ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦
ចម្រៀងលេខ១១៣ យើងមានសេចក្ដីសុខសាន្ត
ចូរគោរពការសម្រេចចិត្តរបស់អ្នកឯទៀត
«កុំវិនិច្ឆ័យអំពីរបៀបគិតគូររបស់[អ្នកឯទៀត]ឡើយ»។—រ៉ូម ១៤:១
ចំណុចផ្ដោត
របៀបបង្ហាញការគោរពចំពោះបងប្អូនរួមជំនឿពេលពួកគេធ្វើការសម្រេចចិត្តដែលយើងមិនយល់ស្រប។
១-២. ហេតុអ្វីជួនកាលយើងធ្វើការសម្រេចចិត្តខុសពីអ្នកឯទៀត?
តើអ្នកធ្លាប់បានត្រូវគេវិនិច្ឆ័យដោយសារការសម្រេចចិត្តរបស់អ្នកឬទេ? តើអ្នកធ្លាប់វិនិច្ឆ័យបងប្អូនរួមជំនឿណាម្នាក់ដោយផ្អែកលើការសម្រេចចិត្តដែលគាត់បានធ្វើឬទេ? យើងភាគច្រើននឹងឆ្លើយថាមែនចំពោះសំណួរទាំងពីរនេះ។
២ យើងមិនគួរភ្ញាក់ផ្អើលឡើយដែលជួនកាលការសម្រេចចិត្តរបស់យើង គឺខុសពីការសម្រេចចិត្តរបស់គ្រិស្តសាសនិកដ៏ស្មោះត្រង់ឯទៀត។ ហេតុអ្វី? ពីព្រោះយើងម្នាក់ៗគឺខុសៗគ្នា ហើយមានទស្សនៈផ្សេងៗពីគ្នា។ របៀបគិតគូររបស់យើងទទួលឥទ្ធិពលពីវប្បធម៌ ក្រុមគ្រួសារ និងបទពិសោធន៍ក្នុងជីវិតរបស់យើង។ ប៉ុន្តែ យើងមិនគួរឲ្យទស្សនៈផ្សេងៗពីគ្នានោះ មកបង្ខូចសេចក្ដីសុខសាន្តនិងសាមគ្គីភាពក្នុងក្រុមជំនុំឡើយ។—អេភ. ៤:៣
៣. តើអ្វីអាចធ្វើឲ្យយើងវិនិច្ឆ័យបងប្អូនរួមជំនឿចំពោះការសម្រេចចិត្តរបស់ពួកគេ?
៣ ពេលបងប្អូនរួមជំនឿណាម្នាក់ធ្វើការសម្រេចចិត្តដែលយើងមិនយល់ស្រប យើងប្រហែលជាមានអារម្មណ៍ថាយើងត្រូវប្រាប់គាត់ឲ្យផ្លាស់ប្ដូរការសម្រេចចិត្តនោះ ឬប្រហែលជាមានអារម្មណ៍ថាយើងត្រូវប្រាប់អ្នកឯទៀតថាយើងគិតថាគាត់ធ្វើការសម្រេចចិត្តខុស។ យើងទំនងជាមានបំណងចិត្តល្អ។ យើងស្រឡាញ់បងប្អូនរបស់យើង ហើយចង់ឲ្យពួកគេសប្បាយ។ (សុភ. ១៧:១៧) ដូច្នេះ យើងមិនចង់ឲ្យពួកគេធ្វើការសម្រេចចិត្តដែលនាំឲ្យពួកគេស្ដាយក្រោយនៅពេលក្រោយមក ឬដែលអាចបង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ាឡើយ។
៤-៥. តើយើងគួរធ្វើអ្វីបើបងប្អូនរួមជំនឿណាម្នាក់ធ្វើការសម្រេចចិត្តដែលខុសពីអ្វីដែលយើងនឹងធ្វើ?
៤ តើយើងគួរនិយាយជាមួយនឹងបងប្អូននោះ បើយើងមិនយល់ស្របនឹងការសម្រេចចិត្តរបស់គាត់ឬទេ? នេះអាស្រ័យលើកត្តាមួយចំនួន។ ជាឧទាហរណ៍ បើយើងដឹងថាគាត់កំពុងគិតធ្វើអ្វីដែលបំពានច្បាប់ក្នុងគម្ពីរ យើងគួរព្យាយាមជួយគាត់ឲ្យកែតម្រង់របៀបគិតគូររបស់គាត់ ដោយសារយើងស្រឡាញ់គាត់។ (សុភ. ២៧:៥, ៦) ចុះតើយើងអាចធ្វើអ្វី បើបងប្អូនណាម្នាក់ធ្វើការសម្រេចចិត្តដែលមិនបំពានច្បាប់របស់ព្រះ តែគឺខុសពីអ្វីដែលយើងនឹងធ្វើ? យើងឃើញចម្លើយក្នុងបទគម្ពីរដែលជាមូលដ្ឋានសម្រាប់អត្ថបទនេះដែលថា៖ «កុំវិនិច្ឆ័យអំពីរបៀបគិតគូររបស់គាត់ឡើយ»។—រ៉ូម ១៤:១
៥ ទោះជាយ៉ាងនោះក៏ដោយ យើងប្រហែលជាពិបាកគោរពការសម្រេចចិត្តរបស់គាត់។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលយើងគួរគោរពការសម្រេចចិត្តរបស់អ្នកឯទៀត ហើយរបៀបដែលយើងអាចធ្វើដូច្នោះ។ ប៉ុន្តែដំបូង សូមឲ្យយើងគិតអំពីស្ថានភាពខ្លះដែលការសម្រេចចិត្តរបស់បងប្អូនអាចនាំឲ្យយើងវិនិច្ឆ័យពួកគេ។
តើការសម្រេចចិត្តអ្វីខ្លះរបស់អ្នកឯទៀតអាចនាំឲ្យយើងវិនិច្ឆ័យពួកគេ?
៦-៧. សូមរៀបរាប់អំពីស្ថានភាពផ្សេងៗដែលយើងប្រហែលជាវិនិច្ឆ័យអ្នកឯទៀតចំពោះការសម្រេចចិត្តរបស់ពួកគេ។
៦ ដូចបានត្រូវរៀបរាប់នៅខាងលើ យើងប្រហែលជាប្រកាន់ទស្សនៈខ្លួនអំពីរឿងផ្សេងៗ ដោយសាររបៀបដែលយើងបានត្រូវចិញ្ចឹមអប់រំឬបទពិសោធន៍ក្នុងជីវិតរបស់យើង។ យើងប្រហែលជាសន្និដ្ឋានថា អ្នកឯទៀតមានទស្សនៈដូចយើង។ ប៉ុន្តែ ប្រហែលជាមិនមែនដូច្នេះទេ។ សូមគិតអំពីស្ថានភាពមួយចំនួន។ ស្ថានភាពទី១៖ មុនរៀនសេចក្ដីពិត បងប្រុសម្នាក់ធំឡើងក្នុងក្រុមគ្រួសារដែលមានឪពុកជាអ្នកប្រមឹកស្រា។ នៅឯពិធីជប់លៀងមួយ បងប្រុសនោះឃើញថាបងប្អូនឯទៀតផឹកស្រា។ ដូច្នេះគាត់ខកចិត្ត ហើយប្រាប់ពួកគេថាអ្វីដែលពួកគេធ្វើគឺខុស។ ស្ថានភាពទី២៖ បងស្រីម្នាក់បានយកឈ្នះជំងឺធ្ងន់ធ្ងរមួយ។ ក្រោយមក គាត់ឮថាបងស្រីម្នាក់ទៀតក៏មានជំងឺដូចគាត់ដែរ។ គាត់ចង់ជួយ ដូច្នេះគាត់ព្យាយាមបញ្ចុះបញ្ចូលបងស្រីនោះឲ្យទទួលការព្យាបាលដូចដែលគាត់បានទទួល មិនថានោះតាមរបបអាហារ ថ្នាំពេទ្យ ឬថ្នាំធម្មជាតិក្ដី។ ស្ថានភាពទី៣៖ បងប្រុសម្នាក់ធ្លាប់ជាសមាជិកសាសនាមិនពិត។ គាត់ស្អប់របៀបរស់នៅពីមុន។ ពេលគាត់ឮថាបងប្អូនរួមជំនឿណាម្នាក់ចូលរួមពិធីបុណ្យសពនៅឯវិហារ គាត់ទើសចិត្ត។a
៧ សូមគិតអំពីស្ថានភាពមួយចំនួនទៀត។ ស្ថានភាពទី៤៖ បងប្រុសម្នាក់ធំឡើងក្នុងគ្រាដែលមនុស្សភាគច្រើនមានអារម្មណ៍ថា មិនសមរម្យឲ្យបុរសទុកពុកចង្កាឬឲ្យស្ត្រីស្លៀកខោសាច់ក្រណាត់ពេលចូលរួមកម្មវិធីពិសេសៗឡើយ។ ទោះជាបងប្រុសនោះដឹងអំពីការកែតម្រូវថ្មីៗនៃទស្សនៈរបស់យើងចំពោះរឿងនេះក្ដី គាត់ច្រើនតែប្រាប់អ្នកឯទៀតថា បុរសដែលជាគ្រិស្តសាសនិកមិនគួរទុកពុកចង្កា ហើយស្ត្រីដែលជាគ្រិស្តសាសនិកគួរតែស្លៀករ៉ូបឬសំពត់ពេលដែលចូលរួមកម្មវិធីផ្សេងៗក្នុងការគោរពប្រណិប័តន៍ព្រះ។ ស្ថានភាពទី៥៖ អ្នកចាស់ទុំម្នាក់ធ្លាប់ស្គាល់បងប្រុសដែលបានសម្រេចចិត្តរៀនបន្ថែម ហើយក្រោយមកបានចាកចេញពីសេចក្ដីពិត។ ឥឡូវ មានប្អូនប្រុសវ័យក្មេងម្នាក់ក្នុងក្រុមជំនុំរបស់អ្នកចាស់ទុំនោះបានសម្រេចចិត្តរៀនបន្ថែម។ អ្នកចាស់ទុំនោះបារម្ភ ហើយព្យាយាមធ្វើឲ្យប្អូនប្រុសវ័យក្មេងនោះនិងឪពុកម្ដាយរបស់គាត់ផ្លាស់ប្ដូរការសម្រេចចិត្ត។
៨. (ក) តើអ្វីអាចនាំឲ្យឪពុកម្ដាយរិះគន់ឪពុកម្ដាយផ្សេងទៀត? (ខ) តើចិត្តគំនិតរិះគន់អ្នកឯទៀតអាចមានឥទ្ធិពលយ៉ាងណាមកលើក្រុមជំនុំ?
៨ សូមគិតអំពីស្ថានភាពដែលជាប់ទាក់ទងនឹងឪពុកម្ដាយ។ ស្ថានភាពទី៦៖ ក្នុងនាមជាឪពុកម្ដាយ អ្នកខំព្យាយាមចិញ្ចឹមអប់រំកូនរបស់អ្នក«ទៅតាមការប្រៀនប្រដៅនិងការណែនាំរបស់ព្រះយេហូវ៉ា»។ (អេភ. ៦:៤) ប៉ុន្តែ ឪពុកម្ដាយផ្សេងទៀតដែលជាគ្រិស្តសាសនិក អនុញ្ញាតឲ្យកូនរបស់ពួកគេធ្វើអ្វីច្រើនជាងអ្នកអនុញ្ញាតឲ្យកូនរបស់អ្នកធ្វើ។ ជាឧទាហរណ៍ ពួកគេអនុញ្ញាតឲ្យកូនរបស់ពួកគេចូលផ្ទះយូរជាង លេងហ្គេមវីដេអូមិនឃោរឃៅ ឬមានទូរសព្ទពេលនៅក្មេង។ ជាលទ្ធផល កូនរបស់អ្នកមានអារម្មណ៍ថាអ្នកតឹងរ៉ឹងពេក។ គាត់សួរថា៖ «ម៉េចម៉ាក់ប៉ាមិនដូចឪពុកម្ដាយមិត្តភក្ដិខ្ញុំអីចឹង?»។ ស្ថានភាពបែបនេះអាចនាំឲ្យអ្នករិះគន់ឪពុកម្ដាយនោះ។ តាមពិត ការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គ្រិស្តសាសនិកណាម្នាក់ដែលខុសពីយើង អាចនាំឲ្យមានការខ្វែងគំនិតគ្នា។ ជាឧទាហរណ៍ យើងប្រហែលជាមិនពេញចិត្តនឹងរបៀបដែលគាត់ចាយលុយ អំពីការដើរលេងរបស់គាត់ថាតិចឬច្រើន ឬការកម្សាន្តដែលគាត់ជ្រើសរើស។ ប៉ុន្តែ យើងមិនត្រូវឲ្យអារម្មណ៍របស់យើងសំខាន់ជាងសាមគ្គីភាពក្នុងក្រុមជំនុំឡើយ។
៩. តើយើងគួរចាំអំពីអ្វី? (សូមមើលរូបភាពផងដែរ)
៩ ទោះជាការសម្រេចចិត្តរបស់គ្រិស្តសាសនិកណាម្នាក់គឺខុសគ្នាពីការសម្រេចចិត្តរបស់គ្រិស្តសាសនិកម្នាក់ទៀតក្ដី នេះមិនតែងតែមានន័យថា ការសម្រេចចិត្តមួយខុស ហើយមួយទៀតគឺត្រូវនោះទេ។ (រ៉ូម ១៤:៥) ពិតមែនតែគ្រិស្តសាសនិកបានត្រូវបង្គាប់ឲ្យ«មានគំនិតឯកភាព»ស្ដីអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា តែនេះមិនមែនមានន័យថា យើងត្រូវមានគំនិតដូចគ្នាចំពោះរឿងផ្ទាល់ខ្លួនទាំងអស់នោះទេ។ (២កូ. ១៣:១១) យើងអាចប្រដូចការសម្រេចចិត្តផ្ទាល់ខ្លួនទៅនឹងការសម្រេចចិត្តផ្សេងៗដែលយើងធ្វើពេលធ្វើដំណើរទៅកន្លែងណាមួយ។ ច្រើនតែមានផ្លូវផ្សេងៗដែលនាំទៅទីដៅដូចគ្នា។ ដូច្នេះតាមធម្មតា យើងជ្រើសរើសផ្លូវមួយដែលយើងចូលចិត្ត ហើយដែលល្អសម្រាប់យើង។ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកប្រហែលជាធ្វើការសម្រេចចិត្តផ្សេងៗចំពោះរឿងផ្ទាល់ខ្លួន។ ប៉ុន្តែ គោលដៅរបស់យើងគឺដូចគ្នា គឺយើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ដូច្នេះ យើងមិនវិនិច្ឆ័យអ្នកឯទៀតចំពោះការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេឡើយ។—ម៉ាថ. ៧:១; ១ថែ. ៤:១១
អ្នកធ្វើដំណើរប្រហែលជាជ្រើសរើសផ្លូវផ្សេងៗពីគ្នាដើម្បីទៅដល់ទិសដៅណាមួយ។ ស្រដៀងគ្នាដែរ អ្នកបម្រើព្រះយេហូវ៉ាម្នាក់ៗធ្វើការសម្រេចចិត្តស្ដីអំពីរឿងផ្ទាល់ខ្លួន (សូមមើលវគ្គ៩)
ហេតុអ្វីយើងគួរគោរពការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នកឯទៀត?
១០. យោងទៅតាមយ៉ាកុប ៤:១២ តើយើងមិនមានសិទ្ធិធ្វើអ្វី ហើយហេតុអ្វី?
១០ គម្ពីរផ្ដល់មូលហេតុមួយចំនួនដែលយើងគួរគោរពការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នកឯទៀត។ សូមគិតអំពីមូលហេតុខ្លះទាំងនោះ។ យើងមិនមានសិទ្ធិវិនិច្ឆ័យអ្នកឯទៀតចំពោះរឿងផ្ទាល់ខ្លួនរបស់ពួកគេទេ។ (សូមអាន យ៉ាកុប ៤:១២) ព្រះយេហូវ៉ាគឺជាអ្នកបង្កើតច្បាប់ និងជាចៅក្រមដ៏សុចរិត។ មានតែលោកប៉ុណ្ណោះដែលមានសិទ្ធិកំណត់ខ្នាតតម្រានិងច្បាប់សម្រាប់ជីវិត។ ដូច្នេះ បងប្អូនរបស់យើងមានទំនួលខុសត្រូវចំពោះព្រះយេហូវ៉ា មិនមែនចំពោះយើងទេ។ (រ៉ូម ១៤:១០) យើងមិនមានសិទ្ធិវិនិច្ឆ័យឬរិះគន់ការសម្រេចចិត្តរបស់អ្នកឯទៀត ដោយផ្អែកលើខ្នាតតម្រាឬមតិយោបល់របស់ខ្លួនទេ។b
១១. តើយើងអាចជួយធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១១ ព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកគោរពប្រណិប័តន៍លោកមានសាមគ្គីភាព មិនមែនមានភាពដូចគ្នាបេះបិទនោះទេ។ តាមការពិត ព្រះយេហូវ៉ាស្រឡាញ់ភាពខុសៗគ្នា! យើងឃើញដូច្នេះក្នុងការបង្កើតរបស់លោក។ ជាឧទាហរណ៍ គ្មានពពកពីរដែលមានរូបរាងដូចគ្នានោះទេ។ ម្យ៉ាងទៀត សូមគិតអំពីមនុស្សជាតិ។ មានមនុស្សជាង៨ពាន់លាននាក់នៅលើផែនដី តែគ្មានមនុស្សពីរនាក់ដែលមានរូបរាងកាយឬបុគ្គលិកលក្ខណៈដូចគ្នាបេះបិទនោះទេ។ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានភាពខុសគ្នា។ លោកមិនចង់ឲ្យយើងមានភាពដូចគ្នាបេះបិទនឹងអ្នកឯទៀតទេ តែលោកចង់ឲ្យយើងមានសាមគ្គីភាព។ ដូច្នេះ ជាជាងឲ្យភាពខុសគ្នាធ្វើឲ្យយើងបែកបាក់គ្នា យើងចង់ធ្វើឲ្យមានសន្តិភាព។ យើងឲ្យតម្លៃចំពោះសាមគ្គីភាពក្នុងក្រុមជំនុំ ច្រើនជាងមតិយោបល់និងចំណង់ចំណូលចិត្តរបស់យើង។—រ៉ូម ១៤:១៩
ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានភាពខុសៗគ្នា តែលោកចង់ឲ្យយើងមានសាមគ្គីភាព (សូមមើលវគ្គ១១)
របៀបគោរពការសម្រេចចិត្តរបស់អ្នកឯទៀត
១២-១៣. តើយើងគួរចាំអំពីអ្វីបើយើងគិតថាបុគ្គលណាម្នាក់កំពុង«ដើរផ្លូវខុស»? (កាឡាទី ៦:១; សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «ពេលអ្នកមិនយល់ស្រប»)
១២ ពេលអ្នកឯទៀតធ្វើការសម្រេចចិត្តចំពោះរឿងផ្ទាល់ខ្លួន។ សូមសួរខ្លួនអ្នកថា ‹តើបុគ្គលនោះកំពុង«ដើរផ្លូវខុស»មែន ឬគ្រាន់តែខុសគ្នាពីទស្សនៈរបស់ខ្ញុំ?›។ បើគាត់កំពុងដើរផ្លូវខុស ជាផ្លូវដែលបំពានគោលការណ៍ក្នុងគម្ពីរ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំមានគុណសម្បត្តិគ្រប់គ្រាន់សមស្របតាមគម្ពីរដើម្បីកែតម្រង់គាត់ ឬតើមានអ្នកផ្សេងទៀតដូចជាអ្នកចាស់ទុំណាម្នាក់ គួរនិយាយជាមួយគាត់ឬទេ?›។ បើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីជួយ សូមព្យាយាមវែកញែកជាមួយគាត់ដោយចិត្តស្លូតបូត។ (សូមអាន កាឡាទី ៦:១) ប៉ុន្តែ អ្នកប្រហែលជាច្រើនតែឃើញថា ការសម្រេចចិត្តរបស់គាត់គឺគ្រាន់តែខុសគ្នាពីទស្សនៈរបស់អ្នកប៉ុណ្ណោះ។ បើដូច្នោះមែន សូមកុំសង្ស័យគាត់ឬនិយាយមិនល្អអំពីការសម្រេចចិត្តរបស់គាត់ឡើយ។ សូមគោរពសិទ្ធិរបស់គាត់ក្នុងការសម្រេចចិត្តដោយខ្លួនឯង ហើយកុំវិនិច្ឆ័យគាត់។—រ៉ូម ១៤:២-៤
១៣ សូមគិតអំពីឧទាហរណ៍មួយ។ បើអ្នកទៅហាងបាយជាមួយនឹងមិត្តភក្ដិរបស់អ្នក តើអ្នកនឹងទាមទារគាត់ឲ្យកុម្ម៉ង់ម្ហូបដូចអ្នកឬទេ? មិនមែនទេ។ អ្នកចង់ទុកឲ្យគាត់ជ្រើសរើសដោយខ្លួនឯងនូវអាហារដែលគាត់ចង់ញ៉ាំ។ ទោះជាអ្នកមិនចូលចិត្តម្ហូបដែលគាត់កុម្ម៉ង់ក៏ដោយ នោះមិនសំខាន់ទេ ដោយសារអ្នកមិនមែនជាអ្នកញ៉ាំម្ហូបនោះ។ មួយវិញទៀត អ្នកទំនងជាមិនចង់ឲ្យមិត្តរបស់អ្នកកុម្ម៉ង់ម្ហូបឲ្យអ្នកតាមចំណង់ចំណូលចិត្តរបស់គាត់ដែរ។ ស្រដៀងគ្នាដែរ យើងអាចបង្ហាញការគោរពចំពោះអ្នកឯទៀត ដោយទុកឲ្យពួកគេធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដោយមិនព្យាយាមបង្ខំពួកគេឲ្យធ្វើតាមគំនិតរបស់យើង។
១៤. តើអ្នកអាចធ្វើឲ្យមានសាមគ្គីភាពយ៉ាងដូចម្ដេចពេលធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន? (កូរិនថូសទី១ ៨:១២, ១៣)
១៤ ពេលអ្នកធ្វើការសម្រេចចិត្តអំពីរឿងផ្ទាល់ខ្លួន។ អ្នកអាចធ្វើឲ្យមានសន្តិភាពដោយខំអស់ពីសមត្ថភាពដើម្បីកុំឲ្យអ្នកឯទៀតទើសចិត្ត។ (សូមអាន កូរិនថូសទី១ ៨:១២, ១៣) ជួនកាល អ្នកប្រហែលជាដឹងថា «មានច្បាប់»ឲ្យអ្នកធ្វើការសម្រេចចិត្តមួយ ពោលគឺនោះមិនមែនជាអ្វីដែលខុស។ ប៉ុន្តែ បើការសម្រេចចិត្តនោះនឹងធ្វើឲ្យបងប្អូនទើសចិត្ត តើនោះពិតជានឹង«មានប្រយោជន៍»ឬទេ?c (១កូ. ១០:២៣, ២៤) ក្នុងករណីបែបនេះ ជាជាងគិតថាអ្នកអាចធ្វើអ្វីបានតាមតែចិត្តខ្លួន គឺជាការល្អប្រសើរជាងឲ្យអ្នកគិតអំពីអារម្មណ៍អ្នកឯទៀត។ (រ៉ូម ១៥:១) ប៉ុន្តែ អម្បាញ់មិញយើងបាននិយាយថា អ្នកឯទៀតគួរគោរពការសម្រេចចិត្តរបស់យើងអំពីរឿងផ្ទាល់ខ្លួន មែនទេ? មែនហើយ ពួកគេគួរគោរពការសម្រេចចិត្តរបស់យើង ដូចយើងគួរគោរពការសម្រេចចិត្តរបស់ពួកគេដែរ។ ប៉ុន្តែ យើងក៏គួរចាំយោបល់ក្នុងគម្ពីរនៅរ៉ូម ១២:១៨ដែលថា៖ «ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាពជាមួយនឹងមនុស្សទាំងអស់»។ ដូច្នេះ យើងខំអស់ពីសមត្ថភាពដើម្បីរក្សាសន្តិភាពជាមួយនឹងអ្នកឯទៀត ហើយជៀសវាងពីការធ្វើឲ្យពួកគេទើសចិត្តបើអាចធ្វើទៅបាន។
១៥. តើពួកអ្នកចាស់ទុំអាចជួយក្រុមជំនុំឲ្យរក្សាសាមគ្គីភាពយ៉ាងដូចម្ដេច? (កូរិនថូសទី១ ៤:៦)
១៥ ពួកអ្នកចាស់ទុំបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់អ្នកឯទៀត។ ពួកអ្នកចាស់ទុំជួយក្រុមជំនុំឲ្យរក្សាសាមគ្គីភាព ដោយមិនបង្កើតច្បាប់អំពីរឿងផ្ទាល់ខ្លួននិងដោយមិន«ធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុក»ក្នុងគម្ពីរ។ (សូមអាន កូរិនថូសទី១ ៤:៦) ម្យ៉ាងទៀត ពួកគេមិននិយាយអ្វីដែលមិនសមស្របតាមការណែនាំក្នុងសៀវភៅផ្សេងៗរបស់យើងដែលមានមូលដ្ឋានលើគម្ពីរឡើយ។ បន្ថែមទៅទៀត ពេលគ្រិស្តសាសនិកណាម្នាក់សុំជំនួយពីពួកអ្នកចាស់ទុំ ពួកគេប្រុងប្រយ័ត្នមិនឲ្យយោបល់ដោយផ្អែកតែលើបទពិសោធន៍ផ្ទាល់ខ្លួននោះទេ។ ផ្ទុយទៅវិញ ពួកគេឲ្យយោបល់ដោយផ្អែកលើបណ្ដាំរបស់ព្រះ។—អេ. ៤៨:១៧, ១៨
១៦. តើអ្នកចាស់ទុំអាចបង្ហាញការគោរពចំពោះការសម្រេចចិត្តដែលបានធ្វើឡើងដោយក្រុមពួកអ្នកចាស់ទុំយ៉ាងដូចម្ដេច?
១៦ អ្នកចាស់ទុំក៏បង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់ក្រុមពួកអ្នកចាស់ទុំដែរ។ ក្រោយពីក្រុមពួកអ្នកចាស់ទុំបានអធិដ្ឋានសុំឫទ្ធានុភាពបរិសុទ្ធ បានគិតពិចារណាយ៉ាងដិតដល់អំពីអ្វីដែលគម្ពីរចែង និងបានធ្វើការសម្រេចចិត្តណាមួយ នោះអ្នកចាស់ទុំម្នាក់ៗគួរគាំទ្រការសម្រេចចិត្តរបស់ក្រុមពួកអ្នកចាស់ទុំ ទោះជាគាត់មានទស្សនៈផ្សេងផ្ទាល់ខ្លួនក៏ដោយ។ (អេភ. ៥:១៧) ម្យ៉ាងទៀត ពួកអ្នកចាស់ទុំយកចិត្តទុកដាក់ធ្វើតាមការណែនាំដែលមានក្នុងគម្ពីរនិងសៀវភៅផ្សេងៗរបស់យើងយ៉ាងដិតដល់ ហើយមិនបង្ខំឲ្យនោះទៅតាមមតិរបស់ពួកគេឡើយ។ ជាឧទាហរណ៍ អ្នកចាស់ទុំនឹងមិនយកតែឃ្លាមួយពីសៀវភៅរបស់យើងមកប្រើខុសន័យ ដើម្បីបញ្ជាក់ថាទស្សនៈរបស់ខ្លួនត្រឹមត្រូវនោះទេ។
១៧. តើយើងទទួលប្រយោជន៍យ៉ាងណាពេលយើងគោរពការសម្រេចចិត្តរបស់អ្នកឯទៀត?
១៧ ដូចយើងបានរៀនរួចហើយ យើងម្នាក់ៗគឺខុសៗគ្នា។ យើងម្នាក់ៗមានទស្សនៈនិងចំណង់ចំណូលចិត្តរៀងៗខ្លួន។ ប៉ុន្តែភាពខុសគ្នានោះគឺជាអ្វីដែលល្អ។ ដោយសារយើងទាំងអស់គ្នាមកពីកន្លែងផ្សេងៗនិងមានគុណសម្បត្តិខុសៗគ្នា នោះក្រុមជំនុំជាកន្លែងដ៏សប្បាយនិងធ្វើឲ្យយើងមានអារម្មណ៍ស្រួល។ ដូច្នេះ ជាជាងឲ្យភាពខុសគ្នាធ្វើឲ្យយើងបែកបាក់គ្នា យើងធ្វើឲ្យមានសន្តិភាព។ យើងប្រុងប្រយ័ត្នមិនធ្វើឲ្យអ្នកឯទៀតទើសចិត្ត។ យើងគោរពការសម្រេចចិត្តរបស់អ្នកឯទៀតក្នុងរឿងផ្ទាល់ខ្លួន។ ពេលយើងខំប្រឹងធ្វើដូច្នេះ យើងនឹងទទួលពរ។ យើងនឹងមានក្រុមជំនុំដ៏សប្បាយដែលមានសាមគ្គីភាព។—ចសព. ១៣៣:១; ម៉ាថ. ៥:៩
ចម្រៀងលេខ៨៩ បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ
a មុនអ្នកណាម្នាក់សម្រេចចិត្តថាចូលរួមឬមិនចូលរួមពិធីបុណ្យសពឬពិធីអាពាហ៍ពិពាហ៍នៅកន្លែងគោរពប្រណិប័តន៍របស់សាសនាផ្សេង គាត់ត្រូវគិតយ៉ាងយកចិត្តទុកដាក់អំពីចំណុចមួយចំនួន។ សូមមើល«សំនួរពីអ្នកអាន»ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។
b ជួនកាល ពួកអ្នកចាស់ទុំត្រូវវិនិច្ឆ័យពួកអ្នកដែលបំពានច្បាប់ក្នុងគម្ពីរ។ ប៉ុន្តែ ពួកអ្នកចាស់ទុំចាំថាព្រះយេហូវ៉ាបានឲ្យពួកគេនូវភារកិច្ចវិនិច្ឆ័យសមស្របតាមអ្វីដែលលោកមានប្រសាសន៍ក្នុងបណ្ដាំរបស់លោក មិនមែនតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេទេ។—សូមពិនិត្យបន្ថែម ប្រវត្តិហេតុទី២ ១៩:៦
c សូមមើលឧទាហរណ៍ផ្សេងៗក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! មេរៀនទី៣៥ ចំណុចទី៥។