តើអ្នកណាជាសត្រូវរបស់គ្រិស្ត?
ចម្លើយពីគម្ពីរ
សត្រូវរបស់គ្រិស្តមិនគ្រាន់តែជាបុគ្គលម្នាក់ឬអង្គភាពមួយទេ ព្រោះគម្ពីរចែងថាមាន«សត្រូវជាច្រើនរបស់គ្រិស្ត»។ (យ៉ូហានទី១ ២:១៨) ពាក្យភាសាក្រិចដែលបកប្រែថា«សត្រូវរបស់គ្រិស្ត» មានន័យថា«ប្រឆាំងនឹងគ្រិស្ត»។ នេះសំដៅទៅបុគ្គលណាក៏ដោយ ដែលប្រព្រឹត្តទង្វើដូចខាងក្រោម៖
មិនទទួលស្គាល់លោកយេស៊ូជាគ្រិស្ត(មេស្ស៊ី) ឬមិនទទួលស្គាល់លោកជាបុត្ររបស់ព្រះ។—យ៉ូហានទី១ ២:២២
ប្រឆាំងនឹងគ្រិស្តជាអ្នកដែលព្រះបានរើសតាំង។—ចម្រៀងសរសើរព្រះ ២:១, ២; លូកា ១១:២៣
តាំងខ្លួនជាគ្រិស្ត។—ម៉ាថាយ ២៤:២៤
បៀតបៀនអ្នកកាន់តាមគ្រិស្ត។ លោកយេស៊ូចាត់ទុកទង្វើនោះដូចបៀតបៀនលោកដែរ។—សកម្មភាព ៩:៥
អះអាងថាខ្លួនជាគ្រិស្តសាសនិក តែដំណាលគ្នានោះ ប្រព្រឹត្តប្រឆាំងច្បាប់ឬបោកបញ្ឆោត។—ម៉ាថាយ ៧:២២, ២៣; កូរិនថូសទី២ ១១:១៣
គម្ពីរមិនគ្រាន់តែសំដៅទៅលើបុគ្គលណាម្នាក់ដែលប្រព្រឹត្តទង្វើទាំងនេះ ថាជា«សត្រូវរបស់គ្រិស្ត»ទេ តែក៏សំដៅទៅលើពួកគេជាក្រុមដែរ។ (យ៉ូហានទី២ ៧) ដំបូង សត្រូវរបស់គ្រិស្តបានលេចមកនៅគ្រាដែលពួកសាវ័ករបស់លោកយេស៊ូរស់នៅ ហើយបន្តរីកដុះដាលរហូតមកដល់សព្វថ្ងៃ។ នេះដូចអ្វីដែលគម្ពីរបានប្រកាសទុកជាមុនមែន។—យ៉ូហានទី១ ៤:៣
របៀបសម្គាល់សត្រូវរបស់គ្រិស្ត
ពួកគេលើកស្ទួយសេចក្ដីបង្រៀនមិនពិតដែលទាក់ទងនឹងលោកយេស៊ូ។ (ម៉ាថាយ ២៤:៩, ១១) ជាឧទាហរណ៍ មានសេចក្ដីបង្រៀនអំពីព្រះបីរួមជាព្រះតែមួយ អំពីលោកយេស៊ូគឺជាព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត។ ពួកអ្នកដែលបង្រៀនសេចក្ដីទាំងនេះ តាមពិតពួកគេមិនមែនបង្រៀនសេចក្ដីពិតទេ តែកំពុងប្រឆាំងសេចក្ដីបង្រៀនរបស់លោកយេស៊ូហើយ។ ព្រោះលោកបានមានប្រសាសន៍ថា៖«បិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។—យ៉ូហាន ១៤:២៨
សត្រូវរបស់គ្រិស្តប្រឆាំងអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ស្ដីអំពីរាជាណាចក្រព្រះ។ ជាឧទាហរណ៍ អ្នកដឹកនាំសាសនាខ្លះនិយាយថាគ្រិស្តកំពុងគ្រប់គ្រងតាមរយៈរដ្ឋាភិបាលរបស់មនុស្ស។ ប៉ុន្តែ សេចក្ដីបង្រៀននេះផ្ទុយពីអ្វីដែលលោកយេស៊ូបានប្រាប់ ដែលថា៖«រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។—យ៉ូហាន ១៨:៣៦
ពួកគេបានហៅលោកយេស៊ូថាព្រះអម្ចាស់ តែពួកគេមិនស្ដាប់បង្គាប់លោកទេ។ បង្គាប់មួយក្នុងនោះគឺផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។—ម៉ាថាយ ២៨:១៩, ២០; លូកា ៦:៤៦; សកម្មភាព ១០:៤២