ថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦
ចម្រៀងលេខ១២២ ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
របៀបរក្សាភក្ដីភាពពេលជំនឿរបស់យើងបានត្រូវសាកល្បង
«លោកម្ចាស់ តើយើងនឹងទៅឯអ្នកណាវិញ? ប្រសាសន៍របស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូន. ៦:៦៨
ចំណុចផ្ដោត
យើងអាចរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា មិនថាជំនឿរបស់យើងបានត្រូវសាកល្បងយ៉ាងណាក្ដី។
១-២. តើអ្វីបានកើតឡើងពេលលោកយេស៊ូបង្រៀននៅក្រុងកាពើណិម?
ពេលដែលលោកយេស៊ូបង្រៀននៅក្រុងកាពើណិម លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបរិភោគសាច់របស់កូនមនុស្ស ហើយមិនផឹកឈាមរបស់លោកទេ នោះអ្នករាល់គ្នានឹងមិនបានជីវិតឡើយ»។ លោកក៏បានបន្តថា៖ «អ្នកណាដែលបរិភោគសាច់របស់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំ អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយបង្អស់»។ (យ៉ូន. ៦:៥៣, ៥៤) រួចមក ពួកអ្នកកាន់តាមលោកយេស៊ូជាច្រើននាក់បាននិយាយថា៖ «សម្ដីនេះគួរឲ្យទាស់ចិត្តណាស់ តើអ្នកណាទ្រាំស្ដាប់បាន?»។—យ៉ូន. ៦:៦០
២ ពួកអ្នកដែលទាស់ចិត្តជាខ្លាំងនឹងសម្ដីរបស់លោកយេស៊ូ បានឈប់ទៅតាមលោកទៀត។ តើពួកគេមិនមានជំនឿទាល់តែសោះលើលោកឬទេ? តាមពិតមុនរឿងនេះកើតឡើង បណ្ដាជនខ្លះ រួមទាំងពួកអ្នកកាន់តាមលោកយេស៊ូបានកោតស្ងើចជាខ្លាំងនឹងអ្វីដែលលោកយេស៊ូបានធ្វើ រហូតដល់ពួកគេនិយាយថា៖ «អ្នកនេះប្រាកដជាអ្នកប្រកាសទំនាយដែលត្រូវចូលមកក្នុងពិភពលោកហើយ»។ (យ៉ូន. ៦:១៤) ដូច្នេះយើងឃើញថា ពួកអ្នកកាន់តាមទាំងនោះមានជំនឿមួយកម្រិតលើលោកយេស៊ូ។ ប៉ុន្តែ ពេលជំនឿរបស់ពួកគេបានត្រូវសាកល្បង ពួកគេមិនបានរក្សាភក្ដីភាពចំពោះលោកទេ។
៣. តើពួកសាវ័កមានប្រតិកម្មយ៉ាងណាចំពោះប្រសាសន៍របស់លោកយេស៊ូ ហើយហេតុអ្វី? (សូមមើលរូបភាពផងដែរ)
៣ ពួកសាវ័កមានប្រតិកម្មផ្សេងចំពោះប្រសាសន៍របស់លោកយេស៊ូ។ ពេលលោកយេស៊ូបានសួរពួកគេថា តើពួកគេចង់ឈប់ទៅតាមលោកដែរឬ នោះពេត្រុសបានឆ្លើយថា៖ «លោកម្ចាស់ តើយើងនឹងទៅឯអ្នកណាវិញ? ប្រសាសន៍របស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់។ យើងបានជឿ ក៏បានដឹងថា លោកជាអ្នកបរិសុទ្ធរបស់ព្រះ»។ (យ៉ូន. ៦:៦៨, ៦៩) សូមកត់សម្គាល់ថា ពេត្រុសមិនបាននិយាយថា គាត់និងពួកសាវ័កឯទៀតយល់យ៉ាងពេញលេញនូវអត្ថន័យនៃប្រសាសន៍របស់លោកយេស៊ូ ពេលលោកប្រាប់ពួកគេថា ពួកគេត្រូវបរិភោគសាច់របស់លោក ហើយផឹកឈាមរបស់លោកនោះទេ។ មិនថានៅពេលនោះពួកគេយល់យ៉ាងណាក៏ដោយ ពួកគេបានសម្រេចចិត្តរក្សាភក្ដីភាពចំពោះលោកយេស៊ូ។ ហេតុអ្វី? ពីព្រោះជំនឿរបស់ពួកគេមានមូលដ្ឋានលើសេចក្ដីពិតមួយដែលមិនអាចប្រកែកបាន គឺថាលោកយេស៊ូ«ជាគ្រិស្តនៃព្រះ»។—លូក. ៩:២០, ៣៥
ទោះជាពួកអ្នកកាន់តាមជាច្រើនបានចាកចេញពីលោកយេស៊ូក្ដី ពេត្រុសនិងពួកសាវ័កឯទៀតបន្តរក្សាភក្ដីភាពចំពោះលោក (សូមមើលវគ្គ៣)
៤. តើអ្វីខ្លះប្រហែលជាសាកល្បងជំនឿរបស់យើង?
៤ ភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ាអាចត្រូវសាកល្បងតាមរបៀបផ្សេងៗ។ ជាឧទាហរណ៍ តើយើងមានប្រតិកម្មយ៉ាងណាពេលដឹងអំពីការកែតម្រូវការយល់ដឹងនៃបទគម្ពីរណាមួយ ឬមានការផ្លាស់ប្ដូររបៀបរៀបចំក្នុងកិច្ចបម្រើផ្សាយ? ម្យ៉ាងទៀត តើយើងមានប្រតិកម្មយ៉ាងណាពេលយើងពិបាកយល់អំពីមូលហេតុដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងជួបរឿងខ្លោចផ្សាណាមួយ? ជំនឿរបស់យើងក៏អាចត្រូវសាកល្បងដែរ បើមិត្តភក្ដិជិតស្និទ្ធណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត ឬបើនរណាម្នាក់ដែលយើងគោរព ប្រព្រឹត្តមកលើយើងដោយអយុត្តិធម៌។
៥. ហេតុអ្វីយើងត្រូវពង្រឹងជំនឿរបស់យើង? សូមលើកឧទាហរណ៍មួយ។ (កូឡុស ១:២៣)
៥ ដើម្បីរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាក្នុងស្ថានភាពដ៏លំបាក យើងត្រូវមានជំនឿរឹងមាំលើលោក។ ជាឧទាហរណ៍ អគារដែលបានត្រូវសាងសង់នៅតំបន់ដែលច្រើនតែមានរញ្ជួយដី ត្រូវតែមានគ្រឹះរឹងមាំដើម្បីឲ្យអគារនោះនៅគង់វង្ស។ ស្រដៀងគ្នាដែរ យើងត្រូវមានជំនឿរឹងមាំដើម្បីរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាពេលជួបការពិបាកដូចដែលបានត្រូវរៀបរាប់នៅខាងលើ។ យ៉ាងនេះ យើងត្រូវបន្តពង្រឹងជំនឿរបស់យើងដើម្បីយើងនឹងបន្តបម្រើព្រះយេហូវ៉ា មិនថាមានអ្វីកើតឡើងក៏ដោយ។—១កូ. ១៥:៥៨; សូមអាន កូឡុស ១:២៣
៦. តើអ្វីបានជួយពួកសាវ័កឲ្យរក្សាភក្ដីភាពចំពោះលោកយេស៊ូ?
៦ តើអ្វីបានជួយពួកសាវ័កឲ្យរក្សាភក្ដីភាពចំពោះលោកយេស៊ូ ពេលបុគ្គលជាច្រើនឯទៀតបានបោះបង់ចោលលោកយេស៊ូ? ពួកសាវ័កជឿជាក់ថា ព្រះយេហូវ៉ាសមនឹងទទួលការគោរពប្រណិប័តន៍ដោយសារលោកជាអ្នកបង្កើតអ្វីៗទាំងអស់ ថាលោកយេស៊ូជាបុត្ររបស់ព្រះដែល«ប្រសាសន៍របស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់» ហើយថាលោកយេស៊ូបានទទួលការគាំទ្រយ៉ាងពេញលេញពីព្រះយេហូវ៉ា។ ឥឡូវ ជាជាងពិចារណាអំពីរបៀបជាក់លាក់ជាច្រើនដែលជំនឿរបស់យើងអាចត្រូវសាកល្បង សូមយើងពិចារណាសេចក្ដីបង្រៀនដ៏សំខាន់បីយ៉ាងដែលអាចជួយយើងឲ្យកាន់ជំហរមាំមួនមិនថាយើងជួបទុក្ខលំបាកណាក៏ដោយ។ នោះគឺ៖ (១) ព្រះយេហូវ៉ាគឺជាអ្នកបង្កើតអ្វីៗទាំងអស់។ (២) គម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា។ (៣) ព្រះយេហូវ៉ាកំពុងប្រើអង្គការរបស់លោកនៅសព្វថ្ងៃនេះ។ បើយើងជឿជាក់ទាំងស្រុងលើសេចក្ដីបង្រៀនទាំងបីនេះ នោះយើងនឹងរក្សាភក្ដីភាពពេលជំនឿរបស់យើងបានត្រូវសាកល្បង។
ព្រះយេហូវ៉ាគឺជាអ្នកបង្កើត
៧. (ក) តើការបើកបង្ហាញ ៤:១១រំលឹកយើងអំពីអ្វី? (ខ) តើអ្វីប្រហែលជាកើតឡើងពេលជំនឿរបស់យើងបានត្រូវសាកល្បង?
៧ សូមអាន ការបើកបង្ហាញ ៤:១១។ បទគម្ពីរនេះរំលឹកយើងថា ព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់។ នេះគឺជាមូលហេតុដ៏សំខាន់មួយដែលយើងគួរគោរពប្រណិប័តន៍លោក។ ម្យ៉ាងទៀត ពេលយើងរំពឹងគិតទៅលើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក យើងកាន់តែជឿជាក់ថាលោកអាចសង្គ្រោះយើងឲ្យរួចពីទុក្ខលំបាកទាំងអស់។ ប៉ុន្តែ សាថានបានធ្វើឲ្យពិភពលោកនេះពោរពេញទៅដោយការកុហកបោកប្រាស់ ដើម្បីធ្វើឲ្យមនុស្សសង្ស័យថាមិនមានព្រះ។ អ្នកវិទ្យាសាស្ត្រប្រហែលជាថែមទាំងអះអាងថា ជីវិតទាំងឡាយបានកើតឡើងដោយឯកឯងទៀតផង។ បើយើងមិនជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ាគឺជាអ្នកបង្កើត ហើយថាលោកស្រឡាញ់យើងទេ យើងប្រហែលជាចាប់ផ្ដើមសង្ស័យថាមិនមានលោក ហើយថាលោកនឹងមិនជួយយើងពេលដែលជំនឿរបស់យើងបានត្រូវសាកល្បងឡើយ។—ហេ. ១១:៦
៨-៩. តើអ្នកគួរធ្វើអ្វីបើអ្នកចាប់ផ្ដើមសង្ស័យថាព្រះយេហូវ៉ាមិនមែនជាអ្នកបង្កើត? (សូមមើលរូបភាពផងដែរ)
៨ បើអ្នកចាប់ផ្ដើមសង្ស័យថាព្រះយេហូវ៉ាមិនមែនជាអ្នកបង្កើត សូមចាត់វិធានការភ្លាមៗ។ សូមស្រាវជ្រាវយ៉ាងហ្មត់ចត់ក្នុងសៀវភៅរបស់យើងដើម្បីរកឃើញភ័ស្តុតាងដែលបង្ហាញថា ព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់។ អ្នកអាចរកឃើញព័ត៌មានជាច្រើនដែលអាចពង្រឹងជំនឿរបស់អ្នកក្នុងសៀវភៅស្ដើងតើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? និងសៀវភៅស្ដើងដើមកំណើតនៃជីវិត សំណួរទាំងប្រាំដែលយើងគួរឆ្ងល់។ នៅគេហទំព័រjw.org/km មានទីសម្អាងថែមទៀតអំពីរឿងនេះក្នុងអត្ថបទតភាគ «តើមានអ្នកគ្រោងបង្កើតឬទេ?»។ ប្អូនស្រីវ័យក្មេងម្នាក់នៅសហរដ្ឋអាម៉េរិកឈ្មោះជេស៊ីកានិយាយថា៖ «ក្រោយពីខ្ញុំបានអានសៀវភៅស្ដើងដើមកំណើតនៃជីវិត ខ្ញុំឃើញច្បាស់ថា មានភ័ស្តុតាងដែលបង្ហាញថាមានអ្នកបង្កើតដ៏មានប្រាជ្ញា។ ខ្ញុំស្គាល់រឿងនេះរួចហើយ តែក្រោយពីមើលការវែកញែកក្នុងសៀវភៅស្ដើងនោះ ខ្ញុំកាន់តែជឿជាក់ គ្មានការសង្ស័យទាល់តែសោះ»។ ម្យ៉ាងទៀត មនុស្សជាច្រើនបានទទួលប្រយោជន៍ពីការអានមេរៀនទី៦និងទី៧ក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អ្នកប្រហែលជាបានអានព័ត៌មានទាំងអស់នោះរួចហើយ តែជាការល្អឲ្យអ្នកអានព័ត៌មាននោះឡើងវិញ។
៩ ពេលអ្នកធ្វើការសិក្សាផ្ទាល់ខ្លួនលើកក្រោយ អ្នកអាចគិតពិចារណាអំពីទីសម្អាងដែលបញ្ជាក់ថាពិតជាមានព្រះមែន។ ការស្រាវជ្រាវរបស់អ្នកនឹងមិនគ្រាន់តែជួយពង្រឹងជំនឿអ្នកថាពិតជាមានព្រះយេហូវ៉ាប៉ុណ្ណោះទេ តែក៏នឹងកាន់តែជួយអ្នកឲ្យស្គាល់បុគ្គលិកលក្ខណៈរបស់លោកច្បាស់ជាងដែរ។ (រ៉ូម ១:២០) ម្យ៉ាងទៀត អ្នកអាចប្រើអ្វីដែលអ្នករៀនដើម្បីជួយអ្នកឯទៀតដែលសង្ស័យថាមិនមានព្រះ។ ចំណុចសំខាន់គឺ៖ ព្រះយេហូវ៉ាបានឲ្យភ័ស្តុតាងជាច្រើនដែលបង្ហាញថា លោកគឺជាអ្នកបង្កើតរបស់យើង។
ណេបុយឡា៖ IAC/RGO/David Malin Images; ត្រីនិងឡាន៖ Mercedes-Benz USA; យន្តហោះ៖ Kristen Bartlett/University of Florida
អ្នកប្រហែលជាបានអានសៀវភៅស្ដើងតើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?រួចហើយ។ បើអាចធ្វើបាន សូមអានសៀវភៅនេះម្ដងទៀត (សូមមើលវគ្គ៨)
គម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា
១០. តើយើងមានទស្សនៈយ៉ាងណាចំពោះគម្ពីរ? (ធីម៉ូថេទី២ ៣:១៦, ១៧)
១០ សូមអាន ធីម៉ូថេទី២ ៣:១៦, ១៧។ គម្ពីរគឺជាសំបុត្រពីព្រះយេហូវ៉ាទៅកាន់មនុស្សជាតិ។ ក្នុងគម្ពីរមានចម្លើយសំខាន់ៗចំពោះសំណួរអំពីជីវិត ហើយគម្ពីរប្រាប់យើងអំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ានិងអ្វីដែលលោកចង់ឲ្យយើងធ្វើ។ យើងជឿជាក់ថាព្រះយេហូវ៉ាគឺជាអ្នកនិពន្ធគម្ពីរ ដូច្នេះគម្ពីរគឺជាសៀវភៅសំខាន់បំផុតក្នុងជីវិតរបស់យើង។ យើងចង់ធ្វើឲ្យប្រាកដថា យើងយល់បណ្ដាំរបស់លោក ហើយខំអស់ពីសមត្ថភាពដើម្បីធ្វើតាម។
១១. តើអ្វីធ្វើឲ្យអ្នកជឿជាក់ថាគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ?
១១ ហេតុអ្វីយើងជឿជាក់ថាគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា? មានមូលហេតុផ្សេងៗជាច្រើន។ ជាឧទាហរណ៍ អ្វីដែលគម្ពីរបានកត់ទុកអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅអតីតកាល គឺត្រឹមត្រូវតាមប្រវត្តិសាស្ត្រ។ (លូក. ៣:១, ២) គម្ពីរក៏បានរៀបរាប់យ៉ាងត្រឹមត្រូវអំពីអ្វីដែលទាក់ទងនឹងធម្មជាតិដែរ។ (យ៉ូប ២៦:៧) គម្ពីរគឺជាសៀវភៅដែលបានចែកចាយច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ទោះជាសាថានខំព្យាយាមបំផ្លាញយ៉ាងណាក៏ដោយ។ គម្ពីរបានត្រូវសរសេរដោយបុរសប្រហែល៤០នាក់ ក្នុងរយៈពេលប្រហែល១.៦០០ឆ្នាំ។ ទោះជាយ៉ាងនោះក៏ដោយ ព័ត៌មានក្នុងគម្ពីរគឺមានភាពស្របគ្នា។ ដំបូន្មានក្នុងគម្ពីរមានប្រយោជន៍សម្រាប់គ្រប់សម័យកាល ហើយបានជួយមនុស្សរាប់លាននាក់ក្នុងជីវិតប្រចាំថ្ងៃ។ (សុភ. ១៣:២០; ១៥:២១; ម៉ាថ. ៧:១២) ម្យ៉ាងទៀត ទំនាយជាច្រើនក្នុងគម្ពីរបានសម្រេចរួចហើយ។ នេះជាមូលហេតុមួយទៀតដែលយើងអាចទុកចិត្តគម្ពីរ។ (យ៉ូស. ២៣:១៤) មែនហើយ គម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ!
១២. តើយើងគួរធ្វើអ្វីបើយើងចាប់ផ្ដើមសង្ស័យថាគម្ពីរមិនបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ?
១២ តើយើងគួរធ្វើអ្វីបើយើងចាប់ផ្ដើមសង្ស័យថាគម្ពីរមិនបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ? យើងគួរអធិដ្ឋានទៅព្រះយេហូវ៉ា ប្រាប់លោកអំពីការសង្ស័យរបស់យើងនិងសុំជំនួយពីលោក រួចមកធ្វើការស្រាវជ្រាវក្នុងសៀវភៅផ្សេងៗរបស់យើង។ សូមកត់សម្គាល់ពាក្យសម្ដីរបស់ប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះចូដាន់ ដែលបានធំឡើងក្នុងក្រុមគ្រួសារដែលជាសាក្សីព្រះយេហូវ៉ា។ គាត់និយាយថា៖ «ខ្ញុំមិនជឿអ្វីមួយដោយសារតែគេប្រាប់ខ្ញុំនោះទេ តែខ្ញុំធ្វើឲ្យប្រាកដថាអ្វីដែលខ្ញុំជឿគឺជាការពិត។ និយាយឲ្យត្រង់ទៅ ពេលខ្លះខ្ញុំនៅតែមានការសង្ស័យ តែពេលនោះខ្ញុំព្យាយាមស្រាវជ្រាវក្នុងសៀវភៅផ្សេងៗរបស់យើង ដើម្បីស្រាយចម្ងល់និងដើម្បីអស់ការសង្ស័យ»។ ពេលយើងបន្តពង្រឹងការជឿជាក់ថាគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា នោះជំនឿរបស់យើងនឹងកាន់តែរឹងមាំឡើង។—១កូ. ៣:១២, ១៣
ព្រះយេហូវ៉ាកំពុងប្រើអង្គការរបស់លោកនៅសព្វថ្ងៃនេះ
១៣. តើយើងគួរធ្វើយ៉ាងណាបើយើងចាប់ផ្ដើមសង្ស័យអំពីអ្នកណាជារាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?
១៣ បើយើងចាប់ផ្ដើមសង្ស័យថាសាក្សីព្រះយេហូវ៉ាមិនមែនជារាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះទេ យើងត្រូវចាត់វិធានការភ្លាមៗដើម្បីបំបាត់ការសង្ស័យនោះ។ យើងអាចសួរខ្លួនថា ‹តើអ្នកណាខំរស់នៅស្របតាមខ្នាតតម្រាក្នុងគម្ពីរ? តើអ្នកណាយកគម្ពីរជាមូលដ្ឋាននៃជំនឿ?›។ (២ធី. ៤:៣, ៤) ‹តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ?›។—ម៉ាថ. ៧:២០, ២១
១៤. តើសាក្សីព្រះយេហូវ៉ាកំពុងធ្វើឲ្យពាក្យនៅម៉ាថាយ ២៤:១៤បានសម្រេចយ៉ាងដូចម្ដេច?
១៤ ស្ដីអំពីការធ្វើតាមបំណងប្រាថ្នារបស់ព្រះនៅសព្វថ្ងៃនេះ យើងអាចសួរខ្លួនថា ‹តើនរណាកំពុងផ្សព្វផ្សាយដំណឹងល្អ ដូចដែលលោកយេស៊ូបានប្រកាសទុកជាមុនថានឹងធ្វើឡើងនៅគ្រាចុងក្រោយបង្អស់?›។ (ម៉ាថ. ២៤:១៤) ចម្លើយគឺច្បាស់ណាស់ ព្រះកំពុងប្រើរាស្ត្ររបស់លោក គឺសាក្សីព្រះយេហូវ៉ាឲ្យធ្វើកិច្ចការនេះ។ មានតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះដែលកំពុងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ នៅជាង២៤០ប្រទេស។ យើងបានធ្វើកិច្ចការនេះអស់ជាង១០០ឆ្នាំហើយ ក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ។ រហូតមកដល់ឥឡូវនេះ កិច្ចការផ្សព្វផ្សាយនៅតែជាកិច្ចការសំខាន់បំផុតសម្រាប់រាស្ត្ររបស់ព្រះ។—ម៉ាថ. ២៨:១៩, ២០
១៥. តើសាក្សីព្រះយេហូវ៉ាលើកតម្កើងនាមរបស់ព្រះយ៉ាងដូចម្ដេច? (ម៉ាថាយ ៦:៩; អេសាយ ៤៣:១០)
១៥ សូមអាន ម៉ាថាយ ៦:៩ និងអេសាយ ៤៣:១០។ យើងមានឯកសិទ្ធិដែលបានត្រូវហៅតាមនាមរបស់ព្រះផ្ទាល់គឺយេហូវ៉ា ហើយយើងមានមោទនភាពដែលបានត្រូវហៅថាសាក្សីព្រះយេហូវ៉ា។ មនុស្សភាគច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះមិនដឹងថា ព្រះមាននាមយេហូវ៉ាទេ។ ប៉ុន្តែនៅដំណាលគ្នានោះ យើងបានខំព្យាយាមចេញផ្សាយគម្ពីរដែលមាននាមរបស់ព្រះដូចដែលមានក្នុងឯកសារដើម។ យ៉ាងនេះ នាមរបស់ព្រះយេហូវ៉ាមានជាង៧.០០០ដងក្នុងគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី។
១៦. ហេតុអ្វីយើងអាចនិយាយថាសាក្សីព្រះយេហូវ៉ាកំពុងធ្វើតាមបង្គាប់នៅយ៉ូហាន ១៣:៣៤, ៣៥? (សូមមើលរូបភាពផងដែរ)
១៦ សូមអាន យ៉ូហាន ១៣:៣៤, ៣៥។ រាស្ត្ររបស់ព្រះយេហូវ៉ាមានសាមគ្គីភាព និងសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ នេះគឺខុសគ្នាស្រឡះពីពិភពលោកដែលពោរពេញទៅដោយភាពស្អប់គ្នានិងការបែកបាក់គ្នា។ យើងមកពីប្រទេសខុសៗគ្នា មានប្រវត្តិ និងការចិញ្ចឹមអប់រំផ្សេងៗពីគ្នា។ ប៉ុន្តែ យើងខំព្យាយាមអស់ពីសមត្ថភាពដើម្បីមានសេចក្ដីសុខសាន្ត និងមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ តើអ្នកធ្លាប់ទៅលេងក្រុមជំនុំនៅតំបន់ផ្សេងឬទេ? ពេលអ្នកទៅលេងក្រុមជំនុំផ្សេងលើកក្រោយ សូមគិតអំពីសេចក្ដីស្រឡាញ់និងសាមគ្គីភាពដែលមានក្នុងចំណោមរាស្ត្ររបស់ព្រះ ព្រោះនេះសឲ្យឃើញច្បាស់ថា ព្រះយេហូវ៉ាកំពុងប្រើសាក្សីរបស់លោកដើម្បីធ្វើឲ្យបំណងប្រាថ្នាលោកនៅសព្វថ្ងៃនេះបានសម្រេច។ ការចាំចំណុចនេះអាចជួយយើងឲ្យរក្សាភក្ដីភាពចំពោះលោក ពេលជំនឿរបស់យើងបានត្រូវសាកល្បង។
ដោយសារព្រះយេហូវ៉ា ទើបរាស្ត្ររបស់លោកមានសាមគ្គីភាពនិងសេចក្ដីស្រឡាញ់ចំពោះគ្នា (សូមមើលវគ្គ១៦)a
សូមកុំចាកចេញពីព្រះយេហូវ៉ា
១៧-១៨. តើយើងប្រហែលជាជួបស្ថានភាពពិបាកអ្វីខ្លះ តែតើយើងអាចនិយាយអ្វីដោយមានទំនុកចិត្ត?
១៧ ជីវិតក្នុងពិភពលោកនេះគឺមិនស្រួលទេ ដោយសារយើងរស់នៅគ្រាចុងក្រោយបង្អស់។ (២ធី. ៣:១, ១៣) ម្យ៉ាងទៀត យើងប្រហែលជាជួបការពិបាកផ្សេងទៀត។ ជាឧទាហរណ៍ យើងប្រហែលជាមិនសូវយល់ការសម្រេចចិត្តដែលអង្គការរបស់ព្រះបានធ្វើ។ មួយវិញទៀត យើងប្រហែលជាមានអារម្មណ៍ថា បងប្អូនណាម្នាក់យល់ច្រឡំអំពីយើងឬបានធ្វើឲ្យយើងឈឺចិត្ត។ យើងប្រហែលជាមិនដឹងអំពីរបៀបដោះស្រាយបញ្ហារបស់យើង ឬមិនយល់មូលហេតុដែលអ្វីណាមួយកើតឡើងចំពោះយើងនោះទេ។
១៨ ទោះជាស្ថានភាពទាំងនេះប្រហែលជានាំឲ្យយើងពិបាកចិត្តយ៉ាងណាក៏ដោយ យើងតែងតែអាចរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាបើយើងជឿជាក់ថាលោកគឺជាអ្នកបង្កើត ថាគម្ពីរគឺជាបណ្ដាំរបស់លោក ហើយថាសាក្សីព្រះយេហូវ៉ាគឺជារាស្ត្ររបស់លោក។ ដូចពេត្រុសបាននិយាយទៅកាន់លោកយេស៊ូ យើងក៏អាចនិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «តើយើងនឹងទៅឯអ្នកណាវិញ? ប្រសាសន៍របស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។
ចម្រៀងលេខ១២៣ ចុះចូលដោយស្មោះក្រោមការរៀបចំរបស់ព្រះ
a ការពណ៌នាអំពីរូបភាព៖ ពេលម្ដាយនិងកូនស្រីធ្វើដំណើរតាមឡានក្រុង ពួកគេសប្បាយឃើញសាក្សីព្រះយេហូវ៉ាឯទៀតកំពុងផ្សព្វផ្សាយ។