«ការប្រព្រឹត្តទៀងត្រង់ដ៏តូចមួយ»
ដាញែលដែលជាសាក្សីព្រះយេហូវ៉ាម្នាក់នៅអាហ្វ្រិកខាងត្បូង បានឃើញកាបូបមួយដែលភ្ញៀវបានភ្លេចនៅក្នុងហាងកាហ្វេ។ នៅក្នុងកាបូបនោះ មានកាបូបតូចមួយទៀតដែលមានលុយនិងកាតធនាគារផ្សេងៗ។ ដាញែលតាំងចិត្តប្រគល់កាបូបនោះឲ្យម្ចាស់វិញ ដូច្នេះនាងខំរកមើលអាសយដ្ឋានឬលេខទូរសព្ទក្នុងកាបូបនោះ តែនាងបានរកឃើញតែឈ្មោះរបស់បុរសនោះប៉ុណ្ណោះ។ នាងព្យាយាមទាក់ទងបុរសនោះតាមរយៈធនាគារ តែរកគាត់មិនឃើញទេ។ ទោះជាដូច្នោះក៏ដោយ នាងមិនឈប់ព្យាយាមឡើយ។ នាងបានរកឃើញលេខទូរសព្ទក្នុងវិក្កយបត្រពេទ្យក្នុងកាបូបនោះ ហើយបានទូរសព្ទទៅ។ អ្នកទទួលភ្ញៀវនៅពេទ្យនោះបានលើកទូរសព្ទ ហើយយល់ព្រមឲ្យលេខទូរសព្ទរបស់ដាញែលទៅបុរសនោះ។
ពេលពេទ្យទាក់ទងទៅបុរសនោះ គាត់ភ្ញាក់ផ្អើលណាស់ដែលឮថាដាញែលរើសបានកាបូបរបស់គាត់ ហើយចង់ប្រគល់ជូនគាត់វិញ។ ពេលបុរសនោះទៅយកកាបូប ដាញែលនិងឪពុកនាងបានស្វាគមន៍គាត់។ ពួកគេប្រើឱកាសនេះដើម្បីពន្យល់មូលហេតុដែលពួកគេព្យាយាមរកគ្រប់មធ្យោបាយដើម្បីស្វែងរកគាត់។ ពួកគេបានណែនាំខ្លួនជាសាក្សីព្រះយេហូវ៉ា ហើយថាពួកគេព្យាយាមរស់នៅស្របតាមគោលការណ៍គម្ពីរ។ នេះជាមូលហេតុដែលពួកគេព្យាយាមធ្វើជាមនុស្សទៀងត្រង់។—ហេប្រឺ ១៣:១៨
ប៉ុន្មានម៉ោងក្រោយមក បុរសនោះបានផ្ញើសារមកអរគុណដាញែលនិងឪពុកនាងម្ដងទៀតដែលបានឲ្យកាបូបមកគាត់វិញ។ គាត់បានសរសេរថា៖«ខ្ញុំពិតជាមានចិត្តដឹងគុណចំពោះអ្នកណាស់ដែលអ្នកខំរកខ្ញុំទាល់តែឃើញ។ ខ្ញុំសប្បាយណាស់ដែលបានជួបអ្នកនិងក្រុមគ្រួសាររបស់អ្នក ហើយខ្ញុំនឹងចាំមិនភ្លេចអំពីរបៀបដែលអ្នកបានបង្ហាញភាពរួសរាយរាក់ទាក់យ៉ាងកក់ក្ដៅមកកាន់ខ្ញុំ។ ដើម្បីបង្ហាញចិត្តដឹងគុណ ខ្ញុំចង់ជូនសគុណដល់អ្នក។ ខ្ញុំដឹងថាអ្នកបានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីធ្វើតាមតួនាទីដែលព្រះបានផ្ដល់ឲ្យអ្នក។ ភាពទៀងត្រង់ និងចិត្តស្មោះត្រង់របស់អ្នកបានបង្ហាញថាអ្នកជាមនុស្សបែបណា។ ដូច្នេះ ខ្ញុំចង់អរគុណអ្នកម្ដងទៀត ហើយសូមឲ្យព្រះឲ្យពរកិច្ចបម្រើរបស់អ្នក»។
ប៉ុន្មានខែក្រោយមក ឪពុករបស់ដាញែលបានទាក់ទងបុរសនោះម្ដងទៀត។ បុរសនោះបានប្រាប់ឪពុករបស់ដាញែលថា ថ្មីៗនេះគាត់ទើបតែរើសបានកាបូបមួយដែលជ្រុះនៅផ្សារ។ គាត់ព្យាយាមស្វែងរកស្ត្រីដែលជាម្ចាស់កាបូប រួចឲ្យកាបូបទៅនាងវិញ ហើយគាត់បានពន្យល់អំពីមូលហេតុដែលជំរុញចិត្តគាត់ឲ្យធ្វើដូច្នេះ។ គាត់ប្រាប់ស្ត្រីនោះថា គាត់ក៏ទើបតែបានទទួលប្រយោជន៍ពីការប្រព្រឹត្តទៀងត្រង់របស់អ្នកឯទៀតដែរ។ គាត់បន្ថែមទៀតថា៖«ការប្រព្រឹត្តទៀងត្រង់និងសប្បុរសដ៏តូចមួយ នាំឲ្យអ្នកឯទៀតចង់ធ្វើដូចគ្នាដែរ ហើយនេះនាំឲ្យមនុស្សក្នុងសហគមន៍មានជីវិតល្អប្រសើរជាង»។