របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
របៀបបោះពុម្ពសាមញ្ញជាងអាចជួយ«មនុស្សគ្រប់ប្រភេទ»
ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥
ព្រះយេហូវ៉ាចង់ឲ្យ«មនុស្សគ្រប់ប្រភេទ»មាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៣, ៤) ប៉ុន្តែ បងប្អូនយើងនិងមនុស្សក្នុងតំបន់ផ្សាយ និយាយភាសាផ្សេងៗខុសៗគ្នា។ ហេតុនេះ ជារៀងរាល់ឆ្នាំ យើងបោះពុម្ពសៀវភៅផ្សេងៗដែលជាសេចក្ដីបង្រៀនពីព្រះ ប្រមាណពីរពាន់លានច្បាប់ជាភាសាទាំងនោះ។ តើមានជំហានអ្វីខ្លះក្នុងការផលិតសៀវភៅទាំងនោះជាភាសាផ្សេងៗ ហើយដំណាលគ្នានោះយើងប្រើប្រាក់វិភាគទានយ៉ាងឈ្លាសវៃ?
ម៉ាស៊ីនបោះពុម្ពតិចជាង តែគុណភាពប្រសើរជាង
ក្នុងទសវត្សរ៍១៩៨០ យើងមានម៉ាស៊ីនបោះពុម្ពទស្សនាវដ្ដីនៅជាង៤០ប្រទេស។ ប៉ុន្តែបន្តិចម្ដងៗ មានការរៀបចំសាជាថ្មីដោយកាត់បន្ថយការបោះពុម្ពនៅត្រឹមតែ៩ប្រទេសប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ក្នុងអំឡុងពេលនោះ ចំនួនភាសាដែលយើងបោះពុម្ពជាទៀងទាត់បានកើនឡើងជិត៥០០ភាគរយ! នេះធ្វើឲ្យយើងឆ្ងល់ថាតើយើងអាចបោះពុម្ពច្រើនភាសាជាងយ៉ាងដូចម្ដេច បើមានម៉ាស៊ីនបោះពុម្ពតិចជាងមុនដូច្នេះ? មូលហេតុមួយគឺយើងមានឧបករណ៍ទំនើបជាង។
ម៉ាស៊ីនថ្មីជួយយើងឲ្យបោះពុម្ពសៀវភៅបានច្រើនជាង ហើយប្រើពេលវេលាតិចជាង។ ម៉ាស៊ីនបោះពុម្ពចាស់ ត្រូវការពេលវេលាច្រើនជាងពេលផ្លាស់ប្ដូរទឹកថ្នាំសម្រាប់បោះពុម្ពម្ដងៗ។ ចំណែកម៉ាស៊ីនថ្មីវិញ ការផ្លាស់ប្ដូរទឹកថ្នាំសម្រាប់បោះពុម្ពគឺលឿនជាងដល់ទៅបួនដង។ ម៉ាស៊ីននេះមានទំហំតូចនិងងាយស្រួលបោះពុម្ពសៀវភៅផ្សេងៗជាភាសាដែលមានតែមនុស្សមួយចំនួនតូចនិយាយ។ ហេតុនេះហើយ យើងអាចសម្រេចកិច្ចការបានច្រើនជាងនិងលឿនជាងម៉ាស៊ីនបោះពុម្ពចាស់។ ប៉ុន្តែទោះជាម៉ាស៊ីនបោះពុម្ពចាស់និងថ្មីក៏ដោយ ទាំងពីរសុទ្ធតែត្រូវការបន្ទះបោះពុម្ពថ្មី។ ដូច្នេះ ក្នុងអំឡុង១២ខែកន្លងទៅនេះ ការចំណាយទៅលើបន្ទះបោះពុម្ពប៉ុណ្ណោះ គឺប្រមាណពីរលានដុល្លារ។a ម្ល៉ោះហើយ សម្រាប់កិច្ចការដែលមានបរិមាណតិច យើងចេញតាមតែអ៊ីនធឺណិតប៉ុណ្ណោះ ព្រោះនោះមិនតម្រូវឲ្យប្រើបន្ទះបោះពុម្ព។ អ្វីទាំងនោះរួមបញ្ចូលអ្វីដែលអាចមើលតាមគ្រឿងអេឡិចត្រូនិក។ តាមវិធីនោះយើងមិនប្រើធនធានដោយខ្ជះខ្ជាយឡើយ។
ការប្ដូរបន្ទះម៉ាស៊ីនបោះពុម្ព
ក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅនេះ យើងបានចំណាយជាង១០លានដុល្លារទៅលើការបង្កើនគុណភាពម៉ាស៊ីនបោះពុម្ពនិងម៉ាស៊ីនចងក្រងក្រដាស។ សូមពិចារណារបៀបដែលយើងប្រើឧបករណ៍ទាំងនោះដើម្បីផលិតគម្ពីរ។ កាលពីមុន ដើម្បីផលិតគម្ពីរមួយក្បាល យើងមានដំណាក់កាលផ្សេងៗជាង៤០ក្រោយពីបោះពុម្ព ដូចជាការដេរ ការកាត់ ការតម្រឹម ការខាត់ និងការតុបតែងជាដើម។ បន្ថែមទៅទៀត នៅចន្លោះដំណាក់កាលនីមួយៗ យើងក៏មានកិច្ចការបន្ថែមដែលត្រូវធ្វើដោយដៃផងដែរ។ ប៉ុន្តែនៅសព្វថ្ងៃនេះ ដោយសារតែប្រើម៉ាស៊ីនថ្មី យើងមានតែ១០ដំណាក់កាលប៉ុណ្ណោះ ព្រោះដំណាក់កាលជាច្រើនបានបញ្ចូលគ្នា។ ដូច្នេះ ការផលិតគម្ពីរបានត្រូវកាត់បន្ថយពេលវេលាជាងពាក់កណ្ដាល។ នៅការិយាល័យសាខាជប៉ុន ម៉ាស៊ីនទាំងនោះធ្លាប់តែផលិតគម្ពីរ២.០០០ក្បាល រៀងរាល់៨ម៉ោង។ ឥឡូវបានផលិតគម្ពីរប្រមាណ៣៥.០០០ក្បាល ក្នុងថេរវេលាដូចគ្នា!
បារកូដសម្រាប់សម្គាល់ផ្នែកនីមួយៗនៃគម្ពីរដើម្បីចងក្រងចូលគ្នា
ម៉ាស៊ីនថ្មីនេះជួយកាត់បន្ថយការចំណាយ
លទ្ធផលពីការជឿនលឿននេះ នាំឲ្យយើងអាចសន្សំសំចៃប្រាក់វិភាគទាន។ ជាឧទាហរណ៍ ដោយសារការចាត់ចែងកិច្ចការបោះពុម្ពតិចជាងនិងមានការកែប្រែញឹកញាប់ជាង នោះយើងអាចកាត់បន្ថយចំនួនសៀវភៅដែលត្រូវស្ដុកទុកក្នុងរោងបោះពុម្ពនីមួយៗដែរ។ បងហ្គារីដែលបម្រើនៅការិយាល័យសាខាសហរដ្ឋអាម៉េរិក បានប្រាប់ថា៖«ដំបូង យើងមិនដឹងច្បាស់ថាការបោះពុម្ពក្នុងចំនួនតិចជាងគឺជាគំនិតល្អឬយ៉ាងណាទេ ព្រោះមើលទៅការបោះពុម្ពក្នុងចំនួនច្រើនជាង ធ្វើឲ្យយើងមិនសូវចំណាយពេលបោះពុម្ពញឹកញាប់។ នៅឆ្នាំដំបូង ក្រោយពីយើងចាប់ផ្ដើមបោះពុម្ពក្នុងចំនួនតិចជាង យើងបោះពុម្ពញឹកញាប់ជាង ហើយការចំណាយទៅលើបន្ទះបោះពុម្ពនិងក្រដាសគឺជាង៦០.០០០ដុល្លារ។ ប៉ុន្តែ យើងឃើញថាយើងសន្សំបានជាង១,៥លានដុល្លារនៅឆ្នាំនោះ ទៅលើការចំណាយដែលទាក់ទងនឹងការស្ដុកទុកក្រដាសនិងសៀវភៅបោះពុម្ព»។ ប្រាក់សន្សំទាំងនេះអាចយកទៅប្រើប្រាស់ទៅលើអ្វីផ្សេងទៀតដែលសំខាន់ៗ ដូចជាការសាងសង់សាលប្រជុំ និងការផ្ដល់ជំនួយសម្រាប់គ្រោះមហន្តរាយធម្មជាតិ។
ជាលទ្ធផល អ្វីដែលត្រូវស្ដុកទុកគឺតិចជាង ហើយក៏មាននៅសល់បរិវេណច្រើនជាងនៅកន្លែងខ្លះក្នុងការិយាល័យសាខាដែរ។ ហើយកន្លែងទំនេរទាំងនោះអាចប្រើសម្រាប់តម្រូវការផ្សេងទៀតនៅបេតអែល។ បន្ថែមទៅទៀត ដោយសារទីតាំងបោះពុម្ពតូចជាងមុន យើងអាចកែប្រែទំហំនៃការិយាល័យសាខាថ្មីៗដែលយើងកំពុងសាងសង់។ ជាឧទាហរណ៍ នៅឆ្នាំ២០១៨ កិច្ចការបោះពុម្ពសម្រាប់ការិយាល័យសាខាអង់គ្លេស បានធ្វើនៅការិយាល័យសាខាអឺរ៉ុបកណ្ដាលនិងកន្លែងបោះពុម្ពផ្សេងទៀត។ នេះបានជួយសន្សំសំចៃប្រាក់រាប់លានដុល្លារក្នុងការចំណាយទៅលើការសាងសង់ការិយាល័យសាខាថ្មីនៅឆេមស្វឺត ប្រទេសអង់គ្លេស។
«លោកបាននឹកឃើញខ្ញុំ!»
សំខាន់ជាងនោះទៅទៀត ដោយសាររបៀបបោះពុម្ពសាមញ្ញជាង នោះនាំឲ្យមនុស្សកាន់តែច្រើនចូលទៅជិតព្រះយេហូវ៉ា។ ឥឡូវយើងអាចបោះពុម្ពច្រើនភាសាជាង ជាពិសេសពេលយើងបោះពុម្ពសៀវភៅតែមួយចំនួនតូចប៉ុណ្ណោះ។ ជាឧទាហរណ៍ អ្នកដែលនិយាយភាសាវ័រលីហ្សិន មានប្រមាណតែ៣៥.០០០នាក់ប៉ុណ្ណោះ។ ពួកគេកំពុងរស់នៅតំបន់នូវែលកាឡេដូនី នៅវ៉ាលីសនិងហ្វូធូណា។ ប៉ុន្តែ នៅខែសីហា ឆ្នាំ២០២៤ យើងបានចេញគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ជាភាសាវ័រលីហ្សិន។ អ្នកផ្សព្វផ្សាយម្នាក់ឈ្មោះស៊ីឡាហ្វីណា ដែលនិយាយភាសាវ័រលីហ្សិន បានរៀបរាប់ថា៖«ខ្ញុំធ្លាប់អានគម្ពីរជាភាសាបារាំង តែមានពាក្យខ្លះខ្ញុំមិនយល់ទេ។ ដូច្នេះ ពេលយើងទទួលគម្ពីរជាភាសាវ័រលីហ្សិន ខ្ញុំរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។ ខ្ញុំបានអធិដ្ឋានថា៖‹ឱព្រះយេហូវ៉ា អរគុណដែលលោកបាននឹកឃើញខ្ញុំ! លោកជាព្រះដែលមិនចេះរើសមុខមែន›»។
គម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីទាំងមូលមានជាភាសាវ័រលីហ្សិន
នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានមនុស្សតិចជាង៥០០.០០០នាក់និយាយភាសាសឺងហ្គា ទោះជាយ៉ាងនោះក្ដី អង្គការយើងបានបោះពុម្ពសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ជាភាសានោះ។ បងហូស្វេដែលនៅក្នុងក្រុមជំនុំភាសាសឺងហ្គា បានរៀបរាប់ថា៖«ពីមុន ខ្ញុំបានចំណាយពេលច្រើនដើម្បីពន្យល់និងបកប្រែពាក្យផ្សេងៗដល់សិស្សគម្ពីររបស់ខ្ញុំ។ តែជួនកាលសិស្សគម្ពីរខ្ញុំនៅតែមិនយល់ព័ត៌មានក្នុងសៀវភៅនេះ។ ខ្ញុំពិតជាសប្បាយណាស់ដែលសៀវភៅនេះចេញជាភាសាសឺងហ្គា! ឥឡូវសិស្សគម្ពីរខ្ញុំយល់អ្វីដែលពួកគេបានរៀន ហើយខ្ញុំមិនចាំបាច់ចំណាយពេលច្រើនក្នុងការពន្យល់ពួកគេទៀតទេ»។
សិស្សគម្ពីរម្នាក់នៅប្រទេសហុងឌូរ៉ាស កំពុងប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ជាភាសាហ្គារីហ្វូណា ដែលមានមនុស្សនិយាយភាសានេះប្រមាណ១២០.០០០នាក់
អង្គការយើងកំពុងបោះពុម្ពនិងចែកចាយសេចក្ដីបង្រៀនពីគម្ពីរដែលប្រៀបដូចជាអាហារដល់មនុស្សកាន់តែច្រើនឡើង និងច្រើនភាសាជាងពេលមុនៗទៅទៀត។ វិភាគទានរបស់បងប្អូន រួមទាំងវិភាគទានដែលធ្វើតាមគេហទំព័រdonate.jw.org អាចជួយយើងឲ្យសម្រេចកិច្ចការនោះបាន។ យើងសូមអរគុណចំពោះការជូនវិភាគទានដោយចិត្តទូលាយរបស់បងប្អូន។
a ប្រាក់ដុល្លារដែលបានរៀបរាប់ក្នុងអត្ថបទនេះ គឺសំដៅទៅលើដុល្លារអាម៉េរិក។