ថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦
ចម្រៀងលេខ៨២ «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក»
របៀបជួយសាច់ញាតិដែលមិនមែនជាអ្នកជឿ
«យើងមិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ»។—កាឡ. ៦:៩
ចំណុចផ្ដោត
របៀបរក្សាទំនាក់ទំនងល្អជាមួយនឹងសាច់ញាតិដែលមិនមែនជាអ្នកជឿ ហើយរបៀបនិយាយដោយសប្បុរសជាមួយនឹងពួកគេអំពីព្រះយេហូវ៉ាបើពួកគេសុខចិត្តស្ដាប់។
១-២. តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យយើងមិនមានទំនាក់ទំនងល្អជាមួយនឹងសាច់ញាតិរបស់យើង?
លោកយេស៊ូបានមានប្រសាសន៍ទៅបុរសម្នាក់ដែលចង់ទៅជាអ្នកកាន់តាមលោកថា៖ «ចូរត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ញាតិសន្ដានរបស់អ្នកអំពីអ្វីៗដែលព្រះយេហូវ៉ាបានធ្វើដើម្បីអ្នក»។ (ម៉ាក. ៥:១៩) លោកយេស៊ូបានមានប្រសាសន៍ដូច្នោះ ដោយសារលោកដឹងថាមនុស្សភាគច្រើនចង់ប្រាប់សាច់ញាតិរបស់ពួកគេអំពីអ្វីល្អៗ។
២ តើអ្នកនឹកចាំអារម្មណ៍ដែលអ្នកមានពេលដែលអ្នកចាប់ផ្ដើមសិក្សាគម្ពីរឬទេ? អ្នកទំនងជារំភើបចិត្តជាខ្លាំង ហើយចង់ប្រាប់សាច់ញាតិទាំងអស់របស់អ្នកអំពីអ្វីល្អៗដែលអ្នកបានរៀន។ ប៉ុន្តែ បុគ្គលជាទីស្រឡាញ់របស់អ្នកប្រហែលជាមិនសប្បាយចិត្តដែលអ្នករៀនជាមួយនឹងសាក្សីព្រះយេហូវ៉ាទេ។ ម្យ៉ាងទៀត ពេលអ្នកប្រាប់សាច់ញាតិរបស់អ្នកអំពីអ្វីដែលអ្នកបានរៀន ពួកគេប្រហែលជាទើសចិត្តនឹងអ្នក។ បើដូច្នេះ តើតាមរបៀបណាអ្នកអាចរក្សាទំនាក់ទំនងឬធ្វើឲ្យមានទំនាក់ទំនងល្អឡើងវិញជាមួយនឹងសាច់ញាតិរបស់អ្នក ហើយនៅតែរក្សាចិត្តស្មោះត្រង់នឹងព្រះយេហូវ៉ា?
៣. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាថា៖ (១) របៀបដែលចិត្តអាណិតមេត្តាអាចជំរុញចិត្តយើងឲ្យបង្ហាញការយកចិត្តទុកដាក់ចំពោះសាច់ញាតិដែលមិនមែនជាអ្នកជឿa ទោះជាពួកគេមិនចង់រៀនអំពីព្រះយេហូវ៉ាក្ដី (២) អ្វីដែលយើងអាចធ្វើពេលសាច់ញាតិនិយាយឬធ្វើអ្វីដែលនាំឲ្យយើងឈឺចិត្ត (៣) របៀបដែលការមានចិត្តអត់ធ្មត់និងមិនអស់សង្ឃឹម អាចជួយសាច់ញាតិរបស់យើងឲ្យទទួលយកសេចក្ដីពិត និង(៤) របៀបដែលយើងអាចបង្ហាញពួកគេថាយើងស្រឡាញ់ពួកគេ។
សូមឲ្យចិត្តអាណិតមេត្តាជំរុញអ្នកឲ្យជួយពួកគេ
៤. តើលោកយេស៊ូបានធ្វើអ្វីចំពោះមនុស្សដែលមិនចាប់អារម្មណ៍នឹងដំណឹងដែលលោកផ្សាយ?
៤ លោកយេស៊ូមិនបានឈប់ជួយពួកអ្នកដែលមិនចាប់អារម្មណ៍ដំណឹងដែលលោកផ្សាយទេ។ លោកបានប្រដូចខ្លួនលោកទៅនឹងអ្នកថែចម្ការទំពាំងបាយជូរ ដែលបានខំអស់ពីសមត្ថភាពដើម្បីឲ្យដើមល្វាតូចចេញផល។ (លូក. ១៣:៦-៩) ពេលលោកយេស៊ូលើកឧទាហរណ៍នោះ លោកបានព្យាយាមជួយជនជាតិយូដាឲ្យបណ្ដុះជំនឿលើលោកអស់បីឆ្នាំជាង។ ហេតុអ្វីបានជាលោកយេស៊ូបន្តព្យាយាមជួយពួកគេ? លោកយេស៊ូមានចិត្តអាណិតមេត្តាចំពោះមនុស្ស ហើយនោះជួយលោកឲ្យមានចិត្តអត់ធ្មត់ចំពោះពួកគេ។
៥. តើអ្វីបានជំរុញចិត្តលោកយេស៊ូឲ្យបង្ហាញចិត្តអាណិតមេត្តាចំពោះជនជាតិយូដា?
៥ លោកយេស៊ូមានចិត្តអាណិតមេត្តាចំពោះជនជាតិយូដា ដោយសារពួកអ្នកដឹកនាំសាសនាមិនបានជួយពួកគេឲ្យបណ្ដុះជំនឿលើព្រះទេ។ លោកយេស៊ូបានឃើញថា បណ្ដាជន«ប្រៀបដូចចៀមដែលគ្មានគង្វាល»។ (ម៉ាក. ៦:៣៤) មិនយូរមុនលោកយេស៊ូស្លាប់ លោកក៏បានយំសោកអំពីក្រុងយេរូសាឡិមដែរ ដោយសារលោកដឹងថាអ្នកក្រុងនោះភាគច្រើននឹងបាត់បង់ជីវិតព្រោះពួកគេខ្វះជំនឿ។ (លូក. ១៩:៤១-៤៤) ដូចលោកយេស៊ូ ពេលយើងគិតអំពីមូលហេតុដែលសាច់ញាតិរបស់យើងត្រូវការដំណឹងល្អ នោះធ្វើឲ្យយើងកាន់តែតាំងចិត្តឲ្យចង់ផ្សព្វផ្សាយដល់ពួកគេ។
៦. ហេតុអ្វីយើងគួរមានចិត្តអត់ធ្មត់នឹងសាច់ញាតិដែលមិនមែនជាអ្នកជឿ? (កាឡាទី ៦:៩)
៦ សូមអាន កាឡាទី ៦:៩។ ទោះជាសាច់ញាតិរបស់យើងមិនចង់រៀនអំពីព្រះយេហូវ៉ានៅឥឡូវនេះក៏ដោយ យើងគួរមានចិត្តអត់ធ្មត់នឹងពួកគេ ហើយមិនត្រូវឈប់ព្យាយាម«ធ្វើអ្វីដែលល្អប្រសើរឡើយ»។ ហេតុអ្វី? មូលហេតុមួយ គឺយើងដឹងថាត្រូវការពេលឲ្យបុគ្គលម្នាក់ផ្លាស់ប្ដូរជំនឿដែលចាក់ឫសជ្រៅ ហើយមានជំនឿលើព្រះយេហូវ៉ា។ អ្នកក៏ប្រហែលជា«ធ្លាប់រស់នៅក្នុងពិភពលោកដោយគ្មានសេចក្ដីសង្ឃឹមនិងដោយមិនស្គាល់ព្រះដែរ»។ (អេភ. ២:១២) ប៉ុន្តែ បុគ្គលម្នាក់បានបង្ហាញចិត្តអត់ធ្មត់នឹងអ្នក ហើយជួយអ្នកឲ្យផ្លាស់ប្ដូរ និងរៀនអំពីព្រះយេហូវ៉ា។ បើអ្នកអត់ធ្មត់នឹងសាច់ញាតិរបស់អ្នក អ្នកក៏ប្រហែលជាមានឱកាសជួយពួកគេឲ្យរៀនថែមទៀតអំពីព្រះយេហូវ៉ាដែរ។
តើយើងអាចធ្វើអ្វីពេលសាច់ញាតិនិយាយឬធ្វើអ្វីដែលនាំឲ្យយើងទើសចិត្ត?
៧. តើអ្វីប្រហែលជារារាំងប្អូនប្រុសៗរបស់លោកយេស៊ូពីការបង្ហាញជំនឿលើលោក?
៧ ប្អូនប្រុសៗរបស់លោកយេស៊ូទំនងជាបានឮអំពីអព្ភូតហេតុដែលលោកយេស៊ូបានធ្វើនៅស្រុកកាលីឡេ។ (លូក. ៤:១៤, ២២-២៤) ប៉ុន្តែ ដំបូងពួកគេមិនបានបង្ហាញជំនឿលើលោកទេ។ (យ៉ូន. ៧:៥) ហេតុអ្វី? គម្ពីរមិនបានចែងទេ។ ប៉ុន្តែ គម្ពីរពន្យល់អំពីមូលហេតុដែលជនជាតិយូដាខ្លះមិនបានទៅជាអ្នកកាន់តាមលោកយេស៊ូ។ ពួកគេខ្លះខ្លាចថា បើពួកគេទៅជាអ្នកកាន់តាម នោះសង្គមនឹងមិនរាប់រកពួកគេទេ។ (យ៉ូន. ៩:១៨-២២) អ្នកឯទៀតបានស្គាល់លោកយេស៊ូតាំងពីលោកនៅក្មេងមកម្ល៉េះ ហើយពួកគេមិនអាចស្រមៃថាលោកជាតំណាងព្រះឡើយ។ (ម៉ាក. ៦:១-៤) ប្អូនប្រុសៗរបស់លោកយេស៊ូក៏ប្រហែលជាមានអារម្មណ៍បែបនេះដែរ។ ចុះយ៉ាងណាសាច់ញាតិរបស់យើង តើពួកគេមានអារម្មណ៍ស្រដៀងនឹងនេះឬទេ?
៨. តើអ្វីប្រហែលជាធ្វើឲ្យសាច់ញាតិដែលមិនមែនជាអ្នកជឿនិយាយឬប្រព្រឹត្តដោយមិនសប្បុរសមកលើយើង?
៨ សូមគិតអំពីមូលហេតុដែលពួកគេនិយាយឬប្រព្រឹត្តអ្វីណាមួយ។ ប្អូនប្រុសៗរបស់លោកយេស៊ូប្រហែលជានៅក្នុងចំណោមសាច់ញាតិដែលនិយាយថាលោក«វង្វេងស្មារតី»។ (ម៉ាក. ៣:២១) តើអ្វីប្រហែលជាធ្វើឲ្យពួកគេសន្និដ្ឋានដូច្នោះ? បរិបទក្នុងជំពូកនេះបង្ហាញថា លោកជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយ ហើយជួយមនុស្សឲ្យជាសះស្បើយរហូតដល់គ្មានពេលសម្រាប់បរិភោគ។ (ម៉ាក. ៣:២០) តើសាច់ញាតិរបស់លោកគិតថាលោកងប់ងុលនឹងសាសនាឬទេ? ពួកគេប្រហែលជាគិតដូច្នេះមែន។ សាច់ញាតិរបស់យើងក៏ប្រហែលជាគិតថាយើងងប់ងុលនឹងសាសនាពេកដែរ។ បើពួកគេមានអារម្មណ៍បែបនេះ ជាការល្អឲ្យយើងបង្ហាញពួកគេតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តថាយើងជាមនុស្សសមហេតុសមផល។
៩. តើអ្វីប្រហែលជាជួយសាច់ញាតិរបស់យើងឲ្យផ្លាស់ប្ដូរទស្សនៈរបស់ពួកគេឲ្យចំពោះយើង? (ពេត្រុសទី១ ៣:១, ២) (សូមមើលរូបភាពផងដែរ)
៩ ចូរបន្តប្រព្រឹត្តដោយសប្បុរសនិងសមហេតុសមផល។ ពាក្យសម្ដីនិងការប្រព្រឹត្តដ៏សប្បុរសរបស់យើង អាចជំរុញចិត្តសាច់ញាតិរបស់យើងឲ្យផ្លាស់ប្ដូរទស្សនៈរបស់ពួកគេចំពោះយើង។ (សូមអាន ពេត្រុសទី១ ៣:១, ២) ជាឧទាហរណ៍ ប្ដីដែលមិនមែនជាអ្នកជឿ អាចមានអារម្មណ៍ឯកោឬទើសចិត្តពេលប្រពន្ធរបស់គាត់ចូលរួមកិច្ចប្រជុំឬទៅផ្សព្វផ្សាយ។ ដោយសារប្រពន្ធមិនចង់ឲ្យប្ដីមានអារម្មណ៍បែបនោះ នាងប្រហែលជាកែប្រែកាលវិភាគសម្រាប់សកម្មភាពផ្សេងៗដែលនាងធ្វើក្នុងកិច្ចបម្រើព្រះដើម្បីចំណាយពេលច្រើនជាងជាមួយប្ដីនាង ដូចជានាងប្រហែលជាចូលរួមក្នុងកិច្ចបម្រើផ្សាយ ពេលប្ដីរបស់នាងរវល់ឬមិននៅផ្ទះ។ ដោយចេះបត់បែននិងសមហេតុសមផល ប្រពន្ធដែលជាគ្រិស្តសាសនិកអាចជួយប្ដីរបស់នាងឲ្យផ្លាស់ប្ដូរទស្សនៈចំពោះសាក្សីព្រះយេហូវ៉ា។
ពាក្យសម្ដីនិងការប្រព្រឹត្តដ៏សប្បុរសរបស់យើងអាចធ្វើឲ្យគូដែលមិនមែនជាអ្នកជឿផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះសាក្សីព្រះយេហូវ៉ា (សូមមើលវគ្គ៩)g
១០. ពេលអ្នកឯទៀតនិយាយអ្វីដែលមិនសប្បុរសមកកាន់យើង តើយើងអាចប្រព្រឹត្តដូចលោកយេស៊ូយ៉ាងដូចម្ដេច?
១០ សូមកុំមានអារម្មណ៍ថាអ្នកត្រូវតបឆ្លើយរាល់ដងដែលសាច់ញាតិរបស់អ្នករិះគន់អ្នកឡើយ។ ពេលលោកយេស៊ូបានត្រូវគេចោទប្រកាន់មិនពិតថាលោកផឹកនិងបរិភោគហួសប្រមាណ លោកមិនបានប្រកែកនឹងពួកគេទេ តែលោកលើកទឹកចិត្តបណ្ដាជនឲ្យមើលដោយផ្ទាល់ភ្នែកថា លោកជាមនុស្សបែបនោះមែនឬយ៉ាងណា។ (ម៉ាថ. ១១:១៩) លោកក៏បង្ហាញតាមរយៈគំរូរបស់លោកថា លោកមានតុល្យភាពដែរ។ (សូមពិនិត្យបន្ថែម យ៉ូហាន ២:២, ៦-១០) ដូចលោកយេស៊ូ សូមកុំមានអារម្មណ៍ថាអ្នកត្រូវតបឆ្លើយរាល់ដងដែលគេនិយាយរិះគន់អ្នកឡើយ។ ផ្ទុយទៅវិញ សូមបង្ហាញសាច់ញាតិរបស់អ្នកតាមរយៈការប្រព្រឹត្តថាអ្នកសមហេតុសមផល ហើយមានជីវិតសប្បាយ។ នេះប្រហែលជាជំរុញចិត្តពួកគេឲ្យបដិសេធព័ត៌មានមិនពិតដែលពួកគេឮអំពីយើង។
ចូរបន្តមានចិត្តអត់ធ្មត់ ហើយមិនអស់សង្ឃឹមឡើយ
១១. តើលោកយេស៊ូបានប្រព្រឹត្តយ៉ាងណាចំពោះសាច់ញាតិដែលមិនមែនជាអ្នកជឿ?
១១ សៀវភៅដំណឹងល្អបង្ហាញថា លោកយេស៊ូបន្តមានចិត្តអត់ធ្មត់ចំពោះប្អូនប្រុសៗរបស់លោក។ ជាឧទាហរណ៍ តាមមើលទៅពួកគេនៅភូមិកាណា ពេលលោកយេស៊ូធ្វើអព្ភូតហេតុជាលើកដំបូង។ (យ៉ូន. ២:១១, ១២) ដូចបានរៀបរាប់នៅខាងលើ បងប្អូនរបស់លោកយេស៊ូមិនបានបង្ហាញជំនឿលើលោកទេ។ ក៏ប៉ុន្តែ លោកមិនបានផ្ដាច់ទំនាក់ទំនងជាមួយនឹងពួកគេទេ។ គម្ពីរបង្ហាញថា ខ្ទង់បីឆ្នាំក្រោយពីលោកយេស៊ូធ្វើអព្ភូតហេតុនៅភូមិកាណា លោកបាននិយាយដោយសប្បុរសទៅកាន់ប្អូនប្រុសៗរបស់លោក។—យ៉ូន. ៧:៥-៨
១២. តើអ្វីអាចជួយយើងឲ្យបន្តសង្ឃឹមថាសាច់ញាតិខ្លះរបស់យើងនឹងប្រែចិត្ត?
១២ យើងបានរៀនច្រើនអំពីសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ព្រះយេហូវ៉ា។ នេះអាចជួយយើងឲ្យបន្តសង្ឃឹមថាសាច់ញាតិរបស់យើងនឹងសម្រេចចិត្តបម្រើលោក។ ពេលសាសនាមិនពិតបានត្រូវបំផ្លាញចោល សាច់ញាតិរបស់យើងប្រហែលជានឹងនឹកចាំថាយើងធ្លាប់ប្រាប់ពួកគេអំពីព្រឹត្តិការណ៍នេះ។b (បប. ១៧:១៦) ពួកគេប្រហែលជាថែមទាំងសម្រេចចិត្តបម្រើព្រះយេហូវ៉ាជាមួយយើងក្រោយពីគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមទៀតផង។ ម្យ៉ាងទៀត បើសាច់ញាតិរបស់យើងកំពុងជួបការពិបាកនៅឥឡូវ យើងប្រាកដជានឹងខំអស់ពីសមត្ថភាពដើម្បីជួយពួកគេ។ កាលដែលពួកគេឃើញថាយើងបង្ហាញសេចក្ដីស្រឡាញ់និងចិត្តសប្បុរសដោយស្មោះ នោះពួកគេប្រហែលជានឹងចង់ដឹងថែមទៀតអំពីគម្ពីរ។
សូមបង្ហាញថាអ្នកស្រឡាញ់ពួកគេ
១៣. ទោះជាយើងជាប់រវល់ក្នុងការបម្រើព្រះយេហូវ៉ាក្ដី តើយើងគួរយកចិត្តទុកដាក់អំពីអ្វី?
១៣ ទោះបីជាយើងជាប់រវល់បម្រើព្រះយេហូវ៉ាក្ដី យើងមិនចង់ឲ្យសាច់ញាតិរបស់យើងគិតថា យើងមិនមានពេលសម្រាប់ពួកគេឬលែងស្រឡាញ់ពួកគេនោះទេ។ (ម៉ាថ. ៧:១២) ដូច្នេះ តើយើងអាចបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះពួកគេតាមរបៀបណាខ្លះ? សូមពិចារណាអ្វីមួយចំនួនដែលយើងអាចធ្វើ។
១៤-១៥. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះសាច់ញាតិដែលមិនមែនជាអ្នកជឿតាមរបៀបណា? សូមលើកឧទាហរណ៍មួយ។
១៤ សូមប្រាស្រ័យទាក់ទងជាមួយនឹងពួកគេជាទៀងទាត់ ហើយបង្ហាញថាអ្នកស្រឡាញ់ពួកគេ។ យើងបង្ហាញថាយើងស្រឡាញ់សាច់ញាតិរបស់យើងដោយប្រាប់ពួកគេអំពីសុខទុក្ខរបស់យើងជាទៀងទាត់។ ជាឧទាហរណ៍ យើងអាចផ្ញើសារដោយភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកពេលយើងទៅដើរលេងឬសេពគប់ជាមួយនឹងមិត្តភក្ដិ។ ម្យ៉ាងទៀត យើងអាចឲ្យអំណោយតិចតួចឬសរសេរសំបុត្រ ដើម្បីជួយយើងឲ្យកាន់តែមានទំនាក់ទំនងល្អជាមួយពួកគេ។ ពេលយើងធ្វើអ្វីទាំងនោះ យើងជួយសាច់ញាតិឲ្យដឹងថាយើងស្រឡាញ់ពួកគេ។
១៥ សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះអាណាពីប្រទេសអាមេនី។ ក្រុមគ្រួសាររបស់គាត់ច្រើនតែចំណាយពេលជាមួយគ្នា ជាពិសេសនៅថ្ងៃខួបកំណើតនិងថ្ងៃបុណ្យទាន។ ពេលបងអាណាចូលសេចក្ដីពិត សាច់ញាតិរបស់គាត់ចាប់ផ្ដើមបារម្ភថាពួកគេលែងជិតស្និទ្ធគ្នាទៀត។ ពួកគេក៏បារម្ភដែរថា ការសម្រេចចិត្តរបស់គាត់ឲ្យទៅជាសាក្សីនឹងប៉ះពាល់យ៉ាងណាដល់អនាគតរបស់គាត់។ តើបងអាណាបានធ្វើអ្វីដើម្បីជួយពួកគេកុំឲ្យបារម្ភអំពីគាត់? គាត់និយាយថា៖ «ពេលខ្ញុំទៅលេងសាច់ញាតិរបស់ខ្ញុំ ខ្ញុំប្រាប់ពួកគេអំពីអ្វីដែលកើតឡើងក្នុងជីវិតរបស់ខ្ញុំ ហើយអ្វីដែលខ្ញុំធ្វើ។ ខ្ញុំក៏អញ្ជើញពួកគេឲ្យមកផ្ទះខ្ញុំ ហើយណែនាំពួកគេឲ្យស្គាល់មិត្តរបស់ខ្ញុំដែរ។ ដូច្នេះ សាច់ញាតិភាគច្រើនរបស់ខ្ញុំស្គាល់មិត្តជិតស្និទ្ធរបស់ខ្ញុំ ហើយមានអារម្មណ៍ស្រួលជាមួយនឹងពួកគេ»។ បងអាណាបន្ថែមថា៖ «សាច់ញាតិជាច្រើនរបស់ខ្ញុំនិយាយថា ពួកគេឃើញថាខ្ញុំសប្បាយ ហើយពួកគេលែងបារម្ភទៀត»។
១៦. តើលោកយេស៊ូបានបង្ហាញការយកចិត្តទុកដាក់ចំពោះយ៉ាកុបដែលជាប្អូនប្រុសរបស់លោកយ៉ាងដូចម្ដេច? (សូមមើលកំណត់សម្គាល់ផងដែរ)
១៦ សូមបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះអ្វីដែលកើតឡើងក្នុងជីវិតរបស់ពួកគេ។ សូមគិតអំពីលោកយេស៊ូ។ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានបង្ហាញការយកចិត្តទុកដាក់ចំពោះយ៉ាកុបដែលជាប្អូនប្រុសរបស់លោក ដោយលេចមកជួបគាត់ផ្ទាល់។ (១កូ. ១៥:៧) យ៉ាកុបទំនងជាសប្បាយចិត្តជាខ្លាំងពេលដែលគាត់ដឹងថាលោកនៅតែស្រឡាញ់គាត់។ ការលេចមកជួបនេះទំនងជាបានធ្វើឲ្យយ៉ាកុបជឿជាក់ថាលោកយេស៊ូជាមេស្ស៊ី។ ក្រោយពីការជួបជុំគ្នានោះ យ៉ាកុបប្រហែលជាជួយសមាជិកផ្សេងទៀតក្នុងក្រុមគ្រួសាររបស់គាត់ឲ្យយល់ថាលោកយេស៊ូជាមេស្ស៊ី។c—សកម្ម. ១:១៤
១៧. តើយើងអាចធ្វើតាមគោលការណ៍នៅរ៉ូម ១២:១៥យ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៧ សូមអាន រ៉ូម ១២:១៥។ បើយើងបង្ហាញការយកចិត្តទុកដាក់ចំពោះបុគ្គលជាទីស្រឡាញ់របស់យើងពេលដែលពួកគេត្រូវការបំផុត មិនថាពេលសប្បាយឬពេលលំបាកក្ដី ពួកគេប្រហែលជានឹងផ្លាស់ប្ដូរចិត្តគំនិតរបស់ពួកគេចំពោះយើង។d ជាឧទាហរណ៍ យើងអាចអបអរពេលពួកគេបង្កើតកូន ហើយឲ្យអំណោយដើម្បីបង្ហាញថាយើងអរសប្បាយជាមួយនឹងពួកគេ។ ពេលសមាជិកក្រុមគ្រួសារបាត់បង់បុគ្គលជាទីស្រឡាញ់ យើងអាចនិយាយសម្រាលទុក្ខពួកគេ ជួយធ្វើកិច្ចការផ្សេងៗ ឬសរសេរកាតដើម្បីសម្រាលទុក្ខពួកគេ។ ម្យ៉ាងទៀត យើងគួរសួរសុខទុក្ខពួកគេជារឿយៗ ជាពិសេសពេលពួកគេជួបការពិបាក។
បើអ្នកបង្ហាញការយកចិត្តទុកដាក់ចំពោះបុគ្គលជាទីស្រឡាញ់របស់អ្នកពេលពួកគេត្រូវការបំផុត ពួកគេប្រហែលជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេចំពោះអ្នកនិងចំពោះជំនឿរបស់អ្នក (សូមមើលវគ្គ១៧)h
១៨. តើយើងអាចធ្វើតាមគំរូរបស់អនទ្រេយ៉ាងដូចម្ដេច?
១៨ សូមណែនាំពួកគេឲ្យស្គាល់បងប្អូនរួមជំនឿ។ ពេលអនទ្រេបានដឹងថាលោកយេស៊ូគឺជាមេស្ស៊ី គាត់បានទៅជួបពេត្រុសដែលជាបងប្អូនរបស់គាត់ ហើយនាំពេត្រុសទៅជួបលោក។ (យ៉ូន. ១:៤០-៤២) តើយើងអាចធ្វើអ្វីស្រដៀងនឹងនេះជាមួយនឹងសាច់ញាតិរបស់យើងឬទេ? ជាឧទាហរណ៍ ម្ដងម្កាល តើយើងអាចអញ្ជើញសាច់ញាតិឲ្យចូលរួមកិច្ចប្រជុំឬបរិភោគអាហារជាមួយនឹងមិត្តរបស់យើងឬទេ? កាលដែលយើងនាំគាត់ឲ្យស្គាល់បងប្អូនរួមជំនឿ នោះគាត់នឹងឃើញថាសាក្សីគឺជាមនុស្សល្អនិងជាមនុស្សធម្មតា។
១៩. ទោះជាសាច់ញាតិរបស់យើងមិនយល់ទាំងស្រុងអំពីជំនឿរបស់យើងក៏ដោយ តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះពួកគេ? (ពេត្រុសទី១ ៣:១៥)
១៩ សូមអាន ពេត្រុសទី១ ៣:១៥។ ទោះជាសមាជិកក្រុមគ្រួសារប្រហែលជាមិនយល់ទាំងស្រុងអំពីមូលហេតុដែលយើងមិនធ្វើអ្វីណាមួយក្ដី ពួកគេនឹងតែងតែចាំអំពីរបៀបដែលយើងប្រព្រឹត្តដោយសប្បុរសនិងដោយការគោរពចំពោះពួកគេ។ ពិតមែនតែយើងមិនអាចចូលរួមពិធីបុណ្យឬទំនៀមទម្លាប់ដែលប្រឆាំងនឹងគោលការណ៍គម្ពីរ តែយើងអាចទៅលេងក្រុមគ្រួសារ បរិភោគអាហារជាមួយគ្នា និងឲ្យអំណោយពួកគេនៅពេលផ្សេងទៀត។ ពួកគេប្រហែលជាសប្បាយដែលយើងលៃទុកពេលជាមួយពួកគេនៅពេលផ្សេងទៀតទាំងនោះ។
សូមកុំអស់សង្ឃឹមចំពោះសាច់ញាតិរបស់អ្នកឡើយ
២០. ហេតុអ្វីគំរូរបស់យ៉ាកុបលើកទឹកចិត្តយើង?
២០ យ៉ាកុបខកខានឱកាសទៅតាមលោកយេស៊ូក្នុងកិច្ចបម្រើរបស់លោកនៅផែនដី តែនៅពេលក្រោយមក គាត់បានទៅជាអ្នកកាន់តាម។ (កាឡ. ១:១៨, ១៩; ២:៩) ទោះជាយ៉ាកុបមិនមែនជាអ្នកកាន់តាមដំបូងរបស់លោកយេស៊ូក្ដី គាត់ច្បាស់ជាបានឲ្យសេចក្ដីបង្រៀនរបស់លោកយេស៊ូជ្រាបចូលក្នុងចិត្តរបស់គាត់។ ជាឧទាហរណ៍ ក្រោមការដឹកនាំរបស់ព្រះ គាត់បានសរសេរសំបុត្រដែលលើកឡើងអំពីមេរៀនដែលស្រដៀងនឹងអ្វីដែលលោកយេស៊ូបង្រៀនក្នុងសុន្ទរកថារបស់លោកនៅលើភ្នំ។e
២១. ហេតុអ្វីយើងមិនគួរអស់សង្ឃឹមនឹងសាច់ញាតិរបស់យើងដែលមិនមែនជាអ្នកជឿ?
២១ ទោះជាយើងខំអស់ពីសមត្ថភាពក្ដី សាច់ញាតិរបស់យើងដែលមិនមែនជាអ្នកជឿ ប្រហែលជាមិនចាប់អារម្មណ៍សេចក្ដីពិតឬមិនពេញចិត្តរាប់អានយើងទេ។ ហេតុអ្វីយើងមិនគួរអស់សង្ឃឹមនឹងពួកគេ? ពីព្រោះរាល់ដងដែលយើងបង្ហាញចិត្តសប្បុរសទៅកាន់សាច់ញាតិរបស់យើង យើងនឹងយកតម្រាប់ព្រះយេហូវ៉ាដែលជាបិតានៃសេចក្ដីមេត្តាករុណា និងយកតម្រាប់លោកយេស៊ូដែលជាបុត្ររបស់លោក។ (លូក. ៦:៣៣, ៣៦) យូរៗទៅ ការប្រព្រឹត្តរបស់យើងដែលបង្ហាញសេចក្ដីស្រឡាញ់ ប្រហែលជាជំរុញចិត្តពួកគេឲ្យផ្លាស់ប្ដូរទស្សនៈរបស់ពួកគេចំពោះយើង។ ពួកគេប្រហែលជាថែមទាំងចាំអ្វីៗដែលយើងធ្លាប់ប្រាប់ពួកគេអំពីជំនឿរបស់យើងទៀតផង។ បើយើងមិនអស់សង្ឃឹមនឹងពួកគេទេ នោះយើងប្រហែលជានឹងឃើញសាច់ញាតិខ្លះរបស់យើងចូលរួមការគោរពប្រណិប័តន៍ពិតជាមួយយើង ហើយនោះនឹងធ្វើឲ្យយើងអរសប្បាយមែន!
ចម្រៀងលេខ៦០ ចូរខំជួយគេឲ្យបានរួចជីវិត
a ការពន្យល់ពាក្យ៖ នៅក្នុងគម្ពីរ ពាក្យ«មិនមែនជាអ្នកជឿ» មិនតែងតែសំដៅទៅលើបុគ្គលដែលមិនជឿថាមានព្រះឬដែលមិនកាន់សាសនាទេ។ (១កូ. ៧:១២) ក្នុងអត្ថបទនេះ ពាក្យ«មិនមែនជាអ្នកជឿ»សំដៅទៅលើសាច់ញាតិដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។
b សូមមើលអត្ថបទដែលមានចំណងជើងថា «តើយើងដឹងអ្វីខ្លះអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅថ្ងៃអនាគត?» នៅក្នុងទស្សនាវដ្ដីប៉មយាម ខែឧសភា ឆ្នាំ២០២៤ ទំ.១១ វ.១១-១៣។
c យ៉ាងហោចណាស់ ប្អូនប្រុសពីរនាក់របស់លោកយេស៊ូគឺយ៉ាកុបនិងយូដាសបានក្លាយទៅជាគ្រិស្តសាសនិកក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។
d សូមមើលប្រអប់ដែលមានចំណងជើងថា «តើអ្នកគួរចូលរួមពិធីអាពាហ៍ពិពាហ៍ឬពិធីបុណ្យសពរបស់សាច់ញាតិដែលមិនមែនជាសាក្សីព្រះយេហូវ៉ាឬទេ?»។
e សូមប្រៀបធៀបដើម្បីឃើញភាពស្រដៀងគ្នារវាងយ៉ាកុប ១:២និងម៉ាថាយ ៥:១១, ១២; យ៉ាកុប ១:១៩និងម៉ាថាយ ៥:២២; យ៉ាកុប ១:២២; ២:២៤និងម៉ាថាយ ៧:២១; យ៉ាកុប ២:១៣និងម៉ាថាយ ៥:៧; ៦:១៤, ១៥។
f ដើម្បីបានព័ត៌មានបន្ថែមអំពីអ្វីដែលអ្នកគួរធ្វើពេលជួបរឿងបែបនេះ សូមមើលសំណួរពីអ្នកអាន នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។
g ការពណ៌នាអំពីរូបភាព៖ មុនចេញទៅផ្សព្វផ្សាយ បងស្រីម្នាក់រៀបចំអាហារឲ្យប្ដីគាត់។
h ការពណ៌នាអំពីរូបភាព៖ បងស្រីនោះក៏លៃពេលទៅលេងម្ដាយក្មេកដែលមិនមែនជាសាក្សីដែរ។