សំណួរពីអ្នកអាន
តើពេលណាប្រជាជាតិនានានឹងប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»?
ដូចយើងបានពិចារណាក្នុង«សំណួរពីអ្នកអាន»ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីប៉មយាមaថ្មីៗនេះ មិនយូរទៀតព្រះយេហូវ៉ានឹងបណ្ដាលចិត្ត«ស្នែង១០»(រដ្ឋាភិបាលទាំងអស់) ឲ្យធ្វើតាម«គំនិតរបស់លោក» ពោលគឺឲ្យពួកគេផ្ដល់កម្លាំងនិងអំណាចដល់«សត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ»ដែលជាអង្គការសហប្រជាជាតិ។ ក្នុងគម្ពីរ សត្វនោះក៏បានត្រូវហៅជា«រូបសត្វសាហាវ»ដែរ។ (បប. ១៣:១៤, ១៥; ១៧:៣, ១៦, ១៧) ក្រោយមក «ស្នែង១០»និងសត្វសាហាវដែលទើបតែទទួលអំណាចឲ្យកាន់តែខ្លាំងឡើងនោះ នឹងបំផ្លាញសាសនាមិនពិតនៅទូទាំងពិភពលោក។ តើប្រជាជាតិនានានឹងប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»bមុនឬក្រោយការបំផ្លាញសាសនាមិនពិត?—១ថែ. ៥:៣
យើងមិនដឹងច្បាស់ថាប្រជាជាតិនានានឹងប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»នៅពេលណាទេ។ បើយើងដឹងព័ត៌មានទាំងអស់ យើងនឹងមិនចាំបាច់ចាំយាមនិងដឹងខ្លួនជានិច្ចឡើយ។ ប៉ុន្តែ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកម្ដងហើយម្ដងទៀតថា ពួកគេត្រូវ«ចាំយាម»។ (ម៉ាថ. ២៤:៤២; ២៥:១៣; ២៦:៤១) ឥឡូវ សូមឲ្យយើងពិចារណាទំនាយដែលព្រះយេហូវ៉ាប្រកាសទុកជាមុនតាមរយៈសំបុត្រដែលសាវ័កប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច។
ប៉ូលបានសរសេរថា៖ «នៅពេលដែលពួកគេនិយាយថា៖ ‹មានសន្តិភាពនិងសន្តិសុខហើយ!› នោះស្រាប់តែសេចក្ដីហិនវិនាសកើតមានដល់ពួកគេភ្លាមមួយរំពេច»។ (១ថែ. ៥:២, ៣) សៀវភៅរបស់យើងច្រើនតែបានពន្យល់ពាក្យនោះរបស់សាវ័កប៉ូលថា បន្តិចមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម នឹងមានការប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»។ គ្រាទុក្ខវេទនាជាខ្លាំងនឹងចាប់ផ្ដើមដោយការបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា ពោលគឺសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក។ សៀវភៅរបស់យើងក៏បានចែងទៀតថា ពេលមានការប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ» នោះយើងនឹងដឹងថាគ្រាទុក្ខវេទនាជាខ្លាំងហៀបនឹងចាប់ផ្ដើម។
ប៉ុន្តែ ក្រោយពីគិតពិចារណាបន្ថែម មើលទៅអាចមានការបកស្រាយមួយទៀត។ ការប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ» ប្រហែលជានឹងកើតឡើងក្រោយពីការបំផ្លាញសាសនាមិនពិត។ ហេតុអ្វី? សូមគិតអំពីមូលហេតុមួយចំនួនដូចតទៅនេះ៖
តើសាសនាមិនពិតមានចំណែកយ៉ាងណាក្នុងសង្គ្រាមរបស់ប្រជាជាតិនានា? គម្ពីរពន្យល់ថា៖ «នៅក្នុងក្រុងនោះ[សំដៅលើ«មេស្ត្រីពេស្យា» បាប៊ីឡូនដ៏ខ្លាំងក្លា]មានឈាមរបស់ . . . អស់អ្នកដែលបានត្រូវសម្លាប់នៅផែនដី»។ (បប. ១៧:១, ៥; ១៨:២៤) ក្នុងប្រវត្តិសាស្ត្រ មេស្ត្រីពេស្យាបានគាំទ្រសង្គ្រាមរបស់ប្រជាជាតិនានា ហើយច្រើនតែនាំឲ្យមានភេរវកម្ម។ ដូច្នេះ សាសនាមិនពិតបណ្ដាលឲ្យមានសង្គ្រាមនិងអំពើឃោរឃៅ មិនមែនសន្តិភាពនិងសន្តិសុខទេ។ នេះនាំឲ្យមានសំណួរថា តើបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបំផ្លាញជាមុន ទើបប្រជាជាតិនានាប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»ឬទេ? ប្រហែលជាអាច តែយើងមិនច្បាស់ទេ។
តើនឹងមានអ្វីកើតឡើងបន្ទាប់ពីមានការប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»? ប៉ូលនិយាយថា៖ «នោះស្រាប់តែសេចក្ដីហិនវិនាសកើតមានដល់ពួកគេភ្លាមមួយរំពេច»។ (១ថែ. ៥:៣) បើរដ្ឋាភិបាលក្នុងពិភពលោកបំផ្លាញសាសនាមិនពិតជាមុន ហើយក្រោយមកប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ» នោះការបំផ្លាញប្រជាជាតិនានាទាំងនោះនឹងកើតឡើងភ្លាមមួយរំពេចបន្ទាប់ពីនោះ។
តើរាស្ត្ររបស់ព្រះយេហូវ៉ានឹងមានប្រតិកម្មយ៉ាងណាចំពោះព្រឹត្តិការណ៍ទាំងនោះ? ប៉ូលនិយាយថា៖ «បងប្អូនអើយ អ្នករាល់គ្នាមិននៅក្នុងភាពងងឹតទេ ដូច្នេះថ្ងៃនោះនឹងមិនមកដោយអ្នករាល់គ្នាមិនដឹងខ្លួន ដូចជាពន្លឺថ្ងៃមកដោយពួកចោរមិនដឹងខ្លួននោះឡើយ»។ (១ថែ. ៥:៤) សូមគិត បើសាសនាមិនពិតបានត្រូវបំផ្លាញចោលជាមុន ហើយក្រោយមកប្រជាជាតិនានាប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ» នោះរាស្ត្ររបស់ព្រះយេហូវ៉ានឹងដឹងថាការបំផ្លាញនៃប្រជាជាតិនានាគឺជិតណាស់ហើយ។ ប៉ុន្តែ តាមទស្សនៈរបស់ប្រជាជាតិនានា ការបំផ្លាញរបស់ពួកគេនឹងមកដូចជាចោរ គឺភ្លាមៗដោយគ្មានការព្រមានទុកជាមុនឡើយ។
ដូច្នេះ អ្វីដែលយើងដឹងពិតប្រាកដគឺ នៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ «ស្នែង១០»និងសត្វសាហាវដែលមានអំណាចកាន់តែខ្លាំងនឹងបំផ្លាញសាសនាមិនពិត។ នេះជាទីចាប់ផ្ដើមនៃគ្រាទុក្ខវេទនាជាខ្លាំង។ យើងក៏ដឹងដែរថា នៅពេលមួយប្រជាជាតិនានានឹងប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»។ តើនោះនឹងកើតឡើងនៅពេលណា? យើងបានពិចារណាអ្វីពីរយ៉ាងដែលប្រហែលជាអាចកើតឡើង។ ទី១ ការប្រកាសនោះប្រហែលជានឹងធ្វើឡើងមុនការបំផ្លាញសាសនាមិនពិត។ ទី២ ការប្រកាសនោះប្រហែលជានឹងធ្វើឡើងក្រោយពីសាសនាមិនពិតបានត្រូវបំផ្លាញទាំងស្រុង។ យើងត្រូវចាំមើលអ្វីដែលកើតឡើង។ ទំនាយគម្ពីរច្រើនតែយល់យ៉ាងពេញលេញ ពេលដែលនោះកំពុងសម្រេចឬក្រោយពីបានត្រូវសម្រេចទាំងស្រុង។—សូមពិនិត្យបន្ថែម យ៉ូហាន ១២:១៦
ទម្រាំដល់ពេលនោះ អ្វីដែលសំខាន់បំផុតគឺការរក្សាភក្ដីភាពចំពោះព្រះ មិនមែនលំដាប់ពេលនៃការប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»នោះទេ។ យើងត្រូវ«ភ្ញាក់ហើយដឹងខ្លួនជានិច្ច»ដើម្បីយើងអាចត្រៀមខ្លួនជាស្រេច មិនថាព្រឹត្តិការណ៍ទាំងនេះកើតឡើងតាមលំដាប់លំដោយណាក៏ដោយ។—១ថែ. ៥:៦
a សូមមើល«សំណួរពីអ្នកអាន»ក្នុងទស្សនាវដ្ដីប៉មយាម ខែវិច្ឆិកា ឆ្នាំ២០២៥។
b ពាក្យរបស់សាវ័កប៉ូលអាចមានន័យថាមានការប្រកាសជាបន្តបន្ទាប់ ឬអាចមានន័យថាមានការប្រកាសតែម្ដង។