Imagination World/stock.adobe.com
ដំណឹងពីបណ្ដាំរបស់ព្រះ សេចក្ដីសង្ឃឹមសម្រាប់ជនភៀសខ្លួន!
ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានត្រូវបង្ខំចិត្តភៀសខ្លួនចេញពីទីលំនៅដើម្បីរួចជីវិត។ តើអ្នកកំពុងប្រឈមនឹងរឿងដ៏គួរឲ្យតក់ស្លុតបែបនេះទេ? បើមែន សូមមានទំនុកចិត្តថាមានបុគ្គលម្នាក់អាចជួយអ្នកបាន។ បុគ្គលនោះគឺជាព្រះ។ លោកផ្ដល់សង្ឃឹមដល់អ្នកនូវជីវិតដ៏ប្រសើរ។ អ្នកអាចរៀនពីសេចក្ដីសង្ឃឹមនេះនៅក្នុងគម្ពីរបរិសុទ្ធ។
ឧត្តមស្នងការសហភាពអឺរ៉ុប គ្រីស្តូស ស្ទីលៀណាយស៍a បានរៀបរាប់ថា៖«ជនភៀសខ្លួនbនិងអ្នកដែលធ្វើចំណាកស្រុកមិនគ្រាន់តែត្រូវការជំនួយបន្ទាន់ប៉ុណ្ណោះទេ តែពួកគេក៏...ត្រូវការសេចក្ដីសង្ឃឹមសម្រាប់អនាគតដែរ»។ បុគ្គលដែលមានសេចក្ដីសង្ឃឹមអាចមានទស្សនៈត្រឹមត្រូវចំពោះអ្វីដែលកើតឡើងនៅថ្ងៃខាងមុខ។ ប៉ុន្តែ បន្ថែមពីលើសេចក្ដីសង្ឃឹម ជនភៀសខ្លួនក៏ត្រូវការការសម្រាលទុក្ខខាងផ្លូវចិត្តផងដែរ។
អេម៉ាញូអែលពីប្រទេសហៃទី បានរៀបរាប់ថា៖«ពេលខ្ញុំត្រូវរត់ភៀសខ្លួនចេញពីប្រទេស ហើយទុកក្រុមគ្រួសារចោល ខ្ញុំមានអារម្មណ៍ហេងហាង តែលតោល និងពិបាកចិត្តណាស់។ ខ្ញុំរស់នៅដោយក្រៀមក្រំ ភ័យខ្លាច និងខ្វល់ខ្វាយរហូត»។
តើអ្នកមានអារម្មណ៍ដូចអេម៉ាញូអែលទេ? បើអ្នកបានភៀសខ្លួនចេញពីស្រុកកំណើត អ្នកត្រូវការការសម្រាលទុក្ខនិងសេចក្ដីសង្ឃឹម មែនទេ? អ៊ីចឹង តើគម្ពីរដែលជាបណ្ដាំព្រះអាចជួយអ្នកតាមរបៀបណា?
ការសម្រាលទុក្ខពីបណ្ដាំព្រះ
គម្ពីរចែងថា៖ «ព្រះយេហូវ៉ាc...ស្រឡាញ់ជនបរទេស»។—ការបំភ្លឺច្បាប់ ១០:១៧, ១៨
នេះមានន័យថាអ្នកមិននៅតែឯងទេ។ ព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរ លោកយល់ស្ថានភាពរបស់អ្នក លោកស្រឡាញ់អ្នក ហើយលោកពិតជាខ្វល់អំពីសុខទុក្ខរបស់អ្នក។
គម្ពីរចែងថា៖ «ព្រះយេហូវ៉ានៅជិតអស់អ្នកដែលហៅរកលោក»។—ចម្រៀងសរសើរព្រះ ១៤៥:១៨
នេះមានន័យថាពេលអ្នកអធិដ្ឋាន ព្រះស្ដាប់អ្នក។ លោកអាចជួយអ្នកឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្ត។ បន្ថែមទៅទៀត លោកក៏ផ្ដល់ប្រាជ្ញាក្នុងគម្ពីរដែលអាចជួយអ្នកឲ្យស៊ូទ្រាំនឹងស្ថានភាពរបស់អ្នកដែរ។
គម្ពីរចែងថា៖ «គឺមិនអាចទៅរួចឡើយដែលព្រះដ៏ពិតប្រព្រឹត្តអំពើទុច្ចរិត...ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនប្រព្រឹត្តដោយអយុត្តិធម៌ឡើយ»។—យ៉ូប ៣៤:១០, ១២
នេះមានន័យថាព្រះមិនបណ្ដាលឲ្យអ្នករងទុក្ខវេទនាទេ។ លោកមិនមែនកំពុងដាក់ទោសអ្នកទេ ហើយលោកក៏មិនល្បងលអ្នកដោយធ្វើឲ្យជីវិតអ្នកពិបាកដែរ។
សេចក្ដីសង្ឃឹមពីបណ្ដាំព្រះ
គម្ពីរពន្យល់អំពីអ្វីដែលព្រះនឹងធ្វើសម្រាប់យើងនៅថ្ងៃអនាគត។ សូមស្វែងយល់ថាតើសេចក្ដីសង្ឃឹមនេះជួយជនភៀសខ្លួនតាមរបៀបណា។
គម្ពីរចែងថា៖ «[ព្រះ]នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ»។—ការបើកបង្ហាញ ២១:៤
នេះមានន័យថាយើងនឹងបានធូរស្រាលពីទុក្ខវេទនា។ ព្រះសន្យាថានឹងបំបាត់ចោលបញ្ហាទាំងអស់ ដែលធ្វើឲ្យជីវិតយើងអស់សង្ឃឹម។
ខាឡាពីប្រទេសសាល់វ៉ាឌ័រ បានរៀបរាប់ថា៖«មិនយូរទៀត ព្រះនឹងបំបាត់ចោលភាពអយុត្តិធម៌និងរឿងអាក្រក់គ្រប់យ៉ាងដែលនៅជុំវិញយើង។ សេចក្ដីសង្ឃឹមនេះជួយខ្ញុំឲ្យផ្ដោតអារម្មណ៍ទៅលើគ្រាដែលលែងមានទុក្ខវេទនាទៀត»។
គម្ពីរចែងថា៖ «អ្វីៗដែលធ្លាប់កើតឡើងពីមុន នឹងគ្មាននរណានឹកឃើញទៀតទេ ហើយក៏មិនចងចាំនៅក្នុងចិត្តទៀតដែរ»។—អេសាយ ៦៥:១៧
នេះមានន័យថាយើងនឹងលែងនឹកចាំអ្វីដែលគួរឲ្យឈឺចាប់ទៀត។ ព្រះនឹងធ្វើឲ្យប្រាកដថាអ្នកនឹងលែងនឹកចាំរឿងអាក្រក់ៗដែលធ្វើឲ្យអ្នកពិបាកចិត្តទៀត។
ណាថាលីយ៉ាពីប្រទេសអ៊ុយក្រែន បានរៀបរាប់ថា៖«គម្ពីរសន្យាថាយើងនឹងមិននឹកចាំអំពីការឈឺចាប់ដែលមកពីការបាត់បង់ទៀតទេ។ សេចក្ដីសង្ឃឹមនេះជួយខ្ញុំឲ្យស៊ូទ្រាំនឹងស្ថានភាពពិបាកដែលខ្ញុំកំពុងជួប ព្រោះខ្ញុំដឹងថាមិនយូរទៀតអ្វីៗទាំងនោះនឹងត្រូវកែប្រែទាំងស្រុង»។
គម្ពីរចែងថា៖ «ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រមួយឡើងដែលនឹង...បំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រទាំងអស់នោះឲ្យសាបសូន្យទៅ»។—ដានីយ៉ែល ២:៤៤
នេះមានន័យថារដ្ឋាភិបាលនៅស្ថានសួគ៌ដែលព្រះបានស្ថាបនាឡើង នឹងគ្រប់គ្រងមកលើផែនដី។ មិនយូរទៀត ព្រះនឹងឲ្យរដ្ឋាភិបាលរបស់លោកនៅស្ថានសួគ៌គ្រប់គ្រងជំនួសរដ្ឋាភិបាលរបស់មនុស្ស។ រដ្ឋាភិបាលព្រះនឹងនាំឲ្យមានសេចក្ដីសុខសាន្តនិងសុវត្ថិភាពដល់មនុស្ស ហើយនឹងគ្រប់គ្រងដោយយុត្តិធម៌ ថែមទាំងនាំឲ្យមានភាពសម្បូរសប្បាយដល់មនុស្សទាំងអស់។—មីកា ៤:៣, ៤
មូស្ទើហ្វាពីមជ្ឈិមបូព៌ា បានរៀបរាប់ថា៖«ខ្ញុំទទួលកម្លាំងចិត្តពេលដែលដឹងថាបញ្ហាដូចជាការជិះជាន់ ការរើសអើង ការសង្ស័យ និងជាតិនិយម នឹងមិនមានរហូតទេ។ ព្រោះមិនយូរទៀត រាជាណាចក្រព្រះនឹងបំបាត់ចោលបញ្ហាទាំងអស់នេះ»។
សូមស្វែងរកការសម្រាលទុក្ខពីសេចក្ដីសង្ឃឹមក្នុងគម្ពីរ
ប្រាជ្ញាពីបណ្ដាំព្រះ
គម្ពីរមានយោបល់ដែលប្រកបដោយប្រាជ្ញាជាច្រើនដែលអាចជួយអ្នកឲ្យចេះប្រឈមនឹងស្ថានភាពដែលអ្នកកំពុងជួប។ បន្ថែមទៅទៀត យោបល់ទាំងនោះក៏អាចជួយអ្នកចេះសម្របខ្លួនបន្តិចម្ដងៗទៅតាមស្ថានភាពថ្មី រួមបញ្ចូលការបាត់បង់វត្ថុទ្រព្យផងដែរ។ សូមពិនិត្យមើលគោលការណ៍គម្ពីរមួយចំនួនដែលជួយដល់ជនភៀសខ្លួន។ គោលការណ៍ទាំងនោះមានដូចតទៅ៖
គម្ពីរចែងថា៖ «ទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។—លូកា ១២:១៥
របៀបដែលពាក្យទាំងនេះអាចជួយអ្នក៖ អ្នកទំនងជាតក់ស្លុតជាខ្លាំងចំពោះអ្វីដែលបានកើតឡើង។ ប៉ុន្តែ បើអ្នកផ្អាកបន្តិច ហើយរំពឹងគិតអំពីតម្លៃនៃជីវិត នោះអ្នកប្រហែលជាមិនធ្លាក់ទឹកចិត្តខ្លាំងពេកចំពោះអ្វីដែលអ្នកបានបាត់បង់ឡើយ។
ណាថាលីយ៉ាពីប្រទេសអ៊ុយក្រែនបានរៀបរាប់ថា៖«ជីវិតគឺមានតម្លៃជាងវត្ថុទ្រព្យឆ្ងាយណាស់។ ក្នុងកាលៈទេសៈខ្លះ ទ្រព្យសម្បត្តិឬលុយមិនអាចជួយយើងបានឡើយ»។
គម្ពីរចែងថា៖ «កុំសួរថា៖‹ហេតុអ្វីពីមុនល្អជាងបច្ចុប្បន្ន?›»។—អ្នកទូន្មាន ៧:១០
របៀបដែលពាក្យទាំងនេះអាចជួយអ្នក៖ ស្ថានភាពដែលអ្នកជួបនៅឥឡូវនេះប្រហែលជាពិបាកណាស់។ ប៉ុន្តែ បើអ្នកប្រៀបធៀបស្ថានភាពដែលអ្នកកំពុងជួបទៅនឹងស្ថានភាពពីមុន នោះអាចធ្វើឲ្យអ្នកកាន់តែពិបាកចិត្ត។
អេលីពីប្រទេសរវ៉ាន់ដាបានរៀបរាប់ថា៖«អ្វីដែលជួយខ្ញុំឲ្យមានទស្សនៈត្រឹមត្រូវ គឺការទទួលយកស្ថានភាពដែលខ្ញុំមាននៅឥឡូវនេះ»។
គម្ពីរចែងថា៖ «យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់»។—ធីម៉ូថេទី១ ៦:៨
របៀបដែលពាក្យទាំងនេះអាចជួយអ្នក៖ ធ្វើចិត្តឲ្យសប្បាយចំពោះអ្វីដែលខ្លួនមាន។ ពេលយើងស្កប់ចិត្តនឹងអ្វីទាំងនោះ យើងនឹងមិនសូវតានតឹងចិត្តទេ ហើយក៏មិនព្រួយបារម្ភច្រើនពេកដែរ។
អ៊ីវ៉ានពីប្រទេសអ៊ុយក្រែនបានរៀបរាប់ថា៖«យោបល់ក្នុងគម្ពីរជួយខ្ញុំមិនឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងបានបាត់បង់។ ប្រពន្ធខ្ញុំនិងខ្ញុំសប្បាយដែលយើងនៅតែមានជីវិត ហើយអាចរស់នៅកន្លែងដែលមានសុវត្ថិភាព»។
គម្ពីរចែងថា៖ «ម្ល៉ោះហើយ អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។—ម៉ាថាយ ៧:១២
របៀបដែលពាក្យទាំងនេះអាចជួយអ្នក៖ អ្នកទំនងជានឹងកាន់តែចុះសម្រុងជាមួយអ្នកឯទៀត បើអ្នកព្យាយាមបង្ហាញចិត្តសប្បុរសនិងចិត្តអត់ធ្មត់។ ម្យ៉ាងទៀត ពេលអ្នកធ្វើដូច្នេះ មនុស្សឯទៀតនឹងរាប់អានអ្នក ហើយមិនសូវប្រព្រឹត្តដោយអយុត្តិធម៌ទៅលើអ្នកទេ។
អាន់ជេឡូពីស្រីលង្កាបានរៀបរាប់ថា៖«មនុស្សភាគច្រើនចូលចិត្តពេលយើងប្រព្រឹត្តចំពោះពួកគេដោយការគោរព សប្បុរស និងសេចក្ដីស្រឡាញ់»។ គុណសម្បត្តិនេះនឹងជួយយើងឲ្យមានចំណងមិត្តភាពល្អជាមួយអ្នកឯទៀតពីក្នុងសហគមន៍ជាមួយគ្នា»។
គម្ពីរចែងថា៖ «ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់...សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា»។—ភីលីព ៤:៦, ៧
របៀបដែលពាក្យទាំងនេះអាចជួយអ្នក៖ សូមអធិដ្ឋានជម្រាបព្រះពីអារម្មណ៍របស់អ្នក រួមទាំងសេចក្ដីត្រូវការ ការភ័យខ្លាច និងការបារម្ភរបស់អ្នក។ ពេលអ្នកអធិដ្ឋាន អ្នកនឹងមិនសូវតានតឹងចិត្ត ហើយមិនព្រួយបារម្ភខ្លាំងពេកចំពោះស្ថានភាពដែលអ្នកជួប។
យ៉ុលពីប្រទេសស៊ូដង់ខាងត្បូងបានរៀបរាប់ថា៖«រាល់ពេលដែលខ្ញុំមានបញ្ហា ខ្ញុំតែងតែអធិដ្ឋានទៅព្រះ ហើយលោកតែងតែតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។ ណាមួយទៀត អ្វីដែលខ្ញុំបានរៀនពីគម្ពីរបានជួយខ្ញុំឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្ត»។
វ៉ាលិនទីណាពីប្រទេសអ៊ុយក្រែនបានរៀបរាប់ថា៖«យោបល់ក្នុងគម្ពីរជួយខ្ញុំឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្តដើម្បីខ្ញុំអាចស៊ូទ្រាំនឹងស្ថានភាពពិបាក»។
អេម៉ាញូអែលពីប្រទេសហៃទី បានបន្ថែមទៀតថា៖«ពេលដឹងថាព្រះយេហូវ៉ាសន្យាឲ្យយើងនូវជីវិតដែលប្រសើរជាងនាថ្ងៃអនាគត ធ្វើឲ្យខ្ញុំមានកម្លាំងចិត្តជាខ្លាំង»។
តើអ្នកចង់រៀនថែមទៀតពីសេចក្ដីសន្យាក្នុងគម្ពីរអំពីសេចក្ដីសង្ឃឹមនិងការសម្រាលទុក្ខឬទេ? ហើយតើមានមូលហេតុអ្វីដែលអ្នកអាចទុកចិត្តសេចក្ដីសន្យាក្នុងគម្ពីរ? សូមស្នើសុំសាក្សីព្រះយេហូវ៉ាណាម្នាក់ឲ្យមកជួបអ្នក។ ពួកគេរីករាយជួយអ្នក។
a ឧត្តមស្នងការសហព័ន្ធអឺរ៉ុបទទួលបន្ទុកជំនួយមនុស្សធម៌។
b ភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកខាងជនភៀសខ្លួន បានពន្យល់ថាជនភៀសខ្លួនគឺជាជនចំណាកស្រុកនិងជនដែលបង្ខំចិត្តឲ្យរើទៅប្រទេសផ្សេង។ តែអ្នកទាំងនោះប្រហែលជាមិនស្ថិតក្នុងលក្ខខណ្ឌតាមច្បាប់ជាជនភៀសខ្លួនទេ។
c យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។