic Scientists)