គាត់បានរៀនពីអ្នកជាប់គុក
បុរសម្នាក់ដែលជាជនភៀសខ្លួនពីប្រទេសអេរីត្រេបានមកប្រទេសន័រវែសនៅឆ្នាំ២០១១។ ពេលសាក្សីព្រះយេហូវ៉ាបានជួបគាត់ គាត់បានប្រាប់ពួកគេថាគាត់ធ្លាប់បានជួបសាក្សីនៅស្រុកកំណើតរបស់គាត់ដែរ។ គាត់និយាយថាក្នុងអំឡុងពេលនោះគាត់ជាទាហាន ហើយគាត់បានឃើញសាក្សីជាច្រើននាក់ជាប់គុកដោយសារជំនឿ។ សាក្សីបានជាប់គុក ដោយសារពួកគេបានបដិសេធការបង្ខិតបង្ខំឲ្យធ្វើជាទាហាន ទោះបីជាត្រូវគេធ្វើបាបយ៉ាងឃោរឃៅក៏ដោយ។
ដោយមិនបានរំពឹងទុក ស្ថានភាពរបស់បុរសនោះបានផ្លាស់ប្ដូរ គាត់ក៏ត្រូវគេចាប់ដាក់គុកដែរ។ គាត់បានជាប់គុកក្នុងបន្ទប់មួយជាមួយសាក្សីព្រះយេហូវ៉ាបីនាក់ គឺប៉ោឡុសអ៊ីយ៉ាស៊ូ ណេហ្គេដេថេកឡេម៉ារីយ៉ាម និងអៃសាកម៉ូហ្គុស។ ពួកគាត់ទាំងបីនាក់បានជាប់ឃុំដោយសារជំនឿតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។
ក្នុងអំឡុងពេលជាប់គុក បុរសនេះបានឃើញដោយផ្ទាល់ភ្នែកថាសាក្សីព្រះយេហូវ៉ារស់នៅស្របតាមអ្វីដែលពួកគេបង្រៀន។ គាត់បានកត់សម្គាល់អំពីការប្រព្រឹត្តដ៏ទៀងត្រង់របស់ពួកគេ ហើយថែមទាំងឃើញពួកគេចែករំលែកអាហាររបស់ពួកគេដល់អ្នកទោសឯទៀតដែរ។ គាត់បានសង្កេតឃើញរបៀបដែលសាក្សីទាំងនោះបានសិក្សាគម្ពីរជាមួយគ្នាក្នុងគុកជារៀងរាល់ថ្ងៃ ព្រមទាំងអញ្ជើញអ្នកឯទៀតឲ្យចូលរួមសិក្សាជាមួយពួកគេដែរ។ សូម្បីតែពួកគេមានឱកាសទទួលបានសេរីភាពដោយគ្រាន់តែចុះហត្ថលេខាលើលិខិតដែលប្រកាសថាសុខចិត្តលះបង់ជំនឿក្ដី ក៏ពួកគេមិនព្រមធ្វើដូច្នេះដែរ។
បទពិសោធន៍នេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបុរសដែលមានចិត្តស្មោះម្នាក់នេះ ហើយមិនយូរក្រោយពីគាត់បានមករស់នៅប្រទេសន័រវែស គាត់ចង់ដឹងអំពីមូលហេតុដែលសាក្សីព្រះយេហូវ៉ាមានជំនឿរឹងមាំបែបនេះ។ ពេលសាក្សីទាក់ទងគាត់ ភ្លាមៗគាត់ចាប់ផ្ដើមសិក្សាគម្ពីរជាមួយពួកគេ ហើយក៏ចាប់ផ្ដើមចូលរួមកិច្ចប្រជុំដែរ។
នៅខែកញ្ញា ឆ្នាំ២០១៨ គាត់បានទទួលការជ្រមុជទឹកទៅជាសាក្សីព្រះយេហូវ៉ា។ ឥឡូវនេះ គាត់ព្យាយាមប្រើគ្រប់ឱកាសទាក់ទងមនុស្សដែលមកពីប្រទេសអេរីត្រេនិងប្រទេសស៊ូដង់ ដើម្បីលើកទឹកចិត្តពួកគេឲ្យរៀនគម្ពីរ ហើយមានជំនឿរឹងមាំ។