ថ្ងៃសៅរ៍ ទី១៨ ខែមេសា
ប្រសិនបើមានអ្នកណាភ្លាត់ធ្វើខុសអ្វីមួយ នោះលោកយេស៊ូគ្រិស្ត . . . នឹងជួយយើង។—១យ៉ូន. ២:១
ការសម្រេចចិត្តដ៏សំខាន់បំផុតដែលមនុស្សម្នាក់អាចធ្វើគឺប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយទៅជាសមាជិកក្រុមគ្រួសារដែលជាអ្នកគោរពប្រណិប័តន៍លោក។ ព្រះយេហូវ៉ាចង់ឲ្យមនុស្សគ្រប់រូបធ្វើដូច្នេះ។ ហេតុអ្វី? លោកចង់ឲ្យយើងមានចំណងមិត្តភាពជាមួយនឹងលោក ហើយរស់នៅជារៀងរហូត។ (បច. ៣០:១៩, ២០; កាឡ. ៦:៧, ៨) ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាមិនបង្ខំអ្នកណាម្នាក់ឲ្យបម្រើលោកទេ។ លោកអនុញ្ញាតឲ្យបុគ្គលម្នាក់ៗសម្រេចចិត្តថាគាត់នឹងធ្វើអ្វី។ ប៉ុន្តែ ចុះយ៉ាងណាបើគ្រិស្តសាសនិកណាម្នាក់ដែលបានទទួលការជ្រមុជទឹកបានបំពានច្បាប់របស់ព្រះដោយប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? បើគាត់មិនប្រែចិត្តទេ គាត់ត្រូវដកចេញពីក្រុមជំនុំ។ (១កូ. ៥:១៣) ប៉ុន្តែ សូម្បីតែពេលនោះ ក៏ព្រះយេហូវ៉ានៅតែសង្ឃឹមថាបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងនោះនឹងត្រឡប់មកឯលោកវិញ។ តាមពិត នេះគឺជាមូលហេតុដ៏សំខាន់មួយដែលលោកផ្ដល់ថ្លៃលោះ ពោលគឺដើម្បីលោកអាចអភ័យទោសឲ្យបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ ព្រះយេហូវ៉ាជាព្រះដែលមានសេចក្ដីស្រឡាញ់ជាបរិបូរ ហើយលោកដាស់តឿនពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរឲ្យប្រែចិត្ត។—សាក. ១:៣; រ៉ូម ២:៤; យ៉ា. ៤:៨ w២៤.០៨ ទំ.១៤ វ.១-២
ថ្ងៃអាទិត្យ ទី១៩ ខែមេសា
បើកូនមានប្រាជ្ញា នោះឪពុកនឹងរីករាយត្រេកអរ។—សុភ. ២៣:១៥
នៅពេលដែលសាវ័កយ៉ូហានសរសេរសំបុត្រទី៣របស់គាត់ អ្នកខ្លះបានផ្សាយសេចក្ដីបង្រៀនមិនពិត ហើយបង្កឲ្យមានការបែកបាក់គ្នា។ ប៉ុន្តែ អ្នកខ្លះទៀតបន្ត«ប្រព្រឹត្តតាមសេចក្ដីពិត»។ ពួកគេស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយ«កាន់តាមបញ្ញត្តិរបស់លោក»។ (២យ៉ូន. ៤, ៦) បងប្អូនគ្រិស្តសាសនិកស្មោះត្រង់ទាំងនេះបានធ្វើឲ្យយ៉ូហាននិងព្រះយេហូវ៉ាសប្បាយចិត្តខ្លាំងណាស់។ (សុភ. ២៧:១១) តើមានមេរៀនអ្វីសម្រាប់យើង? ភាពស្មោះត្រង់នាំឲ្យអរសប្បាយ។ (១យ៉ូន. ៥:៣) ជាឧទាហរណ៍ យើងសប្បាយចិត្តដោយដឹងថាការប្រព្រឹត្តរបស់យើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ លោកក៏សប្បាយចិត្តខ្លាំងណាស់ដែរ ពេលឃើញយើងព្យាយាមយកឈ្នះការល្បងលនិងបន្តស្ដាប់បង្គាប់លោក។ សូម្បីតែទេវតាក៏ត្រេកអរដែរ ពេលឃើញដូច្នេះ។ (លូក. ១៥:១០) ម្យ៉ាងទៀត យើងសប្បាយចិត្តពេលឃើញបងប្អូនឯទៀតរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ (២ថែ. ១:៤) នៅទីបំផុត ពេលរបៀបរបបពិភពលោកនេះកន្លងផុតទៅ យើងនឹងសប្បាយចិត្តកាន់តែខ្លាំងដោយដឹងថាយើងបន្តនៅស្មោះត្រង់ចំពោះព្រះ។ w២៤.១១ ទំ.១២-១៣ វ.១៧-១៨
ថ្ងៃច័ន្ទ ទី២០ ខែមេសា
ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត។—១កូ. ១០:២៤
តើអ្នកគួរសង្កេតមើលបុគ្គលណាម្នាក់យូរប៉ុនណាមុនអ្នកប្រាប់គាត់ថាអ្នកចាប់អារម្មណ៍គាត់ក្នុងន័យស្នេហា? បើអ្នកទៅជួបបុគ្គលនោះលឿនពេក នោះអាចមើលទៅអ្នកជាមនុស្សដែលសម្រេចចិត្តដោយមិនបានគិតវែងឆ្ងាយ។ (សុភ. ២៩:២០) ផ្ទុយទៅវិញ បើអ្នកទុកពេលយូរពេក អ្នកអាចមើលទៅជាមនុស្សដែលបង្អែបង្អង់ក្នុងការធ្វើការសម្រេចចិត្ត ជាពិសេសបើបុគ្គលនោះសង្ស័យថាអ្នកចាប់អារម្មណ៍ទៅលើគាត់។ (អទ. ១១:៤) សូមចាំថាមុនទៅជួបបុគ្គលណាម្នាក់ អ្នកមិនចាំបាច់ជឿជាក់ថាអ្នកត្រូវតែរៀបការជាមួយនឹងគាត់នោះទេ។ ប៉ុន្តែ អ្នកគួរតែជឿជាក់ថាអ្នកត្រៀមលក្ខណៈរួចជាស្រេចដើម្បីរៀបការ ហើយថាបុគ្គលនោះអាចទៅជាគូដ៏ស័ក្ដិសមសម្រាប់អ្នក។ តើអ្នកគួរធ្វើអ្វីបើអ្នកមានអារម្មណ៍ថាបុគ្គលណាម្នាក់ចាប់អារម្មណ៍អ្នក? បើអ្នកមិនចាប់អារម្មណ៍ចង់ស្វែងយល់ចិត្តគ្នាជាមួយនឹងគាត់ទេ សូមបង្ហាញឲ្យច្បាស់ថាអ្នកមិនមានចិត្តលើគាត់ ហើយព្យាយាមមិនធ្វើឲ្យគាត់យល់ច្រឡំ ព្រោះនេះជាទង្វើដែលមិនសប្បុរស។—អេភ. ៤:២៥ w២៤.០៥ ទំ.២៣ វ.៩-១០