ថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦
ចម្រៀងលេខ៥៣ ការរៀបចំទៅផ្សព្វផ្សាយ
ចូរបង្កើន‹ភាពប៉ិនប្រសប់›ក្នុងការបង្រៀន
«ចូរប្រកាសបណ្ដាំរបស់ព្រះ . . . ដោយមានចិត្តអត់ធ្មត់និងការប៉ិនប្រសប់គ្រប់យ៉ាងក្នុងការបង្រៀន»។—២ធី. ៤:២
ចំណុចផ្ដោត
របៀបបីយ៉ាងដែលយើងអាចបង្កើនសមត្ថភាពរបស់យើងក្នុងការបង្រៀន។
១. តើយើងគួរបណ្ដុះឲ្យមានសមត្ថភាពអ្វី ហើយហេតុអ្វី? (ធីម៉ូថេទី២ ៤:២) (សូមមើលរូបភាពផងដែរ)
លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ . . . ព្រមទាំងបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ (ម៉ាថ. ២៨:១៩, ២០) ការណែនាំនេះបង្ហាញថា គ្រិស្តសាសនិកទាំងអស់គួរបង្រៀនអ្នកឯទៀត។ ពិតមែនតែព្រះយេហូវ៉ាជាអ្នកទាញនាំពួកអ្នក«ដែលមានចិត្តគំនិតត្រឹមត្រូវ» ហើយពួកទេវតាក៏ជួយណែនាំយើងឲ្យជួបបុគ្គលបែបនោះ តែយើងនៅតែត្រូវរៀនអំពីរបៀបបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា។ (សកម្ម. ១៣:៤៨; យ៉ូន. ៦:៤៤; បប. ១៤:៦) សូមគិតអំពីគំរូរបស់សាវ័កប៉ូលនិងបាណាបាស។ គម្ពីរចែងថា ពេលពួកគាត់ផ្សព្វផ្សាយនៅសាលាប្រជុំនាក្រុងអ៊ីកូនាម ពួកគាត់«អធិប្បាយល្អដល់ម្ល៉េះ បានជាជនជាតិយូដានិងជនជាតិក្រិចច្រើនសន្ធឹកទៅជាអ្នកជឿ»។ (សកម្ម. ១៤:១) ច្បាស់ណាស់ ប៉ូលនិងបាណាបាសបានបង្កើន‹ភាពប៉ិនប្រសប់›ក្នុងការបង្រៀន។ (សូមអាន ធីម៉ូថេទី២ ៤:២) ដូច្នេះ ជាការល្អឲ្យគ្រិស្តសាសនិកទាំងអស់បង្កើនភាពប៉ិនប្រសប់ក្នុងការបង្រៀនដែរ។
យើងអាចរៀនច្រើនអំពីការមាន‹ភាពប៉ិនប្រសប់›ក្នុងការបង្រៀនពីគំរូរបស់លោកយេស៊ូ និងពួកអ្នកកាន់តាមលោកដូចជាសាវ័កប៉ូលនិងបាណាបាស (សូមមើលវគ្គ១)
២. ហេតុអ្វីគ្រិស្តសាសនិកខ្លះប្រហែលជាមានអារម្មណ៍ថាពួកគេមិនអាចបង្កើនភាពប៉ិនប្រសប់ក្នុងការបង្រៀន?
២ បុគ្គលខ្លះមានអារម្មណ៍ថា ពួកគេមិនអាចបង្កើនសមត្ថភាពបង្រៀនបានទេ ដោយសារពួកគេមិនបានទទួលការអប់រំខ្ពស់ឬគ្មានដុងពីកំណើត។ បុរសខ្លះក្នុងគម្ពីរក៏មានអារម្មណ៍ថា ពួកគេខ្វះសមត្ថភាពដែរ។ (ដច. ៤:១០; យេ. ១:៦) រីឯបុគ្គលខ្លះទៀតមានអារម្មណ៍ថា ពួកគេមិនពូកែបង្រៀនទេ ដោយសារពួកគេមិនបានទទួលលទ្ធផលល្អក្នុងកិច្ចបម្រើផ្សាយដូចអ្នកឯទៀត។ ពិតណាស់ មិនមែនមនុស្សគ្រប់រូបដែលយើងនិយាយជាមួយឬជួបនឹងចង់ស្ដាប់ដំណឹងល្អទេ ហើយការដែលមនុស្សស្ដាប់ឬមិនស្ដាប់ក៏មិនអាស្រ័យតែលើការខំប្រឹងរបស់យើងប៉ុណ្ណោះដែរ។ ដូចបានរៀបរាប់នៅខាងលើ ព្រះយេហូវ៉ានិងពួកទេវតាគឺជាអ្នកដែលជួយយើងឲ្យរកឃើញពួកអ្នកដែលមានចិត្តស្មោះ។ ទោះជាយ៉ាងនោះក៏ដោយ យើងចង់ខំអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយតាមរបៀបដែលទាក់ទាញចិត្តមនុស្ស។ ដើម្បីជួយយើងឲ្យធ្វើដូច្នេះ ក្នុងអត្ថបទនេះ យើងនឹងពិចារណារបៀបបីយ៉ាងដែលយើងអាចបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ។
ចូរបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្ស
៣. ហេតុអ្វីពាក្យសម្ដីរបស់លោកយេស៊ូអាចមានឥទ្ធិពលលើចិត្តមនុស្ស?
៣ គម្ពីរចែងថា លោកយេស៊ូ«ជ្រាបអំពីអ្វីដែលនៅក្នុងចិត្តរបស់មនុស្ស»។ (យ៉ូន. ២:២៥) ពាក្យនេះបង្ហាញថា លោកយេស៊ូស្គាល់របៀបគិតគូររបស់មនុស្សនិងបំណងចិត្តរបស់ពួកគេ។ ដោយសារលោកយេស៊ូយល់អំពីសេចក្ដីត្រូវការរបស់ពួកគេ នោះពាក្យសម្ដីរបស់លោកមានឥទ្ធិពលលើចិត្តរបស់ពួកគេ។ លោកយេស៊ូដឹងថា មនុស្សត្រូវការការណែនាំនិងការសម្រាលទុក្ខ ដោយសារពួកអ្នកដឹកនាំសាសនាបានបង្កើតច្បាប់ជាច្រើនដែលធ្វើឲ្យជីវិតរបស់ពួកគេលំបាក។ (ម៉ាថ. ៩:៣៦; ២៣:៤) ដូច្នេះ លោកយេស៊ូជួយមនុស្សដោយបង្រៀនពួកគេនូវអ្វីៗដែលធ្វើឲ្យជីវិតរបស់ពួកគេល្អប្រសើរជាង ដូចដែលយើងឃើញក្នុងប្រសាសន៍របស់លោកក្នុងសុន្ទរកថានៅលើភ្នំ។ មនុស្សជាច្រើនចូលចិត្តស្ដាប់លោក ដោយសារលោកនិយាយអំពីរឿងដែលជាប់ទាក់ទងនឹងពួកគេផ្ទាល់។
៤. តើយើងអាចបង្ហាញយ៉ាងណាថាយើងយកចិត្តទុកដាក់ចំពោះមនុស្ស? (សូមមើលរូបភាពផងដែរ)
៤ យើងអាចបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះមនុស្សដែលយើងជួប ដោយព្យាយាមយល់អំពីការព្រួយបារម្ភរបស់ពួកគេ។ ក្នុងពិភពលោករបស់សាថាន មានអ្វីអាក្រក់ជាច្រើនដែលកំពុងកើតឡើង។ ដូច្នេះ ពេលយើងផ្សព្វផ្សាយ យើងចង់ចាំថាមនុស្សគ្រប់រូបមានបញ្ហាដែលធ្វើឲ្យពួកគេខ្វល់ខ្វាយឬរងទុក្ខ។ ពេលយើងចាំចំណុចនេះ យើងងាយស្រួលជួយពួកគេជាង។ ជាឧទាហរណ៍ ថ្មីៗនេះ តើមានព្រឹត្តិការណ៍ណាមួយដែលធ្វើឲ្យមនុស្សក្នុងតំបន់ផ្សាយរបស់យើងខ្វល់ខ្វាយឬទេ? តើឪពុកម្ដាយបារម្ភអំពីសុវត្ថិភាពកូនរបស់ពួកគេនៅសាលាឬទេ? តើមនុស្សជាច្រើននៅក្នុងតំបន់របស់អ្នកពិបាករកការងារឬទេ? សូមស្រមៃថា តើជីវិតរបស់ពួកគេគឺពិបាកយ៉ាងណា ព្រោះពួកគេរស់នៅ‹គ្រាលំបាកខ្លាំងណាស់›ដោយមិនមានសេចក្ដីសង្ឃឹមពីគម្ពីរ។—២ធី. ៣:១; អេ. ៦៥:១៣, ១៤
សូមគិតអំពីការព្រួយបារម្ភរបស់មនុស្ស ហើយបង្ហាញការយកចិត្តទុកដាក់ចំពោះពួកគេ (សូមមើលវគ្គ៤)
៥. តើលោកយេស៊ូខុសគ្នាយ៉ាងណាពីពួកផារិស៊ី? (ម៉ាថាយ ១១:២៨-៣០)
៥ លោកយេស៊ូយកចិត្តទុកដាក់ចំពោះមនុស្ស ហើយពួកគេឃើញដូច្នេះតាមរបៀបដែលលោកប្រព្រឹត្តចំពោះពួកគេ។ លោកខុសគ្នាឆ្ងាយណាស់ពីពួកផារិស៊ីដែលចាត់ទុកបណ្ដាជនថាគ្មានតម្លៃសោះនិងគួរឲ្យស្អប់ខ្ពើម! (ម៉ាថ. ២៣:១៣; យ៉ូន. ៧:៤៩) ប៉ុន្តែ លោកយេស៊ូប្រព្រឹត្តទៅលើមនុស្សដោយសប្បុរសនិងដោយការគោរព។ លោក«ស្លូត ក៏មានចិត្តរាបទាបផង» ហើយនោះជួយលោកឲ្យធ្វើជាអ្នកបង្រៀនដ៏មានប្រសិទ្ធភាព។ (សូមអាន ម៉ាថាយ ១១:២៨-៣០) ដូចលោកយេស៊ូដែរ យើងគួរប្រព្រឹត្តចំពោះមនុស្សដោយសប្បុរសនិងដោយការគោរព។
៦. តើយើងអាចបង្ហាញចិត្តសប្បុរសនិងការគោរពចំពោះអ្នកដែលបដិសេធឬប្រឆាំងដំណឹងដែលយើងផ្សាយយ៉ាងដូចម្ដេច?
៦ មនុស្សខ្លះបដិសេធឬថែមទាំងប្រឆាំងនឹងដំណឹងដែលយើងផ្សាយទៀតផង។ តើយើងគួរមានប្រតិកម្មយ៉ាងណា? លោកយេស៊ូមិនគ្រាន់តែបង្គាប់យើងឲ្យស៊ូទ្រាំនឹងការប្រឆាំងប៉ុណ្ណោះទេ តែលោកក៏បានមានប្រសាសន៍ថា៖ «[ចូរ]ប្រព្រឹត្តល្អចំពោះអស់អ្នកដែលស្អប់អ្នករាល់គ្នា» «ជូនពរអស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា» ហើយថែមទាំង«អធិដ្ឋានឲ្យអស់អ្នកដែលតិះដៀលអ្នកផងដែរ»។ (លូក. ៦:២៧, ២៨) យើងនឹងកាន់តែស្រួលធ្វើដូច្នេះបើយើងចាំថា ប្រហែលជាមានមូលហេតុណាមួយដែលធ្វើឲ្យមនុស្សមិនចង់ស្ដាប់យើង។ ពិតមែនតែអ្នកខ្លះប្រឆាំងយើងមែន តែអ្នកខ្លះទៀតប្រហែលជាមិនចង់ស្ដាប់យើង ដោយសារពេលដែលយើងជួបពួកគេ ពួកគេមានបញ្ហាក្នុងក្រុមគ្រួសារឬពួកគេខ្វល់ខ្វាយអំពីរឿងផ្សេងទៀត។ យើងប្រហែលជាគ្រាន់តែជួបពួកគេនៅពេលដែលពួកគេមានអារម្មណ៍មិនស្រួលប៉ុណ្ណោះ។ ក្នុងគ្រប់ស្ថានភាព យើងគួរធ្វើតាមការណែនាំដែលថា៖ «ចូរឲ្យសម្ដីរបស់[យើង]ប្រកបដោយភាពសប្បុរសជានិច្ច ដែលប្រៀបដូចជាបានត្រូវបង់អំបិល។ ធ្វើដូច្នេះ [យើង]នឹងដឹងថាគួរតបឆ្លើយយ៉ាងណាចំពោះមនុស្សម្នាក់ៗ»។ (កូឡ. ៤:៦) បើយើងមានចិត្តអាណិតមេត្តាចំពោះមនុស្ស ហើយព្យាយាមយល់អំពីសេចក្ដីត្រូវការរបស់ពួកគេ នោះយើងទំនងជានឹងមិនឆាប់ទើសចិត្ត ហើយអាចទៅជាអ្នកបង្រៀនដែលប៉ិនប្រសប់ជាង។
ចូរបង្រៀនដោយផ្អែកលើបណ្ដាំរបស់ព្រះ
៧. តើលោកយេស៊ូប្រើអ្វីដើម្បីបង្រៀនបណ្ដាជន? (យ៉ូហាន ៧:១៤-១៦)
៧ លោកយេស៊ូមិនបានពឹងផ្អែកលើចំណេះដឹងផ្ទាល់ខ្លួនរបស់លោកទេ។ លោកបានរៀបរាប់អំពីអ្វីដែលបានកត់ទុកក្នុងបទគម្ពីរ ហើយរបៀបដែលនោះអាចជួយបណ្ដាជនក្នុងជីវិត។ លោកក៏បានបង្រៀនពួកគេតាមរបៀបដ៏សាមញ្ញដែរ។ ដូច្នេះ ពួកគេងាយស្រួលយល់និងចាំមេរៀនដែលលោកបានបង្រៀន។ គម្ពីរចែងថា លោកយេស៊ូមិនបានបង្រៀន«ដូចពួកអ្នកជំនាញខាងច្បាប់ទេ តែបង្រៀនដូចអ្នកដែលបានទទួលអំណាចពីព្រះ»។ នេះធ្វើឲ្យបណ្ដាជន«នឹកអស្ចារ្យ»។ (ម៉ាក. ១:២២) នៅសម័យនោះ ពេលពួកអ្នកជំនាញខាងច្បាប់បង្រៀនបណ្ដាជន ពួកគេដកស្រង់ពាក្យសម្ដីរបស់ពួកអ្នកដឹកនាំសាសនាដែលល្បី។ ផ្ទុយពីពួកគេ ពេលលោកយេស៊ូបង្រៀន លោកបានដកស្រង់ពីបទគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។ ក្នុងនាមជាបុត្ររបស់ព្រះដែលធ្លាប់រស់នៅស្ថានសួគ៌ លោកអាចប្រើប្រាជ្ញាដ៏ខ្ពង់ខ្ពស់របស់លោកដើម្បីធ្វើឲ្យមនុស្សកោតស្ងើចលោក ហើយថែមទាំងធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនអន់ទៀតផង។ ប៉ុន្តែ លោកមិនបានធ្វើដូច្នេះទេ។ ផ្ទុយទៅវិញ លោកប្រើបណ្ដាំរបស់ព្រះដើម្បីបង្រៀនបណ្ដាជនអំពីអ្វីដែលព្រះចង់ឲ្យពួកគេធ្វើ។ (សូមអាន យ៉ូហាន ៧:១៤-១៦) លោកយេស៊ូបានទុកគំរូដ៏ល្អឲ្យពួកអ្នកកាន់តាមលោក។
៨. តើសាវ័កពេត្រុសធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច?
៨ ពួកអ្នកកាន់តាមលោកយេស៊ូយកតម្រាប់លោក។ ពួកគេបង្រៀនបណ្ដាជនដោយផ្អែកលើបណ្ដាំរបស់ព្រះ។ ជាឧទាហរណ៍ សូមគិតអំពីសុន្ទរកថារបស់សាវ័កពេត្រុសនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ពេត្រុសមិនមែនជាអ្នកដែលបានរៀនសូត្រខ្ពង់ខ្ពស់ទេ។ ប៉ុន្តែ គាត់បានប្រើបទគម្ពីរជាច្រើនដើម្បីពន្យល់យ៉ាងច្បាស់អំពីរបៀបដែលលោកយេស៊ូសម្រេចអ្វីដែលព្រះបានប្រាប់ទុកជាមុន ហើយនោះមានឥទ្ធិពលលើចិត្តរបស់អ្នកស្ដាប់។ (សកម្ម. ២:១៤-៣៧) ជាលទ្ធផល «អស់អ្នកដែលពេញចិត្តទទួលយកពាក្យសម្ដីរបស់គាត់ បានទទួលការជ្រមុជទឹក ហើយនៅថ្ងៃនោះមានប្រហែល៣.០០០នាក់ថែមទៀតបានទៅជាអ្នកកាន់តាម»។—សកម្ម. ២:៤១
៩. ពេលយើងបង្រៀនអ្នកឯទៀត ហេតុអ្វីយើងគួរផ្ដោតអារម្មណ៍លើបណ្ដាំរបស់ព្រះ?
៩ មានតែគម្ពីរប៉ុណ្ណោះដែលមានឫទ្ធានុភាពជួយមនុស្សឲ្យកែប្រែជីវិតដើម្បីធ្វើឲ្យព្រះពេញចិត្ត។ (ហេ. ៤:១២) ដូច្នេះ យើងត្រូវផ្ដោតទៅលើគម្ពីរពេលបង្រៀនអ្នកឯទៀត។ យើងចង់«ប្រកាសបណ្ដាំរបស់ព្រះ» មិនមែនគំនិតផ្ទាល់ខ្លួនទេ។ (២ធី. ៤:២) សុភាសិត ២:៦ចែងថា៖ «ព្រះយេហូវ៉ាជាអ្នកផ្ដល់ប្រាជ្ញា។ ចំណេះនិងសមត្ថភាពវែកញែកសុទ្ធតែចេញពីមាត់របស់លោក»។ ដូច្នេះ ពេលយើងប្រើគម្ពីរដើម្បីបង្រៀន យើងអនុញ្ញាតឲ្យមនុស្សស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ (ម៉ាឡ. ២:៧) យើងចង់ឲ្យមនុស្សដឹងថា គម្ពីរពោរពេញទៅដោយប្រាជ្ញាដែលលើសពីប្រាជ្ញារបស់មនុស្សឆ្ងាយណាស់។ គម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយជួយយើងឲ្យមានចំណេះដែលយើងត្រូវការដើម្បីធ្វើឲ្យអ្នកបង្កើតរបស់យើងពេញចិត្ត ព្រមទាំងមានជីវិតដែលសប្បាយនិងមានន័យខ្លឹមសារ។—២ធី. ៣:១៦, ១៧
១០. តើយើងអាចជួយសិស្សឲ្យផ្ដោតអារម្មណ៍ទៅលើបណ្ដាំរបស់ព្រះយ៉ាងដូចម្ដេច?
១០ ពេលដែលអ្នករៀបចំដើម្បីបង្រៀនសិស្សគម្ពីរ សូមរកវិធីដើម្បីជួយសិស្សឲ្យផ្ដោតអារម្មណ៍លើសេចក្ដីបង្រៀនក្នុងគម្ពីរ។ ទោះជាយើងប្រើរូបភាពនិងវីដេអូផ្សេងៗដើម្បីបង្រៀនក៏ដោយ យើងតែងតែផ្ដោតលើអ្វីដែលគម្ពីរចែង។ ដូច្នេះ សូមអានខគម្ពីរដែលបង្រៀនចំណុចសំខាន់ៗ ហើយជួយសិស្សឲ្យវែកញែកខគម្ពីរនោះ។ ពេលអ្នកប្រើរូបភាពនិងវីដេអូ សូមជួយសិស្សឲ្យយល់គោលការណ៍គម្ពីរផ្សេងៗដែលអ្នកកំពុងបង្រៀន។ ដើម្បីធ្វើដូច្នេះ អ្នកមិនចាំបាច់និយាយច្រើនឬអានបទគម្ពីរច្រើននោះទេ។ ផ្ទុយទៅវិញ សូមទុកពេលឲ្យសិស្សយល់អត្ថន័យនៃខគម្ពីរនីមួយៗដែលគាត់បានអាន ហើយបើចាំបាច់ អ្នកឬសិស្សគម្ពីរក៏អាចអានបទគម្ពីរនោះម្ដងទៀតដែរ។ ដោយធ្វើដូច្នេះ យើងបង្រៀនសិស្សនូវអ្វីដែលគម្ពីរចែង មិនមែនបង្រៀនគាត់អំពីសៀវភៅ រូបភាព ឬវីដេអូទេ។—១កូ. ២:១៣
១១-១២. (ក) តើតាមរបៀបណាយើងអាចមានចិត្តអត់ធ្មត់នឹងសិស្សគម្ពីរ? (សកម្មភាព ១៧:១-៤) (សូមមើលរូបភាពផងដែរ) (ខ) តើបុគ្គលខ្លះត្រូវស្គាល់អ្វីអំពីគម្ពីរ ហើយតើតាមរបៀបណាយើងអាចជួយពួកគេ?
១១ ជួនកាល សិស្សប្រហែលជាពិបាកជឿឬពិបាកយល់ចំណុចណាមួយដែលគាត់កំពុងរៀន។ ពេលនេះកើតឡើង យើងបន្តបង្រៀនគាត់ដោយ«មានចិត្តអត់ធ្មត់»។ មិនមែនសិស្សទាំងអស់រីកចម្រើននៅពេលដូចគ្នានោះទេ។ សិស្សខ្លះប្រហែលជាត្រូវការពេលថែមទៀតដើម្បីយល់សេចក្ដីបង្រៀនដែលយើងគិតថាមិនសូវពិបាកយល់។ សូមគិតអំពីប៉ូល។ គាត់ត្រូវផ្សព្វផ្សាយដល់ជនជាតិយូដានៅក្រុងថែស្សាឡូនិចអស់ជាច្រើនដង ដោយលើកបទគម្ពីរមកជជែកវែកញែកជាមួយនឹងពួកគេ មុនពួកគេខ្លះយល់អ្វីដែលគាត់បង្រៀន។—សូមអាន សកម្មភាព ១៧:១-៤
១២ វិធីមួយទៀតដែលយើងអាចបង្ហាញចិត្តអត់ធ្មត់ គឺដោយសួរសំណួរសិស្ស ហើយទុកពេលឲ្យគាត់ឆ្លើយ។ រួចមក សូមព្យាយាមស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយព្យាយាមយល់របៀបគិតគូររបស់ពួកគេ។ ក្រោយមក សូមអាននិងពិគ្រោះបទគម្ពីរដើម្បីជួយពួកគេឲ្យយល់ទស្សនៈរបស់ព្រះអំពីប្រធានបទនោះ។ ម្យ៉ាងទៀត សូមគិតអំពីចំណុចនេះ៖ មនុស្សខ្លះមិនដែលឃើញសៀវភៅគម្ពីរ ហើយមិនដឹងថាសៀវភៅនោះមានព័ត៌មានបែបណាទេ។ ដូច្នេះ ប្រហែលជាមានប្រយោជន៍ បើយើងបង្ហាញសៀវភៅគម្ពីរដល់ពួកគេ។ អ្នកអាចបង្ហាញផ្នែកដែលមានចំណងជើងថា «តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?»នៅទំព័រទី៥ ក្នុងគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីដើម្បីបង្ហាញថា គម្ពីរមានព័ត៌មានសំខាន់ៗអ្វីខ្លះ។ បន្ទាប់មក អ្នកប្រហែលជាអាចជួយពួកគេឲ្យយល់ថាគម្ពីរមានប្រយោជន៍ក្នុងជីវិតរបស់ពួកគេ ដោយបង្ហាញបទគម្ពីរមួយឬពីរដែលមាននៅក្រោមសំណួរទី១៥។ យ៉ាងនេះ ពួកគេនឹងឃើញថា គម្ពីរអាចជួយមនុស្សឲ្យមានសុភមង្គល។ សរុបសេចក្ដីទៅ បើអ្នកជួយសិស្សឲ្យឃើញឫទ្ធានុភាពនៃបណ្ដាំរបស់ព្រះ នោះការបង្រៀនរបស់អ្នកនឹងកាន់តែមានប្រសិទ្ធភាព។
អ្នកបង្រៀនដ៏ប៉ិនប្រសប់ ស្ដាប់ច្រើនជាងនិយាយ (សូមមើលវគ្គ១១-១២)
សូមផ្ដោតអារម្មណ៍លើព្រះយេហូវ៉ា
១៣. ពេលយើងបង្រៀន តើយើងគួរជួយសិស្សឲ្យផ្ដោតអារម្មណ៍ទៅលើអ្នកណា? សូមលើកឧទាហរណ៍មួយ។
១៣ គោលដៅរបស់យើងគឺជួយសិស្សឲ្យស្គាល់ព្រះយេហូវ៉ានិងចូលទៅជិតលោក។ (យ៉ា. ៤:៨) យើងអាចប្រដូចកិច្ចការនេះទៅនឹងអ្នកបាញ់ភ្លើងហ្វារនៅរោងមហោស្រព។ ពេលដែលចាប់ផ្ដើមសម្ដែង គាត់បាញ់ភ្លើងទៅលើតួសម្ដែងដែលនៅលើឆាក មិនមែនបាញ់មកលើខ្លួនគាត់ទេ។ ស្រដៀងគ្នាដែរ ពេលយើងបង្រៀន យើងគួរជួយសិស្សឲ្យផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ា មិនមែនមកលើខ្លួនយើងទេ។
១៤. តើតាមរបៀបណាអ្នកអាចជួយសិស្សឲ្យផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ា?
១៤ ពេលបង្រៀនសិស្សគម្ពីរ សូមជួយគាត់បណ្ដុះឲ្យមានបំណងចិត្តចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ (សុភ. ២៧:១១) អ្នកមិនគ្រាន់តែបង្រៀនសិស្សឲ្យធ្វើអ្វីដែលត្រឹមត្រូវ ហើយជៀសវាងពីអ្វីដែលអាក្រក់ដើម្បីក្លាយទៅជាសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះទេ តែអ្នកក៏ចង់ជួយសិស្សឲ្យធ្វើការផ្លាស់ប្ដូរផ្សេងៗដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដែរ។ ជាឧទាហរណ៍ បើសិស្សរបស់អ្នកពិបាកយកឈ្នះទម្លាប់អាក្រក់ណាមួយ សូមសួរគាត់នូវសំណួរដូចតទៅនេះថា៖ «ហេតុអ្វីព្រះយេហូវ៉ាស្អប់ការប្រព្រឹត្តបែបនេះ? ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យអ្នកលះចោលអ្វីមួយដែលអ្នកចូលចិត្តធ្វើ? តើការតម្រូវនេះបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់អ្នកយ៉ាងដូចម្ដេច?»។ កាលដែលអ្នកកាន់តែជួយសិស្សគម្ពីរឲ្យគិតអំពីព្រះយេហូវ៉ា គាត់នឹងកាន់តែឃើញថាព្រះយេហូវ៉ាគឺជាបិតាដ៏អស្ចារ្យ។ នេះនឹងជួយសិស្សរបស់អ្នកចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
ចូរបន្តបង្កើនភាពប៉ិនប្រសប់ក្នុងការបង្រៀន
១៥. តើអ្នកអាចធ្វើអ្វីដើម្បីបន្តបង្កើនភាពប៉ិនប្រសប់ក្នុងការបង្រៀន?
១៥ អ្នកអាចអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យគិតអំពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីកាន់តែមានភាពប៉ិនប្រសប់ក្នុងការបង្រៀន។ (១យ៉ូន. ៥:១៤) ក្រោយមក សូមប្រព្រឹត្តស្របតាមសេចក្ដីអធិដ្ឋានរបស់អ្នក ដោយយកចិត្តទុកដាក់ស្ដាប់និងធ្វើតាមអ្វីដែលបានរៀននៅកិច្ចប្រជុំ។ អ្នកក៏អាចអញ្ជើញបងប្អូនដែលមានភាពប៉ិនប្រសប់ក្នុងការបង្រៀនឲ្យចូលរួមការសិក្សាជាមួយនឹងអ្នកដែរ។ ក្រោយមក សូមសួរយោបល់ពីពួកគេថាអ្នកអាចរីកចម្រើនអ្វីខ្លះ។ សូមចាំដែរថា ទោះជាអ្នកស្គាល់មេរៀននោះយ៉ាងច្បាស់ក្ដី សិស្សរបស់អ្នកមិនស្គាល់ទេ។ ដូច្នេះ សូមព្យាយាមយល់ថា សិស្សរបស់អ្នកប្រហែលជានឹងមានអារម្មណ៍យ៉ាងណាចំពោះចំណុចដែលអ្នកនឹងពិគ្រោះជាមួយគាត់។ រួចមក សូមជួយសិស្សរបស់អ្នកឲ្យទទួលស្គាល់ថា ដំណឹងដែលយើងផ្សាយគឺពិតជាដំណឹងល្អ។ នេះអាចជំរុញចិត្តសិស្សឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយអាចជួយគាត់ឲ្យរកឃើញសុភមង្គលដ៏ពិតប្រាកដ។—ចសព. ១:១-៣
១៦. បើយើងបន្តបង្កើនភាពប៉ិនប្រសប់ក្នុងការបង្រៀន តើយើងនឹងទទួលប្រយោជន៍យ៉ាងណា?
១៦ នៅក្នុងចំណោមអ្វីដែលធ្វើឲ្យយើងសប្បាយបំផុតក្នុងជីវិត គឺការបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា។ ម្យ៉ាងទៀត នៅក្នុងពិភពលោកថ្មីនឹងមានមនុស្សច្រើននាក់ទៀតដែលយើងត្រូវបង្រៀន។ ដូច្នេះ សូមឲ្យយើងបន្តយកចិត្តទុកដាក់ចំពោះមនុស្ស ពឹងផ្អែកលើបណ្ដាំរបស់ព្រះ ហើយផ្ដោតអារម្មណ៍លើព្រះយេហូវ៉ាពេលយើងផ្សព្វផ្សាយដំណឹងល្អ។ ដោយធ្វើដូច្នេះ យើងអាចកាន់តែមានភាពប៉ិនប្រសប់ក្នុងការបង្រៀន។
ចម្រៀងលេខ៦៥ ឈានទៅមុខ!