ថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
ចម្រៀងលេខ៩០ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក
ចូររៀនពី«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»
«យើងអាចសម្រាលទុក្ខ[អ្នកឯទៀត]តាមរយៈការសម្រាលទុក្ខដែលយើងកំពុងទទួលពីព្រះ»។—២កូ. ១:៤
ចំណុចផ្ដោត
របៀបសម្រាលទុក្ខអ្នកឯទៀតដោយធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងពួកអ្នកដែលយកតម្រាប់លោក។
១. ហេតុអ្វីយើងគួរសម្រាលទុក្ខអ្នកឯទៀត?
យើងទាំងអស់គ្នា«ព្រួយចិត្ត . . . ដោយសារទុក្ខលំបាកផ្សេងៗ»។ ដូច្នេះ ជួនកាលយើងត្រូវការការសម្រាលទុក្ខនិងការលើកទឹកចិត្ត។ (១ពេ. ១:៦) យើងសប្បាយពេលអ្នកឯទៀតសម្រាលទុក្ខយើង ដូច្នេះយើងគួរឆាប់សម្រាលទុក្ខអ្នកឯទៀតពេលពួកគេរងទុក្ខវេទនា។ (ម៉ាថ. ៧:១២) ព្រះយេហូវ៉ាដែលជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង» បង្ហាញយើងអំពីរបៀបដែលយើងអាច«សម្រាលទុក្ខពួកអ្នកដែលជួបប្រទះការលំបាកផ្សេងៗ»។ យើងអាចធ្វើដូចលោកដោយ«សម្រាលទុក្ខគ្នាទៅវិញទៅមក»។ (២កូ. ១:៣, ៤; ១ថែ. ៤:១៨) យើងមិនមែនធ្វើដូច្នេះដោយសារយើងត្រូវតែធ្វើនោះទេ តែដោយសារយើងស្រឡាញ់បងប្អូនរបស់យើង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណា (១) អត្ថន័យនៃការសម្រាលទុក្ខក្នុងគម្ពីរ (២) របៀបដែលយើងអាចសម្រាលទុក្ខអ្នកឯទៀត និង(៣) អ្វីដែលយើងអាចធ្វើពេលយើងត្រូវការការសម្រាលទុក្ខ។
ការសម្រាលទុក្ខដែលបានរៀបរាប់ក្នុងគម្ពីរ
២. នៅក្នុងគម្ពីរ តើពាក្យដែលបានត្រូវបកប្រែថា«សម្រាលទុក្ខ»អាចមានន័យអ្វីខ្លះ?
២ នៅក្នុងគម្ពីរ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«សម្រាលទុក្ខ» អាចមានអត្ថន័យផ្សេងៗអាស្រ័យទៅលើបរិបទ។ ពាក្យនេះអាចមានន័យថា«លើកទឹកចិត្ត» «បំផុសទឹកចិត្ត» ឬ«ទទូច»។ (រ៉ូម ១២:៨) ពាក្យនេះជាន័យត្រង់មានន័យថា«ហៅនរណាម្នាក់ឲ្យមកក្បែរ»។ ដូច្នេះ យើងអាចឃើញរូបភាពថា បុគ្គលម្នាក់ចាត់វិធានការភ្លាមៗទៅជួយមិត្តភក្តិរបស់គាត់ដែលកំពុងរងទុក្ខ។ ទោះជាបុគ្គលនោះផ្ដល់ជំនួយបែបណាដល់មិត្តភក្តិរបស់គាត់ក៏ដោយ ការសម្រាលទុក្ខដ៏ពិតប្រាកដនឹងពង្រឹងកម្លាំងបុគ្គលដែលកំពុងរងទុក្ខនោះ និងនាំឲ្យគាត់ទទួលការលើកទឹកចិត្ត។
៣. តើបាណាបាសបានទុកគំរូល្អយ៉ាងណាក្នុងការសម្រាលទុក្ខអ្នកឯទៀត? (សូមមើលរូបភាពផងដែរ)
៣ សូមគិតអំពីគំរូមួយក្នុងគម្ពីរ។ មានបុរសគ្រិស្តសាសនិកម្នាក់ឈ្មោះយ៉ូសែបដែលតែងតែសម្រាលទុក្ខនិងជួយអ្នកឯទៀត។ ហេតុនេះហើយ ពួកសាវ័កបានហៅគាត់ថាបាណាបាស ដែលមានន័យថា«កូននៃការសម្រាលទុក្ខ»។ (សកម្ម. ៤:៣៦) ឈ្មោះនោះសមនឹងគាត់ដល់ម្ល៉េះបានជានៅពេលក្រោយមកគម្ពីរមិនដែលហៅគាត់តាមឈ្មោះដើមរបស់គាត់ទេ។ នៅពេលផ្សេងៗ បាណាបាសបានរស់នៅស្របតាមឈ្មោះរបស់គាត់ ដោយជួយបងប្អូនរួមជំនឿរបស់គាត់កាលដែលពួកគេត្រូវការជំនួយ។ ជាឧទាហរណ៍ ពេលសុលដែលទើបតែក្លាយទៅជាអ្នកកាន់តាមថ្មីបានទៅដល់ក្រុងយេរូសាឡិម គាត់ចង់ជួបពួកអ្នកកាន់តាម។ ប៉ុន្តែ ពួកអ្នកកាន់តាមទាំងនោះភ័យខ្លាចមិនហ៊ានជួបសុលទេ ដោយសារគាត់មានកេរ្តិ៍ឈ្មោះជាអ្នកបៀតបៀន។ រីឯបាណាបាសវិញ គាត់មិនស្ទាក់ស្ទើរបង្ហាញចិត្តសប្បុរសដល់សុលឡើយ ហើយគាត់បានណែនាំសុលឲ្យស្គាល់ពួកសាវ័ក។—សកម្ម. ៩:២៦-២៨
បាណាបាសរស់នៅស្របតាមឈ្មោះរបស់គាត់ (សូមមើលវគ្គ៣)
របៀបសម្រាលទុក្ខអ្នកឯទៀត
៤. តើអ្វីជារបៀបដ៏ល្អបំផុតមួយដើម្បីសម្រាលទុក្ខអ្នកឯទៀត? (រ៉ូម ១:១១, ១២)
៤ ចូរទៅលេងសួរសុខទុក្ខពួកគេបើអាចធ្វើបាន។ ព្រះយេហូវ៉ាប្រើអ្នកបម្រើរបស់លោកឲ្យសម្រាលទុក្ខអ្នកឯទៀត។ ជាឧទាហរណ៍ ពេលអ្នកប្រកាសទំនាយអេលីយ៉ាធ្លាក់ទឹកចិត្ត ព្រះយេហូវ៉ាបានចាត់ទេវតាឲ្យទៅលើកទឹកចិត្តគាត់។ (១បស. ១៩:៤-៧) សាវ័កប៉ូលក៏ទទួលស្គាល់ដែរអំពីសារៈសំខាន់នៃការសួរសុខទុក្ខបងប្អូនដោយផ្ទាល់ដើម្បីលើកទឹកចិត្តពួកគេ។ (សូមអាន រ៉ូម ១:១១, ១២) ពេលអ្នកទៅលេងបុគ្គលណាម្នាក់ សូមចំណាយពេលល្មមដើម្បីអ្នកអាចសម្រាលទុក្ខគាត់។ (១កូ. ១៦:៧) ក៏ប៉ុន្តែ បើអ្នកមិនអាចទៅលេងសួរសុខទុក្ខបុគ្គលណាម្នាក់ទេ អ្នកនៅតែអាចទូរសព្ទ សរសេរសំបុត្រ សរសេរកាត ឬផ្ញើសារដើម្បីពង្រឹងកម្លាំងចិត្តពួកគេ។ ដូច្នេះ តើអ្នកនឹងអនុញ្ញាតឲ្យព្រះយេហូវ៉ាប្រើអ្នកដើម្បីសម្រាលទុក្ខអ្នកឯទៀតឬទេ?
៥. តើយើងអាចរំពឹងថាយើងនឹងជួបការពិបាកអ្វីខ្លះ?
៥ នៅគ្រាចុងក្រោយបង្អស់នេះ ជីវិតរបស់យើងនឹងកាន់តែលំបាក។ ដូច្នេះ យើងអាចរំពឹងថាយើងនឹងជួបការពិបាកកាន់តែខ្លាំង ពេលយើងព្យាយាមទៅសម្រាលទុក្ខបងប្អូនរួមជំនឿរបស់យើងដោយផ្ទាល់។ សូមគិតអំពីគំរូអូណេស៊ីផឺដែលមកពីក្រុងអេភេសូរ។ ក្នុងអំឡុងពេលប៉ូលជាប់គុកនៅក្រុងរ៉ូម អូណេស៊ីផឺបានស្វះស្វែងរកប៉ូល ទោះជាគាត់ប្រឈមមុខនឹងការចាប់ដាក់គុក ឬថែមទាំងអាចត្រូវគេសម្លាប់ទៀតផង។ (២ធី. ១:១៦-១៨) សាក្សីនៅប្រទេសរុស្ស៊ីបានបង្ហាញចិត្តគំនិតស្រដៀងនឹងនេះ ពេលបងប្អូនរងការបៀតបៀនដោយសារជំនឿរបស់ពួកគេ។ ពេលសាក្សីបានត្រូវនាំទៅឯតុលាការ បងប្អូនរួមជំនឿរបស់ពួកគេបានទៅសវនាការនោះដើម្បីគាំទ្រ ទោះជាពួកគេអាចប្រឈមមុខនឹងការចាប់ខ្លួនក៏ដោយ។ សូមត្រៀមខ្លួនធ្វើតាមគំរូដ៏ក្លាហានរបស់ពួកគេ ដោយសិក្សាអំពីរបៀបដែលរាស្ត្ររបស់ព្រះនៅសម័យបុរាណនិងនៅសព្វថ្ងៃនេះបានគាំទ្រគ្នាទៅវិញទៅមក និងមានអំណរ ទោះជារងការបៀតបៀនក៏ដោយ។
៦. កាលដែលយើងសម្រាលទុក្ខអ្នកឯទៀត តើយើងអាចយកតម្រាប់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
៦ សូមស្ដាប់ពួកគេ។ ពេលអ្នកប្រកាសទំនាយអេលីយ៉ាមានអារម្មណ៍ថាគាត់ស្ថិតនៅក្នុងគ្រោះថ្នាក់ គាត់បានអធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះយេហូវ៉ា។ ព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ បានស្ដាប់អេលីយ៉ាកាលដែលគាត់ប្រាប់អំពីការខ្វល់ខ្វាយរបស់គាត់ ទោះជាលោកដឹងរួចហើយថាគាត់កំពុងជួបទុក្ខលំបាកអ្វីក៏ដោយ។ ព្រះយេហូវ៉ាបន្ដស្ដាប់អេលីយ៉ាទាំងអត់ធ្មត់ សូម្បីតែពេលដែលគាត់និយាយដដែលៗក្ដី។ (១បស. ១៩:៩, ១០, ១៤) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាទុកឲ្យអ្នកប្រកាសទំនាយហាបាគុកប្រាប់អំពីការខ្វល់ខ្វាយនិងការសង្ស័យរបស់គាត់ដែលអាចមើលទៅហាក់ដូចជាគាត់មិនសូវបង្ហាញការគោរពចំពោះលោក។ (ហាប. ១:២, ៣) នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏ស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងយ៉ាងយកចិត្តទុកដាក់ដែរ ទោះជាលោកដឹងរួចហើយអំពីអ្វីដែលយើងត្រូវការក្ដី។ យើងអាចយកតម្រាប់ព្រះយេហូវ៉ាដោយស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលបងប្អូនរបស់យើងនិយាយ។ សូម«រហ័សស្ដាប់»កាលដែលពួកគេនិយាយ ហើយជៀសវាងពីការនិយាយកាត់ឬខឹងពួកគេ សូម្បីតែពេលដែលពួកគេនិយាយដោយមិនបានគិតឬនិយាយដដែលៗក្ដី។—យ៉ា. ១:១៩; អទ. ៧:៩
សូមយកតម្រាប់ព្រះយេហូវ៉ា ដោយស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលបងប្អូននិយាយ (សូមមើលវគ្គ៦)
៧. តើយើងអាចស្វែងយល់សេចក្ដីត្រូវការរបស់បុគ្គលដែលកើតទុក្ខយ៉ាងដូចម្ដេច?
៧ សូមស្វែងយល់អំពីសេចក្ដីត្រូវការរបស់ពួកគេ។ យើងមិនអាចស្គាល់អ្វីដែលមាននៅក្នុងចិត្តរបស់បុគ្គលណាម្នាក់ដូចព្រះយេហូវ៉ាទេ។ ដូច្នេះ មានតែការស្ដាប់គាត់យ៉ាងយកចិត្តទុកដាក់ប៉ុណ្ណោះ ទើបយើងអាចស្គាល់អំពីការសម្រាលទុក្ខដែលគាត់ត្រូវការ។ សូមកុំគិតថាអ្នកដឹងថាគាត់ត្រូវការអ្វី ដោយសារអ្នកគិតថាអ្នកនឹងត្រូវការអ្វីនោះ បើអ្នកស្ថិតនៅក្នុងស្ថានភាពដូចគាត់។ យើងម្នាក់ៗគឺខុសៗគ្នា។ ដូច្នេះ សូមលៃទុកពេលស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយសួរសំណួរដែលមិនធ្វើឲ្យទើសចិត្ត នោះនឹងជួយអ្នកឲ្យស្គាល់សេចក្ដីត្រូវការរបស់គាត់។—សុភ. ២០:៥
៨. ក្រោយពីឡាសាបានស្លាប់ តើតាមរបៀបណាលោកយេស៊ូបានសម្រាលទុក្ខម៉ាថានិងម៉ារៀ? (សូមមើលរូបភាពផងដែរ)
៨ សូមគិតអំពីរបៀបដែលលោកយេស៊ូសម្រាលទុក្ខម៉ាថានិងម៉ារៀក្រោយពីឡាសាដែលជាប្អូនប្រុសរបស់ពួកគាត់បានស្លាប់។ ស្ត្រីទាំងពីរនាក់នោះបានបាត់បង់ប្អូនប្រុសរបស់ពួកគាត់ តែលោកយេស៊ូមិនបានសម្រាលទុក្ខពួកគាត់តាមរបៀបដូចគ្នាទេ។ ក្រោយពីម៉ាថានិយាយជាមួយនឹងលោកយេស៊ូ លោកបានប្រាប់សេចក្ដីបង្រៀនអំពីការប្រោសឲ្យរស់ឡើងវិញ ហើយជួយពង្រឹងជំនឿរបស់នាងទៅលើសេចក្ដីបង្រៀននោះ។ ប៉ុន្តែ ពេលម៉ារៀបានទៅជួបលោកយេស៊ូទាំងយំសោកសៅ តាមមើលទៅលោកមិនបានលើកឡើងអំពីការប្រោសឲ្យរស់ឡើងវិញទេ។ ផ្ទុយទៅវិញ លោកបានយំជាមួយនឹងនាង ហើយបានសួរនាងថាគេបានដាក់សពរបស់ឡាសានៅឯណា។ (យ៉ូន. ១១:២០-៣៥) តើយើងអាចទាញមេរៀនអ្វីពីគំរូទាំងពីរនេះ? មេរៀនមួយគឺថា ពេលយើងសម្រាលទុក្ខពួកអ្នកដែលរងទុក្ខ យើងត្រូវស្វែងយល់សេចក្ដីត្រូវការរបស់ពួកគេជាជាងព្យាយាមសម្រាលទុក្ខពួកគេតាមរបៀបដូចៗគ្នា។
ពេលសម្រាលទុក្ខអ្នកឯទៀត សូមព្យាយាមស្វែងយល់អ្វីដែលពួកគេត្រូវការ (សូមមើលវគ្គ៨)a
៩. តើយើងអាចប្រើគម្ពីរយ៉ាងដូចម្ដេចដើម្បីសម្រាលទុក្ខអ្នកឯទៀត? (រ៉ូម ១៥:៤, ៥)
៩ សូមប្រើគម្ពីរ។ ពេលអ្នកប្រាប់អ្នកឯទៀតអំពី«ការសម្រាលទុក្ខពីបទគម្ពីរ»អ្នកអាចជួយបុគ្គលនោះឲ្យកាន់តែមានសេចក្ដីសង្ឃឹម។ (សូមអាន រ៉ូម ១៥:៤, ៥) ឯសេចក្ដីសង្ឃឹមនោះ នាំឲ្យទទួលការសម្រាលទុក្ខនិងការលើកទឹកចិត្តថែមទៀត។ (អេ. ៤០:៣១) តើតាមរបៀបណាអ្នកអាចរកឃើញបទគម្ពីរដែលអាចលើកទឹកចិត្តនរណាម្នាក់? បងប្អូនខ្លះ រក្សាទុកបញ្ជីបទគម្ពីរដែលពួកគេអាចប្រើដើម្បីសម្រាលទុក្ខអ្នកឯទៀត ដូចជាបទគម្ពីរដែលនៅក្រោមប្រធានបទ«សម្រាលទុក្ខ» ក្នុងសៀវភៅបទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក។ សូមសុំព្រះយេហូវ៉ាឲ្យជួយអ្នកប្រើបណ្ដាំរបស់លោកតាមរបៀបល្អបំផុតដើម្បីផ្ដល់ការលើកទឹកចិត្ត។ ឫទ្ធានុភាពរបស់លោកអាចជួយអ្នកឲ្យនឹកចាំបទគម្ពីរដែលសម្រាលទុក្ខពេលអ្នកត្រូវការ។—យ៉ូន. ១៤:២៦
១០. ហេតុអ្វីយើងត្រូវនិយាយដោយសប្បុរសពេលព្យាយាមលើកទឹកចិត្តអ្នកណាម្នាក់?
១០ សូមនិយាយដោយសប្បុរស។ ពាក្យភាសាដើមដែលបានត្រូវបកប្រែថា«សម្រាលទុក្ខ» ក៏អាចបកប្រែថា«បំផុសទឹកចិត្ត»ឬ«ទទូច»ដែរ។ ជួនកាល អ្នកប្រហែលជាត្រូវបំផុសទឹកចិត្តឬទទូចបុគ្គលដែលអ្នកសម្រាលទុក្ខ ដើម្បីឲ្យគាត់កែប្រែរបៀបគិតគូររបស់គាត់។ បើត្រូវធ្វើដូច្នេះ សូមគិតយ៉ាងដិតដល់មុនអ្នកនិយាយ ដើម្បីឲ្យពាក្យសម្ដីរបស់អ្នកជួយបុគ្គលនោះឲ្យធូរចិត្ត មិនមែនធ្លាក់ទឹកចិត្តទេ។ (សុភ. ១២:១៨) ព្រះយេហូវ៉ាបានទុកគំរូដ៏ល្អឥតខ្ចោះស្ដីអំពីរឿងនេះពេលដែលលោកនិយាយជាមួយអេលីយ៉ា។ អេលីយ៉ាគិតថាមានតែគាត់ប៉ុណ្ណោះដែលនៅបម្រើព្រះយេហូវ៉ា ហើយថាគាត់បរាជ័យក្នុងកិច្ចការជាអ្នកប្រកាសទំនាយ។ តាមរបៀបដ៏សប្បុរស ព្រះយេហូវ៉ាបានជួយអេលីយ៉ាឲ្យកែប្រែរបៀបគិតគូររបស់គាត់ ហើយលោកមិនបាននិយាយចំៗអំពីទស្សនៈមិនត្រឹមត្រូវរបស់គាត់ទេ។ (១បស. ១៩:១៥-១៨) អ្នកក៏អាចធ្វើដូចលោកដោយបង្ហាញចិត្តសប្បុរសនិងដោយគិតយ៉ាងដិតដល់អំពីអ្វីដែលអ្នកនឹងនិយាយ។ ពេលដែលអ្នកថ្លែងសុន្ទរកថាឬឆ្លើយនៅកិច្ចប្រជុំ សូមនិយាយដោយសប្បុរសនិងដោយវិជ្ជមានជានិច្ច កាលដែលអ្នកព្យាយាមលើកទឹកចិត្តនិងពង្រឹងកម្លាំងចិត្តបងប្អូនរបស់អ្នក។
១១. តើបុគ្គលដែលរងទុក្ខច្រើនតែត្រូវការអ្វី? (យ៉ូហានទី១ ៣:១៨)
១១ សូមផ្ដល់ជំនួយ។ បងប្អូនដែលរងទុក្ខលំបាក ច្រើនតែត្រូវការអ្វីដែលលើសពីពាក្យសម្រាលទុក្ខ។ (សូមអាន យ៉ូហានទី១ ៣:១៨) ស្ដីអំពីរឿងនេះ បាណាបាសបានទុកគំរូដ៏ល្អពេលគាត់លក់ដី ហើយយកប្រាក់នោះមកគាំទ្របងប្អូនដែលទើបតែទទួលការជ្រមុជទឹកថ្មីៗដែលមានសេចក្ដីត្រូវការ។ (សកម្ម. ៤:៣៦, ៣៧) បងប្អូនជាច្រើននៅសព្វថ្ងៃនេះក៏ធ្វើតាមគំរូល្អរបស់គាត់ដោយផ្ដល់ជំនួយដល់ពួកអ្នកដែលត្រូវការដែរ។ ជាឧទាហរណ៍ បងស្រីកាព្រីយេឡាដែលមកពីប្រទេសប៉ូឡូញ បារម្ភជាខ្លាំងពេលទឹកជំនន់ធ្វើឲ្យផ្ទះរបស់គាត់ខូចខាតយ៉ាងខ្លាំង។ គាត់និយាយថា៖ «ខ្ញុំនិងឪពុកម្ដាយខ្ញុំពិតជាភ័យនិងបារម្ភជាខ្លាំង។ ខ្ញុំអត់ដឹងថាយើងនឹងជួសជុលផ្ទះរបស់យើងយ៉ាងម៉េចទេ។ ប៉ុន្តែក្នុងតែមួយថ្ងៃ បងប្អូនដែលមកពីក្រុមជំនុំជិតយើង បានមកជួសជុលកន្លែងជាច្រើនដែលខូចខាត។ បទពិសោធន៍នោះពង្រឹងជំនឿរបស់ខ្ញុំថា ព្រះយេហូវ៉ាណែនាំរាស្ត្ររបស់លោកឲ្យសម្រាលទុក្ខពួកអ្នកដែលរងទុក្ខ»។
១២. ពេលអ្នកស៊ូទ្រាំនឹងទុក្ខលំបាក តើតាមរបៀបណាអ្នកអាចជួយបងប្អូនរួមជំនឿរបស់អ្នក?
១២ ចូរស៊ូទ្រាំនឹងទុក្ខលំបាក។ ប៉ូលបានប្រាប់គ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចថា គាត់បានទទួលការសម្រាលទុក្ខនិងមានកម្លាំងឡើងវិញពេលគាត់ឮអំពីការស៊ូទ្រាំរបស់ពួកគេ។ គាត់ដឹងថាកិច្ចការដែលគាត់បានធ្វើចំពោះពួកគេមិនមែនឥតប្រយោជន៍ទេ។ (១ថែ. ៣:៥-៨) ម្យ៉ាងទៀត ប៉ូលដឹងថាបើគាត់រក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាពេលគាត់រងទុក្ខលំបាក នោះគាត់ក៏អាចលើកទឹកចិត្តបងប្អូនរបស់គាត់ឲ្យរក្សាភាពស្មោះត្រង់ដែរ។ (កូឡ. ២:១, ២) ស្រដៀងគ្នាដែរ ពេលបងប្អូនរួមជំនឿរបស់យើងឃើញរបៀបដែលព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាករបស់យើងដោយជោគជ័យ នោះពួកគេក៏ទទួលការលើកទឹកចិត្តយ៉ាងខ្លាំងដែរ។
១៣. តើយើងត្រូវធ្វើអ្វីទៀត បើយើងចង់លើកទឹកចិត្តអ្នកឯទៀត?
១៣ សូមមានចិត្តអត់ធ្មត់។ បងប្អូនដែលធ្លាក់ទឹកចិត្ត ប្រហែលជាមិនមានអារម្មណ៍ធូរស្រាលភ្លាមៗក្រោយពីយើងព្យាយាមសម្រាលទុក្ខពួកគេនោះទេ។ ប៉ុន្តែ គម្ពីរប្រាប់យើងឲ្យ«បន្តលើកទឹកចិត្តគ្នាទៅវិញទៅមក»។ ពាក្យ«បន្តលើកទឹកចិត្ត» រៀបរាប់អំពីសកម្មភាពដែលធ្វើជានិច្ច។ (១ថែ. ៥:១១) សូមមានចិត្តអត់ធ្មត់កាលដែលអ្នកបន្ដសម្រាលទុក្ខពួកអ្នកដែលត្រូវការការគាំទ្រពីអ្នក។ (១ថែ. ៥:១៤) ប៉ុន្តែ ជួនកាលយើងម្នាក់ៗក៏ត្រូវការការសម្រាលទុក្ខដែរ។ ដូច្នេះ តើយើងអាចធ្វើអ្វីនៅពេលនោះ?
ពេលអ្នកត្រូវការការសម្រាលទុក្ខ
១៤-១៥. តើយើងគួរធ្វើអ្វីពេលយើងខ្វល់ខ្វាយឬជួបទុក្ខលំបាក?
១៤ សូមអធិដ្ឋានទៅព្រះយេហូវ៉ា។ សូមសុំលោកឲ្យសម្រាលទុក្ខអ្នកពេលអ្នកខ្វល់ខ្វាយឬជួបទុក្ខលំបាក។ (ចសព. ៩៤:១៩) សូមអធិដ្ឋានចំៗ ហើយអស់ពីចិត្តទៅលោក។ (ចសព. ៦២:៨) ពិតមែនតែព្រះយេហូវ៉ាដឹងរួចហើយអំពីអារម្មណ៍របស់អ្នកមុនអ្នកអធិដ្ឋាន តែកាលដែលអ្នកប្រាប់លោកអំពីអារម្មណ៍កប់ជ្រៅរបស់អ្នក នោះបង្ហាញថាអ្នកមានជំនឿ។ ព្រះយេហូវ៉ានឹងតែងតែជួយបុគ្គលដែលមានជំនឿលើលោកនិងអធិដ្ឋានទៅលោក ទោះបីជាជំនួយនោះប្រហែលជាខុសពីអ្វីដែលគាត់រំពឹងទុកក៏ដោយ។ (ម៉ាក. ១១:២៤) ភីលីព ៤:៦, ៧លើកទឹកចិត្តយើងថា៖ «ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ . . . យ៉ាងនេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា»។
១៥ សូមសុំជំនួយពីអ្នកឯទៀត។ សូមប្រាប់អារម្មណ៍របស់អ្នកដល់មិត្តភក្ដិដែលមានភាពចាស់ទុំឬអ្នកចាស់ទុំដែលអ្នកទុកចិត្ត។ បងប្អូនរបស់អ្នកអាចទៅជាប្រភពនៃការសម្រាលទុក្ខ។ ប៉ុន្តែ ពួកគេប្រហែលជាមិនដឹងអំពីអារម្មណ៍របស់អ្នកឬអ្វីដែលអ្នកត្រូវការនោះទេ បើអ្នកមិនប្រាប់ពួកគេ។ (សុភ. ១៤:១០) អ្នកអាចសុំពួកគេឲ្យស្ដាប់អារម្មណ៍របស់អ្នក ឬសុំពួកគេឲ្យប្រាប់អ្នកអំពីបទគម្ពីរឬអត្ថបទដែលបានសម្រាលទុក្ខពួកគេ។
១៦. តើអ្វីប្រហែលជាកើតឡើងពេលអ្នកឯទៀតព្យាយាមសម្រាលទុក្ខអ្នក ប៉ុន្តែតើអ្នកគួរចាំអំពីអ្វី?
១៦ សូមមានចិត្តអត់ធ្មត់និងចេះអភ័យទោស។ បងប្អូនរបស់អ្នកប្រហែលជានិយាយឬធ្វើអ្វីដែលខុសពេលពួកគេព្យាយាមលើកទឹកចិត្តអ្នក។ ជាឧទាហរណ៍ ពួកគេប្រហែលជានិយាយឬធ្វើអ្វីដែលធ្វើឲ្យអ្នកកាន់តែធ្លាក់ទឹកចិត្ត មិនមែនលើកទឹកចិត្តអ្នកទេ។ បើនេះកើតឡើង សូមអត់ធ្មត់នឹងពួកគេ។ (១កូ. ១៣:៤, ៧) ម្យ៉ាងទៀត សូមចាំពាក្យនៅយ៉ាកុប ៣:២ដែលថា៖ «ប្រសិនបើអ្នកណាមិនដែលជំពប់ដួលខាងពាក្យសម្ដី អ្នកនោះជាមនុស្សល្អឥតខ្ចោះ»។ ចូរផ្ដោតអារម្មណ៍លើបំណងចិត្តល្អរបស់បងប្អូន ហើយសូមចាំថា«ចិត្តប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមគឺខ្សោយណាស់»។—ម៉ាថ. ២៦:៤១
១៧. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៧ យើងទាំងអស់គ្នាត្រូវការការសម្រាលទុក្ខ ដោយសារយើងរស់នៅគ្រាចុងក្រោយបង្អស់។ ម្យ៉ាងទៀត យើងយល់ថាជីវិតរបស់យើងនឹងកាន់តែពិបាកទៅៗ ហើយសត្រូវរបស់ព្រះនឹងខឹងកាន់តែខ្លាំងឡើងៗ។ ដូច្នេះ យើងនឹងកាន់តែត្រូវការការសម្រាលទុក្ខខ្លាំងជាងពេលណាៗទាំងអស់។ យ៉ាងនេះ សូមឲ្យយើងតាំងចិត្តខំប្រឹងយ៉ាងខ្លាំងដើម្បីសម្រាលទុក្ខគ្នាទៅវិញទៅមក។
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
a ការពណ៌នាអំពីរូបភាព៖ អ្នកចាស់ទុំម្នាក់ស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលបងប្រុសដែលទើបតែបាត់បង់ប្រពន្ធនិយាយអំពីអារម្មណ៍របស់គាត់។ ក្រោយមក អ្នកចាស់ទុំនោះនិយាយជាមួយនឹងបងប្រុសម្នាក់ដែលបាត់បង់ប្រពន្ធអស់ជាច្រើនឆ្នាំមុន ហើយពួកគេរំលឹកអនុស្សាវរីយល្អៗ។