បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៧ ទំ. ១៤-១៩
  • «ចូរសរសើរដល់ព្រះយេហូវ៉ាចុះ»!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរសរសើរដល់ព្រះយេហូវ៉ាចុះ»!
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​មើល​ស្តេច​មេស្ស៊ី!
  • តើ«ទី​បញ្ចប់»នឹង​មក​ដល់​តាម​របៀប​ណា?
  • គ្រា​សំរាប់​សរសើរ​ព្រះ​យេហូវ៉ា
  • ចូរសរសើរដល់ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
    «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
  • រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម
    រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៧ ទំ. ១៤-១៩

«ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ»!

«គួរ​ឲ្យ​ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម​បាន​សរសើរ​ដល់​ព្រះ​យេហូវ៉ា»។—ទំនុកដំកើង ១៥០:៦

១, ២. (ក) តើ​សាសនា​គ្រីស្ទាន​ពិត​បាន​លូត​លាស់​ដល់​ទំហំ​ណា​ក្នុង​សតវត្ស​ទី​មួយ? (ខ) តើ​ពួក​សាវ័ក​បាន​ទទួល​ការ​ព្រមាន​អ្វី​ទុក​ជា​មុន? (គ) តើ​ការ​ក្បត់​ជំនឿ​បាន​លូត​លាស់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេស៊ូ​បាន​រៀបចំ​ពួក​សិស្ស​របស់​ទ្រង់​ជា​ក្រុម​ជំនុំ​គ្រីស្ទាន ដែល​បាន​លូត​លាស់​នៅ​ក្នុង​សតវត្ស​ទី​មួយ។ ថ្វី​បើ​មាន​ការ​ប្រឆាំង​សាសនា​យ៉ាង​ខ្លាំង​ក៏​ដោយ «ដំណឹង​ល្អ . . . បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ»។ (កូល៉ុស ១:២៣) ប៉ុន្តែ​ក្រោយ​ពី​សេចក្ដី​ស្លាប់​នៃ​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ដោយ​ស្នៀត​បញ្ឆោត សាតាំង​បាន​បណ្ដាល​ឲ្យ​មាន​ការ​ក្បត់​ជំនឿ។

២ ពួក​សាវ័ក​បាន​ទទួល​ការ​ព្រមាន​ទុក​ជា​មុន​អំពី​រឿង​នេះ។ ជា​ឧទាហរណ៍ ប៉ុល​បាន​ប្រាប់​ពួក​ចាស់​ទុំ​ក្នុង​ស្រុក​អេភេសូរ​ថា៖ «ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ​ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ​លោហិត​ព្រះ​អង្គ​ទ្រង់​ចុះ។ ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ»។ (កិច្ច​ការ ២០:២៨​-​៣០; សូម​មើល ពេត្រុស​ទី​២ ២:១​-​៣; យ៉ូហាន​ទី​១ ២:១៨, ១៩) ដូច្នេះ នៅ​សតវត្ស​ទី​បួន សាសនា​គ្រីស្ទាន​ដែល​ក្បត់​ជំនឿ​ក៏​បាន​ចាប់​ផ្ដើម​រួម​ដៃ​គ្នា​ជា​មួយ​នឹង​ចក្រភព​រ៉ូម៉ាំង។ បី​បួន​សតវត្ស​ក្រោយ​មក ចក្រភព​រ៉ូម៉ាំង​ដ៏​បរិសុទ្ធ​នេះ ដែល​រួម​ដៃ​ជា​មួយ​នឹង​សម្ដេច​ប៉ាប​នៃ​ក្រុង​រ៉ូម ក៏​បាន​គ្រប់​គ្រង​លើ​មនុស្ស​លោក​មួយ​ភាគ​ធំ។ ក្រោយ​មក បដិរូបកម្ម​ប្រូតេស្តង់​បាន​បះ​បោរ​ប្រឆាំង​នឹង​សាសនា​កាតូលិក​ដ៏​អាក្រក់​នេះ តែ​នេះ​ក៏​មិន​បាន​ស្ថាបនា​សាសនា​គ្រីស្ទាន​ពិត​ឡើង​វិញ​ទេ។

៣. (ក) ពេល​ណា​និង​តាម​របៀប​ណា​ដែល​ដំណឹង​ល្អ​ត្រូវ​បាន​ប្រកាស​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់? (ខ) តើ​ការ​សង្ឃឹម​អ្វី​ដែល​មាន​ប្រភព​ពី​ព្រះ​គម្ពីរ​បាន​សម្រេច​ក្នុង​ឆ្នាំ​១៩១៤?

៣ យ៉ាង​ណា​ក៏​ដោយ មក​ដល់​ចុង​សតវត្ស​ទី​១៩ សិស្ស​ព្រះ​គម្ពីរ​ដ៏​ស្មោះ​ត្រង់​មួយ​ក្រុម​ក៏​មាន​ការ​រវល់​ជា​ម្ដង​ទៀត ក្នុង​ការ​ផ្សាយ​នូវ​សេចក្ដី​សង្ឃឹម​នៃ​ដំណឹង​ល្អ‹ទៅ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​អស់›។ ទៅ​លើ​មូលដ្ឋាន​នៃ​ការ​សិក្សា​ទំនាយ​ព្រះ​គម្ពីរ​របស់​គេ ក្រុម​នេះ​ចង្អុល​ប្រាប់​ជាង​៣០​ឆ្នាំ​មក​ហើយ ថា​ឆ្នាំ​១៩១៤​ជា​ទី​សម្គាល់​នៃ«គ្រា​របស់​សាសន៍​ដទៃ»—ជា​កំឡុង​ពេល​ដែល​មាន​រយៈ«ប្រាំ​ពីរ​ខួប» ឬ​២៥២០​ឆ្នាំ ដែល​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​៦០៧ ម.​ស.យ. ជា​គ្រា​ដែល​ក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ​ចោល​នោះ។ (លូកា ២១:២៤; ដានីយ៉ែល ៤:១៦) ជា​ការ​សម្រេច​តាម​សេចក្ដី​សង្ឃឹម​របស់​គេ ឆ្នាំ​១៩១៤​សម្ដែង​ឲ្យ​ឃើញ​ថា ជា​គ្រា​ប្រែ​ប្រួល​ដ៏​សំខាន់​មួយ​ក្នុង​រឿង​របស់​មនុស្ស​លោក​នៅ​លើ​ផែនដី។ ហើយ​នៅ​លើ​ស្ថាន​សួគ៌ ក៏​កើត​មាន​ព្រឹត្ដិការណ៍​ដ៏​សំខាន់​មួយ​ដែរ។ នៅ​គ្រា​នោះ​ហើយ ដែល​ព្រះ​មហា​ក្សត្រ​ដ៏​គង់​នៅ​អស់​កល្ប​ជា​និច្ច​បាន​តាំង​ព្រះ​យេស៊ូ​គ្រីស្ទ​ឲ្យ​ទៅ​ជា​ស្តេច​នៅ​លើ​បល្ល័ង្ក​នៃ​ស្ថាន​សួគ៌ ប្រុង​ប្រៀប​បោស​សំអាត​អំពើ​អាក្រក់​ជួជាតិ​ទាំង​អស់​ចេញ​ពី​ផែនដី​នេះ ហើយ​ស្ថាបនា​ទី​មនោរម្យ​ឡើង​វិញ។—ទំនុកដំកើង ២:៦, ៨, ៩; ១១០:១, ២, ៥

ចូរ​មើល​ស្តេច​មេស្ស៊ី!

៤. តើ​ព្រះ​យេស៊ូ​បាន​បំពេញ​តាម​អត្ថន័យ​នៃ​នាម​មីកែល​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៤ ក្នុង​ឆ្នាំ​១៩១៤​ស្តេច​មេស្ស៊ី គឺ​ព្រះ​យេស៊ូ ក៏​ចាប់​ផ្ដើម​ចាត់​វិធានការ។ ក្នុង​ព្រះ​គម្ពីរ ទ្រង់​ក៏​មាន​ព្រះ​នាម​ជា​មីកែល​ដែរ ដែល​មាន​ន័យ​ថា«តើ​អ្នក​ណា​ដែល​ដូច​ព្រះ?» ពី​ព្រោះ​ទ្រង់​មាន​បំណង​នឹង​លើក​ដំកើង​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា។ ដូច​បាន​កត់​ទុក​មក​ក្នុង​វិវរណៈ ១២:៧​-​១២ សាវ័ក​យ៉ូហាន​បាន​រៀប​រាប់​ក្នុង​ចក្ខុនិមិត្ត​នូវ​អ្វី​ដែល​កើត​ឡើង៖ «នោះ​មាន​ចំ​បាំង​នៅ​លើ​មេឃ គឺ​មីកែល​នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយនាគ នឹង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង។ នោះ​នាគ​ធំ​ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ​ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង»។ ប្រាកដ​ហើយ នេះ​ជា​ការ​ធ្លាក់​ពី​ដំណែង​ដ៏​ធំ​មួយ​មែន!

៥, ៦. (ក) បន្ទាប់​ពី​ឆ្នាំ​១៩១៤ តើ​ការ​ប្រកាស​ដ៏​រំភើប​អ្វី​ដែល​បាន​ធ្វើ​ឡើង​ពី​ស្ថាន​សួគ៌? (ខ) តើ​ម៉ាថាយ ២៤:៣​-​១៣ ទាក់​ទង​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

៥ សម្លេង​ឮ​យ៉ាង​ខ្លាំង​ក្នុង​ស្ថាន​សួគ៌​ក៏​បន្លឺ​ឡើង​ថា៖ «ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ​ចេស្ដា នឹង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ​គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ! គេ[ពួក​ជន​គ្រីស្ទាន​ស្មោះ​ត្រង់]បាន​ឈ្នះ​វា ដោយ​សារ​ឈាម​នៃ​កូន​ចៀម[ព្រះ​គ្រីស្ទ​យេស៊ូ] ហើយ​ដោយ​សារ​សេចក្ដី​បន្ទាល់​របស់​គេ ក៏​មិន​បាន​ស្ដាយ​ជីវិត​ខ្លួន​ដរាប​ដល់​ស្លាប់»។ នេះ​ជា​ការ​រំដោះ​ពួក​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍ ដែល​បាន​អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​លោះ​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេស៊ូ។—សុភាសិត ១០:២; ពេត្រុស​ទី​២ ២:៩

៦ សម្លេង​ឮ​យ៉ាង​ខ្លាំង​នេះ​ក៏​ប្រកាស​ទៀត​ថា៖ «ដោយ​ហេតុ​នោះ ឱ​ស្ថាន​សួគ៌ នឹង​ពួក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង! តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ ដូច្នេះ«វេទនា»ដែល​បាន​ទាយ​មក​នៅ​លើ​ផែនដី​នេះ បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​ក្នុង​សង្គ្រាម​លោក ទុរភិក្ស រោគ​រាតត្បាត កក្រើក​ផែនដី និង​ការ​គ្មាន​ច្បាប់​ទម្លាប់ដែល​មាន​នៅ​លើ​ផែនដី​ក្នុង​សតវត្ស​នេះ។ ដូច​ជា​បាន​រៀប​រាប់​មក​នៅ​ម៉ាថាយ ២៤:៣​-​១៣ ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា​របស់​ទាំង​នេះ ជា‹ទី​សម្គាល់​នៃ​ទី​បញ្ចប់​នៃ​របប​សម័យ​នេះ›។ ត្រូវ​នឹង​ទំនាយ​នេះ តាំង​ពី​ឆ្នាំ​១៩១៤​មក មនុស្ស​លោក​បាន​ជួប​ប្រទះ​សេចក្ដី​វេទនា​នៅ​លើ​ផែនដី ដែល​មិន​អាច​ប្រៀប​បាន​ឡើយ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស។

៧. ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រកាស​ដោយ​ភាព​បន្ទាន់​នោះ?

៧ នៅ​ក្នុង​សម័យ​នៃ​សេចក្ដី​វេទនា​របស់​សាតាំង​នេះ តើ​មនុស្ស​លោក​អាច​មាន​សេចក្ដី​សង្ឃឹម​សំរាប់​អនាគត​បាន​ទេ? គឺ​មាន! ពី​ព្រោះ​ម៉ាថាយ ១២:២១ ចែង​អំពី​ព្រះ​យេស៊ូ​ថា៖ «ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»! ស្ថានការណ៍​ដ៏​ស្លុត​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ មិន​គ្រាន់​តែ​ជា‹សញ្ញា​នៃ​ទី​បញ្ចប់​នៃ​របប​សម័យ​នេះ›ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ជា‹សញ្ញា​នៃ​វត្តមាន​របស់​ព្រះ​យេស៊ូ›ដែរ ដែល​ទ្រង់​ជា​ស្តេច​សួគ៌ា​នៃ​ព្រះ​រាជាណាចក្រ​ព្រះ​មេស្ស៊ី។ ចំពោះ​ព្រះ​រាជាណាចក្រ​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ម៉ាថាយ ២៤:១៤) តើ​មនុស្ស​មួយ​ក្រុម​ណា​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ដែល​កំពុង​តែ​ផ្សាយ​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ​របស់​ព្រះ? គឺ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា! ដោយ​ដឹង​អំពី​ភាព​បន្ទាន់​នេះ ពួក​គេ​ផ្សាយ​ជា​សាធារណៈ ហើយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៃ​សេចក្ដី​សុចរិត​និង​សន្ដិភាព បន្ដិច​ទៀត​នឹង​កាន់​កាប់​ទៅ​លើ​កិច្ច​ការ​ផែនដី។ តើ​អ្នក​កំពុង​តែ​ចូល​រួម​ក្នុង​ការ​ផ្សាយ​នេះ​ទេ? នេះ​ជា​ឯកសិទ្ធិ​ដ៏​ល្អ​ណាស់ ដែល​អ្នក​អាច​មាន!—ធីម៉ូថេ​ទី​២ ៤:២, ៥

តើ«ទី​បញ្ចប់»នឹង​មក​ដល់​តាម​របៀប​ណា?

៨, ៩. (ក) តើ​ការ​ជំនុំ​ជំ​រះ​ចាប់​ផ្ដើម​ពី«ដំណាក់​របស់​ព្រះ»ដោយ​យ៉ាង​ណា? (ខ) តើ​ពិភព​គ្រីស្ទ​សាសនា​បាន​បំពាន​លើ​បន្ទូល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

៨ មនុស្ស​បាន​ចូល​ក្នុង​គ្រា​ការ​ជំនុំ​ជំ​រះ​ហើយ។ ពេត្រុស​ទី​១ ៤:១៧ ប្រាប់​យើង​ថា ការ​ជំនុំ​ជំ​រះ​នោះ​បាន​ចាប់​ផ្ដើម«ពី​ដំណាក់​នៃ​ព្រះ»—ជា​ការ​ជំនុំ​ជំ​រះ​ពួក​អ្នក​ដែល​អះអាង​ថា​គេ​ជា​អង្គការ​គ្រីស្ទាន ដែល​បាន​លេខ​មុខ​មក​តាំង«ថ្ងៃ​ជាន់​ក្រោយ​បង្អស់» បាន​ផ្ទុះ​ឡើង​ដោយ​ការ​កាប់​សម្លាប់​នៃ​សង្គ្រាម​លោក​លើ​ទី​១ ក្នុង​រវាង​ឆ្នាំ​១៩១៤​-​១៩១៨។ តើ​ពិភព​គ្រីស្ទ​សាសនា​បាន​ទៅ​ជា​យ៉ាង​ណា​ដែរ ក្នុង​ការ​ជំនុំ​ជំ​រះ​នេះ? ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​គោល​ជំហរ​នៃ​សាសនា​ទាំង​ឡាយ​ក្នុង​កំឡុង​សង្គ្រាម​ជា​ច្រើន​តាំង​ពី​ឆ្នាំ​១៩១៤។ តើ​ពួក​បព្វជិត​មិន​បាន​ប្រឡាក់«ឈាម​របស់​មនុស្ស​ក្រី​ក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស» ដែល​ពួក​គេ​បង្គាប់​ឲ្យ​ទៅ​ធ្វើ​សង្គ្រាម​ទេ​ឬ?—យេរេមា ២:៣៤

៩ យោង​ទៅ​តាម ម៉ាថាយ ២៦:៥២ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ»។ ពាក្យ​នេះ​គឺ​ជា​ការ​ជាក់​ស្តែង​មែន ក្នុង​សង្គ្រាម​ទាំង​ឡាយ​ក្នុង​សតវត្ស​នេះ! ពួក​បព្វជិត​បាន​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​ដាស់​តឿន​ពួក​យុវជន​ឲ្យ​ទៅ​ធ្វើ​សង្គ្រាម ហើយ​ពួក​ទាំង​នេះ​បាន​សម្លាប់​យុវជន​ឯ​ទៀត ដែល​កាន់​សាសនា​ដូច​គ្នា—គឺ​ពួក​កាតូលិក​សម្លាប់​ពួក​កាតូលិក ហើយ​ពួក​ប្រូតេស្តង់​សម្លាប់​ពួក​ប្រូតេស្តង់។ សាសន៍​និយម​បាន​លើក​ដំកើង​ឲ្យ​ខ្ពស់​ជាង​ព្រះ​និង​ព្រះ​គ្រីស្ទ។ ក្នុង​ប្រទេស​ខ្លះ​នៃ​ទ្វីប​អាហ្វ្រិក ចំណង​នៃ​ពួក​អាណិកជន ត្រូវ​បាន​ចាត់​ទុក​ថា​សំខាន់​ជាង​គោល​ការណ៍​ព្រះ​គម្ពីរ។ នៅ​ប្រទេស​រ្វ៉ាន់ដា​ថ្មី​ៗ​នេះ ដែល​ប្រជារាស្ត្រ​ភាគ​ច្រើន​កាន់​សាសនា​កាតូលិក​នោះ មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​ឃោរឃៅ​ប្រល័យ​ពូជ​សាសន៍​រវាង​ពួក​អាណិកជន​ផ្សេង​ៗ។ ក្នុង​កាសែត​ឈ្មោះ ឡូសឺវេធូរី រូម៉ានូ សម្ដេច​ប៉ាប​បាន​សារភាព​ថា៖ «នេះ​ជា​ការ​សម្លាប់​ពូជ​សាសន៍​ទាំង​ស្រុង​មែន ដែល​ជា​ការ​គួរ​ឲ្យ​ស្ដាយ​ណាស់ សូម្បី​តែ​ពួក​កាតូលិក​ក៏​ទទួល​ខុស​ត្រូវ​ដែរ»។—ប្រៀប​ធៀប អេសាយ ៥៩:២, ៣; មីកា ៤:៣, ៥

១០. តើ​ការ​ជំនុំ​ជំ​រះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រហារ​ទៅ​លើ​សាសនា​មិន​ពិត?

១០ តើ​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច មាន​ទស្សនៈ​យ៉ាង​ណា​ដែរ ចំពោះ​សាសនា​ទាំង​ឡាយ​ដែល​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ទៅ​សម្លាប់​គ្នា​ឯង ឬ​ធ្វើ​ជា​មិន​អើពើ​សោះ កាល​ដែល​សមាជិក​របស់​គេ​សម្លាប់​សមាជិក​ឯ​ទៀត​នោះ? ចំពោះ​បាប៊ីឡូន​ដ៏​ធំ ជា​ប្រព័ន្ធ​សាសនា​មិន​ពិត​ទូទាំង​ពិភព​លោក វិវរណៈ ១៨:២១, ២៤ ចែង​ប្រាប់​យើង​ថា៖ «នោះ​មាន​ទេវតា​ខ្លាំង​ពូកែ​១​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា៖ ‹ទី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទំលាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ រីឯ​នៅក្នុង​ទី​ក្រុង​នោះ ឃើញ​មាន​សុទ្ធ​តែ​ឈាម​នៃ​ពួក​ហោរា នឹង​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​នៃ​អស់​អ្នក ដែល​ត្រូវ​គេ​សម្លាប់​នៅ​ផែនដី​ដែរ›»។

១១. តើ​របស់​ដ៏​អាក្រក់​ណា​ខ្លះ ដែល​បាន​កើត​ឡើង​ក្នុង​ពិភព​គ្រីស្ទ​សា​នា?

១១ ស្រប​ទៅ​តាម​ការ​សម្រេច​នៃ​ទំនាយ​ព្រះ​គម្ពីរ គឺ​មាន​ការ​ដ៏​អាក្រក់​ក្រៃ​លែង​មួយ​បាន​កើត​ឡើង​ក្នុង​ពិភព​គ្រីស្ទ​សាសនា។ (ប្រៀប​ធៀប យេរេមា ៥:៣០, ៣១; ២៣:១៤) នេះ​គឺ​ដោយ​សារ​អាកប្បកិរិយា​ដ៏​ឥត​អើពើ​របស់​ពួក​បព្វជិត បាន​ជា​ហ្វូង​ចៀម​របស់​គេ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អសីលធម៌។ ក្នុង​សហរដ្ឋ​អាមេរិក ដែល​អះអាង​ថា​ជា​ប្រទេស​ដែល​កាន់​សាសនា​គ្រីស្ទាន ប្រហែល​ពាក់​កណ្ដាល​នៃ​អាពាហ៍ពិពាហ៍​ទាំង​អស់​បាន​លែង​លះ​គ្នា។ ការ​មាន​ផ្ទៃ​ពោះ​នៃ​ក្មេង​ជំទង់ និង​ការ​សេព​មេថុន​នឹង​ភេទ​ដូច​គ្នា​គឺ​មាន​ទូទៅ​ក្នុង​ចំណោម​សមាជិក​សាសនា​នោះ។ ពួក​បព្វជិត​បាន​រំលោភ​លើ​ក្មេង​ប្រុស​ស្រី—ហើយ​ករណី​នេះ​មិន​មែន​មាន​តែ​ម្ដង​ពីរ​ដង​ទេ។ ការ​សង​ជម្ងឺ​ចិត្ត​ដែល​ទាក់​ទង​នឹង​ក្ដី​ទាំង​នេះ ក្នុង​មួយ​ទសវត្ស សាសនា​កាតូលិក​នៅ​សហរដ្ឋ​អាមេរិក អាច​ខាត​ដល់​មួយ​រយ​កោដិ​ដុល្លារ។ ពិភព​គ្រីស្ទ​សាសនា​មិន​បាន​គោរព​តាម​ការ​ព្រមាន​របស់​សាវ័ក​ប៉ុល​ទេ ដែល​បាន​កត់​ទុក​មក​នៅ​កូរិនថូស​ទី​១ ៦:៩, ១០៖ «តើ​មិន​ដឹង​ថា! ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី? កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ​តិះ​ដៀល នឹង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។

១២. (ក) តើ​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច​នឹង​ចាត់​វិធានការ​យ៉ាង​ណា​ទៅ​លើ​បាប៊ីឡូន​ដ៏​ធំ? (ខ) ផ្ទុយ​នឹង​ពិភព​គ្រីស្ទ​សាសនា តើ​ចំពោះ​មូលហេតុ​អ្វី​ដែល​ប្រជារាស្ត្រ​របស់​ព្រះ​ច្រៀង​បទ​ចំ​រៀង«ហាលេលូយ៉ា»?

១២ ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។ ទី​មួយ ពិភព​គ្រីស្ទ​សាសនា ហើយ​ផ្នែក​ឯ​ទៀត​នៃ​បាប៊ីឡូន​ដ៏​ធំ នឹង​រង​ទុក្ខ​ការ​ប្រហារ​សេចក្ដី​ជំនុំ​ជំ​រះ​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ១៧:១៦, ១៧) ពួក​គេ​បាន​បង្ហាញ​ថា​ខ្លួន​គេ​មិន​សម​ទទួល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​មក​តាម​រយៈ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​នោះ​ឡើយ។ ពួក​គេ​បាន​ស្អប់​ខ្ពើម​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់។ (ប្រៀប​ធៀប អេសេគាល ៣៩:៧) ជា​ការ​គួរ​ឲ្យ​ចំអក​មែន ដែល​ពួក​គេ​ច្រៀងបទ​ចំ​រៀង«ហាលេលូយ៉ា» នៅ​ក្នុង​អាគារ​ដ៏​ហ៊ឺហា​របស់​គេ​នោះ! ពួក​គេ​បាន​ដក​យក​ព្រះ​នាម​យេហូវ៉ា​ចេញ​ពី​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​របស់​គេ តែ​ធ្វើ​ជា​មិន​ដឹង​នូវ​ការ​ពិត ដែល​ថា​ពាក្យ«ហាលេលូយ៉ា»មាន​ន័យ​ថា «ចូរ​សរសើរ​យ៉ា»—ហើយ«យ៉ា»ជា​ពាក្យ​បង្រួញ​នៃ«ព្រះ​យេហូវ៉ា»។ ជា​ការ​សម​ត្រឹម​ត្រូវ​វិញ វិវរណៈ ១៩:១​-​៦ កត់​ទុក​បទ​ចំ​រៀង«ហាលេលូយ៉ា» ដែល​បាន​ច្រៀង​ក្នុង​ការ​ធ្វើ​បុណ្យ​នៃ​ការ​ប្រហារ​សេចក្ដី​ជំនុំ​ជំ​រះ​របស់​ព្រះ​ទៅ​លើ​បាប៊ីឡូន​ដ៏​ធំ។

១៣, ១៤. (ក) តើ​ព្រឹត្ដិការណ៍​សំខាន់​មួយ​ណា​ដែល​កើត​ឡើង​ជា​បន្ទាប់? (ខ) តើ​មនុស្ស​លោក​ដែល​កោត​ខ្លាច​ព្រះ​នឹង​ទទួល​លទ្ធផល​យ៉ាង​ណា?

១៣ បន្ទាប់​មក​ជា​លំដាប់ គឺ‹ព្រះ​យេស៊ូ​នឹង​យាង​មក›ប្រហារ​សេចក្ដី​ជំនុំ​ជំ​រះ​ទៅ​លើ​សាសន៍​និង​មនុស្ស​ទាំង​ឡាយ។ ទ្រង់​បាន​ទាយ​ថា៖ «តែ​កាល​ណា​កូន​មនុស្ស[ព្រះ​យេស៊ូ​គ្រីស្ទ]នឹង​មក ក្នុង​សិរី​ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក[ជំនុំ​ជំ​រះ]រុង​រឿង​ឧត្តម​របស់​លោក។ រួច​គ្រប់​ទាំង​សាសន៍[លើ​ផែនដី]នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ។ រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្ដាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្ដាំ​ថា ‹ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​ព្រះ​រាជាណាចក្រ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក›»។ (ម៉ាថាយ ២៥:៣១​-​៣៤) ខ​៤៦​រៀប​រាប់​ថែម​ទៀត​ថា​ពួក​ពពែ«ទាំង​នោះ​នឹង​ថយ​ទៅ មាន​ទោស​អស់​កល្ប​ជា​និច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​វិញ»។

១៤ សៀវភៅ​វិវរណៈ រៀប​រាប់​នូវ​របៀប​ដែល«ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់» ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌​របស់​យើង នឹង​ចូល​ធ្វើ​សង្គ្រាម​នៅ​ក្នុង​សង្គ្រាម​អើម៉ាគេដូន ដោយ​កំទេច​ចោល​ប្រព័ន្ធ​របស់​សាតាំង ខាង​នយោបាយ​និង​ខាង​ពាណិជ្ជកម្ម។ ដូច្នេះ ព្រះ​គ្រីស្ទ​នឹង​ចាក់«សេចក្ដី​ឃោរ​ឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»ទៅ​លើ​វិស័យ​របប​របស់​សាតាំង​លើ​ផែនដី​ទាំង​មូល។ ‹កាល​ដែល​របស់​ទាំង​នេះ​កន្លង​ផុត​ទៅ› ពួក​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​នឹង​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​រុង​រឿង ដែល​ព្រះ«នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ»។—វិវរណៈ ១៩:១១​-​១៦; ២១:៣​-​៥

គ្រា​សំរាប់​សរសើរ​ព្រះ​យេហូវ៉ា

១៥, ១៦. (ក) ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ដែល​យើង​ត្រូវ​ធ្វើ​តាម​បន្ទូល​ទំនាយ​របស់​ព្រះ? (ខ) តើ​ពួក​ព្យាការី​និង​សាវ័ក​ប្រាប់​ថា​ដែល​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​សង្គ្រោះ ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ?

១៥ ថ្ងៃ​នៃ​ការ​ប្រហារ​សេចក្ដី​ជំនុំ​ជំ​រះ​នោះ​គឺ​ជិត​មក​ដល់​ហើយ! ដូច្នេះ ជា​ការ​ដ៏​មាន​ប្រយោជន៍​ណាស់​ចំពោះ​យើង ក្នុង​ការ​ធ្វើ​តាម​ពាក្យ​របស់​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច។ ចំពោះ​អស់​អ្នក​ដែល​នៅ​ជាប់​ទាក់​ទង​នឹង​លទ្ធិ​និង​ទំនៀម​ទំលាប់​នៃ​សាសនា​មិន​ពិត សម្លេង​ពី​ស្ថាន​សួគ៌​ប្រកាស​ថា៖ «រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ»។ ប៉ុន្តែ​តើ​ពួក​រត់​គេច​ទាំង​នេះ អាច​រត់​ទៅ​កន្លែង​ណា? គឺ​មាន​សេចក្ដី​ពិត​តែ​មួយ​ទេ ដូច្នេះ​គឺ​មាន​សាសនា​ពិត​តែ​មួយ​ដែរ។ (វិវរណៈ ១៨:៤; យ៉ូហាន ៨:៣១, ៣២; ១៤:៦; ១៧:៣) ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​របស់​យើង​គឺ​ពឹង​ទៅ​លើ​ការ​រក​ឃើញ​សាសនា​នោះ ហើយ​គោរព​តាម​បង្គាប់​របស់​ព្រះ។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន​ចែង​ប្រាប់​យើង​អំពី​ទ្រង់ ក្នុង​ទំនុកដំកើង ៨៣:១៨ ដែល​អាន​ថា៖ «គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល»។

១៦ ប៉ុន្តែ ការ​គ្រាន់​តែ​ស្គាល់​ព្រះ​នាម​នៃ​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច​នោះ គឺ​មិន​គ្រប់​គ្រាន់​ទេ យើង​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត។ យើង​ត្រូវ​តែ​រៀន​ព្រះ​គម្ពីរ ហើយ​រៀន​អំពី​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​និង​គោល​បំណង​របស់​ទ្រង់។ រួច​មក យើង​ត្រូវ​តែ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់​នៅ​គ្រា​នេះ ដូច​បាន​ចែង​មក​នៅ​រ៉ូម ១០:៩​-​១៣។ សាវ័ក​ប៉ុល​បាន​ដក​ស្រង់​ពី​ព្យាការី​របស់​ព្រះ ហើយ​សន្និដ្ឋាន​ថា៖ «អស់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម[យេហូវ៉ា] នោះ​នឹង​បាន​សង្គ្រោះ»។ (យ៉ូអែល ២:៣២; សេផានា ៣:៩) បាន​សង្គ្រោះ​មែន​ឬ? ត្រូវ​ហើយ ចំពោះ​មនុស្ស​ជា​ច្រើន ដែល​អនុវត្ត​ជំនឿ​ទៅ​លើ​យញ្ញ​បូជា​លោះ​នៃ​ព្រះ​យេហូវ៉ា តាម​រយៈ​ព្រះ​គ្រីស្ទ នោះ​នឹង​បាន​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​នៅ​ខាង​មុខ​នេះ នៅ​ពេល​ដែល​ព្រះ​ប្រហារ​សេចក្ដី​ជំនុំ​ជំ​រះ​ទៅ​លើ​លោកីយ៍​ដ៏​ពុក​រលួយ​របស់​សាតាំង។—វិវរណៈ ៧:៩, ១០, ១៤

១៧. តើ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ណា ដែល​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ចូល​រួម​ឥឡូវ​នេះ ក្នុង​ការ​ច្រៀង​បទ​លោក​ម៉ូសេ​និង​កូន​ចៀម?

១៧ តើ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​អ្វី ចំពោះ​អស់​អ្នក​ដែល​សង្ឃឹម​នឹង​រួច​រស់​ជីវិត​នោះ? នោះ​គឺ​ថា យើង​ត្រូវ​តែ​ចូល​រួម សូម្បី​តែ​ឥឡូវ​នេះ​ក្នុង​ការ​ច្រៀង​ចំ​រៀង​របស់​ម៉ូសេ​និង​របស់​កូន​ចៀម ដោយ​សរសើរ​ដល់​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច ក្នុង​ការ​រង់​ចាំ​ការ​ជ័យ​ជំនះ​របស់​ទ្រង់។ យើង​ធ្វើ​ការ​នេះ ដោយ​ប្រាប់​អ្នក​ដទៃ​អំពី​គោល​បំណង​ដ៏​រុង​រឿង​របស់​ទ្រង់។ កាល​ដែល​យើង​យល់​ព្រះ​គម្ពីរ​ច្រើន​ទៀត​ទៅ យើង​អាច​ថ្វាយ​ជីវិត​របស់​យើង​ទៅ​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច។ ការ​ធ្វើ​ដូច្នោះ នឹង​អាច​នាំ​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ​អស់​កល្ប​ជា​និច្ច ក្រោម​ការ​គ្រប់​គ្រង ដែល​ព្រះ​មហា​ក្សត្រ​ដ៏​មាន​ព្រះ​ចេស្ដា​នេះ​បាន​រៀប​រាប់​មក នៅ​អេសាយ ៦៥:១៧, ១៨៖ «ដ្បិត​មើល! អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី[ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេស៊ូ] ហើយ​នឹង​ផែនដី​ថ្មី[សង្គម​មនុស្ស​លោក​ដ៏​សុចរិត​ថ្មី] ហើយ​របស់​ពី​មុន​ៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីករាយ​ឡើង​ជា​ដរាប ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ»។

១៨, ១៩. (ក) តើ​ពាក្យ​របស់​ដាវីឌ​ក្នុង​ទំនុកដំកើង ១៤៥ គួរ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី? (ខ) តើ​យើង​អាច​ទុក​ចិត្ត​យ៉ាង​ណា ពី​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា?

១៨ ដាវីឌ​ជា​អ្នក​តែង​ទំនុកដំកើង​រៀប​រាប់​អំពី​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច តាម​ពាក្យ​ដូច​នេះ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ​លែង ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន»។ (ទំនុកដំកើង ១៤៥:៣) ត្រូវ​ហើយ សណ្ឋាន​ដ៏​ធំ​ប្រសើរ​របស់​ទ្រង់ គឺ​មិន​អាច​យល់​បាន​ឡើយ ដូច​ជា​លំហ​អាកាស​និង​ភាព​អស់​កល្ប​ជា​និច្ច​អញ្ចឹង! (រ៉ូម ១១:៣៣) កាល​ដែល​យើង​បន្ត​ស្រូប​យក​ចំណេះ​វិជ្ជា​អំពី​ព្រះ​អាទិទេព​របស់​យើង និង​អំពី​សំ​វិធានការ​យញ្ញ​បូជា​លោះ​តាម​រយៈ​រាជបុត្រា​របស់​ទ្រង់ ព្រះ​គ្រីស្ទ​យេស៊ូ យើង​នឹង​ចង់​សរសើរ​ព្រះ​មហា​ក្សត្រ​អស់​កល្ប​ជា​និច្ច​របស់​យើង​កាន់​តែ​ខ្លាំង​ថែម​ទៀត។ យើង​នឹង​ចង់​ធ្វើ​ដូច​អ្វី​ដែល​បាន​ចែង​មក​នៅ​ទំនុកដំកើង ១៤៥:១១​-​១៣៖ «គេ​នឹង​ថ្លែង​ពី​សិរី​ល្អ​នៃ​នគរ​ទ្រង់ នឹង​ពី​តេជានុភាព​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ពួក​មនុស្សជាតិ​បាន​ស្គាល់ អស់​ទាំង​ការ​ឥទ្ធិ​ឫទ្ធិ​របស់​ទ្រង់ ហើយ​នឹង​សិរី​ល្អ​នៃ​ឫទ្ធានុភាព​របស់​រាជ្យ​ទ្រង់ រាជ្យ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ»។

១៩ យើង​អាច​ទុក​ចិត្ត​បាន​ថា ព្រះ​របស់​យើង​នឹង​ធ្វើ​តាម​សេចក្ដី​ថ្លែង​នេះ៖ «ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។ ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច​នឹង​នាំ​យើង​ឲ្យ​ចេញ​ផុត​ពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ទាំង​នេះ។ ដូច​ស្តេច​ដាវីឌ​បាន​ធានា​អះអាង​យើង​ថា៖ «ព្រះ​យេហូវ៉ា​រមែង​ការ​ពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តែ​នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​វិញ»។—ទំនុកដំកើង ១៤៥:១៦, ២០

២០. តើ​អ្នក​នឹង​តប​ឆ្លើយ​ដល់​ការ​អញ្ជើញ​របស់​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច​ដោយ​យ៉ាង​ណា ដូច​បាន​ថ្លែង​មក​ក្នុង​ទំនុកដំកើង​ជំពូក​ប្រាំ​ចុង​ក្រោយ​នោះ?

២០ ក្នុង​ព្រះ​គម្ពីរ​សៀវភៅ​ទំនុកដំកើង​ទាំង​ប្រាំ​ភាគ ចាប់​ផ្ដើម​ហើយ​បញ្ចប់​នឹង​ពាក្យ​អញ្ជើញ«ហាលេលូយ៉ា»។ ដូច្នេះ ទំនុកដំកើង ១៤៦ អញ្ជើញ​យើង​ឲ្យ៖ «ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា នែ ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ។ កាល​ខ្ញុំ​កំពុង​តែ​រស់​នៅ​ឡើយ នោះ​ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ​យេហូវ៉ា។ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ខ្ញុំ ក្នុង​កាល​ដែល​នៅ​មាន​ជីវិត​ត​ទៅ»។ តើ​អ្នក​នឹង​តប​ឆ្លើយ​ដល់​ការ​អញ្ជើញ​នេះ​ទេ? ប្រាកដ​ហើយ លោក​អ្នក​ក៏​ចង់​សរសើរ​ដល់​ទ្រង់​ដែរ! សូម​ឲ្យ​លោក​អ្នក​បាន​នៅ​ក្នុង​ចំណោម​ពួក​អ្នក ដែល​បាន​រៀប​រាប់​មក​នៅ​ទំនុកដំកើង ១៤៨:១២, ១៣ ចុះ៖ «ទាំង​មនុស្ស​កំលោះ នឹង​ស្រី​ក្រមុំ ទាំង​ចាស់​ទាំង​ក្មេង​អើយ ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ចុះ ដ្បិត​មាន​តែ​ព្រះ​នាម​ទ្រង់​១​ដែល​ខ្ពស់​ប្រសើរ សិរី​ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី​នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត»។ ចូរ​ឲ្យ​យើង​តប​ឆ្លើយ​ដល់​ការ​អញ្ជើញ​នេះ​ឲ្យ​អស់​ពី​ដួង​ចិត្ត៖ «ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ»។ ដោយ​មាន​សម្លេង​ស្រប​គ្នា ចូរ​ឲ្យ​យើង​សរសើរ​ដល់​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​ត្រូវ​បាន​ព្រមាន​ទុក​ជា​មុន​អំពី​អ្វី?

◻ ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​១៩១៤ តើ​មាន​ការ​ចាត់​វិធានការ​ដ៏​ម៉ឺង​ម៉ាត់​ណា​ខ្លះ?

◻ តើ​ការ​ជំនុំ​ជំ​រះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឡើង?

◻ ហេតុ​អ្វី​ក៏​សម័យ​នេះ​ជា​ពេល​ដ៏​សំខាន់​ម្ល៉េះ ក្នុង​ការ​សរសើរ​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច?

[ប្រអប់​នៅ​ទំព័រ​១៧]

សម័យ​ជ្រួល​ច្របល់​ដ៏​ហិនហោច​នេះ

ចំពោះ​សម័យ​ជ្រួល​ច្របល់​នេះ ដែល​បាន​ចាប់​ផ្ដើម​នៅ​ដើម​សតវត្ស​ទី​២០ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់។ ជា​ឧទាហរណ៍ ក្នុង​បុព្វកថា​នៃ​សៀវភៅ​ឈ្មោះ ចលាចល​ស្រែក​ឡូឡា​យ៉ាង​ខ្លាំង ដែល​និពន្ធ​ដោយ​សមាជិក​ព្រឹទ្ធសភា ស.រ.អា លោក​ដានីយ៉ែល ផែតត្រិក ម៉ូយនីហាន ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៩៣ បាន​ថ្លែង​ទៅ​លើ«មហន្តរាយ​នៃ​ឆ្នាំ​១៩១៤» ថា៖ «សង្គ្រាម​បាន​កើត​ឡើង ហើយ​បាន​កែ​លោក​នេះ​ទាំង​ស្រុង។ សព្វ​ថ្ងៃ​នេះ មាន​តែ​ប្រទេស​៨​ទេ​នៅ​លើ​ផែនដី ដែល​មាន​តាំង​ពី​១៩១៤​មក ដែល​មិន​បាន​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​របស់​គេ ដោយ​ប្រើ​អំពើ​ឃោរឃៅ។ . . . ប្រមាណ​១៧០​ប្រទេស​ទៀត​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ ខ្លះ​ត្រូវ​បាន​បង្កើត​មក​ដោយ​ជួប​ប្រទះ​ចលាចល​ជា​ច្រើន»។ ពិត​មែន​ហើយ សម័យ​តាំង​ពី​ឆ្នាំ​១៩១៤​មក​នេះ បាន​ឃើញ​នូវ​មហន្តរាយ​ជា​ច្រើន​ក្រៃ​លែង!

សៀវភៅ​មួយ​ទៀត​ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៩៣​មាន​ចំណង​ជើង​ថា ការ​ទប់​លែង​បាន—ចលាចល​ទូទាំង​ពិភព​លោក​មុន​សតវត្ស​ទី​២១។ អ្នក​និពន្ធ​គឺ​លោក​ហ្សិបប៊ីនីវ ប្រាហ្សិនស្គី ដែល​ជា​អតីត​ប្រមុខ​នៃ​គណៈ​សន្ដិសុខ ស.រ.អា. បាន​សរសេរ​ថា៖ «ការ​ចាប់​ផ្ដើម​នៃ​សតវត្ស​ទី​២០​នេះ បាន​ហៅ​ថា​ជា​សម័យ​វិចារណញ្ញាណ​និយម។ . . . ផ្ទុយ​នឹង​សេចក្ដី​សង្ឃឹម​និង​ផល​ល្អ​នោះ សតវត្ស​ទី​២០​នេះ​បាន​ទៅ​ជា​សតវត្ស​ដែល​បង្ហូរ​ឈាម ដែល​ពោរ​ពេញ​ទៅ​ដោយ​សម្អប់ ជា​សតវត្ស​នៃ​សេចក្ដី​ភាន់​ខាង​នយោបាយ ហើយ​មាន​ការ​កាប់​សម្លាប់​យ៉ាង​ហួស​ហេតុ។ អំពើ​ឃោរឃៅ​ត្រូវ​បាន​រៀបចំ​ឡើង​ដល់​កំរិត​ច្រើន​ជាង​មុន​ៗ ការ​កាប់​សម្លាប់​បាន​មាន​ឡើង​ជា​ច្រើន​កន្លែង។ ភាព​ផ្ទុយ​គ្នា​រវាង​ប្រយោជន៍​ល្អ​នៃ​វិទ្យា​សាស្ត្រ និង​ការ​អាក្រក់​ខាង​នយោបាយ គឺ​គួរ​ឲ្យ​តក់​ស្លុត​ណាស់។ ក្នុង​ប្រវត្ដិសាស្ត្រ​គឺ​មិន​ដែល​មាន​ការ​កាប់​សម្លាប់​គ្នា​ដែល​រាល​ដាល​ពេញ​ពិភព​លោក​ទេ ហើយ​ពី​មុន​ៗ​ក៏​មិន​មាន​ការ​បំផ្លាញ​ជីវិត​មនុស្ស​ជា​ច្រើន​ដូច​នេះ​ដែរ គឺ​មិន​ដែល​មាន​ការ​កំទេច​ជីវិត​មនុស្ស ដែល​បាន​ធ្វើ​ឡើង​ដោយ​ខំ​ខ្នះ​ខ្នែង ដោយ​គោល​បំណង​ដ៏​មិន​ត្រឹម​ត្រូវ​នោះ​ទេ»។ នេះ​គឺ​ជា​ការ​ដែល​យើង​ឃើញ​យ៉ាង​ជាក់​ស្តែង​មែន!

[រូប​ភាព​នៅ​ទំព័រ​១៥]

មីកែល​បាន​ទំលាក់​សាតាំង​និង​ពួក​បិសាច​របស់​វា​ទៅ​ផែនដី ក្រោយ​ពី​ការ​ស្ថាបនា​ព្រះ​រាជាណាចក្រ​ក្នុង​ឆ្នាំ​១៩១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក