ថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
ចម្រៀងលេខ៧ ព្រះយេហូវ៉ាជាកម្លាំងរបស់យើង
ចូរទុកចិត្តអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតលើសកលលោក
«[ព្រះ]យេហូវ៉ា ជាព្រះតែមួយប៉ុណ្ណោះដែលខ្ពង់ខ្ពស់បំផុតលើផែនដីទាំងមូល»។—ចសព. ៨៣:១៨
ចំណុចផ្ដោត
ដើម្បីពង្រឹងទំនុកចិត្តយើងថាព្រះយេហូវ៉ាគឺជាអ្នកគ្រប់គ្រងសកលលោកដ៏ខ្ពង់ខ្ពស់បំផុត ហើយថាលោកនឹងជួយយើងឲ្យយកឈ្នះទុក្ខលំបាកដែលយើងជួបប្រទះនៅឥឡូវនេះនិងនៅថ្ងៃអនាគត។
១. តើយ៉ូបជួបរឿងខ្លោចផ្សាអ្វីខ្លះ?
បុរសដែលមានជំនឿម្នាក់នៅសម័យបុរាណ ឈ្មោះយ៉ូបបានបាត់បង់អ្វីៗស្ទើរតែទាំងអស់ រួមមានកូន សុខភាព ទ្រព្យសម្បត្តិ ហើយកេរ្តិ៍ឈ្មោះរបស់គាត់ក៏បានត្រូវបង្ខូចដែរ។ ម្យ៉ាងទៀត បុរសបីនាក់ដែលអះអាងថាជាមិត្តរបស់យ៉ូប បាននិយាយពាក្យផ្សេងៗដែលធ្វើឲ្យគាត់ធ្លាក់ទឹកចិត្ត។ សូម្បីតែប្រពន្ធជាទីស្រឡាញ់របស់គាត់ ក៏ឈឺចិត្តយ៉ាងខ្លាំងរហូតដល់និយាយប្រាប់យ៉ូបថា៖ «ចូរប្រមាថព្រះ ហើយស្លាប់ទៅ!»។ (យ៉ូប ២:៩; ១៥:៤, ៥; ១៩:១-៣) រឿងខ្លោចផ្សាទាំងនេះអាចធ្វើឲ្យយ៉ូបលែងទុកចិត្តព្រះ ហើយធ្វើឲ្យគាត់សង្ស័យថាព្រះយេហូវ៉ានឹងមិនការពារពួកអ្នកដែលស្រឡាញ់លោកនិងបម្រើលោកទេ។
២-៣. តើយើងប្រហែលជាឆ្ងល់អំពីអ្វី ហើយតើយើងនឹងរៀនអ្វីពីសៀវភៅយ៉ូប?
២ ជួនកាល យើងក៏ជួបស្ថានភាពពិបាកណាស់ដែលអាចសាកល្បងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាដែរ។ យើងកំពុងរស់នៅ«គ្រា[ដែល]លំបាកខ្លាំងណាស់»។ (២ធី. ៣:១) ពេលយើងជួបទុក្ខលំបាកផ្ទួនៗ យើងប្រហែលជាមានអារម្មណ៍តានតឹងចិត្តជាខ្លាំង ហើយពិបាកស៊ូទ្រាំ។ បញ្ហាបែបនេះបានធ្វើឲ្យបុគ្គលខ្លះឆ្ងល់ថា តើព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់ចំពោះពួកគេឬយ៉ាងណា។
៣ បើអ្នកធ្លាប់មានអារម្មណ៍បែបនេះ សូមកុំធ្លាក់ទឹកចិត្តឡើយ។ យ៉ូបបានរៀនថា ព្រះយេហូវ៉ាសង្គ្រោះពួកអ្នកដែលមានភក្ដីភាពចំពោះលោក។ យើងក៏អាចរៀនឲ្យចេះទុកចិត្តទាំងស្រុងលើបិតារបស់យើងនៅស្ថានសួគ៌ ហើយជឿជាក់ថាលោកនឹងជួយយើងនិងផ្ដល់រង្វាន់ដល់យើងដែរ។ ដើម្បីជួយយើងឲ្យធ្វើដូច្នេះ សូមយើងពិនិត្យមើលសៀវភៅយ៉ូប ហើយមើលរបៀបដែលសៀវភៅនេះពង្រឹងទំនុកចិត្តយើងអំពីចំណុចសំខាន់ពីរយ៉ាង៖ ទី១ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលជាអ្នកគ្រប់គ្រងសកលលោកដ៏ខ្ពង់ខ្ពស់បំផុត។ ទី២ ព្រះរបស់យើងដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត អាចគ្រប់គ្រងព្រឹត្តិការណ៍ពិភពលោកដើម្បីប្រាកដថាគោលបំណងរបស់លោកនឹងសម្រេច ហើយថារាស្ត្ររបស់លោកទទួលការការពារពីអ្វីដែលអាចបង្ខូចរូបកាយនិងចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះជារៀងរហូត។
សាថានក៏បានចូលមកដែរ
៤. តើមានអ្វីកើតឡើងពេលព្រះយេហូវ៉ានិងពួកទេវតាជួបជុំគ្នា?
៤ លើកដំបូងដែលគម្ពីរប្រើងារ«សាថាន»គឺនៅក្នុងសៀវភៅយ៉ូប។ នៅទីនោះរៀបរាប់ថា នៅថ្ងៃមួយ «កូនៗរបស់ព្រះយេហូវ៉ា»បានចូលមកប្រជុំនៅចំពោះមុខលោកដែលជាព្រះពិតនៅស្ថានសួគ៌ ហើយ«សាថានក៏បានចូលមកដែរ»។ (យ៉ូប ១:៦) កំណត់ហេតុនេះឲ្យដឹងថា មុនសម័យយ៉ូប សាថានលែងជាកូនដ៏ស្មោះត្រង់របស់ព្រះរួចហើយ។ វាមានងារសាថានដោយសារនោះបញ្ជាក់ថា វាជា«អ្នកប្រឆាំង»នឹងព្រះ។ វាបានទៅជាសត្រូវរបស់ព្រះយេហូវ៉ានិងជាសត្រូវរបស់ក្រុមគ្រួសាររបស់លោក ផ្នែកនៅស្ថានសួគ៌និងផ្នែកនៅផែនដី។ ព្រះយេហូវ៉ាបង្ហាញថាសាថានលែងជាសមាជិកក្រុមគ្រួសាររបស់លោក ពេលលោកមានប្រសាសន៍នៅដើមកំណើត ៣:១៥។ ហេតុនេះហើយ យើងដឹងថា«ស្ត្រី»ដែលបានត្រូវរៀបរាប់នៅក្នុងខនោះ ពោលគឺបុគ្គលវិញ្ញាណជាក្រុមគ្រួសាររបស់លោកនៅស្ថានសួគ៌ដែលបានបង្កើត«ពូជ» មិនរួមបញ្ចូលសាថានទេ។
៥. តើយើងរៀនអ្វីពីការពិចារណាអ្វីដែលបានកើតឡើងក្នុងកិច្ចប្រជុំមួយនៅស្ថានសួគ៌?
៥ ព្រះយេហូវ៉ាបានឲ្យគេកត់ទុកក្នុងគម្ពីរនូវអ្វីដែលបានកើតឡើងក្នុងកិច្ចប្រជុំនោះនៅស្ថានសួគ៌។ ពាក្យរបស់សាថានបង្ហាញយ៉ាងច្បាស់ថា វាគឺជាអ្នកបង្កាច់បង្ខូចដែលគ្មានមេត្តា។ (យ៉ូប ១:៩; សូមពិនិត្យបន្ថែម ការបើកបង្ហាញ ១២:១០) ដោយសារព្រះយេហូវ៉ាបានឲ្យគេកត់ទុកក្នុងគម្ពីរអំពីអ្វីដែលបានកើតឡើងនៅស្ថានសួគ៌ នេះពង្រឹងទំនុកចិត្តយើងថា លោកប្រើអំណាចដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកតាមរបៀបដ៏ល្អឥតខ្ចោះនិងយុត្តិធម៌។ នេះក៏បង្ហាញដែរថា ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតដាក់កម្រិតលើអ្វីដែលអ្នកឯទៀតអាចធ្វើ។
ព្រះយេហូវ៉ាដាក់កម្រិត
៦. ក្នុងកិច្ចប្រជុំនៅស្ថានសួគ៌ តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាលោកមានគ្រប់ទាំងអំណាច? (យ៉ូប ១:៧, ៨)
៦ សូមអាន យ៉ូប ១:៧, ៨។ ព្រះយេហូវ៉ាមានគ្រប់ទាំងអំណាចនៅកិច្ចប្រជុំនោះ។ លោកបានសួរសាថានថា៖ «តើអ្នកបានសង្កេតមើលយ៉ូបជាអ្នកបម្រើរបស់ខ្ញុំឬទេ?»។ មែនហើយ ព្រះយេហូវ៉ាដឹងថាសាថានចង់វាយប្រហារទៅលើយ៉ូប។ សូមយើងគិតអំពីរបៀបដែលព្រះយេហូវ៉ាប្រើឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់លោកដើម្បីជួយយ៉ូប។
៧. យោងទៅតាមយ៉ូប ១:១០, ១១ តើសាថាននិយាយយ៉ាងណាអំពីមនុស្សដែលបម្រើព្រះយេហូវ៉ា?
៧ សូមអាន យ៉ូប ១:១០, ១១។ ព្រះយេហូវ៉ាគឺជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតលើបុគ្គលគ្រប់រូប។ លោកមានឫទ្ធានុភាពដើម្បីធ្វើអ្វីណាក៏ដោយដែលលោកចង់ធ្វើ ហើយលោកតែងតែដឹងអំពីអ្វីដ៏ល្អបំផុតដែលគួរធ្វើក្នុងគ្រប់ស្ថានភាពទាំងអស់។ (យេ. ៣២:១៧; ដាន. ៤:៣៥) ទោះជាយ៉ាងនោះក៏ដោយ សាថានបានចោទប្រកាន់ព្រះយេហូវ៉ាថា លោកប្រើអំណាចតាមរបៀបមិនត្រឹមត្រូវ ហាក់ដូចជាវាអះអាងថាលោកឲ្យរបស់ល្អៗដល់មនុស្សជាតិដូចយ៉ូប ដោយសារតែលោកចង់ឲ្យពួកគេបម្រើលោក។ សាថានក៏និយាយដែរថា មនុស្សបម្រើព្រះដោយសារតែប្រយោជន៍ដែលពួកគេទទួលប៉ុណ្ណោះ។ ដូច្នេះ តើព្រះយេហូវ៉ាតបឆ្លើយយ៉ាងដូចម្ដេច?
៨-៩. តើព្រះយេហូវ៉ាដាក់កម្រិតអ្វីលើសាថាន ហើយហេតុអ្វី? (យ៉ូប ១:១២) (សូមមើលរូបភាពផងដែរ)
៨ សូមអាន យ៉ូប ១:១២។ ព្រះយេហូវ៉ាអនុញ្ញាតឲ្យមេកំណាចមានឱកាសបង្ហាញថាអ្វីដែលវាអះអាងគឺត្រឹមត្រូវឬយ៉ាងណា តែលោកបានដាក់កម្រិតលើវា។ ព្រះបានប្រាប់សាថានយ៉ាងចំៗថា៖ «អ្នកមិនត្រូវប៉ះពាល់រូបកាយ[យ៉ូប]ជាដាច់ខាត!»។ នៅមុខបុគ្គលគ្រប់រូបនៅកិច្ចប្រជុំនោះ ព្រះយេហូវ៉ាបានដាក់កម្រិតទៅលើការវាយប្រហាររបស់សាថាន។ សាថានត្រូវតែធ្វើតាមបង្គាប់នេះ។ វាមិនមានអំណាចធ្វើបាបយ៉ូបលើសពីអ្វីដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យវាធ្វើនោះទេ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏ដូចគ្នាដែរ។ ដូច្នេះ ព្រះយេហូវ៉ាបានប្រើអំណាចនិងឫទ្ធានុភាពរបស់លោកដើម្បីការពារយ៉ូបនិងការពារកេរ្តិ៍ឈ្មោះរបស់លោក។
៩ ការវាយប្រហារដំបូងរបស់សាថានបានបរាជ័យទាំងស្រុង។ យ៉ូបនៅតែបង្ហាញចិត្តស្មោះត្រង់ចំពោះបិតារបស់គាត់នៅស្ថានសួគ៌។ (យ៉ូប ១:២២) ប៉ុន្តែ «អ្នកប្រឆាំង»មិនទាន់ឈប់ល្បងលយ៉ូបទេ។
ព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានប្រាប់អំពីការចោទប្រកាន់របស់វានៅមុខអ្នកឯទៀត (សូមមើលវគ្គ៨-៩)
១០. ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានវាយប្រហារមកលើយ៉ូបម្ដងទៀត? (យ៉ូប ២:២-៦)
១០ សូមអាន យ៉ូប ២:២-៦។ លើកនេះ សាថានព្យាយាមកាន់តែខ្លាំងដើម្បីបញ្ឈប់យ៉ូបពីការបម្រើព្រះ។ សាថានអះអាងថា យ៉ូបច្បាស់ជានឹងប្រមាថព្រះដើម្បីរួចពីទុក្ខវេទនា។ ដើម្បីបង្ហាញថាសាថានគឺខុស ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យវាធ្វើឲ្យយ៉ូបឈឺធ្ងន់ធ្ងរ។ ម្ដងនេះទៀត ព្រះយេហូវ៉ាបានដាក់កម្រិតលើសាថានដោយមានប្រសាសន៍ថា៖ «អ្នកមិនត្រូវសម្លាប់គាត់ជាដាច់ខាត!»។ សាថានគ្មានជម្រើសទេ វាមិនអាចធ្វើលើសពីអ្វីដែលព្រះយេហូវ៉ាបានដាក់កម្រិតឡើយ។ ដូច្នេះ ព្រះយេហូវ៉ាបានបង្ហាញម្ដងទៀតថាលោកគឺជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុត ដោយសារសាថានមិនអាចធ្វើលើសពីអ្វីដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យវាធ្វើទៅលើយ៉ូបនោះទេ។
ព្រះយេហូវ៉ាបញ្ឈប់ទុក្ខលំបាករបស់យ៉ូប
១១. ក្រោយពីព្រះយេហូវ៉ាបញ្ឈប់ទុក្ខវេទនារបស់យ៉ូប តើលោកបានផ្ដល់រង្វាន់អ្វីខ្លះដល់គាត់? (យ៉ូប ៤២:១០-១៣)
១១ សូមអាន យ៉ូប ៤២:១០-១៣។ ពេលយ៉ូបបង្ហាញថាគាត់តែងតែរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា លោកមិនបានអនុញ្ញាតឲ្យសាថានវាយប្រហារមកលើគាត់ទៀតទេ។ ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីបញ្ឈប់ទុក្ខវេទនារបស់អ្នកបម្រើដ៏ស្មោះត្រង់នេះ។ ម្ដងនេះទៀត «អ្នកប្រឆាំង»មិនអាចធ្វើខុសពីការសម្រេចចិត្តរបស់ព្រះយេហូវ៉ាឡើយ។ សាថានលែងត្រូវអនុញ្ញាតឲ្យបន្តវាយប្រហារចំៗទៅលើយ៉ូបដែលជាអ្នកបម្រើដ៏មានតម្លៃរបស់ព្រះយេហូវ៉ាទៀត។
១២. សូមលើកឧទាហរណ៍អំពីលទ្ធផលល្អដែលមកពីការទុកចិត្តលើសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា។
១២ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ អ្នកបម្រើព្រះយេហូវ៉ាជាច្រើននាក់បានពិសោធការសង្គ្រោះពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ នៅឆ្នាំ១៩៤៥ ពួកទាហានបានបង្ខំសាក្សីព្រះយេហូវ៉ាចំនួន២៣០នាក់ ឲ្យធ្វើដំណើរដ៏វែងឆ្ងាយនិងដែលប្រកបដោយគ្រោះថ្នាក់ ពីជំរុំឃុំឃាំងមួយនៅប្រទេសអាល្លឺម៉ង់ទៅសមុទ្រដើម្បីសម្លាប់ពួកគេ។ ប៉ុន្តែ សាក្សីទាំងអស់បានរួចជីវិត។ ពួកគេបានសរសេរអំពីបទពិសោធន៍ដ៏ភ័យរន្ធត់របស់ពួកគេថា៖ «រយៈពេលមួយដ៏វែងនិងលំបាកដែលពេញទៅដោយការល្បងលបានកន្លងបាត់ទៅហើយ។ អ្នកដែលបានរួចរស់ជីវិតប្រៀបដូចជាបានត្រូវកញ្ឆក់យកចេញពីឡភ្លើងមក ក៏ឥតមានក្លិនឈ្ងៀមនៅជាប់លើខ្លួនទៀត។ . . . ផ្ទុយទៅវិញ ពួកគេពេញទៅដោយកម្លាំងនិងឫទ្ធានុភាពពីព្រះយេហូវ៉ា»។ ពួកគេបន្ថែមថា៖ «[ក្រោយពី]យើងស្ថិតនៅក្នុងរូងតោ យើងមានបំណងប្រាថ្នាតែមួយ . . . គឺថាយើងអាចមានឯកសិទ្ធិបម្រើព្រះយេហូវ៉ា . . . ជារៀងរហូតតទៅ។ នោះគឺជារង្វាន់ដ៏ធំធេងបំផុតសម្រាប់យើង»។—សូមពិនិត្យបន្ថែម ដានីយ៉ែល ៣:២៧; ៦:២២
១៣. តើអ្នកអាចមានទំនុកចិត្តអ្វីកាលដែលអ្នកជួបទុក្ខលំបាក? (សូមមើលរូបភាពផងដែរ)
១៣ ជួនកាល យើងក៏ប្រហែលជាមានគ្រាក្នុងជីវិតដែលយើងហាក់ដូចជាបានត្រូវបោះទៅក្នុងរូងតោ។ (១ពេ. ៥:៨-១០) ម្ដងម្កាល យើងប្រហែលជាមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារមើលទៅជីវិតរបស់យើងមានបញ្ហាមិនចេះចប់មិនចេះហើយ។ ក្នុងស្ថានភាពបែបនេះ ការនឹកចាំអំពីបទពិសោធន៍របស់យ៉ូបអាចជួយយើង។ យើងអាចមានទំនុកចិត្តទាំងស្រុងទៅលើឫទ្ធានុភាពរបស់ព្រះយេហូវ៉ាដើម្បីបំបាត់ទុក្ខវេទនារបស់យើង មិនថាលោកធ្វើដូច្នេះនៅឥឡូវនេះឬនៅក្នុងពិភពលោកថ្មីក្ដី។ ព្រះយេហូវ៉ាបានកំណត់ពេលវេលាសម្រាប់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះរួចហើយ ហើយលោកនឹងមិនឲ្យរបៀបរបបពិភពលោកនេះមានលើសសូម្បីតែមួយថ្ងៃពីពេលកំណត់របស់លោកនោះឡើយ។
ព្រះយេហូវ៉ានឹងបំបាត់ទុក្ខវេទនារបស់ពួកអ្នកបម្រើដ៏ស្មោះត្រង់របស់លោក (សូមមើលវគ្គ១៣)
ព្រះយេហូវ៉ាស្រឡាញ់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក
១៤-១៥. តើព្រះយេហូវ៉ាចង់ធ្វើអ្វីចំពោះអ្នកបម្រើដ៏ស្មោះភក្ដីរបស់លោក ហើយហេតុអ្វី? (យ៉ូប ១៤:១៥) (សូមមើលរូបភាពផងដែរ)
១៤ សូមអាន យ៉ូប ១៤:១៥។ បិតារបស់យើងនៅស្ថានសួគ៌ មានភក្ដីភាពចំពោះពួកអ្នកដែលមានភក្ដីភាពចំពោះលោក។ លោកស្រឡាញ់ពួកគេខ្លាំងដល់ម្ល៉េះបានជាលោកនឹងប្រោសពួកគេឲ្យរស់ឡើងវិញបើពួកគេស្លាប់ទៅ។ ពេលលោកប្រោសពួកអ្នកបម្រើរបស់លោកឲ្យរស់ឡើងវិញនៅក្នុងពិភពលោកថ្មី បុគ្គលគ្រប់រូបនឹងមានអំណរក្រៃលែង។—អេ. ៦៥:១៧
១៥ សូម្បីតែក្រោយពីទុក្ខវេទនារបស់យ៉ូបបានត្រូវបញ្ចប់ ក៏យ៉ូបនៅតែរស់នៅក្នុងពិភពលោកដ៏អាក្រក់របស់សាថាន។ ប៉ុន្តែ គម្ពីរប្រាប់យើងថា ព្រះយេហូវ៉ាបានផ្ដល់ពរដ៏អស្ចារ្យដល់យ៉ូប។ លោកបានធ្វើឲ្យយ៉ូបជាសះស្បើយ ហើយឲ្យអ្វីល្អៗជាច្រើនដល់គាត់លើសជាងអ្វីដែលគាត់ធ្លាប់មានមុនដែលគាត់ត្រូវសាកល្បងទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃអនាគតព្រះយេហូវ៉ានឹងផ្ដល់ពរលើសពីនេះទៅទៀតដល់យ៉ូប។ ព្រះយេហូវ៉ាបង្ហាញថាលោកចង់ឲ្យអ្នកបម្រើដ៏ស្មោះភក្ដីរបស់លោកមានអំណរក្រៃលែងនិងមានជីវិតសប្បាយ។ តាមពិត ព្រះយេហូវ៉ានឹងផ្ដល់ឱកាសដល់អស់អ្នកដែលបង្ហាញភក្ដីភាពចំពោះលោកឲ្យមានជីវិតដ៏ល្អឥតខ្ចោះនៅក្នុងសួនឧទ្យាននៅផែនដី។ (បប. ២១:៣, ៤) ក្នុងនាមជាអ្នកគ្រប់គ្រងសកលលោកដ៏ខ្ពង់ខ្ពស់បំផុត លោកមានបំណងប្រាថ្នាដើម្បីធ្វើដូច្នេះ។ ការគិតអំពីចំណុចនេះសម្រាលទុក្ខយើងពេលយើងរងទុក្ខវេទនានៅឥឡូវនេះ។
ក្រោយពីយ៉ូបរងទុក្ខវេទនា គាត់នឹងប្រពន្ធរបស់គាត់បានទទួលពរយ៉ាងបរិបូរពីព្រះយេហូវ៉ា (សូមមើលវគ្គ១៤-១៥)
១៦. តើមានមូលហេតុអ្វីទៀតឲ្យយើងទុកចិត្តព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុត?
១៦ ទោះជាយ៉ូបមានជីវិតយូរអង្វែងក្ដី គាត់បានស្លាប់។ ប៉ុន្តែ ព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតនិងជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត មានអំណាចលើសេចក្ដីស្លាប់។ (បច. ៣២:៣៩) ដូច្នេះ គ្មាននរណាម្នាក់អាចរារាំងលោកពីការប្រោសបុគ្គលដែលលោកស្រឡាញ់ឲ្យរស់ឡើងវិញឡើយ។ នេះនឹងកើតឡើងនៅពេលកំណត់របស់លោក។—រ៉ូម ៨:៣៨, ៣៩
ចូរទុកចិត្តព្រះយេហូវ៉ាទាំងស្រុង
១៧. តើអ្វីបង្ហាញថាសាថានបរាជ័យក្នុងការព្យាយាមបំផ្លាញរាស្ត្ររបស់ព្រះយេហូវ៉ា?
១៧ កំណត់ហេតុអំពីយ៉ូបផ្ដល់ឲ្យយើងនូវមូលហេតុជាច្រើនឲ្យទុកចិត្តព្រះយេហូវ៉ាទាំងស្រុង។ យើងពិតជាមានអំណរគុណចំពោះព្រះយេហូវ៉ាដោយសារលោកមិនអនុញ្ញាតឲ្យសាថានបំផ្លាញរាស្ត្ររបស់លោកទេ។ នៅសព្វថ្ងៃនេះ អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាប្រហែលជា៩លាននាក់ ជាទីសំអាងដែលបង្ហាញថាលោកជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតដែលមានឫទ្ធានុភាពខ្លាំងក្លា។ យើងបានឃើញម្ដងហើយម្ដងទៀតថា គ្រឿងអាវុធណាដែលគេធ្វើឡើងដើម្បីប្រឆាំងនឹងអ្នកបម្រើរបស់ព្រះយេហូវ៉ា គ្មានប្រសិទ្ធភាពឡើយ។ (អេ. ៥៤:១៧) ទោះជារាស្ត្ររបស់ព្រះយេហូវ៉ាមើលទៅគ្មានការការពារក៏ដោយ ពួកអ្នកដឹកនាំសាសនានិងរដ្ឋាភិបាលដ៏ខ្លាំងក្លា មិនបានបំផ្លាញពួកយើងទេ។ ម្យ៉ាងទៀត គ្មានអ្វីអាចបញ្ឈប់យើងពីការប្រាប់សេចក្ដីពិតអំពីព្រះយេហូវ៉ាដល់អ្នកឯទៀត ហើយបកអាក្រាតសាថានថាជាអ្នកភូតភរនិងជាឃាតករឡើយ។ សូម្បីតែសេចក្ដីស្លាប់ ក៏មិនអាចបញ្ឈប់យើងបានឡើយ ដោយសារព្រះយេហូវ៉ានឹងប្រោសអស់អ្នកដែលស្លាប់ទាំងមានភក្ដីភាពចំពោះលោកឲ្យរស់ឡើងវិញ។—ហូ. ១៣:១៤
១៨. ហេតុអ្វីយើងអាចប្រឈមមុខនឹងថ្ងៃអនាគតទាំងមានទំនុកចិត្ត?
១៨ កាលដែលយើងរំពឹងគិតទៅលើកំណត់ហេតុនៃជីវិតពិតរបស់យ៉ូប នេះពង្រឹងជំនឿរបស់យើងថាយើងអាចប្រឈមមុខនឹងថ្ងៃអនាគតទាំងមានទំនុកចិត្ត។ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង រាស្ត្ររបស់ព្រះនឹងមើលទៅងាយវាយប្រហារ ហើយសាថាននិងបក្សពួករបស់វានឹងមើលទៅមានប្រៀបលើយើង។ ប៉ុន្តែ ព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់លោកដើម្បីជួយរាស្ត្ររបស់លោក ដូចដែលលោកបានប្រើនៅសម័យរបស់យ៉ូប។ លោកនឹងមិនអនុញ្ញាតឲ្យសាថានបំផ្លាញរាស្ត្រលោកជារៀងរហូតឡើយ។ មិនយូរទៀត ព្រះយេហូវ៉ានឹងបំបាត់ចោលទុក្ខវេទនាទាំងអស់ដែលសាថានបានបង្កឡើង។ មេកំណាចនិងពួកវិញ្ញាណកំណាចនឹងត្រូវជាប់ឃុំក្នុងទីជ្រៅបំផុតអស់១.០០០ឆ្នាំ។ (លូក. ៨:៣១; បប. ២០:១-៣) នៅទីបំផុត សាថាននិងអស់អ្នកដែលនៅខាងវា នឹងត្រូវបំផ្លាញចោល។ (បប. ២០:១០) ដូចព្រះយេហូវ៉ាបានប្រកាសទុកជាមុន ក្បាលរបស់សាថាននឹងត្រូវកិនកម្ទេច គឺថាវានឹងត្រូវបំផ្លាញចោលជារៀងរហូត។—ដក. ៣:១៥; រ៉ូម ១៦:២០
១៩. តើព្រះយេហូវ៉ានឹងផ្ដល់រង្វាន់អ្វីដល់ពួកអ្នកដែលទុកចិត្តលោកទាំងស្រុង? (សូមមើលរូបភាពផងដែរ)
១៩ អ្នកគោរពប្រណិប័តន៍ពិត ទន្ទឹងរង់ចាំជីវិតដ៏ល្អឥតខ្ចោះនិងសប្បាយរីករាយនៅក្នុងពិភពលោកថ្មីឆាប់ៗខាងមុខនេះ។ ពេលនោះ ជីវិតនឹងល្អប្រសើរជាងអ្វីដែលយើងអាចនឹកស្មានទៅទៀត។ ព្រះយេហូវ៉ាសន្យាថា៖ «មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។ (បប. ២១:៥) តើនោះមានន័យយ៉ាងណា? គឺមានន័យថា ឥទ្ធិពលអាក្រក់ពីសាថាននិងពួកវិញ្ញាណកំណាចដែលមានអស់រាប់ពាន់ឆ្នាំហើយ នឹងលែងមានទៀត។ យើងនឹងធូរចិត្តជាខ្លាំង! យើងអាចដេកលក់ស្រួលដោយសារមិនខ្វល់ខ្វាយអំពីបញ្ហាក្នុងពិភពលោកនេះទៀតទេ។ ម្យ៉ាងទៀត ពួកអ្នកដែលរួចជីវិតនៅសង្គ្រាមអាម៉ាគេដូន នឹងឃើញការប្រោសឲ្យជាសះស្បើយនៅទូទាំងពិភពលោក។ មួយវិញទៀត បុគ្គលជាទីស្រឡាញ់របស់យើងនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ យើងនឹងមានជីវិតដូចគោលបំណងដើមរបស់បិតាយើងនៅស្ថានសួគ៌!
ព្រះយេហូវ៉ានឹងឲ្យពរជាបរិបូរដល់ពួកអ្នកស្មោះត្រង់ដែលបានស៊ូទ្រាំនឹងទុក្ខលំបាកនៅអតីតកាល (សូមមើលវគ្គ១៩)
២០. តើអ្នកតាំងចិត្តធ្វើអ្វី?
២០ ក្នុងគ្រាចុងក្រោយបង្អស់នេះ យើងទំនងជានឹងជួបទុក្ខលំបាកកាន់តែច្រើន ហើយយើងត្រូវការចិត្តក្លាហានដើម្បីរក្សាភាពស្មោះត្រង់។ ដូច្នេះ យើងចង់បន្តទុកចិត្តព្រះយេហូវ៉ាទាំងស្រុង ហើយស្ដាប់បង្គាប់លោកជាអ្នកគ្រប់គ្រងយើង។ សូមឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបិតារបស់យើងនៅស្ថានសួគ៌ ហើយបង្ហាញថាសាថានគឺជាអ្នកភូតភរ។ យើងអាចប្រាកដថា បើយើងរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងនឹងមានអនាគតដ៏អស្ចារ្យ ដោយសារព្រះយេហូវ៉ាពិតជាចង់ផ្ដល់រង្វាន់ដល់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក ហើយលោកនឹងធ្វើដូច្នេះជាក់ជាមិនខាន។
ចម្រៀងលេខ១៥៣ សូមជួយខ្ញុំឲ្យក្លាហាន