គ្រូគង្វាលដែលផ្ទុះកំហឹងបានជួបសាក្សីដែលស្លូតបូត
បងប្រុសអាថឺដែលជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់នៅប្រទេសអាមេនី បានទៅសួរសុខទុក្ខក្រុមជំនុំមួយរបស់សាក្សីព្រះយេហូវ៉ា។ គាត់បានឃើញថាក្រុមជំនុំនោះមិនទាន់រៀបចំឲ្យមានកិច្ចផ្សព្វផ្សាយសាធារណៈនៅឡើយទេ។ ការផ្សព្វផ្សាយបែបនេះ ត្រូវរៀបចំឡើងដោយរួមមានរទេះមួយដាក់តាំងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ ដើម្បីលើកទឹកចិត្តបងប្អូនឲ្យចាប់ផ្ដើមផ្សព្វផ្សាយតាមរបៀបនេះ បងអាថឺនិងបងអាណាជាប្រពន្ធគាត់ ព្រមទាំងសាក្សីម្នាក់ទៀតឈ្មោះជីរៃ បានរៀបចំរទេះដាក់តាំងសៀវភៅក្នុងក្រុងតូចមួយ។ ពួកគាត់បានជ្រើសរើសទីតាំងមួយដែលមានមនុស្សច្រើន។
ភ្លាមៗ មានមនុស្សខ្លះបានចាប់អារម្មណ៍ ហើយយកសៀវភៅរបស់យើង។ បន្ទាប់មក ពួកអ្នកប្រឆាំងបានដឹងអំពីវិធីផ្សព្វផ្សាយថ្មីនោះ។ ក្រោយមក គ្រូគង្វាលពីរនាក់បានដើរមកកាន់រទេះយើង។ គ្រូគង្វាលម្នាក់ស្រាប់តែធាក់រទេះយើងឲ្យដួលដល់ដី ហើយគាត់ទះកំផ្លៀងបងអាថឺធ្វើឲ្យវ៉ែនតាបងអាថឺជ្រុះ។ បងអាថឺ បងអាណា និងបងជីរៃ បានព្យាយាមធ្វើឲ្យគ្រូគង្វាលទាំងនោះស្ងប់ចិត្ត តែមិនបានជោគជ័យទេ។ ផ្ទុយទៅវិញ គ្រូគង្វាលទាំងនោះបានជាន់បំផ្លាញរទេះ ហើយធ្វើឲ្យសៀវភៅរប៉ាត់រប៉ាយ។ ក្រោយពីពួកគេបានជេរនិងនិយាយគំរាមសាក្សីអស់ចិត្ត ពួកគេបានចាកចេញទៅ។
បងអាថឺ បងអាណា និងបងជីរៃ បានទៅប៉ុស្តិ៍ប៉ូលិសដើម្បីដាក់ពាក្យបណ្ដឹង។ ពួកគាត់បានរៀបរាប់អំពីហេតុការណ៍នោះ ហើយប្រាប់ពួកប៉ូលិសនិងបុគ្គលិកខ្លះៗដែលនៅទីនោះយ៉ាងខ្លីអំពីគម្ពីរ។ បន្ទាប់មក គេបាននាំពួកគាត់ទាំងបីនាក់ចូលទៅបន្ទប់របស់មេប៉ូលិស។ ដំបូង មេប៉ូលិសគ្រាន់តែចង់ដឹងពាក្យបណ្ដឹងឲ្យបានល្អិតល្អន់ជាងប៉ុណ្ណោះ។ ប៉ុន្តែក្រោយឮថាបងអាថឺដែលមានមាឌធំ មិនបានវាយតបតពេលត្រូវគ្រូគង្វាលទះកំផ្លៀង នោះមេប៉ូលិសក៏ឈប់សួរអំពីរឿងនោះទៀត តែចាប់ផ្ដើមចង់ដឹងអំពីជំនឿរបស់សាក្សីវិញ។ នេះបាននាំឲ្យមានការពិគ្រោះរហូតដល់បួនម៉ោង! ប៉ូលិសនោះបានកោតស្ងើចចំពោះអ្វីដែលគាត់បានឮ បានជាគាត់ពោលថា៖«សាសនានេះអស្ចារ្យណាស់! ខ្ញុំចង់ចូលរួមដែរ!»។
បងអាថឺនិងបងអាណា
លុះស្អែកឡើង ពេលបងអាថឺផ្សព្វផ្សាយសាធារណៈម្ដងទៀត បុរសម្នាក់ដែលបានឃើញហេតុការណ៍នោះពីម្សិលមិញ បានដើរទៅរកគាត់។ បុរសនោះសរសើរបងអាថឺដោយសារគាត់រក្សាចិត្តស្ងប់និងមិនតបត។ គាត់បន្ថែមថា អ្វីដែលគាត់បានឃើញធ្វើឲ្យគាត់លែងមានការគោរពចំពោះគ្រូគង្វាលទៀត។
នៅល្ងាចដដែលនោះ មេប៉ូលិសបានកោះហៅបងអាថឺឲ្យមកប៉ុស្តិ៍ប៉ូលិសម្ដងទៀត។ ជាជាងពិគ្រោះអំពីរឿងនោះ មេប៉ូលិសបានសួរសំណួរច្រើនថែមទៀតអំពីគម្ពីរ។ នៅពេលនោះប៉ូលិសពីរនាក់ទៀតក៏ចូលរួមក្នុងការពិភាក្សាដែរ។
នៅថ្ងៃបន្ទាប់ បងអាថឺបានទៅជួបមេប៉ូលិសម្ដងទៀត តែលើកនេះគាត់បង្ហាញវីដេអូខ្លះដែលមានមូលដ្ឋានលើគម្ពីរ។ មេប៉ូលិសក៏បានហៅប៉ូលិសឯទៀតឲ្យមកមើលវីដេអូដែរ។
ជាលទ្ធផលដោយសារការប្រព្រឹត្តអាក្រក់របស់គ្រូគង្វាល ប៉ូលិសជាច្រើននាក់បានស្ដាប់ដំណឹងល្អជាលើកទី១។ នេះបានធ្វើឲ្យពួកគេមានទស្សនៈល្អចំពោះសាក្សីព្រះយេហូវ៉ា។