តើនឹងមានអ្វីកើតឡើងចំពោះសាសនា? តើគម្ពីរចែងយ៉ាងណា?
តើអ្នកបានធ្លាក់ទឹកចិត្តឬរហូតដល់ខ្ពើមរអើមនឹងសាសនាឬទេ? ថ្វីត្បិតតែសាសនាមានឥទ្ធិពលល្អទៅលើមនុស្សនិងសង្គមក៏ពិតមែន តែសាសនាក៏នាំទុក្ខច្រើនដល់មនុស្សផងដែរ។ សព្វវចនាធិប្បាយមួយបានរៀបរាប់ថា៖«ក្នុងប្រវត្តិសាស្ត្រ សង្គ្រាមធំៗខ្លះបានផ្ទុះឡើងដោយសារតែជំនឿសាសនាខុសគ្នា»(Encyclopedia of Religion and War)។ ជាញឹកញយ មេដឹកនាំសាសនាបានប្រើសាសនាជាខែលដើម្បីលើកស្ទួយរឿងនយោបាយ។ រីឯមេដឹកនាំសាសនាឯទៀត បានលាក់បាំងការរំលោភបំពានខាងផ្លូវភេទនិងការកេងប្រវ័ញ្ចថវិកាខាងសាសនាជាដើម។
បើអ្នកបានខកចិត្តនឹងសាសនា អ្នកប្រហែលជាឆ្ងល់ថាតើព្រះមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ។ គម្ពីរបានបើកបង្ហាញថាព្រះផ្ដន្ទាទោសសាសនាភាគច្រើន ដោយសារតែអ្វីដែលពួកគេបានធ្វើ។ បន្ថែមទៅទៀត គម្ពីរក៏មានទំនាយអំពីអ្វីដែលព្រះនឹងធ្វើចំពោះសាសនាដែរ។ ដោយរៀបរាប់ក្នុងន័យធៀប គម្ពីរបានពន្យល់ថាឆាប់ៗខាងមុខនេះ ព្រះនឹងចាត់វិធានការទៅលើសាសនាទាំងអស់នៅទូទាំងពិភពលោក។
តើគម្ពីរចែងយ៉ាងណាអំពីអ្វីដែលនឹងកើតឡើងចំពោះសាសនា?
ទំនាយ៖ សៀវភៅការបើកបង្ហាញបានរៀបរាប់អំពីស្ត្រីពេស្យាម្នាក់ដែលមានឈ្មោះថាបាប៊ីឡូនដ៏ខ្លាំងក្លា។ ស្ត្រីពេស្យានេះអង្គុយនៅលើសត្វសាហាវដែលមានពណ៌ក្រហមឆ្អៅ។ ប៉ុន្តែក្រោយមក សត្វសាហាវនោះបែរមកប្រឆាំងនឹងនាង ហើយសម្លាប់នាង។—ការបើកបង្ហាញ ១៧:៣, ៥, ១៦
អត្ថន័យ៖ ស្ត្រីពេស្យានេះដែលជាបាប៊ីឡូនដ៏ខ្លាំងក្លា តំណាងឲ្យសាសនាមិនពិតទាំងអស់ដែលព្រះយេហូវ៉ាមិនពេញចិត្ត។a សត្វសាហាវដែលមានពណ៌ក្រហមឆ្អៅតំណាងឲ្យអង្គការសហប្រជាជាតិ(UN)។b ការដែលស្ត្រីពេស្យាអង្គុយនៅលើសត្វសាហាវនេះ បញ្ជាក់ថាសាសនាមិនពិតព្យាយាមមានឥទ្ធិពលទៅលើអង្គការនយោបាយ ហើយថែមទាំងព្យាយាមកាន់កាប់ទៅលើអង្គការនោះទៀតផង។ ហេតុការណ៍ដែលថាសត្វសាហាវនេះសម្លាប់ស្ត្រីពេស្យា បង្ហាញថាអង្គការសហប្រជាជាតិនិងប្រជាជាតិដែលគាំទ្រអង្គការនេះ នឹងបែរមកប្រឆាំងសាសនាមិនពិតទាំងអស់ ព្រមទាំងបំផ្លាញសាសនាទាំងនោះទៀតផង។ ព្រឹត្តិការណ៍នេះនឹងកើតឡើងពិតប្រាកដ ហើយមិនដែលមានពីមុនមកឡើយ។
តើសាសនាមិនពិតនឹងត្រូវបំផ្លាញតាមរបៀបណា?
ទំនាយ៖ «សត្វសាហាវដែលមានស្នែង១០ដែលអ្នកបានឃើញ នឹងស្អប់ស្ត្រីពេស្យានោះ ហើយនឹងបំផ្លាញនាង . . . ហើយដុតនាងចោលក្នុងភ្លើង។ ព្រោះព្រះបណ្ដាលចិត្តពួកគេ[ចិត្តរបស់ពួកមេដឹកនាំពិភពលោក]ឲ្យធ្វើតាមគំនិតរបស់លោក គឺឲ្យពួកគេមានគំនិតតែមួយ ហើយធ្វើតាមគំនិតនោះ ដោយប្រគល់រាជាណាចក្ររបស់ពួកគេដល់សត្វសាហាវ . . . ។ ហេតុនោះហើយបានជាសេចក្ដីវេទនារបស់នាងនឹងមកក្នុងមួយថ្ងៃ គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងការអត់ឃ្លាន ហើយនាងនឹងត្រូវដុតចោលដោយភ្លើង ពីព្រោះព្រះយេហូវ៉ាcជាព្រះដែលវិនិច្ឆ័យទោសនាង លោកខ្លាំងក្លា»។—ការបើកបង្ហាញ ១៧:១៦, ១៧; ១៨:៨
អត្ថន័យ៖ ព្រះនឹងបណ្ដាលឲ្យប្រជាជាតិនានាក្នុងពិភពលោកនេះធ្វើតាម«គំនិតរបស់លោក»។ លោកនឹងជំរុញចិត្តពួកគេឲ្យប្រគល់«រាជាណាចក្ររបស់ពួកគេ» ឬអំណាចនយោបាយរបស់ពួកគេ ដល់អង្គការសហប្រជាជាតិ។ បន្ទាប់មក អង្គការសហប្រជាជាតិដែលទើបតែទទួលអំណាចពីប្រជាជាតិនានា នឹងបំផ្លាញសាសនាមិនពិតទាំងអស់នៅទូទាំងពិភពលោក។ ព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតនេះ នឹងកើតឡើងហាក់ដូចជាក្នុងរយៈពេល«មួយថ្ងៃ»ប៉ុណ្ណោះ គឺភ្លាមៗនិងមិននឹកស្មានដល់ទេ ហើយធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។—ការបើកបង្ហាញ ១៨:២១
ហេតុអ្វីសាសនាមិនពិតនឹងត្រូវបំផ្លាញ?
ទំនាយ៖ «អំពើខុសឆ្គងរបស់ក្រុងនោះបានគរឡើងរហូតដល់ស្ថានសួគ៌ ហើយព្រះបាននឹកឃើញការប្រព្រឹត្តដោយអយុត្តិធម៌របស់នាង»។—ការបើកបង្ហាញ ១៨:៥
អត្ថន័យ៖ អស់រាប់សតវត្សរ៍ សាសនាមិនពិតបានប្រព្រឹត្តអំពើអាក្រក់ជាច្រើន។ សូមកត់សម្គាល់«អំពើខុសឆ្គង»ខ្លះរបស់ពួកគេ ដែលបាននាំឲ្យព្រះវិនិច្ឆ័យទោសពួកគេ។ ដូចជា៖
ទាក់ទងនឹងរឿងនយោបាយ។ លោកយេស៊ូគ្រិស្តបានបង្រៀនពួកអ្នកកាន់តាមលោកកុំឲ្យទាក់ទងនឹងនយោបាយ។ តែលោកបានលើកទឹកចិត្តពួកគេឲ្យដាក់ក្ដីសង្ឃឹមទៅលើរាជាណាចក្រព្រះ ពោលគឺជារដ្ឋាភិបាលនៅស្ថានសួគ៌ដែលនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលរបស់មនុស្ស។d (ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០; យ៉ូហាន ៦:១៥; ១៨:៣៦) ប៉ុន្តែ សាសនាមិនពិតមិនបានធ្វើតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូទេ។ ផ្ទុយទៅវិញ ពួកគេបែរជាលើកទឹកចិត្តប្រជាជនឲ្យទុកចិត្តរដ្ឋាភិបាលមនុស្សជាជាងបង្ហាញភក្ដីភាពចំពោះព្រះ។ ព្រោះសាសនាមិនពិតជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងពួកអ្នកនយោបាយ ប្រៀបដូចជាពួកគេកំពុង«ធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»ជាមួយគ្នា ដូចបានរៀបរាប់ក្នុងទំនាយនៅសៀវភៅការបើកបង្ហាញ។ ហេតុនេះហើយបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវហៅថា«មេស្ត្រីពេស្យា»។—ការបើកបង្ហាញ ១៧:១, ២; យ៉ាកុប ៤:៤
អំពើឃោរឃៅ។ គម្ពីរបានរៀបរាប់ថាសាសនាមិនពិតត្រូវទទួលទោសចំពោះការស្លាប់របស់«អស់អ្នកដែលបានត្រូវសម្លាប់នៅផែនដី»។ (ការបើកបង្ហាញ ១៨:២៤) ហេតុអ្វី? ព្រោះសាសនាជាច្រើនបានធ្វើភេរវកម្ម គាំទ្រសង្គ្រាម ថែមទៀតញុះញង់ឲ្យមានសង្គ្រាមទៀតផង។ បើនិយាយឲ្យចំទៅ ពួកគេមិនបានបង្រៀនសមាជិករបស់ពួកគេឲ្យស្វែងរកសន្តិភាពទេ។
ការលោភលន់។ សាសនាមិនពិត«រស់នៅដោយភាពសម្បូរសប្បាយហួសហេតុ»។ (ការបើកបង្ហាញ ១៧:៤; ១៨:៧) សាសនាជាច្រើនបានប្រើឥទ្ធិពលនិងអំណាចរបស់ពួកគេ ដើម្បីទទួលបានភាពមានបានយ៉ាងសម្បើម។ ព្រះមិនពេញចិត្តការលោភលន់ទាំងនេះទេ។—ទីតុស ១:៧
ការភូតភរ។ សាសនាមិនពិតលើកស្ទួយសេចក្ដីបង្រៀននិងការប្រព្រឹត្តដែលផ្ទុយពីសេចក្ដីពិតក្នុងគម្ពីរ។e ដោយសារសាសនាមិនពិតគឺជាប្រភពនៃសេចក្ដីបង្រៀននិងការប្រព្រឹត្តដែលមិនលើកកិត្តិយសព្រះនិងធ្វើឲ្យមនុស្សវង្វេង នោះទំនាយក្នុងគម្ពីរបានហៅនាងថា«ម្ដាយនៃអ្វីៗដែលគួរឲ្យស្អប់ខ្ពើមនៅផែនដី»។—ការបើកបង្ហាញ ១៧:៥; ១៨:២៣
តើសាសនាទាំងអស់នឹងត្រូវបំផ្លាញឬ?
មិនមែនទេ។ សៀវភៅការបើកបង្ហាញបានរៀបរាប់អំពី«មនុស្សមួយក្រុមធំ»ដែលចេញមកពីប្រជាជាតិនានា។ (ការបើកបង្ហាញ ៧:៩) គម្ពីរប្រាប់ថាមនុស្សមួយក្រុមនេះ បាន«ពាក់អាវវែងពណ៌ស»។ នេះមានន័យថាពួកគេគោរពប្រណិប័តន៍ព្រះយ៉ាងស្មោះត្រង់ស្របតាមខ្នាតតម្រារបស់លោក។ នៅគ្រាដែលព្រះបំផ្លាញសត្រូវរបស់លោក «មនុស្សមួយក្រុមធំ»នេះបានរួចជីវិត។ គម្ពីរបានហៅគ្រានោះថា«គ្រាទុក្ខវេទនាជាខ្លាំង» នោះជាគ្រាដែលព្រះបំផ្លាញសាសនាមិនពិតនិងសត្រូវទាំងអស់របស់លោក។ (ការបើកបង្ហាញ ៧:១៣, ១៤; ១៩:១១, ១៩-២១) មនុស្សមួយក្រុមនោះដែលបានពាក់អាវវែងពណ៌ស គឺជាសាសនាពិត ហើយមានតែសាសនានោះប៉ុណ្ណោះដែលនឹងនៅគង់វង្សជារៀងរហូត។f
មនុស្សមួយក្រុមធំដែលជាអ្នកគោរពប្រណិប័តន៍ពិតនឹងរួចរស់ជីវិតពេលដែលសាសនាមិនពិតត្រូវបំផ្លាញ
តើការបំផ្លាញចោលសាសនាមិនពិតមានន័យយ៉ាងណាចំពោះអ្នក?
ពេលអ្នកដឹងថាព្រះមិនពេញចិត្តចំពោះការអាក្រក់ដែលសាសនាបានធ្វើឡើង អ្នកច្បាស់ជាមានសេចក្ដីសុខសាន្តក្នុងចិត្តណាស់ មែនទេ? អ្នកអាចមានសេចក្ដីសង្ឃឹមនៅថ្ងៃអនាគត ដោយសារមិនយូរទៀត សាសនាមិនពិតដែលបង្ខូចកិត្តិយសព្រះនិងបណ្ដាលឲ្យមនុស្សរងទុក្ខ នឹងលែងមានទៀត។
បន្ថែមទៅទៀត អ្នកអាចប្រាកដថាមានរបៀបគោរពប្រណិប័តន៍ព្រះ តែមួយប៉ុណ្ណោះដែលលោកពេញចិត្ត។ គម្ពីរចែងថា៖«អ្នកគោរពប្រណិប័តន៍ដ៏ពិតនឹងគោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ ដោយមានការដឹកនាំពីឫទ្ធានុភាពរបស់លោកនិងដោយសេចក្ដីពិត ព្រោះបិតានៅស្ថានសួគ៌កំពុងរកមនុស្សបែបនេះឲ្យមកគោរពប្រណិប័តន៍លោក»។ (យ៉ូហាន ៤:២៣) លោកបានប្រាប់ពួកគេថា៖«រាស្ត្រខ្ញុំអើយ ចូរចេញពីក្រុងនោះមក[បាប៊ីឡូនដ៏ខ្លាំងក្លា] ប្រសិនបើអ្នករាល់គ្នាមិនចង់មានចំណែកក្នុងអំពើខុសឆ្គងរបស់នាង ហើយប្រសិនបើអ្នករាល់គ្នាមិនចង់ទទួលចំណែកពីសេចក្ដីវេទនារបស់នាងទេ»។ (ការបើកបង្ហាញ ១៨:៤, ៥) មែនហើយ ព្រះកំពុងអញ្ជើញមនុស្សឲ្យគោរពប្រណិប័តន៍លោកដោយសេចក្ដីពិត។ (ធីម៉ូថេទី១ ២:៣, ៤) លោកសន្យាថាអស់អ្នកដែលទទួលយកសេចក្ដីអញ្ជើញរបស់លោកនឹងរស់នៅជារៀងរហូត។—យ៉ូហានទី១ ២:១៧
a ដើម្បីស្វែងយល់អំពីវិធីបួនយ៉ាងដែលជួយយើងឲ្យសម្គាល់បាប៊ីឡូនដ៏ខ្លាំងក្លា សូមអានអត្ថបទដែលមានចំណងជើងថា«តើបាប៊ីឡូនដ៏ខ្លាំងក្លាជាអ្វី?»។
b ដើម្បីស្វែងយល់អំពីវិធី៦យ៉ាងដែលជួយយើងឲ្យសម្គាល់សត្វសាហាវនេះ សូមអានអត្ថបទដែលមានចំណងជើងថា«តើអ្វីជាសត្វសាហាវដែលមានសម្បុរក្រហមឆ្អៅពីសៀវភៅការបើកបង្ហាញ ជំពូក១៧?»។
c យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។
d ដើម្បីស្វែងយល់ថែមទៀត សូមមើលវីដេអូតើរាជាណាចក្ររបស់ព្រះជាអ្វី?
e ដើម្បីមើលឧទាហរណ៍ខ្លះៗ សូមមើលប្រអប់ដែលមានចំណងជើងថា«តើបាប៊ីឡូនដ៏ខ្លាំងក្លារួមបញ្ចូលសាសនាគ្រិស្តដែរឬ?»។
f ដើម្បីដឹងរបៀបសម្គាល់សាសនាពិត សូមអានអត្ថបទដែលមានចំណងជើងថា«តើខ្ញុំអាចរកឃើញសាសនាពិតតាមរបៀបណា?»។