តើកងទ័ពរក្សាសន្តិភាពអាចធ្វើឲ្យពិភពលោកមានសន្តិភាពបានទេ?
សង្គ្រាមនិងជម្លោះប្រដាប់អាវុធ គឺមានកាន់តែច្រើនឡើងៗក្នុងពិភពលោកយើង។ ជាលទ្ធផល អង្គការសហប្រជាជាតិនិងអង្គការឯទៀតបានរួមចំណែកក្នុងការរក្សាឲ្យមានសន្តិភាពa នេះរួមបញ្ចូលការមានវត្តមាននៅកន្លែងមានសង្គ្រាមជាដើម។ ពួកគេសង្ឃឹមថាអាចជួយធ្វើឲ្យតំបន់ដែលមានអំពើហិង្សាមានស្ថិរភាពឡើងវិញ។ អគ្គរដ្ឋលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ គុថេរិស បាននិយាយថា៖«កងទ័ពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ កំពុងព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីឲ្យពិភពលោកយើងមានសន្តិភាព»។
អស់ជាច្រើនឆ្នាំ កងទ័ពរក្សាសន្តិភាពបានទទួលជោគជ័យមួយកម្រិត។ ជាឧទាហរណ៍ ពួកគេបានការពារជនស៊ីវិល បាននាំជនភៀសខ្លួនឲ្យត្រឡប់ទៅប្រទេសវិញ បានផ្ដល់ជំនួយជាស្បៀងអាហារ និងជួយសហគមន៍នានាដោយផ្ដល់សេវាកម្មផ្សេងៗដល់ពលរដ្ឋ។ ប៉ុន្តែ ដោយសារមានឧបសគ្គធំៗមួយចំនួន កងទ័ពរក្សាសន្តិភាព មិនអាចសម្រេចបានទាំងស្រុងដូចដែលពួកគេសង្ឃឹមឡើយ។ តើមានវិធីធ្វើឲ្យពិភពលោកមានសន្តិភាពរហូតទេ? តើគម្ពីរមានចម្លើយចំពោះរឿងនេះទេ?
ឧបសគ្គរារាំងការរក្សាសន្តិភាព និងអ្វីដែលគម្ពីរចែងអំពីដំណោះស្រាយ
ឧបសគ្គទី១: ខ្វះការសហការគ្នា។ តាមធម្មតា កងទ័ពរក្សាសន្តិភាពនិងអង្គការផ្សេងៗដែលមានទាំងយោធានិងជនស៊ីវិល មកពីប្រទេសផ្សេងៗដើម្បីសហប្រតិបត្តិការគ្នា។ ពេលខ្លះ អង្គការទាំងនោះធ្វើការមិនចុះសម្រុងគ្នាទេ ដោយសារពួកគេយល់ច្រឡំគ្នា ហើយអ្វីដែលពួកគេចាត់ទុកថាសំខាន់ក៏ខុសគ្នាដែរ។
អ្វីដែលគម្ពីរចែងអំពីដំណោះស្រាយ៖ «ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រមួយឡើង . . . ថែមទាំងកម្ទេចរាជាណាចក្រទាំងអស់នោះ[រដ្ឋាភិបាលរបស់មនុស្ស]ឲ្យសាបសូន្យទៅ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត»។—ដានីយ៉ែល ២:៤៤
នាអនាគតឆាប់ៗខាងមុខនេះ ព្រះនឹងបំបាត់ចោលសង្គ្រាមទាំងអស់ ហើយធ្វើឲ្យពិភពលោកមានសន្តិភាព។ (ចម្រៀងសរសើរព្រះ ៤៦:៨, ៩) ព្រះនឹងឲ្យរាជាណាចក្រលោកគ្រប់គ្រងជំនួសរដ្ឋាភិបាលទាំងអស់នៅផែនដី។ រាជាណាចក្រព្រះគឺជារដ្ឋាភិបាលដ៏ល្អឥតខ្ចោះមួយនៅស្ថានសួគ៌។ ពេលរាជាណាចក្រនេះគ្រប់គ្រងមកលើផែនដី នឹងលែងមានសង្គ្រាម និងអង្គការរក្សាសន្តិភាពទៀតហើយ។
ឧបសគ្គទី២: ធនធាននិងសមត្ថភាពមានកម្រិត។ អ្វីដែលកងទ័ពរក្សាសន្តិភាពអាចធ្វើបានគឺមានកម្រិត ព្រោះពួកគេមិនតែងតែមានថវិកា ធនធាន និងមនុស្សគ្រប់គ្រាន់ទេ។ រីឯបុគ្គលិកដែលធ្វើការក្នុងក្រុមនេះវិញ ពួកគេក៏ត្រូវធ្វើការនៅតំបន់ដែលមានស្ថានភាពច្របូកច្របល់និងគ្រោះថ្នាក់ផងដែរ។
អ្វីដែលគម្ពីរចែងអំពីដំណោះស្រាយ៖ «ព្រះរបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង . . . ឲ្យ[លោកយេស៊ូ]អង្គុយនៅខាងស្ដាំលោកនៅស្ថានសួគ៌ គឺលើកតម្កើងគ្រិស្តឲ្យខ្ពង់ខ្ពស់ជាងគ្រប់រដ្ឋាភិបាល អំណាច [និង]ឫទ្ធានុភាព»។—អេភេសូរ ១:១៧, ២០, ២១
ព្រះយេហូវ៉ាbជាព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត បានតែងតាំងលោកយេស៊ូឲ្យធ្វើជាស្ដេចនៃរាជាណាចក្រព្រះ។ (ដានីយ៉ែល ៧:១៣, ១៤c) ព្រះបានឲ្យអំណាចដ៏ខ្លាំងក្លាដល់លោកយេស៊ូ ព្រមទាំងប្រាជ្ញា និងការយល់ដឹងដ៏ជ្រាលជ្រៅ ដែលប្រសើរជាងរដ្ឋាភិបាលឬអង្គការណាទាំងអស់។ (អេសាយ ១១:២) បន្ថែមទៅទៀត លោកយេស៊ូក៏មានបណ្ដាទេវតាដែលជាកងទ័ពដ៏ខ្លាំងក្លាដែរ។ (ការបើកបង្ហាញ ១៩:១៤) ដូច្នេះ គ្មានស្ថានភាពណាស្មុគស្មាញឬពិបាកពេកសម្រាប់លោកឡើយ។
លោកយេស៊ូនឹងប្រើធនធាននិងសមត្ថភាពដែលព្រះផ្ដល់ឲ្យដើម្បីបំបាត់ចោលសង្គ្រាមទាំងអស់។ លោកនឹងធ្វើឲ្យមានសន្តិសុខ សេចក្ដីសុខសាន្ត និងសន្តិភាពដល់មនុស្សគ្រប់រូបដែលរស់នៅក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ។—អេសាយ ៣២:១៧, ១៨
ឧបសគ្គទី៣: ច្បាប់តឹងរ៉ឹង។ កងទ័ពរក្សាសន្តិភាព ជួនកាលមិនអាចធ្វើអ្វីដែលពួកគេចង់ធ្វើទេ ព្រោះពួកគេមិនមានការណែនាំច្បាស់លាស់អំពីអ្វីដែលធ្វើបានអ្វីដែលធ្វើមិនបាន ឬដោយសារតែមានច្បាប់តឹងរ៉ឹង។ ជាលទ្ធផល ពួកគេមិនអាចការពារអ្នកឯទៀតបានល្អឬមិនអាចសម្រេចគោលដៅពួកគេបានទាំងស្រុងឡើយ។
អ្វីដែលគម្ពីរចែងអំពីដំណោះស្រាយ៖ «[លោកយេស៊ូ]បានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។—ម៉ាថាយ ២៨:១៨
ព្រះបានឲ្យការណែនាំដ៏ជាក់លាក់ដល់លោកយេស៊ូដើម្បីធ្វើឲ្យមានសន្តិភាពនៅទូទាំងពិភពលោក ហើយព្រះឲ្យសិទ្ធិទាំងស្រុងដល់លោកដើម្បីធ្វើដូច្នោះ។ (យ៉ូហាន ៥:២២) លោកយេស៊ូនឹងមិនប្រព្រឹត្តដោយអយុត្តិធម៌ឬពុករលួយឡើយ។ (អេសាយ ១១:៣-៥) ហេតុនេះហើយបានជា គម្ពីរហៅលោកយេស៊ូថា«ម្ចាស់នៃសេចក្ដីសុខសាន្ត» ហើយរាជាណាចក្ររបស់លោកនឹងធ្វើឲ្យមាន«សេចក្ដីសុចរិតយុត្តិធម៌»។—អេសាយ ៩:៦, ៧
រាជាណាចក្រព្រះនឹងនាំឲ្យមានសន្តិភាពដ៏ពិតប្រាកដ
កងទ័ពរក្សាសន្តិភាពអាចនាំឲ្យមានស្ថិរភាពមួយកម្រិត ហើយប្រហែលអាចបញ្ចប់សង្គ្រាមនៅតំបន់ណាមួយបាន។ ប៉ុន្តែ ពួកគេមិនអាចបំបាត់ចោលដើមហេតុដែលធ្វើឲ្យមានអំពើហិង្សានិងអំពើឃោរឃៅឡើយ ពោលគឺការស្អប់គ្នា។
អតីតឯកអគ្គរាជទូតនៅសហរដ្ឋអាម៉េរិក លោកដេននីស ជេត បាននិយាយថា៖«បញ្ហាសំខាន់គឺគ្មានសន្តិភាពឲ្យរក្សាផងហ្នឹង!»។
ផ្ទុយទៅវិញ រាជាណាចក្រព្រះនឹងបង្កើតឲ្យមានសន្តិភាពពិតប្រាកដ ព្រោះរាជាណាចក្រនោះជួយមនុស្សឲ្យឈប់ស្អប់គ្នា។ ជាឧទាហរណ៍ ពេលលោកយេស៊ូនៅផែនដី លោកបានបង្រៀនអ្នកកាន់តាមលោកតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តអំពីរបៀបធ្វើឲ្យមានសន្តិភាពនិងបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត ដូចជា៖
លោកយេស៊ូក៏បានមានប្រសាសន៍ថា ពលរដ្ឋនៃរាជាណាចក្រព្រះនឹងត្រូវសម្គាល់ដោយសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នា។ ហេតុនេះហើយ គម្ពីរបញ្ជាក់យ៉ាងច្បាស់ថាបុគ្គលដែលស្អប់អ្នកឯទៀត នឹងមិនត្រូវអនុញ្ញាតឲ្យរស់នៅក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះឡើយ ដូចជា៖
ព្រះយេហូវ៉ាដែលជាអ្នកបង្កើតមនុស្សជាតិ លោកដឹងច្បាស់ថាមានវិធីល្អបំផុតនិងតែមួយគត់ ដើម្បីធ្វើឲ្យមានសន្តិភាពពេញពិភពលោក។ រាជាណាចក្រព្រះអាចធ្វើអ្វីដែលមនុស្សឬអង្គការរក្សាសន្តិភាពមិនអាចធ្វើបាន។
a អង្គការសហប្រជាជាតិនិងអង្គការឯទៀតក៏ប្រើពាក្យស្រដៀងនេះដែរ ដូចជា«ស្ថាបនាសន្តិភាព» «ធ្វើឲ្យមានសន្តិភាព» «គាំទ្រសន្តិភាព» និង«បង្កើតសន្តិភាព»។
b យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។
c នៅដានីយ៉ែល ៧:១៣, ១៤ ពាក្យ«កូនមនុស្ស»សំដៅទៅលើលោកយេស៊ូគ្រិស្ត។—ម៉ាថាយ ២៥:៣១; ២៦:៦៣, ៦៤