បុគ្គលក្នុងគម្ពីរ
សូមរៀនឲ្យចេះកោតខ្លាចព្រះ ដូចអូបាឌា
អូបាឌាគឺជាអ្នកមើលការខុសត្រូវក្នុងវិមានរបស់ស្ដេចអាហាប់ដែលជាស្ដេចដ៏អាក្រក់មួយរូប។ ស្ដេចអាហាប់បានអនុញ្ញាតឲ្យការគោរពបូជាព្រះបាលមានពេញពាសស្រុកអ៊ីស្រាអែល។ ប៉ុន្តែ អូបាឌាបានបណ្ដុះឲ្យមានការកោតខ្លាចព្រះ«តាំងតែពីក្មេងមកម្ល៉េះ»។ (១បស. ១៨:១-១៣) ដូច្នេះ ពេលមហាក្សត្រីយេសិបិលបង្គាប់ឲ្យគេសម្លាប់អ្នកប្រកាសទំនាយទាំងអស់របស់ព្រះយេហូវ៉ា អូបាឌាដឹងថាគាត់ត្រូវប្រព្រឹត្តដោយក្លាហានដើម្បីរារាំងគម្រោងការដ៏អាក្រក់នោះ។ ការលាក់អ្នកប្រកាសទំនាយរបស់ព្រះគឺគ្រោះថ្នាក់ណាស់សូម្បីតែម្នាក់ក៏ដោយ តែអូបាឌាបានលាក់អ្នកប្រកាសទំនាយ១០០នាក់ ហើយផ្គត់ផ្គង់អាហារដល់ពួកគេក្នុងអំឡុងពេលដែលមានការអត់ឃ្លានជាខ្លាំង! សូមស្រមៃថា ការធ្វើដូច្នេះដោយមិនឲ្យពួកអ្នកប្រកាសទំនាយក្លែងក្លាយរាប់រយនាក់របស់ស្ដេចនិងមហាក្សត្រីឃើញ គឺពិបាកយ៉ាងណា។—១បស. ១៨:១៩
តើយើងអាចរៀនអ្វីពីអូបាឌាដែលជាបុរសកោតខ្លាចព្រះ? ទោះបីជាអូបាឌាខ្លាចអាហាប់ក៏ដោយ គាត់កោតខ្លាចព្រះជាង។ នោះជួយគាត់ឲ្យមានចិត្តក្លាហានដើម្បីការពារជីវិតរបស់បងប្អូនគាត់។ បើមានគេដាក់បម្រាមលើការគោរពប្រណិប័តន៍ពិតនៅកន្លែងដែលយើងរស់នៅ យើងក៏អាចបណ្ដុះឲ្យមានការកោតខ្លាចព្រះដែរ។ ការកោតខ្លាចបែបនេះនឹងពង្រឹងកម្លាំងចិត្តយើងឲ្យគាំទ្របងប្អូនរួមជំនឿដែលជួបទុក្ខលំបាក។